ដោយ ថាច់ ប្រីជា គឿន
ក្រសួងការបរទេសអូស្ត្រាលី ទើបតែចេញសចក្ដីប្រកាសព័ត៌មាន សម្ដែងក្ដីបារម្ភអំពីស្ថានភាព សិទ្ធិ មនុស្សនៅក្នុងប្រទេសវៀតណាម បន្ទាប់ពី ប្រទេសអូស្ត្រាលី និងវៀតណាមបានធ្វើកិច្ចសន្ទនាស្ដីពីសិទ្ធិមនុស្សប្រចាំឆ្នាំ លើកទី ១៤ របស់ខ្លួន នៅទីក្រុងកង់បេរ៉ា នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៧ កន្លងទៅនេះ ។
យោងតាមប្រកាសព័ត៌មានចេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៧ សប្ដាហ៍នេះ បានកត់សម្គាល់ថា៖ “ប្រទេសអូស្ត្រាលី សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការរឹតបន្តឹងជាបន្តបន្ទាប់ទៅលើសិទ្ធិពលរដ្ឋនិង សិទ្ធិនយោបាយ ដែលរួមមានសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបប្រជុំគ្នា ។ វាបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរំខាន ការចាប់ខ្លួន និងការឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស ជាដើម” ។
សូមបញ្ជាក់ថា មុនពេលរដ្ឋាភិបាលអូស្ត្រាលី និងវៀតណាមធ្វើកិច្ចសន្ទនាអំពីបញ្ហាសិទ្ធិមនុស្ស ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជួបមន្ត្រីក្រសួងការបរទេសអូស្ត្រាលី ចំនួន ២ លើក គឺ នៅថ្ងៃទី ១២ ខែកក្កដា និង ១៤ ខែសីហា ដើម្បីជម្រាបឲ្យមន្ត្រីអូស្ត្រាលី បានជ្រាបអំពីបញ្ហាដែលរដ្ឋាភិបាលវៀតណាមបានរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម ។

យោងតាមសហព័ន្ធខ្មែរកម្ពុជាក្រោម ក្រសួងការបរទេសអូស្ត្រាលី ទើបតែអញ្ជើញប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ទៅជួបមន្ត្រីអូស្ត្រាលី នៅថ្ងៃទី ១ ខែកញ្ញា ខាងមុខនេះ ដើម្បីធ្វើសេចក្ដីរាយការណ៍មួយ ចំនួនទាក់ទងនឹងបញ្ហាដែលរដ្ឋាភិបាលវៀតណាមរំលោភសិទ្ធិលើជនជាតិដើមខ្មែរក្រោម នៅកម្ពុជា ក្រោម ។