ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
អ្នកបោះឆ្នោតនៅស្កតឡែនប្រមាណជាង ៤ លាននាក់ដែលបានធ្វើដំណើរទៅបោះឆ្នោតនៅមណ្ឌលបោះ ឆ្នោតជាង ២.៦០៨ កន្លែង នៅថ្ងៃទី ១៨ ខែកញ្ញា កន្លងទៅនេះ ។ ពលរដ្ឋបានដឹងលទ្ធផលឆ្នោតនៅថ្ងៃទី ១៩ ខែកញ្ញា បន្ទាប់ពីការបោះឆ្នោតមួយថ្ងៃ នេះបើតាមសេចក្ដីរាយការណ៍របស់ព័ត៌មាន BBC ។ លទ្ធ ផលក្រោយការបោះឆ្នោត បានផ្តល់ពិន្ទុឲ្យភាគីប្រឆាំងឯករាជ្យនាំមុខបន្តិច ។

ការបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្ត្រនៅក្នុងរដ្ឋស្កុតលែន (Scotland) នៃចក្រភពអង់គ្លេស ដែលសម្រេចថា តើរដ្ឋនោះអាចចាកចេញពីសហភាពដែលមានចំណាស់ ៣០៧ ឆ្នាំ ជាមួយអង់គ្លេស ហើយក្លាយជារដ្ឋឯករាជ្យមួយឬយ៉ាងណា ។
អ្នកបោះឆ្នោតគ្រាន់តែឆ្លើយនឹងចម្លើយតែមួយគត់ថា “Yes” ឬ “No” លើសំនួរថា “តើ Scotland គួរជាប្រទេសឯករាជ្យដែរឬទេ? ” ។
គណៈកម្មការបោះឆ្នោតបានថ្លែងថា ស្ថិតិអ្នកចុះឈ្មោះបោះឆ្នោតកើនឡើងមិននឹកស្មានដែលមិនធ្លាប់ មានតាំងពីដើមមក ។ អ្នកបោះឆ្នោតចំនួន ៤.២៨៥ លាននាក់ ក្នុងនោះ កុមារអាយុ ១៦ និង ១៧ ឆ្នាំ ក៏មានសិទ្ធិ បោះដែរ ។
មុនការបោះឆ្នោត យុទ្ធនាការស៊ើបអង្កេតប្រជាមតិមួយដែលធ្វើឡើងដោយកាសែតធំបំផុតរបស់អង់គ្លេស បានផ្តល់ពិន្ទុឲ្យភាគីប្រឆាំងឯករាជ្យ Scotland នាំមុខបន្តិច ចំនួន ៥២ % ទល់នឹង ៤៨ % ។
លទ្ធផលឆ្នោតជាផ្លូវការចុងក្រោយ ភាគី (No) អ្នកប្រឆាំងឯករាជ្យជាអ្នកឈ្នោះបានសំឡេង ៥៥% ទល់នឹងភាគី (Yes) អ្នកគាំទ្រឯករាជ្យបានសំឡេង ៤៥% ។

ក្រោយការបោះឆ្នោត លោក អេឡិច សាលម៉ុង (Alex Salmond) មេដឹកនាំចលនាទាមទារឯករាជ្យ បានទទួលស្គាល់បរាជ័យ ហើយប្រកាសលាលែងពីតំណែង ។
លោកថា ចំនួនមនុស្ស ១,៦ លាននាក់ បោះឆ្នោតគាំទ្រ ឯករាជ្យនោះ ជាចំនួនដ៏ច្រើនលើសលប់ ដែលពួកគេចង់បានឯករាជ្យនៅពេលអនាគត ។
ថ្លែងទៅកាន់អ្នកកាសែតនៅ វិមាន Bute នាទីក្រុង អ៊ីដិនប៊ើក លោក សាលម៉ុង បានថ្លែងថា ចំពោះរូប លោក “វេលាដឹកនាំជិតដល់ពេលបញ្ចប់ហើយ ប៉ុន្តែសម្រាប់ Scotland យុទ្ធនាការទាមទារ ឯករាជ្យនៅតែបន្ត ហើយសុបិននឹងមិនអាចស្លាប់បានឡើយ” ។
រដ្ឋាភិបាល Scotland បានហៅការធ្វើប្រជាមតិនេះថា ជាឱកាស “មួយពាន់ឆ្នាំមានម្ដង” ដើម្បីពលរដ្ឋមាន សិទ្ធិសម្រេចជោគវាសនាអនាគតប្រទេសជាតិរបស់ខ្លួន ។ គណបក្សប្រជាជាតិ Scotland (SNP) បាន អំពាវនាវឲ្យអ្នកបោះឆ្នោត បោះឆ្នោតគាំទ្រផ្ដាច់ខ្លួនចេញពីប្រទេសអង់គ្លេសដោយមានជំនឿថា អនាគត ជីវិតរបស់ពួកគេនឹងល្អប្រសើរ និងយុត្តិធម៌ជាងមុន ។

