ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
អាជ្ញាធរវៀតណាមនៅក្នុងចខេត្តឃ្លាំងទើបតែបានដកតំណែងព្រះចៅអធិការថ្មី នៃវត្តសិរីតាសេក ហើយបានបញ្ជូន ឲ្យព្រះចៅអធិការអង្គនេះទៅអប់រំលត់ដំនៅវត្តថ្មីមួយទៀត ដោយចោទថា ព្រះចៅអធិការអង្គនេះ មិនបានបំពេញ ការងារតាមអ្វីដែលអាជ្ញាធរតម្រូវឲ្យធ្វើ ។

យោងតាមលិខិតដកតំណែងព្រះចៅអធិការវត្តមួយច្បាប់ ដែលពុទ្ធបរិស័ទចំណុះជើងវត្តសេរីតាសេក ឋិតនៅក្នុង ស្រុកជ្រោយញ នៃខេត្តឃ្លាំង បានផ្ញើមកកាន់ការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម បានបញ្ជាក់ថា អាជ្ញាធរវៀត ណាមទើបតែចេញលិខិតមួយច្បាប់ដកតំណែង ព្រះតេជព្រះគុណ គឹម ឡុង ចេញពីតួនាទីជាព្រះចៅអធិការវត្ត សិរីតាសេក ហើយបញ្ជូនឲ្យទៅអប់រំ ឬ លុតដំឡើងវិញនៅវត្តសំរោង ឋិតនៅក្នុងសង្កាត់ទី ៥ ខេត្តឃ្លាំង ។
យោងតាមលិខិតលេខ ១២ / CV- HDKSSYN ចុះថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៤ ស្ដីពីការផ្លាស់ប្ដូរទីលំនៅ និង តែងតាំងព្រះចៅអធិការវត្តសិរីតាសេក ដោយព្រះតេជព្រះគុណ យឿង ញើង ប្រធានសមាគមព្រះសង្ឃសាមគ្គី ស្នេជាតិខេត្តឃ្លាំង ថា ៖
“អនុវត្តតាមសេចក្ដីសម្រេចរបស់គណៈកម្មការអចិន្ត្រៃយ៍នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ខេត្តឃ្លាំង អំពី ការចាត់ ព្រះតេជព្រះគុណ គឹម ឡុង ជាព្រះចៅអធិការស្ដីទីនៃវត្តសិរីតាសេក ។ ក្នុងពេលកន្លងមក ព្រះតេជ ព្រះគុណ គឹម ឡុង (Kim Long) មិនបានធ្វើតាមអ្វីដែលថ្នាក់លើតម្រូវឲ្យធ្វើ ហើយបានបណ្ដោយឲ្យព្រះសង្ឃមួយ ចំនួនក្នុងវត្តបំពានធម៌វិន័យ ។ ដើម្បីឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងវត្តសិរីតាសេកបានបន្តការរៀនសូត្របួសរៀន ។
ពេលនេះ សមាគមព្រះសង្ឃសាមគ្គី ស្នេជាតិខេត្តឃ្លាំង សូមបញ្ជូនព្រះតេជព្រះគុណ គឹម ឡុង ទៅស្នាក់ នៅ ក្នុងវត្តសំរោង ឋិតនៅក្នុងសង្កាត់ទី ៥ ទីរួមខេត្តឃ្លាំង ដើម្បីលត់ដំឡើងវិញ ។
សមាគមព្រះសង្ឃសាមគ្គី ស្នេជាតិខេត្តឃ្លាំង សូមតែងតាំង ព្រះតេជព្រះគុណ លី ហាយ (Ly Hai) ជាព្រះចៅអធិការវត្ត និងព្រះតេជព្រះគុណ លីវ សារឿន (Lieu Saruol) ជាព្រះចៅអធិការរងជាបណ្ដោះអាសន្ន នៅវត្តសិរី តាសេក” ។
សូមបញ្ជាក់ថា សមាគមព្រះសង្ឃសាមគ្គីស្នេជាតិ ជាសមាគមមួយដែលបានបង្កើតឡើងដោយព្រះសង្ឃខ្មែរក្រោម នៅកម្ពុជាក្រោម តែឋិតនៅក្រោមការត្រួតត្រារបស់បក្សកុម្មុនិស្តវៀតណាម សមាគមនេះ បច្ចុប្បន្ន ជាសមាជិករបស់ សមាគមព្រះពុទ្ធសាសនាវៀតណាមដែលជាសមាគមមួយដឹកនាំដោយព្រះសង្ឃមហាយានយួន និងជាសមាជិក របស់រណសិរ្សមាតុភូមិវៀតណាម ។
ការដែលព្រះតេជព្រះគុណ យឿង ញើង ចេញលិខិតដកតំណែងព្រះតេជព្រះគុណ គឹម ឡុង ពីតួនាទីជាព្រះចៅអធិ ការវត្តនេះ ត្រូវបានពុទ្ធបរិស័ទខ្មែរក្រោមនៅចំណុះជើងវត្តមួយនេះមើលឃើញថា ជាការធ្វើឡើងតាមការបញ្ជារបស់ រដ្ឋាភិបាលវៀតណាម ។
