កាលប្បវត្តិដែនដីកម្ពុជាក្រោម
វគ្គទី ១ · ផ្ដើមសេចក្ដី
កម្ពុជាក្រោម ជាទឹកដីរបស់ជនជាតិដើមខ្មែរក្រោម និងជាទឹកដីរបស់ប្រទេសកម្ពុជាក្នុងសម័យចក្រភពខ្មែរ ត្រូវសន្តតិវង្ស ង្វៀង របស់យួនប្រើពេលអស់ ២០០ ឆ្នាំ ដើម្បីឈ្លានពាន និងដណ្ដើមយកទៅកាន់កាប់ ។ បន្ទាប់មក នៅពាក់កណ្ដាលសតវត្សរ៍ ទី ១៩ បារាំងបានវាយដណ្ដើមយកពីយួនមកធ្វើអាណានិគម ជាដែនដីឯនាយសមុទ្ររបស់ខ្លួនអស់រយៈពេល ៩០ ឆ្នាំ ។ ពេលចេញទៅ បារាំងបានផ្ទេរកម្ពុជាក្រោមឲ្យយួនបន្តធ្វើអាណានិគម នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ពេលបារាំងអស់អំណាច កម្ពុជាក្រោម ត្រូវរបបយួនខាងត្បូងបន្តត្រួតត្រាអស់រយៈពេល ២៦ ឆ្នាំ ដែលប្រកប ដោយភាពចម្រូងចម្រាសនៃការហែកហួរគ្នា ដោយសង្គ្រាមរវាងយួនខាងត្បូង និងយួនកុម្មុយនីស្តខាងជើង ។ ក្រោយមក ក្រុមយួនកុម្មុយនីស្តខាងជើងបានឈ្នះសង្គ្រាមលើរបបយួនខាងត្បូង នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ហើយដាក់បញ្ជូលទឹកដី កម្ពុជាក្រោមឲ្យចូលទៅក្នុងប្រទេសវៀតណាមតែមួយ ឈ្មោះថា សាធារណរដ្ឋសង្គមនិយមវៀតណាម ។ មកដល់ពេលនេះ គឺចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ២០២០ មាន រយៈពេល ៤៥ ឆ្នាំហើយ ដែលរបបយួនកុម្មុយនីស្តបានធ្វើអាណានិគមលើទឹកដី កម្ពុជាក្រោម ។ ដូច្នេះ ចាប់តាំងពីដើមសតវត្សរ៍ទី ១៧ មកដល់ពេលនេះ ដែនដី កម្ពុជាក្រោម ត្រូវប្រឈមនឹងការរាតត្បាត វាតទី ឈ្លានពាន ត្រួតត្រា និងធ្វើអាណានិគមដោយជនជាតិយួន និងបារាំងអស់រយៈពេលប្រមាណ ៤០០ ឆ្នាំ ។
វគ្គទី ២ · តារាងកាលប្បវត្តិពីឆ្នាំ ១ ដល់បច្ចុប្បន្ន
| ឆ្នាំ គ.ស. | របបគ្រប់គ្រង | រយៈពេល |
|---|---|---|
| ១ – ៥៥០ | នគរភ្នំ ឬ ភ្វូណាន ឬ ហ្វូណន | ៥៥០ ឆ្នាំ |
| ៥៥០ – ៦៨១ | អាណាចក្រចេនឡា | ១៣១ ឆ្នាំ |
| ៦៨១ – ៨០២ | ចេនឡាទឹក | ១២១ ឆ្នាំ |
| ៨០២ – ១៤៣១ | អាណាចក្រខ្មែរ | ៦២៩ ឆ្នាំ |
| ១៤៣១ – ១៦៩៨ | កម្ពុជា | ២៦៧ ឆ្នាំ |
| ១៦៩៨ – ១៨៣២ | យួនចូលវាតទីអំណាច | ១៣៤ ឆ្នាំ |
| ១៨៣២ – ១៨៥៩ | យួនបង្កើតជារដ្ឋបាល ៦ ខេត្ត | ២៧ ឆ្នាំ |
| ១៨៥៩ – ១៩៤៩ | កូស័ងស៊ីនបារាំងសែស | ៩០ ឆ្នាំ |
| ១៩៤៩ – ១៩៧៥ | សាធារណរដ្ឋវៀតណាម | ២៦ ឆ្នាំ |
| ១៩៧៥ – បច្ចុប្បន្ន | សាធារណរដ្ឋសង្គមនិយមវៀតណាម | — |
ចន្លោះឆ្នាំ ១៤៣១–១៦៩៨ មាន ២៦៧ ឆ្នាំ តាមផលដកនៃឆ្នាំទាំងពីរ ។ តារាងដើមសរសេរ ៦២៩ ឆ្នាំ ។ របបចាប់ពីឆ្នាំ ១៩៧៥ មានបង្ហាញដល់បច្ចុប្បន្ន ។ មើលតារាងដើម · ទំព័រ ៤
វគ្គទី ៣ · ២០០០–២០២០
ករណី យួនដណ្ដើមដីធ្លីនៅខេត្តក្រមួនស ឆ្នាំ ២០២០
នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០ តុលាការយួនស្រុកយ៉ាងថាញ់ (Giang Thành) នៃខេត្តក្រមួនស បានប្រកាសសាលក្រមផ្ដន្ទាទោសកសិករខ្មែរក្រោម ជាជនរងគ្រោះនៃការបង្ខំបណ្តេញពីដីធ្លីស្រែចម្ការចំនួន ៤ នាក់ឲ្យជាប់គុកពី ៦ ខែទៅ ២ ឆ្នាំកន្លះ ពីបទប្រើអំពើហិង្សាលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ ។
អ្នកដែលត្រូវតុលាការយួនផ្ដន្ទាទោសនោះ រួមមាន៖
១. លោក វិញ វ៉ាំង ដែប (Hùynh Văn Đẹp) អាយុ ៤១ ឆ្នាំ ជាអ្នកស៊ីឈ្នួលបើក អេស្កាវ៉ាទ័រ ត្រូវកាត់ទោសឲ្យជាប់គុក ២ ឆ្នាំ ៦ ខែ ។
២. លោក តៀន ដាម (Tien Dam) អាយុ ២៨ ឆ្នាំ ត្រូវជាប់គុក ២ ឆ្នាំ ៣ ខែ
៣. លោក តៀន ណាម (Tien Nam) អាយុ ២៨ ឆ្នាំ ត្រូវជាប់គុក ១ ឆ្នាំ
៤. លោកយាយ ធី ពេជ្រ (Thi Pich) អាយុ ៧១ ឆ្នាំ ត្រូវជាប់គុក ១ ឆ្នាំ ។
របបយួនមិនបានដាក់អ្នកទាំងនេះចូលគុកភ្លាមៗទេ តែត្រូវដាក់ឲ្យស្ថិតក្នុងការព្យួរទោសនៅក្រៅឃុំដោយមានលក្ខខណ្ឌ ។
ជម្លោះដីធ្លីនៅខេត្តក្រមួនស ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០
សូមបញ្ជាក់ថា នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ អាជ្ញាធររបបយួន រួមមាន ប៉ូលិស និងទាហាន ដែលប្រដាប់ដោយអាវុធ ប្រមាណជា ១០០ នាក់ បានចុះទៅរឹបយកដីជាង ៣.០០០ ហិតតា របស់ពលរដ្ឋខ្មែរក្រោមចំនួន ១៤៥ គ្រួសារ ធ្វើជាកម្មសិទ្ធិរបស់រដ្ឋ ។ ប្រជាពលរដ្ឋបានធ្វើការជំទាស់រហូតផ្ទុះជាអំពើហិង្សា បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០ នាក់រងបួសធ្ងន់ និងស្រាល ។ ពលរដ្ឋខ្មែរក្រោមបបានលើកឡើងថា ពួកគាត់បានអាស្រ័យផលលើដីនោះតាំងពីអំឡុងឆ្នាំ ១៩៧៣ មកម្ល៉េះ ប៉ុន្តែរបបយួនមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ។ [178]
អំពីកម្ពុជាក្រោម និងទិន្នន័យប្រជាជន
កម្ពុជាក្រោម ជាទឹកដីរបស់ជនជាតិដើមខ្មែរក្រោម ដែលមានផ្ទៃដីលាតសន្ធឹង ទូទាំងដែនដីសណ្ដទន្លេមេគង្គ ឬភាគខាងត្បូងនៃប្រទេសវៀតណាម បច្ចុប្បន្ន [1] ។ សព្វថ្ងៃ ទឹកដីកម្ពុជាក្រោម កំពុងតែត្រូវជនជាតិយួនកាន់កាប់ និងធ្វើអាណានិគមដោយរបបកុម្មុយនីស្ត នៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ។ កម្ពុជាក្រោម មានផ្ទៃដីទំហំ ៦៧.៧០០ គីឡូម៉ែត្រការ៉េ [2] ដោយមានព្រំប្រទល់ខាងលិចជាប់ឈូងសមុទ្រសៀម ខាងកើត និងអាគ្នេយ៍ជាប់សមុទ្រចិនខាងត្បូង ខាងជើង និងពាយព្យជាប់ប្រទេសកម្ពុជា និងឦសានជាប់ភាគកណ្ដាលនៃប្រទេសវៀតណាម (អតីតនគរចម្ប៉ា) ។ ព្រៃនគរ ជាទីក្រុងរដ្ឋបាល និងសេដ្ឋកិច្ចដ៏សំខាន់នៅដែនដីកម្ពុជាក្រោម ដែលជនជាតិយួនហៅថា ទីក្រុងសាយហ្គន (Sài Gòn) និងក្រោយមក របបកុម្មុយនីស្តយួន សព្វថ្ងៃ បានប្ដូរឈ្មោះទៅជាទីក្រុង ហូ ជី មិញ (Hồ Chí Minh) ។ កម្ពុជាក្រោម មាន ២១ ខេត្តក្រុង និងកោះធំៗ ចំនួន ២ គឺ កោះត្រល់ និង កោះត្រឡាច, ឆ្នាំ ២០១៩ មានប្រជាជនចម្រុះជាតិសាសន៍ (ខ្មែរក្រោម, ចិន, យួន និងជនជាតិផ្សេងៗ) ចំនួន ៣៥.១០២.៥៣៧ នាក់ ក្នុងនោះ ខ្មែរក្រោម មានតែ ១.៣១៩.៦៥២ នាក់ប៉ុណ្ណោះ [3] ប៉ុន្តែ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) និង អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) ថា ពលរដ្ឋខ្មែរក្រោមមានប្រមាណ ៧ លាននាក់ [4], ឆ្នាំ ២០១៤ មានព្រះសង្ឃខ្មែរក្រោមចំនួន ៨.៧៥០ អង្គ [5] និង ឆ្នាំ ២០១៨ មានវត្តអារាមខ្មែរចំនួន ៤៦២ វត្ត [6] ។
ករណី ភិក្ខុ ថាច់ ធឿន និង ភិក្ខុ លីវ នី នៅវត្តសិរីតាសេក ខេត្តឃ្លាំង ឆ្នាំ ២០១៣
នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការយួនខេត្តឃ្លាំង បានប្រកាសសាលក្រមផ្ដន្ទាទោសព្រះសង្ឃ ២ អង្គ និងបរិស័ទ ២ រូបឲ្យជាប់គុកពី ២ ទៅ ៦ ឆ្នាំ ពីបទអ្វីមួយដែលរបបយួនហៅថា “ប្រឆាំងរដ្ឋាភិបាល” ដោយអ្នកទាំងនោះ គ្រាន់តែទទួលប្រាក់ឧបត្ថម្ភពីខ្មែរក្រោមនៅបរទេស និងផ្ដល់បទសម្ភាសន៍ដល់ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) និងវិទ្យុអាស៊ីសេរី (RFA) ដែលមានមូលដ្ឋាននៅបរទេស តែប៉ុណ្ណោះ ។
អ្នកដែលត្រូវរបបយួនផ្ដន្ទាទោសនោះ រួមមាន៖
១. ភិក្ខុ ថាច់ ធឿន (Thạch Thươl) ប្រសូត ឆ្នាំ ១៩៨៥ ជាគ្រូសូត្រវត្តសិរីតាសេកត្រូវយួនចាប់ផ្សឹក និងកាត់ទោសឲ្យជាប់គុក ៦ ឆ្នាំ ។ លោកបានចេញពីគុកវិញ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩ ។
២. ភិក្ខុ លីវ នី (Liêu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជាព្រះចៅអធិការវត្តសេរីតាសេក ត្រូវយួនចាប់ផ្សឹក និងកាត់ទោសឲ្យជាប់គុក ៤ ឆ្នាំ ។ លោកបានចេញពីគុកវិញ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ ។
៣. លោក ថាច់ ភូមិឫទ្ធ (Thạch Phum Rích) កើតឆ្នាំ ១៩៨៩ ត្រូវរបបយួនកាត់ទោសឲ្យជាប់គុក ៣ ឆ្នាំ ។
៤. លោក ត្រា វណ្ណ ថា (Trà Quành Tha) ត្រូវជាប់គុក ២ ឆ្នាំ ។
បើយោងតាមសាលក្រមដែលតុលាការយួនបានប្រកាសនោះ សកម្មភាពអ្វីដែលរបបយួនចាត់ទុកថាជាទង្វើ “ប្រឆាំងរដ្ឋាភិបាល” នោះ ដោយសារព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ២ រូប ខាងលើបានធ្វើសកម្មភាព៖
“ដោយសារជឿតាមការឃោសនារបស់មនុស្សអាក្រក់នៅ បរទេស ថាច់ ធឿន និង លីវ នី បានធ្វើសកម្មភាពឃោសនា បំផុសបំផុល និងបរិហារ ដើម្បីបំបែកបំបាក់នូវចំណងមហាសាមគ្គីភាពជាតិ ។ តាំងពី ចុងឆ្នាំ ២០១០ រហូតដល់ពេលដែលត្រូវចាប់ខ្លួន ថាច់ ធឿន និង លីវ នី បានទទួលប្រាក់ចំនួន ១២ លើក ដែលមានទឹកប្រាក់ជាង ១១៨ លានដុង [ជាង ៨ ពាន់ដុល្លារអាមេរិក] ពីក្រុមប្រតិកិរិយា និងបានផ្ដល់បទសម្ភាសន៍ ចំនួន ២១ ដង ដល់វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) និង វិទ្យុអាស៊ីសេរី (RFA) ដែលមានខ្លឹមសារបរិហារកេរ្តិ៍រដ្ឋាភិបាលវៀតណាម ” ។ [176]
តុលាការរបបយួនបានបញ្ជាក់អំពីហេតុការណ៍ចាប់ខ្លួន ភិក្ខុ ថាច់ ធឿន, ភិក្ខុ លីវ នី និង លោក ត្រា វណ្ណ ថា នៅខេត្តមាត់ជ្រូក នៅពេលដែលអ្នកខាងលើកំពុងតែលបរត់ភៀសខ្លួនចេញទៅប្រទេសកម្ពុជា ថា៖
“នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ នៅវត្តសិរីតាសេក ឃុំវិញហាយ (Vĩnh Hải), ទីរួមស្រុកជ្រោយញ (Vĩnh Châu) ថាច់ ធឿន និង លីវ នី បានបញ្ជាឲ្យ លោក ថាច់ ភូមិឫទ្ធ ថតជាវីដេអូឃ្លីបដែលមាន ខ្លឹមសារបំផុសបំផុល និងបរិហារកេរ្តិ៍ រួចចម្លងដាក់ចូល USB ដើម្បីយក តាមខ្លួនលួចរត់ទៅប្រទេសកម្ពុជា ។ ក្រោយមក ថាច់ ធឿន, លីវ នី និង ថាច់ ភូមិឫទ្ធ បានពឹង លោក ត្រា វណ្ណ ថា ឲ្យនាំផ្លូវភៀសខ្លួនទៅកម្ពុជា ។ នៅពេល ថាច់ ធឿន, លីវ នី, ថាច់ ភូមិឫទ្ធ និង ត្រា វណ្ណ ថា កំពុងតែធ្វើ ដំណើរភៀសខ្លួនឆ្លងទៅប្រទេសកម្ពុជា ក៏ត្រូវនគរបាល [យួន] ឃុំខាន់បិន (Khánh Bình), ស្រុកអាងភូ (An Phú) នៃខេត្តមាត់ជ្រូក (An Giang) ឆែក ឆេរ និងចាប់ខ្លួន ” ។ [177]
សព្វថ្ងៃ លោក ថាច់ ធឿន និង លីវ នី កំពុងតែរស់នៅក្នុងជីវភាពជាគ្រហស្ថនៅផ្ទះ របស់ខ្លួនឋិតនៅក្នុងខេត្តឃ្លាំង ក្រោមការឃ្លាំមើល និងតាមដានយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធររបបយួន ។
ករណី ភិក្ខុ លី ចិន្ដា ត្រូវយួនច្រកចូលបាវធ្វើទារុណកម្ម ឆ្នាំ ២០១៣
នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ អាជ្ញាធរយួនបានបញ្ជាឲ្យកងកម្លាំងសន្តិសុខរបស់ខ្លួនទៅវាយកម្ទេចទម្លុះជញ្ជាំងកុដិរបស់ ភិក្ខុ លី ចិន្ដា នៅវត្តទេពារាមព្រៃជាប់ ឋិតនៅក្នុងស្រុកជ្រោយញ ខេត្តឃ្លាំង ហើយបានញាត់លោកច្រកចូលបាវ យកទៅធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ។
ពលរដ្ឋខ្មែរក្រោម ៥ នាក់ទៀត ដែលបានចូលវត្តទូងស្គរ ស្រែកតវ៉ាចំពោះការចាប់ភិក្ខុ លី ចិន្ដា ផ្សឹក ត្រូវតុលាការយួនកាត់ទោសឲ្យជាប់គុកម្នាក់ៗ ពី ១០ ខែដល់ ១ ឆ្នាំ ។
អ្នកទាំងនោះ រួមមាន៖
១. អ្នកស្រី លី ធី សាបុត (Lý Thị Sà Bột) ១ ឆ្នាំ
២. អ្នកស្រី លី ធី យន់ (Lý Thị Dạnh) ១ ឆ្នាំ
៣. អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan) ១ ឆ្នាំ
៤. លោក លី មិន ហាយ (Lý Minh Hải) ១១ ខែ
៥. លោក តាំង ផល្លា (Tăng Pho La) ១០ ខែ ។
ក្រោយមក លោក លី ចិន្ដា បានភៀសខ្លួនទៅប្រទេសថៃ សុំសិទ្ធិជ្រកកោននៅ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ហើយបានអង្គការនេះបញ្ជូនទៅនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៦ ។
ករណី លោក ចៅ ហេន (Châu Hên) ខេត្តមាត់ជ្រូក ឆ្នាំ ២០១០
លោក ចៅ ហេន កើតឆ្នាំ ១៩៥៤ ត្រូវនគរបាលយួនឡោមព័ទ្ធផ្ទះចាប់ខ្លួន នៅពេលដែលលោក និងអ្នកស្រី នាង ភឿន ជាភរិយា បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃមកផ្ទះនៅខេត្តមាត់ជ្រូក វិញ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ។
បន្ទាប់ពីដាក់គុកអស់បីខែ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ លោកត្រូវតុលាការយួនប្រកាសសាលក្រមផ្ដន្ទាទោសឲ្យជាប់គុក ២ ឆ្នាំ ពីបទ “បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបង្កអសន្តិសុខទីសាធារណៈ” តាមមាត្រា ទី ១៤៣ និង ២៤៥ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ។
ការចោទប្រកាន់បែបនេះ ដោយសារ លោក ចៅ ហេន ធ្លាប់បានដឹកនាំប្រជាពលរដ្ឋខ្មែរក្រោមនៅខេត្តមាត់ជ្រូកជាង ៦០០ នាក់ ធ្វើបាតុកម្មជាបន្តបន្ទាប់នៅឆ្នាំ ២០០៨ដើម្បីទាមទារដីស្រែចម្ការរបស់ខ្លួនដែលយួនបានរឹបយកក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ។
ដោយការតវ៉ានៅកម្ពុជាក្រោមមិនបានទទួលជោគជ័យ លោក ចៅ ហេន បានឱប ឯកសារសំណុំរឿងដីធ្លីភៀសខ្លួនទៅប្រទេសកម្ពុជា ដើម្បីប្ដឹងអង្គការសិទ្ធិមនុស្សអន្តរ ជាតិនានាឲ្យជួយរកយុត្តិធម៌ និងបានបន្តភៀសខ្លួនទៅប្រទេសថៃសុំសិទ្ធិជ្រកកោន នៅការិយាល័យ UNHCR តែត្រូវអង្គការនេះបដិសេធនូវឋានៈជាជនភៀសខ្លួន បានធ្វើឲ្យ លោកសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍មកស្រុកកំណើតវិញ ។
ពេលបានចេញពីគុក លោក ចៅ ហេន និងភរិយា បាននាំគ្នាភៀសខ្លួនទៅប្រទេសថៃជាលើកទីពីរ និងបានអង្គការ UNHCR ផ្ដល់ឋានៈជាជនភៀសខ្លួន ប៉ុន្តែខណៈដែលគ្រួសារលោកកំពុងតែរង់ចាំឱកាសចេញទៅនៅសហរដ្ឋអាមេរិក ភរិយារបស់លោក គឺអ្នកស្រី នាង ភឿន បានស្លាប់ដោយសារជំងឺ នៅក្នុងផ្ទះជួលមួយនៅខេត្តនន្ទបុរី ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៤ ។ ទីបំផុត UNHCR បានបញ្ជូន លោក ចៅ ហេន ឲ្យទៅតាំងទីលំនៅ នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក តែម្នាក់ឯង នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។ [175]
ករណី លោក វិញ បា (Hùynh Ba) ខេត្តឃ្លាំង ឆ្នាំ ២០១០
ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១០ លោក វិញ បា ត្រូវតុលាការយួនខេត្តឃ្លាំង ប្រកាសសាលក្រមឲ្យជាប់គុក ២ ឆ្នាំ ពីបទអ្វីមួយដែលរបបយួនកុម្មុយនីស្តហៅថា “កេងចំណេញលើសិទ្ធិសេរីភាព, លទ្ធិប្រជាធិបតេយ្យ, រំលោភលើផលប្រយោជន៍រដ្ឋ, សិទ្ធិ និងផលប្រយោជន៍របស់អង្គការចាត់តាំងវណ្ណៈកម្មករ និងកសិករ” តាមមាត្រា ២៥៨ នៃច្បាប់ព្រហ្មទណ្ឌរបស់រដ្ឋាភិបាលវៀតណាម ។ រដ្ឋាភិបាលយួនបានដោះលែងលោកឲ្យចេញពីគុកវិញ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១១ បន្ទាប់ពីលោកត្រូវជាប់គុកអស់ រយៈពេល ២០ ខែ ។
លោក វិញ បា កើតនៅភូមិតឹងវីអា (Tân Quy A) ឃុំតឹងហឹង (Tân Hưng) ស្រុក អណ្តូងទឹក (Long Phú) ខេត្តឃ្លាំង (Sóc Trăng) ។ លោកត្រូវរបបយួនចាប់ខ្លួនដាក់គុកនៅខែឧសភា ឆ្នាំ ២០០៩ ដោយសារធ្វើការទាមទារដីស្រែចម្ការរបស់ខ្លួនជាច្រើនហិកតា ដែលត្រូវអាជ្ញាធរយួននៅស្រុកអណ្តូងទឹក រឹបយកទៅធ្វើជាកសិដ្ឋានរបស់រដ្ឋ កាលពីឆ្នាំ ១៩៧៩ ។ [174]
លោក ទឹម សាខន ទៅសួរសុខទុក្ខគ្រួសារ
ពេលបានចេញពីពន្ធនាគារ និងបានរស់នៅក្នុងភាពជាគ្រហស្ថនៅក្នុងខេត្តមាត់ជ្រូកជិតមួយឆ្នាំ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០០៩ រដ្ឋាភិបាលយួនបានអនុញ្ញាតឲ្យលោក ទៅសួរសុខទុក្ខគ្រួសាររបស់ខ្លួននៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ។ ក្រោយមក លោក ទឹម សាខន បានភៀសខ្លួនទៅប្រទេសថៃ សុំសិទ្ធិជ្រកកោននៅ ការិយាល័យឧត្ដមស្នងការ អ.ស.ប. ទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងបានអង្គការនេះបញ្ជូនទៅនៅប្រទេសសុយអែត ។
ការដោះលែងព្រះតេជព្រះគុណ ទឹម សាខន
ដោយសារ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានដឹកនាំធ្វើបាតុកម្មនៅជុំវិញពិភពលោកថ្កោលទោសរបបយួនកុម្មុយនីស្ត និងបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យ ជួយអន្តរាគមន៍នោះ តុលាការនៃរបបយួនបានសម្រេចដោះលែង ព្រះតេជព្រះគុណ ទឹម សាខន ឲ្យចេញពីពន្ធនាគារ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០០៨ ហើយឋិតនៅក្រោមការតាមដានរបស់សមត្ថកិច្ច ។
សាលក្រមក្នុងករណី ទឹម សាខន
ក្រោយពីបាត់ព្រះកាយបីខែ តុលាការយួនបាននាំ ព្រះតេជព្រះគុណ ទឹម សាខន ចេញបង្ហាញខ្លួនក្នុងភាពជាគ្រហស្ថ និងបានកាត់ទោសនៅខេត្តមាត់ជ្រូក នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឲ្យជាប់គុក ១ ឆ្នាំ ពីបទ “បំផ្លាញសាមគ្គីជាតិ [យួន]” យោងតាមមាត្រា ៨៧ នៃក្រមព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម ។
ព្រះតេជព្រះគុណ ទឹម សាខន ប្រសូតនៅឆ្នាំ ១៩៦៨ នៅស្រុកស្វាយទង ខេត្តមាត់ជ្រូក និងបានទៅនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៧៨ ។ ឆ្នាំ ១៩៩៣ ព្រះអង្គបានតែងតាំងជាព្រះចៅអធិការវត្តភ្នំដិនខាងជើង រហូតដល់ថ្ងៃដែលត្រូវចាប់ផ្សឹក ។
ករណី ព្រះតេជព្រះគុណ ទឹម សាខន (Tim Sakhorn)
ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ ព្រះតេជព្រះគុណ ទឹម សាខន ជាព្រះចៅអធិការ វត្តភ្នំដិនខាងជើង ស្រុកគិរីវង្ស ខេត្តតាកែវ ត្រូវសម្តេចសង្ឃ ទេព វង្ស និង នន្ទ ង៉ែត នៃប្រទេសកម្ពុជា បញ្ជាឲ្យមន្ត្រីសង្ឃខ្មែរចាប់ផ្សឹក ហើយបានបញ្ជូនទៅដាក់គុកយួននៅក្នុងខេត្តមាត់ជ្រូក ដោយចោទពីបទ “បំបែកបំបាក់មិត្តភាពយួនខ្មែរ”។
យោងតាមលិខិតចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០០៧ ដែល សម្ដេចព្រះសង្ឃនាយក នន្ទ ង៉េត ទូលថ្វាយចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ដើម្បីធ្វើ “សំណើព្រះរាជានុញ្ញាតផ្សឹក ភិក្ខុ ទឹម សាខន ជាព្រះចៅអធិការវត្តភ្នំដិនខាងជើង” បានបញ្ជាក់ថា៖
“ភិក្ខុ ទឹម សាខន អង្គនេះ បានប្រព្រឹត្តខុសនឹងវិន័យព្រះពុទ្ធសាសនា ដែល ធ្វើឲ្យបែកបាក់សាមគ្គីជាតិ – អន្តរជាតិ ជាពិសេសរវាងប្រទេស ទាំងពីរ កម្ពុជា – វៀតណាម យកទីអាវាសវត្ត ធ្វើទីបញ្ជាការសម្រាប់ បម្រើចលនាឃោសនាដែលធ្វើឲ្យប៉ះពាល់ដល់វិន័យ និងសេចក្ដីថ្លៃថ្នូរ ព្រះពុទ្ធសាសនា” ។ [172]
ក្រោយការចាប់ផ្សឹក ព្រះតេជព្រះគុណ ទឹម សាខន បានមួយថ្ងៃ គឺនៅថ្ងៃទី ១ ខែ កក្កដា សមាគមខ្មែរកម្ពុជាក្រោម ចំនួន ១២ ដែលមានមូលដ្ឋាននៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមមួយទាមទារឲ្យបំបួស ព្រះតេជព្រះគុណ ទឹម សាខន ឡើងវិញជាបន្ទាន់ ដោយអង្គការទាំងនោះបានលើកឡើងថា សេចក្ដីសម្រេចរបស់ គណៈសង្ឃនាយកនៃប្រទេសកម្ពុជា ផ្ទុយទាំងស្រុងទៅនឹងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ត្រង់មាត្រា ៤៣ ដែលបានចែងថា “…ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ…” និង “ព្រះវិន័យក្នុងពុទ្ធសាសនាបានចែងថា ព្រះសង្ឃនៅក្នុងពុទ្ធសាសនាដែលអាចចាប់ផ្សឹកបាន លុះត្រាណាតែសង្ឃអង្គនោះ បានប្រព្រឹត្តល្មើសសិក្ខាបទណាមួយក្នុងសិក្ខាបទទាំង ៤ នៃអាបត្តិបារាជិក ” តែព្រះតេជព្រះគុណ ទឹម សាខន មិនបានប្រព្រឹត្តល្មើស ឬ “មិនបានស្ថិតនៅក្នុងសិក្ខាបទណាមួយនៃអាបត្តិបារាជិកទាំង ៤ នោះទេ ” ។ [173]
ប្រធានអង្គការខ្មែរកម្ពុជាក្រោមទាំង ១២ ដែលបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍នោះ រួមមាន៖
១. ព្រះមហា យឿង សិន (សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម)
២. លោក ថាច់ សេដ្ឋា (សហគមន៍ខ្មែរកម្ពុជាក្រោម)
៣. លោក គឹម វណ្ណ ឆេង (គណៈកម្មការសម្របសម្រួលខ្មែរកម្ពុជាក្រោម)
៤. លោក អាង ច័ន្ទរិទ្ធ (អង្គការខ្មែរកម្ពុជាក្រោម ការពារសិទ្ធិមនុស្ស)
៥. ព្រះគ្រូ ចៅ សាង (សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម)
៦. លោក សឺន យឿង (សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍)
៧. លោក ថាច់ សាក់បូរ៉ា (អង្គការខ្មែរកម្ពុជាក្រោមដើម្បីកុមារ)
៨. លោក វ៉ា ប៊ុន យឹ (សមាគមខ្មែរកម្ពុជាក្រោម និងអភិវឌ្ឍន៍)
៩. អ្នកស្រី ព្រំ យ៉ាង (អង្គការស្រ្តីខ្មែរកម្ពុជាក្រោម)
១០. លោក យន្ត ថារូ (មូលនិធិសម្រាប់អ្នកក្រីក្រ)
១១. លោក លីវ អាន (សមាគមខ្មែរកម្ពុជាក្រោម)
១២. លោក ថាច់ សាង (មិត្តសមាគមខ្មែរកម្ពុជាក្រោម) ។
សង្ឃប្រកាសថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០០៧
នៅក្នុងព្រឹត្តិការណ៍បាតុកម្មទាំងបីលើកខាងលើ តែងតែត្រូវបង្ក្រាបដោយប៉ូលិសខ្មែរបណ្ដាលឲ្យព្រះសង្ឃខ្លះត្រូវរបួសស្រាលនិងធ្ងន់ ក្នុងនោះ មាន ភិក្ខុ ឡឹម យុត្តិ ជាដើម ជាព្រះសង្ឃគង់នៅវត្តសាមគ្គីរង្សី ត្រូវបុរសម្នាក់វាយបែកចិញ្ចើមនៅមុខ វត្តឧណ្ណាលោម នៅថ្ងៃទី ១៧ ខែកុម្ភៈ ខណៈដែលក្បួនបាតុកម្មកំពុងតែដង្ហែចេញពីមុខព្រះបរមរាជវាំងឆ្ពោះទៅស្ថានទូតសហរដ្ឋអាមេរិក ។
ដោយសារបានឃើញព្រះសង្ឃខ្មែរក្រោមចេះតែធ្វើបាតុកម្មជាបន្តបន្ទាប់ ទើបនៅ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០០៧ គណៈសង្ឃនាយក និង ក្រសួងធម្មការ និងសាសនា នៃប្រទេសកម្ពុជា បានចេញ “សង្ឃប្រកាស” បញ្ជាហាមព្រះសង្ឃទូទាំងប្រទេសកម្ពុជាធ្វើបាតុកម្មតាមគ្រប់រូបភាព ។ សង្ឃប្រកាសនេះក៏បានបកប្រែទៅជាភាសាយួន និងបានរដ្ឋាភិបាលវៀតណាមយកទៅផ្សព្វផ្សាយនៅដែនដីកម្ពុជាក្រោមផងដែរ ។ តាមមើលទៅ ប្រហែលជារដ្ឋាភិបាលយួនជាអ្នកបញ្ជាទៅ គណៈសង្ឃនាយក នៃប្រទេសកម្ពុជាឲ្យចេញសង្ឃប្រកាសនេះ ដើម្បីទប់ស្កាត់រលកនៃការធ្វើបាតុកម្មរបស់ព្រះសង្ឃខ្មែរក្រោម ។
“ប្រការ ២៖ ហាមដាច់ខាតចំពោះ ភិក្ខុ – សាមណេរ ពុទ្ធសាសនា ថេរវាទ ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ក្នុងការបង្កើត ឬចូលរួមធ្វើ បាតុកម្ម កូដកម្ម កុបកម្ម និងយករូបភាពធម្មយាត្រា ដើម្បីដង្ហែក្បួននានា ធ្វើ ឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម” ។ [171]
បាតុកម្មរបស់ខ្មែរក្រោមក្រៅប្រទេសថ្កោលទោសរបបយួន
ក្រោយ “ព្រឹត្តិការណ៍ ៨ កុម្ភៈ” ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅប្រទេសកម្ពុជា និងបរទេសបានធ្វើបាតុកម្មជាបន្តបន្ទាប់ ដើម្បីថ្កោលទោសការរំលោភសិទ្ធិមនុស្សលើខ្មែរក្រោម ដូចជាការចាប់ព្រះសង្ឃផ្សឹក ជាដើម ។ នៅប្រទេសកម្ពុជា បាតុកម្មបានធ្វើ នៅទីតាំងមួយចំនួន ក្នុងទីក្រុងភ្នំពេញ ដូចជា៖
លើកទី ១៖ មុខស្ថានទូតយួន ធ្វើនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ ។
លើកទី ២៖ ក្នុងវត្តសាមគ្គីរង្សី ធ្វើនៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០០៧ ។
លើកទី ៣៖ មុខស្ថានទូតយួន, មុខព្រះបរមរាជវាំង និងមុខស្ថានទូតអាមេរិក ធ្វើនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០០៧ ។
ញត្តិដែលព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ជូនចំពោះស្ថានទូតយួន ស្ថាប័នព្រះមហាក្សត្រខ្មែរ មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក និងអង្គការអន្តរជាតិនានា នៅក្នុងថ្ងៃបាតុកម្មលើកទីបី និងត្រូវបាន ភិក្ខុ ហ៊ុល ភិរម្យ អានជាសាធារណៈ នៅចំពោះមុខអ្នកកាសែតនោះ បានអំពាវនាវឲ្យរបបយួនបញ្ឈប់ជាបន្ទាន់ នូវទង្វើរំលោភសិទ្ធិមនុស្សលើខ្មែរក្រោម ចំនួន ៦ ចំណុច ក្នុងនោះរួមមាន ករណីចាប់ខ្លួន លោក ចៅ ធឿន នៅខេត្តមាត់ជ្រូក, លោក ឌិញ សុធី នៅខេត្តឃ្លាំង, នគរបាលយួនឡោមព័ទ្ធវត្តឃ្លាំង ហាមព្រះសង្ឃនិមន្តចេញទៅបិណ្ឌបាត នៅថ្ងៃទី ៨ ខែកុម្ភៈ, ចាប់ព្រះសង្ឃចំនួន ៩ អង្គផ្សឹក ថ្ងៃទី ២២ ខែកុម្ភៈ, ចាប់បង្ខំឲ្យព្រះសង្ឃនៅខេត្តព្រះត្រពាំងចំនួន ៣ អង្គ គឺ ភិក្ខុ ថាច់ ធន, ស៊ឺន ចែងចើន និង សឺន លំអាន ឲ្យលាចាកសិក្ខាបទដោយខ្លួនឯង និង ចាប់ផ្សឹក ភិក្ខុ យ័ញ តូន នៅខេត្តព្រែកឫស្សី ។ [166]
មរណភាពរបស់ភិក្ខុ អ៊ាង សុខធឿន
នៅក្នុងព្រឹត្តិការណ៍បាតុកម្មទាំងបីលើកនេះ ភិក្ខុ អ៊ាង សុខ ធឿន ត្រូវសុគតដោយអាថ៌កំបាំងនៅវត្តទ្រនំជ្រឹង ។ មុនពេលសុគត ភិក្ខុ អ៊ាង សុខ ធឿន បាននិមន្តចូលរួមបាតុកម្មជាមួយព្រះសង្ឃនៅមុខស្ថានទូតយួន តែពេលព្រះអង្គនិមន្តត្រឡប់ទៅកាន់វត្តទ្រនំជ្រឹង ឋិតនៅក្នុងឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្ដាល វិញ នៅថ្ងៃបន្ទាប់ មានព័ត៌មានពីអាជ្ញាធរខ្មែរ និងសមត្ថកិច្ចស្រុកអង្គស្នួលបញ្ជាក់ថា ព្រះអង្គបានធ្វើអត្តឃាតដោយអារកនៅយប់ថ្ងៃ ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ ។ អង្គការ និងសមាគមខ្មែរក្រោម ដែលមានមូលដ្ឋាននៅកម្ពុជាសង្ស័យថា ការសុគតរបស់ ភិក្ខុ អ៊ាង សុខធឿន ជាករណីឃាតកម្មដោយមានជនដៃដល់សម្លាប់ ហើយបានស្នើទៅព្រះរាជអាជ្ញាតុលាការខេត្តកណ្ដាលឲ្យស៊ើបអង្កេតលើករណីនេះឡើងវិញ ដោយយកព្រះសពឡើងធ្វើកោសល្យវិច័យ តែត្រូវបដិសេធ ។ [167] ព្រះសពរបស់ ភិក្ខុ អ៊ាង សុខធឿន ត្រូវអាជ្ញាធរខ្មែរ និង គណៈកម្មការវត្តកប់ក្រោយរបងវត្តទ្រនំជ្រឹង ដោយមិនបានអនុញ្ញាតឲ្យលើកសពឡើងបូជា ដើម្បីធ្វើបុណ្យតាមប្រពៃណីជាតិ និងសាសនាឡើយ ។ [168]
ភិក្ខុ អ៊ាង សុខធឿន ហៅ ទ្រីវ ធឿន កើតនៅឆ្នាំ ១៩៧៥ នៅភូមិជ្រោយទឹម ស្រុកបាយឆៅ ខេត្តឃ្លាំង [169] និងបានសាងផ្នួសនៅវត្តជ្រោយទឹម ជាវត្តមួយដែលឋិតនៅក្នុងភូមិកំណើតរបស់ព្រះអង្គ ។ នៅឆ្នាំ ១៩៩៧ ព្រះអង្គបាននិមន្តទៅនៅបន្តការសិក្សាប្រទេសកម្ពុជា ។[170]
“ព្រឹត្តិការណ៍ ៨ កុម្ភៈ” ឆ្នាំ ២០០៧
ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្ស នៃសាលាបាលី [164] មួយ ដែលមានមូលដ្ឋាននៅក្នុងវត្តឃ្លាំងប្រមាណ ២០០ អង្គ បានចេញធ្វើបាតុកម្មនៅមុខការិយាល័យនគរបាលយួនខេត្តឃ្លាំង ដើម្បីទាមទារឲ្យរបបយួនកុម្មុយនីស្តគោរពសិទ្ធិខ្មែរក្រោមជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ។ មានការលើកឡើងថា មូលហេតុដែលនាំឲ្យមានបាតុកម្មនេះ ដោយសារនគរបាលចរាចរណ៍យួនបានឡោមព័ទ្ធវត្តឃ្លាំង និងហាមឃាត់ព្រះសង្ឃនិមន្តចេញទៅបិណ្ឌបាត ។ ក្រោយបាតុកម្ម ព្រះសង្ឃជាច្រើនត្រូវរបបយួនចាប់ផ្សឹក និងដាក់ពន្ធនាគារ ចោទពីបទ “ធ្វើឲ្យខូចសណ្ដាប់ធ្នាប់ទីសាធារណៈ” ។ សព្វថ្ងៃ ព្រះសង្ឃដែលបានចូលរួមធ្វើបាតុកម្មនៅក្នុងព្រឹត្តិការណ៍នេះ ខ្លះកំពុងតែរស់នៅក្នុងស្រុក ខ្លះរស់នៅក្នុងប្រទេសកម្ពុជា ខ្លះនៅថៃ និងខ្លះទៀត បានឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បញ្ជូនទៅនៅបរទេស ។
ព្រះសង្ឃដែលត្រូវរបបយួនចាប់ផ្សឹកនោះ រួមមាន ភិក្ខុ លី សឿង ហៅ ធឿន, ភិក្ខុ ថាច់ ធឿង និង ភិក្ខុ លី ធន ស៊ូយ (វត្តទឹកប្រៃ), ភិក្ខុ គឹម មឿន និង ភិក្ខុ ថាច់ ឌើ (វត្តសិរីតាសេក), ភិក្ខុ ថាច់ ស្វឹង ហៀង និង ភិក្ខុ តាំង ថេន (វត្តសេរីតាម៉ឺន), ភិក្ខុ លី ហ្វាង និង លី តឹង ផុង (វត្តសំរោង) និង ភិក្ខុ យ័ញ តូន (វត្តការន្តចាស់) ។
ក្រោយមក នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ តុលាការនៃរបបយួនកុម្មុយនីស្តបានផ្ដន្ទាទោសព្រះសង្ឃ ៥ អង្គ ឲ្យជាប់ពន្ធនាគារមួយអង្គៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ “ធ្វើឲ្យខូចសណ្ដាប់ធ្នាប់ទីសាធារណៈ” ។ ព្រះសង្ឃទាំង ៥ អង្គនោះ រួមមាន៖
១. ភិក្ខុ យ័ញ តូន ៤ ឆ្នាំ (ដោះលែង ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៩)
២. ភិក្ខុ គឹម មឿន ៤ ឆ្នាំ (ដោះលែង ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៩)
៣. ភិក្ខុ ថាច់ ធឿង ៣ ឆ្នាំ (ដោះលែង ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៩)
៤. ភិក្ខុ លី ហ្វាង ២ ឆ្នាំ (ដោះលែង ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០០៩)
៥. ភិក្ខុ លី សឿង ហៅ ធឿន ២ ឆ្នាំ (ដោះលែង ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០០៨) ។
ពេលបានចេញពីពន្ធនាគារ ព្រះសង្ឃទាំង ៥ នេះ បានភៀសខ្លួនទៅប្រទេសថៃ និង បានអង្គការ UNHCR បញ្ជូនទៅនៅបរទេស កាលពីឆ្នាំ ២០០៩ ។ [165]
ក្រៅពីនេះ មានព្រះសង្ឃមួយចំនួនទៀត ដែលបានភៀសខ្លួនចេញពីកម្ពុជាក្រោម ដោយសារ “ព្រឹត្តិការណ៍ ៨ កុម្ភៈ” និងបានសឹកទៅជាគ្រហស្ថ ដែលកំពុងតែរស់នៅនិរទេសរហូតមកដល់សព្វថ្ងៃ រួមមាន៖
១. ភិក្ខុ ថាច់ ឌើ (វត្តសិរីតាសេក) នៅប្រទេសអូស្រ្តាលី
២.ភិក្ខុ ភឿង សុង (តារា) (វត្តកោះទុង) នៅប្រទេសកម្ពុជា
៣. ភិក្ខុ ថាច់ ស្វឹង ហៀង (វត្តសេរីតាម៉ឺន) នៅសហរដ្ឋអាមេរិក
៤. ភិក្ខុ ថាច់ ស៊ីណាន (វត្តសង់ច្រវាថ្មី) នៅប្រទេសកម្ពុជា
៥. ភិក្ខុ ចៅ សុខ (វត្តពោធិ៍លាស់) នៅប្រទេសថៃ
៦. ភិក្ខុ ទ្រីវ មិញ ភូ (សួន បូរ៉ា) (វត្តដើមអម្ពិល) នៅសហរដ្ឋអាមេរិក
៧. ភិក្ខុ លី រ៉ាន (វត្តទឹកប្រៃ) នៅអូស្ត្រាលី ។ល។
ករណី ភិក្ខុ [160] ស៊ឺន ចែងចើន, ភិក្ខុ ថាច់ ធន និង ភិក្ខុ សឺន លំអាន ឆ្នាំ ២០០៧
ថ្ងៃទី ១៧ ខែមករា ភិក្ខុ ថាច់ ធន ជាព្រះសង្ឃវត្តកញ្ចោងកំពង់លាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ត្រូវនគរបាលរបបយួនកុម្មុយនីស្ត ស្រុកកញ្ចោង ស្កាត់ចាប់តាមផ្លូវ ខណៈដែលលោកកំពុងជិះម៉ូតូនាំយក ព្រឹត្តិបត្រ “កម្ពុជាក្រោម” ចំនួន ៦០ ក្បាលដែលបានបោះពុម្ពដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម ទៅចែកដល់ព្រះសង្ឃជាសម្ងាត់ ។
ដោយបានឃើញនគរបាលយួនចាប់ ភិក្ខុ ថាច់ ធន ដូច្នោះ ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី ១៩ ខែមករា ភិក្ខុ ស៊ឺន ចែងចើន (Sơn Cheng Chơn) បានដឹកនាំសមណសិស្សដែលកំពុងតែរៀនសាលាពុទ្ធិកអនុវិទ្យាល័យទី ៤ (បាលីរង) នៅវត្តកំពង់ជ្រៃ ចំនួន ៤០ អង្គ និងមានការចូលរួមពីព្រះសង្ឃវត្តផ្សេងៗមួយចំនួនទៀត ចេញដំណើរពីវត្តកំពង់ជ្រៃ ក្នុងស្រុកកំពង់ធំ (Châu Thành) ឆ្ពោះទៅសាលាស្រុកនៃស្រុកកញ្ចោង (Uỷ Ban Nhân Dân Huyện Tiểu Cần) ដើម្បីទាមទារឲ្យរបបយួនកុម្មុយនីស្តដោះលែង ភិក្ខុ ថាច់ ធន ហៅ ថាច់ ខែត្រ ឲ្យមានសេរីភាព តែយួនមិនព្រមដោះលែងឡើយ ។
ពេលបានទទួលដំណឹងនេះ ព្រះសង្ឃមួយក្រុមនៅភ្នំពេញ នៃប្រទេសកម្ពុជា បានសរសេរញត្តិ ចុះថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០០៧ ក្នុងនាមតំណាងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ផ្ញើទៅសាលាក្រុងភ្នំពេញ ដើម្បីស្នើសុំធ្វើបាតុកម្មដោយអហិង្សានៅមុខស្ថានទូតយួន តែសំណើនេះមិនបានអនុញ្ញាតឡើយ ។ ទោះបីយ៉ាងនេះក្ដី ក៏នៅថ្ងៃទី ២០ ខែមករា ព្រះសង្ឃចំនួន ៨ អង្គ ដែលស្នាក់នៅវត្តនានា ក្នុងទីក្រុងភ្នំពេញ បានទៅប្រមូលផ្ដុំគ្នាតាមកាលកំណត់នៅមុខស្ថានទូតយួន និងបានផ្ញើញត្តិទៅរដ្ឋាភិបាលយួនតាមរយៈមន្ត្រីស្ថានទូត អំពាវនាវឲ្យរបបយួនឈប់ជាបន្ទាន់នូវការរំលោភសិទ្ធិមនុស្សលើជនជាតិដើមខ្មែរក្រោម ។
ញត្តិអំពាវនាវ ចុះថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០០៧ ដែលមានចំណងជើងថា “សេចក្ដីអំពាវនាវរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមនៅប្រទេសកម្ពុជា ទៅរដ្ឋាភិបាល អាណានិគមវៀតណាម ឲ្យគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុក ” មានសេចក្ដីថា៖
“ក្នុងនាមព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមដែលបាន ភៀសខ្លួនមកជ្រកកោនរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ សូម អំពាវនាវដល់រដ្ឋាភិបាល នៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវតែបញ្ឈប់ជាបន្ទាន់នូវការរំលោភសិទ្ធិមនុស្សជាមូលដ្ឋានមកលើ ខ្មែរក្រោម មានដូចជា៖ ● បញ្ឈប់ជាបន្ទាន់នូវការចាប់ខ្លួនព្រះសង្ឃ និងប្រជាពលរដ្ឋ ខ្មែរក្រោមយកទៅឃុំឃាំង និងសួរចម្លើយ ដោយគ្រាន់តែព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនោះអាននូវប្រវត្តិសាស្រ្តរបស់ខ្លួនប៉ុណ្ណោះ ។ ● ដោះលែងព្រះសង្ឃព្រះនាម ថាច់ ធន ដែលត្រូវបានចាប់ ទៅឃុំឃាំងកាលពីវេលាម៉ោង ០៦ ល្ងាច ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៧ កន្លងទៅនេះជាបន្ទាន់ ។ ● សងមកវិញនូវឧបករណ៍ដូចជា ម៉ាស៊ីន Camera វីដេអូ ១ គ្រឿង និងម៉ាស៊ីន Camera ថតរូប ២ គ្រឿង ដែលរដ្ឋាភិបាលវៀតណាមបាន រឹបអូសយកពីព្រះសង្ឃ ថាច់ ធន” ។ [161]
ទោះបីមានការតវ៉ាយ៉ាងនេះក្ដី របបយួនកុម្មុយនីស្តនៅតែបង្ក្រាបដោយការចាប់ព្រះសង្ឃផ្សឹកជាបន្តបន្ទាប់ ។ ព្រះសង្ឃដែលត្រូវចាប់ផ្សឹកនោះ រួមមាន៖
១. ភិក្ខុ ថាច់ ធន វត្តកញ្ចោងកំពង់លាវ
២. ភិក្ខុ សឺន តឿង វត្តកញ្ចោងកំពង់លាវ
៣. សាមណេរ ថាច់ រតនា វត្តកញ្ចោងកំពង់លាវ
៤. ភិក្ខុ សឺន លំអាន វត្តផ្នោសង្ក្រម ស្រុកកញ្ចោង ខេត្តព្រះត្រពាំង
៥. ភិក្ខុ ស៊ឺន ចែងចើន វត្តផ្នោអណ្ដែត ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង ។
ភិក្ខុ ស៊ឺន ចែងចើន ត្រូវចាប់ផ្សឹកនៅក្នុងវត្តផ្នោអណ្ដែត នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០០៧ បន្ទាប់ពីអាជ្ញាធរយួនបានឃុំឃាំងព្រះអង្គឲ្យស្នាក់នៅក្នុងវត្តមួយអស់រយៈពេលជាង ៣ ខែ ក្រោមការឃ្លាំមើល និងតាមដានយ៉ាងតឹងរ៉ឹងពីនគរបាលយួន ។
នៅក្នុងកិច្ចប្រជុំវិនិច្ឆ័យទោសមួយដែលបានធ្វើនៅវត្តពោធិសាលរាជ (កំពង់) នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០០៧ ក្រុមនគរបាលយួនបានលើកឡើងថា ភិក្ខុ ស៊ឺន ចែងចើន អាចប្រឈមនឹងទោសជាប់គុកចំនួន ២០ ឆ្នាំ ពីបទ “ផ្សព្វផ្សាយនូវឯកសារដែលមានខ្លឹមសារប្រឆាំងនឹងរបបយួន ដូចជា និពន្ធជាកំណាព្យ សរសេរអត្ថបទ និងធ្វើបាតុកម្ម ជាដើម ។
ព្រះសង្ឃ និងកម្មាភិបាលនៃរបបយួនកុម្មុយនីស្ត ដែលបានចាប់បង្ខំ ភិក្ខុ ស៊ឺន ចែង ចើន ផ្សឹកនោះ រួមមាន ព្រះតេជព្រះគុណ ថាច់ សុខ សាន្ត, ថាច់ សាង ថឿង, ថាច់ ហ្វាយ, គឹម ថន, ថាច់ សួង, លោក ស៊ើង កាង, ស៊ើង សុង ស៊ើង, ឡឹម ភូ, ថាច់ មិញ ម៉ឹង, ហ្វិញ ភឿក ឡុង និង ស៊ើង ហ្វើន ។
ភិក្ខុ ស៊ឺន ចែង ចើន កើតឆ្នាំ ១៩៨៥ នៅភូមិផ្នោអណ្តែត ឃុំកំពង់ទូក ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង និងបានសាងផ្នួសនៅវត្តពោធិទេពចេតិយារាម (ផ្នោអណ្តែត) ជាវត្តមួយឋិតនៅក្នុងភូមិកំំណើត នៅក្នុងឆ្នាំ ២០០២ ។ [162]
ពីរខែបន្ទាប់ពីរបបយួនចាប់ផ្សឹក លោក ស៊ឺន ចែងចើន បានភៀសខ្លួនទៅប្រទេសកម្ពុជា ហើយបានសាងផ្នួសឡើងវិញនៅវត្តអង្គតាមិញ នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០០៧ ។ ក្រោយមក លោកបានលាចាកសិក្ខាបទ (សឹក) មកជាគ្រហស្ថវិញ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១២ ។ សព្វថ្ងៃ លោក ស៊ឺន ចែងចើន មានតួនាទីជាចាងហ្វាង សារព័ត៌មាន ព្រៃនគរ ជាស្ថាប័នព័ត៌មានមួយស្ដីពីខ្មែរក្រោមដែលមានមូលដ្ឋាននៅកម្ពុជា ។ [163]
ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០០៦ ពលរដ្ឋខ្មែរក្រោមទាំង ៣ រូប គឺ លោក ចៅ សុខ, លោក ចៅ ចៀង, លោក ចៅ សៀម នៅភូមិពោធិ (Pothi) ស្រុកក្របៅ (Tịnh Biên) ខេត្តមាត់ជ្រូក (An Giang) ត្រូវអាជ្ញាធរយួនឃុំអាងគឺ ធ្វើទារុណកម្មរហូតដល់សន្លប់បាត់ស្មារតី ដោយចោទប្រកាន់ថា អ្នកទាំងនេះបានមើលនូវឯកសារវីស៊ីឌី (VCD) ដែលបានផលិតដោយផលិតកម្មខ្មែរក្រោមស្តីពី សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលប្រជុំនៅក្នុង វេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក ។
ករណី ភិក្ខុ គឹម ស៊ីសំណា ឆ្នាំ ២០០៦
នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០០៦ របបយួនកុម្មុយនីស្តបានកោះហៅ ព្រះតេជ ព្រះគុណ គឹម ស៊ីសំណា ទៅសួរចម្លើយនៅមន្ទីរធម្មការខេត្តឃ្លាំង (Ban Tôn Giáo Tỉnh Sóc Trăng) អំពីចលនា “សម្ព័ន្ធជាតិនិយមខ្មែរកម្ពុជាក្រោម” ដែលបានបង្កើត ឡើងនៅដែនដីកម្ពុជាក្រោម ។
វត្តមាននៃកម្មាភិបាលរបបយួនកុម្មុយនីស្តដែលបានសួរចម្លើយ ព្រះតេជព្រះគុណ គឹម ស៊ីសំណា រួមមាន លោក ឡឹម រែន (Lâm Ren) ជាប្រធានមន្ទីរធម្មការខេត្តឃ្លាំង, លោក សឺង ថាន់ (Sơn Thanh) ជាអ្នកទទួលបន្ទុកកិច្ចការសាសនា និង លោក ង្វៀង វ៉ាំង ហឹង (Nguyễn Văn Hưng) ជាតំណាងក្រសួងសាសនារបស់រដ្ឋាភិបាលយួន ។
នៅចំពោះមុខកម្មាភិបាលរបបយួនកុម្មុយនីស្ត ព្រះតេជព្រះគុណ គឹម ស៊ីសំណា បានលើកឡើងថា ព្រះអង្គមានបំណងចង់តំណាងពលរដ្ឋខ្មែរកម្ពុជាក្រោម បង្កើតជា រដ្ឋាភិបាលមួយ “សម្រេចវាសនាខ្លួនដោយខ្លួនឯង” គ្របដណ្ដប់ទូទាំង ២១ ខេត្តក្រុងនៅដែនដីកម្ពុជាក្រោម ។ ឆ្លើយតបនឹងសំណួរដែលកម្មាភិបាលយួនសួរថា តើចលនារបស់ព្រះអង្គមានឈ្មោះដូចម្ដេចដែរ ? ព្រះតេជព្រះគុណ គឹម ស៊ីសំណា បានឆ្លើយថា ឈ្មោះ “សម្ព័ន្ធជាតិនិយមខ្មែរកម្ពុជាក្រោម” ជាភាសាយួនឈ្មោះ “Liên Hiệp Chủ Nghĩa Dân Tộc Khmer Kampuchea Krom” ។ ព្រះអង្គបានលើកឡើងទៀតថា ទោះបីច្បាប់នៅក្នុងប្រទេសវៀតណាមមិនអនុញ្ញាតឲ្យចលនានេះ ធ្វើសកម្មភាពយ៉ាងណាក៏ដោយ តែបើតាមច្បាប់អន្តរជាតិគ្មានខុសច្បាប់អ្វីឡើយ ។
ដោយសារមិនអាចទទួលបាននូវការធ្វើទុក្ខបុកម្នេញ បំបិទសិទ្ធិសេរីភាព និងគំរាមកំហែងពីរបបយួនកុម្មុយនីស្ត ព្រះតេជព្រះគុណ គឹម ស៊ីសំណា បានសម្រេចចិត្តភៀសខ្លួនទៅប្រទេសកម្ពុជា និងបានដាក់ពាក្យបណ្ដឹងប្ដឹងទៅការិយាល័យស្នងការជាន់ខ្ពស់ នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០០៦ អំពីករណីដែលរបបយួនបានរំលោភបំពានសិទ្ធិលើព្រះអង្គ ។ (159)
ព្រះតេជព្រះគុណ គឹម ស៊ីសំណា កើតនៅឆ្នាំ ១៩៨២ នៅភូមិស្វាយមីង ស្រុកកញ្ចោង ខេត្តព្រះត្រពាំង និងបានសាងផ្នួសនៅវត្តកញ្ចោងកំពង់លាវ ។ នៅឆ្នាំ ២០១២ ព្រះតេជព្រះគុណ គឹម ស៊ីសំណា បានលាចាកសិក្ខាបទ (សឹក) មកជាគ្រហស្ថវិញ និង សព្វថ្ងៃ កំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ។
ចលនា “សម្ព័ន្ធជាតិនិយមខ្មែរកម្ពុជាក្រោម”
នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០០៥ ព្រះសង្ឃមួយក្រុមនៅកម្ពុជាក្រោម និងកម្ពុជា បានរួបរួមគ្នាបង្កើតជាចលនាមួយឈ្មោះ “សម្ព័ន្ធជាតិនិយមខ្មែរកម្ពុជាក្រោម” ដើម្បីធ្វើសកម្មភាពគាំទ្រនូវការតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ នៅប្រទេសកម្ពុជា គណៈកម្មការនៃចលនានេះ ដឹកនាំដោយ ភិក្ខុ ថាច់ កុង ផួង ស្នាក់នៅវត្តទួលសង្កែ ជាប្រធាន និង ភិក្ខុ ថាច់ ប្រីជា គឿន ស្នាក់នៅវត្តសាមគ្គីរង្សី ជាអនុប្រធាន ។ ចំណែកនៅកម្ពុជាក្រោម ភិក្ខុ គឹម ស៊ីសំណា ស្នាក់នៅវត្តមុនីសាគរដើមអំពិល ខេត្តឃ្លាំង ធ្វើជាប្រធាន ។ ចលនានេះ ធ្វើសកម្មភាពនាំយកនូវឯកសារផ្សេងៗ ដែលបានផលិតដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម មាន ព្រឹត្តិបត្រ “កម្ពុជាក្រោម”, ថាស់ស៊ីឌី (CD) និង វីស៊ីឌី (VCD) ជាដើម ពីប្រទេសកម្ពុជាទៅផ្សព្វផ្សាយនៅកម្ពុជាក្រោម ។ ក្រោយមក គណៈ កម្មការនៃចលនានេះ បានប្រកាសរំសាយនូវរចនាសម្ព័ន្ធរបស់ខ្លួន នៅឆ្នាំ ២០០៧ នៅក្នុងកិច្ចប្រជុំសម្ងាត់មួយនៅក្នុងវត្តភ្នំដិនខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីចៀសវាងការចោទប្រកាន់ពីរដ្ឋាភិបាលនៃប្រទេសកម្ពុជាពីបទ “ប្រើប្រាស់ទឹកដីប្រឆាំងនឹងប្រទេសជិតខាង” ។
ព្រះតេជព្រះគុណ ថាច់ កុង ផួង (Thạch Cung Phuông) កើតថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ១៩៧៦ ជាកូនរបស់ លោក ថាច់ កុង និង អ្នកស្រី ថាច់ ធី ឡុង នៅភូមិស្វាយមីង ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។ មុនពេលភៀសខ្លួនទៅកម្ពុជា ព្រះអង្គជាចៅអធិការវត្តកញ្ចោងកំពង់លាវ ជាវត្តមួយឋិតនៅក្នុងស្រុកកំណើតរបស់ខ្លួន ។ បន្ទាប់ពីចលនា “សម្ព័ន្ធជាតិនិយមខ្មែរកម្ពុជាក្រោម” បានរំសាយ ព្រះតេជព្រះគុណ ថាច់ កុង ផួង បានបន្តភៀសខ្លួនទៅប្រទេសថៃ និងបានដាក់ពាក្យស្នើសុំឋានៈជាជនភៀសខ្លួននយោបាយនៅការិយាល័យ UNHCR ។ ក្រោយមក នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៣ អាជ្ញាធរខ្មែរ បានសហការជាមួយនឹងអាជ្ញាធរថៃ ទៅឡោមព័ទ្ធវត្តមួយឋិតនៅក្នុងខេត្តនន្ទបុរី ជាទីដែល ព្រះតេជព្រះគុណ ថាច់ កុង ផួង ស្នាក់នៅ និងបានចាប់បញ្ជូនទៅដាក់គុកនៅស្រុកខ្មែររហូតមកដល់សព្វថ្ងៃ ។ តុលាការខ្មែរបានចោទប្រកាន់ ព្រះតេជព្រះគុណ ថាច់ កុង ផួង ពីបទប្រឆាំង ឬប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា តាមរយៈចលនាមួយឈ្មោះ “រណសិរ្សរំដោះជាតិខ្មែរ” ដែលមានមូលដ្ឋាននៅក្រៅប្រទេស ។ [158]
ជនភៀសខ្លួននៅកម្ពុជា និងលិខិត UNHCR
ករណី ភិក្ខុ ថាច់ លីភោ បានធ្វើឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមមួយចំនួន ដែលជាប់ពាក់ព័ន្ធ បានភៀសខ្លួនទៅប្រទេសកម្ពុជា ។ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០០៥ ជនភៀសខ្លួនខ្មែរក្រោមប្រមាណ ៨៧ រូប ក្នុងនោះ មានព្រះសង្ឃ ១៥ អង្គ និងគ្រហស្ថ ៧២ នាក់ ដែលស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទីក្រុងភ្នំពេញ ដឹកនាំដោយ ភិក្ខុ ថាច់ ប្រីជា គឿន ជាប្រធានជនភៀសខ្លួន និង លោក ចៅ សំអឿន ជាអនុប្រធាន បានជួបជុំគ្នានៅលើចិញ្ចើមផ្លូវអស់ ១ យប់ ២ ថ្ងៃ នៅមុខ ទីស្នាក់ការ នៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដើម្បីស្នើសុំឋានៈជាជនភៀសខ្លួន និងស្នើ UNHCR ផ្តល់ជម្រក (ជំរំជនភៀសខ្លួន) ឲ្យពួកគាត់បានស្នាក់នៅសមរម្យ ។
ដោយសារមានការតវ៉ាជាបន្តបន្ទាប់ពីជនភៀសខ្លួន ទើបនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០០៥ ការិយាល័យ UNHCR ប្រចាំទីក្រុងភ្នំពេញ បានចេញលិខិតមួយច្បាប់ ចុះលេខ CAM/PROT/05/134 ស្ដីអំពី “ការបិទនៃនីតិវិធីសុំសិទ្ធិជ្រកកោន” ជាជនភៀសខ្លួនរបស់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ។ ខ្លឹមសារនៃលិខិតនេះមានពីរភាសា (អង់គ្លេស-ខ្មែរ) មានសេចក្ដីថា៖
“UNHCR ត្រូវបានទទួលដំណឹងដោយរដ្ឋាភិបាលកម្ពុជាថា បងប្អូនខ្មែរ កម្ពុជាក្រោមដែលបានមកពីប្រទេសវៀតណាម ត្រូវបានស្វាគមន៍ឲ្យស្នាក់ នៅក្នុងប្រទេសកម្ពុជា និងត្រូវបានចាត់ទុកជាពលរដ្ឋកម្ពុជា ។ ដូច្នេះ បងប្អូន ខ្មែរកម្ពុជាក្រោម ដែលបានចុះបញ្ជីដោយ UNHCR នឹងមិនឋិតនៅក្នុង អាណត្តិរបស់អង្គការនេះទៀតឡើយ ។ ចំពោះជំនួយតទៅមុខទៀត សូមធ្វើ ទំនាក់ទំនងផ្ទាល់ជាមួយអាជ្ញាធរកម្ពុជា” ។ [156]
ក្រុមជនភៀសខ្លួនខាងលើសុទ្ធតែបានលើកឡើងថា ពួកគាត់បានភៀសខ្លួនចេញពី កម្ពុជាក្រោម ដោយសាររបបយួនកុម្មុយនីស្តស្វែងរកចាប់ខ្លួន ចោទពីបទចែកចាយ និងមើលនូវឯកសារដែលបានផលិតដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ឯកសារទាំងនោះ រួមមាន ថាស់ស៊ីឌីចម្រៀងជាតិនិយមខ្មែរក្រោម, វីស៊ីឌី (VCD) វីដេអូប្រណាំងទូក-ង ដែលក្រុមកីឡាទូក-ង នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រណាំងជាលក្ខណៈអន្តរជាតិនៅសហរដ្ឋអាមេរិក និងព្រឹត្តិបត្រ “កម្ពុជាក្រោម” ដែលបានបោះពុម្ពជារៀងរាល់ខែ ។ [157]
ករណី ភិក្ខុ ថាច់ លីភោ នៅខេត្តព្រះត្រពាំង ឆ្នាំ ២០០៥
យប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០០៥ របបយួនកុម្មុយនីស្តបានចាប់ ភិក្ខុ ថាច់ លី ភោ (Thach Ly Pho) ផ្សឹក នៅវត្តនិគ្រោធកំពង់ក្សាន្ត នាទីរួមខេត្តព្រះត្រពាំង ចោទពីបទ “ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលយួន” និងបានបញ្ជូនទៅដាក់គុកអស់ ៣ ខែ ១៨ ថ្ងៃ ។ សកម្មភាពដែលរបបយួនកុម្មុយនីស្តចាត់ទុកថា “ប្រឆាំងរដ្ឋាភិបាល” នោះ ដោយសារ ភិក្ខុ ថាច់ លីភោ បានផ្សព្វផ្សាយ (ចែកចាយជាសម្ងាត់) នូវឯកសារមួយចំនួនដែលបាន ផលិតដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស ក្នុងនោះ មានថតចម្លងនូវសៀវភៅប្រវត្តិសាស្រ្តកម្ពុជាក្រោមដែលមានចំណងជើងថា “ទុក្ខខ្មែរក្រោម”, ថាស់ ស៊ីឌី (CD) ចម្រៀងជាតិនិយមខ្មែរក្រោម និងវីស៊ីឌី (VCD) វីដេអូប្រណាំងទូក ង ដែលក្រុមកីឡារបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមប្រណាំងជាលក្ខណៈអន្តរជាតិ នៅទីក្រុង Philadelphia សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០១ ។
ពេលបានចេញពីគុក លោក ថាច់ លីភោ បានភៀសខ្លួនទៅប្រទេសកម្ពុជា និងបានសាងផ្នួសឡើងវិញនៅក្នុងវត្តមួយនាទីក្រុងភ្នំពេញ ។ ក្រោយមក លោកបានបន្តភៀសខ្លួនទៅប្រទេសថៃ នៅឆ្នាំ ២០០៧ និងបានឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បញ្ជូនទៅតាំងទីលំនៅ នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១២ ។ [155]
១៦៩៨ យួនចាប់ផ្ដើមចូលវាតទីទឹកដីកម្ពុជាក្រោម
ការពង្រីកអំណាចរដ្ឋបាលង្វៀង
កម្ពុជាក្រោម ជាអតីតទឹកដីមួយភាគរបស់ប្រទេសកម្ពុជាក្នុងសម័យចក្រភពខ្មែរ ដែលនៅក្នុងសម័យនោះ ខ្មែរជាមហានគរ មានផ្ទៃដីធំលាតសន្ធឹងគ្របដណ្ដបលើ ប្រទេសថៃ លាវ ភាគកណ្ដាល និងភាគខាងត្បូង នៃប្រទេសវៀតណាម សព្វថ្ងៃ [7] ។ នៅពេលដែលអាណាចក្រខ្មែរបានធ្លាក់ចុះទន់ខ្សោយ នាសតវត្សរ៍ទី ១៧ វត្តមានជនភៀសខ្លួនជនជាតិយួនកាន់តែច្រើន បាននាំគ្នាមករស់នៅលើទឹកដីកម្ពុជាក្រោម ។ ឆ្នាំ ១៦៩៨ ស្ដេចត្រាញ់ ឬ ចៅហ្វាយរបស់យួនខាងត្រកូល ង្វៀង (Chúa Nguyễn) បានបញ្ជូនមេទ័ពរបស់ខ្លួនឲ្យចុះមកកម្ពុជាក្រោម បង្កើតជាប្រព័ន្ធរដ្ឋបាលមូលដ្ឋានទៅជាភូមិស្រុករបស់យួននៅតំបន់ត្រពាំងចង្វា (Biên Hòa) ដើម្បីវាតទី និងកាន់កាប់ ។
ព្រះបាទ ជ័យជេដ្ឋា ទី ៤ វាយតប
គ្រានោះ នៅក្នុងឆ្នាំ ១៦៩៩ ព្រះបាទ ជ័យជេដ្ឋា ទី ៤ ឬ ចៅពញាសូរ (ប្រសូត៖ ១៦៥៦- ទិវង្គត៖ ១៧២៥) បានធ្វើការវាយតប ដើម្បីរារាំងនូវមហិច្ឆតារាតត្បាតទឹកដីខ្មែរពីយួនដែរ តែមិនបានជោគជ័យ [8] ។
ការបែងចែករដ្ឋបាលជាប្រាំមួយខេត្ត
នៅឆ្នាំ ១៨៣២ ស្ដេច មិញ ម៉ាង (Minh Mạng) (រជ្ជកាល៖ ១៨២០ – ១៨៤១) របស់យួន ដែលសោយរាជ្យនៅទីក្រុងហ្វេ (Huế) បានបែងចែកទឹកដីកម្ពុជាក្រោមចេញជា ៦ ខេត្ត ដើម្បីវាតទីកាន់កាប់ដោយបានដាក់ឈ្មោះជាភាសាយួនថា ណាមគីឡុកទិញ (Nam Kỳ Lục Tỉnh, 南圻六省) មានន័យថា ប្រាំមួយខេត្តភាគខាងត្បូង ឬ ណាមគី (Nam Kỳ) មានន័យថា ភាគខាងត្បូង [9] ។
ការក្រោកឡើងតស៊ូរបស់ខ្មែរក្រោម សម័យ ចៅហ្វាយ គុយ
នៅក្នុងឆ្នាំ ១៨៤១ ខ្មែរក្រោមនៅគ្រប់ទិសទីបានក្រោកឡើងតស៊ូដេញយួនឈ្លាន ពានទឹកដី និងប្រឆាំងនឹងច្បាប់រំលាយពូជសាសន៍ “ញឹកទីដុងញើង” (Nhứt Thị Đồng Nhơn) មានន័យថា “មនុស្សដូចគ្នាត្រូវមានជាតិតែមួយ” ដែលស្ដេចយួន មិញ ម៉ាង និង ទេវ ទ្រី បានចេញបញ្ជាឲ្យរាស្ត្រខ្មែរនៅកម្ពុជាក្រោម ត្រូវតែអនុវត្តតាមប្រពៃណីរបស់យួន ដូចជាបង្ខំឲ្យខ្មែរមានត្រកូលដូចយួន និងព្រះសង្ឃខ្មែរដែលគ្រងស្បង់ចីវរ ត្រូវតែស្លៀកខោពាក់អាវព័ណ៌ឈាមជ្រូក សូត្រធម៌គោះត្រដោក ដូចព្រះសង្ឃយួន ជាដើម ។ ក្នុងសម័យនោះ ពលរដ្ឋខ្មែរក្រោមដែលងើបឡើងតស៊ូដេញយួនឈ្លានពាន មានដូចជា នៅខេត្តព្រះត្រពាំង ដឹកនាំដោយ ចៅហ្វាយ គុយ និង ទេសា សោម ឬ ឡឹម សោម (Lâm Sâm) ជាដើម [10][11] ។ ចំណែក នៅខេត្តឃ្លាំង ដឹកនាំដោយ សេនា ទា សេនា មាន់ និង សេនា សួស [12] ។ ម្យ៉ាងទៀត តាមឯកសារយួនបានបញ្ជាក់ថា មានចលនាតស៊ូរបស់មន្ត្រីខ្មែរម្ចាស់ស្រុកនៅស្រុកឃ្លាំង (Ba Xuyên) ២ រូប គឺ សឺង តោក (Sơn Tốt) (? – ១៨៤១) និង ត្រឹង ឡឹម (Trần Lâm) (? – ១៨៤២) ក៏បានដឹកនាំខ្មែរក្រោមងើបឡើងដេញយួនឈ្លានពានទឹកដី ផងដែរ [13] ។ នៅក្នុងព្រឹត្តិការណ៍នេះ ខ្មែរក្រោមគ្រប់ខេត្តនៅទឹកដីកម្ពុជាក្រោម និងរាស្ត្រខ្មែរនៅក្នុងប្រទេសកម្ពុជា បានស្រុះគ្នាងើបឡើងយ៉ាងអង់អាចដេញយួនឈ្លានពានទឹកដី ។ យោងតាមឯកសារយួនបានបញ្ជាក់ថា ស្ដេចយួនបានបញ្ជាឲ្យទ័ពយួនចុះមកបង្ក្រាបការបះបោររបស់ខ្មែរ តែ បង្ក្រាបបានកន្លែងនេះ ងើបនៅកន្លែងនោះ មិនចេះចប់ [14] ។ ទ្រឿង មិញ យ៉ាង (Trương Minh Giảng) ជាមេទ័ពយួនដែលចូលឈ្លានពានប្រទេសកម្ពុជាពីឆ្នាំ ១៨៣៥ ដល់ ឆ្នាំ ១៨៤១ ហើយលើកបន្តុប ក្សត្រី អង្គម៉ី (រជ្ជកាល៖ ១៨៣៥ – ១៨៤០) ឡើងគ្រងរាជ្យនៅប្រទេសកម្ពុជានោះ បានដកទ័ពថយទៅខេត្តមាត់ជ្រូក ហើយបាននាំទាំង ក្សត្រី អង្គមី ព្រះមហាឧបរាជ ព្រះរាជវង្សានុវង្ស និងគ្រួសារទាំងអស់ ទៅប្រថាប់ នៅទីនោះ [15] ។ ដោយសារចាញ់សង្គ្រាម ទ្រឿង មិញ យ៉ាង ត្រូវស្ដេចយួនចាប់ខ្លួន និងបានធ្វើអត្តឃាតស្លាប់នៅក្នុងគុក នៅឆ្នាំ ១៨៤១ [16] ។ ទោះបីយួនបានដកទ័ពថយចេញពីកម្ពុជា តែសង្គ្រាមសៀមយួន ចាប់ពីឆ្នាំ ១៨៤១ ដល់ ១៨៤៥ នៅតែបន្តឆាបឆេះនៅលើទឹកដីកម្ពុជាដដែល ។ បន្ទាប់ពីមានការចរចាសន្ធិសញ្ញាសន្តិភាពរវាងសៀមនិងយួន នៅឆ្នាំ ១៨៤៥ ព្រះបាទ អង្គដួង (រជ្ជកាល៖ ១៨៤០-១៨៦០) ដែលបានយាងត្រឡប់មកពីសៀមនោះ បានឯកភាពយល់ព្រមពីរដ្ឋាភិបាលទាំងពីរគឺ សៀម និងយួន ឲ្យទ្រង់ឡើងសោយរាជ្យជាព្រះរាជាខ្មែរ នៅឆ្នាំ ១៨៤៧ ហើយយួនក៏បានដោះលែងព្រះរាជវង្សានុវង្ស និងមន្ត្រីខ្មែរឲ្យវិលត្រឡប់មកព្រះរាជនគរវិញ តាមរយៈកិច្ចព្រមព្រៀងឲ្យដោះលែងឈ្លើយសឹកទាំងសងខាង [17] ។ នៅក្នុងពេលជាមួយគ្នានោះដែរ យួនក៏បានដកទ័ពចេញពីប្រទេសកម្ពុជា ។ ទីបំផុត យួនបានបាត់បង់នូវអំណាចត្រួតត្រារបស់ខ្លួនមកលើប្រទេសកម្ពុជា ។ កម្ពុជាបានទទួលឯករាជ្យពីយួន ទោះបីមានទ័ពរបស់សៀមខ្លះកំពុងនៅប្រទេសកម្ពុជា យ៉ាងណាក៏ដោយ ។ ស្ដេចខ្មែរមានភាពម្ចាស់ការជាងមុន [18] ។ ចំណែក ទឹកដីកម្ពុជាក្រោម វិញ នៅតែបន្តឋិតនៅក្រោមអំណាចត្រួតត្រា និងឈ្លានពានរបស់យួនដដែល រហូតដល់សម័យដែលបារាំងបានចូលមកធ្វើសង្គ្រាមដណ្ដើមអំណាចពីយួន ។
សម័យអាណានិគមបារាំង ឬ កូស័ងស៊ីនបារាំងសែស (១៨៥៩ – ១៩៤៩)
បន្ទាប់ពីរងការរាតត្បាត ឈ្លានពាន វាតទី និងពង្រីកអំណាចត្រួតត្រាពីសំណាក់ជនជាតិយួន អស់រយៈពេលជាង ២០០ ឆ្នាំ មក [19] នៅពាក់កណ្ដាលសតវត្សរ៍ទី ១៩ កម្ពុជាក្រោម បានស្គាល់រសជាតិរបបត្រួតត្រាថ្មីមួយទៀត នោះគឺរបបអាណានិគមបារាំង ។ បារាំងបានធ្វើអាណានិគមលើទឹកដីកម្ពុជាក្រោមជិតមួយសតវត្សរ៍ គឺចាប់ពីឆ្នាំ ១៨៥៩ ដល់ឆ្នាំ ១៩៤៩ (រយៈពេល ៩០ ឆ្នាំ) ដោយបានហៅឈ្មោះជាភាសាបារាំងថា “កូស័ងស៊ីនបារាំងសែស” (Cochinchine Française ឬ French Cochin China) ដែលគេនិយមហៅថា កូស័ងស៊ីន (Cochinchine) ។ ពេលបញ្ចប់អាណានិគមកិច្ចរបស់ខ្លួន បារាំងបានផ្ទេរទឹកដីកម្ពុជាក្រោមទៅឲ្យយួនគ្រប់គ្រងបន្ត ដោយគ្មានការដឹងឮពីខ្មែរក្រោមជាម្ចាស់ទឹកម្ចាស់ដីឡើយ ។
