ក្រុមអង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងជួបជុំរំឭកខួបឆ្នាំទី ៣៧ នៃ ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ដែលជាថ្ងៃតស៊ូទាមទារសិទ្ធិសេរីភាពពីវៀតណាម ដើម្បីសម្រេចវាសនាខ្លួនដោយខ្លួនឯង លើដែនដីកម្ពុជាក្រោម ។ ពិធីជួបជុំនោះ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី ១៦ ខែ វិច្ឆិកា នៅវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ក្នុងនាមជាអង្គការសមាគមចំនួន ១២ នឹងជួបជុំប្រារព្ធពិធីរំឭកខួប ៣៧ ឆ្នាំ ទិវាតស៊ូរបស់ខ្មែរក្រោម ក្នុងការទាមទារសិទ្ធិសេរីភាពពីរដ្ឋអំណាចវៀតណាម ដើម្បីសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅលើទឹកដីកម្ពុជាក្រោម ថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ១៩៧៦-ថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០១៣ ។ ពិធីជួបជុំនេះនឹងធ្វើឡើង នៅព្រឹកថ្ងៃសៅរ៍ ទី ១៦ វិច្ឆិកា នៅវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសេចក្តីប្រកាស ក្នុងពិធីជួបជុំនោះ ជនរងគ្រោះនឹងរៀបរាប់រម្លឹកពីព្រឹត្តិការណ៍ប៉ះទង្គិច រវាងក្រុមអ្នកតស៊ូខ្មែរក្រោម និងកងកម្លាំងនៃរដ្ឋអំណាចវៀតណាម នៅឆ្នាំ ១៩៧៦ ដែលនាំឲ្យមានការចាប់ខ្លួន និងសម្លាប់ពលរដ្ឋខ្មែរក្រោមជាច្រើន ។
ព្រះតេជគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធិការវត្តសាមគ្គីរង្សី និងជាប្រធានស្តីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា ពិធីរំឭកដល់ថ្ងៃតស៊ូរបស់ខ្មែរក្រោម ក្នុងការទាមទារសិទ្ធិសេរីភាពពីរដ្ឋអំណាចវៀតណាម នៅថ្ងៃ ១៦ វិច្ឆិកា នៅឆ្នាំនេះ ប្រារព្ធឡើងធំជាងឆ្នាំមុន ។ គោលបំណង ដើម្បីរំឭកពីគុណូបក្ការៈ របស់បុព្វបុរសខ្មែរក្រោម ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិ នៅដែកដីកម្ពុជាក្រោម ។
រហូតដល់សព្វថ្ងៃនេះ ព្រះតេជគុណ សៀង សុវណ្ណារ៉ា បានលើកឡើងថា ស្ថានភាពពលរដ្ឋខ្មែរ រស់លើទឹកដីកម្ពុជាក្រោម មិនមានសិទ្ធិពេញលេញទេ ដូចជា នៅពេលថ្មីៗនេះ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមមួយចំនួន ក៏ត្រូវបាន អាជ្ញាធរ វៀតណាមចាប់ផ្សឹក និងកាត់ទោសដាក់ពន្ធនាគារ ថែមទៀត ។
ដែនដីកម្ពុជាក្រោម ត្រូវបានអាណានិគមបារាំង កាត់ឲ្យវៀតណាម នៅថ្ងៃទី ៤ មិថុនា ឆ្នាំ១ ៩៤៩ ដែលឥឡូវនេះ ជាទឹកដី ភាគខាងត្បូងរបស់ប្រទេសវៀតណាម ។ វៀតណាម បានចាត់ទុកពលរដ្ឋខ្មែរក្រោម ជាជនជាតិភាគ តិចក្នុងចំណោមជនជាតិភាគតិច ទាំង ៥៣ ផ្សេងទៀតដែលរស់នៅក្នុងប្រទេសវៀតណាម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បដិសេធនូវការដែលវៀតណាម បានចាត់ទុកខ្មែរក្រោមថា ជាជនជាតិភាគតិច ហើយបានទាមទារឲ្យមានចាត់ទុកខ្មែរក្រោម ថាជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម និងជម្រុញឲ្យវៀត ណាមគោរពសិទ្ធិជនជាតិដើមតាមសេចក្ដី ប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម ដែលវៀតណាមជាប្រទេសហត្ថលេខី ៕