ខួប ១១ ឆ្នាំ ថ្ងៃ អ​.​ស​.​ប​. ប្រកាស​សិទ្ធិ​ជនជាតិដើម​

ដោ​យ ថាច់ ប្រីជា គឿន

នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី ៨ ខែកញ្ញា សប្ដាហ៍​នេះ សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose រដ្ឋ California ដឹកនាំ ដោយ លោក ថាច់ ជូន បាន​ប្រារព្ធ​ពិធី​រាត្រីសមោសរ ដើម្បី​អបអរ សាទរ​ដល់ ខួប ១១ ឆ្នាំ រំឭក​ដល់ ថ្ងៃ​អង្គការសហប្រជាជាតិ ប្រកាសសេចក្ដី​ប្រកាស​ជាស​កល ស្ដីពី​សិទ្ធិ​ជនជាតិដើម ១៣ កញ្ញា ២០០៧ – ១៣ កញ្ញា ២០១៨ ។​

​ពិធី​នេះ ធ្វើ​នៅក្នុង​ភោ​ជ​និ​យ​ដ្ឋា​ន​មួយ នាទី​ក្រុង San Jose ចាប់ពី​ម៉ោង ៦ ដល់ ១២ អធ្រាត្រ ដោយមាន​កម្មវិធី ដូចជា ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្លែងការណ៍​ទៅកាន់​អ្នកគាំទ្រ​អំពី​ផែន ការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, ទទួល​ភោជនាហារ​ជុំគ្នា អម​ជាមួយនឹង​ដ​ន្ត្រី​សម័យ​កំដរ​បរិ​យា កាស ផងដែរ ។​

​គណៈកម្មការ​នាយក និង ប្រធាន​តំបន់ និង សាខា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ចូល រួម​ពិធី​នេះ មានដូចជា លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ , លោក ថាច់ តង ជា​ប្រធាន ប្រចាំ តំបន់​អាមេរិក​ខាងលិច​, លោក កៀង រ​ម្មនី ជា​ប្រធាន​សាខា​ប្រចាំ​រដ្ឋ California ភាគខាងត្បូង​, លោក ចៅ ផន ជា​អនុប្រធាន​សាខា​ប្រចាំ ទីក្រុង Long Beach, លោក ថាច់ ជូន ប្រធាន​សាខា ប្រចាំ​ទីក្រុង San Jose និង អ្នកស្រី កៀង សា​ខន ជា​អ្នកនិពន្ធ​បទ​ចំរៀង​ជាតិនិយម​ខ្មែរក្រោម នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​យោងតាម​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose ពិធី​នេះ​បានទទួល​ប្រាក់ ឧបត្ថម្ភ​ជាង ១ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ពី​អ្នកគាំទ្រ ដើម្បី​ទ្រទ្រង់​ដល់​សកម្មភាព នៃ សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុងតែធ្វើការ​តស៊ូ​មតិ​នៅលើ​ឆាក​អន្តរជាតិ ឲ្យ​របប​បក្សកុម្មុយនិស្ត​យួន គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ៕