ដោយ ស៊ឺន ចែងចើន
គិតមកដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នេះ មានរយៈពេល ១៥ ឆ្នាំហើយ ពោលគឺនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០០៧ សមណសិស្សខ្មែរក្រោម ដែលនិមន្តមកពីខេត្តនានា ដូចជា ខេត្តព្រះត្រពាំង មាត់ជ្រូក ក្រមួនស ពលលាវ លង់ហោរ និងព្រែកឫស្សី ជាដើម មកស្នាក់រៀន នៅសាលាពុទ្ធិកអនុវិទ្យាល័យ ឬថ្នាក់បាលីរង នៅវត្តកំពង់និគ្រោធ ហៅវត្តកំពង់ជ្រៃ ចំនួន ៤១ ព្រះអង្គ ចេញធ្វើការតវ៉ាដោយសន្តិវិធី នៅមុខការិយាល័យនគរបាលស្រុកកញ្ចោង ដើម្បីទាមទារឲ្យរដ្ឋអំណាចវៀតណាម នៅស្រុកមួយនេះ ផ្តល់សេរីភាពដល់ភិក្ខុ ថាច់ ធន ។

ក្រោយពីការធ្វើបាតុកម្មនេះ សមណសិស្សខ្មែរក្រោម មិនតិចជាង ១០ អង្គនោះទេ ដែលត្រូវរបបបក្សកុម្មុយនិស្តក្រុងហាណូយ សហការជាមួយអាជ្ញាធរវៀតណាម ក្នុងខេត្តព្រះត្រពាំង ធ្វើការចាប់ផ្សឹក ដោយចោទប្រកាន់ពីបទ «បង្កឲ្យខូចសណ្តាប់ធ្នាប់ទីសារធារណៈ» ។
ក្នុងឱកាសគម្រប់ខួប ១៥ ឆ្នាំ នៃ ព្រឹត្តិការណ៍ ១៩ ខែមករា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយរបស់ប្រជាជាតិកម្ពុជាក្រោម នាដើមសតវត្សរ៍ទី ២១ ដែលមានសមណសិស្សប្រមាណជាង ៤០ អង្គ និងរូបនៃសាលាពុទ្ធិកអនុវិទ្យាល័យ (ថ្នាក់បាលីរង) វត្តកំពង់ជ្រៃ បានក្រោកឡើងធ្វើបាតុកម្ម ដោយអហិង្សាទាមទារឲ្យរបបបក្សកុម្មុយនិស្តវៀតណាម គោរពសិទ្ធិខ្មែរក្រោម ក្នុងនាមជាជនជាតិដើមម្ចាស់ស្រុក នៅដែនដីកម្ពុជាក្រោម ។
ព្រះតេជព្រះគុណ ថាច់ ចាន់តារា ដែលកាលនោះ ព្រះអង្គជាអតីតសមណប្បាតុករមួយអង្គ ក្នុងចំណោមសមណប្បាតុកររាប់សិបអង្គ ដែលបានចូលរួមបាតុកម្មទាមទារឲ្យដោះលែងព្រះសង្ឃខ្មែរក្រោមមួយអង្គ ព្រះនាម ថាច់ ធន ដែលត្រូវបាននគរបាលយួនស្រុកកញ្ចោងចាប់យកទៅឃុំព្រះកាយ ដោយចោទថា នាំយកព្រឹត្តិបត្រសហព័ន្ធខ្មែរកម្ពុជាក្រោម ។

តើព្រឹត្តិការណ៍នេះ មានអត្ថន័យយ៉ាងណា? ព្រះតេជព្រះគុណ ថាច់ ចាន់តារា រំឭកឡើងវិញនូវព្រឹត្តិការណ៍នេះ ដូចតទៅ ៖
ព្រឹត្តិការណ៍ ១៩ ខែមករា ២០០៧ ជាព្រឹត្តិការណ៍ដំបូងគេបង្អស់ ដែលបានកើតឡើង នៅក្នុងសតវត្សរ៍ទី ២១ បន្ទាប់ពីមានព្រឹត្តិការណ៍តស៊ូរបស់ព្រះវីរសមណៈ វីរបុរស វីរនារីខ្មែរក្រោម និងវីរជនអ្នកស្នេហាជាតិខ្មែរក្រោមជំនាន់មុនៗ រួមមានក្នុងសម័យព្រះតេជព្រះគុណ សឺន វ៉ង់ ព្រះតេជព្រះគុណ គឹម សាង ព្រះតេជព្រះគុណ គឹម តុកចើង និងព្រះសង្ឃស្នេហាជាតិជាច្រើនអង្គទៀត ដែលកាលណោះ បានក្រោកឡើងធ្វើបាតុកម្ម តវ៉ា រហូតដល់ពលិកម្មជីវិតក្នុងបុព្វហេតុការពារវត្តអារាម ព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ភាសា អត្តសញ្ញាណ និងប្រវត្តិសាស្ត្ររបស់ខ្លួន (ប្តូរឈ្មោះខេត្តពីខ្មែរទៅជាភាសាវៀតណាម) នៅដែនដីកម្ពុជាក្រោម ពីការហាមឃាត់យ៉ាងតឹងរ៉ឹង ពីសំណាក់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម មិនឲ្យបើកសាលា និងរៀនសូត្រអក្សរសាស្ត្រខ្មែរ នៅលើទឹកកំណើត ។