បារាំងបានចូលមកវាយដណ្ដើមយកទឹកដីកម្ពុជាក្រោមពីយួន នៅពេលដែលទឹកដីនេះ កំពុងតែឋិតនៅក្រោមការគ្រប់គ្រងរបស់ស្ដេចយួន ទឺ ឌឹក (Tự Đức) (រជ្ជកាល៖ ១៨៤៧ – ១៨៨៣) សោយរាជ្យនៅរាជធានីហ្វេ (Huế) ភាគកណ្ដាលនៃប្រទេស វៀតណាម បច្ចុប្បន្ន ។
ដោយលើកហេតុផលដែលរាជការយួនដាយណាម (Đại Nam) [20] បានសម្លាប់ពួកសាសនទូតកាតូលិក ស្ដេច ណាប៉ូឡេអុង ទី ៣ (Napoleon III) របស់បារាំង បានចេញបញ្ជាឲ្យ ឧត្ដមនាវី Charles Rigault de Genouilly ដឹកនាំបេសកកម្មដាក់ទណ្ឌកម្មប្រឆាំងនឹងដាយណាម ។ នៅខែកញ្ញា ឆ្នាំ ១៨៥៨ កងទ័ពជើងទឹករបស់បារាំង និងអេស្ប៉ាញបានចុះមកចតនៅកំពង់ផែទួរ៉ាន (Tourane ឬ Đà Nẵng) ហើយបានវាយដណ្ដើមយកទីក្រុងនេះ [21] ។ ក្រោយមក លោកឧត្ដមនាវីបារាំងបានដឹកនាំកងទ័ពជើងទឹករបស់ខ្លួនចុះមកកម្ពុជាក្រោម ហើយវាយដណ្ដើមយកទីក្រុងព្រៃនគរ (Sai Gon) ពីរាជការយួនដាយណាម នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៨៥៩ ។ ដោយមានបំណងចង់ ប្រមូលផ្ដុំកម្លាំងដណ្ដើមយកទឹកដីកម្ពុជាក្រោមជាង លោកឧត្ដមនាវីបារាំងបានសម្រេច ចិត្តបោះបង់ទួរ៉ាន (Đà Nẵng) ចោលវិញ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៨៥៩ [22] ។
មូលហេតុដែលនាំឲ្យឧត្ដមនាវីបារាំងបោះបង់ចោលទីក្រុងដាណាំង ហើយសម្រេច ចិត្តវាយដណ្ដើមយកទីក្រុងព្រៃនគរវិញនោះ ដោយសារព្រៃនគរ ជាទីតាំងយុទ្ធសាស្ត្រ ល្អសម្រាប់ធ្វើសង្គ្រាម ។ យោងតាមលិខិតចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៨៥៩ របស់ឧត្ដមនាវីបារាំង Charles Rigault de Genouilly ផ្ញើទៅរដ្ឋមន្ត្រីកងទ័ពជើងទឹកបារាំង នៅទីក្រុងប៉ារីស បានបញ្ជាក់ថា៖ “ព្រៃនគរ ឋិតនៅចំទន្លេមួយដែលនាវាចម្បាំងរបស់យើងងាយចូលចត និងពេលណាទ័ពយើងឡើងលើគោកនឹងវាយចូលទីក្រុងតែម្ដង…។ ព្រៃនគរ ក៏ជាជង្រុកស្រូវដ៏ធំមួយ ដែលប្រជាជន និងទាហាន [យួន] នៅរាជធានីហ្វេ (Huế) រស់បានក៏អាស្រ័យលើអង្ករនៅព្រៃនគរនេះដែរ ។ មកដល់ខែមីនា សំពៅជញ្ជូនស្រូវអង្ករ នឹងចេញដំណើរពីព្រៃនគរទៅហ្វេ ។ យើងសម្រេចថានឹងស្កាត់ស្រូវអង្ករ នោះមក ”[23] ។
ពេលដណ្ដើមបានទីក្រុងព្រៃនគរ ឧត្ដមនាវីបារាំងបានប្រគល់បញ្ជាការទៅឲ្យនាយ កប៉ាល់ម្នាក់នៅប្រចាំការ ឯខ្លួនគាត់ បានដឹកនាំកម្លាំងមួយផ្នែកធំត្រឡប់ទៅបង្ក្រាបនៅស្រុកចិនវិញ ដោយសារចិនមិនបានគោរពតាមសន្ធិសញ្ញាដែលបានចុះជាមួយគ្នាកាលពីឆ្នាំ ១៨៥៨ ។ ឆ្លៀតឱកាសដែលទ័ពបារាំងនៅសល់តិចនោះ ពួកយួនក៏បានសាកល្បងវាយដណ្ដើមយកទីក្រុងព្រៃនគរមកវិញដែរ តែមិនបានជោគជ័យ ។
កងទ័ពបារាំងត្រឡប់មកព្រៃនគរ
ក្រោយពីបង្ក្រាបពួកចិនរួចហើយ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ១៨៦១ ទ័ពបារាំងបាន ត្រឡប់មកទីក្រុងព្រៃនគរជាថ្មី ហើយក៏ចាប់ផ្ដើមវាយដណ្ដើមយកទឹកដីកម្ពុជាក្រោម ពីយួន ដែលបានផ្អាកអស់មួយរយៈជាបន្តឡើងវិញទៀត ។
ការដណ្ដើមយកខេត្ត និងសន្ធិសញ្ញា ៥ មិថុនា ១៨៦២
នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៨៦១ លោកឧត្ដមនាវីត្រី ប៉ាឆ៍ បានដណ្ដើមយកខេត្តមេស (Định Tường ឬ Mỹ Tho) ។ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ១៨៦១ លោកឧត្ដមនាវីត្រី បូណា បានដណ្ដើមយកខេត្តត្រពាំងចង្វា (Biên Hòa) និងបន្ទាប់មក នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ១៨៦២ បានដណ្ដើមយកខេត្តលង់ហោរ (Vĩnh Long) ។ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៨៦២ ស្ដេច ទឺ ឌឹក របស់យួនដាយណាមបានយល់ព្រមចុះសន្ធិសញ្ញាជា មួយបារាំង ហើយបានប្រគល់ខេត្ត ៣ គឺ ព្រៃនគរ មេស និង ត្រពាំងចង្វា នៃទឹកដី កម្ពុជាក្រោម ទៅឲ្យបារាំងជារៀងរហូត ។
ការបែងចែកខេត្តខណ្ឌនៅកម្ពុជាក្រោមក្នុងសម័យបារាំង [29]
នៅក្នុងសម័យអាណានិគមបារាំង ទឹកដីកម្ពុជាក្រោម ត្រូវបានបារាំងបែងចែកទៅជាខេត្តខណ្ឌជាច្រើនលើកដើម្បីបង្កើតជាប្រព័ន្ធរដ្ឋបាលគ្រប់គ្រង ។ ការបង្កើតរដ្ឋបាលដែលមានលក្ខណៈទ្រង់ទ្រាយធំនោះ យ៉ាងហោចចំនួន ៧ លើក ។
លើកទី ១ ឆ្នាំ ១៨៦៤ បែងចែកខេត្ត ៣ ទៅជា ៧ មណ្ឌល [30]
ដើម្បី “ពង្រឹងរដ្ឋបាល” ឬបើនិយាយឲ្យចំ “ពង្រឹងអំណាច” របស់បារាំងឲ្យកាន់តែខ្លាំងឡើងៗ លោកឧត្ដមនាវីទោ ទេសាភិបាល ដឺ ឡាហ្ក្រង់ដ្យែរ (Pierre-Paul de La Grandière) (១៨៦៣ – ១៨៦៨) បានបង្កើតជា “នាយកដ្ឋានមហាផ្ទៃ” នៅឆ្នាំ ១៨៦៤ ។ ពង្រឹងអំណាចបារាំង ក៏ដូចជាបារាំងពង្រឹងកងកម្លាំងយួនឲ្យសង្កត់ខ្មែរក្រោមនោះដែរ ។ ក្រៅពីមន្ត្រីរាជការបារាំងបន្តិចបន្តួច មន្រ្តីរាជការស៊ីវិលជាយួន ទាហានបារាំងភាគច្រើនជាយួន ប៉ូលិសការពារសន្តិសុខក៏ជាយួន ខ្មែរក្រោមត្រូវបង្ខំចិត្តរស់នៅក្រោមអាជ្ញាធរយួនតំណាងបារាំង ដែលបារាំងបានតែងតាំងឡើងកាន់តែច្រើនៗ ។
លោកឧត្ដមនាវីទោ ទេសាភិបាលបានរៀបចំឡើងវិញនូវខេត្តទាំង ៣ គឺ ត្រពាំងចង្វា (Biên Hòa) ព្រៃនគរ (Gia Định) និង មេស (Định Tường) ដែលស្ដេចយួន ទឺ ឌឹក បានចុះសន្ធិសញ្ញាប្រគល់ឲ្យបារាំង នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៨៦២ ដោយបែងចែកចេញជា ៧ មណ្ឌល (Cercles) ។ មណ្ឌលទាំង ៧ នោះ រួមមាន ព្រះសួគ៌ា (Bà Rịa) កន្ទួត? (Cần Giuộc) មេស (Mỹ Tho) ត្រពាំងចង្វា (Biên Hoà) ព្រៃនគរ (Sài Gòn/Chợ Lớn) កំពង់គោ (Tân An), កោះគង (Gò Công) និង រោងដំរី (Tây Ninh) ។
មណ្ឌលទាំង ៧ នេះ ត្រូវឋិតនៅក្រោមការទទួលខុសត្រូវរបស់ «នាយកដ្ឋានមហា ផ្ទៃ» តាមសេចក្ដីសម្រេចចុះថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៨៦៤ ។
បារាំងដណ្ដើមយកខេត្តនៅភាគខាងលិច
ខេត្តទាំង ៣ ដែលបារាំងទើបតែដណ្ដើមបានពីយួននោះ មិនបានសុខទេ គឺយួនបានបង្កឲ្យមានការលុកលុយធ្វើបាបទៅលើអ្នក ដែលស្ថិតនៅក្រោមកិច្ចការពាររបស់បារាំង និងបានធ្វើឲ្យមានការរំជើបរំជួលប្រកបទៅដោយគ្រោះថ្នាក់ឥតដាច់ ។ នៅពេលដែលបារាំងរិះរកវិធីសម្របសម្រួលអស់ចិត្តហើយ ហើយពិនិត្យឃើញថា ពួក មន្ត្រីយួននៅតែសន្សំចិត្តស្នេហាជាតិចង់បានខេត្តដែលស្ដេចយួនដាយណាម បានចុះ សន្ធិសញ្ញា ឆ្នាំ ១៨៦២ ប្រគល់ឲ្យបារាំងយកមកវិញនោះ បារាំងលែងទុកចិត្តលើសម្ដីរបស់យួនតទៅទៀត ក៏បានរៀបចំទ័ពមួយកងធំវាយដណ្ដើមយកខេត្តចំនួន ៣ ព្រមទាំងទីក្រុងផង ដែលយួនកំពុងតែកាន់កាប់លើទឹកដីកម្ពុជាក្រោម ក្នុងពេលតែ ៥ ថ្ងៃប៉ុណ្ណោះ គឺ ដណ្ដើមបានខេត្តលង់ហោរ (Vĩnh Long) នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៨៦៧, ខេត្តមាត់ជ្រូក (An Giang ឬ Châu Đốc) នៅថ្ងៃទី ២២ និងខេត្តពាម (Hà Tiên) នៅថ្ងៃទី ២៤ ។ ទីក្រុងទាំង ៣ នេះហើយ និងក្រុងមួយចំនួនទៀត ដែលបារាំង ដណ្ដើមបាននាពេលនោះ សុទ្ធតែបានត្រូវគេសង់ឡើងវិញតាមប្លង់ដែលនាយទាហានបារាំងបានរៀបចំ ជាពិសេស គឺលោក វិកទ័រអូលីវីយ៉េដឺពុយម៉ាណែល ដែលបម្រើស្ដេច យ៉ាឡុង (Gia Long) ពីឆ្នាំ ១៧៨៩ រហូតដល់ឆ្នាំ ១៨២០ ។
មកដល់សម័យនេះឃើញថា ទឹកដីកម្ពុជាក្រោម ដែលពួកសន្ដតិវង្ស ង្វៀង (Nhà Nguyễn) របស់យួនបានប្រើពេលអស់ ២ សតវត្សរ៍ ដើម្បីដណ្ដើមយកពីប្រទេស កម្ពុជា មិនមែនដណ្ដើមបានត្រឹមតែប្រើកម្លាំងទ័ពវាយនោះទេ តែជាពិសេសគឺដោយ បញ្ជូនប្រជាជនទាំងគ្រួសារៗឲ្យចូលនៅតែម្ដង ឥឡូវនេះបានធ្លាក់ទៅជារបស់បារាំង អស់ហើយ ។
លើកទី ២ ឆ្នាំ ១៨៦៧ បែងចែកខេត្ត ៣ នៅខាងលិចទន្លេមេគង្គទៅជា ៧ មណ្ឌល
បន្ទាប់ពីបារាំងបានវាយដណ្ដើមយកខេត្តទាំង ៣ គឺ លង់ហោរ ពាម និងមាត់ជ្រូក ដែលនៅខាងលិចទន្លេមេគង្គ នៅឆ្នាំ ១៨៦៧ លោកឧត្ដមនាវីទោ ទេសាភិបាល ដឺ ឡាហ្ក្រង់ដ្យែរ បានបែងចែកខេត្តមាត់ជ្រូក (An Giang) ចេញជា ៥ មណ្ឌល ក្នុងនោះមានមណ្ឌល មាត់ជ្រូក (Châu Đốc) បារាជ (Long Xuyên) ផ្សារដែក (Sa Đéc) ឃ្លាំង (Sóc Trăng) និង ព្រែកឫស្សី (Cần Thơ) ។ រាប់បញ្ចូលមណ្ឌល លង់ហោរ (Vĩnh Long) និង ពាម (Hà Tiên) ២ ទៀត ត្រូវជា ៧ មណ្ឌល ។
ការសាងសង់វិមាននរោត្ដម
ម្យ៉ាងទៀត ដើម្បីពង្រឹងអំណាចអាណានិគមរបស់ខ្លួនឲ្យបានរឹងមាំ និងយូរអង្វែងនៅកម្ពុជាក្រោម និងនៅឥណ្ឌូចិន បារាំងបានកសាងនូវវិមានរដ្ឋបាលដ៏ធំមួយនៅទីក្រុងព្រៃនគរ ហើយបានដាក់ឈ្មោះថា វិមាននរោត្តម ។ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៨៦៩លោក Pierre-Paul de La Grandière ជាទេសាភិបាលដែនកូស័ងស៊ីន បានប្រារព្ធពិធីសម្ពោធបញ្ចុះបឋមសិលាជាលើកដំបូង ដើម្បីចាប់ផ្តើមដំណើរការកសាងវិមានថ្មីនេះ នៅទីក្រុងព្រៃនគរ សម្រាប់ទេសាភិបាលដែនកូស័ងស៊ីនស្នាក់នៅ និងធ្វើការជំនួសឲ្យអគារចាស់ធ្វើពីឈើដែលបានសាងកាលពីឆ្នាំ ១៨៦៣ ។ វិមានថ្មីនេះ បានរចនាប្លង់ដោយវិស្វករបារាំង Achille-Antoine Hermitte ។ ផ្ទាំងបឋមសិលាជាប្រវត្តិសាស្ត្រនេះ គេបានយកមកពីខេត្តត្រពាំងចង្វា (Biên Hoà) មានទំហំ ៥០ Cm បួនជ្រុងស្មើ និងមានប្រហោងពីខាងក្នុងសម្រាប់ដាក់ប្រាក់កាសនាសម័យនោះ ដែលបានផលិតពីមាស ប្រាក់ និងស្ពាន់ និងមានឆ្លាក់រូបស្ដេចបារាំង ណាប៉ូឡេអុង ទី ៣ ។
ពេលបានកសាងសម្រេចជាស្ថាពរ បារាំងដាក់ឈ្មោះអគារនេះថា “វិមាននរោត្តម” និងផ្លូវនៅពីមុខវិមាននេះ ក៏បានដាក់ឈ្មោះថា “រុក្ខវិថីនរោត្តម” ផងដែរ ដើម្បីឧទ្ទិសដល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម (រជ្ជកាល៖ ១៨៦០ – ១៩០៤) ជាព្រះចៅក្រុងកម្ពុជាធិបតី នាពេលនោះ [26] ។
សន្ធិសញ្ញា ១៥ មីនា ១៨៧៤
នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ស្ដេច ទឺ ឌឹក របស់យួនបានយល់ព្រមចុះសន្ធិសញ្ញាសន្តិភាពមួយទៀត ទទួលស្គាល់អធិបតេយ្យភាពពេញលេញរបស់បារាំងមកលើ កម្ពុជាក្រោម ដែលបារាំងហៅថា កូស័ងស៊ីន ជាទឹកដីមួយកន្លែងដែលមានកម្ពុជានៅពីខាងលិច ឈូងសមុទ្រសៀមនៅពីខាងត្បូង សមុទ្រចិននៅពីខាងកើត និងខេត្តបិនទ្វឹង (Bình Thuận) នៅពីខាងជើង [24] ។
បន្ទាប់ពីដណ្ដើមបានទឹកដីកម្ពុជាក្រោមពីយួនទាំងស្រុងហើយ បារាំងបានលុបនូវ ប្រព័ន្ធរដ្ឋបាលដែលរាជវង្ស ង្វៀង របស់យួនបានបង្កើតជា ៦ ខេត្ត កាលពីឆ្នាំ ១៨៣២ ចោល ហើយបង្កើតជាប្រព័ន្ធរដ្ឋបាលដឹកនាំតាមរបៀបបារាំងវិញ [25] ។
លើកទី ៣ ឆ្នាំ ១៨៧៦ បែងចែកជា ៤ មណ្ឌលរដ្ឋបាល មាន ១៩ ខណ្ឌ និង ២៣៥០ ឃុំ/សង្កាត់
យោងតាមសេចក្ដីសម្រេចចុះថ្ងៃទី ៥ ខែមករា ឆ្នាំ ១៨៧៦ លោកឧត្ដមនាវីទោ ទេសាភិបាលកូស័ងស៊ីន យុពែររេ (Victor Auguste Duperré) បានបែងចែក ទឹកដី កម្ពុជាក្រោម ចេញជា ៤ មណ្ឌលរដ្ឋបាល (Circonscription Administrative) ក្នុងនោះ មាន ១៩ ខណ្ឌ [31] (Arrondissement) និង ២៣៥០ ឃុំ (Villages) [32] ។
មណ្ឌលទាំង ៤ នោះ ចែកចេញ៖
មណ្ឌល ព្រៃនគរ (Sài Gòn) មាន ៥ ខណ្ឌ
មណ្ឌល មេស (Mỹ Tho) មាន ៤ ខណ្ឌ
មណ្ឌល លង់ហោរ (Vĩnh Long) មាន ៤ ខណ្ឌ
មណ្ឌល បាសាក់ (Bassac) មាន ៦ ខណ្ឌ ។
មកដល់ ឆ្នាំ ១៨៨២ បារាំងបានបង្កើតខណ្ឌថ្មីមួយទៀតឈ្មោះថា បាកលីវ (Bạc Liêu) ខ្មែរហៅថា ពលលាវ ។ ដូច្នេះ មកដល់ពេលនេះឃើញថានៅកម្ពុជាក្រោម មាន ២០ ខណ្ឌ ។
បារាំងចៀសវាងប្រើឈ្មោះ «ខេត្ត» ដោយគេបានចាត់ទុកទឹកដីកម្ពុជាក្រោមទាំង មូលដូចជា «ខេត្ត» របស់គេមួយ (Department) ។
ចូលជាសហភាពឥណ្ឌូចិន
ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង បារាំងបានបង្កើតជាសហភាពឥណ្ឌូចិន ហើយបានដាក់ទឹកដីកម្ពុជាក្រោម ឲ្យចូលទៅក្នុងសហភាពនេះនៅឆ្នាំ ១៨៨៧ ។
សហភាពឥណ្ឌូចិន ដែលបារាំងបានបង្កើតនោះ មាន ៥ រដ្ឋផ្សេងគ្នា គឺ កម្ពុជា លាវ តុងកឹង (វៀតណាមខាងជើង) អណ្ណាម (វៀតណាមកណ្តាល) និងដែនដីកូស័ងស៊ីន ឬ កម្ពុជាក្រោម ដែលស្ថិតនៅភាគខាងត្បូងវៀតណាមបច្ចុប្បន្ន ។ កម្ពុជា លាវ តុងកឹង និង អណ្ណាម ថ្វីដ្បិតតែត្រូវស្ថិតក្រោមអំណាចអាណានិគមបារាំង ក៏ប៉ុន្តែ នៅមានទម្រង់ជាប្រទេស និងមានអំណាចនយោបាយដាច់ពីបារាំង ។ ចំណែក កម្ពុជាក្រោមត្រូវបារាំងកាត់យកធ្វើជាអាណាខេត្តរបស់ខ្លួនទាំងស្រុង ដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅនាយសមុទ្រ (Territoire d’Outre-mer) [27] ។
ទាក់ទងនឹងការបង្កើតសហភាពឥណ្ឌូចិននេះដែរ បារាំងបានចេញក្រឹត្យមួយចុះថ្ងៃ ទី ១៧ ខែតុលា ឆ្នាំ ១៨៨៧ ឲ្យបង្កើត “អគ្គទេសាភិបាលឥណ្ឌូចិន” ដែលមានទីស្នាក់ការនៅតុងកឹង (Tonkin) ហើយលោកអគ្គទេសាភិបាលមានមុខនាទីមើលត្រួតត្រាលើរដ្ឋទាំង ៥ នៅឥណ្ឌូចិន ដែលពីមុនមុខងារនេះត្រូវបានបំពេញដោយលោកទេសាភិបាលកូស័ងស៊ីន [28] ។
លើកទី ៤ ឆ្នាំ ១៨៩២ បែងចែកជា ២០ ខណ្ឌ និង ទីក្រុង ១
តាមសេចក្ដីសម្រេចមួយចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៨៩២ លោកអគ្គទេសាភិបាល ដឺ ឡាណែសាន (De Lanessane) បានរៀបចំរដ្ឋបាលនៅកម្ពុជាក្រោមឡើងវិញ ដោយមានទីក្រុងព្រៃនគរ (Sài Gòn) និង ខណ្ឌ ចំនួន ២០ គឺ៖
ពលលាវ(Bạc Liêu)បារាជ (Long Xuyên)
ព្រះសួគ៌ា(Bà Rịa)មេស(Mỹ Tho)
កំពង់ឫស្សី(Bến Tre)ក្រមួនស(Rạch Giá)
ត្រពាំងចង្វា(Biên Hòa )ផ្សារដែក(Sa Đéc)
ព្រែកឫស្សី(Cần Thơ)ឃ្លាំង(Sóc Trăng)
មាត់ជ្រូក(Châu Đốc)កំពង់គោ(Tân An)
ផ្សារធំ(Chợ Lớn)រោងដំរី(Tây Ninh)
ឧកញ៉ា អ៊ិន(Gia Định)ទួលតាមោក(Thủ Dầu Một)
កោះគង(Gò Công)ព្រះត្រពាំង (Trà Vinh)
ពាម(Hà Tiên)លង់ហោរ(Vĩnh Long)
លើកទី ៥ ឆ្នាំ ១៨៩៥ បង្កើតទីក្រុងអូរកាប់
នៅខែឧសភា ឆ្នាំ ១៨៩៥ លោកអគ្គទេសាភិបាល រូស្សូ (Rousseau) បានបង្កើត ទីក្រុងថ្មីមួយទៀត គឺ Cap Saint Jacques ខ្មែរហៅ អូរកាប់ យួនហៅ Vũng Tàu ។
លើកទី ៦ ឆ្នាំ ១៩០០ ប្ដូរពី ខណ្ឌ ទៅជា ខេត្ត
ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ១៩០០ តទៅ ដោយយោងតាមសេចក្ដីសម្រេចរបស់ លោកអគ្គទេសាភិបាល ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ ខណ្ឌទាំងអស់នៅកម្ពុជាក្រោម ត្រូវប្ដូរទៅជាខេត្តវិញ ហើយខេត្តនីមួយៗត្រូវនៅក្រោមការត្រួតត្រារបស់អភិបាល ខេត្តម្នាក់ ។ ដូច្នេះ មកដល់ពេលនេះ ឃើញថា កម្ពុជាក្រោម មានខេត្តចំនួន ២០ និង ទីក្រុង ១ គឺ ព្រៃនគរ ។
លើកទី ៧ ឆ្នាំ ១៩១១ យកខេត្ត ២០ ដាក់បញ្ចូលទៅជា ៣ មណ្ឌល
ក្រោយមកទៀត យោងតាមសេចក្ដីសម្រេចចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩១១ លោកអគ្គទេសាភិបាលឥណ្ឌូចិន ប. លុស្ស (P. Luce) បានដាក់បញ្ចូលខេត្តនីមួយៗ នៅកម្ពុជាក្រោមឲ្យចូលទៅក្នុងមណ្ឌលទាំង ៣ គឺ៖
មណ្ឌលទី ១ មាន ៦ ខេត្ត៖ បារា (Bà Rịa) ត្រពាំងចង្វា (Biên Hòa) ទួលតាមោក (Thủ Dầu Một) ផ្សារធំ (Chợ Lớn) រោងដំរី (Tây Ninh) ឧកញ៉ា អ៊ិន / ពញា ឌិន / តា ឌិន (Gia Định) ។
មណ្ឌលទី ២ មាន ៧ ខេត្ត៖ កំពង់គោ (Tân An) កោះគង (Gò Công) មេស (Mỹ Tho) កំពង់ឫស្សី (Bến Tre) ព្រះត្រពាំង (Trà Vinh) លង់ហោរ (Vĩnh Long) ផ្សារ ដែក (Sa Đéc) ។
មណ្ឌលទី ៣ មាន ៧ ខេត្ត៖ ពលលាវ (Bạc Liêu) បារាជ (Long Xuyên) ក្រមួនស (Rạch Giá) ព្រែកឫស្សី (Cần Thơ) ឃ្លាំង (Sóc Trăng) មាត់ជ្រូក (Châu Đốc) ពាម (Hà Tiên) ។
កម្ពុជាក្រោម ពីឆ្នាំ ១៩៤១ ដល់ ១៩៧៥
កម្ពុជាក្រោម ត្រូវជប៉ុនដណ្ដើមអំណាចពីបារាំងមកកាន់កាប់នៅក្នុងអំឡុងសង្គ្រាមលោកលើកទី ២ (១៩៤១ – ១៩៤៥) ក៏ប៉ុន្តែបានប្រគល់ឲ្យបារាំងវិញនៅពេលដែលជប៉ុនចាញ់សង្គ្រាម ។ ក្រោយឆ្នាំ ១៩៤៥ ស្ថានភាពនៅកម្ពុជាក្រោម គឺជាប្រធានបទនៃការខ្វែងគំនិតគ្នារវាងបារាំង និងក្រុមកុម្មុយនីស្តយួនយៀកមិញដែលមាន ហូ ជី មិញ ជាមេ ដឹកនាំ ។ នៅឆ្នាំ ១៩៤៦ កម្ពុជាក្រោម ត្រូវបានបារាំងប្រកាសបង្កើតជារដ្ឋាភិបាលមួយឈ្មោះថា «សាធារណរដ្ឋស្វយ័តកូស័ងស៊ីន» (République autonome de Cochin chine) ដែលជាបុព្វហេតុមួយនាំឲ្យមានសង្គ្រាមរវាងបារាំង និងក្រុមកុម្មុយនីស្តយួនយៀកមិញ (សង្រ្គាមឥណ្ឌូចិនលើកទី ១) ។ នៅឆ្នាំ ១៩៤៩ បារាំងបានចេញសេចក្ដីប្រកាសមួយ ចុះថ្ងៃទី ៤ ខែមិថុនា ផ្ទេរ កម្ពុជាក្រោម ឲ្យទៅជារដ្ឋចំណុះនៃរដ្ឋាភិបាល «រដ្ឋវៀតណាម» (Quốc gia Việt Nam) (១៩៤៩ – ១៩៥៥) ជារដ្ឋាភិបាលមួយដែល បាវ ដាយ ទើបតែបានបង្កើតថ្មី និងក្រោយមក នៅឆ្នាំ ១៩៥៥ រដ្ឋាភិបាលនេះបានប្ដូរទៅជា «សាធារណរដ្ឋវៀតណាម» (Việt Nam Cộng hòa) (១៩៥៥ – ១៩៧៥) បន្ទាប់ពីមានសន្និសីទអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានតម្រូវឲ្យយួនចែកប្រទេសចេញជាពីរគឺ ចាប់ពីខ្សែស្របទី ១៧ ចុះមកខាងត្បូងគ្របដណ្ដប់លើដែនដីកម្ពុជាក្រោម ដឹកនាំដោយក្រុមយួនសេរីដែលមានអាមេរិកគាំទ្រ និងចាប់ពីខ្សែស្របទី ១៧ ឡើងទៅខាងជើង ដឹកនាំដោយក្រុមកុម្មុយនីស្តយួនយៀកមិញ ។ ទីបំផុត រដ្ឋាភិបាល «សាធារណរដ្ឋវៀតណាម» ខាងត្បូង ត្រូវរដ្ឋាភិបាល “សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម» ខាងជើង ផ្ដួលរំលំនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ហើយរបបយួនកុម្មុយនីស្តបានដាក់បញ្ចូល «ទឹកដីកម្ពុជាក្រោម» ឲ្យចូលទៅក្នុងប្រទេសវៀតណាមតែមួយ ឈ្មោះថា «សាធារណរដ្ឋសង្គមនិយមវៀតណាម» រហូតមកដល់សព្វថ្ងៃ ។
ជប៉ុនដណ្ដើមអំណាចពីបារាំង ជំរុញឲ្យ បាវ ដាយ ប្រកាសឯករាជ្យ ឆ្នាំ ១៩៤៥
នៅក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ (១៩៣៩ – ១៩៤៥) ទាហានបារាំងបានបាត់អំណាចកាន់កាប់នៅក្នុងសហភាពឥណ្ឌូចិន ហើយអំណាចបានធ្លាក់ទៅក្នុងកណ្ដាប់ដៃ ជប៉ុននៅឆ្នាំ ១៩៤១ ។ ទោះបីយ៉ាងនេះក្ដី មន្ត្រីបារាំងក៏ត្រូវបានជប៉ុនរក្សាទុកមកផងដែរ និងមានសិទ្ធិបញ្ជាការនៅពីក្រោយ តែប៉ុណ្ណោះ ។ នៅក្នុងព្រឹត្តិការណ៍នេះ ជប៉ុនបាន ជំរុញឲ្យ ស្ដេច បាវ ដាយ ប្រកាសឯករាជ្យបង្កើតរដ្ឋាភិបាលនៅតុងកឹង និងអណ្ណាម ហើយឲ្យទទួលស្គាល់នូវសិទ្ធិអំណាចរបស់ជប៉ុនមកលើប្រទេសយួន និងនៅក្នុងតំបន់អាស៊ីខាងកើត ។
ថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៤៥ ពេលដែលស្ថានភាពសង្គ្រាមអាស៊ីប៉ាស៊ីហ្វិក (Asia–Pacific War) មានការប្រែប្រួលមិនអំណោយផល ជប៉ុនបានផ្លាស់ប្ដូរយុទ្ធសាស្ត្រ និងបានធ្វើពលប្រហារដណ្ដើមអំណាចពីបារាំង ដោយបានចាប់ខ្លួនមេទ័ពបារាំង និងដកសិទ្ធិអំណាចកងទ័ពបារាំងនៅឥណ្ឌូនចិន ។ នៅទីក្រុងហ្វេ (Hue) ឯណោះវិញ ជប៉ុនបានចូលទៅផ្ដល់ដំណឹងដល់ ស្ដេច បាវ ដាយ អំពីការអស់អំណាចរបស់បារាំង ។ នៅថ្ងៃបន្ទាប់ គឺនៅថ្ងៃទី ១០ ខែមីនា ជប៉ុនបានចាប់បង្ខំឲ្យ ស្ដេច បាវ ដាយ ចុះហត្ថលេខាលើ «សេចក្ដីប្រកាសឯករាជ្យ» និងការបង្កើតរដ្ឋាភិបាលដែលគេបានសរសេរជាស្រេច ។
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ១៩៤៥ ស្ដេច បាវ ដាយ បានជួបទីប្រឹក្សាជាន់ខ្ពស់របស់ជប៉ុន គឺ លោកអគ្គរាជទូត Yokoyama Masayuki នៅវិមានកៀងត្រុង (Kiến Trung) ក្នុងព្រះបរមរាជវាំងយួន នារាជធានីហ្វេ ដើម្បីចុះហត្ថលេខាលើ «សេចក្ដីប្រកាស ឯករាជ្យ» (Tuyên cáo Việt Nam độc lập) បង្កើតជាប្រទេសយួនមួយមានឈ្មោះថា «ដេក្វឹកវៀតណាម» (Đế quốc Việt Nam / Empire of Vietnam) មានន័យថា «អាណាចក្រវៀតណាម» ដោយមានផ្ទៃដីគ្របដណ្ដប់លើរដ្ឋអណ្ណាម (ភាគកណ្ដាល) និងតុងកឹង (ភាគខាងជើង) វៀតណាម ។ ចំណែកទឹកដីកម្ពុជាក្រោម ត្រូវឋិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ។ «សេចក្ដីប្រកាសឯករាជ្យ» នេះ ស្ដេច បាវ ដាយ បានលុបចោលនូវសន្ធិសញ្ញានយោបាយផ្សេងៗរវាងយួន និងបារាំង ក្នុងនោះ មានសន្ធិសញ្ញា ទីក្រុងហ្វេ ឆ្នាំ ១៨៨៤ (Treaty of Huế, 1884) ដែលយួនបានយល់ព្រមដាក់ដែនដី អណ្ណាម និងតុងកឹង ឲ្យនៅក្រោមអាណាព្យាបាលបារាំង ។
“យោងតាមស្ថានការណ៍របស់ពិភពលោកទាំងមូល និងស្ថានការណ៍ នៅទ្វីបអាស៊ី រដ្ឋាភិបាលវៀតណាម សូមប្រកាសជាឱឡារិកថា ចាប់ពីថ្ងៃ នេះតទៅ សន្ធិសញ្ញាអាណាព្យាបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយនឹង ប្រទេសបារាំង នឹងត្រូវលុបចោល និងចាត់ទុកជាមោឃៈ ។ វៀតណាម នឹងយកមកទាំងស្រុងនូវអធិបតេយ្យរបស់ខ្លួនជាប្រទេសមួយដែលមាន ឯករាជ្យ ” ។
—សម្រង់សេចក្ដីប្រកាសឯករាជ្យ របស់ បាវ ដាយ—
គ្រាន់តែបង្កើតបានរដ្ឋាភិបាលភ្លាម នាយករដ្ឋមន្ត្រីយួន ត្រឹង ទ្រង់ គឹម បានបញ្ជូន មន្ត្រីរបស់ខ្លួនចុះមកកម្ពុជាក្រោម ដើម្បីបញ្ចុះបញ្ចូលជប៉ុនឲ្យប្រគល់ទឹកដីកូស័ងស៊ីន ដែលយួនហៅថា ណាមគី នោះ ឲ្យយួនវិញ តែជប៉ុនមានការអល់អែក ដោយសារ ព្រះរាជាខ្មែរក៏បានទាមទារយកទឹកដីកម្ពុជាក្រោម មកវិញដែរ [33] ។
ដោយបានដំណឹងថា ជប៉ុនមានបំណងប្រគល់ តុងកឹង អណ្ណាម និងកូស័ងស៊ីន ឬកម្ពុជាក្រោម ឲ្យទៅស្ដេច បាវ ដាយ កាន់កាប់ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៥ ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ បានចេញរាជប្រកាសមួយបញ្ជាក់អំពីកម្ពុជាក្រោមជាកម្មសិទ្ធិរបស់កម្ពុជា ដោយស្នើឲ្យមានគណៈកម្មការមួយចរចាគ្នាអំពីបញ្ហាព្រំដែន ។ ផ្ទុយទៅវិញ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៤៥ ជប៉ុន បានប្រគល់ តុងកឹង អណ្ណាម និង កម្ពុជាក្រោម ឲ្យទៅ បាវ ដាយ ដដែល ។ ជប៉ុនខិតខំជំរុញឲ្យមានឯកភាពនៅវៀតណាម ដោយបានបញ្ចូលទាំងកម្ពុជាក្រោម ទៅជាមួយផង ទោះបីជប៉ុនខ្លួនឯងមិនបានកាន់កាប់គ្រប់តំបន់នៅឥណ្ឌូចិននេះក៏ដោយ [34] ។
រដ្ឋាភិបាល របស់ បាវ ដាយ ដែលមានជប៉ុនគាំទ្រនោះ មានអាយុកាលដ៏ខ្លីត្រឹមតែ ៦ ខែ ១១ ថ្ងៃ ប៉ុណ្ណោះ ក៏ត្រូវរំសាយនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៤៥ ។ ការរំសាយនេះ ដោយសារអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើប្រទេសជប៉ុន នៅទីក្រុង ហ៊ីរ៉ូស្ហីម៉ា (Hiroshima) និង ណាហ្គាសាគី (Nagasaki) នៅថ្ងៃទី ៦ និងទី ៩ ខែសីហា ឆ្នាំ ១៩៤៥ បានធ្វើឲ្យជប៉ុនចុះចាញ់ក្រុមសម្ព័ន្ធមិត្ត ហើយរដ្ឋាភិបាលរបស់ បាវ ដាយ ដែលពឹងលើកម្លាំងយោធារបស់ជប៉ុននោះ គ្មានកម្លាំងតតាំង ក៏ត្រូវក្រុមយៀកមិញ (Việt Minh) ដែលមាននិន្នាការប្រឆាំងបារាំង និងជប៉ុន ដណ្ដើមយកអំណាច និងបានបង្ខំឲ្យ ស្ដេច បាវ ដាយ ដាក់រាជ្យ ។ ហូ ជី មិញ បានប្រកាសឯករាជ្យ និងបង្កើតជារដ្ឋាភិបាលថ្មីមួយទៀតឈ្មោះថា សាធារណរដ្ឋប្រជាធិតេយ្យវៀតណាម ។
យៀកមិញ ដណ្ដើមអំណាច បង្ខំឲ្យ ស្ដេច បាវ ដាយ ដាក់រាជ្យ ឆ្នាំ ១៩៤៥
ពេលដែលក្រុមយៀកមិញដណ្ដើមបានអំណាចពីរដ្ឋាភិបាលរបស់ ស្ដេច បាវ ដាយ នៅហាណូយ (Hà Nội) និងនៅទីតាំងជាច្រើនទៀត នាយករដ្ឋមន្ត្រី ត្រឹង ទ្រង់ គឹម (Trần Trọng Kim) នៅរាជធានីហ្វេ បានសរសេរលិខិតសុំលាលែងពីតំណែង ។
នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ១៩៤៥ យៀកមិញបានផ្ញើលិខិតបង្ខំឲ្យស្ដេច បាវ ដាយ ដាក់រាជ្យ ដោយបានអះអាងថា គេដណ្ដើមបានអំណាចទូទាំងប្រទេសអស់ហើយ ។
ស្ដេច បាវ ដាយ បានប្រកាសយល់ព្រមដាក់រាជ្យ និងបោះបង់ចោលនូវរាជបល្ល័ង្ក ហើយធ្វើជារាស្ត្រធម្មតាវិញ ដែលមានឈ្មោះដើមថា ង្វៀង ផុក វិញ ទៃ (Nguyễn Phúc Vĩnh Thụy) បន្ទាប់ពីបានសោយរាជ្យអស់រយៈពេល ២០ ឆ្នាំ ។
ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៤៥ ជនជាតិយួនរាប់ពាន់នាក់ បានមកជួបជុំគ្នានៅមុខព្រះបរមរាជវាំង នៅរាជធានីហ្វេ ដើម្បីមើលស្ដេចអាននូវ «រាជប្រកាសដាក់រាជ្យ» ។ ស្ដេច បាវ ដាយ បានថ្លែងនៅក្នុងពិធីដាក់រាជ្យថា៖“យើងចង់ធ្វើជារាស្ត្ររបស់ប្រទេស មួយដែលមានសេរីភាព ជាជាងធ្វើជាស្ដេចនៃប្រទេសមួយដែលនៅក្រោមរណប គេ [35] ។ បន្ទាប់ពីបានក្លាយជារាស្ត្រធម្មតាភ្លាម បាវ ដាយ បានប្រគល់ត្រា និងព្រះខាន់រាជ្យជូនទៅតំណាងយៀកមិញ គឺ លោក ត្រឹង វី លេវ (Trần Huy Liệu) ដែលមានងារជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឃោសនាការ [36][37] ។
មកដល់ពេលនេះឃើញថា ប្រទេសយួនមានការប្រែប្រួលមួយយ៉ាងធំនៅក្នុងប្រវត្តិសាស្ត្រនោះគឺ របបរាជានិយមបានត្រូវដួលរលំ និងជនជាតិយួនលែងមានស្ដេចចាប់តាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃ ។
ហូ ជី មិញ ប្រកាសឯករាជ្យ បាវ ដាយ ចុះចូលជាមួយយៀកមិញ
បន្ទាប់ពីស្ដេច បាវ ដាយ បានដាក់រាជ្យជាផ្លូវការរួច នៅទីលានបាឌិញ (Ba Đình) នាទីក្រុងហាណូយ ហូ ជី មិញ បានប្រកាស “សេចក្ដីប្រកាសឯករាជ្យ” និងបង្កើតជា រដ្ឋាភិបាលថ្មីមួយទៀតឈ្មោះថា “សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម” (Việt Nam Dân chủ Cộng hòa) នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ។ សេចក្ដីប្រកាសឯករាជ្យនេះ បានចម្លងតាមសេចក្ដីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ដោយមានសេចក្ដីផ្ដើមថា៖ “មនុស្សគ្រប់រូបកើតមកមានសិទ្ធិស្មើគ្នា ។ ធម្មជាតិបានបង្កើតឲ្យពួកគេមានសិទ្ធិ ដោយគ្មាននរណាម្នាក់អាចបំពានបានឡើយ ។ សិទ្ធិទាំងនោះមានដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាព និងសិទ្ធិក្នុងការទទួលបាននូវសេចក្ដីសុខ ”។ ម្យ៉ាង ទៀត ហូ ជី មិញ ក៏បានស្រង់នូវសេចក្ដីប្រកាសឯករាជ្យរបស់ប្រទេសបារាំងដែលបានប្រកាសនៅក្នុងឆ្នាំ ១៧៩១ មកធ្វើជាសេចក្ដីប្រកាសឯករាជ្យរបស់ខ្លួន ផងដែរ ។