ចំណែក ភាគីដែលបោះឆ្នោតប្រឆាំងការផ្តាច់ខ្លួន បានជជែកឲ្យហេតុផលថា ការបោះឆ្នោតគាំទ្រការផ្តាច់ខ្លួននឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រដ្ឋ Scotland ហើយនឹងបង្អាក់ជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់រូប ប្រសិនបើសម្ព័ន្ធភាពជាមួយអង់គ្លេសដែលបានបង្កើតនៅឆ្នាំ ១៧០៧ បែកបាក់នោះ ។
ប្រសិនបើលទ្ធផលប្រជាមតិឃើញថា មនុស្សគាំទ្រឯករាជ្យចេញពីអង់គ្លេស Scotland អាចប្រកាស ឯករាជ្យ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៦ ខាងមុខនេះ ។ បន្ទាប់ពីនោះ Scotland និងអង់គ្លេសត្រូវ ពិភាក្សាគ្នាលើបញ្ហាជាច្រើន ដូចជាបំណុលសាធារណៈរបស់ Scotland នៅក្នុងបំណុលរួមរបស់ អង់គ្លេស ការប្រើប្រាស់ធនបត្ររួមគ្នា ការនាំចេញអាវុធបរាមាណូរបស់អង់គ្លេសចេញពី Scotland ជាដើម ។ បន្ទាប់ពីនេះ រដ្ឋាភិបាល Scotland នឹងបង្កើតគណៈកម្មការព្រៀងរដ្ឋធម្មនុញ្ញ ។

ក្រុមអ្នកពិនិត្យស្ថានការណ៍ទាយថា នឹងមានរលកនៃការទាមទារឯករាជ្យនៅតាមតំបន់ផ្សេងៗជាច្រើន ទៀត ប្រសិនបើ Scotland បានទទួលឯករាជ្យពិតប្រាដកពីអង់គ្លេសនៅពេលនេះ ។ ចលនាទាំងនោះ មានដូចជា តំបន់ Calalonia នៅប្រទេសអេស្ប៉ាញ, កៀកបិច (Quebec) នៅប្រទេសកាណាដា និង កោះស៊ីកា (Corsica) នៅបារាំង បានតាមដានយ៉ាងស្អិតរមួតនូវស្ថានការណ៍ប្រជាមតិរបស់ Scotland ។
លោកប្រធានាធិបតីបារាំង ហ្វ្រាំងស ហូឡង់ (Francois Hollande) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ១៨ ខែកញ្ញា ឆ្នាំ ២០១៤ ថា លទ្ធផលនៃការបោះឆ្នោតប្រជាមតិរដ្ឋ Scotland មិនមែនត្រឹមតែជាការសម្រេចសម្រាប់ចក្រភពអង់គ្លេសនោះទេ ក៏ប៉ុន្តែក៏សម្រាប់តំបន់អឺរ៉ុបទាំងមូលដែរ ។
ស្កុតឡែន ឬ ស្រុកស្កុត (Scotland) មានផ្ទៃដីប្រមាណ ៧៨.៣៨៧ គីឡូម៉ែត្រការ៉េ គឺជាប្រទេសមួយឋិតនៅចក្រភពអង់គ្លេស ដែលមានទីតាំងស្ថិតនៅប៉ែកពាយ័ព្យនៃអឺរ៉ុប លាតសន្ធឹងប្រហែល ១/៣ នៃកោះ មហាប្រ៊ីតថេន (Great Britain) ភាគខាងជើង ។ វាគឺជាផ្នែកមួយនៃ “រាជាណាចក្ររួម” និង មានព្រំប្រទល់ខាងត្បូងជាប់នឹងប្រទេសអង់គ្លេស ខាងកើតជាប់នឹងសមុទ្រខាងជើងខាងជើង និងខាងលិចជាប់នឹងមហាសមុទ្រអាត្លង់ទិក និងខាងត្បូងឆៀងខាងលិចជាប់នឹងច្រកសមុទ្រខាងជើង និងសមុទ្រអៀរឡង់ ។ ក្រៅពីនេះ ស្កុតឡែននៅមានកោះជាង ៧៩០ ទៀតដោយមានទាំង Northern Isles និង Hebrides ។ យោងតាមជំរឿនឆ្នាំ ២០១១ របស់ការិយាល័យស្ថិតិស្កុតឡែន ពលរដ្ឋស្កុត (Scottish) មានប្រមាណ ៥.៣១៣.៦០០ នាក់ ៕