ដោយ ហ៊ុន សិរីវឌ្ឍន៍ | VOD
ក្នុងឆ្នាំ១៩៤៩ ក្នុងពេលដែលពលរដ្ឋកម្ពុជាកណ្ដាល កំពុងត្រៀមអបអរពីពន្លឺឯករាជ្យរបស់ខ្លួននោះ ឈាមខ្មែរមួយក្រុមទៀតដែលស្ថិតនៅដែនដីសណ្ដទន្លេមេគង្គ កំពុងយំឱ្យគ្នាបន្ទាប់ពីទទួលដំណឹងពីការកាត់ដីកូសាំងស៊ីន ឱ្យទៅជាកម្មសិទ្ធិរបស់វៀតណាម។ ទឹកដីកូសាំងស៊ីននេះហើយដែលជាទឹកដីខ្មែរដែលមានជីជាតិបំផុត ស្ថិតនៅផ្នែកខាងក្រោមប្រទេសកម្ពុជាសព្វថ្ងៃ ទឹកដីនេះហើយដែលខ្មែរយើងហៅថាជា «កម្ពុជាក្រោម»។

រហូតមកដល់ពេលនេះ គឺមានរយៈពេល ៧១ឆ្នាំហើយដែលសភាបារាំងកាត់ទឹកដីខ្មែរទំហំប្រមាណ ៦៧ ៧០០គីឡូម៉ែត្រក្រឡា ទៅឱ្យប្រទេសវៀតណាមគ្រប់គ្រង។ បើទោះជាបាត់បង់ទៅជាង ៧០ឆ្នាំហើយក្ដី ក៏ខ្មែរកម្ពុជាក្រោមនៅតែរំលឹកពីថ្ងៃឈឺចាប់នេះដដែល។
សំឡេងប្រកាសតាមមេក្រូ៖ «អ្វីដែលយើងមកជួបជុំគ្នានាថ្ងៃនេះ គឺទី១ ដើម្បីរំលឹកដល់ថ្ងៃអនុស្សាវរីយ៍នៃការកាន់ទុក្ខរំលឹកដល់ការគម្រប់ខួបទី៧១ឆ្នាំ។ ទី២ ដើម្បីរំលឹកនឹកដល់គុណនៃវរជន វរសមណ យុទ្ធជន យុទ្ធនារី ទាំងបងប្អូនខ្មែរកម្ពុជាក្រោមយើងគ្រប់ៗជំនាន់ទាំងអស់ ដែលពួកគាត់បានបូជាឈាមស្រស់សាច់ស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ។ ទី៣ ក៏ជាសារមួយដើម្បីបង្ហាញទៅដល់បងប្អូនខ្មែរទាំងអស់ ទាំងខ្មែរកម្ពុជាក្រោម ក៏ដូចជាខ្មែរយើងគ្រប់ទិសទីឱ្យបានជ្រាបថា នេះជាសារមួយដើម្បីរំលឹកនឹកដល់ថ្ងៃនៃការបាត់បង់ ហើយក៏ជាសារមួយដើម្បីដាស់តឿនដល់ខ្មែរយើងគ្រប់ស្រទាប់ទាំងអស់ ដើម្បីការពារកេរមរតកដែលនៅសេសសល់កុំឱ្យបាត់បង់តទៅទៀត»។
នេះជាការរំលឹកពីកម្មវត្ដុនៃការប្រារព្ធខួបលើកទី៧១ (៤ មិថុនា ១៩៤៩ ដល់ ៤ មិថុនា ២០២០) នៃការបាត់បង់ដីកម្ពុជាទៅឱ្យវៀតណាម ដែលធ្វើឡើងក្នុងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតក្នុងភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។
ប្រធានសមាគមខ្មែរក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន យឿង បានផ្ដល់បទសម្ភាសន៍ដល់ VOD ថា អស់រយៈពេល ២០ឆ្នាំហើយ ដែលសមាគមខ្មែរក្រោមនៅកម្ពុជា បន្តរំលឹកពីការបាត់បង់ដីទាំង ២១ខេត្តនេះ។ លោកបន្ថែមថា មូលហេតុដែលលោក និងជនជាតិខ្មែរក្រោមផ្សេងទៀតបន្តរំលឹកទិវានេះ គឺដោយសារចង់ដាស់ស្មារតីជនជាតិខ្មែរទាំងស្រីប្រុសនឹកដល់ប្រវត្តិសាស្ត្រដែលឈឺចាប់នេះ និងបន្តសិក្សាពីប្រវត្តិសាស្ត្រនេះ ដើម្បីកុំឱ្យប្រវត្តិសាស្ត្រជាន់ដានបន្តទៀត។