នៅក្នុងសេចក្ដីប្រកាសឯករាជ្យនេះដែរ ហូ ជី មិញ បានប្រកាសថា រដ្ឋាភិបាលរបស់ខ្លួនបានលុបចោលរាល់កិច្ចព្រមព្រៀងទាំងឡាយ ដែលបារាំងបានចុះហត្ថលេខាជាមួយនឹងវៀតណាម និងបានលុបចោលទាំងស្រុងនូវអំណាចរបស់បារាំងមកលើ ប្រទេសវៀតណាម ។
សូមបញ្ជាក់ថា មុនពេលប្រកាសឯករាជ្យ ហូ ជី មិញ ក៏បានអញ្ជើញ បាវ ដាយ ឲ្យទៅហាណូយ ដើម្បីផ្ដល់ជាតំណែងនៅក្នុងរដ្ឋាភិបាលដែលទើបតែបង្កើតថ្មី ផងដែរ ។ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ១៩៤៥ ក្រោយថ្ងៃ បាវ ដាយ ប្រកាសដាក់រាជ្យមួយថ្ងៃ និងមុនថ្ងៃ ហូ ជី មិញ ប្រកាសឯករាជ្យ ២ ថ្ងៃ បាវ ដាយ បានទទួលលិខិតអញ្ជើញមួយច្បាប់ពី ហូ ជី មិញ ក្នុងនាមរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ឲ្យទៅហាណូយ ដើម្បីទទួលតំណែងជាទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាល ។
“រដ្ឋាភិបាលបណ្ដោះអាសន្ន សូមអញ្ជើញ លោក វិញ ទៃ [បាវ ដាយ] ទៅហាណូយ ដើម្បីធ្វើជាទីប្រឹក្សាជាន់ខ្ពស់ឲ្យរដ្ឋាភិបាល ។ ប្រសិនបើយល់ ព្រម យើងនឹងមានសេចក្ដីណែនាំជាចាំបាច់មួយ ដើម្បីសម្រួលឲ្យលោក ទីប្រឹក្សាអាចចេញដំណើរទៅហាណូយបានឆាប់បំផុត ។ ហត្ថលេខា ហូ ជី មិញ” ។
បន្ទាប់ពីបានពិចារណាច្បាស់លាស់ហើយ បាវ ដាយ បានយល់ព្រមចូលធ្វើការជា មួយនឹងរដ្ឋាភិបាលថ្មីមួយនេះ និងបានចេញដំណើរពីទីក្រុងហ្វេទៅហាណូយចំថ្ងៃដែល ហូ ជី មិញ ប្រកាសឯករាជ្យតែម្ដង ។ ហូ ជី មិញ បានផ្ដល់តំណែង ដល់ បាវ ដាយ ជា ទីប្រឹក្សាជាន់ខ្ពស់ ដូចអ្វីដែលខ្លួនបានសន្យាមែន និងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៤៥ បានតែងតាំង បាវ ដាយ ជាសមាជិកម្នាក់ ក្នុងចំណោមសមាជិកទាំង ៧ នាក់ នៃគណៈកម្មការព្រាងច្បាប់រដ្ឋធម្មនុញ្ញសម្រាប់រដ្ឋាភិបាលបណ្ដោះអាសន្ន “សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម” ។ ក្រោយពីប្រកាសឯករាជ្យបានបីខែ រដ្ឋាភិបាលនេះបានរៀបចំការបោះឆ្នោតជាតិអាណត្តិទីមួយនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៤៦ ហើយ ហូ ជី មិញ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី និងជាប្រមុខរដ្ឋ ។
បាវ ដាយ ផ្ដាច់ខ្លួនចេញពី ហូ ជី មិញ ហើយនិរទេសខ្លួនទៅនៅហុងកុង
បន្ទាប់ពីបានដាក់ខ្លួនចុះចូលជាមួយនឹងក្រុមយៀកមិញបានប៉ុន្មាន ៦ ខែ ក្នុងឱកាសដែលគាត់បានទៅបំពេញទស្សនកិច្ចនៅចិន បាវ ដាយ ក៏បានផ្ដាច់ខ្លួនចេញពីរដ្ឋាភិបាល ហើយបាននិរទេសខ្លួនទៅនៅហុងកុង ដើម្បីស្វែងរកការគាំទ្រពីបរទេសក្នុងការបង្កើតជារដ្ឋាភិបាលថ្មីមួយទៀត ។
នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ១៩៤៦ បាវ ដាយ បានរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិប តេយ្យវៀតណាម ចាត់ឲ្យដឹកនាំប្រតិភូមួយក្រុមទៅបំពេញទស្សនកិច្ចនៅចិន ។ មាន ឱកាសបានចេញទៅប្រទេសក្រៅ បាវ ដាយ ក៏សម្រេចចិត្តលែងវិលត្រឡប់ចូលស្រុកវិញ ដោយបានផ្ដាច់ខ្លួនចេញពីប្រតិភូ ហើយនិរទេសខ្លួនទៅនៅហុងកុង ។
នៅហុងកុង បាវ ដាយ បានទាក់ទងអ្នកនយោបាយបរទេសជាច្រើន ក្នុងនោះ មាន អគ្គមេបញ្ជាការកងទ័ព ចច ម៉ារសល្ល (George Marshall) ជាប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសចិន (១៩៤៥ – ១៩៤៧) អ្នកដែលបានយកនូវកិច្ចចរចាជា មួយ បាវ ដាយ ទៅជូនប្រធានាធិបតីសហរដ្ឋអាមេរិក ហែររី អេស ទ្រូមែន (Harry S. Truman) (១៩៤៥ – ១៩៥៣) ។
បានដឹងការណ៍នេះ ហូ ជី មិញ បានបញ្ជូនមន្ត្រីរបស់ខ្លួនទៅហុងកុងជាច្រើនលើក ដើម្បីបញ្ចុះបញ្ចូលឲ្យ បាវ ដាយ ត្រឡប់មកប្រទេសវិញ តែគ្មានលទ្ធផល ។
ឆ្នាំ ១៩៤៧ ហូ ជី មិញ បានឆ្លើយតបនឹងសារព័ត៌មានអំពីរឿង បាវ ដាយ និរទេសខ្លួននៅបរទេសថា៖ “យើងខ្ញុំឃ្លាតគ្នាតែកាយទេ តែចិត្តមិនបែកពីគ្នាឡើយ ។ រដ្ឋាភិបាល និងប្រជាជនវៀតណាមមានទំនុកចិត្តយ៉ាងមុតមាំចំពោះភក្ដីភាពរបស់ លោកទីប្រឹក្សា វិញ ទៃ [បាវ ដាយ] ទោះបីសព្វថ្ងៃកំពុងនៅបរទេសក៏ដោយ ក៏គាត់នៅតែបន្តធ្វើការឲ្យរដ្ឋាភិបាលជាតិ និងគាត់នៅជាសមាជិករបស់យើងដដែល” ។
ផ្ទុយពីអ្វីដែល ហូ ជី មិញ បាននិយាយ មិនយូរប៉ុន្មាន បាវ ដាយ ក៏បានផ្ញើលិខិតពីក្រៅប្រទេសមកសុំលាលែងតំណែង «ទីប្រឹក្សាជាន់ខ្ពស់» នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ។
ចាប់តាំងពីពេលនោះមក បាវ ដាយ និង ហូ ជី មិញ បានក្លាយជាសត្រូវនឹងគ្នាគ្មាន ទីបញ្ចប់ ។ សត្រូវនោះ ដោយសារ បាវ ដាយ បានត្រឡប់ចូលស្រុកវិញ ហើយរួមដៃជាមួយបារាំងបង្កើតជារដ្ឋាភិបាលថ្មីមួយទៀតឈ្មោះថា “រដ្ឋវៀតណាម” (Quốc gia Việt Nam) ជារដ្ឋាភិបាលមួយឋិតនៅក្នុងលក្ខន្តិកៈនៃសហភាពបារាំងសែស (Union Française) ។ មកដល់ពេលនេះ សង្គ្រាមហែកហួរគ្នារវាងយួនកុម្មុយនីស្តយៀកមិញខាងជើង និងយួនខាងត្បូងដែលមានបារាំង និងសហរដ្ឋអាមេរិកគាំទ្រ បានបន្តឆាបឆេះកាន់តែខ្លាំងឡើងៗ នៅលើទឹកដីកម្ពុជាក្រោម តុងកឹង និងអណ្ណាម អូសបន្លាយថែម ៣០ ឆ្នាំទៀត (១៩៤៥ – ១៩៧៥) ។
កម្ពុជាក្រោម ក្នុងសម័យ «សាធារណរដ្ឋស្វយ័តកូស័ងស៊ីន» ពីឆ្នាំ ១៩៤៦ – ១៩៤៨
ចាប់ពីឆ្នាំ ១៩៤៦ ដល់ ១៩៤៩ កម្ពុជាក្រោម ត្រូវបានបារាំងបង្កើតជារដ្ឋាភិបាលមួយឈ្មោះថា «សាធារណរដ្ឋស្វយ័តកូស័ងស៊ីន» (République autonome de Cochin chine) នៅក្នុងលក្ខន្តិកៈនៃសហភាពបារាំង ដោយមានជនជាតិយួនដែលស្និទ្ធនឹងបារាំង ជាអ្នកកាន់កាប់ផ្ទាល់លើកិច្ចការផ្សេងៗ តែមន្ត្រីបារាំងជាអ្នកត្រួតត្រានៅពីលើ ។ ការបង្កើតរដ្ឋាភិបាលថ្មីនេះ បន្ទាប់ពីបារាំងបានដណ្ដើមអំណាចពីជប៉ុនមកកាន់កាប់ឡើង វិញ នៅក្នុងឆ្នាំ ១៩៤៥ ។
បន្ទាប់ពីបានរំដោះប្រទេសបារាំងចេញពីពួកអាល្លឺម៉ង់ណាស៊ី លោកឧត្ដមសេនីយ៍ ឆារលិ៍ ឌឺ ហ្គោល្លិ៍ (Charles de Gaulle) ក្នុងឋានៈជាប្រធានរដ្ឋាភិបាលសាធារណរដ្ឋបារាំងបណ្ដោះអាសន្ន បានប្រកាសគោលនយោបាយរបស់បារាំងសម្រាប់ឥណ្ឌូចិន នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ១៩៤៥ ថា៖
“ប្រទេសទាំង ៥ ដែលបង្កើតជាសហព័ន្ធឥណ្ឌូចិន ដែលត្រូវ បានសម្គាល់ដោយអារ្យធម៌ ពូជសាសន៍ និងប្រពៃណី នោះ នៅតែបន្ត រក្សានូវសញ្ញលក្ខណ៍ផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងសហព័ន្ធដដែល” ។ [38]
តាមរយៈសេចក្ដីថ្លែងការណ៍នេះ ឃើញថា នៅពេលសង្គ្រាមលោកលើកទី ២ បានបញ្ចប់ បារាំងនៅតែចាត់ទុក កម្ពុជាក្រោម ដែលបារាំងហៅថា កូស័ងស៊ីន អណ្ណាម តុងកឹង លាវ និងកម្ពុជា ជាប្រទេស ៥ ដាច់ដោយឡែកពីគ្នានៅក្នុងសហព័ន្ធឥណ្ឌូចិន ។ នេះមានន័យថា បារាំងនៅតែចាត់ទុក កម្ពុជាក្រោម ថាជាទឹកដីឯនាយសមុទ្ររបស់ខ្លួន ដដែល វាផ្ទុយនឹងគំនិតរបស់ ហូ ជី មិញ ដែលតែងតែចង់ឲ្យប្រទេសវៀតណាមបានទទួលឯករាជ្យដោយឯកភាពទឹកដីនៅលើតំបន់ទាំង ៣ គឺ តុងកឹង (ភាគខាងជើង) អណ្ណាម (ភាគកណ្ដាល) និង កម្ពុជាក្រោម ដែលយួនហៅថា ណាមគី (Nam Kỳ) (ភាគខាងត្បូង) ។
ពេលសង្គ្រាមលោកលើកទី ២ បានបញ្ចប់ ជប៉ុនបានចាញ់សង្គ្រាមក្រុមសម្ព័ន្ធមិត្ត នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៤៥ ទឹកដីកម្ពុជាក្រោម ត្រូវកងទ័ពអង់គ្លេសកាន់កាប់ ដោយឧត្ដមសេនីយ៍ ដាកគ្លើស គ្រេស៊ី (Douglas Gracey) ក្នុងឋានៈជាអ្នកតំណាងរបស់ក្រុមសម្ព័ន្ធមិត្ត (Allies) [39] ។ នៅក្នុងខែតុលា បន្ទាប់ពីទ័ពរបស់អង់គ្លេសបានប្រគល់សិទ្ធិអំណាចមកឲ្យទ័ពបារាំង ទើបបារាំងបានចាប់ផ្ដើមបញ្ជាទ័ពរបស់ខ្លួនមកដណ្ដើមកាន់កាប់ទូទាំងដែនដីកម្ពុជាក្រោម ឡើងវិញ ។ សង្គ្រាមរវាងបារាំង និងទ័ពព្រៃ យៀកមិញ [40] ក៏បានចាប់ផ្ដើមផ្ទុះឡើង ។
នៅពាក់កណ្ដាលឆ្នាំ ១៩៤៦ បារាំងបានកាន់កាប់ទឹកដីកម្ពុជាក្រោម និងអណ្ណាម ឡើងវិញ តែតាមការពិត ការកាន់កាប់នេះ មិនបាននៅគ្រប់ច្រកល្ហកទេ គឺមានតែនៅក្នុងទីប្រជុំជន ។ ចំណែកនៅតាមស្រុកស្រែចម្ការ តំបន់ដាច់ស្រយាល និងនៅតាមព្រៃ ភក់ល្បាប់ កាន់កាប់ដោយទាហានយៀកមិញ ក្រោមការទទួលខុសត្រូវរបស់ ត្រឹង វ៉ាំង យ៉ាវ (Trần Văn Giàu) បានបន្តការរៀបចំរចនាសម្ព័ន្ធ និងវាយឆ្មក់តាមរបៀបទ័ពព្រៃ ។ [41]
នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ១៩៤៦ លោកឧត្ដមនាវីស្នងការជាន់ខ្ពស់ប្រចាំឥណ្ឌូចិន ដាកហ្សង់ឌីយើ (D’Argenlieu) បានចេញញត្តិមួយឲ្យបង្កើត «ក្រុមប្រឹក្សាពិគ្រោះ កូស័ងស៊ីន» (Conseil consultatif de Cochinchine) ដោយមានសមាជិក ១២ នាក់ ក្នុងនោះ មានយួនដែលមានសញ្ជាតិបារាំង ៨ នាក់ [42] និងបារាំង ៤ នាក់ ។ [43]
នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ១៩៤៦«ក្រុមប្រឹក្សាពិគ្រោះកូស័ងស៊ីន» បានប្ដូរឈ្មោះថ្មីទៅជា «ក្រុមប្រឹក្សាកូស័ងស៊ីន» (Conseil de Cochinchine) ដោយមានសមាជិកកើនឡើងដល់ទៅចំនួន ៤២ នាក់ ។
ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៩៤៦ ស្នងការជាន់ខ្ពស់ប្រចាំឥណ្ឌូចិន ដាកហ្សង់ឌីយើ បានប្រកាសបង្កើតរដ្ឋាភិបាលមួយឈ្មោះថា «សាធារណរដ្ឋស្វយ័តកូស័ងស៊ីន» ដោយមាន លោក ង្វៀង វ៉ាំង ធិន (Nguyễn Văn Thinh) ធ្វើជាប្រធាន និង លោក ង្វៀង វ៉ាំង ស្វឹង (Nguyễn Văn Xuân) ជាអនុប្រធាន [44] ។ អ្នកទាំងពីរនេះ ជាជនជាតិយួនដែលមានសញ្ជាតិបារាំង និងធ្លាប់បានសិក្សានៅប្រទេសបារាំង ដូចគ្នា ។
លោក ធិន ឡើងដឹកនាំមិនបានមួយឆ្នាំផង ក៏បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ ហើយ លោក ឡេ វ៉ាំង វ៉ាច់ (Lê Văn Hoạch) បានឡើងដឹកនាំបន្តរហូតដល់ឆ្នាំ ១៩៤៧ និងចុងក្រោយបង្អស់ លោក ង្វៀង វ៉ាំង ស្វឹង បានឡើងដឹកនាំបន្តរហូតដល់ថ្ងៃគាត់សុំលាលែងពីតំណែងនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ១៩៤៨ ដើម្បីទៅដឹកនាំរដ្ឋាភិបាលថ្មីមួយទៀតឈ្មោះថា “រដ្ឋាភិបាលកណ្ដាលបណ្ដោះ អាសន្នវៀតណាម” ដែលបានបង្កើតដោយ បាវ ដាយ ជាអតីតស្ដេចអណ្ណាមដែលត្រូវ ហូ ជី មិញ បង្ខំឲ្យដាក់រាជ្យ និងកំពុងតែនិរទេសខ្លួននៅហុងកុង ។
មេដឹកនាំជនជាតិយួនដែលដឹកនាំរដ្ឋាភិបាល “សាធារណរដ្ឋស្វយ័តកូស័ងស៊ីន” ចាប់ ពីឆ្នាំ ១៩៤៦ ដល់ ១៩៤៨ រួមមាន ៣ រូប គឺ៖
កម្ពុជាក្រោម ក្នុងសម័យ «រដ្ឋាភិបាលកណ្ដាលបណ្ដោះអាសន្នវៀតណាម»
នៅក្នុងឆ្នាំ ១៩៤៨ និង ១៩៤៩ ទឹកដីកម្ពុជាក្រោម ត្រូវក្រុមមេដឹកនាំយួនដែលមាននិន្នាការប្រឆាំងនឹងយៀកមិញ និងស្និទ្ធជាមួយនឹងបារាំង បានបង្កើតជារដ្ឋាភិបាលថ្មីមួយទៀតឈ្មោះថា “រដ្ឋាភិបាលកណ្ដាលបណ្ដោះអាសន្នវៀតណាម” (Chính phủ Trung ương lâm thời Việt Nam / Gouvernement central provisoire du Viêt Nam) ក្នុងគោលបំណងរារាំងនូវមហិច្ឆតាដណ្ដើមអំណាច និងឯកភាពជាតិវៀតណាម ដោយ ហូ ជី មិញ នៃរដ្ឋាភិបាល សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ខាងជើង ។ ម្យ៉ាងទៀត រដ្ឋាភិបាលបណ្ដោះអាសន្ននេះ មានតួនាទីចរចាជាមួយបារាំងអំពី«ឯករាជ្យ» និងអំពីអ្វីមួយដែលយួនហៅថា «ឯកភាពទឹកដី» នៅលើភូមិភាគ ឬតំបន់ទាំង ៣ គឺ ភាគខាងជើង ភាគកណ្ដាល និងភាគខាងត្បូង ឬ ដែនដីកម្ពុជាក្រោម ដែលយួនហៅថា ណាមគី ។ ក្រោយមក ក្រុមមេដឹកនាំនៃរដ្ឋាភិបាលនេះ បានរួបរួមគ្នាជាមួយ បាវ ដាយ បង្កើតជារដ្ឋាភិបាលថ្មីមួយទៀតឈ្មោះថា « រដ្ឋវៀតណាម» (Quốc gia Việt Nam / État du Viêt Nam) បន្ទាប់ពីបារាំងបានយល់ព្រមភ្ជាប់ «ទឹកដីកម្ពុជាក្រោម» ឲ្យចូលជាមួយនឹងទឹកដីវៀតណាម នៅឆ្នាំ ១៩៤៩ ។
នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ១៩៤៧ លោក ប៉ុល រ៉ាម៉ាឌីយើ (Paul Ramadier) បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសបារាំងភ្លាម បានធ្វើសេចក្ដីថ្លែងការណ៍មួយថា រដ្ឋាភិបាលរបស់លោក គ្មានជំទាស់អ្វីនឹងឯករាជ្យ និងឯកភាពជាតិរបស់វៀតណាមទេ ឲ្យតែវៀតណាមនោះ ឋិតនៅក្នុងសហព័ន្ធឥណ្ឌូចិន (Fédération indochinoise) និងសហភាពបារាំង (Union française) [45] និងបារាំងនឹងស្វាគមន៍ជានិច្ចចំពោះការចរចាជាមួយនឹងតំណាងពិតប្រាដកមួយរបស់វៀតណាម ។ បីខែក្រោយមក នៅថ្ងៃទី ១៣ ខែមីនា លោក អ៊ីមីល បូលឡាអែរត៍ (Émile Bollaert) បានទទួលតំណែងជាស្នងការជាន់ខ្ពស់នៅឥណ្ឌូចិនជំនួស ឧត្ដមនាវី ដាកហ្សង់ឌីយើ ។ បន្ទាប់ពីខិតខំមិនបានជោគជ័យក្នុងការទប់ស្កាត់ការបាញ់ និងវាយប្រហារដោយទ័ពព្រៃយៀកមិញមក លោក បូលឡាអែរត៍ បានងាកមករកធ្វើការចរចាជាមួយ បាវ ដាយ ក្នុងគោលបំណងបញ្ចុះបញ្ចូលឲ្យអតីតស្ដេចដាក់រាជ្យរូបនេះ វិលត្រឡប់ចូលស្រុកធ្វើជាមេដឹកនាំ និងកាន់អំណាចឡើងវិញ ដើម្បីឯកភាពទឹកដីវៀតណាម ប៉ុន្តែការចរចានេះ ត្រូវអូសបន្លាយពេលជាច្រើនខែ ព្រោះ បាវ ដាយ ងឿកគេចចេញទៅកម្សាន្តនៅអឺរ៉ុបជាច្រើនសា ដោយសារ បារាំងមិនព្រមដាក់ភ្ជាប់ ទឹកដីកម្ពុជាក្រោម ឲ្យចូលជាមួយនឹងទឹកដីវៀតណាម ។ [46]
បានជ្រាបការណ៍នេះ សម្ព័ន្ធគណបក្សនយោបាយជាតិនិយមយួនមួយក្រុម ដែលប្រឆាំងនឹងយៀកមិញ គឺ «សម្ព័ន្ធរណសិរ្សឯកភាពជាតិ» (Mặt trận Thống nhất Quốc gia Liên hiệp / Front d’Union Nationale) បានចេញសេចក្ដីសម្រេចមួយ គាំទ្រគោលនយោបាយឲ្យ បាវ ដាយ ចរចាជាមួយនឹងបារាំងស្ដីអំពី «ឯករាជ្យ» របស់ វៀតណាម ។ នៅខែឧសភា ឆ្នាំ ១៩៤៧ រណសិរ្សនេះ បានបញ្ជូនប្រតិភូរបស់ខ្លួនទៅហុងកុង ដើម្បីបញ្ចុះបញ្ចូលឲ្យ បាវ ដាយ បង្កើតជារដ្ឋាភិបាលកណ្ដាលមួយ ហើយធ្វើការចរចាជាមួយបារាំងអំពី «ឯករាជ្យ» នៅវៀតណាម ។ ក្រុមចលនានយោបាយជាសមាជិកនៃសម្ព័ន្ធរណសិរ្ស ដែលគាំទ្រ បាវ ដាយ នោះ រួមមាន កាវដាយ (Cao Đài), ហ្វាហាវ (Hòa Hảo), សម្ព័ន្ធបដិវត្តន៍វៀតណាម (Việt Nam Cách mệnh Đồng minh Hội), គណបក្សប្រជាជាតិដាយវៀត (Đại Việt Quốc dân đảng) និង គណបក្សប្រជាជាតិវៀតណាម (Việt Nam Quốc dân Đảng) ។[47]
នៅខែវិច្ឆិកា ឆ្នាំ ១៩៤៧ លោក បូឡាអែរត៍ បានស្នើសុំជួប បាវ ដាយ ។ ប្រហែលមួយខែក្រោយមក អ្នកទាំងពីរបានជួបគ្នា ២ ថ្ងៃ គឺនៅថ្ងៃទី ៦ និង ៧ ខែធ្នូ នៅលើនាវាចម្បាំងរបស់បារាំង នាឆកសមុទ្រហាឡុង (Vịnh Hạ Long) ។ នៅក្នុងកិច្ចប្រជុំលើកទីមួយនេះ បាវ ដាយ បានចុះសន្ធិសញ្ញាមួយជាមួយនឹងបារាំង ដោយបារាំងបានសន្យាថា នឹងផ្ដល់ឯករាជ្យខាងនយោបាយដល់វៀតណាម ។ ពាក្យ «ឯករាជ្យ» ដែលបារាំងបានផ្ដល់ឲ្យ បាវ ដាយ នាពេលនោះ មានលក្ខណៈចង្អៀតចង្អល់ បានធ្វើឲ្យក្រុមសម្ព័ន្ធ គណបក្សនយោបាយជាតិនិយមយួនដែលធ្លាប់គាំទ្រ បាវ ដាយ ឲ្យមានកិច្ចចរចានោះ បានថ្កោលទោសភ្លាមៗថា សន្ធិសញ្ញានេះ វៀតណាមមិនបានទទួលឯករាជ្យពិតប្រាកដនោះទេ ។ បាវ ដាយ ខកចិត្ត ក៏បានដកខ្លួនចេញពីឆាកនយោបាយម្ដងទៀត ហើយបានទៅលាក់ខ្លួនលេងសប្បាយភ្លើតភ្លើននៅមជ្ឈមណ្ឌលកម្សាន្តនៅអឺរ៉ុបអស់ ៤ ខែ បានធ្វើឲ្យលោកក្លាយទៅជា «អធិរាជក្លឹបរាត្រី» (night club emperor) ។ [48]
ខែមករា ឆ្នាំ ១៩៤៨ ស្នងការជាន់ខ្ពស់ឥណ្ឌូចិន លោក បូលឡាអែរត៍ បានទៅជួប បាវ ដាយ នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ដើម្បីបញ្ចុះបញ្ចូលគាត់ឲ្យវិលចូលស្រុកបន្តពិភាក្សាគ្នា និងបង្កើតជារដ្ឋាភិបាល ។ បាវ ដាយ បានបញ្ជាក់ថា ប្រសិនបើ «សន្ធិសញ្ញាឆកសមុទ្រហាឡុង» (Hiệp ước Vịnh Hạ Long) មិនបានបំពេញបន្ថែមទេ គាត់នឹងមិនវិលត្រឡប់ចូលស្រុកឡើយ ។ បន្ទាប់មក បាវ ដាយ បានធ្វើដំណើរទៅបារាំង ដើម្បីស្ទាបស្ទង់ស្ថានការណ៍ និងបានវិលត្រឡប់ទៅហុងកុង វិញ ។ [49]
ខែមីនា ឆ្នាំ ១៩៤៨ បាវ ដាយ និង ក្រុមមេដឹកនាំយួននៃ “សម្ព័ន្ធរណសិរ្សឯកភាពជាតិ” បានជួបជុំគ្នានៅហុងកុង ហើយឯកភាពបង្កើតជារដ្ឋាភិបាលមួយឈ្មោះថា “រដ្ឋាភិបាលកណ្ដាលបណ្ដោះអាសន្នវៀតណាម” ។ [50] នៅថ្ងៃទី ២៧ ខែឧសភា បារាំងបានទទួលយល់ព្រមតាមការស្នើរបស់ បាវ ដាយ ឲ្យបង្កើតរដ្ឋាភិបាលបណ្ដោះ អាសន្នមួយនេះ ក្រោមការដឹកនាំរបស់ ឧត្ដមសេនីយ៍ ង្វៀង វ៉ាំង ស្វឹង ដែលក្នុងនោះមានរដ្ឋមន្ត្រីតំណាងមកពីហាណូយ (ភាគខាងជើង) ហ្វេ (ភាគកណ្ដាល) និងព្រៃនគរ (ភាគខាងត្បូង ឬ កម្ពុជាក្រោម) ។ [51]
បារាំងបង្កើតផែនការ «ដំណោះស្រាយ បាវ ដាយ» ដើម្បីប្រឆាំងនឹងយៀកមិញ
នៅពេលនោះ យួនមានរដ្ឋាភិបាលពីរគឺ “រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យ វៀតណាម” បានបង្កើតឡើងដោយក្រុមយៀកមិញ ដែលមាន ហូ ជី មិញ ជាប្រធាន និង «រដ្ឋាភិបាលកណ្ដាលបណ្ដោះអាសន្នវៀតណាម» ហើយក្រោយមកក្លាយទៅជា រដ្ឋាភិបាល “រដ្ឋវៀតណាម” ដែលដឹកនាំ ដោយ បាវ ដាយ ។ ហូ ជី មិញ ជាសត្រូវរបស់បារាំង និងជាអ្នកកុម្មុយនីស្តនិយម បានប្រកាសឯករាជ្យជាឯកតោភាគី នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ហើយបានប្រកាសធ្វើសង្គ្រាមប្រឆាំងនឹងបារាំងតាមរយៈទ័ពព្រៃ ដើម្បីឲ្យបារាំងដកអាណានិគមចេញពីវៀតណាម ។ បាវ ដាយ ជាអតីតស្ដេចរបស់យួន ដែលត្រូវយៀកមិញបង្ខំឲ្យដាក់រាជ្យ ស្និទ្ធនឹងបារាំង និងជាអ្នកសេរីនិយម បានបង្កើតជារដ្ឋាភិបាលផ្ដាច់ខ្លួនចេញពី ហូ ជី មិញ ហើយបានបារាំងទទួលស្គាល់ជារដ្ឋាភិបាលនៅក្នុងក្របខ័ណ្ឌនៃសហភាពបារាំង ។ ហូ ជី មិញ និង បាវ ដាយ ប្រកាន់យកគោលជំហរចង់បាន “ឯករាជ្យ” និង “ឯកភាពទឹកដី” ឬ ចង់លេបយក “ទឹកដីកម្ពុជាក្រោម” ដូចគ្នា តែខុសគ្នាត្រង់ថា ហូ ជី មិញ ជាមនុស្សកុម្មុយនីស្ត ប្រឆាំងបារាំង ចំណែក បាវ ដាយ ជាមនុស្សសេរី ស្និទ្ធនឹងបារាំង ។
ក្រោយសង្គ្រាមលោកលើកទី ២ បារាំងនៅតែបន្តពង្រីកអំណាចដើម្បីធ្វើអាណានិគមនៅឥណ្ឌូចិន តែត្រូវប្រឈមនឹងការក្រោកឡើងប្រឆាំងយ៉ាងខ្លាំងពីកងទ័ពយៀកមិញដែលដឹកនាំដោយ ហូ ជី មិញ ។ ក្នុងស្ថានភាពដ៏លំបាកនេះ បារាំងក៏បាននឹកឃើញនូវល្បិចកល «បន្លាមុតយកបន្លាជោះ»ដោយបានបង្កើតឲ្យមាននយោបាយ «ដំណោះ ស្រាយ បាវ ដាយ» (Giải pháp Bảo Đại/The Bao Dai Solution) ដើម្បីបង្វែរពី សង្គ្រាមរវាងបារាំងជាមួយនឹងយៀកមិញ ទៅជាសង្រ្គាមរវាងយួនយៀកមិញជាមួយ នឹងយួន បាវ ដាយ ម្ដងវិញ ។
«ដំណោះស្រាយ បាវ ដាយ»ជាផែនការមួយដែលបារាំងបានព្យាយាមបញ្ចុះបញ្ចូលឲ្យអតីតស្ដេច បាវ ដាយ វិលចូលស្រុកវិញ ហើយបង្កើតជារដ្ឋាភិបាលយួនមួយ ដើម្បីប្រឆាំងនឹងកងទ័ពឧទ្ទាមកុម្មុយនីស្តយៀកមិញ ។
ថ្ងៃទី ២ ខែមករា ឆ្នាំ ១៩៤៧ ឆ្លើយនឹងទីភ្នាក់ងារព័ត៌មាន France-Sor ឧត្តមសេនីយ៍ ដាកហ្សង់ឌីយើ ជាស្នងការជាន់ខ្ពស់ឥណ្ឌូចិន បានថ្លែងថា៖ “ចាប់តាំងពីថ្ងៃនេះតទៅមុខ យើងគ្មានអ្វីត្រូវចរចាជាមួយនឹង ហូ ជី មិញ ទៀតទេ ” ។ ម្យ៉ាងទៀត “យើងនឹងស្វែងរកឲ្យឃើញនូវមនុស្សផ្សេងទៀតនៅក្នុងស្រុកនេះសម្រាប់ចរចា ” ។ [52]
បារាំងគិតថា ចាប់តាំងពី បាវ ដាយ បានដាក់រាជ្យមក យួនដែលគាំទ្រ បាវ ដាយ ជាច្រើន បានចុះចូលជាមួយនឹងយៀកមិញ ។ ដូច្នេះ ប្រសិនបើអាចធ្វើឲ្យ បាវ ដាយ វិលចូលស្រុកបង្កើតជារដ្ឋាភិបាលបាន អ្នកទាំងនោះ នឹងរត់ចេញពីជំរំតស៊ូរបស់យៀក មិញ ហើយមកចុះចូលជាមួយនឹងបារាំង ប្រឆាំងត្រឡប់ទៅយៀកមិញ ដែលដឹកនាំ ដោយ ហូ ជី មិញ ជាមិនខាន ។ នៅក្នុងលិខិតចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ ១៩៤៧ ឧត្ដម សេនីយ៍ ដាកហ្សង់ឌីយើ បានសរសេរថា៖ “ ដំណើរវិលត្រឡប់របស់ស្ដេច [បាវ ដាយ] ប្រហែលជាមានប្រសិទ្ធភាពធ្វើឲ្យស្ងប់ចិត្តអ្នកដែលបារម្ភអំពីការថ្កោលទោសថាជាជនក្បត់ជាតិ ដោយសារតែចុះចូលជាមួយនឹងយៀកមិញ ” ។ [53]
ដើម្បីអនុវត្តនូវផែនការនេះ ស្នងការនយោបាយសហព័ន្ធឥណ្ឌូចិន ឡេអុង ពីញ៉ុង (Léon Pignon) និងក្រោយមក គាត់បានក្លាយជាស្នងការជាន់ខ្ពស់ឥណ្ឌូនចិន ជំនួស លោក បូលឡាអែរត៍ បានសរសេរនៅក្នុងខែមករា ឆ្នាំ ១៩៤៧ ថា៖ “ទិសដៅរបស់យើងច្បាស់លាស់ណាស់ គឺបង្វែរបញ្ហាប្រឈមរបស់យើង [បារាំង] ជាមួយនឹង យៀកមិញ ទៅជាការប្រឈមមុខដាក់គ្នានៅក្នុងចំណោមជនជាតិយួនគ្នាឯង និងយើងគ្រាន់តែចូលរួមតិចតួចបំផុតដែលអាចធ្វើទៅបាន នៅក្នុងយុទ្ធនាការប្រតិបត្តិការសឹក និងការសងសឹក ដែលការណ៍នេះ គួរតែជាកិច្ចការរបស់ម្ចាស់ស្រុកដែលជាគូសត្រូវរបស់យៀកមិញ ” ។ [54]
បញ្ជាក់កាន់តែច្បាស់ផែនការនេះ អគ្គមេបញ្ជាការជាន់ខ្ពស់នៃកងទ័ពបារាំងប្រចាំឥណ្ឌូចិន ហ្សង់ ជៀន វ៉ាលុយ (Jean Étienne Valluy) បានថ្លែងថា៖ “ត្រូវបង្កើតឲ្យមានសង្គ្រាមផ្ទៃក្នុងបន្តិចបន្តួចរវាងជនជាតិយួនគ្នាឯង ” ។ [55]
នៅឆ្នាំ ១៩៤៧ អតីតមេយកការណ៍សម្ងាត់របស់បារាំងម្នាក់ប្រចាំឥណ្ឌូចិនឈ្មោះ កុស សូ (Cousseau) បានជួប បាវ ដាយ នៅហុងកុង ដើម្បីអញ្ជើញគាត់ឲ្យវិលចូលស្រុកកាន់អំណាចឡើងវិញតាមផែនការ «ដំណោះស្រាយ បាវ ដាយ» ។ មានមតិលើកឡើងថា ការណ៍នេះធ្វើឡើងក្នុងគោលបំណងប្រឆាំងនឹងយុទ្ធនាការទាមទារ ឯករាជ្យរបស់ចលនាយៀកមិញ។[56] មតិមួយចំនួនទៀតបានលើកឡើងថា “ដំណោះ ស្រាយ បាវ ដាយ” ធ្វើឡើង ក្នុងគោលបំណងឆ្លើយតបនឹងទំនោរអន្តរជាតិក្នុងការផ្ដល់ឯករាជ្យដល់ប្រទេសដែលនៅក្រោមអាណានិគម និងដើម្បីទប់ទល់នឹងការពង្រឹង ឥទ្ធិពលនៃលទ្ធិកុម្មុយនីស្តនៅឥណ្ឌូចិន ។ [57] តែសម្រាប់ បាវ ដាយ ខ្លួនឯងផ្ទាល់វិញ បានបញ្ជាក់ថា៖ “អ្វីដែលគេហៅថា ដំណោះស្រាយ បាវ ដាយ នោះ តាមពិត គ្រាន់តែជាដំណោះស្រាយរបស់បារាំងតែប៉ុណ្ណោះ ” ។ [58]
ដោយសារ បាវ ដាយ បានដឹងអំពីគំនិត “បារាំងត្រូវការ បាវ ដាយ” ទើប បាវ ដាយចេះតែងឿក [59] ជាច្រើនលើកច្រើនសា ដោយវិធីយកលេសដកខ្លួនចេញពីឆាកនយោបាយ ហើយគេចទៅលាក់ខ្លួននៅបរទេសដើម្បីឲ្យបារាំងអង្វរ ។ នៅពេលបានឃើញបារាំងកាន់តែទោរទន់ទៅរកខ្លួននោះ បាវ ដាយ ក៏បានតថ្លៃថា ប្រសិនបើបារាំងមិនព្រមលុបចោលនូវរបបអាណានិគមនៅលើទឹកដីកម្ពុជាក្រោម ដែលយួនហៅថា ណាមគី និងមិនព្រមប្រគល់ទឹកដីកម្ពុជាក្រោមឲ្យទៅយួននោះទេ គាត់នឹងមិនវិល ត្រឡប់ចូលស្រុកឡើយ ។
សន្ធិសញ្ញាឆកសមុទ្រហាឡុង ឆ្នាំ ១៩៤៨
នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩៤៨ បាវ ដាយ បានធ្វើជាសាក្សីនៅក្នុងកិច្ចប្រជុំ ជាលើកទីពីរ នៅលើនាវាចម្បាំង ឌូហ្គេ ទ្រូវើន (Duguay Trouin) របស់បារាំង នាឆក សមុទ្រហាឡុង ដើម្បីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយដែលហៅថា «សន្ធិ សញ្ញាឆកសមុទ្រហាឡុង» (The Ha Long Bay Agreement, 1948) ។ សន្ធិសញ្ញានេះ បានចុះហត្ថលេខាដោយ ឧត្ដមសេនីយ៍ ង្វៀង វ៉ាំង ស្វឹង ជាតំណាងរដ្ឋាភិបាលកណ្ដាលបណ្ដោះអាសន្នវៀតណាម និងស្នងការជាន់ខ្ពស់ឥណ្ឌូចិន បូលឡាអែរត៍ ជាតំណាងរដ្ឋាភិបាលសាធារណរដ្ឋបារាំង ។ សន្ធិសញ្ញានេះ បារាំងបានទទួលស្គាល់ជា ឱឡារិកនូវការផ្ដល់ឯករាជ្យដល់វៀតណាម ប៉ុន្តែ បារាំងនៅតែកាន់កាប់ផ្នែកទំនាក់ទំនងការបរទេស និងយោធា ដដែល ។ ក្រៅពីនេះ បារាំងបានពន្យាការផ្ទេរសិទ្ធិអំណាចលើមុខងារផ្សេងៗរបស់រដ្ឋាភិបាលនៅក្នុងកិច្ចពិភាក្សានាពេលអនាគត ។ តាមការណ៍ពិត គ្មានសិទ្ធិអ្វីមួយដែលបារាំងបានផ្ទេរឲ្យជនជាតិយួននោះទេ ។ បាវ ដាយ ងឿកម្ដងទៀត ក៏បានគេចចេញទៅអឺរ៉ុប ។ [60] សេចក្ដីថ្លែងការណ៍នោះ មាន ៣ ចំណុច៖
១. បារាំងទទួលស្គាល់ជាឱឡារិកនូវឯករាជ្យរបស់វៀតណាម ដោយមានសេរីភាពក្នុងការអនុវត្តនូវការឯកភាពទឹកដីរបស់ខ្លួន ។ ចំណែកខាងវៀតណាម បានប្រកាសចូលជាសមាជិកនៃសហភាព បារាំង ក្នុងឋានៈជាប្រទេសសមាគមនឹងបារាំង ។ ឯករាជ្យរបស់ វៀតណាម គ្មានអ្វីក្រៅពីឋិតក្នុងក្របខ័ណ្ឌនៃសហភាពបារាំងឡើយ ។
២. វៀតណាមសន្យាថា នឹងគោរពនូវសិទ្ធិ និងផលប្រយោជន៍ របស់ប្រជាជនបារាំង ធានាឲ្យមានការគោរពនូវគោលការណ៍ ប្រជាធិបតេយ្យ និងស្នើឲ្យមានទីប្រឹក្សា និង អ្នកបច្ចេកទេសបារាំង ជាអាទិភាព តាមតម្រូវការក្នុងការរៀបចំអង្គការផ្ទៃក្នុង និងសេដ្ឋកិច្ច របស់ខ្លួន ។
៣. ចាប់តាំងពីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននេះតទៅ តំណាងរបស់វៀតណាមនឹងដោះស្រាយយ៉ាងសមរម្យជាមួយនឹង តំណាងរបស់សាធារណរដ្ឋបារាំង លើផ្នែកវប្បធម៌ ការទូត យោធា សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកទេស ។ [61]
ហូ ជី មិញ ថ្កោលទោស បាវ ដាយ និង បារាំង
បន្ទាប់ពី«សន្ធិសញ្ញាឆកសមុទ្រហាឡុង» បានចេញជាផ្លូវការ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលដឹកនាំដោយ ហូ ជី មិញ បានប្រកាសថ្កោលទោស រដ្ឋាភិបាលកណ្ដាលបណ្ដោះអាសន្នវៀតណាម ដែលបានបង្កើតដោយ បាវ ដាយ ថា នោះគ្រាន់តែជារដ្ឋាភិបាលអាយ៉ងដែលបានបង្កើតឡើងដោយបារាំងតែប៉ុណ្ណោះ ។
នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ១៩៤៨ ហូ ជី មិញ បានថ្លែងថ្កោលទោស បាវ ដាយ និង បារាំងអំពីសន្ធិសញ្ញានេះ ហើយត្រូវបាន «កាសែតការពិត» (Báo Sự Thật) របស់ យៀកមិញ យកទៅចុះផ្សាយនៅថ្ងៃទី ១៩ មិថុនា ១៩៤៨ មានសេចក្ដីថា៖
“ថ្ងៃនេះ អាណានិគមបារាំងបានបង្កើតរដ្ឋាភិបាលអាយ៉ង មួយសម្រាប់គ្រប់គ្រងទូទាំងប្រទេសក្នុងមហិច្ឆតាជួញដូរនូវមាតុភូមិ វៀតណាមរបស់យើង ។ រដ្ឋាភិបាល និងប្រជាជនវៀតណាម នឹងយក ច្បាប់របស់រដ្ឋមកពិន័យជនក្បត់ជាតិទាំងនោះ ។ សម្រាប់ប្រទេស ទាំងឡាយនៅក្នុងពិភពលោក ខ្ញុំតំណាងរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាធិបតេយ្យវៀតណាម សូមប្រកាសជាឱឡារិកថា នឹងមិនទទួល ស្គាល់នូវលិខិតអ្វីមួយ ដែលក្រុមអាយ៉ងនោះ បានចុះកិច្ចព្រមព្រៀងជា មួយនឹងប្រទេសណាមួយជាដាច់ខាត” ។ [62]
ព្រះរាជាខ្មែរតវ៉ា
