
ទង់ជាតិកម្ពុជាក្រោម ត្រូវបានអនុម័តឲ្យប្រើជាផ្លូវការនៅឆ្នាំ ១៩៩២ នៅក្នុង «មហាសន្និបាតសាកលលើកទី ៤ នៃខ្មែរកម្ពុជាក្រោម» ដែលបានរៀបចំនៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋ អាមេរិក ។ ទង់នេះជាតំណាង និងជានិមិត្តរូបនៃ ប្រជាជាតិខ្មែរក្រោមទូទាំងពិភពលោក និងដែនដីកម្ពុជាក្រោម ដែលកំពុងតែត្រូវរបបយួនធ្វើអាណានិគមសព្វថ្ងៃ ។ ទង់ជាតិកម្ពុជាក្រោម មានបីឆ្នូត ដែលមានទំហំស្មើគ្នា និងមាន ៣ ព័ណ៌ផ្សេងគ្នា គឺ ខៀវ លឿង និងក្រហម ហើយមានខ្នាតទទឹងពីរភាគបី និងបណ្តោយបីភាគបី ។
● ឆ្នូតព័ណ៌ខៀវ នៅខាងលើ ជានិមិត្តរូបនៃសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យ ដែលជាសិទ្ធិខ្ពស់ជាងគេបំផុត ។
● ឆ្នូតព័ណ៌លឿង នៅចំកណ្តាល ជានិមិត្តរូបនៃជាតិសាសន៍របស់ខ្មែរក្រោម ដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌ ។
● ឆ្នូតព័ណ៌ក្រហម នៅខាងក្រោម ជានិមិត្តរូប នៃវីរភាពអង់អាចក្លាហានរបស់ វីរជនខ្មែរក្រោម ដែលហ៊ានបូជាជីវិតខ្លួនដើម្បីជាតិរស់ ។
លោក ថាច់ តាន់តារា ជាអតីតប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងអាណត្តិកាល ពីឆ្នាំ ១៩៩៦ ដល់ ២០០០ បានថ្លែងថា ទង់ជាតិកម្ពុជាក្រោម បានកើតឡើងដោយសភាខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។
លោក ថាច់ តាន់តារា បានថ្លែងថា៖
“ដល់ពេលធ្វើមហាសន្និបាតលើកទីបួន នៅទីក្រុងភីឡាដែលផ្យា ក៏បានប្ដូរឈ្មោះឲ្យទៅជា «សភាខ្មែរកម្ពុជាក្រោម» ទៅវិញ ។ សភានេះ ក៏បានរៀបចំធម្មនុញ្ញសម្រាប់ឲ្យខ្មែរកម្ពុជាក្រោម សម្រាប់ឲ្យដែនដី កម្ពុជាក្រោម ដែលខំធ្វើបួនឆ្នាំ បានចេញទៅជាទង់ [ជាតិកម្ពុជាក្រោម] ដែលយើងមានប្រើសព្វថ្ងៃ ទង់ដែលយើងពាក់សព្វថ្ងៃ ។ ទង់នេះហើយ ដែលជាស្នាដៃរបស់ សភាខ្មែរកម្ពុជាក្រោមយើង ដែលបង្កើតឡើង នៅទីក្រុងភីឡាដែលផ្យា ដែលមានខ្ញុំព្រះករុណា ខ្ញុំបាទ ធ្វើជាប្រធាន និងមានគណៈកម្មការយ៉ាងច្រើន មាន លោក ថាច់ ចាន់ និងអស់លោក មកពីស្រុកបារាំង មកពីស្រុកខ្មែរ បានរួបរួមគ្នា ធ្វើគ្រប់បែបយ៉ាង ដើម្បី ឲ្យមានជាធម្មនុញ្ញមួយ ។ ដោយយើងយល់ថា បើយើងចង់មានទឹកដី យើងត្រូវចាប់ផ្ដើមឲ្យមានច្បាប់ដើម្បីគ្រប់គ្រងទឹកដីហ្នឹង ឬយ៉ាងតិច ណាស់ ត្រូវប្រកាសប្រាប់គេឯងថា តើយើងជាខ្មែរកម្ពុជាក្រោមចង់ បានហ្នឹង ចង់បានស្អី ហើយយើងដើរនយោបាយរបៀបណា” ។ [1]