សូមបញ្ជាក់ សិរីតាសេក ជាវត្តមួយឋិតនៅក្នុងស្រុកជ្រោយញរ ខេត្តឃ្លាំង ត្រូវបានរដ្ឋាភិបាលវៀតណាមឡោមព័ទ្ធ ដើម្បីចាប់ព្រះសង្ឃពីរអង្គ កាលពីឆ្នាំ ២០១៣ កន្លងទៅនេះ ដោយចោទពីបទថា ព្រះសង្ឃទាំងនេះបានទាក់ទង ខ្មែរក្រោមនៅក្រៅប្រទេស និងបានបំពេញធម្មនុញ្ញសមាគមព្រះពុទ្ធសាសនាវៀតណាម ។ ក្នុងព្រឹត្តិការណ៍នេះ ពុទ្ធបរិស័ទរាប់រយនាក់ បានចូលមកវត្តសិរីតាសេកប្រឆាំងនឹងក្រុមអាជ្ញាធរវៀតណាមដែលចូលមកវត្តបម្រុងនឹង ចាប់ព្រះសង្ឃ ។
នៅ ថ្ងៃ ២១ ខែឧសភា ឆ្នាំ ២០១៣ ព្រះសង្ឃ ២ អង្គ គឺ ព្រះតេជព្រះគុណ លីវ នី ប្រសូត ឆ្នាំ ១៩៨៦ ជាព្រះចៅអធិការវត្តសេរីតាសេក ព្រះតេជព្រះគុណ ថាច់ ធឿន ប្រសូត ឆ្នាំ ១៩៨៥ ជាគ្រូសូត្រវត្តសេរីតាសេក និងប្រ ជាពលរដ្ឋខ្មែរក្រោម ២ រូបគឺ លោក ថាច់ ភូមិរិទ្ធ និង លោក ត្រា វណ្ណ ថា ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន ត្រូវ អាជ្ញាធរវៀតណាមចាប់ខ្លួននៅច្រកព្រំដែនកម្ពុជាវៀតណាម ខណៈដែលអ្នកទាំងនេះព្យាយាមភៀសខ្លួនចេញទៅ ប្រទេសកម្ពុជា ។
ក្រោយពីបានចាប់ខ្លួនព្រះសង្ឃ និងអ្នកភូមិដាក់ពន្ធនាគារប៉ុន្មានខែមក ថ្ងៃ ២៧ ខែកញ្ញា ២០១៣ តុលាការខេត្តឃ្លាំងសម្រេចផ្ដន្ទាទោសព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ២ រូបខាងលើ ឲ្យជាប់គុកពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ។ ជនរងគ្រោះទាំងនេះ រួមមាន ព្រះតេជព្រះគុណ ថាច់ ធឿន ជាប់គុក ៦ ឆ្នាំ, ព្រះតេជព្រះគុណ លីវ នី ជាប់ពន្ធនាគារ ៤ ឆ្នាំ, លោក ថាច់ ភូមិរិទ្ធ កើត ឆ្នាំ ១៩៨៩ ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “ភៀសខ្លួនទៅប្រទេសក្រៅដើម្បីប្រឆាំងរដ្ឋាភិបាល” និង លោក ត្រា វណ្ណ ថា ជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “ចាត់តាំងនាំមនុស្សរត់ចេញទៅបរទេស” ។
ក្រៅពីនេះ មុនតុលាការផ្ដន្ទាទោសព្រះសង្ឃ និង អ្នកភូមិតាសេក ២ ថ្ងៃ នៅ ថ្ងៃ ២៥ ខែកញ្ញា ២០១៣ តុលាការសាលាដំបូងនៃបក្សកុម្មុយនិស្តវៀតណាម បានប្រកាសសាលក្រមឲ្យអ្នកភូមិព្រៃជាប់ នៃស្រុកជ្រោយញរ ខេត្តឃ្លាំង ដែលជាប់ទាក់ទិននឹងករណីព្រះតេជព្រះគុណ លី ចិន្ដា នៃ វត្តព្រៃជាប់ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ១០ ខែទៅ ១ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ។ ជនរងគ្រោះទាំងនេះ ត្រូវតុលាការសម្រេចប្រកាសសាលក្រមឲ្យជាប់គុកដូចតទៅ ៖
១. អ្នកស្រី លី ធីសាប៊ុត ១ ឆ្នាំ
២. ង្នកស្រី លី ធីយន់ ១ ឆ្នាំ
៣. អ្នកស្រី ឡឹម ធីឡង ១ ឆ្នាំ
៤. លោក លី មិញហាយ ១១ ខែ និង លោក តាំង ផល្លា ១០ ខែ ។
ចំណែកលោកស្រី លី ធី សាប៊ុត ត្រូវកាត់ទោសកំបាំងមុខព្រោះគាត់បានភៀសខ្លួនចេញក្រៅស្រុក ។
សព្វថ្ងៃ ព្រះសង្ឃទាំងពីរអង្គ និងអ្នកភូមិទាំង ៦ រូបកំពុងតែជាប់នៅក្នុងពន្ធនាគារវៀតណាមនៅឡើយ ។
ក្រោយពីព្រឹត្តិការណ៍នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើបាតុកម្មមុខស្ថានទូតវៀតណាម ទូទាំងពិភពលោក ដើម្បីទាមទារឲ្យវៀតណាមដោះលែងអ្នកទាំងនេះឲ្យមានសេរីភាពឡើងវិញ ។ ម្យ៉ាងទៀត ក្រសួងការ បរទេស សហរដ្ឋអាមេរិកទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញរបាយការណ៍ស្ដីពីបញ្ហានេះជាបន្តបន្ទាប់ ផងដែរ ៕