ព្រោះតែមានការជំទាស់ពីវៀតណាម សហព័ន្ធខ្មែរកម្ពុជាក្រោមមិនបានក្លាយជាសមាជិក នៃគណៈកម្មការអង្គការមិនមែនរដ្ឋាភិបាលនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (UN-ECOSOC) ក្នុងនាមជាអ្នកផ្ដល់យោបល់ ។ តែទោះជាយ៉ាងនេះក្ដី អង្គការសិទ្ធិមនុស្សអន្តរជាតិសម្ដែងការសោកស្ដាយចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមិនបានជាប់ជា សមាជិកនៃអង្គការសហប្រជាជាតិមួយនេះ ដោយសារតែប្រទេសមួយចំនួន ពិសេសប្រទេសវៀតណាមបានបោះឆ្នោតទម្លាក់ ។ អ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រខ្មែរបានពន្យល់ថា សហព័ន្ធខ្មែរ កម្ពុជាក្រោមមិនជាប់ជាសមាជិកនោះ ដោយសារតែបញ្ហាប្រទេសវៀតណាមមិនទាន់មានទំនុកចិត្តលើសហព័ន្ធខ្មែរកម្ពុជាក្រោម ។

កាលពី ថ្ងៃចន្ទ ទី ២៣ ខែ កក្កដា គណៈកម្មការអង្គការ មិនមែនរដ្ឋាភិ បាល នៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ចអង្គការសហប្រជាជាតិ(ECOSOC– Economic and Social Council) បានបោះឆ្នោតបដិសេធ សហព័ន្ធខ្មែរកម្ពុជាក្រោមហៅកាត់ថា KKF ចំពោះការសុំចូលជាសមាជិក ក្នុងនាមជាអ្នកផ្ដល់យោបល់ ។
នៅក្នុងបទសម្ភាសន៍មួយជា មួយ Radio Australia ភាសាយួន ចេញផ្សាយថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១២ អ្នកនាំពាក្យ និងជាប្រធានផែនការណ៍ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់ រិន្ទ បានថ្លែងថា កាលពីឆ្នាំមុន ក្រុមគណៈកម្មការសម្រេចរបស់ ECOSOC បានយល់ព្រមឲ្យ សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើជាសមា ជិកក្នុងនាមជាអ្នកផ្ដល់យោបល់ នៃ ECOSOC តែមកដល់ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំនេះ វៀតណាមបានជំទាស់ចំពោះសេចក្ដីសម្រេចនេះ ។
វៀតណាមថា KKF មានបំណងទាមទារឯករាជ្យ៖
កាលពីថ្ងៃទី ២៩ ខែឧសភា អគ្គរដ្ឋទូត ឡេ វ៉ាយ ត្រុង (Lê Hoài Trung) តំណាងរបស់វៀតណាមប្រចាំអង្គការក្រៅរដ្ឋាភិបាល (Committee on Non-Governmental Organ isations – CNG0) នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ ( ECOSOC ) បានឲ្យដឹង អំពីមូលហេតុជំទាស់សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រោះថា “សហព័ន្ធខ្មែរកម្ពុជាក្រោម មានទីស្នាក់ការនៅក្រៅប្រទេស មិនមែនជាអ្នកតំណាងឲ្យពល រដ្ឋខ្មែរក្រោមនៅវៀតណាមទេ ” ។
តាមប្រសាសន៍ របស់លោក ត្រុង ថា សហព័ន្ធខ្មែរកម្ពុជាក្រោម មាន “មានទិសដៅនយោបាយខ្មៅងងឹតមួយ ក្នុងការលើកទឹកចិត្តខ្មែរក្រោម ឲ្យបង្កើតរដ្ឋឯករាជ្យ និង រដ្ឋាភិបាល ” របស់ពល រដ្ឋខ្មែរក្រោមមួយនៅវៀតណាម ។
