ខួប ១០ ឆ្នាំ នៃ​ការបង្កើត​កាសែត ព្រៃនគរ​

នៅ​ថ្ងៃទី ១ ខែមករា ២០១៨ កន្លងទៅ​ថ្មីៗ នេះ សារព័ត៌មាន ព្រៃនគរ មាន​អាយុកាល ១០ ឆ្នាំ ហើយ បើ​គិត​ចាប់តាំងពី​សារព័ត៌មាន​មួយ​នេះ បានធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត​ជា​លើកដំបូង នៅ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ ។​

ខួប ១០ ឆ្នាំ នៃ​ការបង្កើត​កាសែត ព្រៃនគរ​
ខួប ១០ ឆ្នាំ នៃ​ការបង្កើត​កាសែត ព្រៃនគរ​

ចាប់តាំងពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ ដល់​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ សារព័ត៌មាន ព្រៃនគរ ចេញផ្សាយ​ប្រចាំ​សប្តាហ៍ តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត បាន​ចំនួន ១០៦ លេខ និង​ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ ដល់​ថ្ងៃទី ០១ ខែមករា​ឆ្នាំ ២០១៤ បាន​បោះពុម្ព​ជា​កាសែត​ប្រចាំ​សប្តាហ៍​នៅ​ប្រទេស​កម្ពុជា​បាន​ចំនួន ៤៥ លេខ ក្រោយពី សារព័ត៌មាន ព្រៃនគរ បានទទួល​អាជ្ញាប័ណ្ណ ពី​ក្រសួង​ព័ត៌មាន​ខ្មែរ​កាលពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១០ ។​

សារព័ត៌មាន ព្រៃនគរ បង្កើតឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​ដំណឹង​ផ្សេងៗ ទាក់ទិន នឹង​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់​នៅឯ​ដែនដី​កម្ពុជា​ក្រោម ឬ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម និង​នៅ​ជុំវិញ​ពិភពលោក សម្រាប់​ជនជាតិខ្មែរ នៅ​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស បាន​ជ្រាប​ជា​ព័ត៌មាន អំពី​ខ្មែរក្រោម ។​

ដោយ​យល់ឃើញថា កាលណោះ នៅ​ឆ្នាំ ២០១០ ពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រោម ភាគច្រើន​មាន​កង្វះខាត​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​អិន​ធើ​ណិ​ត គណៈកម្មការ សារព័ត៌មាន ព្រៃនគរ បានសម្រេច​ធ្វើការ​បោះពុម្ព​ជា​កាសែត​ចេញផ្សាយ​ប្រចាំ​សប្តាហ៍ នៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​ចែកចាយ​ទៅដល់​ពលរដ្ឋ​ខ្មែរក្រោម នៅតាម​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ដើម្បី​ពួកគាត់​បានទទួល​នូវ​ព័ត៌មាន​ថ្មីៗ ស្តីអំពី​ស្ថានភាព​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម​និង​នៅក្នុង​ពិភពលោក ។​

ក្រោយការបោះពុម្ព​ជា​កាសែត​ផ្សាយ​ប្រចាំ​សប្តាហ៍ នៅ​ប្រទេស​កម្ពុជា បាន ៤ ឆ្នាំ រួចមក គណៈកម្មការ សារព័ត៌មាន ព្រៃនគរ បាន​ងាក​មក​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាមរយៈ​គេហទំព័រ​ប្លក់ ដែលមាន​អាស័យដ្ឋាន http://www.preynokornews.blogspot.com ដោយបាន​ចុះផ្សាយ នូវ​អត្ថបទ​ព័ត៌មាន​ជា​រៀងរាល់ថ្ងៃ និង​កាសែត ព្រៃនគរ ជា​ឯកសារ PDF ជា​រៀងរាល់​ថ្ងៃអាទិត្យ បន្ទាប់​កាសែត​បាន​បោះពុម្ព​ចេញផ្សាយ នៅក្នុង​ប្រទេស​កម្ពុជារ​យៈ​ពេល ៤ ឆ្នាំ​មក​នោះ ។​