បន្ទាប់ពីសេចក្ដីថ្លែងការណ៍រួមនេះបានចេញផ្សាយជាផ្លូវការ ព្រះរាជាខ្មែរ ព្រះបាទ នរោត្តម សីហនុ បានធ្វើសេចក្ដីតវ៉ាមួយតាមព្រះរាជសារ ចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១៩៤៨ អំពីការដែលបារាំងមានបំណងភ្ជាប់ទឹកដីកម្ពុជាក្រោម ជាមួយនឹងវៀតណាម នេះ (ឯកសារកម្ពុជានៅក្នុងអង្គការសហប្រជាជាតិ ) ។ [63]
ក្រោយមក បាវ ដាយ បានដកខ្លួនចេញពីនយោបាយ និងបានគេចទៅអឺរ៉ុបម្ដង ទៀត ។ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ១៩៤៨ បាវ ដាយ បានផ្ដល់ដំណឹងដល់ស្នងការជាន់ខ្ពស់ឥណ្ឌូចិន បូលឡាអែរត៍ ថា លោកនឹងមិនវិលត្រឡប់ចូលវៀតណាមទៀតឡើយ ប្រសិនបើបារាំង មិនព្រមលុបចេញនូវរបបអាណានិគមនៅណាមគី (Nam Kỳ) និងមិនព្រមប្រគល់ទឹកដីណាមគី គឺ ទឹកដីកម្ពុជាក្រោម ឲ្យទៅវៀតណាម ទេនោះ ។ ម្យ៉ាងទៀត បាវ ដាយ បានអះអាងថា ប្រសិនបើលោកមិនទទួលបាននូវការធានាណាមួយពីបារាំងថានឹងប្រគល់ “ឯករាជ្យ” ឲ្យវៀតណាម នោះទេ លោកនឹងមិនវិលចូលស្រុកឡើយ ។ [64]
កិច្ចព្រមព្រៀងរវាង វ៉ាំងសង់ អូរីយ៉ូល និង បាវ ដាយ មុនពេលរដ្ឋសភាបារាំងអនុម័ត ផ្ទេរទឹកដីកម្ពុជាក្រោមឲ្យទៅយួន
ដើម្បីអនុវត្តនូវផែនការ«ដំណោះស្រាយ បាវ ដាយ» ប្រធានាធិបតីបារាំង វ៉ាំងសង់ អូរីយ៉ូល (Vincent Auriol) និង បាវ ដាយ បានចុះកិច្ចព្រមព្រៀងមួយហៅថា «កិច្ចព្រមព្រៀងអេលីសេ» (Accords de l’Elysée) នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ១៩៤៩ នាវិមានប្រធានាធិបតីអេលីសេ (Palais de l’Élysée) ដែលមានទីតាំងនៅទីក្រុងប៉ារីស ។ តាមរយៈកិច្ចព្រមព្រៀងនេះ បារាំងបានយល់ព្រមផ្ទេរអំណាចរដ្ឋបាល និងទទួលស្គាល់នូវ “រដ្ឋវៀតណាម” ថាជាប្រទេសមួយដែលមានឯករាជ្យនៅក្នុងសហភាពបារាំង ដោយមាន បាវ ដាយ ជាប្រមុខរដ្ឋ ។ នៅក្នុងកិច្ចព្រមព្រៀងនេះដែរ បារាំងមិនជំទាស់នូវការភ្ជាប់ទឹកដីកម្ពុជាក្រោមដែលយួនហៅថាណាមគី ជាមួយនឹងទឹកដីវៀតណាមឡើយ តែការភ្ជាប់នោះ ត្រូវតែស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសបារាំង ដោយតម្រូវឲ្យមានការធ្វើប្រជាមតិមួយទៅលើប្រជាជនដែលពាក់ព័ន្ធ ឬ អ្នកតំណាងរបស់ពួកគេ ។
កិច្ចព្រមព្រៀងអេលីសេ (Elysée Agreement) មាន ៣ ចំណុចធំៗ គឺ៖
ទីមួយ៖ សារលិខិតរបស់ប្រធានាធិបតីបារាំង និងប្រធានសហភាពបារាំង ផ្ញើជូនចំពោះ បាវ ដាយ និយាយអំពីនីតិវិធីក្នុងការភ្ជាប់ទឹកដីកម្ពុជាក្រោម ជាមួយនឹងរដ្ឋពីរ ផ្សេងទៀតនៃប្រទេសវៀតណាមគឺ តុងកឹង និងអណ្ណាម ដូចអ្វីមួយដែលយួនហៅថា “ឯកភាពទឹកដី” ។ សារលិខិតនេះ ក៏និយាយអំពី ការទូត តុលាការ អំណាចអធិបតេយ្យផ្ទៃក្នុង វប្បធម៌ យោធា សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃប្រទេសវៀតណាមនៅក្នុងក្របខណ្ឌនៃសហភាពបារាំង ផងដែរ ។
ទីពីរ៖ សារលិខិតរបស់ បាវ ដាយ ផ្ញើជូនចំពោះប្រធានាធិបតីបារាំង និងប្រធានសហភាពបារាំងថា ខ្លួនបានទទួលស្គាល់ និងបានទទួលយក ព្រមទាំងបានយល់ព្រមចំពោះលក្ខខណ្ឌរបស់សារលិខិតខាងលើ ។
ទីបី៖ សារលិខិតរបស់ប្រធានាធិបតីបារាំង ផ្ញើជូនចំពោះ បាវ ដាយ ដោយបានបំពេញបន្ថែមតាមសំណើរបស់ បាវ ដាយ ទាក់ទងនឹងបញ្ហាភ្ជាប់ទឹកដីកម្ពុជាក្រោម ជា មួយនឹងប្រទេសវៀតណាមដែលយួនហៅថា «ឯកភាពទឹកដី» និងបញ្ហាទំនាក់ទំនងការបរទេស ជាពិសេស ការផ្លាស់ប្ដូរមន្ត្រីការទូត ។ [65]
យោងតាមសារលិខិតរបស់ប្រធានាធិបតីបារាំង វ៉ាំងសង់ អារីយ៉ូល ដែលបានចុះហត្ថលេខាជាមួយនឹង បាវ ដាយ នៅក្នុងកិច្ចព្រមព្រៀងអេលីសេនេះ ត្រង់ចំណុចទីមួយស្ដីពី «ឯកភាពទឹកដី» បានបញ្ជាក់អំពីការភ្ជាប់ទឹកដីកម្ពុជាក្រោម ជាមួយនឹងរដ្ឋពីរផ្សេងទៀត នៃប្រទេសវៀតណាមថា៖
“ទោះបីសន្ធិសញ្ញាពីមុននៅតែមានសុពលភាពក្ដី ប្រទេស បារាំងសូមបញ្ជាក់ឡើងវិញនូវសេចក្ដីសម្រេចរបស់ខ្លួនជាឱឡារិកថា មិនថាតាមរយៈច្បាប់ ឬតាមភាពជាក់ស្ដែងទេ [បារាំង] នឹងមិនរារាំង ដោយប្រការណាមួយចំពោះការដែលទឹកដីកូស័ងស៊ីន [កម្ពុជាក្រោម] ត្រូវភ្ជាប់ជាមួយនឹងប្រទេសវៀតណាមឡើយ ។ វាត្រូវបានកំណត់ ដោយ ការរួបរួមនូវទឹកដីទាំងបីតំបន់គឺ តុងកឹង (ភាគខាងជើង) អណ្ណាម (ភាគកណ្ដាល) និង កូងស័ងស៊ីន (ភាគខាងត្បូង) [កម្ពុជាក្រោម] ។ ប៉ុន្តែការភ្ជាប់នូវទឹកដីកូស័ងស៊ីនជាមួយនឹងទឹកដីឯទៀតរបស់ វៀតណាមនោះ អាចប្រព្រឹត្តទៅបានទាល់តែធ្វើឡើងនៅក្នុងក្របខណ្ឌ ច្បាប់ ដោយឆ្លងកាត់ការធ្វើប្រជាមតិមួយចំពោះប្រជាជនដែលពាក់ព័ន្ធ ឬដោយតំណាងរបស់ពួកគេ”។ [66]
ហូ ជី មិញ ចោទ បាវ ដាយ ថា ជាជនក្បត់ជាតិ
ពេលបានទទួលដំណឹងថា បារាំងបានប្រគល់ «ឯករាជ្យ» និង «ឯកភាពទឹកដី» ឲ្យទៅបាវ ដាយ នោះ ហូ ជី មិញ បានថ្កោលទោស បាវ ដាយ ថាជាជនក្បត់ជាតិ ព្រោះថា ហូ ជី មិញ ខ្លួនគាត់ផ្ទាល់ ខំប្រឹងតស៊ូយ៉ាងស្វិតស្វាញនៅក្នុងព្រៃច្បាំងជាមួយនឹងបារាំង ដើម្បីបានទទួលនូវ «ឯករាជ្យ» និង «ឯកភាពទឹកដី» នេះ តែបារាំងមិនព្រមផ្ដល់ឲ្យគាត់ បែរជាផ្ដល់ឲ្យ បាវ ដាយ ទៅវិញ ។ ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតជប៉ុន នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៩៤៩ ហូ ជី មិញ បានបញ្ជាក់អំពីកិច្ចព្រមព្រៀងរវាង វ៉ាំងសង់ អារីយ៉ូល និង បាវ ដាយ យ៉ាងនេះថា៖
“សម្រាប់ប្រជាជនវៀតណាម នោះគ្រាន់តែជាក្រដាសមួយ សន្លឹកដែលច្រឡំ ។ អ្វីដែលគេហៅថា ឯកភាពទឹកដី និងឯករាជ្យក្លែង ក្លាយនោះ វាមិនអាចបោកប្រាស់ គេបានទៀតទេ ។ សូម្បីតែប្រជាជន បារាំង និងមជ្ឈដ្ឋានពិភពលោក ក៏បានយល់ និងបានថ្កោលទោសចំពោះ ទង្វើនេះដែរ ។ ពេលណាអាណានិគមបារាំងបានដកទាហានចេញអស់ ពីទឹកដីវៀតណាម ពេលនោះ ទើបបានឯកភាពទឹកដី និង ឯករាជ្យ ។ វិញ ទៃ [បាវ ដាយ] ធ្វើជាអាយ៉ងរបស់អាណានិគម គឺជាជន ក្បត់ជាតិ ។ ច្បាប់របស់វៀតណាម ទោះបីលើកលែងទោសដល់ មនុស្សដែលចេះកែកំហុស តែនឹងពិន័យទោសយ៉ាងម៉ឺងម៉ាត់ចំពោះ បុគ្គលទាំងឡាយណា មានឈ្មោះជាយួនទុច្ចរិត ដែលបានលក់ជាតិ និងធ្វើស្រែលើខ្នងរាស្ត្រ” ។ [68]
ប្រតិកម្មរបស់ បាវ ដាយ ចំពោះកិច្ចព្រមព្រៀងអេលីសេ
សម្រាប់ បាវ ដាយ វិញ បានចាត់ទុក «កិច្ចព្រមព្រៀងអេលីសេ» ថាជាជោគជ័យមួយដ៏ធំធេងដែលខ្លួនបាននាំមកនូវ «ឯករាជ្យ» និង «ឯកភាពទឹកដី» តាមរយៈការចរចា និងទាមទារឲ្យបារាំងកាត់ទឹកដី កម្ពុជាក្រោម ភ្ជាប់ជាមួយនឹងទឹកដីនៃប្រទេស វៀតណាមឡើងវិញ ។
“ចាប់ពីពេលនេះទៅ សន្ធិសញ្ញានេះនឹងជំនួសឲ្យសន្ធិសញ្ញា ទាំងឡាយដែលដូនតារបស់ខ្ញុំ បានចុះហត្ថលេខា [ជាមួយនឹងបារាំង] និងខ្ញុំសូមបញ្ជាក់ថា ខ្ញុំនឹងឈានជើងមកជាន់លើទឹកដីរបស់ខ្ញុំ ។ រួមរស់ជាមួយនឹងប្រជាជនរបស់ខ្ញុំ ដែលមានទឹកដី និងព្រំដែនជា ប្រវត្តិសាស្ត្រ ។ ខ្ញុំសន្យាធានាថា នឹងនាំមកនូវផលប្រយោជន៍សម្ភារៈ និងវប្បធម៌បារាំង…។ …ចាប់ពីថ្ងៃនេះតទៅ ខ្ញុំបានដណ្ដើមយកមកវិញ (Thu hồi) នូវ ទឹកដីណាមគី [កម្ពុជាក្រោម] ។ ខ្ញុំមើលឃើញថា ភារកិច្ចរបស់ខ្ញុំអំពី ការចរចាបានចប់ហើយ ។ នៅក្នុងដំណាក់កាលថ្មីនេះ ជាភារកិច្ចរបស់ ខ្ញុំក្នុងការកសាងប្រទេសវៀតណាមឡើងវិញ ។ កិច្ចព្រមព្រៀង ថ្ងៃទី ៨ មីនា បានទទួលផលចំណេញមួយយ៉ាងធំធេង គឺ [យើង] នៅតែរក្សា បាននូវទំនាក់ទំនងជាមួយនឹង ប្រទេសបារាំង” តែបញ្ហាលម្អិតទាំងឡាយ សម្រាប់ខ្ញុំ មិនចាំបាច់ដឹងឮឡើយ ។ ប្រសិនបើខ្ញុំយល់ព្រមចូលជា សហភាពបារាំង វាគ្មានអ្វីទាក់ទងនឹងការណ៍នេះច្រើននោះទេ ។ វាគ្រាន់ តែជាហេតុផលមួយសម្រាប់ផ្លូវវែងឆ្ងាយតែប៉ុណ្ណោះ ។…ម្យ៉ាងទៀត សន្ធិសញ្ញានេះ នៅចំពោះមុខខ្ញុំ គ្រាន់តែជាដំណាក់កាលមួយដើម្បី ឆ្ពោះទៅយកឯករាជ្យទាំងស្រុង ។ គំរូជោគជ័យ នៃការបានទទួល ឯករាជ្យបែបនេះ ធ្លាប់បានកើតឡើងសម្រាប់ប្រទេសជិតខាងនៅតំបន់ អាស៊ីអាគ្នេយ៍រួចមកហើយ ដូចជា ហ្វីលីពីន ភូមា និង ឥណ្ឌា… បាន ធ្វើឲ្យខ្ញុំកាន់តែមានជំនឿ នៅក្នុងក្ដីសង្ឃឹម ។ ខ្ញុំជឿជាក់ថា សន្ធិសញ្ញា ថ្ងៃទី ៨ មីនា គឺជាមូលហេតុដ៏សំខាន់មួយក្នុងការនាំមកនូវសន្តិភាព ជានិរន្តរ៍ ។ សូមសួរទៅយៀកមិញថា នៅចង់បានអ្វីទៀត ពេលដែល ខ្ញុំបានទទួលជោគជ័យ ខណៈដែលពួកគេត្រូវបរាជ័យយ៉ាងអាម៉ាស់ នៅក្នុងសន្និសីទ Fontainebleau និងដាឡាក ក្នុងឆ្នាំ ១៩៤៦” ។ [69]
កិច្ចព្រមព្រៀងអេលីសេ និងសន្ធិសញ្ញាទីក្រុងហ្វេ
កិច្ចព្រមព្រៀង Élysée ឆ្នាំ ១៩៤៩ នេះ ហាក់ដូចជាសន្ធិសញ្ញាមួយ ដើម្បីស្រាយនូវចំណង “សន្ធិសញ្ញាទីក្រុងហ្វេ” (Treaty of Huế) ឆ្នាំ ១៨៨៤ ដែលបារាំងបានចងយួនឲ្យយល់ព្រមដាក់ប្រទេសអណ្ណាមនៅក្រោមអាណាព្យាបាលរបស់បារាំង នៅក្នុងសម័យស្ដេចយួន កៀង ផុក (Kiến Phúc) (រជ្ជកាល៖ ១៨៨៣ – ១៨៨៤) ។ “សន្ធិសញ្ញាទីក្រុងហ្វេ” ជាកិច្ចព្រមព្រៀងដែលបារាំងបានបង្ខំឲ្យមន្ត្រីយួនចុះហត្ថលេខា នៅទីក្រុងហ្វេ ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ១៨៨៤ ដើម្បីធ្វើអាណាព្យាបាលទាំងស្រុងលើទឹកដីភាគកណ្ដាល និងភាគខាងជើង នៃប្រទេសអណ្ណាម (An Nam) (70) ។ [71]
យោងតាម សន្ធិសញ្ញា ឆ្នាំ ១៨៨៤ ឃើញថា នៅក្នុងសម័យនោះ យួនបានយល់ព្រមនៅក្រោមអាណាព្យាបាលបារាំងនៅក្នុងប្រទេសមួយដែលមានផ្ទៃដីគ្របដណ្ដប់ពីខេត្តបិនទ្វឹង (Bình Thuận) ឡើងទៅភាគខាងជើងតែប៉ុណ្ណោះ មានន័យថា យួនបានទទួលស្គាល់ទឹកដីរបស់ខ្លួនមានតែពីរតំបន់ទេ គឺ តុងកឹង (ភាគខាងជើង) និងអណ្ណាម (ភាគកណ្ដាល) ជាទឹកដីដែលយួនបានដណ្ដើមយកពីជនជាតិចាម្ប៍ ។ រីឯ កូស័ងស៊ីន ឬ កម្ពុជាក្រោម ជាទឹកដីរបស់ខ្មែរដែលត្រូវយួនចូលវាតទីកាន់កាប់អស់មួយរយៈ ទើបក្រោយមក បារាំងបានចូលមកវាយដណ្ដើមយកពីយួនកាន់កាប់បន្តនៅឆ្នាំ ១៨៥៩ ។ បារាំងចាត់ទុកកម្ពុជាក្រោម ជាដែនដីឯនាយសមុទ្ររបស់ខ្លួន បន្ទាប់ពី ស្ដេចយួន ទឺ ឌឹក បានចុះសន្ធិសញ្ញាប្រគល់ឲ្យបារាំងទាំងស្រុងនៅឆ្នាំ ១៨៧៤ ។
នីតិវិធីនៃការប្រគល់ ទឹកដីកម្ពុជាក្រោម ឲ្យ បាវ ដាយ
ដើម្បីធ្វើឲ្យស្របច្បាប់ក្នុងការប្រគល់ទឹកដីកូស័ងស៊ីន ឬ កម្ពុជាក្រោម ឲ្យទៅរដ្ឋាភិបាលរបស់ បាវ ដាយ នោះ សភាបារាំងត្រូវអនុវត្តទៅតាមនីតិវិធី ដូចខាងក្រោម៖
ទីមួយ សភាបារាំងត្រូវអនុម័តច្បាប់មួយ ដើម្បីបង្កើតជា “សភាដែនដីកូស័ងស៊ីន” ឲ្យស្របទៅតាមមាត្រាទី ៧៧ នៃរដ្ឋធម្មនុញរបស់បារាំង ។ សភាដែនដីកូស័ងស៊ីន (Assemblée Territoriale de la Cochinchine) មានករណីយកិច្ចផ្ដល់ ឬបញ្ចេញយោបល់អំពីការផ្លាស់ប្ដូរលក្ខន្តិកៈនៅដែនដីកូស័ងស៊ីន គឺ ការភ្ជាប់ដែនដីកូស័ងស៊ីន ឲ្យជាប់ជាមួយនឹងទឹកដីរបស់វៀតណាម ។
ទីពីរ សភាបារាំង ដែលក្នុងនោះរួមមាន សភាសហភាពបារាំង (Assemblée de I’Union Française) រដ្ឋសភា (Assemblée Nationale) និងក្រុមប្រឹក្សាសាធារណរដ្ឋ(Conseil de le République) ត្រូវអនុម័តច្បាប់មួយដោយយោងតាមយោបល់របស់សភាដែនដីកូស័ងស៊ីន ដើម្បីឲ្យស្របទៅតាមមាត្រាទី ៧៥ នៃរដ្ឋធម្មនុញ្ញបារាំង ។ [74]
ការបង្កើត សភាដែនដីកូស័ងស៊ីន
នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ១៩៤៩ រដ្ឋសភាបារាំង បានបោះឆ្នោតដោយមាន ៣៣៩សំឡេងគាំទ្រ និង ២០១ សំឡេងប្រឆាំង សម្រេចអនុម័តច្បាប់មួយស្ដីពីការបង្កើត សភាដែនដីកូស័ងស៊ីន ដែលសភានេះមានតួនាទីក្នុងការបោះឆ្នោត ដើម្បីផ្លាស់ប្ដូរនូវលក្ខន្តិកៈ ឬស្ថានភាពនៃដែនដីកូស័ងស៊ីនក្នុងការភ្ជាប់ទឹកដីកម្ពុជាក្រោមទៅជារដ្ឋចំណុះវៀតណាម ឬដោយការជ្រើសរើសនូវលក្ខន្តិកៈដទៃទៀតឋិតនៅក្នុងក្របខ័ណ្ឌសហភាពបារាំង ។ [75]
បន្ទាប់ពីបានអនុម័តបានពីរថ្ងៃរួច នៅថ្ងៃទី ១៤ ខែមីនា ប្រធានាធិបតីបារាំង វ៉ាំង សង់ អារីយ៉ូល (Vincent Auriol) នាយករដ្ឋមន្ត្រីបារាំង អង់រីកឺយ (Henri Queuille) និងរដ្ឋមន្រ្តីទឹកដីបារាំងឯនាយសមុទ្រ ប៉ូល កូស្ត ផ្លរេត៍ (Paul Coste-Floret) បានរួមគ្នាចុះហត្ថលេខា និងប្រកាសឲ្យប្រើច្បាប់នេះជាផ្លូវការ ។ នេះជាច្បាប់លេខ ៤៩-៣៣៩ ដែលមាន ៥ មាត្រា ស្ដីពីការបង្កើតសភាតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតនៅដែន ដីកូស័ងស៊ីន ។ មាត្រា ១ នៃច្បាប់នេះ បានតម្រូវឲ្យ សភាដែនដីកូស័ងស៊ីន ត្រូវមានសមាជិកទាំងអស់ចំនួន ៦៤ នាក់ ក្នុងនោះ មានបារាំង ១៦ នាក់ និងយួន ៤៨ នាក់ ។ នៅក្នុងមាត្រា ៤ បានចែងថា៖“សភានេះមានករណីយកិច្ចផ្តាច់មុខក្នុងការផ្តល់យោបល់របស់ខ្លួនឲ្យស្របតាមមាត្រា ៧៥ នៃរដ្ឋធម្មនុញ្ញ [បារាំង] ស្តីពីការផ្លាស់ប្តូរលក្ខន្តិកៈ នៃទឹកដីកូស័ងស៊ីន [កម្ពុជាក្រោម] នៅក្នុងក្របខ័ណ្ឌរបស់សហភាពបារាំង ឬភ្ជាប់ជាមួយនឹងរដ្ឋចំណុះនៃប្រទេសវៀតណាម ឬក៏តាមរយៈការជ្រើសរើសលក្ខន្តិកៈដទៃទៀតដែលមានចែងក្នុងមាត្រា ៦០ នៃរដ្ឋធម្មនុញ្ញ ។ [76]
នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ១៩៤៩ សភារបស់ដែនដីកូស័ងស៊ីន បានកើតឡើងជាផ្លូវការតាមរយៈការបោះឆ្នោតមួយ នៅតាមខេត្តខណ្ឌទូទាំងដែនដីកម្ពុជាក្រោម ដើម្បីជ្រើសរើសតំណាងរាស្ត្រសម្រាប់ធ្វើការនៅក្នុងសភានេះ ។ តំណាងរាស្ត្រជាជនជាតិយួនបានក្លាយជាសមាជិកដ៏ច្រើនលើសលុបនៅក្នុងសភាថ្មីមួយនេះ ។ លទ្ធផលនៃការបោះឆ្នោត សភាដែនដីកូស័ងស៊ីន មានតំណាងរាស្ត្រជនជាតិយួនចំនួន ៥០ នាក់ និងជនជាតិបារាំងចំនួន ១៦ នាក់ ។ [77]
នៅថ្ងៃទី ២៣ ខែមេសា ដប់បីថ្ងៃបន្ទាប់ពីការបោះឆ្នោត សមាជិកសភាចំនួន ៦៣ រូប ដែលមានវត្តមាននៅក្នុងសភាដែនដីកូស័ងស៊ីន ក្នុងនោះ ៥៥ នាក់ បានបោះឆ្នោតគាំទ្រ ៦ នាក់ ជំទាស់ និង ២ នាក់ អនុប្បវាទ អនុម័តលើសេចក្ដីសម្រេចក្នុងការភ្ជាប់ទឹកដីកម្ពុជាក្រោម ឲ្យចូលជាមួយនឹងទឹកដីរបស់យួនទាំងពីរគី (Kỳ) ផ្សេងទៀត តាមអ្វីមួយដែលយួនហៅថា “ឯកភាពទឹកដីទាំងបីគី” ឲ្យរួមចូលគ្នាជាប្រទេសវៀតណាមតែមួយ ។ បន្ទាប់ពី សភាដែនដីកូស័ងស៊ីន ប្រកាសសេចក្ដីអនុម័តខាងលើ បាវ ដាយ មិនបានរង់ចាំរដ្ឋសភាបារាំងអនុវត្តតាមអនុសាសន៍របស់ខ្លួនឡើយ គាត់បានប្រញាប់ប្រញាល់ធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី ២៥ ខែមេសា ដោយស្ងាត់ៗ និងគ្មានរៀបចំពិធីស្វាគមន៍ធំដុំអ្វីនោះទេ ។ អស់រយៈពេល ៣ ឆ្នាំ និរទេសខ្លួននៅបរទេស ទីបំផុត បាវ ដាយ បានត្រឡប់ចូលស្រុកវិញ ហើយទៅស្នាក់នៅទីក្រុងដាឡាត (Đà Lạt) ជាកន្លែង កម្សាន្តមួយឋិតនៅភាគកណ្ដាលនៃប្រទេសវៀតណាម ដើម្បីរង់ចាំសេចក្ដីសម្រេចចុងក្រោយរបស់សភាបារាំងក្នុងការកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅយួន ។ [78]
រដ្ឋធម្មនុញ្ញរបស់ប្រទេសបារាំង ដែលជាប់ទាក់ទងនឹងការកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅយួននោះ មាន ៣ មាត្រា គឺ មាត្រា ៦០, ៧៥ និង ៧៧ ។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ មានការយល់ព្រមពីប្រជាជន និងប្រធានាធិបតីនៃរដ្ឋា ភិបាលបណ្តោះអាសន្នសាធារណរដ្ឋបារាំង ប្រកាសឲ្យប្រើជាផ្លូវការ នៅឆ្នាំ ១៩៤៦ ។ មាត្រាទាំងបីនេះ មានសេចក្ដីដូចតទៅ៖
ជំពូក ទី ៨
សហភាពបារាំងផ្នែកទី ១
គោលការណ៍មាត្រា ៦០
សហភាពបារាំង ត្រូវបានបង្កើតឡើងជាចំណែកមួយនៃសាធារណរដ្ឋបារាំង ដែលរួបរួមដោយប្រទេសបារាំង និងនាយកដ្ឋាននៅឯនាយសមុទ្រ និងដែនដី នៅក្រៅប្រទេស ព្រមទាំងទឹកដី និងរដ្ឋដែលជាប់ពាក់ព័ន្ធ ។ផ្នែកទី ៣
នាយកដ្ឋាន និង ដែនដីនៅបរទេសមាត្រា ៧៥
លក្ខន្តិកៈនីមួយៗរបស់សមាជិកនៃសាធារណរដ្ឋ និងសហភាពបារាំង អាចនឹងមានការផ្លាស់ប្តូរ ។
ការផ្លាស់ប្តូរលក្ខន្តិកៈ [ស្ថានភាព] និងការអនុម័តពីប្រភេទមួយទៅប្រភេទមួយ ទៀតនោះ ត្រូវឋិតនៅក្នុងក្របខ័ណ្ឌដែលបានកំណត់ដោយមាត្រា ៦០ ។ [ការផ្លាស់ប្ដូរនេះ] អាចកើតឡើងបានទាល់តែមានច្បាប់មួយដែលបានអនុម័តដោយរដ្ឋសភា បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសភាដែនដី និងសភាសហភាព ។មាត្រា ៧៧
នៅក្នុងដែនដីនីមួយៗ ត្រូវបង្កើតឲ្យមានសភាបោះឆ្នោតមួយ ។
ប្រព័ន្ធបោះឆ្នោត សមសភាព និងអំណាចនៃរដ្ឋសភានេះ ត្រូវតែកំណត់ដោយច្បាប់ ។ [79]
គម្រោងច្បាប់ភ្ជាប់ទឹកដីកម្ពុជាក្រោមទៅវៀតណាម
មុនពេលបារាំងអនុម័ត និងប្រកាសជាផ្លូវការនូវច្បាប់លេខ ៤៩-៧៣៣ ចុះថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ក្នុងការប្រគល់ទឹកដីកម្ពុជាក្រោមឲ្យទៅយួននោះ សភាបារាំង ទាំងបី រួមមាន សភាសហភាព រដ្ឋសភានៃក្រុមប្រឹក្សាសាធារណរដ្ឋ និងរដ្ឋសភា ព្រមទាំង គណៈកម្មការដែនដីបារាំងឯនាយសមុទ្រ បានជជែកដេញដោលគ្នាលើគម្រោងច្បាប់នេះតែប៉ុន្មានលើកប៉ុណ្ណោះ ។ គម្រោងច្បាប់នេះ មានការកែប្រែបន្តិចបន្តួច ដោយសារមានការតវ៉ាពីប្រតិភូនៃប្រទេសកម្ពុជា និងតំណាងរាស្ត្របារាំងខ្លះដែលពួកគេជួយការពារផលប្រយោជន៍របស់កម្ពុជា និងផលប្រយោជន៍ខ្មែរនៅកម្ពុជាក្រោម ។
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ១៩៤៩ លោក អង់រីកឺយ ជានាយកដ្ឋមន្ត្រីបារាំង និង លោក ប៉ូល កូស្ត ផ្លរេត៍ ជារដ្ឋមន្ត្រីទឹកដីបារាំងឯនាយសមុទ្រ បានដាក់ជូនរដ្ឋសភាបារាំង ដើម្បីពិនិត្យនូវគម្រោងច្បាប់ “ភ្ជាប់ទឹកដីកូស័ងស៊ីនទៅវៀតណាម” ។ ច្បាប់ព្រាងនេះ មាន ៣ មាត្រា៖
មាត្រា ១. — ក្នុងក្របខណ្ឌមាត្រា ៦០ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋបារាំង និងតាមមតិរបស់ សភាដែនដីកូស័ងស៊ីន នាសម័យប្រជុំកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៤៩ លក្ខន្តិកៈទឹកដីកូស័ងស៊ីន បានត្រូវកែប្រែតាមមាត្រា ដូចមានចែងខាងក្រោម ។
មាត្រា ២. — ទឹកដីកូស័ងស៊ីនត្រូវបានភ្ជាប់ទៅជារដ្ឋចំណុះវៀតណាម យោងតាមសេចក្តីប្រកាសរួមកាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ១៩៤៨ និងសេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៨ ។ ទឹកដីកូស័ងស៊ីនឈប់ស្ថិតនៅក្នុង លក្ខន្តិកៈជាទឹកដីឯនាយសមុទ្ររបស់បារាំងទៀតហើយ ។
មាត្រា ៣. — បទបញ្ញត្តិនៃច្បាប់នេះ នឹងត្រូវទទួលមោឃភាព ក្នុងករណីដែលមាន ការផ្លាស់ប្ដូរលក្ខន្តិកៈប្រទេសវៀតណាមនៅក្នុងសហភាពបារាំង ។
កម្ពុជាបញ្ជូនប្រតិភូទៅប៉ារីស ២៥ មេសា ១៩៤៩
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ១៩៤៩ សម្តេច នរោត្តម សីហនុ នៃប្រទេសកម្ពុជា បានបញ្ជូនប្រតិភូមួយក្រុម ដឹកនាំដោយ លោក សឺន សាន ទៅទីក្រុងប៉ារីស ដើម្បីជំទាស់នឹងសហភាពបារាំងឲ្យផ្អាកការសម្រេចចិត្តរបស់រដ្ឋសភាបារាំង ដែលបានយល់ព្រមប្រគល់ទឹកដីកម្ពុជាក្រោមឲ្យទៅវៀតណាមនោះ ។ តែការតវ៉ានោះ មិនត្រូវបាន រដ្ឋាភិបាលបារាំងធ្វើតាមឡើយ ។ [67]
ការតវ៉ារបស់ប្រទេសកម្ពុជា
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩៤៩ សភាសហភាពបារាំង បានបើកកិច្ចពិភាក្សាលើ គម្រោងច្បាប់នេះ ។ បន្ទាប់ពីបានជជែកគ្នាអស់មួយថ្ងៃមួយយប់ សភាបានអនុម័តលើមាត្រា ១ និង មាត្រា ២ ។ ប៉ុន្តែ មាត្រា ៣ ត្រូវកែប្រែទាំងស្រុង ដោយសារមានការតវ៉ាពី គណៈប្រតិភូខ្មែរទាំង ៤ រូប គឺ លោក សុខ ឆុង, ស៊ិម វ៉ា, ថុន អ៊ុក និង ព្រះអង្គម្ចាស់ ក្សត្រីយ៍ ពីងពាង យុគន្ធរ ។
មាត្រា ៣ ដែលបានកែប្រែឡើងវិញនោះ មានសេចក្ដីថា៖“ក្នុងករណីដែលលក្ខន្តិកៈប្រទេសវៀតណាមត្រូវកែប្រែ លក្ខន្តិកៈដែនដីកូស័ងស៊ីននឹងត្រូវបានទុកជាកម្មវត្ថុនៃការសម្រេចរបស់សភាខាងលើ ដូចមានចែងក្នុង មាត្រា ៧៥ នៃរដ្ឋធម្មនុញ្ញ (ជំពូក VIII: សហភាពបារាំង)” ។
ទាក់ទងនឹងផលប្រយោជន៍របស់ប្រទេសកម្ពុជា មាត្រា ៣ ដដែល បានបន្ថែមថា៖ “ដោយការអនុវត្តនៃច្បាប់នេះ គ្មានផលប្រយោជន៍ណាមួយរបស់កម្ពុជា ត្រូវមានការ ប៉ះពាល់នោះទេ ។ ផលប្រយោជន៍ទាំងនេះ នឹងត្រូវដោះស្រាយតាមកិច្ចព្រមព្រៀងរវាងវៀតណាម និងកម្ពុជា ដែលមានបារាំងជាអាជ្ញាកណ្ដាល ។ ឯចំណែកជនជាតិភាគ តិចទាំងអស់ដែលនៅកូស័ងស៊ីន ក៏ដូចគ្នាដែរ ” ។ [80]
រដ្ឋាភិបាលខ្មែរបានប្រឆាំងជាប្រចាំចំពោះគម្រោងច្បាប់ណាមួយក្នុងការប្រគល់ទឹកដីកម្ពុជាក្រោមឲ្យទៅយួន ។ ការតវ៉ាបានធ្វើឡើងជាបន្តបន្ទាប់តាំងពីមុនពេលដែលបារាំង និង បាវ ដាយ បានចុះ “សន្ធិសញ្ញាឆកសមុទ្រហាឡុង” មក ។ រដ្ឋាភិបាលខ្មែរមានការព្រួយបារម្ភចំពោះការធានា នូវសិទ្ធិរបស់ខ្មែរក្រោមជាង ៤៥០.០០០ នាក់ [81] ដែលកំពុងតែរស់នៅលើទឹកដីកម្ពុជាក្រោម សិទ្ធិរបស់ប្រទេសកម្ពុជាក្នុងការធ្វើនាវាចរណ៍ដោយសេរីនៅតាមដងទន្លេមេគង្គ ការប្រើប្រាស់កំពង់ផែព្រៃនគរដែលជាច្រកចេញទៅសមុទ្រដោយមិនអាចខ្វះបាន និងបញ្ហាព្រំដែនដែលមានវិវាទ ។ ព្រះអង្គម្ចាស់ ក្សត្រីយ៍ ពីងពាង យុគន្ធរ បានមានព្រះបន្ទូលនៅក្នុងសភាសហភាពបារាំងថា៖
"យើងសូមស្នើជាសាមញ្ញថា ផលប្រយោជន៍របស់យើងនៅកូស័ងស៊ីន នឹងត្រូវបានពិចារណា មុននឹងភ្ជាប់ទឹកដីកូស័ងស៊ីន [ទៅវៀតណាម] ពីព្រោះ យើងខ្លាចនូវផែនការដែលមានចរិតជាចក្រពត្តិនិយមរបស់វៀតណាម និងខ្លាចថា ប្រសិនបើការភ្ជាប់ទឹកដីកូស័ងស៊ីន បានធ្វើឡើងដោយមិនបាន ការពារនូវផលប្រយោជន៍អ្វីមួយរបស់កម្ពុជានោះទេ យើងនឹងមិនអាច ទទួលបាននូវសម្បទានទាំងនេះ ពីប្រទេសវៀតណាមឡើយ ” ។ [82]
បន្ទាប់ពីមានការតវ៉ាយ៉ាងច្រើនពីតំណាងរាស្ត្របារាំង និងប្រតិភូខ្មែររួចមក រដ្ឋសភាបារាំងបានអនុម័តលើ “ញត្តិដឺហ្វែរ” (Motion Defferre) ដើម្បីការពារផលប្រយោជន៍ជូនប្រទេសកម្ពុជា ដោយមាន ៣៨៣ សំឡេងគាំទ្រ និង ១២៨ សំឡេងប្រឆាំង ។ ផលប្រយោជន៍ដែលបានមកប្រទេសកម្ពុជា និងពលរដ្ឋខ្មែរក្រោមជាម្ចាស់ស្រុកនៃដែនដី កម្ពុជាក្រោម នោះ មានតែ ៤ ចំណុចតែប៉ុណ្ណោះ ។
ទី ១ – ជនជាតិខ្មែរភាគតិចនៅកូស័ងស៊ីន៖
ខ្មែរក្រោមចំនួន ៤៥០.០០០ នាក់ នៅកូស័ងស៊ីន បានរស់នៅទីនេះតាំងពីមុនយួន អណ្ណាមបានមកដល់ម៉្លេះ ។ សិទ្ធិជនជាតិខ្មែរភាគតិចនេះត្រូវការពារជាដាច់ខាត ។
ទី ២ – ផ្លូវទៅដល់សមុទ្រ៖
ផ្លូវទៅដល់សមុទ្ររបស់កម្ពុជាគឺតាមទន្លេមេគង្គ ។ វាជាការចាំបាច់ពីផ្លូវទៅដល់ សមុទ្រនេះ កម្ពុជានៅតែប្រើប្រាស់បានដដែលដូចកាលពីមុន ។
ទី ៣ – ការប្រើប្រាស់កំពង់ផែព្រៃនគរ៖
បន្ទាប់ពីទន្លេមេគង្គ កំពង់ផែគឺជាទូចំហទៅរកមហាសមុទ្រ ទៅតាមទន្លេមេគង្គ កម្ពុជាអាចទាក់ទងបានងាយស្រួលនឹងបរទេស ។ ការប្រើប្រាស់កំពង់ផែនេះ ជាការចាំបាច់ចំពោះកម្ពុជា ។
ទី ៤ – ការកែតម្រូវព្រំដែន៖
កម្ពុជាមានបំណងចង់ឲ្យបារាំងដោះស្រាយបញ្ហានេះឲ្យហើយ មុននឹងប្រគល់ទឹកដីកូស័ងស៊ីនឲ្យទៅវៀតណាម យើងក៏ចង់បានដូចគ្នាដែរ….។
រដ្ឋសភាសុំឲ្យរដ្ឋាភិបាលធ្វើយ៉ាងណា ដើម្បីឲ្យការសម្រុះសម្រួលគ្នា រវាងផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ត្រូវបានធានាយ៉ាងឆាប់បំផុតទៅតាមនីតិវិធីយោគយល់គ្នាទៅវិញទៅមក ឬតាមស្ថាប័នផ្សេងៗដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។ [83]
បារាំងផ្ទេរដែនដីកម្ពុជាក្រោម ឲ្យយួនបន្តធ្វើអាណានិគម ក្នុងសហភាពបារាំង
នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ បារាំងបានប្រកាសច្បាប់មួយ ភ្ជាប់កម្ពុជាក្រោម ឲ្យជាប់ជាមួយនឹងទឹកដីរបស់យួនទាំងពីរតំបន់ឯទៀត រួមមាន តុងកឹង (ខាងជើង) និង អណ្ណាម(កណ្ដាល) ឲ្យរួបរួមបញ្ចូលគ្នាជាទឹកដីរបស់យួនតែមួយ ឬបើនិយាយឲ្យចំទៅ “បារាំងបានកាត់ទឹកដីកម្ពុជាក្រោមប្រគល់យួន” ដោយគ្មានការដឹងឮពីខ្មែរក្រោម ដែលជាម្ចាស់ស្រុកឡើយ ។ ច្បាប់នេះបានចូលជាធរមាននៅថ្ងៃ ទី ១៤ ខែមិថុនា ហើយ រដ្ឋាភិបាល “រដ្ឋវៀតណាម” ដែល បាវ ដាយ បានបង្កើតជាបណ្ដោះអាសន្នពីមុននោះ ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី ២ ខែកក្កដា ដោយមាន បាវ ដាយ ធ្វើជាប្រមុខរដ្ឋ ។ បន្ទាប់ពីបារាំងបានប្រគល់ទឹកដីកម្ពុជាក្រោមឲ្យទៅ បាវ ដាយ ហើយ បារាំងមិនបានប្រគល់ឯករាជ្យពេញលេញទាំងស្រុងដល់ បាវ ដាយ ទេ គ្រាន់តែប្រគល់ស្វ័យភាពខ្លះតែប៉ុណ្ណោះ ។ រដ្ឋាភិបាល “រដ្ឋវៀតណាម” របស់ បាវ ដាយ នៅតែជាប្រទេសមួយដែលនៅក្រោមអាណាព្យាបាលបារាំង (Associated State) ឋិតនៅក្នុងក្របខ័ណ្ឌសហភាពបារាំងដដែល ។ ក្នុងឋានៈជាប្រមុខរដ្ឋនៃរដ្ឋាភិបាលថ្មីមួយនេះ បាវ ដាយ បានខិតខំតស៊ូធ្វើសង្គ្រាមប្រឆាំងនឹងមេកុម្មុយនីស្ត ហូ ជី មិញ ដល់ទីបញ្ចប់ ដើម្បីដណ្ដើមយកនូវភាពស្របច្បាប់របស់រដ្ឋាភិបាលវៀតណាម នៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី ១ ឬ សង្គ្រាមរវាងបារាំង និងយៀកមិញ ។ “រដ្ឋវៀតណាម” របស់ បាវ ដាយ បានការគាំទ្រដោយរដ្ឋាភិបាលបារាំង និងសហរដ្ឋអាមេរិក (១៩៥០–១៩៥៤) ខណៈដែល “រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យ” របស់ ហូ ជី មិញ បានការគាំទ្រ និងផ្ដល់ជំនួយដោយ រដ្ឋាភិបាលចិនកុម្មុយនីស្ត (ចាប់ពីឆ្នាំ ១៩៥០) និងដោយសហភាពសូវៀត ។ ទោះបី បាវ ដាយ មានការគាំទ្រដោយបារាំងយ៉ាងណាក៏ដោយ តែ ៦០% នៃរដ្ឋបាលទូទាំង ប្រទេសវៀតណាម ត្រូវឋិតនៅក្រោមការកាន់កាប់ដោយទ័ពព្រៃយៀកមិញ នៅក្នុងឆ្នាំ ១៩៥២ ។ បន្ទាប់ពីសន្និសីទអន្តរជាតិនៅទីក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ វៀតណាមបាន ទទួលឯករាជ្យពេញលេញ តែត្រូវពុះប្រទេសចេញជាពីរគឺ ចាប់ពីខ្សែស្របទី ១៧ ចុះមកភាគត្បូងគ្របដណ្ដប់លើទឹកដីកម្ពុជាក្រោម គ្រប់គ្រងដោយ រដ្ឋវៀតណាម ដឹកនាំដោយ បាវ ដាយ និងចាប់ពីខ្សែស្របទី ១៧ ឡើងទៅភាគខាងជើង កាន់កាប់ដោយ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដឹកនាំដោយ ហូ ជី មិញ ។ នៅឆ្នាំ ១៩៥៥ ងោ ឌិញ យេម (Ngô Đình Diệm) ជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល “រដ្ឋវៀតណាម” បានធ្វើប្រជាមតិមួយដក បាវ ដាយ ចេញពីប្រមុខរដ្ឋ ហើយបានបង្កើតជារដ្ឋាភិបាលថ្មីមួយទៀតឈ្មោះថា “សាធារណរដ្ឋវៀតណាម” (Việt Nam Cộng hòa) ។ [72] បាវ ដាយ បានបញ្ចប់ជីវិតនយោបាយ ត្រឹមនេះ ហើយបាននិរទេសខ្លួនទៅនៅបារាំង រហូតដល់ថ្ងៃស្លាប់នៅក្នុងឆ្នាំ ១៩៩៧ ក្នុងជន្មាយុ ៨៣ ឆ្នាំ ។ [73]