តាមប្រសាសន៍ លោក ត្រុង ថា វៀតណាមមានការគោរពដល់ជនជាតិទាំងអស់ ក្នុងនោះមានខ្មែរក្រោមនៅក្នុងសហគមន៍ជនជាតិ នៃប្រទេស វៀតណាម ដូចគ្នា , មនុស្សគ្រប់គ្នាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមិនមានសិទ្ធិរើសអើងរវាងជនជាតិនេះ ឬ ជនជាតិនោះឡើយ នៅក្នុងចំណោមជនជាតិទាំងអស់នៃប្រទេសវៀតណាម ។
លោក ត្រុង បានបន្តទៀតថា ជីវភាពរបស់ជនជាតិនីមួយៗ រួមទាំងជនជាតិខ្មែរផង មានការរីកចម្រើនជាបន្តបន្ទាប់ និងពួកគេមានតំណាងអាជ្ញាធរនៅគ្រប់ស្ថាប័ន ។
លោក ត្រុង បានបន្តទៀតថា “គ្រួសារវៀតណាមមានទាំងអស់ ៥៤ ជនជាតិ ក្នុងនោះមានខ្មែរក្រោមផងដែរ នៅតែរស់ ដោយស្រុះស្រួលជាច្រើនតំណមកហើយ ក្នុងការការពារ និង ស្ថាបនាប្រទេស [វៀតណាម] ” ។
វៀតណាមចង់បំភ្លេចប្រវត្តិសាស្ត្រ ៖
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ថាច់ ង៉ុក ថាច់ ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមបានបំភ្លឺថា វាមិនមែនជារឿងខ្មែរក្រោមចង់ទាមទារទឹកដីអ្វីទេ ករណីផែនទីគឺវៀតណាមត្រូវតែទទួលស្គាល់ការពិតនូវរឿងប្រវត្តិសាស្ត្ររបស់ខ្លួន ។ លោកបញ្ជាក់ថា ការចោទប្រកាន់នេះ គ្រាន់តែជាការលើកឡើងដែលវៀតណាមចង់បំភ្លេច នូវប្រវត្តិ សាស្ត្រតែប៉ុណ្ណោះ ។
KKF តស៊ូមតិដើម្បីការពារសិទ្ធិខ្មែរក្រោម៖
លោក ត្រឹង ម៉ាន់ រិន្ទ បានច្រានចោល នូវការចោទប្រកាន់ពីភាគីវៀត ណាមដោយលើកហេតុផលថា “ពួកយើង មិនដែលបាននិយាយដល់បញ្ហាឯករាជ្យទេ និងយើងខ្ញុំមិនដែលបង្កើត រដ្ឋាភិបាលណាមួយដាច់ ដោយឡែកឡើយ”។
តាមប្រសាសន៍ លោក ត្រឹង ម៉ាន់ រិន្ទ ទិសដៅរបស់សហព័ន្ធខ្មែរ កម្ពុជាក្រោមពេលសុំចូល ជាសមាជិក នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិនោះ “ដើម្បីទទួលបានសិទ្ធិ ក្នុងការចូលរួមសម្ដែងមតិជាសាធារណៈនៅលើវេទិកា នៃអង្គការសហប្រជាជាតិ និងរាល់ពេលដែលវៀតណាមចូលសម្ដែងមតិ នៅលើវេទិកានេះគឺសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏មានសិទ្ធិចូលរួមដែរ ។ ក្រៅពីនេះ គណៈ កម្មការនៃវេទិកា ក៏បានអញ្ជើញប្រទេសនានាមកស្ដាប់សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើសេចក្ដីរាយការណ៍ អំពីស្ថានភាពសិទ្ធិមនុស្ស របស់ពលរដ្ឋខ្មែរក្រោមនៅ វៀតណាម ដែលជាប្រជាជាតិខ្មែរក្រោមរបស់យើងខ្ញុំរងទុក្ខជាយូរមកហើយ ” ។
លោក ត្រឹង ម៉ាន់ រិន្ទ បានមានប្រសាសន៍ទាក់ទងនឹងអ្វីដែលសហព័ន្ធខ្មែរកម្ពុជាក្រោមចាត់ទុកថា ជាការប្រ កាន់ពូជសាសន៍ និងជិះជាន់សិទ្ធិសាសនានិងអ្វីដែលលោកបានចោទប្រ កាន់រដ្ឋាភិបាលវៀតណាមថា មានបំ ណងរំលាយវប្បធម៌ ភាសារបស់ខ្មែរក្រោម ។