លោក សឺន យឿង៖ «យើងនៅកម្ពុជាក្រោម យើងអត់អាចធ្វើ [ពិធី] បានទេ! ទាល់តែយើងមកនៅស្រុកខ្មែរ ទើបអាចធ្វើបាន។ បើគិតរហូតមកដល់ពេលនេះ គឺមានរយៈពេល ២០ឆ្នាំហើយបន្ទាប់ពីឆ្លងសហសវត្សមក យើងក៏ចាប់ផ្ដើមរំលឹកខួបថ្ងៃ៤ខែ៦ពីពេលហ្នឹងរហូតមក។ […] ទោះបីប្រទេសណា ជនជាតិណាក៏ដោយ ក៏គេមានអនុស្សាវរីយ៍សម្រាប់ប្រជាជនរបស់គេ ហើយយើងក៏ដូចគ្នា យើងគួរតែរំលឹក ហើយមិនអាចបំភ្លេចបានទេ ព្រោះថ្ងៃ៤ខែ៦នេះហើយដែលបារាំងបានប្រគល់ទឹកដីកម្ពុជាឱ្យយួនធ្វើអាណានិគមត្រួតត្រារហូតធ្វើឱ្យយើងបែកបាក់ព្រាត់ប្រាសបងប្អូនរហូតមកដល់សព្វថ្ងៃនេះ»។
អគ្គលេខាធិការនៃសមាគមខ្មែរក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ប្រាប់ VOD ថា៖ «ក្នុងភាពចាំបាច់របស់យើង ជាការរំលឹកដល់ប្រជាជន សិស្សនិស្សិតទាំងអស់ឱ្យដឹងថា កម្ពុជាក្រោមគឺជារបស់កម្ពុជាយើងកាលពីអតីតកាល ដែលបារាំងធ្វើការផ្ទេរអាណានិគមរបស់ខ្លួន ធ្វើអាណានិគមបន្ត មិនមែនផ្ទេរឱ្យផ្ដាច់ជាកម្មសិទ្ធិវៀតណាមទេ! គឺចង់រំលឹកអ៊ីចឹង ហើយចង់ដាស់តឿន ផ្ចង់ស្មារតីដល់កូនខ្មែរទាំងអស់ឱ្យក្រោកឡើង ដើម្បីសិក្សាស្វែងយល់នូវអ្វីដែលជាសិទ្ធិរបស់យើង ហើយទាមទារនូវអ្វីដែលជាសិទ្ធិរបស់យើងដែលបាត់ ឱ្យបានមកវិញ»។
ប្រធានអង្គការស្ត្រីខ្មែរកម្ពុជាក្រោម អ្នកស្រី ផន ឈុនលី ដែលបានចូលរួមកម្មវិធីរំលឹកខួបបាត់បង់ដីកម្ពុជានៅថ្ងៃនេះ មានប្រសាសន៍ថា អ្នកស្រីបានចូលរួមជារៀងរាល់ឆ្នាំក្នុងការប្រារព្ធទិវានេះ ដោយថា ដើម្បីរំលឹកពីការបាត់បង់ដីខ្មែរដ៏ធំសម្បើមនេះ ក៏ដូចជាដើម្បីបំផុសគំនិតរបស់យុវជនយុវនារីខ្មែរឱ្យងាកមកចាប់អារម្មណ៍ពីរឿងរ៉ាវប្រវត្តិសាស្ត្រខ្មែរក្រោម ក៏ដូចជាចេះជួយការពារសាច់ឈាមខ្លួនផងដែរ។
អ្នកស្រី ផន ឈុនលី៖ «ត្រូវតែរំលឹក ព្រោះអីឱ្យក្មេងជំនាន់ក្រោយ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនដែលគាត់អត់ទាន់ដឹង ហើយជាពិសេសពិភពលោកឱ្យគាត់បានដឹងថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរដែលបារាំងកាត់ឱ្យវៀតណាមដោយខុសច្បាប់! ហើយក៏ជាការរំលឹកដល់យុវជនក៏ដូចជាកូនខ្មែរជំនាន់ក្រោយទៀត ឱ្យសិក្សាពីប្រវត្តិ និងទំនៀមទំលាប់របស់ខ្មែរកម្ពុជាក្រោមយើង ដែលគាត់ពេលនេះកំពុងរស់នៅដែនដីកម្ពុជាក្រោមសព្វថ្ងៃ។ ហើយសព្វថ្ងៃនេះប្រជាពលរដ្ឋខ្មែរយើងគឺជួបផលលំបាកច្រើនមែនទែនទាំងគ្រប់វិស័យទាំងអស់»។
យោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់អ្នកស្រី ត្រឹង ងា ឱ្យដឹងថា ប្រវត្តិនៃការបាត់បង់ទឹកដីខ្មែរ គឺកើតឡើងតាំងពីសតវត្សទី១៧មកម៉្លេះ នៅពេលដែលខ្មែរមានវិបត្តិរាជបល្ល័ង្ក ជម្លោះដណ្ដើមអំណាចញឹកញយ ស្ដេចខ្មែររវល់តែទៅពឹងប្រទេសជិតខាងឱ្យអន្តរាគមន៍លើបញ្ហាផ្ទៃក្នុងរបស់ខ្លួន។
អ្នកស្រីសរសេរថា៖ «អ្នកដឹកនាំជាតិក្នុងសម័យនោះពុំបានយកចិត្តទុកដាក់ចំពោះវាសនាប្រទេសជាតិ ចំពោះជីវភាពរបស់ប្រជារាស្ត្រ គឺថា ពុំបានគិតដល់ប្រយោជន៍រួមទេ តែគិតធ្វើយ៉ាងណាឱ្យតែបានអំណាច បានយសស័ក្កិ បានរាជបល្ល័ង្ក បានស្នេហា បានប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ម៉្លោះហើយក្នុងការធ្វើឱ្យសម្រេចបំណងរៀងខ្លួន គេមិននិយមសម្របសម្រួលផ្សះផ្សារាជរង្សានុវង្សទេ គេសុខចិត្តកេណ្ឌរាស្ត្រឱ្យបង្ហូរឈាមគ្នា រួចរត់ទៅពឹងបរទេសជិតខាងឱ្យគេជួយគាំទ្រ ឱ្យគេជួយជំនួយជាទ័ពយកមកជិះជាន់ស្រុកទេសខ្លួន យកមកកាប់សម្លាប់តែជាតិឯង»។
យោងតាមសៀវភៅ រឿងរ៉ាវទឹកដីកម្ពុជាក្រោម សរសេរដោយលោក ទៀន ថេន បានសរសេរថា បើទោះបីទឹកដីកម្ពុជាក្រោមនៅសតវត្សទី១៧ ត្រូវបានយួនយកទៅគ្រប់គ្រងក៏ដោយក្ដី តែអំណាចរាជាធិបតេយ្យកម្ពុជានៅតែរក្សាកិត្យានុភាពរបស់ខ្លួននៅជិតប្រជាជនខ្លួនដដែល ហើយអ្វីដែលរក្សាឥទ្ធិពលខ្មែរនៅកម្ពុជាក្រោមនោះគឺ ព្រះពុទ្ធសាសនា។
កម្ពុជា ក្រោមការដឹកនាំរបស់ព្រះបាទអង្គឌួង (១៨៤១ ដល់ ១៨៦០) បានព្យាយាមវាយយកទឹកដីកម្ពុជាក្រោមពីវៀតណាមវិញ។ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៨៥៣ ព្រះអង្គបានលាយលក្ខណ៍អក្សរទៅព្រះចៅណាប៉ូឡេអុងទី៣ អធិរាជនៃប្រទេសបារាំង ពីការស្នើសុំពឹងពាក់បារាំងដើម្បីជួយឧបត្ថម្ភ ការពារ ក្នុងពេលដែលប្រទេសកំពុងត្រូវបានញាំញីដោយប្រទេសសៀម និងយួន ក៏ដូចជាប្រមូលមកវិញនូវដីដែលត្រូវបានដកហូតដោយអយុត្តិធម៌ពីដៃបុព្វបុរសខ្មែរ វាត្រូវការពេលដល់ទៅ ៦ឆ្នាំ ដើម្បីចេញជាផ្លែផ្កា។
បារាំងចាប់ផ្ដើមវាយយកព្រៃនគរពីយួនដំបូងនៅខែកុម្ភៈ ឆ្នាំ១៨៥៩ និងចាប់ផ្ដើមវាទីជាបន្ដបន្ទាប់យកដីកម្ពុជាក្រោមទាំងមូលពីវៀតណាមបានទាំងស្រុងនៅឆ្នាំ១៨៧៤។ ក្រោយពីបោះជើងក្នុងទឹកដីកម្ពុជាក្រោម នៅឆ្នាំ១៨៦២ ប្រទេសបារាំងបានយកទឹកដីនេះធ្វើជាទឹកដីខ្លួននៅឯនាយសមុទ្រ ដែលហៅថា កូសាំងស៊ីន។ ហើយក្រោយការកាន់កាប់ដីនេះជិតមួយសតវត្សប្រទេសបារាំងបានសម្រេចប្រគល់ដីនេះឱ្យវៀតណាមគ្រប់គ្រងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
