ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ១៨ ខែសីហា នេះ ពីប្រទេសកាណា ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីថ្លែងការណ៍ចំហជាភាសា អង់គ្លេសមួយ ជម្រុញឲ្យវៀតណាមអនុវត្តតាមកិច្ចសន្យាជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្ស ស្ដីពីការគោរពសិទ្ធិមនុស្សលើពលរដ្ឋ វៀតណាម ជាពិសេស គោរពសិទ្ធិរបស់ជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោម ។ សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យក្រសួងការបរ ទេសវៀតណាមស្នើឲ្យប្រទេសកម្ពុជា ចាត់វិធានការផ្លូវច្បាប់លើពលរដ្ឋខ្មែរក្រោមអ្នកដែលបានដុតទង់ ជាតិវៀតណាមក្នុងពេលធ្វើបាតុកម្មនៅភ្នំពេញ នាពេលកន្លងមក ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកការធ្វើបាតុកម្មរបស់ ក្រុមពលរដ្ឋខ្មែរក្រោម និងយុវជនខ្មែរនៅប្រទេសកម្ពុជា ដោយសារតែពួកគេជំទាស់នឹងសម្ដីរបស់មន្ត្រីស្ថានទូតវៀតណាម ដែល បាននិយាយបំភ្លៃប្រវត្តិសាស្ត្រដែនដីកម្ពុជា ។

សេចក្ដីថ្លែងការណ៍នេះ មានសេចក្ដីថា៖
“នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៣ វៀតណាមបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយបានសន្យាថា នឹងជម្រុញឲ្យមានការគោរពសិទ្ធិមនុស្សដូចបានចែងនៅក្នុងសេចក្ដីសម្រេច លេខ ៦០/២៥១ នៃ មហាសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ។ មកដល់ពេលនេះ ជិតមួយឆ្នាំហើយ ដែលវៀតណាមមិន ត្រឹមតែមិនបានគោរពសិទ្ធិពលរដ្ឋនៅក្នុងពិភពលោកតែប៉ុណ្ណោះទេ តែថែមទាំងនៅតែបន្តបំពានសិទ្ធិមនុស្សជាមូលដ្ឋានលើ ពលរដ្ឋនៅក្នុងប្រទេសវៀតណាមទៀតផង ជាពិសេស លើជនជាតិដើមខ្មែរក្រោម ។
នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៤ ក្នុងនាមខ្លួនជាសមាជិក នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមបានច្រានចោលនូវ អនុសាសន៍ចំនួន ៤៥ ក្នុងចំណោមអនុសាសន៍ទាំង ២២៧ ដែលបានស្នើឡើងចំនួន ២ លើក ដោយប្រទេសជាសមាជិក នៅក្នុងការឆ្លើយបំភ្លឺស្ដីពីប្រវត្តិសិទ្ធិមនុស្សរបស់វៀតណាម (UPR) កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ។ អនុសាសន៍ដែល វៀតណាមច្រានចោលនោះ ភាគច្រើនជាបញ្ហាសិទ្ធិមនុស្សជាមូលដ្ឋានដែលប្រជាពលរដ្ឋត្រូវការជាចាំបាច់ ដូចជា សេរីភាព សាសនា សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការបង្កើតសមាគមឯករាជ្យ ។
លោក Heiner Bielefeldt ប្រេសិតរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសេរីភាពជំនឿសាសនា ត្រូវបានអញ្ជើញឲ្យ ទៅបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២១ ដល់ ៣១ ខែកក្កដា ឆ្នាំ ២០១៤ បន្ទាប់ពី លោក Abdelfattah ដែលបានទៅបំពេញទស្សនកិច្ចនៅវៀតណាម កាលពីឆ្នាំ ១៩៩៨ ។ ក្នុងដំណើរទស្សនកិច្ច ១០ ថ្ងៃនៅវៀតណាម លោក Heiner Bielefeldt បានកត់សម្គាល់ថា “ ខ្ញុំទទួលបានដំណឹងគួរឲ្យទុកចិត្តថា មនុស្សមួយចំនួនដែលខ្ញុំចង់ជួប ត្រូវបានគេ តាមដានយ៉ាងតឹងរ៉ឹង ត្រូវព្រមាន គាបសង្កត់ រំខាន និងស្កាត់ដំណើររបស់ខ្ញុំដោយពួកនគរបាល” ។