កើតចេញពីទង់ពុទ្ធសាសនា៖
គំនិតនៃការបង្កើតទង់ជាតិកម្ពុជាក្រោម កើតចេញពីទង់ពុទ្ធសាសនា ដោយសារ ពលរដ្ឋខ្មែរក្រោមជាអ្នកគោរពប្រតិបត្តិតាមពុទ្ធសាសនាថេរវាទ តាំងពីយូរលង់ណាស់ មកហើយ ។ ម្យ៉ាងទៀត ជីវិតរបស់ខ្មែរក្រោមម្នាក់ៗនៅដែនដីកម្ពុជាក្រោម តែងតែផ្សារភ្ជាប់នឹងទង់ពុទ្ធសាសនាយ៉ាងស្អិតល្មួត ដោយសារទង់នេះ ត្រូវបានព្រះសង្ឃបង្ហូត ឡើងនៅតាមវត្តអារាមនានាគ្រប់ពេលវេលា ។ ដើម្បីឲ្យទង់ជាតិកម្ពុជាក្រោមបង្កើត មក ត្រូវនឹងផ្នត់គំនិតរបស់ប្រជាជនខ្មែរក្រោម សភាខ្មែរកម្ពុជាក្រោម បានសម្រេចកាត់យក ៣ ព័ណ៌ត្រង់ភាគខាងលើនៃទង់ពុទ្ធសាសនាមកធ្វើជាទង់ជាតិរបស់ខ្លួន ។
ត្រង់ចំណុចនេះ ព្រះតេជព្រះគុណ ឡឹម ខៃ ជាព្រះសង្ឃដែលបានចូលរួមធ្វើដំណើរ តស៊ូជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម តាំងពីដើមមកនោះ បានថ្លែងថា ការបង្កើតទង់ជាតិកម្ពុជាក្រោម ដែលមាន ៣ ព័ណ៌ គឺ ខៀវ លឿង និងក្រហម នោះ ពិតជាមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់សម្រាប់ប្រជាជាតិខ្មែរក្រោម ព្រោះនៅកម្ពុជាក្រោម ជាតិ និងសាសនា តែងតែនៅជាប់ជាមួយគ្នាជានិច្ច បានធ្វើឲ្យជាតិខ្មែរនៅគង់វង្សរហូតមកដល់សព្វថ្ងៃ ។ ដូច្នេះហើយ ទើបនៅក្នុងសង្គមខ្មែរក្រោម តែងតែឮគេថ្លែងនូវសុភាសិតមួយថា៖
“សាសានារលត់ ជាតិរលាយ សាសនាពណ្ណរាយ ជាតិរុងរឿង ” ។
ព្រះតេជព្រះគុណ ឡឹម ខៃ បានមានព្រះបន្ទូលថា ទង់ជាតិកម្ពុជាក្រោម បង្កើតមក មានអត្ថន័យគ្របដណ្ដប់ទាំងជាតិ និងសាសនា ដោយព្រះអង្គបានបង្កើតជាពាក្យស្លោក មួយឃ្លាថា «បត់ជាតិលាតសាសនា» ។ ពាក្យនេះមានន័យថា កាលណាគេយកទង់ពុទ្ធសាសនាដែលមាន ៦ ព័ណ៌ មកបត់ជាពីរ នឹងកើតជាទង់ជាតិកម្ពុជាក្រោម ដែលមាន ៣ ព័ណ៌ គឺ ខៀវ លឿង និងក្រហម ទើបហៅថា «បត់ជាតិ» តែកាលណាលាតសន្ធឹងចេញមកវិញ នឹងកើតជាទង់ពុទ្ធសាសនា ទើបហៅថា «លាតសាសនា» ។
សូមបញ្ជាក់ថា ទង់ពុទ្ធសាសនា មាន ៦ ព័ណ៌ គឺ ខៀវ, លឿង, ក្រហម, ស, ហង្សបាទ និង ផ្លេក ។ នេះជាទង់តំណាង និងជានិមិត្តរូបនៃព្រះពុទ្ធសាសនា សម្រាប់ពុទ្ធសាសនិកប្រើទូទាំងពិភពលោក ។ ទង់នេះបានបង្កើតឡើងនៅឆ្នាំ ១៨៨៥ ដោយគណៈកម្មាធិការខូឡុមបូ (Colombo Committee) នៅទីក្រុង Colombo នៃប្រទេសសិរីលង្កា ។ ក្រោយមក លោក ហែនរី ស្ទិល អូលកត (Henry Steel Olcott) ជាអ្នកកាសែតជនជាតិអាមេរិក មានគំនិតថា ទ្រង់ទ្រាយទង់ជ័យនេះ មានលក្ខណៈវែង