លោក ត្រាំងឆាត ប៊ុត បានសរសេរក្នុងសៀវភៅកម្ពុជាក្រោមខ្មែរ និងវិបត្តិអន្តរជាតិ ថា លោកប្រធានាធិបតីបារាំង វាំងសង់អូរីយូល ដែលត្រលប់ពីប្រទេសអាល់ហ្សេរីវិញ មកដល់ទូឡុង បានចុះហត្ថលេខាឱ្យប្រើជាផ្លូវការភ្លាមនូវច្បាប់លេខ៤៩ ៧៣៣ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ កែប្រែលក្ខន្ដិកៈ កូសាំងស៊ីន នៅក្នុងសហភាពបារាំង។
មាត្រា២ នៃច្បាប់នោះ ចែងថា៖ «ដែនដីកូសាំងស៊ីន ត្រូវភ្ជាប់ទៅនឹងរដ្ឋសមាគមវៀតណាម ស្របតាមពាក្យនៃសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី៥ មិថុនា ១៩៤៨ និងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៩ សីហា ១៩៤៩។ ដូចនេះ កូសាំងស៊ីន អស់មានលក្ខន្ដិកៈជាដែនដី(បារាំង) នាយសមុទ្រទៀតហើយ»។
សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមខ្មែរក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក តាំង សារៈ ថាការបាត់បង់ដីកម្ពុជាក្រោម មិនមែនរងគ្រោះតែខ្មែរក្រោមទេ គឺរងគ្រោះនៃអំបូរខ្មែរទាំងមូល ដែលពលរដ្ឋត្រូវសិក្សា និងស្វែងយល់ឱ្យបានច្រើនពីរឿងនេះ។
លោកថា៖ «ការបាត់បង់ទឹកដីកម្ពុជាក្រោមមិនមែនរងគ្រោះតែខ្មែរកម្ពុជាក្រោមទេ គឺរងគ្រោះរហូតដល់ជនជាតិដែលស្ថិតក្នុងអំបូរ និងអំបូរខ្មែរមនផង ព្រោះតែជាទឹកដីតែមួយ។ ហើយខ្ញុំចាំបានថា បញ្ហានេះ កាលពីឆ្នាំ១៩៩៤ នៅពេលដែលមានកម្មវិធីព្រះរាជសវនាការជាមួយព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ គឺមិត្តសមាគមខ្មែរកម្ពុជាក្រោមបានស្នើក្នុងព្រះរាជសវនាការនោះ សុំឱ្យបញ្ចូលរាល់ឯកសារប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម ក្នុងនោះគឺមានដល់ថ្ងៃទី៤ ខែមិថុនានេះ ចូលទៅក្នុងកម្មវិធីសិក្សានៃក្រសួងអប់រំ តែរហូតមកដល់ពេលនេះ គឺមិនទាន់ឃើញទទួលលទ្ធផលនោះទេ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការបាត់បង់ដីកម្ពុជាក្រោម គឺជារឿងដែលគួរឱ្យសោកស្ដាយមួយ ខណៈលោកបន្ទោសទៅលើការធ្វេសប្រហែសរបស់រដ្ឋាភិបាលកម្ពុជាកាលពីជំនាន់នោះ ដែលធ្វើឱ្យបាត់បង់ដីដ៏ធំសម្បើមនេះទៅវៀតណាម។
លោកថា៖ «សុំអរគុណអ្នកសារព័ត៌មានដែលរំលឹកពីប្រវត្តិសាស្ត្រកម្ពុជាក្រោម ក៏ប៉ុន្ដែ គ្មានអ្វីក្រៅពីសកម្មភាពរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍របស់ខ្មែរដែលនៅលើដីវៀតណាមហ្នឹងឯង ក្រៅពីហ្នឹង យើងអត់មានធ្វើអីទេ។ ហើយយើងមិនយករឿងកម្ពុជាក្រោមធ្វើជាមធ្យោបាយហិង្សាប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមទេ ដែលយើងដោះស្រាយដោយសន្ដិវិធីជាមួយប្រទេសជិតខាង ហើយក៏យើងសំណូមពរឱ្យបងប្អូនខ្មែរកម្ពុជាក្រោម