ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ០៤ ខែមិថុនា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅគ្រប់ទិសទីជុំវិញភពផែនដី បានស្រុះស្រួលគ្នាប្រារព្ធពិធីបុណ្យកាន់ទុក្ខដើម្បីរំឭកដល់ “ទិវាបាត់បង់ទឹកដីកម្ពុជាក្រោម” ឬ “ទិវាកម្ពុជា ក្រោម ឋិតនៅក្រោមរដ្ឋចំណុះវៀតណាម” ។

ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីបារាំងឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) បានប្រ កាសច្បាប់ លេខ ៤៩-៧៣៣ មានសេចក្តីទាំងស្រុងដូចតទៅនេះ៖
យោងតាមមតិពីរដ្ឋសភា នៃសហភាពបារាំងសែស, រដ្ឋសភានិងក្រុមប្រឹក្សា នៃសាធារណរដ្ឋបារាំង បានសម្រេច ហើយអនុមតិដោយរដ្ឋសភានៃសាធារណរដ្ឋបារាំងប្រធានាធិបតី នៃសាធារណរដ្ឋប្រកាស ច្បាប់ដូចតទៅ នេះ៖
មាត្រា ១ – ក្នុងក្របខណ្ឌមាត្រា ៦០ នៃសាធារណរដ្ឋបារាំងសែស និងតាមមតិរបស់សភាកូស័ងស៊ីន នាសម័យប្រជុំថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៤៩ លក្ខន្តិកៈទឹកដីកូស័ងស៊ិនត្រូវបានកែប្រែតាមមាត្រាដូចខាងក្រោម៖
មាត្រា ២ – ទឹកដីកូស័ងស៊ីន ត្រូវបានតភ្ជាប់ទៅជារដ្ឋចំណុះរបស់យួន យោងតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ១៩៤៨ និងសេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំង ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៨ ។ ទឹកដីកូស័ងស៊ីនឈប់ ស្ថិតនៅក្នុងលក្ខន្តិកៈ ជាទឹកដីឯនាយសមុទ្រ របស់បារាំងទៀតហើយ ។
មាត្រា ៣ – ក្នុងករណីដែលលក្ខន្តិកៈស្រុកយួនត្រូវកែប្រែលក្ខន្តិកៈ កូស័ងស៊ីន ត្រូវចាត់ទុកជាកម្មវត្ថុ នៃការ សម្រេចចិត្តរបស់សភាខាងលើដូចបាន ចែងនៅក្នុងមាត្រា ៧៥ នៃរដ្ឋធម្មនុញ្ញ ( ជំពូក ៨ នៃសភាបារាំងសែស ) ។
ច្បាប់នេះនឹងត្រូវបានអនុវត្តដូចជាច្បាប់រដ្ឋ ។
ធ្វើនៅទូលូ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩
ហត្ថលេខា
វែនសង់ អូរិយ៉ូល( ប្រធានាធិបតី)
ហត្ថលេខា
ហង់រី កឿយ (នាយករដ្ឋមន្ត្រី)
ហត្ថលេខា
ប៉ូលកូស ផ្លរ៉េ (រដ្ឋមន្ត្រីទឹកដីបារាំងឯនាយសមុទ្រ)
ដែនដី កូស័ងស៊ីន ឫុ កម្ពុជាក្រោម មានទំហំ ៦៧.៧០០ គីឡូម៉ែត្រក្រឡា នៅតំបន់ដីសណ្តទន្លេមេគង្គ ។
ការប្រារព្ធ ទិវា ៤ មិថុនា មានសារៈសំខាន់ខា្លងណាស់សម្រាប់ប្រជាជាតិខ្មែរ ដើម្បីធ្វើឱ្យមតិជាតិ និងអន្តរជាតិបានដឹងបានយល់ថា ដែនដីនៃប្រទេសកម្ពុជាមួយភាគធំ ត្រូវបានកាត់ផ្ដាច់ចេញឲ្យទៅជា រដ្ឋចំណុះវៀតណាម ហើយប្រជាជាតិខ្មែរក្រោមរាប់លាននាក់ ត្រូវបានឋិតនៅក្រោមនឹមអាណានិគមវៀត ណាមរហូតមកដល់ បច្ចុប្បន្ន ។
០៤ មិថុនា ជាថ្ងៃរំឭកនូវប្រវត្តិតស៊ូអង់អាចក្លាហាន របស់វីរសមណៈ វីរបុរស វីរនារី ខ្មែរក្រោមគ្រប់ សម័យកាលដែលបានពលីកម្មជីវិតដើម្បីការពារនូវកេរដំណែលវប្បធម៌ជាតិខ្មែរនៅកម្ពុជាក្រោមឲ្យបានគង់វង្សរហូតមកដល់ សព្វថ្ងៃ ។
០៤ មិថុនា ជាទិវាបង្កលក្ខណៈសាមគ្គីជាតិ និងដើម្បីបង្កាមិនឲ្យបរទេសយួន និងសៀមទន្ទ្រានយក ទឹកដីខ្មែរពីប្រទេសកម្ពុជា សព្វថ្ងៃ បានទៀត ។ល។