ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ពលរដ្ឋខ្មែរក្រោមនៅតាមខេត្តនានា ទូទាំងដែនដីកម្ពុជាក្រោម កំពុងតែប្រារព្ធកម្មវិធី “បុណ្យអកអំបុក” ពុទ្ធសករាជ ២៥៥៨ នៅតាមវត្តអារាម និងទីកម្សាន្តនានា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ទី ៧ ខែវិច្ឆិកា នេះ ។ នៅក្នុងពិធី “បុណ្យអកអំបុក” នេះ ពលរដ្ឋខ្មែរក្រោម បានរៀបចំកម្មវិធីមួយចំនួនដូចជា ពិធីប្រណាំងទូក ង, ពិធីអកអំបុក សំពះព្រះខែ, ពីធីបណ្ដែតប្រទីប, ពិធីបង្ហោះគោម និងពិធីតាំងពិព័រណ៍វប្បធម៌ខ្មែរជាដើម ។ ចំណែក នៅតាមវត្តអារាមវិញ ពុទ្ធបរិស័ទបានយកចង្ហាន់ទៅវត្តនៅថ្ងៃ ១៥ កើតខែកក្តិក និងនៅពេលយប់ មានកម្មវីធីអកអំបុក និងព្រះសង្ឃសម្ដែងធម៌ទេសនា ជាដើម ។
នៅក្នុងពិធី “បុណ្យអកអំបុក” នេះ ក្រុមទូក ង តំណាងឲ្យខេត្តនានានៅដែនដីកម្ពុជាក្រោម បានមកជួបជុំគ្នា ប្រ ណាំងនៅដងទន្លេបាសាក់ នាទីរួមខេត្តឃ្លាំង ក្រោមការចាត់តាំងរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។ ក្រៅពីនេះ នៅតាមខេត្តនានា ក៏មានការប្រណាំងទូក ង ដាច់ដោយឡែករបស់ខ្លួនផងដែរ ។

ខេត្តព្រះត្រពាំង៖
នៅថ្ងៃពុធ ទី ៥ ខែវិច្ឆិកា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅក្នុងខេត្តព្រះត្រពាំង បានប្រារព្ធពិធីប្រណាំងទូក ង នាដងទន្លេ ឋិតនៅក្នុងក្នុងទីរួមខេត្តព្រះត្រពាំង ក្រោមការចាត់តាំងរបស់គណៈកម្មការ បុណ្យអកអំបុករបស់រដ្ឋា ភិបាលបក្សកុម្មុយនិស្តវៀតណាម ។
ការប្រណាំងទូក ង នេះ ជាពិធីបុណ្យប្រពៃណីមួយរបស់ខ្មែរនៅខេត្តព្រះត្រពាំង ដែលតែងតែប្រារព្ធ នៅថ្ងៃទី ១៤ កើត ខែកត្តិក រៀងរាល់ឆ្នាំ ក្នុងពិធី “បុណ្យអកអំបុក” ។
បើយោងតាមការប្រកាសរបស់គណៈកម្មការចាត់តាំងពិធីប្រណាំងទូក ង បានឲ្យដឹងថា ទូក ង ដែលចូលរួមប្រ ណាំងឆ្នាំនេះ រួមមាន ៧ ក្រុមតំណាងឲ្យស្រុកទាំង ៧ នៃខេត្តព្រះត្រពាំង ។ ទូក ង ទាំង រួមមាន ក្រុមទីរួមខេត្តព្រះ ត្រពាំង, ស្រុកកំពង់ស្ពាន, ស្រុកកញ្ចោង, ស្រុកថ្កូវ, ស្រុកកំពង់ធំ, ស្រុកមាត់សមុទ្រ និង ស្រុកផ្នោដាច់ ដែល មានកីឡាករប្រមាណជាង ៥០០ នាក់ និងមានពលរដ្ឋខ្មែរក្រោមមកទស្សនា និងគាំទ្រប្រមាណ ១០.០០០ នាក់ ។ ការប្រណាំងនេះចែកចេញពីរបៀបគឺ ការប្រណាំង ចម្ងាយ ៨០០ ម៉ែត្រ និង ១.២០០ ម៉ែត្រ ។ ចំណែកក្រុមទូក ង តំណាងស្រុកកន្លង់អវត្តមាន ដោយសារទៅប្រណាំងនៅខេត្តឃ្លាំង តំណាងឲ្យខេត្តព្រះត្រពាំង ។
ក្រោយពីការចាប់ឆ្នោតជ្រើសរើសដៃគូប្រណាំងរួច ក្រុមទូក ង ក៏បានចាប់ផ្ដើមប្រកួតយ៉ាងស្វាហាប់ អមដោយ សំឡេងឡេងស្រែកជ័យឃោសន៍របស់អ្នកទស្សនា និងអ្នកគាំទ្រសូរអឹងកងពេញទីរួមខេត្តព្រះត្រពាំង ។