បារាំងប្រកាសច្បាប់ភ្ជាប់ទឹកដីកម្ពុជាក្រោមទៅជាមួយនឹងវៀតណាម
នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ១៩៤៩ សមាជិកសភាចំនួន ៥៨៨ រូប នៅក្នុងរដ្ឋសភាបារាំង បានបោះឆ្នោត ៣៦៧ សំឡេងស្រប និង ២២១ សំឡេងប្រឆាំងលើ “គម្រោងច្បាប់កែប្រែនូវលក្ខន្តិកៈទឹកដីកូស័ងស៊ីននៅក្នុងសហភាពបារាំង” (du projet de loi modifiant le statut de la Cochinchine dans l’Union française) ដើម្បីភ្ជាប់ទឹកដីកម្ពុជាក្រោមទៅជាមួយនឹងវៀតណាម ។ ការបោះឆ្នោតនេះធ្វើឡើង បន្ទាប់ពី គណៈកម្មការទឹកដីបារាំងឯនាយសមុទ្រ សភាសហភាព រដ្ឋសភា និងរដ្ឋសភានៃក្រុមប្រឹក្សាសាធារណរដ្ឋបារាំង បានធ្វើវិសោធនកម្មពិនិត្យជជែកដេញដោលគ្នាតាំងពីពាក់កណ្ដាល ខែឧសភាមក ។ ដើម្បីច្បាប់នេះបានចេញជាធរមាន តាមលក្ខខណ្ឌត្រូវមាន ៣១១ សំឡេងស្របពីសមាជិកសភា តែការបោះឆ្នោតកែប្រែច្បាប់នេះ មានសំឡេងស្របឡើងទៅដល់ ៣៦៧ ឯណោះ ដែលអាចធ្វើឲ្យរដ្ឋសភាមានលទ្ធភាពពេញលេញក្នុងការអនុម័តបញ្ចប់នូវ “លក្ខន្តិកៈកូស័ងស៊ីនជាទឹកដីឯនាយសមុទ្ររបស់បារាំង” ដោយបានភ្ជាប់ដែនដីកម្ពុជាក្រោមដែលជាទឹកដីរបស់ប្រទេសកម្ពុជា ទៅជាមួយនឹងទឹកដីរបស់ប្រទេសវៀតណាម ។ [84]
ក្រោយរដ្ឋសភាអនុម័តបានមួយថ្ងៃ មេដឹកនាំកំពូលរបស់បារាំងទាំងបីរូប គឺ លោក វាំងសង់ អូរីយ៉ូល ជាប្រធានាធិបតី លោក អង់រី កឺយ ជានាយករដ្ឋមន្ត្រី និង លោក ប៉ូល កូស្ត ផ្លរេត៍ ជារដ្ឋមន្ត្រីទឹកដីបារាំងនៅឯនាយសមុទ្រ បានចុះហត្ថលេខារួមគ្នាលើច្បាប់លេខ ៤៩-៧៣៣ ចុះថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ មាន ៣ មាត្រា និងបានប្រកាសឲ្យប្រើជាផ្លូវការ ដែលមានខ្លឹមសារដូចតទៅ៖
ច្បាប់លេខ ៤៩-៧៣៣ ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩
កែប្រែលក្ខន្តិកៈកូស័ងស៊ីននៅក្នុងសហភាពបារាំង
———♦———យោងតាមមតិពីសភានៃសហភាពបារាំង
រដ្ឋសភា និងក្រុមប្រឹក្សានៃសាធារណរដ្ឋបារាំង បានសម្រេច
រដ្ឋសភានៃសាធារណរដ្ឋបារាំងបានអនុម័ត
ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ប្រកាសច្បាប់ដូចតទៅនេះ៖មាត្រា ១. –ក្នុងក្របខណ្ឌមាត្រា ៦០ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋបារាំង និងតាមមតិរបស់ សភាកូស័ងស៊ីន នាសម័យប្រជុំកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៤៩ លក្ខន្តិកៈ ទឹកដីកូស័ងស៊ីន បានត្រូវកែប្រែតាមមាត្រា ដូចមានចែងខាងក្រោម ។
មាត្រា ២. –ទឹកដីកូស័ងស៊ីនត្រូវបានភ្ជាប់ទៅជារដ្ឋចំណុះវៀតណាម យោងតាម សេចក្តីប្រកាសរួមកាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ១៩៤៨ និងសេចក្តីប្រកាសរបស់ រដ្ឋាភិបាលបារាំងកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៨ ។ ទឹកដីកូស័ងស៊ីនឈប់ស្ថិតនៅក្នុងលក្ខន្តិកៈជាទឹកដីឯនាយសមុទ្ររបស់បារាំងទៀតហើយ ។
មាត្រា ៣.–ក្នុងករណីមានការផ្លាស់ប្តូរលក្ខន្តិកៈនៅវៀតណាម លក្ខន្តិកៈកូស័ងស៊ីន នឹងក្លាយជាប្រធានបទនៃការពិភាក្សាឡើងវិញដោយសភាខាងលើ ដូចមានចែងនៅក្នុងមាត្រា ៧៥ នៃរដ្ឋធម្មនុញ្ញ (ជំពូក ទី ៨: ស្ដីពីសហភាពបារាំង) ។
ច្បាប់នេះនឹងត្រូវបានអនុវត្តដូចជាច្បាប់រដ្ឋ ។
ធ្វើនៅទូឡុង ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩វ៉ាំងសង់ អូរីយ៉ូល (Vincent Auriol)
ប្រធានាធិបតីអង់រី កឺយ (Henri Queuille)
នាយករដ្ឋមន្រ្តីប៉ូល កូស្ត ផ្លរេត៍ (Paul Coste-Floret)
រដ្ឋមន្រ្តីទឹកដីបារាំងឯនាយសមុទ្រ
បន្ទាប់ពីបានប្រកាសច្បាប់កាត់ទឹកដីកម្ពុជាក្រោមឲ្យទៅយួនរួចហើយ បារាំងនៅតែបន្តរក្សាឥទ្ធិពលអាណានិគមរបស់ខ្លួននៅឥណ្ឌូនចិនដដែល រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ តម្រូវឲ្យបារាំងត្រូវបញ្ចប់អាណានិគមកិច្ចរបស់ខ្លួននៅឥណ្ឌូចិន និងវៀតណាមត្រូវពុះប្រទេសចេញជាពីរដែលមានព្រំដែនត្រង់ចំណុចខ្សែស្របទី ១៧ ។ ពេលបារាំងចេញផុតទៅ អាមេរិកបានចូលមកជំនួសវិញ ។ សង្គ្រាមហែកហួរដណ្ដើមអំណាចគ្នារវាងយួនសេរីខាងត្បូង និងយួនកុម្មុយនីស្តខាងជើង បានផ្ទុះឡើងទូទាំងដែនដីកម្ពុជាក្រោម ដែលគេហៅថា “សង្គ្រាមវៀតណាម” ឬ “សង្រ្គាមឥណ្ឌូចិនលើកទី ២” ដោយបានអូសបន្លាយអស់រយៈពេល ២០ ឆ្នាំ ។ នៅឆ្នាំ ១៩៧៥ ពេលយួនកុម្មុយនីស្ដខាងជើងបានឈ្នះសង្គ្រាម ទឹកដីកម្ពុជាក្រោម ត្រូវគេដាក់បញ្ចូល ទៅក្នុងប្រទេស “សាធារណរដ្ឋសង្គមនិយមវៀតណាម” តែមួយ ហើយបានបន្តធ្វើអាណានិគមរហូតមកដល់សព្វថ្ងៃ ។
៧០ ឆ្នាំ កម្ពុជាក្រោម បន្តនៅក្រោមអាណានិគមយួន ១៩៤៩-២០១៩
កម្ពុជាក្រោម ក្នុងសម័យ “រដ្ឋវៀតណាម” ១៩៤៩ – ១៩៥៥
នៅថ្ងៃដែលច្បាប់ លេខ ៤៩-៧៣៣ ស្ដីពី “ការកែប្រែលក្ខន្តិកៈកូស័ងស៊ីននៅក្នុងសហភាពបារាំង” ចូលជាធរមាន នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៤៩ នោះ បាវ ដាយ និង លោក ឡេអុង ពីញ៉ុង (Léon Pignon) ជាស្នងការជាន់ខ្ពស់នៃសហព័ន្ធឥណ្ឌូចិន បានជួបគ្នានៅក្នុងពិធីផ្លូវការមួយនៅទីក្រុងព្រៃនគរ ដើម្បីផ្ទេរនូវសារលិខិតក្នុងការផ្ដល់ឯករាជ្យដល់វៀតណាម ដូចអ្វីដែលប្រធានាធិបតីបារាំង បានចុះកិច្ចព្រមព្រៀងជាមួយនឹង បាវ ដាយ នៅវិមានអេលីសេ (Elysée Palace) កាលពីថ្ងៃទី ៨ ខែមីនា ។ [86] នៅក្នុងពិធីនេះ កម្ពុជាក្រោម ត្រូវគេដាក់បញ្ចូលជាផ្លូវការទៅក្នុងរដ្ឋវៀតណាម (Quốc Gia Việt Nam) ជារដ្ឋាភិបាលមួយដែល បាវ ដាយ បានប្រកាសបង្កើតជាផ្លូវការនៅថ្ងៃទី ២ ខែកក្កដា ដោយមានរដ្ឋធានីនៅទីក្រុងព្រៃនគរ ។
សូមបញ្ជាក់ថា ពេលបារាំងបានប្រគល់ទឹកដីកម្ពុជាក្រោមឲ្យទៅ បាវ ដាយ ហើយ នោះ រដ្ឋាភិបាលរដ្ឋវៀតណាម របស់ បាវ ដាយ មិនទាន់បានទទួលឯករាជ្យពេញលេញ ពីបារាំងនៅឡើយ ។ “ឯករាជ្យ” ដែលបារាំងបានប្រគល់ឲ្យ បាវ ដាយ នោះ គ្រាន់តែជាប្រភេទឯករាជ្យមួយដែលឋិតនៅក្នុងក្របខ័ណ្ឌនៃសហភាពបារាំងតែប៉ុណ្ណោះ ។ ម្យ៉ាងទៀត នៅវៀតណាមពេលនោះ មានរដ្ឋាភិបាលដល់ទៅពីរឯណោះគឺ ទីមួយ “រដ្ឋវៀតណាម” ដឹកនាំដោយ បាវ ដាយ និងទីពីរ “សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម” ដឹកនាំដោយ ហូ ជី មិញ ។ ហូ ជី មិញ មិនបានទទួលស្គាល់រដ្ឋាភិបាល និងឯករាជ្យរបស់ បាវ ដាយ ឡើយ ដោយបានចោទ បាវ ដាយ និង “រដ្ឋវៀតណាម” ថា ជាអាយ៉ងរបស់ បារាំង ។ សរុបមក ចាប់ពីឆ្នាំ ១៩៤៩ ដល់ ១៩៥៤ រដ្ឋាភិបាលរបស់ បាវ ដាយ គ្រាន់តែទទួលបាននូវស្វ័យភាពខ្លះពីបារាំងក្នុងឋានៈជារដ្ឋចំំណុះ (Associated State) មួយនៅ ក្នុងក្របខ័ណ្ឌនៃសហភាពបារាំង តែប៉ុណ្ណោះ ។
ការណ៍ដែលបារាំងមិនព្រមប្រគល់ឯករាជ្យទាំងស្រុងឲ្យ បាវ ដាយ នោះ ត្រូវបាន លោក Archimedes L.A Patti អ្នកនិពន្ធសៀវភៅ “Why Vietnam?” បានកត់សម្គាល់នៅក្នុងសៀវភៅរបស់គាត់ថា៖
“ប្រាកដណាស់ ពួកគេ [រដ្ឋវៀតណាម] បានយល់ច្រឡំ ។ បារាំងមិនដែលប្រគល់ឯករាជ្យពិតប្រាដកឲ្យវៀតណាម ដើម្បីធ្វើឲ្យ បាត់បង់អំណាចនៅឥណ្ឌូចិនឡើយ ។ បាវ ដាយ បានត្រឡប់មក វៀតណាម និងគិតថា គាត់បានប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បី បារាំងរក្សានូវពាក្យសន្យារបស់គេ ។ គាត់បានរង់ចាំ និងសង្កេតមើល ដោយរំពឹងថា សហរដ្ឋអាមេរិកនឹងជួយគាត់ ។ ប៉ុន្តែ បន្ទាប់ពីគាត់បាន ស្នាក់នៅទីក្រុងព្រៃនគរ អស់មួយថ្ងៃ ឃើញថា បារាំងបានបដិសេធ មិនឲ្យគាត់ចូលធ្វើការនៅក្នុង វិមានរោត្តម ជាការិយាល័យកណ្ដាល របស់អាណានិគមបារាំងនោះ ទើប បាវ ដាយ បានដកខ្លួនទៅស្នាក់នៅ ផ្ទះរបស់គាត់នៅដាឡាត (Da Lat) ។ ការណ៍នេះ បង្ហាញឲ្យឃើញ កាន់តែច្បាស់ថា ស្ថានភាព [ឯករាជ្យ] គ្មានអ្វីប្រែប្រួលឡើយ” ។ [87]
រដ្ឋាភិបាល “រដ្ឋវៀតណាម” របស់ បាវ ដាយ បានការគាំទ្រ និងជំនួយពីរដ្ឋាភិបាល សាធារណរដ្ឋបារាំង និងសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ១៩៥០ ដល់ ១៩៥៤ ខណៈដែល ហូ ជី មិញ បានការគាំទ្រ និងជំនួយពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីឆ្នាំ ១៩៥០ និងពីសហភាពសូវៀតដែលមានកម្រិតតិចជាង ។ ទោះបីមិនទទួលបានការ គាំទ្រពីបារាំងក៏ដោយ តែ ៦០% នៃអំណាចគ្រប់គ្រងទូទាំងប្រទេសវៀតណាម ត្រូវធ្លាក់ចូលទៅក្នុងការកាន់កាប់របស់ពួកយៀកមិញនៅក្នុងឆ្នាំ ១៩៥២ ។ [88]
សន្និសីទទីក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ ពុះប្រទេសវៀតណាមចេញជាពីរ
ក្រោយ “កិច្ចព្រមព្រៀងក្រុងហ្សឺណែវ” នៅឆ្នាំ ១៩៥៤ រដ្ឋាភិបាល “រដ្ឋវៀតណាម” ដែលបានបង្កើតឡើងដោយ បាវ ដាយ បានទទួលឯករាជ្យទាំងស្រុងដោយបានផ្ដាច់ខ្លួនចេញពីក្របខ័ណ្ឌសហភាពបារាំង តែវៀតណាមត្រូវពុះប្រទេសចេញជាពីរជាបណ្ដោះ អាសន្នដោយមានព្រំដែនត្រង់ខ្សែស្របទី ១៧ ។
សន្និសីទក្រុងហ្សឺណែវ ធ្វើឡើងនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វិស ចាប់ពីថ្ងៃទី ២៦ ខែមេសា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៤ [89] ដោយផ្អែកលើកម្មវត្ថុ ២ យ៉ាងគឺ ស្វែងរកវិធីបង្រួបបង្រួមប្រទេសកូរ៉េ និងដោះស្រាយបញ្ហាសង្គ្រាមរវាងបារាំង និងយៀកមិញ ឬបញ្ឈប់នូវអរិភាពនៅឥណ្ឌូចិន [90] ។ ហេតុនាំឲ្យមានកិច្ចពិភាក្សាស្ដីពីបញ្ហាវៀតណាមនៅក្នុងសន្និសីទនេះ ដោយសារកងទ័ពបារាំងបានចាញ់សង្គ្រាម និងមូលដ្ឋានយោធារបស់បារាំងនៅដៀងបៀងភូ (Điện Biên Phủ) ត្រូវវាយប្រហារ និងកាន់កាប់ដោយកងទ័ពយៀកមិញ ។ [91] សន្និសីទបានបញ្ចប់ទៅ ដោយបារាំងបានសន្យាថា នឹងដកងទ័ពចេញពីប្រទេសកម្ពុជា លាវ និង វៀតណាម [92] ។ សហរដ្ឋ អាមេរិកបានចាប់ផ្ដើមលូកដៃចូលពាក់ព័ន្ធនឹងសង្គ្រាមនៅវៀតណាម ។ [93]
តំណាងប្រទេសដែលបានចូលរួមប្រជុំនៅក្នុងសន្និសីទនេះ រួមមាន៖
១. ចក្រភពអង់គ្លេស តំណាងដោយ លោក Anthony Eden ។
២. សហរដ្ឋអាមេរិក តំណាងដោយ លោក Bedell Smith ។
៣. សហភាពសូវៀត តំណាងដោយ លោក Viacheslav Molotov ។
៤. សាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក ជូ អេន ឡាយ ។
៥. សាធារណរដ្ឋបារាំង តំណាងដោយ លោក Georges Bidault ។
៦. យួនយៀកមិញ តំណាងដោយ លោក ផាម វ៉ាំង ដុង (Phạm Văn Đồng) ។
៧. យួន បាវ ដាយ តំណាងដោយ លោក ង្វៀង ក្វឹក ឌិញ (Nguyễn Quốc Định)
៨. ព្រះរាជាណាចក្រលាវ តំណាងដោយ លោក Phumi Sananikone ។
៩. ព្រះរាជាណាចក្រកម្ពុជា តំណាងដោយ លោក សម សារី និង ទេព ផន ។ [94]
កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់គ្នានៅវៀតណាម
នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៤ តំណាងអគ្គមេបញ្ជាការនៃកងកម្លាំងសហភាពបារាំងប្រចាំឥណ្ឌូចិន ឧត្ដមសេនីយ៍ Henri Delteil និងតំណាងអគ្គមេបញ្ជាការ នៃកងទ័ពប្រជាជនវៀតណាម លោក តា ក្វាង បូវ (Tạ Quang Bửu) ជាអនុរដ្ឋមន្រីនៃក្រសួងការពារជាតិនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម បានចុះហត្ថលេខារួមគ្នាលើ “កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់” នៅវៀតណាម ដែលមាន ៦ ជំពូក ៤៧ មាត្រា និងចំណុច ។ សហរដ្ឋអាមេរិកមិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះទេ [95] តែបានប្រកាសថាខ្លួន “នឹងតាមដានរាល់ការកើតឡើងជាថ្មី នៃការឈ្លានពាន ដោយរំលោភលើកិច្ចព្រមព្រៀង ជាមួយការព្រួយបារម្ភយ៉ាងខ្លាំង និងជាការគំរាមកំហែងជាទម្ងន់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ”។ [96] រដ្ឋាភិបាល “រដ្ឋវៀតណាម” របស់ បាវ ដាយ ក៏មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែរ ព្រោះប្រតិភូរបស់ខ្លួនគ្មានសិទ្ធិអំណាចគ្រប់គ្រាន់ ដើម្បីចូលរួមចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងនេះ ដោយសារកម្លាំងយោធាតិចពេក និងកំពុងតែឋិតនៅក្នុងក្របខ័ណ្ឌនៃសហភាពបារាំងនៅឡើយ ។ [97]
សេចក្ដីប្រកាសចុងក្រោយ នៃសន្និសីទទីក្រុងហ្សឺណែវស្ដីពីឥណ្ឌូនចិន
នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៤ តំណាងនៃប្រទេសពាក់ព័ន្ធ ដែលបានចូលរួមប្រជុំនៅក្នុងសន្និសីទនេះ បានចាប់ផ្ដើមចុះហត្ថលេខាលើបទបញ្ញត្តិ និងកិច្ចព្រមព្រៀងជាច្រើន ក្នុងនោះមាន សន្ធិសញ្ញាស្ដីពី “បទឈប់បាញ់” (Armistice Agreement) នៅប្រទេសកម្ពុជា វៀតណាម និងលាវ, សេចក្ដីប្រកាសដោយរដ្ឋាភិបាលបារាំង, កម្ពុជា, លាវ, វៀតណាម, សហរដ្ឋអាមេរិក និង សេចក្ដីប្រកាសចុងក្រោយស្ដីពីឥណ្ឌូចិន ចុះ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៤ មាន ១៣ ចំណុច ។ [98]
១. អង្គសន្និសីទកត់សម្គាល់នូវកិច្ចព្រមព្រៀងបញ្ឈប់នូវអរិភាព នៃសង្គ្រាមនៅក្នុង ប្រទេសកម្ពុជា លាវ និងវៀតណាម និងចាត់តាំងនូវការត្រួតពិនិត្យ និងតាមដានជា លក្ខណៈអន្តរជាតិនូវការអនុវត្តលើបទបញ្ញត្តិនៅក្នុងកិច្ចព្រមព្រៀងនេះ ។
២. អង្គសន្និសីទសម្ដែងការពេញចិត្តចំពោះការបញ្ឈប់អរិភាព នៅប្រទេសកម្ពុជា លាវ និងវៀតណាម ។ អង្គសន្និសីទមានជំនឿថា ការអនុវត្តនូវបទបញ្ញត្តិដែលមានចែងនៅក្នុងសេចក្ដីប្រកាស និងកិច្ចព្រមព្រៀងស្ដីពីការបញ្ឈប់នូវអរិភាពនេះ នឹងធ្វើឲ្យប្រទេសកម្ពុជា លាវ និងវៀតណាម ចាប់ពីថ្ងៃនេះតទៅ អាចទទួលបាននូវឯករាជ្យ និងអធិបតេយ្យទាំងស្រុងចំពោះតួនាទីរបស់ខ្លួននៅក្នុងសហគមន៍សន្តិភាពមួយ នៃប្រជាជាតិនីមួយៗ ។
៣. អង្គសន្និសីទកត់សម្គាល់នូវសេចក្ដីប្រកាសរបស់រដ្ឋាភិបាលកម្ពុជា និងលាវ អំពីគោលបំណងរបស់ពួកគេ ក្នុងការអនុម័តនូវវិធានការនានា ដែលអនុញ្ញាតឲ្យពល រដ្ឋគ្រប់រូបចូលរួមនៅក្នុងសង្គមជាតិ ជាពិសេស អាចចូលរួមបោះឆ្នោតទូទៅនាពេលខាងមុខ ដែលនឹងចាប់ផ្ដើមរៀបចំនៅក្នុងឆ្នាំ ១៩៥៥ ដោយយោងទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេសនីមួយៗ តាមរយៈការបោះនូវសន្លឹកឆ្នោតសម្ងាត់ និងក្នុងលក្ខខណ្ឌនៃការគោរពសេរីភាពជាមូលដ្ឋាន ។
៤. អង្គសន្និសីទកត់សម្គាល់នូវបទបញ្ញត្តិដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ស្តីពីការបញ្ឈប់នូវអរិភាពនៅក្នុងប្រទេសវៀតណាម អំពីការហាមឃាត់នាំកងទ័ព អ្នកជំនាញការយោធា អាវុធគ្រប់ប្រភេទ និងគ្រាប់បែកចូលទៅវៀតណាម ។ អង្គសន្និសីទក៏កត់សម្គាល់ផងដែរ នូវសេចក្តីប្រកាសដែលបានធ្វើឡើងដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងលាវ អំពីដំណោះស្រាយរបស់ពួកគេ ដោយមិនបានស្នើសុំជំនួយបរទេសនូវសម្ភារៈយោធា បុគ្គលិក ឬអ្នកណែនាំ លើកលែងតែក្នុងគោលបំណងដើម្បីការពារទឹកដីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពតែប៉ុណ្ណោះ និងក្នុងករណី នៃប្រទេសលាវវិញ វិសាលភាពនៃការកម្រិតត្រូវបានកំណត់នៅក្នុងកិច្ចព្រមព្រៀង ស្តីពីការបញ្ឈប់អរិភាព នៅក្នុងប្រទេសលាវ ។
៥. អង្គសន្និសីទកត់សម្គាល់នូវបទបញ្ញត្តិនៅក្នុងកិច្ចព្រមព្រៀង ស្ដីពីបញ្ឈប់នូវ អរិភាពនៅវៀតណាមបញ្ជាក់ថា មិនត្រូវបង្កើតជាមូលដ្ឋានយោធាបរទេសណាមួយនៅក្នុងតំបន់បោះទីតាំងនៃភាគីទាំងសងខាង ។ ភាគីទាំងសងខាងមានកាតព្វកិច្ចក្នុងការមើលនូវតំបន់ដែលបានបែងចែកដល់ពួកគេ ដោយមិនត្រូវបង្កើតឲ្យក្លាយជាចំណែកមួយនៃសម្ព័ន្ធភាពយោធាណាមួយឡើយ និងមិនត្រូវបានប្រើសម្រាប់ការបន្តអរិភាព ឬនៅក្នុងសេវាកម្មនៃគោលនយោបាយឈ្លានពានឡើយ ។ អង្គសន្និសីទកត់សម្គាល់នូវសេចក្ដីប្រកាសរបស់រដ្ឋាភិបាលទាំងពីរគឺ កម្ពុជា និងលាវ ដែលបានថ្លែងថា រដ្ឋាភិ បាលទាំងពីរនេះ នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយជាមួយនឹងប្រទេសផ្សេងទៀតឡើយ ប្រសិនបើកិច្ចព្រមព្រៀងនោះ តម្រូវឲ្យពួកគេចូលរួមនៅក្នុងសម្ព័ន្ធភាពយោធា មិនស្របនឹងគោលការណ៍របស់ធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ ឬដោយឡែកចំពោះប្រទេសលាវ មិនស្របនឹងគោលការណ៍នៃកិច្ចព្រមព្រៀងបញ្ឈប់នូវអរិភាពនៅលាវ ឬកិច្ចព្រមព្រៀងនោះ តម្រូវឲ្យគេបង្កើតជាមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជា ឬលាវ នៅពេលដែលសន្តិសុខរបស់ប្រទេសទាំងពីរនេះ មិនមានការគំរាមកំហែងនោះទេ ។
៦. អង្គសន្និសីទកត់សម្គាល់ថា គោលបំណងសំខាន់នៅក្នុងកិច្ចព្រមព្រៀងទាក់ទងនឹងវៀតណាម គឺដោះស្រាយនូវបញ្ហាយោធា ដើម្បីបញ្ឈប់នូវអរិភាព និងខ្សែបន្ទាត់ព្រំដែនគ្រាន់តែកំណត់ជាបណ្ដោះអាសន្ន និងវាមិនគួរត្រូវបានបកស្រាយថា ជាការបង្កើតព្រំដែននយោបាយ ឬទឹកដីនោះទេ ។ អង្គសន្និសីទមានជំនឿថា ការអនុវត្តនូវបទបញ្ញត្តិដែលបានកំណត់នៅក្នុងសេចក្ដីប្រកាសនេះ និងនៅក្នុងកិច្ចព្រមព្រៀងស្តីពីការបញ្ឈប់នូវអរិភាពបង្កើតមូលដ្ឋានចាំបាច់សម្រាប់សមិទ្ធផល ក្នុងពេលអនាគតដ៏ខ្លីនៃដំណោះស្រាយនយោបាយនៅវៀតណាម ។
៧. អង្គសន្និសីទប្រកាសថា ចំពោះប្រទេសវៀតណាម ត្រូវតែអនុវត្តផ្អែកលើ មូលដ្ឋានគោរពនូវគោលការណ៍ឯករាជ្យ ឯកភាព និងបូរណភាពដែនដី ត្រូវធានាឲ្យពលរដ្ឋវៀតណាមបានទទួលនូវសេរីភាពជាមូលដ្ឋាន ត្រូវធានានូវស្ថាប័នប្រជាធិប តេយ្យដែលបង្កើតឡើងពីលទ្ធផល នៃការបោះឆ្នោតសេរីដោយសន្លឹកឆ្នោតសម្ងាត់ ។ ដើម្បីធានាឲ្យបាននូវវឌ្ឍនភាពគ្រប់គ្រាន់ក្នុងការស្តារសន្តិភាពឡើងវិញ និងអនុវត្តនូវលក្ខខណ្ឌជាចាំបាច់សម្រាប់ពលរដ្ឋវៀតណាមអាចមានសេរីភាព ក្នុងការបញ្ចេញមតិទៅលើឆន្ទៈរបស់ជាតិ នៅក្នុងការបោះឆ្នោតទូទៅដែលនឹងរៀបចំនៅក្នុងខែកក្កដា ឆ្នាំ ១៩៥៦ ក្រោមការត្រួតពិនិត្យរបស់ គណៈកម្មការអន្តរជាតិមួយ ដែលមានអ្នកតំណាងរបស់រដ្ឋសមាជិក នៃគណៈកម្មការត្រួតពិនិត្យអន្តរជាតិស្ដីពីកិច្ចព្រមព្រៀងស្ដីពីការបញ្ឈប់អរិភាព ។ ការពិគ្រោះយោបល់នឹងត្រូវធ្វើឡើងលើប្រធានបទនេះ រវាងអាជ្ញា ធរតំណាងមានសមត្ថកិច្ចនៃតំបន់ទាំងពីរ ចាប់ពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៥ តទៅ ។
៨. បទបញ្ញត្តិនៃកិច្ចព្រមព្រៀងស្តីពីការបញ្ឈប់នូវអរិភាពមានគោលបំណង ដើម្បីធានាការពារបុគ្គល និងទ្រព្យសម្បត្តិ ។ ត្រូវតែអនុវត្តយ៉ាងតឹងរ៉ឹងបំផុតនិងជាពិសេសអនុញ្ញាតឲ្យមនុស្សគ្រប់រូបនៅវៀតណាម សម្រេចចិត្តដោយសេរីនៅក្នុងតំបន់ដែលគាត់ចង់រស់នៅ ។
៩. អាជ្ញាធរតំណាងដែលមានសមត្ថភាពនៃតំបន់ភាគខាងជើង និងខាងត្បូងនៃប្រ ទេសវៀតណាម និងអាជ្ញាធរនៃប្រទេសលាវ និងកម្ពុជា មិនត្រូវអនុញ្ញាតឲ្យមានការសងសឹកជាបុគ្គល ឬជាសមូហភាព ប្រឆាំងនឹងមនុស្សដែលបានសហការតាមមធ្យោ បាយណាមួយ ជាមួយភាគីណាមួយក្នុងពេលសង្គ្រាមឡើយ ។ ឬប្រឆាំងនឹងសមាជិកនៃគ្រួសាររបស់មនុស្សនោះ ។
១០.អង្គសន្និសីទកត់សម្គាល់នូវសេចក្ដីប្រកាសរបស់រដ្ឋាភិបាលសាធារណរដ្ឋបារាំង បានថ្លែងថា បារាំងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដកកងទ័ពរបស់ខ្លួនចេញពីទឹកដី នៃប្រទេសកម្ពុជា លាវ និងវៀតណាម តាមសំណើរបស់រដ្ឋាភិបាលដែលពាក់ព័ន្ធ ក្នុង រយៈពេលមួយដែលបានកំណត់ ដោយកិច្ចព្រមព្រៀងរវាងភាគីនីមួយៗ លើកលែងតែក្នុងករណីដែលមានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរស្ដីពី ចំនួនជាក់លាក់មួយនៃកងទ័ពបារាំង នឹងត្រូវបោះទីតាំងត្រង់ចំណុចដែលបានកំណត់រយៈពេលជាក់លាក់មួយ ។
១១. អង្គសន្និសីទកត់សម្គាល់នូវសេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំង ដែលបានថ្លែងថា ដើម្បីដោះស្រាយរាល់បញ្ហាដែលជាប់ទាក់ទងនឹងការបង្កើតឡើងវិញ និងការពង្រឹងនូវសន្តិភាពនៅកម្ពុជា លាវ និងវៀតណាម រដ្ឋាភិបាលបារាំងនឹងបន្តអនុវត្តតាមគោលការណ៍នៃការគោរពឯករាជ្យ អធិបតេយ្យ ឯកភាព និងបូរណភាពទឹកដីនៃ ប្រទេសកម្ពុជា លាវ និងវៀតណាម ។
១២. នៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយនឹងប្រទេសកម្ពុជា លាវ និងវៀតណាម សមាជិកនីមួយៗនៃសន្និសីទក្រុងហ្សឺណែវ ត្រូវប្ដេជ្ញាចិត្តក្នុងការគោរពអធិបតេយ្យ ឯករាជ្យ ឯកភាព និងបូរណភាពទឹកដីរបស់រដ្ឋដែលបានរៀបរាប់ខាងលើ និងដើម្បីចៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ពួកគេ ។
១៣. ប្រទេសដែលចូលរួមនៅក្នុងអង្គសន្និសីទ យល់ព្រមពិគ្រោះយោបល់គ្នាលើសំណួរណាមួយ ដែលអាចត្រូវបានបញ្ជូនមកដោយ គណៈកម្មការត្រួតពិនិត្យអន្តរជាតិ ដើម្បីសិក្សាពីវិធានការដែលអាចចាំបាច់ ដើម្បីធានាថា កិច្ចព្រមព្រៀងស្តីពីការបញ្ឈប់នូវអរិភាពនៅក្នុងប្រទេសកម្ពុជា លាវ និងវៀតណាម ត្រូវបានគេគោរព ។
យោងតាមកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់នៅឥណ្ឌូចិន ដែលមាន ៤៧ មាត្រា និងចំណុច និងសេចក្ដីប្រកាសចុងក្រោយដែលមាន ១៣ ចំណុច របស់សន្និសីទនេះ ប្រទេសវៀតណាម និង ដែនដីកម្ពុជាក្រោម ត្រូវប្រឈមនឹងការផ្លាស់ប្ដូរ និងបានចាប់ផ្ដើមឈានចូលនូវរបត់នយោបាយថ្មីមួយទៀត នោះគឺ ៖
● ប្រទេសវៀតណាម ត្រូវបែងចែក ឬពុះចេញជាពីរជាបណ្ដោះអាសន្ន ត្រង់ខ្សែស្របទី ១៧ (17th parallel/vĩ tuyến 17) ។ ចាប់ពីខ្សែស្របទី ១៧ គ្របដណ្ដប់មកខាងត្បូងលើទឹកដីកម្ពុជាក្រោមទាំងមូល កាន់កាប់ដោយ “រដ្ឋវៀតណាម” (បាវ ដាយ) និងពីខ្សែស្របទី ១៧ ទៅខាងជើងកាន់កាប់ដោយ “សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម” (ហូ ជី មិញ) ។
● កងទ័ពរបស់សហភាពបារាំង និងកងទ័ពរបស់ បាវ ដាយ ត្រូវដកចេញឲ្យអស់ពីខាងជើង មកបោះទីតាំងនៅភាគខាងត្បូង និងកងទ័ពរបស់ ហូ ជី មិញ ត្រូវដកចេញឲ្យអស់ពីខាងត្បូង ទៅបោះទីតាំងនៅខាងជើង ។
● ប្រជាជនយួនមានសិទ្ធិសេរីភាពឆ្លងដែនក្នុងរយៈពេល ៣០០ ថ្ងៃ ក្នុងការជម្លៀសខ្លួនឯងទៅនៅខាងជើង ឬខាងត្បូង ។ នេះក៏ដោយសារតែ មាត្រាទី ៨ នៃសេចក្ដីប្រកាសចុងក្រោយរបស់សន្និសីទ និងមាត្រាទី ១៤ និង ១៥ នៃកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ បានធ្វើឲ្យពលរដ្ឋយួនខាងជើងជិត ១ លាននាក់ (៨១០.០០០ នាក់) បានភៀសខ្លួនភ្លូកទឹកភ្លូកដីមករស់នៅលើទឹកដីកម្ពុជាក្រោម ក្នុងគោលបំណងអ្វីមួយដែលគេហៅថា “យុទ្ធនាការដំណើរឆ្ពោះទៅរកសេរីភាព” (Operation Passage to Freedom/Chiến dịch Con đường đến Tự do) ។ [99] នេះជាដំណើរឆ្ពោះទៅទិសខាងត្បូងជាលើកទីពីររបស់ជនជាតិយួន ចុះមករស់នៅលើទឹកដីកម្ពុជាក្រោម ដែលមានទ្រង់ទ្រាយធំនៅក្នុងសម័យសង្គ្រាមរវាងយួនកុម្មុយនីស្តខាងជើង និងយួនសេរីខាងត្បូង ដូចគ្នានឹងដំណើរឆ្ពោះទៅទិសខាងត្បូងលើកទីមួយរបស់យួន ក្នុងសម័យសង្គ្រាមហែកហួរគ្នាអស់រយៈពេល ១៥០ ឆ្នាំ (១៦២៧ – ១៧៧៥) រវាង សន្តតិវង្ស ទ្រិញ ខាងជើង និងសន្តតិវង្ស ង្វៀង ខាងត្បូង (Trịnh–Nguyễn War) ដែរ ។
● កំណត់ឲ្យមានការបោះឆ្នោតទូទៅទូទាំងប្រទេសវៀតណាមនៅឆ្នាំ ១៩៥៦ ដើម្បីប្រជាជនយួនមានសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯងដើម្បី “ឯកភាពទឹកដី” តែការបោះឆ្នោតនេះមិនបានកើតឡើងទេ ។ “ឯកភាពទឹកដី” ក្នុងទីនេះ ស្មើនឹងការយកទឹកដី កម្ពុជាក្រោម ទៅច្របាច់បញ្ចូលគ្នានឹងទឹកដីរបស់យួនខាងជើង ។
●បង្កើតជាគណៈកម្មការអន្តរជាតិមួយសម្រាប់ត្រួតពិនិត្យនូវបទឈប់បាញ់គ្នា នៅឥណ្ឌូចិន ដែលមាន ប៉ូឡូញ និងកាណាដា ជាសមាជិក និងឥណ្ឌា ជាប្រធាន ។
កម្ពុជាក្រោម ក្នុងសម័យ សាធារណរដ្ឋវៀតណាម ១៩៥៥ – ១៩៧៥
ពេលបារាំងបានដកអាណានិគមចេញពីទឹកដីកម្ពុជាក្រោម អាមេរិកបានចាប់ផ្ដើមចូលមកជំនួសវិញ ។ ងោ ឌិញ យេម ដែលជាមនុស្សស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិក បានប្រកាសបង្កើតរដ្ឋាភិបាលយួនខាងត្បូងមួយឈ្មោះថា “សាធារណរដ្ឋវៀតណាម” បន្ទាប់ពីគាត់បានធ្វើប្រជាមតិមួយដេញ បាវ ដាយ ជាមនុស្សស្និទ្ធនឹងបារាំងឲ្យចេញពីអំណាចនៅក្នុងឆ្នាំ ១៩៥៥ ។ ពេលនោះ ទឹកដីកម្ពុជាក្រោម ត្រូវកាន់កាប់ដោយរបបយួនថ្មីមួយទៀត ដែលពោរពេញទៅដោយភ្លើងសង្គ្រាមរ៉ាំរ៉ៃរវាងយួនសេរីខាងត្បូងដែលមានអាមេរិកគាំទ្រ និងយួនកុម្មុយនីស្តខាងជើង ត្រូវអូសបន្លាយអស់រយៈពេល ២០ ឆ្នាំ ។
ដោយសារមានទំនាស់ផ្ទៃក្នុងរវាង បាវ ដាយ ជាប្រមុខរដ្ឋ និង ងោ ឌិញ យេម ជាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលរដ្ឋវៀតណាម [103] ទើប ងោ ឌិញ យេម ដែលមានសហរដ្ឋអាមេរិកគាំទ្រ បានរៀបចំបោះឆ្នោតប្រជាមតិមួយទូទាំងដែនដីកម្ពុជាក្រោម ឬ វៀតណាមខាងត្បូង ដើម្បីសម្រេចជោគវាសនាអនាគតនៃ «រដ្ឋវៀតណាម» ដែលជា រដ្ឋាភិបាលរបស់យួនមួយ ឋិតនៅក្នុងក្របខ័ណ្ឌសហភាពបារាំង ត្រូវបានបង្កើតឡើងដោយ បាវ ដាយ នៅក្នុងឆ្នាំ ១៩៤៨ ។ យោងតាមសេចក្ដីប្រកាសរបស់ក្រុមយួនដែលគាំទ្រចំពោះការធ្វើប្រជាមតិនេះបានថ្លែងថា ប្រជាមតិនេះធ្វើឡើងក្នុងគោលបំណង៖
●បណ្ដេញ បាវ ដាយ ចេញពីប្រមុខរដ្ឋ
●បង្កើតរដ្ឋាភិបាលថ្មី ដើម្បីកម្ចាត់ការបះបោរ (សំដៅលើយួនកុម្មុយនីស្ត)
●បង្ខំឲ្យបារាំងដកកងទ័ពចេញពីវៀតណាម
●រៀបចំការបោះឆ្នោតរដ្ឋសភា