ក្នុងនាមខ្លួនជាសមាជិក នៃអង្គការសហប្រជាជាតិ វៀតណាមនៅតែមិនអនុញ្ញាតិឲ្យជនជាតិដើម នៅវៀតណាមបានសិក្សា នូវប្រវត្តិសាស្ត្រពិតរបស់ប្រជាពលរដ្ឋ ។ ពលរដ្ឋខ្មែរក្រោមជាជនជាតិដើម នៃតំបន់ដែនដីសណ្ដទន្លេមេគង្គ ដែលភាសាខ្មែរហៅ កម្ពុជាក្រោមនោះ មិនត្រូវបានវៀតណាមអនុញ្ញាតិឲ្យហៅឈ្មោះភូមិសាស្ត្រមាតុភូមិរបស់ខ្លួនជាភាសាខ្មែរទេ ដូចជាឈ្មោះ ឃុំ ស្រុក និង ខេត្ត ដែលមានមកតាំងពីដូនតារបស់ពួកគេ ។ នៅក្នុងវត្តមួយនៃខេត្តព្រះត្រពាំង បានរក្សាទុកនូវត្រាកេររបស់វត្ត មួយដែលមានឆ្លាក់អក្សរថា “កម្ពុជាក្រោម” ជាភាសាខ្មែរ ។ ប្រភពពីព្រះសង្ឃនៅក្នុងវត្តមួយនេះ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៤ រដ្ឋាភិបាលវៀតណាមបានបញ្ជាឲ្យនាយកនគរបាលខេត្ត លោក ឡេ ថាន់ ដៅ ទៅវត្តដើម្បីបង្ខំឲ្យព្រះចៅអធិការវត្ត ប្រគល់ត្រាទៅឲ្យអាជ្ញាធរ ។
កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៤ ស្ថានទូតវៀតណាម នៅទីក្រុងភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោស “ សហព័ន្ធខ្មែរកម្ពុជាក្រោម” និង “ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា” ថាជាអ្នករៀបចំបាតុកម្មនៅមុខស្ថានទូតវៀតណាម និងបាន ចាត់ទុកការធ្វើបាតុកម្មនេះថា ជាសកម្មភាពមួយជ្រៀតជ្រែកចូលបូរណភាពដែនដី និងកិច្ចការផ្ទៃក្នុងរបស់វៀតណាម ហើយ ផ្ទុយនឹងច្បាប់នៃប្រទេសកម្ពុជា ។ ប្រសិនបើ លោក ត្រឹង វ៉ាំង ថុង មិនបំភ្លៃប្រវត្តិសាស្ត្រពិត នៃដែនដីកម្ពុជាក្រោម ដែលបាន ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា “ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាមតាំងពីយូរយារណាស់មកហើយ” ទេ ក៏ពលរដ្ឋខ្មែរក្រោម និង ក្រុមយុវជនខ្មែរនៅក្នុងប្រទេសកម្ពុជា មិនបានធ្វើបាតុកម្មដើម្បីទាមទារឲ្យលោកសុំទោសជាសាធារណៈដែរ ។ មិនត្រឹមតែ ប៉ុណ្ណេះទេ ស្ថានទូតវៀតណាម ក៏មិនបានបញ្ជាឲ្យមនុស្សមកទទួលញត្តិពីក្រុមអ្នកតវ៉ា ទៀតផង ។
ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៤ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយ បិន បានស្នើឲ្យប្រទេស កម្ពុជាចាត់វិធានការតាមផ្លូវច្បាប់ ទៅលើក្រុមអ្នកតវ៉ាដែលបានដុតទង់ជាតិវៀតណាម កាលពីថ្ងៃទី ១២ ខែសីហា ។ លោក ឡេ ហាយ បិន បានថ្លែងថា៖ “វៀតណាមប្រឆាំងយ៉ាងដាច់អហង្ការចំពោះការដែលក្រុមជ្រុលនិយមខ្មែរកម្ពុជាក្រោមមួយក្ដាប់ តូចដែលបានធ្វើបាតុកម្មខុសច្បាប់ និងបានដុតទង់ជាតិវៀតណាម នៅទីក្រុងភ្នំពេញ កាលពី ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៤” ។ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៤ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា លោក ខៀវ សុភ័គ បានថ្លែងថា ការដុតទង់ជាតិក្នុង ការធ្វើបាតុកម្មជារឿងធម្មតាដែលវាកើតឡើងសឹងជាទូទៅហើយនៅលើពិភពលោក គឺ “ដើម្បីសម្ដែងមតិរបស់ពួកគេនៅក្នុងប្រ ទេសដែលប្រកាន់យករបបប្រជាធិបតេយ្យ” ។
ប្រសិនបើ វៀតណាមនៅតែបំពានលើសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្លួន ជាពិសេស រំលោភលើសិទ្ធិរបស់ជនជាតិដើមនៅ ក្នុងប្រទេសវៀតណាម ក្នុងនោះមានការ មិនអនុញ្ញាតឲ្យហៅឈ្មោះភូមិស្រុករបស់ពួកគេជាភាសាកំណើត មិនអនុញ្ញាតិឲ្យ ស្វែងយល់ពីប្រវត្តិសាស្ត្រពិតរបស់ពួកគេ វៀតណាមមិនសមនឹងបានទទួលឋានៈជាសមាជិក នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិឡើយ ពីព្រោះវៀតណាមមិនបានអនុវត្តតាមកិច្ចសន្យាក្នុងការការពារ និងគោរពសិទ្ធិមនុស្ស ៕