​នៅ​ឆ្នាំ ២០១២ នេះ សារព័ត៌មាន ព្រៃនគរ បាន​បង្កើត​នូវ​គេហទំព័រ​ថ្មី​មួយទៀត ដែលមាន​អាស័យដ្ឋាន http://www.preynokornews.info ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​មិត្ត​អ្នកអាន ក្នុង​ការចូល​តាមដាន​ព័ត៌មាន​ថ្មីៗ និង​សិក្សា​ស្រាវ ជ្រាវ​នូវ​អត្ថបទ​ស្រាវជ្រាវ​ផ្សេងៗ ដែល​បាន​ចុះផ្សាយ នៅលើ​គេហទំព័រ​ថ្មី​មួយ​នេះ ។ ក្នុង​លើ​គេហ​ព័រ​ថ្មី​នេះ បានធ្វើការ​ចុះផ្សាយ​នូវ​ព័ត៌មាន​ជាតិ អន្តរជាតិ​ភូមិសាស្ត្រ​កម្ពុជា​ក្រោម ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​ខ្មែរក្រោម ប្រវត្តិ​អ្នកមាន​កេរ្តិ៍ឈ្មោះ​ខ្មែរក្រោម (​នរណា​ខ្លះ នៅ​កម្ពុជា​ក្រោម​?) និង​ព្រះពុទ្ធសាសនា ជាដើម ។​

​ដោយ​មើល ពី​ការរីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​ក្នុងនោះ មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលជា​មធ្យោបាយ​ទំនាក់ទំនង និង​ចែករំលែក​ព័ត៌មាន ទៅកាន់​មនុស្ស នៅ​ជុំវិញ​ពិភពលោក​នោះ ។ សារព័ត៌មាន ព្រៃនគរ ក៏បាន​បង្កើត​បណ្តាញ​សង្គម ដែល​ពេញនិយម​បំផុត​សម្រាប់​អ្នកប្រើប្រាស់ មានដូចជា Facebook,Twitter និង Yotube ផងដែរ ។ តាមរយៈ​បណ្ដាញ​សង្គម​ទាំងនេះ រាល់​ព័ត៌មាន ដែល​បាន​ចុះផ្សាយ​តាម​គេហទំព័រ​សារព័ត៌មាន ព្រៃនគរ នឹង​បាន​ចែករំលែក​អត្ថបទ​ព័ត៌មាន​ទាំងនេះ កាន់តែ​លឿន រហ័ស និង​ទាន់ពេលវេលា ទៅកាន់​មិត្ត​អ្នកអាន​របស់ សារព័ត៌មាន ព្រៃនគរ ។​

​នៅ​ឆ្នាំ ២០១៣ សារព័ត៌មាន ព្រៃនគរ បាន​បង្កើត​បន្ថែម “​កម្មវិធី​ទូរទស្សន៍ ផ្សាយ​តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត​” មួយទៀត ដែល​កម្មវិធី​នេះ លោកអ្នក​អាច​ចូល​ទស្សនា​នូវ​កម្មវិធី​ទូរទស្សន៍​របស់​សារព័ត៌មាន ព្រៃនគរ បាន​គ្រប់ពេលវេលា នៅលើ​បណ្ដាញ​សង្គម Youtube ដែលមាន​អាសយដ្ឋាន http://www.youtube.com/preynokornews ។​

ក្រៅតែពី​ផ្សា​ព្វ​ផ្សាយ​ព័ត៌មាន នៅលើ​គេហទំព័រ បណ្តាញ​សង្គម នៅ​ឆ្នាំ ២០១២ សារព័ត៌មាន ព្រៃនគរ ក៏បាន​ផលិត​ថាស​ស៊ី​ឌី ចម្រៀង ផលិតកម្ម ព្រៃនគរ Vol.1 ដែលមាន​ចំណងជើង​ថា “​នឹក​ស្រុក​” ។ ខ្លឹមសារ​នៃ​បទ​ចម្រៀង​ទាំងនេះ​ទាក់ទង នឹង​ស្ថានភាព​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​បាន​និពន្ធ និង​រៀបរៀង​ដោយ លោក សឺ​ង សម្រេច ជា​អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

គួរ​ជម្រាបជូន​ថា គណៈកម្មការ​នៃ​សារព័ត៌មាន ព្រៃនគរ សព្វថ្ងៃនេះ មាន​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​អភិបាល ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជា​និពន្ធ​នាយក លោក លី ឈូ​ន ជា​អតីត​ចាងហ្វាង ចាប់ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៤ និង​នៅ​ឆ្នាំ ២០១៤ រហូតដល់​បច្ចុប្បន្ននេះ លោក ស៊ឺន ចែង​ចើ​ន ត្រូវ​បានទទួល​ភារកិច្ច​ជា​ចាងហ្វាង បន្ទាប់ពី​លោក លី ឈួន សុំ​លាឈប់ ដោយ​ជាប់រវល់​កិច្ចការផ្ទាល់ខ្លួន ៕​