លទ្ធផលចុងក្រោយ ទូក ង ស្រុកផ្នោដាច់ បានឈ្នះលេខ ១ ក្នុងការប្រណាំងវគ្គផ្ដាច់ព្រ័ត្រចម្ងាយ ១.២០០ ម៉ែត្រ ជាមួយនឹងក្រុមទូក ង ស្រុកថ្កូវ ។
ក្រៅពីពិធីប្រណាំង ង ក៏មានកម្មវិធីសិល្បៈកម្សាន្តដែលរៀបចំដោយក្រុមនិស្សិតខ្មែរមកពីសកលវិទ្យាល័យត្រាវិញ ដែលបានសម្ដែងនៅក្បែរច្រាំងមាត់ទន្លេកំពង់ ដើម្បីមនុស្សម្នាបានទស្សនា ផងដែរ ។

ចំណែក នៅរមណិយដ្ឋានស្រះគូ ក្បែរវត្តអង្គ វិញ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមមកពីស្រុកទាំង ៨ បានរួមគ្នា ប្រារព្ធ “បុណ្យអកអំបុក” រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃ ១៤ និង ១៥ កើត ខែកត្តិក ត្រូវនឹងថ្ងៃទី ៥ និងទី ៦ ខែវិច្ឆិកា ដោយមានការចាត់តាំងកម្មវិធីកម្សាន្តជាច្រើន ដូចជា ពិធីតាំងពិព័រណ៍វប្បធម៌របស់ស្រុកនីមួយៗ និងពិធីបណ្ដែតប្រ ទីប នៅក្នុងស្រះគូជាដើម ។
ខេត្កឃ្លាំង៖
ចំណែកនៅខេត្តឃ្លាំង វិញ កម្មវិធីប្រណាំង ង នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ៥ ដល់ទី ៧ វិច្ឆិកា នៅដងទន្លេ Maspero ឬទន្លេបាសាក់ ឋិតនៅក្នុងសង្កាត់ទី ៨ ទីក្រុងឃ្លាំង ។
យោងតាមគណៈកម្មការចាត់តាំងកម្មវិធីប្រណាំងទូក ង បានថ្លែងថា ឆ្នាំនេះ មានក្រុមទូក ង ចូលរួមប្រណាំង ចំនួន ៦១ គ្រឿង ក្នុងនោះទូក ង បុរស ៥០ គ្រឿង និងទូក ង ស្ត្រី ១១ គ្រឿង មកពីភូមិស្រុក នៃខេត្តនានា ដូចជា ទឹកខ្មៅ,ពលលាវ , ក្រមូនស , ហូវយ៉ាង (Hậu Giang), ព្រះត្រពាំង, លង់ហោរ, ទីក្រុង ព្រែកឫស្សី និងក្រុមម្ចាស់ ផ្ទះ គឺខេត្តឃ្លាំង ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា កីឡាករដែលចូលមករួមប្រណាំងឆ្នាំនេះ មានប្រមាណជាង ១.៦០០ នាក់ ក្នុងនោះ ក្រុមនីមួយៗមានប្រមាណ ៦០ នាក់ ។
ក្នុងថ្ងៃដំបូង នៃការប្រណាំង ទូក ង ចំនួន ៨ គ្រឿង បានលិចពេលកំពុងប្រណាំង ផងដែរ ។
ទោះបីមានពិធីប្រណាំងទូក ង យ៉ាងនេះក្ដី តែលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តឹង យ៉ុង បានចេញសម្រេចមួយចុះ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០៩ និងមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៩ រហូតមកដល់សព្វថ្ងៃ បានហាមពលរដ្ឋវៀតណាមទូទាំងប្រទេស បង្ហោះគោមគ្រប់រូបភាពតាមអ្វីមួយដែលលោកលើកឡើងថា ដើម្បីបង្ការគ្រោះអគ្គិភ័យ ។ ក្រោយពីសេចក្ដីសម្រេចនេះចេញមក ព្រះសង្ឃ និង ពលរដ្ឋ ខ្មែរក្រោមបានអះអាងថា រដ្ឋាភិ បាលធ្វើនេះក្នុងគោលលុប បំបាត់ប្រពៃណីបង្ហោះគោមរបស់ពួកគេ ដែលធ្លាប់មានតាំងពីបុរាណកាលមក នៅដែនដីកម្ពុជាក្រោម ៕
ខាងក្រោមជារូបថត នៃពិធីប្រណាំងទូក ង នៅខេត្តឃ្លាំង ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៤