លទ្ធផលនៃប្រជាមតិ ងោ ឌិញ យេម បានឈ្នះជាង ៩៨,២ % នៃសន្លឹកឆ្នោត ដែលមតិទូទៅចាត់ទុកថាជាការឈ្នះដោយកេងបន្លំ [104] ក្នុងការដក ឬបណ្ដេញ បាវ ដាយ ចេញពីប្រមុខរដ្ឋនៃរដ្ឋាភិបាល «រដ្ឋវៀតណាម» ហើយបង្កើតជារដ្ឋាភិបាលថ្មីមួយទៀតសម្រាប់យួនខាងត្បូងឈ្មោះថា «សាធារណរដ្ឋវៀតណាម» (Việt Nam Cộng Hòa)។
របបរបស់ ងោ ឌិញ យេម បានប្រកាសថា ប្រជាជនចំនួន ៥.៣៣៥.៦៦៨ នាក់មានសិទ្ធិបោះឆ្នោត ប៉ុន្តែសន្លឹកឆ្នោតសរុបនៅពេលប្រកាសលទ្ធផលមាន ៥.៧៨៤.៧៥២ ឯណោះ គឺឆ្នោតត្រូវលើសដល់ទៅ ៤៤៩.០៨៤ សន្លឹក ។ រដ្ឋាភិបាលរបស់ យេម បានអះអាងថា បេក្ខភាពរបស់គាត់ត្រូវបានទទួលស្គាល់ដោយម្តាយរបស់ បាវ ដាយ ផងដែរ ទោះបីជា យេម បានបញ្ជាឲ្យទាហានទៅរឹបអូសទ្រព្យសម្បត្តិគ្រួសារ និងបណ្តេញចេញពីដីរបស់លោកស្រីយ៉ាងណាក៏ដោយ ។ [106]
តាមកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ កងទ័ពរបស់បារាំងនឹងត្រូវដកចេញឲ្យអស់ពី វៀតណាមក្នុងរយៈពេល ២ ឆ្នាំ ហើយតម្រូវឲ្យប្រជាជនយួនខាងត្បូង និងខាងជើងបោះឆ្នោតទូទៅ ដើម្បីអ្វីមួយដែលយួនហៅថា “ឯកភាពទឹកដី” តែតាមសេចក្ដីរាយការណ៍របស់ CIA ជូនប្រធានាធិបតីសហរដ្ឋអាមេរិក Dwight D. Eisenhower បានបញ្ជាក់ថា ចំនួន ៨០% នៃប្រជាជនយួននឹងបោះឆ្នោតឲ្យ ហូ ជី មិញ ប្រសិនបើមានការបោះឆ្នោតនេះ ។ [107] ដោយមិនអាចបណ្ដោយទុកឲ្យ ហូ ជី មិញ ឈ្នះឆ្នោត ហើយបង្កើតជារដ្ឋាភិបាលកុម្មុយនីស្តមួយទូទាំងប្រទេសវៀតណាមនោះ សហរដ្ឋអាមេរិកបានចេញមុខគាំទ្ររដ្ឋាភិបាលយួនខាងត្បូង ក្នុងគោលបំណងរារាំងមិនឲ្យការបោះឆ្នោតប្រព្រឹត្តទៅបាន ដើម្បីបែងចែកវៀតណាមចេញជាពីរប្រទេសជារៀងរហូត ។ សហរដ្ឋអាមេរិកចង់បានរដ្ឋាភិបាលនិរន្តរភាពមួយ ដែលមានទីតាំងនៅទីក្រុងព្រៃនគរ ប្រឆាំងនឹងរបបកុម្មុយនីស្ត ទោះបីជារដ្ឋាភិបាលនោះមិនគោរពលទ្ធិប្រជាធិបតេយ្យ យ៉ាងណាក៏ដោយ ។ [108]
កម្ពុជាក្រោម ក្នុងរបបផ្ដាច់ការ ងោ ឌិញ យេម ពីឆ្នាំ ១៩៥៥ ដល់ ១៩៦៣
នៅក្នុងសម័យសាធារណរដ្ឋវៀតណាម ពលរដ្ឋខ្មែរក្រោមជាមុខសញ្ញានៃការវាយ ប្រហារទាំងរដ្ឋាភិបាលយួនកុម្មុយនីស្តខាងជើង និងទាំងយួនសេរីខាងត្បូង ដោយសារនិន្នាការនយោបាយ ។ ខ្មែរក្រោមខ្លះបានចូលរួមតស៊ូជាមួយនឹងចលនាយួនកុម្មុយនីស្តខាងជើង ក៏ក្លាយជាសត្រូវនឹងយួនខាងត្បូង ចំណែកខ្មែរក្រោមខ្លះទៀតគាំទ្រ និងចូលរួមតស៊ូជាមួយនឹងរដ្ឋាភិបាលយួនខាងត្បូង ក៏ក្លាយជាសត្រូវរបស់យួនកុម្មុយនីស្តខាងជើងទៅវិញ ។ ទីបំផុត ពលរដ្ឋខ្មែរក្រោមបានក្លាយជាជនរងគ្រោះនៅលើទឹកដីរបស់ខ្លួន ដោយសារតែនយោបាយដណ្ដើមអំណាចគ្នានៃរបបយួនទាំងពីរនេះ ។
គោលនយោបាយធំជាងគេរបស់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ដែលដឹកនាំដោយ ងោ ឌិញ យេម គឺកម្ចាត់ ឬកម្ទេចនូវពួកយៀកកុង ឬយៀកមិញ ដែលចាត់តាំងចលនាសម្ងាត់ឃោសនាប្រឆាំងរដ្ឋាភិបាលយួនខាងត្បូង នៅតាមភូមិស្រុកនៅដែនដី កម្ពុជាក្រោម ។ មាត្រាទី ៧ នៃ រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៥៦ របស់ រដ្ឋាភិបាល សាធារណរដ្ឋវៀតណាម បានកំណត់ថា៖ “សកម្មភាពទាំងឡាយណា ដែលមានគោលបំណងផ្សព្វ ផ្សាយ ឬអនុវត្តដោយផ្ទាល់ ឬប្រយោលនូវលទ្ធិកុម្មុយនីស្តតាមគ្រប់រូបភាព សុទ្ធតែបំពានលើគោលការណ៍នៃរដ្ឋធម្មនុញ្ញ ” ។ [109] ដើម្បីបង្ហាញពីគោលជំហររបស់ខ្លួនក្នុងការកម្ចាត់នូវចលនាកុម្មុយនីស្តយួននៅកម្ពុជាក្រោម ងោ ឌិញ យេម បានថ្លែងជា សាធារណៈថា៖ “ឃើញកុម្មុយនីស្តនៅកន្លែងណា ត្រូវតែបាញ់ចោលភ្លាម ឃើញអ្នកណាឃោសនាឲ្យកុម្មុយនីស្ត ក៏ត្រូវតែបាញ់ចោលភ្លាមដែរ ” ។ [110]
នៅក្នុងទសវត្សរ៍ឆ្នាំ ៦០ ព្រះសង្ឃខ្មែរក្រោមជាច្រើន ត្រូវរបប ងោ ឌិញ យេម ធ្វើឃាត ក្នុងនោះមាន ព្រះចៅអធិការវត្តឃ្លាំង នៃខេត្តឃ្លាំង នៅក្នុងឆ្នាំ ១៩៦០ និងព្រះចៅអធិការវត្តចេកជ្រុំ នៃខេត្តព្រះត្រពាំង នៅក្នុងឆ្នាំ ១៩៦៣ ។ [111]
នៅទសវត្សឆ្នាំ ១៩៥០ និង ១៩៦០ របបយួន ងោ ឌិញ យេម បានបើកយុទ្ធនាការគាបសង្កត់ខ្មែរក្រោមតាមរយៈក្រឹត្យ “ជាតូបនីយកម្ម” [112] ដែលបានចែងនៅក្នុងឆ្នាំ ១៩៥៦ ។ រដ្ឋាភិបាលបានបញ្ជាឲ្យបិទសាលារៀនអក្សរខ្មែរនៅតាមវត្តអារាម មិនលើកទឹកចិត្តក្នុងការប្រើប្រាស់ភាសាខ្មែរ និងតម្រូវឲ្យខ្មែរក្រោមប្រើត្រកូលជាភាសាយួន ដែលជាគោលនយោបាយមួយបានអនុវត្តតាំងពីសតវត្សរ៍ទី ១៩ នៅក្នុងរជ្ជកាល ស្ដេច ម៉ិញ ម៉ាង មកម៉្លេះ ។ សាលាបារាំង – ខ្មែរ (The Franco-Khmer School) នៅក្នុង ខេត្តឃ្លាំង ដែលបន្សល់មកពីសម័យអាណានិគមបារាំង ត្រូវយកទៅធ្វើជាស្ថាប័នរបស់យួនវិញ ។ ងោ ឌិញ យេម ជាអ្នកកាន់សាសនារ៉ូម៉ាំងកាតូលិក បានអនុវត្តច្បាប់ប្រឆាំងនឹងព្រះពុទ្ធសាសនា ដើម្បីរឹតត្បិតដល់ការរីកចម្រើននៃពុទ្ធសាសនាទូទាំងប្រទេសវៀតណាម ក្នុងនោះ មានពុទ្ធសាសនាថេរវាទនៅដែនដីកម្ពុជាក្រោម ផងដែរ ។ របប ងោ ឌិញ យេម បានរឹបយកទឹកដីកេរដូនតារបស់ខ្មែរក្រោមទៅចែកឲ្យជនជាតិយួន នៅក្នុងគោលនយោបាយកែទម្រង់ដីធ្លី និងបញ្ហាចំណាកស្រុករបស់ជនជាតិយួនពីខាងជើងចុះមកខាងត្បូង ដែលបានឧបត្ថម្ភដោយរដ្ឋាភិបាល ។
បារាំងដកអាណានិគមទាំងស្រុងចេញពីកម្ពុជាក្រោម ឆ្នាំ ១៩៥៦
ទោះបីបារាំងបានប្រគល់ទឹកដីកម្ពុជាក្រោម ឲ្យទៅរដ្ឋាភិបាលរបស់ បាវ ដាយ នៅក្នុងឆ្នាំ ១៩៤៩ ក្ដី តែរហូតមកដល់ឆ្នាំ ១៩៥៦ ទើបបារាំងបានដកអាណានិគមទាំងស្រុង ចេញពីដែនដីកម្ពុជាក្រោម ។ ការដកអាណានិគមនេះ ដោយសារ ទីមួយ បារាំងបានចុះកិច្ចព្រមព្រៀងនៅទីក្រុងហ្សឺណែវស្ដីពីការបញ្ចប់អាណានិគមនៅឥណ្ឌូចិន ទីពីរ បញ្ហាអស្ថិរភាពនយោបាយ និងបញ្ហាខ្វះខាតហិរញ្ញវត្ថុរបស់បារាំង [100] ទីបី បារាំងត្រូវការបញ្ជូនកងទ័ពទៅទប់ទល់នូវការបះបោរទាមទារឯករាជ្យនៅអាល់ហ្សេរី (Algérie) ជាប្រទេសមួយស្ថិតនៅក្នុងទ្វីបអាហ្វ្រិកខាងជើង ដែលត្រូវឋិតនៅក្រោមអាណានិគមបារាំងចាប់តាំងពីឆ្នាំ ១៨៣០ ដល់ ១៩៦២ [101] និងទីបួន សហរដ្ឋអាមេរិក បានចេញ មុខជំនួយសេដ្ឋកិច្ច និងយោធាដល់រដ្ឋាភិបាលយួនខាងត្បូងដែលមានទីតាំងនៅលើទឹកដីកម្ពុជាក្រោម ដើម្បីប្រឆាំងនឹងរបបយួនកុម្មុយនីស្តខាងជើង ។
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៥៤ ប្រធានាធិបតីសហរដ្ឋអាមេរិក Dwight D. Eisenhower (១៩៥៣ – ១៩៦១) បានប្រកាសផ្តល់ជំនួយយោធា និងសេដ្ឋកិច្ចដោយផ្ទាល់ដល់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម របស់ ងោ ឌិញ យេម ។ នៅខែកុម្ភៈ ឆ្នាំ ១៩៥៥ សហរដ្ឋអាមេរិកបានកាត់មុខបារាំងទទួលខុសត្រូវក្នុងការបណ្តុះបណ្តាលកងទ័ពយួននៅលើទឹកដីកម្ពុជាក្រោម ។ ព្រឹត្តិការណ៍នេះ ជាការកត់សម្គាល់នូវការចាប់ផ្ដើមផ្លាស់ប្ដូរនូវរបត់នយោបាយថ្មីមួយ ដោយបារាំងនឹងត្រូវដកខ្លួនចេញពីវៀតណាម ហើយជំនួសមកវិញដោយសហរដ្ឋអាមេរិក ។
នៅខែធ្នូ ឆ្នាំ ១៩៥៥ ងោ ឌិញ យេម (Ngô Đình Diệm) ជាប្រធានាធិបតីដំបូងនៃ រដ្ឋាភិបាល សាធារណរដ្ឋវៀតណាម បានបញ្ចប់កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងអស់ជាមួយបារាំង និងបានដកតំណាងវៀតណាមខាងត្បូងចេញពីសភាសហភាពបារាំង ។ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៥៦ អគ្គបញ្ជាការជាន់ខ្ពស់របស់បារាំង ដែលមានទីតាំងនៅដែនដីកម្ពុជាក្រោមត្រូវបានរំសាយ ហើយបារាំងបានដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីកម្ពុជាក្រោមនៅក្នុងខែកក្កដា ។ ដូច្នេះ សហរដ្ឋអាមេរិកបានក្លាយជាអ្នកធានាចម្បងសម្រាប់អនាគតរបស់រដ្ឋាភិបាលវៀតណាមខាងត្បូង ។ [102]
ទីបំផុត បារាំងបានអស់អំណាចទាំងស្រុងនៅលើទឹកដីកម្ពុជាក្រោម បន្ទាប់ពីបានធ្វើអាណានិគមជាដែនដីឯនាយសមុទ្ររបស់ខ្លួន អស់រយៈពេលជិតមួយសតវត្សរ៍ ។
គោលនយោបាយជាតូបនីយកម្ម
ដោយសារតែ “គោលនយោបាយយួនឧបនីយកម្ម” ទាំងនេះហើយ បានធ្វើឲ្យមានចលនាជាតិនិយមខ្មែរក្រោម ដើម្បីរំដោះទឹកដីកម្ពុជាក្រោម នៅក្នុងទសវត្សទី ៦០ ។ ចលនាទាំងនោះ រួមមាន ចលនាតស៊ូខ្មែរកម្ពុជាក្រោម ដឹកនាំដោយ លោក ចៅ ដារ៉ា ដែលគេស្គាល់ជាទូទៅថាចលនាតស៊ូ “បក្សកន្សែងស” ជាដើម ។ មូលហេតុនាំឲ្យគេហៅថា “បក្សកន្សែងស” នោះ ដោយសារក្រុមតស៊ូនៃចលនានេះ ពេលចេញធ្វើ សង្គ្រាមម្ដងៗ តែងតែយកកន្សែងយន្តព័ណ៌សដែលបានសូត្រប្រសិទ្ធី ដោយព្រះសង្ឃមកចងនៅលើក្បាល ។ [113]
ការតស៊ូរបស់ព្រះសង្ឃខ្មែរក្រោមឲ្យគោរពសិទ្ធិពុទ្ធសាសនា ឆ្នាំ ១៩៦៣
នៅឆ្នាំ ១៩៦៣ ព្រះសង្ឃពុទ្ធសាសនាថេរវាទខ្មែរនៅកម្ពុជាក្រោម និងព្រះសង្ឃពុទ្ធសាសនាមហាយានរបស់ជនជាតិយួនជាច្រើនអង្គ បានដឹកនាំពុទ្ធបរិស័ទធ្វើកូដកម្មបង្អត់អាហារ និងធ្វើអត្តឃាតដោយដុតខ្លួនឯង ដើម្បីទាមទារឲ្យរបប ងោ ឌិញ យេម គោរពសិទ្ធិសេរីភាពក្នុងការប្រតិបត្តិនូវពុទ្ធសាសនា ។ ហេតុការណ៍នេះ បានចាប់ផ្ដើមផ្ទុះឡើង ដោយសាររដ្ឋការ ងោ ឌិញ យេម បានបាញ់សម្លាប់ប្រជាជនយួនអ្នកកាន់ពុទ្ធសាសនាចំនួន ៩ នាក់ឲ្យស្លាប់ នៅថ្ងៃទី ៨ ខែឧសភា នៅទីក្រុងហ្វេ (Hue) ទីដែលពួកគេបានធ្វើការតវ៉ាចំពោះអាជ្ញាធរដែលបានហាមមិនឲ្យលើកទង់ព្រះពុទ្ធសាសនា ។ ការតវ៉ានេះធ្វើឡើងនៅពេលដែលរដ្ឋការ ងោ ឌិញ យេម បានចេញសារាចរណែនាំលេខ ៥១៥៩ (Công điện) ហាមលើកទង់សាសនាទាំងអស់នៅទីសាធារណៈ ឬ នៅក្រៅបរិវេណវត្តអារាម និងវិហារកាតូលិក ជាដើម ។
តំណាងពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមដែលបានដឹកនាំតវ៉ាដ៏ខ្លាំងក្លានាពេលនោះ មានដូចជា ព្រះតេជព្រះគុណ ឡឹម ឯម (១៨៩៨ – ១៩៧៩) ជាចៅអធិការវត្តចន្ទរង្សី នៅទីក្រុងព្រៃនគរ និងជាសមាជិកនៃសម្ព័ន្ធព្រះពុទ្ធសាសនាវៀតណាម (Tổng Hội Phật Giáo Việt Nam) និង លោក សឺង ថាយ ង្វៀង (Sơn Thái Nguyên) (១៩១០-១៩៧៧) ត្រូវជាប្អូនបង្កើតរបស់ សឺង ង៉ុក ថាញ់ ។
នៅថ្ងៃទី ១០ ខែឧសភា ព្រះតេជព្រះគុណ ឡឹម ឯម បានចូលរួមគាំទ្រញត្តិរួមរបស់ សម្ព័ន្ធព្រះពុទ្ធសាសនាវៀតណាម ដើម្បីទាមទារឲ្យរដ្ឋាភិបាលសាធារណរដ្ឋវៀណាមអនុវត្តតាមគោលបំណងទាំង ៥ ចំណុច របស់ពុទ្ធសាសនិក ។
គោលបំណងទាំង ៥ ចំណុចនោះ រួមមាន៖
១. ស្នើឲ្យរដ្ឋាភិបាលសាធារណរដ្ឋវៀតណាមលុបចោលជាស្ថាពរ នូវសារាចរហាមលើកទង់សាសនានៅទីសាធារណៈ ។
២. ស្នើឲ្យពុទ្ធសាសនាត្រូវបានទទួលនូវសិទ្ធិពិសេសមួយ ដូចជាសមាគមផ្សាយសាសនាកាតូលិក ដែលមានចែងនៅក្នុងបទបញ្ជាលេខ ១០ ។ [114]
៣. ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការចាប់ខ្លួន និងវាយប្រហារលើពុទ្ធសាសនិក ។
៤. ស្នើឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទមានសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយសាសនា ។
៥. ស្នើឲ្យរដ្ឋាភិបាលផ្ដល់សំណងឲ្យបានសមរម្យដល់អ្នកស្លាប់យ៉ាងអយុត្តិធម៌ និងត្រូវចាប់អ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មមកផ្ដន្ទាទោសតាមច្បាប់ ។
ថ្ងៃទី ១៥ ខែឧសភា ព្រះតេជព្រះគុណ ឡឹម ឯម និងប្រតិភូសង្ឃយួន នៃ សម្ព័ន្ធព្រះពុទ្ធសាសនាវៀតណាម បានចូលទៅ វិមានយ៉ាឡុង (Dinh Gia Long) ដើម្បីជូនញត្តិរួមខាងលើ ដល់ប្រធានាធិបតី ងោ ឌិញ យេម ដោយផ្ទាល់ ។
ថ្ងៃទី ២១ ខែឧសភា ព្រះតេជព្រះគុណ ឡឹម ឯម និងព្រះសង្ឃមហាយានយួន ៤ អង្គទៀតគឺ ព្រះតេជព្រះគុណ មិន ទ្រឹក (Minh Trực), ព្រះតេជព្រះគុណ ទ្រី វ៉ាង (Trí Quang), ព្រះតេជព្រះគុណ ផាប ទ្រី (Pháp Tri), ព្រះតេជព្រះគុណ ទៀង ម៉ិន (Thien Minh) និង ព្រះតេជព្រះគុណ ថាន់ ថាយ (Thanh Thái) ត្រូវបានជ្រើសតាំងឲ្យធ្វើជា ទីប្រឹក្សានៃគណៈកម្មការសម្ព័ន្ធការពារព្រះពុទ្ធសាសនា ។ នេះជាគណៈកម្មការមួយត្រូវបានបង្កើតឡើងជាចាំបាច់ នៅពេលដែលព្រះពុទ្ធសាសនាខ្មែរខាងនិកាយថេរវាទ នៅកម្ពុជាក្រោម និងព្រះពុទ្ធសាសនាយួនខាងនិកាយមហាយានមានគ្រោះអាសន្ន ។
នៅថ្ងៃទី ២២ ខែឧសភា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា បានមានព្រះបន្ទូលថ្កោលទោសរបប ងោ ឌិញ យេម ថា បានរំលោភបំពាន និងជិះជាន់លើពុទ្ធសាសនិកយួន និងខ្មែរក្រោមនៅកម្ពុជាក្រោម ។ ក្រោយមក កាសែតដែលគាំទ្ររបប ងោ ឌិញ យេម បានចេញផ្សាយនៅថ្ងៃទី ៩ ខែមិថុនា ថា ព្រះសង្ឃខ្មែរក្រោមជាអ្នកនាំអាទិ៍ឲ្យមានវិបត្តិនៅក្នុងពុទ្ធសាសនា និងបានចោទថា វាជាចំណែកមួយនៃគម្រោងរបស់កម្ពុជា ក្នុងការពង្រីកគោលនយោបាយអព្យាក្រឹតរបស់ខ្លួនចូលទៅក្នុងរដ្ឋាភិបាលសាធារណរដ្ឋវៀតណាមខាងត្បូង ។ [115]
នៅថ្ងៃទី ២៥ ខែឧសភា ព្រះតេជព្រះគុណ ឡឹម ឯម និង លោក សឺង ថាយ ង្វៀង ជាតំណាងពលរដ្ឋខ្មែរក្រោម បានចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងតំណាងសមាគមព្រះពុទ្ធសាសនាចំនួន ១០ នៅក្នុងវត្តសាឡើយ (Xá Lợi) នាទីក្រុងព្រៃនគរ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រតស៊ូដោយអហិង្សា និងបានចុះហត្ថលេខាលើញត្តិរួមគាំទ្រនូវ “គោលបំណងទាំង ៥ ចំណុច” របស់ពុទ្ធសាសនិក ដែលបានប្រកាសកាលពីថ្ងៃទី ១០ ខែឧសភា ។ [116]
ថ្ងៃទី ៣០ ខែឧសភា ព្រះតេជព្រះគុណ ឡឹម ឯម បានធ្វើកូដកម្មបង្អត់អាហារក្នុងអំឡុង ៤៨ ម៉ោង ដែលនេះជាលើកដំបូង នៃការធ្វើកូដកម្មដោយសន្តិវិធី ហើយក៏ជាការចាប់ផ្ដើមធ្វើជាបន្តបន្ទាប់របស់ព្រះសង្ឃមហាយានយួន និងព្រះសង្ឃខ្មែរក្រោមនៅទីក្រុងព្រៃនគរ ដើម្បីទាមទារឲ្យរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម គោរពសិទ្ធិព្រះពុទ្ធសាសនា ។
ថ្ងៃទី ៣ ខែមិថុនា វត្តចន្ទរង្សី នៅទីក្រុងព្រៃនគរ ត្រូវអាជ្ញាធររដ្ឋការ ងោ ឌិញ យេម ចេញបទបញ្ជាឲ្យបិទទ្វារ និងឡោមព័ទ្ធយ៉ាងតឹងរ៉ឹង ។ រហូតមកដល់ថ្ងៃទី ១៥ ខែកក្កដា ព្រះសង្ឃដែលមកជួបជុំគ្នានៅក្នុងវត្តនេះ ត្រូវកម្លាំងនគរបាលយួនវាយដំ និងចាប់ទៅសួរចម្លើយយ៉ាងព្រៃផ្សៃ ហើយ ព្រះតេជព្រះគុណ ឡឹម ឯម និងព្រះសង្ឃទាំងអស់ត្រូវចាប់ទៅឃុំឃាំងអស់ ៤ ថ្ងៃ ។
នៅថ្ងៃទី ១១ ខែមិថុនា ព្រះតេជព្រះគុណ ថិត ក្វាង ឌឹក (Thích Quảng Đức) (១៨៩៧ – ១៩៦៣) ជាព្រះសង្ឃយួននិកាយមហាយាន បានធ្វើអត្តឃាតបូជាព្រះកាយខ្លួនឯង នៅខាងមុខស្ថានទូតខ្មែរ នាទីក្រុងព្រៃនគរ ដើម្បីជំទាស់នឹងអ្វីមួយដែលក្រុម បាតុករចាត់ទុកថា របប ងោ ឌិញ យេម បានគាបសង្កត់និងជិះជាន់លើពុទ្ធសាសនា ។ អណ្ដាតភ្លើងឆេះសន្ធោសន្ធៅចេញពីព្រះកាយព្រះសង្ឃពុទ្ធសាសនាអង្គនេះ តាមរយៈរូបថត ដែលបានថតដោយអ្នកកាសែតជនជាតិអាមេរិក មែលខម ប្រោន (Malcolm Browne) ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ និងនាំឲ្យមានការផ្លាស់ប្ដូរនូវរបត់នយោបាយថ្មីមួយនៅក្នុងរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ។
នៅថ្ងៃទី ០៩ ខែកក្កដា ព្រះតេជព្រះគុណ ឡឹម ឯម បានថ្លែងជំទាស់ចំពោះក្រសួងមហាផ្ទៃនៃរដ្ឋការ ងោ ឌិញ យេម ដែលបានចុះហត្ថលេខាលើអនុក្រឹត្យមួយស្ដីអំពីការអនុញ្ញាតឲ្យពុទ្ធសាសនិកលើកទង់ព្រះពុទ្ធសាសនា ចំពោះតែក្រុមព្រះពុទ្ធសាសនាណា ដែលជាសមាជិក នៃ សម្ព័ន្ធព្រះពុទ្ធសាសនាវៀតណាម ។ ព្រះអង្គចាត់ទុកថា នេះជា ទង្វើបំបែកបំបាក់ពុទ្ធសាសនា ។ [117]
ការណ៍ដែល ងោ ឌិញ យេម ដាក់ពន្ធនាគារ និងសម្លាប់អ្នកដែលសម្ដែងមតិជំទាស់ នូវរបបរបស់គាត់ ក្នុងនោះមានព្រះសង្ឃខ្មែរក្រោមជាដើម អ្នកដែលគាត់ចាត់ទុកថា ជាក្រុមដែលបានចូលដៃចូលជើងជាមួយនឹងកងទ័ពឧទ្ទាមយួនកុម្មុយនីស្តនោះ បានធ្វើ ឲ្យប្រជាជនទូទៅទូទាំងដែនដីកម្ពុជាក្រោម ឬវៀតណាមខាងត្បូង ជាពិសេស អ្នកកាន់ពុទ្ធសាសនាបានងើបឡើងប្រឆាំងចំពោះទង្វើរើសអើងរបស់គាត់កាន់តែខ្លាំង ។ បន្ទាប់ពីរបប របស់ យេម បានបាញ់សម្លាប់ជនជាតិយួន អ្នកដែលចេញធ្វើបាតុកម្មតវ៉ាចំពោះបទបញ្ជាហាមលើកទង់ពុទ្ធសាសនានៅក្នុងខែឧសភារួចមក អ្នកកាន់ពុទ្ធសាសនាជាច្រើននៅដែនដីកម្ពុជាក្រោម បានចាប់ផ្ដើមធ្វើកូដកម្មជាបន្តបន្ទាប់ ក្នុងនោះ មានព្រះសង្ឃយួន ៣ អង្គ និងដូនជីយួនម្នាក់បានធ្វើអត្ដឃាតដោយការដុតខ្លួនឯង ។ ការតស៊ូទាំងនោះហើយ បានធ្វើឲ្យសហរដ្ឋអាមេរិកដកការទុកចិត្ត និងលែងគាំទ្រនូវរបបរបស់ យេម ។ ទីបំផុត ងោ ឌិញ យេម និងប្អូនប្រុសរបស់គាត់ ងោ ឌិញ ញូ (Ngô Đình Nhu) ត្រូវឧត្ដមសេនីយ៍នៅក្នុងរបបរបស់ខ្លួន ធ្វើរដ្ឋប្រហារយោធាដោយការបាញ់ប្រហារឲ្យស្លាប់នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ ។ [118]
កម្ពុជាក្រោម ក្នុងរបប ង្វៀង វ៉ាំង ទេវ ពីឆ្នាំ ១៩៦៧ ដល់ ១៩៧៥
បន្ទាប់ពី ងោ ឌិញ យេម ត្រូវធ្វើរដ្ឋប្រហារ ង្វៀង វ៉ាំង ទេវ (Nguyễn Văn Thiệu) ដែលមានការគាំទ្រពីសហរដ្ឋអាមេរិក បានជាប់ឆ្នោតជាប្រធានាធិបតី នៃរដ្ឋាភិបាលសាធារណរដ្ឋវៀតណាមនៅឆ្នាំ ១៩៦៧ និងបន្តដឹកនាំរហូតដល់ពេលដែលរដ្ឋាភិបាល នេះត្រូវដួលរលំ ដោយកងទ័ពឧទ្ទាមយួនកុម្មុយនីស្តវាយចូលដណ្ដើមអំណាច នៅក្នុងឆ្នាំ ១៩៧៥ ។ ទេវ បានចូលកាន់តំណែង ស្របពេលនៃការចាប់ផ្តើមធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមវៀតណាមប្រឆាំងនឹងពួកកងទ័ពឧទ្ទាមយៀកកុងខាងជើង និងខាងត្បូង ។ ទោះបីជាមានការរិះគន់អំពីលក្ខណៈផ្តាច់ការនៃរបបរបស់គាត់យ៉ាងណាក៏ដោយ ក៏គាត់នៅតែទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក នៅក្នុងអំឡុងអាណត្តិរដ្ឋបាលរបស់ប្រធានាធិបតី លីនដូន ប៊ី ចនស្សិន (Lyndon B. Johnson) និង រីឆើតដ៍ អឹម និកហ្សិន (Richard M. Nixon) ។ [119]
ក្នុងរបប ង្វៀង វ៉ាំង ទេវ គេសង្កេតឃើញសង្គមខ្មែរក្រោមបានត្រូវបែងចែកចេញជាច្រើនក្រុមទៅតាមនិន្នាការនយោបាយ ។ អ្នកខ្លះនៅអព្យាក្រឹតធ្វើជារាស្ត្រសាមញ្ញ អ្នកខ្លះចូលបម្រើយួននៅក្នុងរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម អ្នកខ្លះចូលបម្រើយួនយៀកកុងដែលបង្កប់ខ្លួននៅកម្ពុជាក្រោម ដើម្បីប្រឆាំងរដ្ឋការសាធារណរដ្ឋវៀតណាម អ្នកខ្លះចូលបម្រើនៅក្នុងកងទ័ពពិសេសរបស់សហរដ្ឋអាមេរិក និងអ្នកខ្លះទៀតបង្កើតជាចលនាតស៊ូដោយកម្លាំងប្រដាប់អាវុធ ដើម្បីរំដោះទឹកដីកម្ពុជាក្រោមពីអាណានិគមយួន ជាដើម ។
ភ្លើងសង្គ្រាមរវាងកងទ័ពយៀកកុង និងទាហាន ទីវ គី បានធ្វើឲ្យសង្គមជាតិខ្មែរនៅកម្ពុជាក្រោម ត្រូវរងគ្រោះជាដំណំ ដូចជា មនុស្សជាច្រើនត្រូវស្លាប់នៅក្នុងសមរភូមិ អ្នកខ្លះត្រូវពិការដោយសារដើរជាន់លើមីន វត្តអារាមជាច្រើន ដូចជា វត្តបឹងខ្យង នៅខេត្តឃ្លាំង និងវត្តកំពង់ជ្រៃ នៅខេត្តព្រះត្រពាំង ជាដើម ត្រូវរបប ទេវ គី [120] បំផ្លិចបំផ្លាញដោយទម្លាក់គ្រាប់បែកក្នុងហេតុផល ដើម្បីកម្ទេចយៀកកុងដែលបង្កប់ខ្លួននៅតាមវត្ត វត្តទ្រៀក នៅខេត្តមាត់ជ្រូក ត្រូវយៀកកុងដាក់គ្រាប់បែកបំផ្ទុះដើម្បីសម្លាប់ទាហាន ទេវ គី ដែលចូលមកវត្ត និងព្រះសង្ឃត្រូវទាហាន ទេវ គី បាញ់ប្រហារ នៅពេលដែលលោកចេញធ្វើបាតុកម្មទាមទារមិនឲ្យរបបនេះចាប់ផ្សឹកទៅធ្វើទាហាន និងឲ្យទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើមភាគតិចនៅកម្ពុជាក្រោម ជាដើម ។
ការតស៊ូដើម្បីរក្សានូវនាទីជាជនជាតិភាគតិច ឆ្នាំ ១៩៦៩
នៅក្នុងខែវិច្ឆិកា ឆ្នាំ ១៩៦៩ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ចំនួន ១៣ ខេត្ត នៅដែនដីកម្ពុជាក្រោម បានធ្វើបាតុកម្មនៅទីក្រុងព្រៃនគរ និងនៅតាមខេត្ត ដើម្បីទាមទារ ឲ្យរដ្ឋការ ង្វៀង វ៉ាំង ទេវ ទទួលស្គាល់ខ្មែរក្រោមជា “ជនជាតិភាគតិច” ឬ “ជនជាតិខ្មែរដើមកំណើតនៅកម្ពុជាក្រោម” ។ ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ង្វៀង វ៉ាំង ទេវ បានចេញក្រឹត្យលេខ ១៤ ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៦៩ ដែលមាន ៥ មាត្រា តម្រូវឲ្យលុបជាតិសាសន៍ខ្មែរចេញពីរដ្ឋធម្មនុញ្ញវៀតណាម គឺរំលាយខ្មែរឲ្យទៅជាយួនសុទ្ធសាធតែម្ដង ។ [121] យោងតាម “គណៈកម្មាធិការកណ្ដាលដឹកនាំព្រះសង្ឃខ្មែរកំណើតនៅវៀតណាមខាងត្បូងតស៊ូទាមទារដើម្បីរក្សានូវនាទីជាជនជាតិភាគតិច” ជាក្រុមតស៊ូរបស់ខ្មែរក្រោមមួយ ដែលបានបង្កើតឡើងនាពេលនោះ បានបញ្ជាក់អំពីអ្វីដែលខ្លួនហៅថា “ការរំលាយខ្មែរឲ្យទៅជាយួន” នោះ មានន័យថា រដ្ឋការយួន “បានលុបតំណាងខ្មែរចេញពីក្រុមប្រឹក្សាជនជាតិភាគតិច” នៅក្នុងរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ។ ក្រុមតស៊ូរបស់ខ្មែរក្រោមមួយនេះ បានចោទរដ្ឋការ ង្វៀង វ៉ាំង ទេវ ថា បានរំលោភលើរដ្ឋធម្មនុញ្ញ នៃរបបសាធារណរដ្ឋវៀតណាម ដែលបានអនុម័តនៅថ្ងៃទី ១ ខែមេសា ឆ្នាំ ១៩៦៧ ។ ហេតុដែលនាំឲ្យគណៈកម្មការតស៊ូមួយនេះ ទាមទារនូវនាទីជាជនជាតិភាគតិចនោះ ដោយសារពួកគាត់យល់ឃើញថា សង្គមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម នាពេលនោះ នៅមានភាពអន់ថយជាងជនជាតិយួនគ្រប់វិស័យ ។
“ខាងវិស័យយោធានៃសាធារណរដ្ឋវៀតណាម ពុំទាន់មានខ្មែរណា ម្នាក់បានពាក់សក្តិថ្នាក់វរសេនីយឯកនៅឡើយ ។ ពុំទាន់មានខ្មែរណាម្នាក់បាន ធ្វើជាវេជ្ជបណ្ឌិតនៅឡើយ ក្នុងវិស័យសុខាភិបាល ។ ពុំទាន់មានខ្មែរណា ម្នាក់បានធ្វើជាមេធាវី ក្នុងវិស័យច្បាប់ ។ ពុំទាន់មានខ្មែរណាម្នាក់បានធ្វើជា វិស្វករ ក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ។ ពុំទាន់មានខ្មែរណាម្នាក់បាន ធ្វើជាសាស្ត្រាចារ្យ នៅក្នុងវិស័យសិក្សាធិការ និងអប់រំ ។ សូម្បីតែនិស្សិត ក្នុងមហាវិទ្យាល័យ និងសកលវិទ្យាល័យ ក៏ពុំសូវមានដែរ ។ សរុបមក ខ្មែរនៅអន់ខ្សោយគ្រប់វិស័យ ” ។ [122]
ហេតុនេះ ទើបគណៈកម្មការតស៊ូបានទាមទារឲ្យរដ្ឋការ ង្វៀង វ៉ាំង ទេវ ទទួលស្គាល់ខ្មែរក្រោមជាជនជាតិភាគតិច ដើម្បីមានតំណាងរាស្ត្រខ្មែរនៅក្នុងក្រុមប្រឹក្សាជនជាតិភាគតិចរបស់រដ្ឋាភិបាល ដែលពួកគាត់អាចបញ្ចេញសំឡេងការពារនូវផលប្រយោជន៍ជូនពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោម ។
យោងតាមរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៦៧ នៃរបបសាធារណរដ្ឋវៀតណាម បានចែងថា ជនជាតិភាគតិចទាំងអស់ ត្រូវមានតំណាងរបស់ខ្លួននៅក្នុងរដ្ឋសភា ។ ដូច្នេះទើបនៅក្នុងសម័យនោះ គេសង្កេតឃើញខ្មែរក្រោមមួយចំនួនបានធ្វើជាតំណាងរាស្ត្រនៅក្នុងសភាធម្មនុញ្ញ និងសាមញ្ញសភានៃរដ្ឋាភិបាលមួយនេះផងដែរ ។ អ្នកទាំងនោះរួមមាន៖
១. លោក ទីវ ហ៊ី សាង (Tieu Hy Sang) ខេត្តព្រះត្រពាំង
២. លោក សឺង ធី (Son Thi) ខេត្តឃ្លាំង
៣. លោក ថាច់ ស៊ុង (Thach Sung) ខេត្តមាត់ជ្រូក
៤. លោក យ័ញ ធូ (Danh Thu) ខេត្តក្រមួនស ។
៥. លោក កៀង សូក (Kien Sot) ខេត្តព្រះត្រពាំង
៦. លោក តាំង បា ស្វឹង (Tang Ba Xuan) ខេត្តឃ្លាំង
៧. លោក ថាច់ ផែន (Thach Phene) ខេត្តពលលាវ
៨. លោក សឺន សឺ (Son Su) ខេត្តពលលាវ
៩. លោក យ័ញ កឿង (Danh Cuong) ខេត្តក្រមួនស
១០. លោក ចៅ សូកាន (Chau Sokane) ខេត្តមាត់ជ្រូក
១១. លោក ចៅ ង៉ែត (Chau Nghet) ខេត្តមាត់ជ្រូក
១២. លោក យ័ញ ណើ (Danh No) ខេត្តចឿងទៀង [123] ។
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៦៩ តំណាងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំង ១៣ ខេត្ត/ក្រុង បានមកជួបជុំគ្នានៅវត្តចន្ទរង្សី នាទីក្រុងព្រៃនគរ ដើម្បីបង្កើតជាគណៈកម្ម ការតស៊ូមួយឈ្មោះ “គណៈកម្មាធិការកណ្ដាលដឹកនាំព្រះសង្ឃខ្មែរកំណើតនៅវៀតណាមខាងត្បូងតស៊ូទាមទារដើម្បីរក្សានូវនាទីជាជនជាតិភាគតិច” ដែលមាន ព្រះតេជ ព្រះគុណ ធម្មវីរិយោ គឹម សាង ជាប្រធាន ។ គណៈកម្មការនេះ បានដឹកនាំពលរដ្ឋ និង សង្ឃធ្វើបាតុកម្មនៅទីក្រុងព្រៃនគរ និងនៅតាមខេត្តនានា ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា រហូតដល់ខែធ្នូ ដើម្បីទាមទារឲ្យរដ្ឋការ ទេវ គី សងនូវនាទីជាជនជាតិភាគតិចមកឲ្យខ្មែរក្រោមវិញ ។ [124]
កាលសម័យនោះ យួនបានហៅខ្មែរក្រោមជាភាសាយួនថា ងើយវៀតហ្គុកម៉ៀង (Người Việt Gốc Miên) ប្រែថា “ពលរដ្ឋយួនកំណើតខ្មែរ” ។ ពាក្យនេះ យួនចង់សំដៅថា ខ្មែរក្រោមជាមនុស្សដែលបានភៀសខ្លួនចេញពីប្រទេសកម្ពុជា មករស់នៅអាស្រ័យក្នុងប្រទេសវៀតណាម មិនមែនជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម នោះទេ ។ ក្រោយឆ្នាំ ១៩៧៥ របបកុម្មុយនីស្តយួន សព្វថ្ងៃ បានចាត់ទុកខ្មែរក្រោមជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចទាំង ៥៣ នៅក្នុងប្រទេសវៀតណាម តែយួនបានហៅខ្មែរក្រោមជាភាសាយួនថា “ខ្មែរណាមបូ” (Khmer Nam Bộ ) ដែល មានន័យថា “ខ្មែរភាគខាងត្បូង” ទៅវិញ ។ សព្វថ្ងៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស បានទាមទារនៅក្នុងអង្គការសហប្រជាជាតិ (UN) ឲ្យរដ្ឋាភិបាលបក្សកុម្មុយនីស្តយួន ត្រូវទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម (Indigenous peoples) ឬជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ។
ឆ្លើយនឹងសំណួរថា ហេតុអ្វីខ្មែរក្រោមកាលសម័យនោះ មិនទាមទារឲ្យរដ្ឋការយួនទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម បែរជាឲ្យទទួលស្គាល់ជាជនជាតិភាគតិចទៅវិញ? លោក តាំង សារៈ ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា និងជាសាក្សីរស់នៃព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា ហេតុដែលនាំឲ្យខ្មែរក្រោមក្នុងសម័យនោះតស៊ូទាមទារនូវនាទីជាជនជាតិភាគតិចនោះ ដោយសារនៅក្នុងសម័យនោះ ពាក្យ “ជនជាតិដើម” គេមិនបានយកប្រើប្រាស់ជាផ្លូវការនៅឡើយ ។ [125]