លោកនិយាយថា សហព័ន្ធខ្មែរកម្ពុជាក្រោម មានគោលការណ៍តស៊ូដើម្បីសិទ្ធិមនុស្ស, សិទ្ធិជនជាតិដើមដែលពលរដ្ឋខ្មែរក្រោម កំពុងរស់នៅ ដែនដីសណ្ដទន្លេមេគង្គ [កម្ពុជាក្រោម ] សព្វថ្ងៃ ។
លោកបានបញ្ជាក់អំពីមាត្រាទី ៣ នៃសិទ្ធិជនជាតិដើម ដែលត្រូវបានអង្គការសហប្រជាជាតិអនុមតិ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ថា វៀតណាមជាប្រទេសហត្ថលេខីផងដែរ ។ មាត្រា នេះបានបញ្ជាក់ថា រាល់ជនជាតិដើម មានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង អំពីនយោបាយ សង្គម និងសេដ្ឋកិច្ចនៃជនជាតិរបស់ខ្លួន ។
លោកថា៖”សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្សព្វផ្សាយនូវមាត្រាទាំងនេះឲ្យមនុស្សគ្រប់គ្នាបានដឹង ដើម្បីជម្រុញឲ្យវៀតណាមអនុវត្តតាមអ្វី ដែលគេបានចុះកិច្ចសន្យាជាមួយអង្គការសហប្រជាជាតិ” ។
អ្នកសិក្សា ផ្នែកប្រវត្តិសាស្ត្របានពន្យល់ថា សហព័ន្ធខ្មែរកម្ពុជាក្រោមមិនបានជាប់ ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចនៃអង្គការសហប្រជាជាតិនោះ ដោយសារតែបញ្ហាប្រទេសវៀតណាម មិនទាន់មានទំនុកចិត្ត លើសហព័ន្ធខ្មែរកម្ពុជាក្រោមនៅឡើយ ។
ពន្យល់ឲ្យវៀតណាមយល់ពីការតស៊ូដើម្បីការពារសិទ្ធិខ្មែរក្រោម៖
ទោះបីជាយ៉ាងនេះក្ដី អ្នកប្រវត្តិសាស្ត្របានជំរុញឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមខិតខំតស៊ូបន្ថែមទៀត ពិសេសធ្វើយ៉ាងណាបង្ហាញ អំពីសកម្មភាពរបស់ខ្លួនដល់ពិភពលោកថា រាល់ទង្វើរបស់សហព័ន្ធកំពុងធ្វើនោះ គ្រាន់តែចង់ការ ពារសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរក្រោមនៅប្រទេសវៀតណាមបច្ចុប្បន្នទេ មិនជាប់ពាក់ព័ន្ធនឹងការចង់ទាមទាររដ្ឋឯករាជ្យនោះទេ ។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសយកសហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនៃអង្គការសហប្រជាជាតិនេះ វា អាស្រ័យលើភាគីអន្តរជាតិ ដែលជាប្រ ទេសជាសមាជិកជាអ្នកសម្រេច ។
ប៉ុន្តែយ៉ាងនេះក្ដី លោក សំបូរ មាណ្ណារ៉ា បានពន្យល់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវប្រឹងប្រែងតទៅទៀត នៅក្នុងក្របខ័ណ្ឌ ឲ្យអន្តរជាតិមើលឃើញនូវសកម្មភាពរបស់ខ្លួន ពិសេសឲ្យរដ្ឋវៀតណាមយល់ដឹង អំពីទិសដៅរបស់ខ្លួនដែលថា ខ្លួនគ្រាន់តែធ្វើការងារដើម្បីទាមទារសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរនោះ ។
សមាជិក UN មិនធ្វើតាម ឆន្ទៈរបស់ខ្លួន៖
ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សវៀតណាម នៅប្រទេសបារាំង លោក វ័រ វុំាង អាយ មានប្រសាសន៍ថា នេះជារឿងអាក្រក់មួយដែលរដ្ឋាភិ បាលវៀតណាម មិនចង់ឲ្យមានការកែប្រែនូវគោលនយោបាយ គោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសវៀតណាមនោះ តែបែរជា ធ្វើការចោទប្រកាន់សហព័ន្ធខ្មែរកម្ពុជាក្រោមថា ចង់ទាមទារបង្កើតរដ្ឋឯករាជ្យ នៅក្នុងប្រទេសវៀតណាម វិញ នោះ ។
លោក វ័រ វុំាង អាយ៖ «វាជារឿងគួរឲ្យអាម៉ាស់ដែលប្រទេសជាសមា ជិកនៃ UN មិនបានធ្វើអ្វីទៅតាមឆន្ទៈរបស់ខ្លួន ដោយសារតែមានសម្ពាធពីប្រទេសវៀតណាម ហើយសមគំនិតជា មួយប្រទេសវៀតណាម ដើម្បីបន្ទច់បង្អាក់សំឡេង អ្នកការពារសិទ្ធិមនុស្ស ហើយក៏ជាការបង្ហាញ នៃសញ្ញាអវិជ្ជ មានទៅប្រជាជនក្នុងប្រទេសវៀតណាម ដែលសហគមន៍អន្តរជាតិ មិនឈរភាគីប្រជាពលរដ្ឋ ក្នុងប្រទេសវៀតណាម ដែលស្រេកឃ្លានសេរីភាព» ។
មុននេះ នៅថ្ងៃទី ១៨ ខែកក្កដា មានអង្គការអន្តរជាតិចំនួន ១៤ ក្នុងនោះមានអង្គការឃ្លាំមើលសិទ្ធិ មនុស្ស (HWR – Human Rights Watch), គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ – International Com mission of Jurists), អង្គការពិភពលោកប្រឆាំងការធ្វើទារុណកម្ម (OMCT – World Organi sation Against Torture) … បាន “សម្ដែងការគាំទ្រយ៉ាងពេញទំហឹង” ដល់សហព័ន្ធខ្មែរកម្ពុជាក្រោម និង បានទាមទារឲ្យអង្គការមួយនេះ “មានសិទ្ធិអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញទស្សនៈ ដោយសន្តិវិធីទាក់ទងនឹងស្ថានភាពនៅវៀតណាម ” ។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ ទី ២៣ ខែកក្កដា គណៈកម្មការមិនមែន រដ្ឋាភិបាល (CNGO) បានបោះឆ្នោតសម្រេច អំពីការចូលជាសមាជិកភាពផ្ដល់យោបល់ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ(ECO SOC) ។
លទ្ធផលនៃការបោះឆ្នោត គឺ ២៧ ប្រទេសបោះឆ្នោតគាំទ្រវៀតណាម មិនឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមចូលរួមនៅក្នុង ECOSOC ក្នុងនាមជាអ្នកផ្ដល់ប្រឹក្សា , ១៤ ប្រទេសជំទាស់វៀតណាម គាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម និង ១០ ប្រទេសអនុបវាទ ។
ប្រទេសដែលគាំទ្រវៀតណាម មានដូចជា ចិន, Cuba , Indonesia, Lybia,Mongolia, Philippines, Brazil, Bangladesh, Ecuador, Nicaragua, Ukraine, ឥណ្ដា និង រុស្ស៊ី …. ។
១៤ ប្រទេសដែលបោះឆ្នោតគាំទ្រខ្មែរក្រោម ជំទាស់វៀតណាម មានដូចជា Bulgaria, Canada, Finland, France, Germany, Ireland, Italy, Lativa, Netherlands, Slovakia, Spain, Switzerland, អង់គ្លេស (United Kingdom) និង សហរដ្ឋអាមេរិក (United States of America) ។
ប្រទេសអនុបវាទមានដូចជាប្រទេសអូស្ត្រាលី, Chile, Zambia និង Bahamas…៕