គ្មានអ្វីក្រៅពីការអនុវត្តច្បាប់ផ្ទៃក្នុងវៀតណាម យើងមិនអាចធ្វើអ្វីហួសពីដែនអធិបតេយ្យភាពរបស់យើងនោះទេ វៀតណាមគេជាប្រទេសឯករាជ្យ និងជាប្រទេសអធិបតេយ្យភាពមួយ។ យើងមិនមានការពិចារណាដាក់ថ្ងៃ៤ មិថុនា ជាថ្ងៃរំលឹកអ្វីទេ ពីព្រោះគ្រាន់តែជាការដឹងការយល់របស់ប្រជាពលរដ្ឋយើងគឺគ្រប់គ្រាន់ហើយ សៀវភៅប្រវត្តិសាស្ត្រក៏គេបានសរសេរច្រើនដែរក្នុងសាច់រឿងហ្នឹង ដូច្នេះ យើងមិនចង់ស្ដោះទឹកមាត់មួយដែលវាធ្លាក់មកលើខ្លួនយើងទេ ពីព្រោះឱកាសដែលយើងអាចទាមទារទឹកដីកម្ពុជាក្រោមនោះ គឺខ្មែរនៅជំនាន់នោះគឺមិនបានធ្វើកិច្ចការដែលប្រកបដោយប្រសិទ្ធភាពនៅជំនាន់ហ្នុង»។
ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ប្រាប់ VOD ថា ការបាត់បង់ទឹកដីកម្ពុជា ផ្ដល់មេរៀនមួយចំនួនដល់អ្នកដឹកនាំ និងប្រជាពលរដ្ឋថា ដើម្បីអាចរក្សាប្រជាជាតិមួយឱ្យស្ថិតស្ថេរបាន វាត្រូវការឯកភាពផ្ទៃក្នុង ត្រូវស្គាល់ពីខ្លួនឯង ឈប់បង្ហាញចរិតតួឯកនិយម និងត្រូវចងក្រងសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់។
លោកថា៖ «យើងឃើញថា ក្រោយសម័យព្រះបាទជ័យវរ្ម័នទី៧មក គឺចប់តែម្ដង ហើយបន្តមកគឺឃើញសម្តេចព្រះនរោត្តម សីហនុ ច្រើនតែជាជំងឺតួឯក។ ហើយចំនុចចុងក្រោយ ចូរយុវជនទាំងអស់ត្រូវរៀនប្រវត្តិសាស្ត្រឱ្យបានច្បាស់លាស់ អានប្រវត្តិសាស្ត្រឱ្យបានច្រើន ហើយយកបទពិសោធន៍នូវអ្វីដែលកើតមាននៅក្នុងប្រវត្តិសាស្ត្រខ្មែរយើង ដើម្បីកុំឱ្យជាន់ដានដដែល»។
ក្នុងនាមជាពលរដ្ឋខ្មែរក្រោមម្នាក់ លោក សឺង ជុំជួន ចង់ឃើញអនាគតកម្ពុជាក្រោមមួយដែលផ្ដល់សិទ្ធិពេញលេញដល់ជនជាតិដើម ក្នុងការអនុវត្តប្រពៃណី វប្បធម៌ ភាសា ដោយខ្លួនឯង។
លោកថា៖ «គឺជាប្រជាពលរដ្ឋខ្មែរមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ទំនៀមទំលាប់ប្រពៃណី ភាសារបស់ខ្លួនដូចជាប្រទេសគេដទៃទៀត។ ដែលមានសេរីភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងរចនាសម្ព័ន្ធរបស់ខ្លួននៅបន្ត មានន័យថា ទំនៀមទំលាប់ ប្រពៃណី អក្សរសាស្ត្ររបស់ខ្លួនស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងជាជនជាតិដើម នេះដែលខ្ញុំចង់ឃើញ។ សុំឱ្យវៀតណាមហ្នឹងប្រគល់មកឱ្យយើងនូវសិទ្ធិរបស់យើង កន្លែងនេះជាជំហានដំបូង ដែលនេះជាសិទ្ធិរបស់យើងដែលអាចជាស្វយ័ត ដែលជាជំហានដំបូងក៏បានដែរ ព្រោះយើងជាម្ចាស់ដើម ជាម្ចាស់ទឹកដី អ៊ីចឹងអ្វីដែលយើងចង់បាន រចនាសម្ព័ន្ធ គឺសុំឱ្យមានការគ្រប់គ្រងដោយខ្លួនឯង»។