បាតុកម្មប្រឆាំងការចាប់ព្រះសង្ឃផ្សឹកឲ្យទៅធ្វើជាទាហាន
ចាប់ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ ពេលដែលរបបសាធារណរដ្ឋវៀតណាម ជិតដួលរលំ ព្រះសង្ឃនៅដែនដីកម្ពុជាក្រោមបានធ្វើបាតុកម្មជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងអ្វីមួយដែលពលរដ្ឋខ្មែរក្រោមលើកឡើងថា “រដ្ឋការយួនចាប់ព្រះសង្ឃផ្សឹកឲ្យទៅធ្វើជាទាហាន” នៃរបបសាធារណរដ្ឋវៀតណាម ។ ការធ្វើបាតុកម្មនេះ បានធ្វើឲ្យរដ្ឋាភិបាលសាធារណប្រជាធិបតេយ្យវៀតណាមខាងជើង និងក្រុមកងទ័ពឧទ្ទាមយៀកកុង ដែលបង្កប់ខ្លួននៅកម្ពុជាក្រោមសប្បាយចិត្តយ៉ាងខ្លាំង ព្រោះពួកគេបានចំណេញនយោបាយលើការតស៊ូរបស់ព្រះសង្ឃខ្មែរក្រោម ។ ក្រុមយួនយៀកកុងបានឃោសនាថា របបយួន ទីវ គី បានធ្វើទុក្ខបុកម្នេញលើព្រះសង្ឃខ្មែរក្រោម ដើម្បីឲ្យខ្មែរក្រោមដែលជាអ្នកគោរពព្រះសង្ឃ និងពុទ្ធសាសនានោះ ស្អប់របប ទីវ គី និងសហរដ្ឋអាមេរិក ហើយចូលរួមតស៊ូជាមួយនឹងចលនាយួនយៀកកុង ។ ព្រះសង្ឃអង្គណាដែលសកម្មខ្លាំងក្នុង ការដឹកនាំធ្វើបាតុកម្ម ឬឃោសនាឲ្យខ្មែរក្រោមចេះងើបឡើងតស៊ូនោះ តែងតែត្រូវរបប ទីវ គី បាញ់ប្រហារសម្លាប់ជាបន្តបន្ទាប់ ។
ដោយអាស្រ័យមានវីរភាពក្នុងការដឹកនាំពលរដ្ឋខ្មែរក្រោមចេញធ្វើបាតុកម្ម ការពារផលប្រយោជន៍ជូនខ្មែរក្រោមនោះ ព្រះតេជព្រះគុណ មហា សឺន ថាន ជាប្រធាន គណៈអាចារ្យ និងជាប្រធានសមណប្បាតុករខេត្តពលលាវ និង លោក លី ឧត្ដម ជាអ្នកបើកម៉ូតូជូនព្រះអង្គ ត្រូវរបបសាធារណរដ្ឋវៀតណាមស្កាត់បាញ់សម្លាប់ឲ្យសុគត និងស្លាប់នៅតាមផ្លូវ ។ ករណីធ្វើឃាតកម្មនេះ បានរៀបចំដោយរដ្ឋការ ង្វៀង វ៉ាំង ទេវ សហការជាមួយនឹងអាជ្ញាធរយួនខេត្តពលលាវ ដែលមានលោកវរសេនីយ៍ឯក ហ្វិញ ង៉ុក ឌីប (Huynh Ngoc Diep) ជាមេខ្លោង បានចេញបញ្ជាឲ្យលោកអនុសេនីយ៍ឯក ត្រឹង យ្វី ជឿង (Tran Duy Chuong) ជាប្រធានមន្ទីរនគរបាលខេត្តពលលាវធ្វើឃាត ព្រះតេជព្រះគុណ មហា សឺន ថាន និង លោក លី ឧត្ដម នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៩៧៣ ត្រូវនឹងខែចេត្រ ឆ្នាំជូត ចត្វាស័ក ព. ស. ២៥១៧ វេលាម៉ោង ៥ រសៀល នៅភូមិទឹកចែក ឃុំស្នែត ស្រុកពលលាវ ខេត្តពលលាវ ដោយចោទព្រះអង្គពីបទ តែងតែ បំផុសឲ្យព្រះសង្ឃធ្វើបាតុកម្ម ។ ព្រះតេជព្រះគុណ មហា សឺន ថាន ប្រសូតនៅ ឆ្នាំ ច ព. ស. ១៤៧៧ គ. ស. ១៩៣៣ នៅតំបន់ឈើចុះ ឃុំទឹកសាប ស្រុកជ្រោយញ ខេត្តពលលាវ ។ ព្រះអង្គបានសាងផ្នួសនៅវត្តទេពារាមព្រៃជាប់ ជាវត្តមួយនៅក្នុងភូមិកំណើតរបស់ព្រះអង្គ ។ [126]
នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ១៩៧៤ ព្រះសង្ឃចំនួន ៤ អង្គ នៅក្នុងខេត្តក្រមួនស ត្រូវរបបយួន ទេវ គី បាញ់ប្រហារឲ្យសុគត នៅក្នុងព្រឹត្តិការណ៍បាតុកម្មមួយ ដើម្បីទាមទារឲ្យដោះលែងព្រះសង្ឃ ដែលត្រូវរបបសាធារណរដ្ឋវៀតណាម ចាប់ផ្សឹកទៅធ្វើជាទាហាន ។
ព្រះសង្ឃទាំង ៤ អង្គដែលត្រូវសុគតនោះ រួមមាន៖
១. ភិក្ខុ យ័ញ តឹប (Danh Tâp) ប្រសូតឆ្នាំ ១៩៤១
២. ភិក្ខុ យ័ញ ហម (Danh Hòm) ប្រសូតឆ្នាំ ១៩៥០
៣. ភិក្ខុ យ័ញ ហយ (Danh Hỏi) ប្រសូតឆ្នាំ ១៩៥១
៤. ភិក្ខុ ឡឹម ហ៊ុង (Lâm Hùng) ប្រសូតឆ្នាំ ១៩៤៧ [127]
នៅថ្ងៃទី ២១ និង ២២ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ទាហានរបប ទីវ គី បានឡោមព័ទ្ធវត្តក្រពុំឈូកច្រាលចារុ៍ ឋិតនៅក្នុងស្រុកថ្កូវ នៃខេត្តព្រះត្រពាំង ដើម្បីចាប់ព្រះសង្ឃផ្សឹកទៅធ្វើជាទាហាន ។ ព្រះសង្ឃប្រមាណ ១.២០០ អង្គ បាននិមន្តមកពីវត្តនានានៅក្នុងខេត្តរួមគ្នាតតាំងប្រយុទ្ធជាមួយនឹងទាហាន ទេវ គី នៅក្នុងវត្តក្រពុំឈូកច្រាលចារុ៍ ។ នៅក្នុងឆាកប្រយុទ្ធនេះ ព្រះសង្ឃ ២ អង្គ គឺ ភិក្ខុ យឿង សុខ និង គឹម សុមន៍ ត្រូវទាហាន ទេវ គី បាញ់ប្រហារឲ្យសុគតនៅក្នុងបរិវេណវត្ត ។
១. ភិក្ខុ យឿង សុខ បួសរៀននៅវត្តចារុ៍ ប្រសូត ឆ្នាំ ១៩៥០ ព្រះជន្ម ២៥ ។
២. ភិក្ខុ គឹម សុមន៍ បួសរៀននៅវត្តកោះស្លា ប្រសូត ឆ្នាំ ១៩៥៣ ព្រះជន្ម ២២ ។
នៅក្នុងឆាកប្រយុទ្ធនេះ ក្រៅពីព្រះសង្ឃទាំងពីរអង្គខាងលើត្រូវសុគត មានព្រះសង្ឃចំនួន ១១ អង្គផ្សេងទៀត ត្រូវរបួស គឺធ្ងន់ ៣ ស្រាល ៨ ។ ចំណែកខាងភាគីទាហាន ទេវ គី ត្រូវស្លាប់សក្ដិពីរកន្លះម្នាក់ និងរបួស ២ នាក់ ។ [128]
នៅក្នុងព្រឹត្តិការណ៍ដូចគ្នានេះដដែល សាមណេរ គឹម សំណាង អាយុ ១៥ ឆ្នាំ ដែលបានចូលរួមធ្វើបាតុកម្មដោយអហិង្សា ជាមួយនឹងព្រះសង្ឃប្រមាណ ១០០ អង្គ នៅស្រុកកំពង់ធំ (Chau Thanh) នាខេត្តព្រះត្រពាំង (Vinh Binh) ត្រូវមេទាហានយួនម្នាក់ឈ្មោះ ង្វៀង វ៉ាំង សយ (Nguyen Van Soi) បាញ់ប្រហារឲ្យសុគត នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ។ [129]
នៅក្នុងសង្រ្គាមវៀតណាម គេសង្កេតឃើញពលរដ្ឋខ្មែរក្រោមជាច្រើន ដែលមាននិន្នាការបម្រើយួនកុម្មុយនីស្ត បានស្លាប់ក្នុងបុព្វហេតុប្រឆាំងនឹងរបបយួនសេរី ទេវ គី ផងដែរ ។ យោងតាមអត្ថបទសិក្សាស្រាវជ្រាវជាភាសាយួនមួយ មានចំណងជើងថា “តួនាទីរបស់វត្តអារាមនៅក្នុងជីវភាព និងវប្បធម៌នៃពលរដ្ឋខ្មែរណាមបូ” [130] ដែលបានរៀបរៀងនៅឆ្នាំ ១៩៩៩ និង ២០០០ ដោយក្រុមមន្ត្រីរដ្ឋាភិបាលយួនកំណើតជា ខ្មែរក្រោម បានរាយការណ៍ថា នៅក្នុងសម័យអ្វីមួយដែលរដ្ឋាភិបាលកុម្មុយនីស្តយួន សព្វថ្ងៃ ហៅថា “សង្គ្រាមប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិអាមេរិក” នោះ មានពលរដ្ឋខ្មែរក្រោមជាច្រើនជាសមាជិកបក្សកុម្មុយនីស្តយួនត្រូវស្លាប់នៅក្នុងសមរភូមិ និងត្រូវជាប់ពន្ធនាគារ ។ អ្នកដែលបានស្លាប់នោះ ដូចជា ព្រះតេជព្រះគុណ ហូវ ញ៉ែម (Hữu Nhem), អ្នកស្រី ថាច់ ធី ថាញ់ (Thach Thị Thanh), នាង ង៉ែត (Neang Nghet), ថាច់ ធី ទើយ (Thạch Thị Tươi) និង ថាច់ ង៉ុក បៀង (Thạch Ngọc Biên) ជាដើម ។ អ្នកដែលរបបកុម្មុយនីស្តយួនចាត់ទុកជាវីរជននោះ មានដូចជា អ្នកស្រី កៀង ធី ញ៉ឹង (Kiên Thị Nhẫn), ឡាំ សាក់ (Lâm Sắc), សឺង តង (Sơn Ton), ឡឹម តឿង (Lâm Tương) និង ចៅ ពុធ ។ ព្រះសង្ឃចាស់ទុំមួយចំនួន ដែលត្រូវបានយួនតែងតាំងឲ្យទទួលតំណែងធំៗនៅក្នុងបក្សកុម្មុនីស្តយួននោះ មានដូចជា ព្រះតេជ ព្រះគុណ សឺង វ៉ង់ បានទទួលមុខងារជា អនុប្រធានការពារសន្តិភាព និង ជាទីប្រឹក្សា នៃ “គណៈកម្មការរណសិរ្សមាតុភូមិជាតិ [យួន] រំដោះវៀតណាមខាងត្បូង” និង ព្រះតេជ ព្រះគុណ ហូវ ញ៉ែម បានទទួលមុខងារជា អនុប្រធាន “គ.រ.ម.ជ.រ.វ.ណ.ត.” [131] ព្រះតេជព្រះគុណ ថាច់ សម បានទទួលមុខងារជា ប្រធាន “សមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិ” [132] ប្រចាំតំបន់និរតីភាគខាងត្បូងវៀតណាម និង ព្រះតេជព្រះគុណ លុយ សារ៉ាត (Luy Sarat) បានទទួលមុខងារជាប្រធាន “រណសិរ្សជាតិ [យួន] រំដោះខេត្តត្រាវិញ” ។ បើតាមរបាយការណ៍នេះដដែលបានបញ្ជាក់ថា មេដឹកនាំកំពូលនៃលទ្ធិ កុម្មុយនីស្តនៅក្នុងប្រទេសកម្ពុជា ក៏ជាមនុស្សដែលមានដើមកំណើតជាខ្មែរនៅដែនដីកម្ពុជាក្រោម ផងដែរ នោះគឺ សឺង ង៉ុក ម៉ិញ ឬ អាចារ្យ មៀន និង ទូ សាមុត ឬ អាចារ្យ សុខ ជាសហស្ថាបនិក នៃ គណបក្សបដិវត្តន៍ប្រជាជនខ្មែរ (Khmer People’s Revolutionary Party) ។ គណបក្សនេះ បានបង្កើតឡើងនៅក្នុងខែសីហា ឆ្នាំ ១៩៥១និងក្រោយមក បានក្លាយទៅជា គណបក្សប្រជាជនកម្ពុជា (CPP) នៃប្រទេសកម្ពុជា សព្វថ្ងៃ ។ សឺង ង៉ុក ម៉ិញ ឬ អាចារ្យ មៀន មានឈ្មោះជាភាសាយួនថា ផាម វ៉ាំង ហឿ (Phạm Văn Hứa) កើតឆ្នាំ ១៩២០ នៅខេត្តព្រះត្រពាំង ដែលមានឪពុកជាខ្មែរក្រោម និងម្ដាយជាយួន ។ [133] របាយការណ៍ខាងលើដដែលបានបញ្ជាក់ថា នៅក្នុងសម័យ សង្គ្រាម ទូទាំងកម្ពុជាក្រោម មានវត្តចំនួន ១១០ ត្រូវយៀកកុងយកធ្វើមូលដ្ឋានតស៊ូ របស់ខ្លួន និងខេត្តព្រះត្រពាំង មានពលរដ្ឋខ្មែរក្រោមជាសមាជិកបក្សកុម្មុយនីស្តយួន បានស្លាប់នៅក្នុងសមរភូមិចំនួន ១.២៤៧ នាក់ និងខេត្តលង់ហោរ ស្លាប់ចំនួន ១៤៧ នាក់ ដែលអ្នកទាំងនោះ ត្រូវបានរបបកុម្មុយនីស្តយួន សព្វថ្ងៃ ចាត់ទុកថាជាមនុស្សដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិរបស់គេ ។ [134]
របបយួនកុម្មុយនិស្តចូលត្រួតត្រាកម្ពុជាក្រោម
នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ កងទ័ពយួនកុម្មុយនីស្ត [135] បានវាយសម្រុកចូលវិមានឯករាជ្យ (Dinh Độc Lập) ជាអគាររដ្ឋបាលរបស់រដ្ឋាភិបាលសាធារណរដ្ឋ វៀតណាម ដែលមានទីតាំងនៅទីក្រុងព្រៃនគរ ហើយបានចាប់បង្ខំប្រធានាធិបតីយួនខាងត្បូង យឿង វ៉ាំង ម៉ិញ [136] ឲ្យប្រកាសចុះចាញ់ និងរំសាយរដ្ឋាភិបាលយួនខាងត្បូងដោយគ្មានលក្ខខណ្ឌ ក្នុងគោលបំណងអ្វីមួយដែលរបបយួនកុម្មុយនីស្តហៅថា “ដើម្បីបង្រួបបង្រួមជាតិ” និង “ជៀសវាងការបង្ហូរឈាម” រវាងយួននិងយួនគ្នាឯង ។ ពេលបានទទួលជ័យជម្នះភ្លាម ក្រុមយួនកុម្មុយនីស្តខាងត្បូងបានបង្កើតជារដ្ឋាភិបាល បណ្ដោះអាសន្នមួយឈ្មោះថា “សាធារណរដ្ឋខាងត្បូងវៀតណាម” (Cộng hòa Miền Nam Việt Nam) ដែលមាន លោក ហ្វិញ តឹង ផាត (Huỳnh Tấn Phát) ធ្វើជាប្រធានរដ្ឋបានមួយឆ្នាំ ។ នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ១៩៧៦ របបយួនកុម្មុយនីស្តបានភ្ជាប់ទឹកដី កម្ពុជាក្រោមទៅនឹងទឹកដីយួនខាងជើងឲ្យរួមចូលគ្នាជាប្រទេសតែមួយដែលយួនហៅថា “ឯកភាពទឹកដី” (Thống nhất đất nước) និងបានបង្កើតជាប្រទេសយួនតែមួយ មានឈ្មោះថា “សាធារណរដ្ឋសង្គមនិយមវៀតណាម” រហូតមកដល់ សព្វថ្ងៃ ។
៤៥ ឆ្នាំ ក្រោមរបបយួនកុម្មុយនីស្ត (១៩៧៥ – បច្ចុប្បន្ន) ៖
របបសាធារណរដ្ឋវៀតណាមបានដួលរលំទៅ របបយួនកុម្មុយនីស្តបានចូលមកបន្តកាន់កាប់ និងធ្វើអាណានិគមលើដែនដីកម្ពុជាក្រោម នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។ ចាប់តាំងពីពេលនោះមក ពលរដ្ឋនៅកម្ពុជាក្រោមបានចាប់ផ្ដើមស្គាល់នូវរបបអាណានិគមថ្មីមួយទៀត នោះគឺ របបយួនកុម្មុយនីស្ត ដែលរដ្ឋាភិបាលមួយនេះបានដឹកនាំប្រទេសតាមរបៀបសង្គមនិយម ឬលទ្ធិកុម្មុយនីស្តម៉ាក្សឡេនីន ។ នៅទី សាធារណៈ និងទីប្រជុំរបស់រដ្ឋាភិបាល គេបានឃើញទង់ជាតិនៃរបបកុម្មុយនីស្តយួនពណ៌ក្រហមដែលមានផ្កាយពណ៌លឿង ទង់លទ្ធិកុម្មុយនីស្តពណ៌ក្រហមដែលមាន សញ្ញាកណ្ដៀវ និងញញួរ រូបមេលទ្ធិកុម្មុយនីស្តទាំងពីររូប គឺ កលម៉ាក្ស និង ឡេនីន ព្រមទាំងរូបមេដឹកនាំបក្សកុម្មុយនីស្តយួន ហូ ជី ម៉ិញ ។ ទីក្រុងព្រៃនគរ ដែលជនជាតិយួនធ្លាប់ហៅថា សាយហ្គន (Sài Gòn) ត្រូវរបបនេះប្ដូរឈ្មោះទៅជាទីក្រុងហូជីម៉ិញ វិញ ផងដែរ ។
ពេលក្ដាប់អំណាចបានពេញដៃហើយ របបយួនកុម្មុយនីស្តបានបោសសម្អាតនូវមនុស្សណាដែលជាប់ពាក់ព័ន្ធនឹងសង្គមចាស់ តាមរយៈការចាប់អ្នកទាំងនោះទៅធ្វើទារុណកម្មនៅក្នុងគុក ដែលភាសាយួនហៅថា “ឌីកាយតាវ” (Đi cải tạo) មានន័យថា “ទៅរៀនសូត្រ ឬទៅលត់ដំ” ។ ចំពោះខ្មែរក្រោមវិញ មុខព្រួញដែលរបបកុម្មុយនីស្តយួនត្រូវបោសសម្អាតនោះ រួមមាន មេដឹកនាំសង្ឃ, គ្រូបង្រៀនសាលាបាលីនៅតាមវត្តអារាម, អ្នកនយោបាយ, អ្នកធ្វើជារាជការ ឬជាទាហាននៅក្នុងរបបយួន ទេវ គី, អ្នកបង្កើតជាចលនាតស៊ូដើម្បីរំដោះទឹកដីកម្ពុជាក្រោម, អ្នកដែលហ៊ានចេញមុខធ្វើបាតុកម្ម និងបញ្ចេញមតិតាមអិនធើណែតអំពីបញ្ហាដែលរបបយួនកុម្មុយនីស្តរំលោភសិទ្ធិលើខ្មែរក្រោម ជាដើម ។ អ្នកដែលត្រូវរបបយួនកុម្មុយនីស្តចាប់ដាក់គុក និងត្រូវសម្លាប់នោះ មានដូចជា លោក សឺង ង៉ុក ថាញ់ ជាអ្នកនយោបាយដ៏ល្បីនៅកម្ពុជា ត្រូវចាប់ដាក់គុកជីហ្វា (Chí Hoà) ឆ្នាំ ១៩៧៥ និងត្រូវស្លាប់ឆ្នាំ ១៩៧៧, ព្រះតេជព្រះគុណ គឹម តុក ចើង ជាព្រះមេគណខេត្តព្រះត្រពាំង ត្រូវយួនធ្វើឃាតនៅក្នុងគុក ឆ្នាំ ១៩៨៦, ព្រះតេជព្រះគុណ ថាច់ ស ជាព្រះឧបជ្ឈាយ៍វត្តកញ្ចោងកំពង់លាវ ត្រូវយួនចងនឹងបង្គោលទង់នៅក្នុងវត្តនិងបាញ់សម្លាប់ ចោទពីបទជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បះបោររំដោះទឹកដីកម្ពុជាក្រោម នៅក្នុងខេត្តព្រះត្រពាំងកាលពីឆ្នាំ ១៩៧៦, លោក ចៅ រៀប នៅខេត្តមាត់ជ្រូក ជាទាហានអាមេរិកក្នុងរបបសាធារណរដ្ឋវៀតណាម និងមានឋានៈជាអនុសេនីយ៍ឯក ត្រូវយួនចាប់ដាក់គុក និងធ្វើទារុណកម្ម ៧ ឆ្នាំ គឺចាប់ពីឆ្នាំ ១៩៧៥ ដល់ ១៩៨២ [137], លោក ថាច់ សេ (កាលនៅជាសង្ឃ) ជាអគ្គលេខាធិការសាលាគណ នៃគណៈពុទ្ធសាសនាថេរវាទខេត្តព្រះត្រពាំង និងជាសមណប្បាតុករ ធ្វើបាតុកម្ម ទាមទារឲ្យដោះលែងព្រះសង្ឃដែលត្រូវរបបយួន ទេវ គី ចាប់ទៅធ្វើជាទាហាននោះ ត្រូវរបបយួនកុម្មុយនីស្ដចាប់ដាក់គុក ៥ ឆ្នាំ គឺចាប់ពីឆ្នាំ ១៩៧៥ ដល់ ១៩៨០ [138], ព្រះសង្ឃ ៥ អង្គ នៅខេត្តឃ្លាំង រួមមាន ភិក្ខុ គឹម មឿន, ភិក្ខុ យ័ញ តូន, ភិក្ខុ លី សឿង, ភិក្ខុ ថាច់ ធឿង និង ភិក្ខុ លី ហ្វាង ត្រូវរបបយួនចាប់ផ្សឹក និងដាក់គុកមួយអង្គៗពី ២ ទៅ ៤ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់សមណសិស្សសាលាបាលីខេត្តឃ្លាំង ឆ្នាំ ២០០៧ [139] និង ព្រះតេជព្រះគុណ ទឹម សាខន ជាព្រះចៅអធិការវត្តភ្នំដិន នាស្រុកគិរីវង់ ខេត្តតាកែវ ដែលមានដើមកំណើតនៅខេត្តមាត់ជ្រូក ត្រូវមន្ត្រីសង្ឃខ្មែរនៃប្រទេសកម្ពុជា ចាប់ផ្សឹក និងបញ្ជូនទៅដាក់គុកយួននៅដែនដីកម្ពុជាក្រោម នៅ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ និងបានដោះលែងឲ្យនៅក្រៅឃុំវិញនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០០៨ [140] ។ ក្រៅពីនេះ មានមនុស្សជាច្រើនទៀត ត្រូវរងទារុណកម្មនៅក្នុងគុកយួន ដែលយើងមិនបានរៀបរាប់ឲ្យអស់នៅទីនេះ ។
តាំងពីឆ្នាំ ១៩៧៥ មកដល់ពេលបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរក្រោមនៅតែបន្តភៀសខ្លួនចេញពីដែនដីកម្ពុជាក្រោមជាបន្តបន្ទាប់ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញដោយរបបយួនកុម្មុយនីស្ត ។ ជនភៀសខ្លួនទាំងនោះ បានឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បញ្ជូនទៅតាំងទីលំនៅ នៅប្រទេសនានាក្នុងពិភពលោក ក្នុងនោះមាន សហរដ្ឋអាមេរិក, កាណាដា, អូស្ត្រាលី, អូទ្រីស, បារាំង, ដាណឺម៉ាក, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន, ហុល្លង់, នូវែលសេឡង់, អង់គ្លេស, ស្វិស និងប្រទេសផ្សេងៗទៀត ។ [141] ក្រៅពីនេះ ក៏មានខ្មែរក្រោមជាច្រើន កំពុងតែរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ផងដែរ ។ ពួកគាត់បានភៀសខ្លួនទៅប្រទេស កម្ពុជា ដោយមូលហេតុផ្សេងៗគ្នា ដូចជា គេចចេញពីការធ្វើទុក្ខបុកម្នេញដោយរបបយួនកុម្មុយនីស្តព្រោះបញ្ហានយោបាយ, ចង់កសាងជីវិតឲ្យប្រសើរឡើងនៅលើទឹកដីថ្មី ព្រោះជីវភាពនៅស្រុកក្រីក្រ និងដើម្បីបន្តការសិក្សា ជាដើម ។ [142] នៅក្នុងខែធ្នូ ឆ្នាំ ២០២០ មានជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ ប្រមាណ ៦៥ គ្រួសារ ដោយមានសមាជិកចំនួន ២០៧ នាក់ ដែលកំពុងតែស្វែងរកសិទ្ធិជ្រកកោននៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ។ [143]
ខែឧសភា ឆ្នាំ ១៩៧៥ មេដឹកនាំសង្ឃទាំងពីរគណៈគឺ ព្រះតេជព្រះគុណ ធម្មសាល ថាច់ រាជ ជាព្រះមេគណគណៈថេរវាទ ព្រះតេជព្រះគុណ ង៉ោ ស៊ីវ ជាព្រះមេគណ គណៈខេមរនិកាយ ព្រះសង្ឃាធិបតី ថាច់ ងោស ព្រះមេគណរង ថាច់ ភឿន និង ព្រះអគ្គលេខាធិការ ថាច់ ហ្វាយ ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនីស្តយួនចាប់ដាក់គុកនិងធ្វើទារុណកម្ម ។ ក្រោយមក ពុទ្ធសាសនាទាំងពីរគណៈនេះ ត្រូវរបបយួនកុម្មុយនីស្តរំសាយចោល និងបានបង្កើតជានិកាយថ្មីមួយទៀតឈ្មោះថា “ពុទ្ធសាសនាគណៈមហានិកាយ” ដែលនិកាយមួយនេះ មានដំណើរការរហូតមកដល់សព្វថ្ងៃ ។ [144]
ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ១៩៧៦ [145]
នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ “រណសិរ្សសេរីភាពជាតិរំដោះកម្ពុជាក្រោម” ដែលបានបង្កើតឡើងនៅខេត្តព្រះត្រពាំង ដោយ លោក សឺង ញ៉រ ហៅ នេន សុភី ជាប្រធាន និង លោក កៀង ហ៊ាន ជាអនុប្រធាន បានដឹកនាំសមាជិករបស់ខ្លួនក្រោកឡើងប្រយុទ្ធដោយកម្លាំងប្រដាប់អាវុធ ដើម្បីរំដោះកម្ពុជាក្រោមចេញពីនឹមអាណានិគមយួន ។ ការតស៊ូនេះ មិនបានជោគជ័យទេ ដោយសារកម្លាំងកងទ័ពរបស់រដ្ឋាភិបាលយួនច្រើនជាង ។ ទីបំផុត សមាជិកជាច្រើននៃរណសិរ្សនេះ ត្រូវរបបយួនកុម្មុយនីស្តចាប់ដាក់គុក កាត់ទោសប្រហារជីវិត និងធ្វើទារុណកម្មរហូតស្លាប់ក្នុងគុក ជាដើម ។ អ្នកដែលបានក្រោកឡើងប្រយុទ្ធជាមួយនឹងកងទ័ពយួន នាពេលនោះ ត្រូវបានខ្មែរក្រោមចាត់ទុកថាជា “វីរជនដែលបានបូជាជីវិតដើម្បីជាតិ” នៅដែនដីកម្ពុជាក្រោម ។ ខាងក្រោមនេះ ជាឆាកប្រយុទ្ធនានានៅក្នុងព្រឹត្តិការណ៍នេះ ។
ករណី កាសេហាសិប (KC-50)
នៅពាក់កណ្ដាលទសវត្សរ៍ ឆ្នាំ ១៩៨០ រដ្ឋាភិបាលវៀតណាមបានអនុវត្តនូវគោលនយោបាយបង្រ្កាបលើពលរដ្ឋខ្មែរក្រោមដោយសង្ស័យថា មានទំនាក់ទំនងនឹងចលនាសម្ងាត់ដើម្បីផ្ដួលរំលំរបបយួនកុម្មុយនីស្ត ។ បើតាមសាស្រ្តាចារ្យ Ian Harris ជាអ្នកសិក្សាអំពីពុទ្ធសាសនា និងភាសាសំស្រ្កឹត បានបញ្ជាក់នៅក្នុងសៀវភៅ “ពុទ្ធសាសនាក្រោមរបបប៉ុលពត” (Buddhism Under Pol Pot) ថា៖
“នៅពេលនោះ ដើម្បីអាចនិមន្តទៅទីកន្លែងផ្សេងៗបាន ព្រះសង្ឃ ខ្មែរក្រោមត្រូវមានលិខិតសម្គាល់ខ្លួន ។ នៅឆ្នាំ ១៩៨៤ បណ្ណាល័យនៅ តាមវត្តអារាមជាច្រើនត្រូវរឹបអូស និងព្រះសង្ឃដែលពាក់ព័ន្ធនឹងការបង្រៀន អំពីពុទ្ធសាសនា និងវប្បធម៌ខ្មែរត្រូវគេចាប់ដាក់គុក ។ វាហាក់ដូចជាជនជាតិ យួនជឿថា ខ្មែរក្រោមបានចូលរួមនៅក្នុងចលនាផ្ដួលរំលំមួយ ដែលពួកគេ ហៅថា កាសេហាសិប (KC-50) ។ ចលនានេះត្រូវបានគេសន្មតថា មានការ គាំទ្រដោយសហរដ្ឋអាមេរិក និងមានគម្រោងបង្កើតឡើងវិញនូវរដ្ឋាភិបាលថ្មី មួយដែលមិនមែនកុម្មុយនីស្ត …” ។ [145]
របបយួនកុម្មុយនីស្តបានចោទ ព្រះតេជព្រះគុណ គឹម តុក ចើង (កន្តធម្មោ) ជាព្រះមេគណខេត្តព្រះត្រពាំងថា ជាមេខ្លោងនៅក្នុងព្រឹត្តិការណ៍ KC-50 និងបានចាប់ព្រះអង្គយកទៅធ្វើទារុណកម្មនៅក្នុងគុកអស់ ២ ឆ្នាំ ១ ខែ ៥ ថ្ងៃ រហូតដល់សុគតនៅក្នុងគុក នៅថ្ងៃព្រហស្បតិ៍ ២ រោច ខែមិគសិរ ឆ្នាំខាល អដ្ឋស័ក ព. ស. ២៥៣០ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ គ. ស. ១៩៨៦ ក្នុងជន្មាយុ ៥១ ឆ្នាំ ។ ព្រះតេជព្រះគុណ គឹម តុក ចើង ប្រសូតនៅឆ្នាំ ១៩៣៥ នៅភូមិដំបងពាក់ ឃុំរំដួល ស្រុកថ្កូវ ខេត្តព្រះត្រពាំង និងបានសាងផ្នួសនៅវត្តសុវណ្ណទេព្វីឯកវិមលារាម (ដំបងពាក់) ជាវត្តមួយឋិតនៅក្នុងភូមិកំណើតរបស់ព្រះអង្គ ។ ក្រោយឆ្នាំ ១៩៧៥ ក្នុងឋានៈជាព្រះមេគណខេត្តព្រះត្រពាំង ព្រះអង្គបានបំផុសគំនិត និងចលនាឲ្យព្រះសង្ឃគ្រប់វត្តអារាមទូទាំងខេត្ត បើកសាលារៀនផ្នែក ពុទ្ធិកសិក្សា និងអក្សរសាស្ត្រខ្មែរមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យរបប យួនកុម្មុយនីស្តបង្កើតជាព្រឹត្តិការណ៍ KC-50 ដើម្បីបំផ្លិចបំផ្លាញនូវការអភិវឌ្ឍរបស់ ខ្មែរក្រោម ។ [146] ពេលធ្វើឃាតរួច យួនបានបញ្ជូនសាកសព ព្រះតេជព្រះគុណ គឹម តុក ចើង សងមកគ្រួសារវិញ ដោយបានដាក់ចូលទៅក្នុងក្ការមឈូសមួយ ដែលមានរចនាប័ទ្មបែបយួន និងបានបិទត្រាហាមបើកមើល តែក្រុមគ្រួសារ និងពលរដ្ឋខ្មែរក្រោមនៅតែជម្នះបើកមើលឲ្យទាល់តែបាន ។ ពលរដ្ឋខ្មែរក្រោមបានលើកឡើងថា យួនបានធ្វើឃាតព្រះអង្គដោយវិធីវះពោះ ។ [147]
វិធីដែលរបបយួនកុម្មុយនីស្តបានធ្វើទារុណកម្មលើខ្មែរក្រោមនៅក្នុងគុក ក្នុងករណី KC-50 នោះ រួមមាន៖
- ឆក់ខ្សែភ្លើង ។
- ចងជើងព្យួរឡើងលើ ក្បាលសំយុងចុះក្រោម ។
- ខ្នោះជើងដៃជាប់ ឲ្យមូសខាំ ។
- ច្រកគុកងងឹត និងគ្មានខ្យល់អាកាសចេញចូល (ក្លិនស្អុយតែលាមក) ។
- យកដបវាយឆ្អឹងខ្នង ដើមទ្រូង ហើយចាក់ទឹកត្រីចូលតាមរន្ធច្រមុះ ។
- ច្រកក្នុងធុងសាំង រួចយកដំបងវាយពីក្រៅ ។ល។
វិធីធ្វើទារុណកម្មបែបនេះ ដើម្បីបង្ខំឲ្យពលរដ្ឋខ្មែរក្រោមទទួលទោសថា ខ្លួនបានចូលរួមបង្កើតជា រណសិរ្សសាមគ្គីរំដោះកម្ពុជាក្រោម ។
អ្នកដទៃទៀត ដែលត្រូវរបបយួនកុម្មុយនីស្តសម្លាប់ និងធ្វើទារុណកម្មដោយវិធីប្រហាក់ប្រហែលគ្នានោះ រួមមាន ព្រះតេជព្រះគុណ គឹម សាង ព្រះតេជព្រះគុណ ថាច់ កា ព្រះតេជព្រះគុណ ថាច់ ចៀន និង លោក ថាច់ ភោគ ។ ក្រៅពីនេះ ក៏មានពល រដ្ឋខ្មែរក្រោមធ្វើជាកម្មាភិបាលក្នុងរបបយួនកុម្មុយនីស្តចំនួន ៧ រូបទៀត ដែលត្រូវយួនសម្លាប់ដែរនោះ រួមមាន លោក គឹម សុវណ្ណ លោក ថាច់ ជ័រ លោក ថាច់ ជុំ លោក ថាច់ គង់ លោក គឹម ថា លោក គឹម ផាង និង លោក គឹម កុង ។ [148]
លោក ថាច់ ភោគ ត្រូវចាប់ដាក់គុកជាលើកទី ២ ពីឆ្នាំ ១៩៨៥ ដល់ ១៩៨៧ និងត្រូវយួនធ្វើទារុណកម្មដោយវិធីចងជើងព្យួរឡើងលើ ក្បាលសំយុងចុះក្រោម និងវះពោះរហូតដល់ស្លាប់នៅក្នុងគុក ។ លោក ថាច់ ភោគ កើតនៅភូមិព្រែកឈូក ស្រុកផ្សារថ្មី (Tam Binh) ខេត្តលង់ហោរ និងបានសាងផ្នួសនៅវត្តសាលវនឧទ្យាន (ព្រែកឈូក) ជាវត្តមួយឋិតនៅក្នុងភូមិកំណើតរបស់ខ្លួន ។ ឆ្នាំ ១៩៧៤ កាលនៅជាសង្ឃ លោកបានទទួលឋានៈជានាយករងនៃគណៈពុទ្ធសាសនាថេរវាទ ដែលមានការិយាល័យនៅក្នុង វត្តចន្ទរង្សី ទីក្រុងព្រៃនគរ ។ លោកត្រូវរបបយួនកុម្មុយនីស្តចាប់ដាក់គុកលើកទីមួយ ចាប់ពីឆ្នាំ ១៩៧៥ ដល់ ១៩៨០ ។ ពេលបានចេញពីគុក លោកបានរៀបការជាមួយនឹងស្ត្រីម្នាក់ឈ្មោះ ធីតា និងបានរស់នៅជាមួយគ្នាបានមួយរយៈខ្លី ក៏ត្រូវយួនចាប់ដាក់គុកជាលើកទីពីរ ។ [149]
ឆ្នាំ ១៩៨៥ របបយួនកុម្មុយនីស្តបានចាប់ ព្រះតេជព្រះគុណ ធម្មវីរិយោ គឹម សាង ដាក់គុកលើកទីពីរ និងបានដោះលែងវិញ នៅខែធ្នូ ឆ្នាំ ១៩៨៧ ។ ពេលបានចេញពីគុកមិនយូរប៉ុន្មាន ព្រះអង្គបានសុគតនៅក្នុងឆ្នាំ ១៩៨៨ ។ ព្រះអង្គជាសង្ឃនាយកនៃគណៈពុទ្ធសាសនាថេរវាទ ដែលមានការិយាល័យនៅវត្តចន្ទរង្សី នាទីក្រុងព្រៃនគរ ។ ព្រះអង្គប្រសូតនៅឆ្នាំ ១៩២២ និងបានសាងផ្នួសនៅវត្តពោធិវង្សកំពង់ដូង ជាវត្តមួយឋិតនៅភូមិកំណើតរបស់ខ្លួន នៅស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។ [150]
ក្រៅពីនេះ មានមនុស្សជាច្រើនទៀត ដែលរងគ្រោះនៅក្នុងព្រឹត្តិការណ៍ KC-50 ដែលយើងមិនបានចារឈ្មោះឲ្យអស់នៅទីនេះ ដោយអ្នកទាំងនោះ អ្នកខ្លះត្រូវស្លាប់ និងត្រូវរងទារុណកម្មនៅក្នុងគុក និងអ្នកខ្លះទៀត បានចេញពីគុកហើយ បានភៀសខ្លួន ទៅនៅប្រទេសកម្ពុជា និងប្រទេសដទៃទៀត ។
បន្ទាប់ពីបានចាប់ព្រះសង្ឃ និងបញ្ញវន្តខ្មែរក្រោមដាក់គុក ធ្វើទារុណកម្ម និងសម្លាប់ រួចហើយ របបយួនកុម្មុយនីស្តបានចេញមកបកស្រាយថា អំពើដែលខ្លួនបានធ្វើលើខ្មែរក្រោមនោះ គ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះ ។ ករណីជាក់ស្ដែង ដូចជាការធ្វើឃាត ព្រះតេជព្រះគុណ គឹម តុក ចើង ជាដើម យួនបានបកស្រាយថា បក្សបានសម្លាប់ច្រឡំ និងបានសងប្រាក់ជំងឺចិត្តដល់គ្រួសាររបស់ព្រះអង្គចំនួន ២ លានដុង ។
ក្រោយមកទៀត ការិយាល័យស៊ើបអង្កេតជាន់ខ្ពស់ (Viện Kiểm Sát Nhân Dân Tối Cao) របស់របបយួនកុម្មុយនីស្តបានសើរើករណី KC-50 ឡើងវិញ និងបានបញ្ជាក់ថា ករណី KC-50 ដែលបានកើតឡើងនៅក្នុងខេត្តកូវឡុង (Cửu Long) [151] មានពលរដ្ឋខ្មែរក្រោមប្រមាណជិត ២០០ នាក់ ត្រូវចាប់ខ្លួនទាំងអយុត្តិធម៌ និងអ្នកទាំងនោះគ្មានទោសកំហុសអ្វីសោះឡើយ ។ [152]
របបយួនកុម្មុយនីស្តបានបង្កើតព្រឹត្តិការណ៍ KC-50 ដើម្បីសម្លាប់ខ្មែរក្រោមនោះ វាដូចជាការសាបព្រោះនូវពូជគំនិត និងស្មារតីនៃការស្អប់ខ្ពើមរបស់ខ្មែរក្រោម លើពូជអម្បូរយួន និងបក្សកុម្មុយនីស្តយួនកាន់តែខ្លាំងឡើងៗពីជំនាន់មួយទៅជំនាន់មួយមិនសាបសូន្យឡើយ ។ បើយោងតាមរបាយការណ៍មួយស្ដីពី ជីវភាពរបស់ខ្មែរក្រោមនៅក្នុងខេត្តព្រះត្រពាំង ពីឆ្នាំ ១៩៩២ ដល់ ២០១០ ដោយ “គណៈកម្មការឃោសនាខេត្ត ត្រាវិញ” ជាស្ថាប័នមួយរបស់របបកុម្មុយនីស្តយួន បានបញ្ជាក់ថា៖
“លទ្ធផលនៃករណី KC-50 និង 91/6B នៅតែបន្តជះឥទ្ធិពលអាក្រក់ដល់ សតិអារម្មណ៍ និងស្មារតីរបស់ព្រះសង្ឃ, ប្រជាពលរដ្ឋ និងកម្មាភិបាលខ្មែរ នៅក្នុងខេត្ត ។ ពួកគេនៅតែមិនយល់នូវគោលការណ៍, មាគ៌ារបស់បក្ស, គោលនយោបាយ និងច្បាប់របស់រដ្ឋអំពីបញ្ហាជនជាតិ ។ ក្រុមប្រតិកិរិយានៅ ក្នុង និងក្រៅប្រទេស នៅតែមិនបោះបង់នូវល្បិចកលពិសពុល ដើម្បីបំបែក សាមគ្គីភាពរវាងបក្ស, រដ្ឋាភិបាល, កម្មាភិបាល, ព្រះសង្ឃ និងជនជាតិខ្មែរ ជាមួយនឹងជនជាតិយួន (Kinh) ជាដើម ។…. ស្ថានភាពការធ្វើបាបប្រជាជន នៅតែបន្តកើតឡើងដដែល” ។ [153]
ករណី រណសិរ្សតស៊ូខ្មែរកម្ពុជាក្រោម នៅខេត្តទឹកខ្មៅ
នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ១៩៨៥ លោក ថាច់ ញ៉ កើតឆ្នាំ ១៩៥៩ នៅខេត្តទឹកខ្មៅ ជាប្រធានរណសិរ្សចលនាតស៊ូខ្មែរកម្ពុជាក្រោម ពីឆ្នាំ ១៩៧៥ ដល់ ១៩៨៥ ត្រូវរបបយួនកុម្មុយនីស្តកាត់ទោសឲ្យជាប់គុក ១៨ ឆ្នាំ តែជាប់បានតែ ១២ ឆ្នាំ ប៉ុណ្ណោះ ។ ពេលបានចេញពីគុក លោកបានភៀសខ្លួនទៅប្រទេសកម្ពុជា នៅឆ្នាំ ២០០០ ហើយបានសុំសិទ្ធិជ្រកកោននៅការិយាល័យ UNHCR នៅភ្នំពេញ នាឆ្នាំ ២០០៥ ។ [154]