អាចនឹងមានបញ្ហាសម្រាប់ការប្រើប្រាស់ជាទូទៅ នាពេលអនាគត ។ លោកក៏បានសំណូមពរឲ្យគណៈកម្មការកែប្រែខ្នាត និងទ្រង់ទ្រាយ តាមបែបទង់ជាតិនៃប្រទេសនីមួយៗវិញ ។ នៅក្នុងមហាសន្និបាតពុទ្ធសាសនិកជនពិភពលោក នៅឆ្នាំ ១៩៥០ ទង់ព្រះពុទ្ធសាសនា ត្រូវបានអនុម័តជាផ្លូវការថាជា ទង់អន្តរជាតិសម្រាប់ពុទ្ធបរិស័ទទូទាំងពិភពលោក ។
ព័ណ៌ទាំង ៦ នៅក្នុងទង់ពុទ្ធសាសនា ត្រូវបានគេចាត់ទុកថា ជាតំណាងព័ណ៌ទាំង ៦ ឬឆព្វណ្ណរង្សី ដែលផ្សាយចេញពីព្រះកាយរបស់ព្រះពុទ្ធ ពេលដែលព្រះអង្គបានត្រាស់ ជាព្រះពុទ្ធ ។ អត្ថន័យនៃព័ណ៌ទាំងនោះរួមមាន៖
♦ ព័ណ៌ខៀវ (នីលៈ) មានន័យថា ស្រឡាញ់សេចក្ដីល្អ ករុណាជាសកល ។
♦ ព័ណ៌លឿង (បិតៈ) មជ្ឈិម្បដិបទា ឬផ្លូវកណ្ដាល វៀរចាកអំពើអាក្រក់ សូន្យសុង ឬ សុញ្ញតៈ ។
♦ ព័ណ៌ក្រហម (លោហិតៈ) សេចក្ដីចម្រើនដោយការប្រតិបត្តិ សេចក្ដី សម្រេច បញ្ញា គុណធម៌ ជោគលាភ និងសេចក្ដីថ្លៃថ្នូរ ។
♦ ព័ណ៌ស (ឱទាតៈ) ភាពបរិសុទ្ធនៃព្រះធម៌ ការនាំសត្វក្នុងត្រៃភពឲ្យរួច រដោះចាកទុក្ខ ។
♦ ព័ណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) (មញ្ជេសតៈ) តំណាងពាក្យ ប្រៀនប្រដៅរបស់ព្រះពុទ្ធ ឬបញ្ញា ។
♦ ព័ណ៌ផ្លេក (បព្ភាស្សៈ) គឺប្រជុំរស្មីទាំងអស់មក ។ [2]
ទទួលស្គាល់ដោយអង្គការ UNPO៖
នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ បន្ទាប់ពី សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកពេញសិទ្ធិ នៃអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) ទង់ជាតិ កម្ពុជាក្រោម ត្រូវបានគេបង្ហូតឡើងនៅការិយាល័យកណ្ដាលរបស់ UNPO នៅទីក្រុងឡាអេ នៃប្រទេសហុល្លង់ ជាមួយនឹងទង់ជាតិនៃប្រជាជាតិនានាទាំង ៥២ ផ្សេងទៀតដែលជាសមាជិករបស់ UNPO ។
ប្រធានអង្គការ UNPO លោក ចន នឹមរ៉ូត (John Nimrod) បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ ព្រះសង្ឃ និងសមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងពិធីទទួលស្គាល់ខ្មែរក្រោមជាសមាជិកពេញសិទ្ធិនៃអង្គការ UNPO ដែលធ្វើនៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០១ ថា៖ “អធិបតីរបស់អ្នក គឺ លោក ថាច់ តាន់តារា បានផ្ញើទង់ជាតិមួយឲ្យខ្ញុំ ។ ខ្ញុំសូមជម្រាបជូនឲ្យលោកអ្នកឲ្យបានជ្រាបថា ឥឡូវនេះ ទង់ជាតិរបស់អ្នក ត្រូវបានបង្ហូតឡើងក្នុងចំណោមទង់ជាតិសមាជិកទាំង ៥២ ផ្សេងទៀត នៅក្នុងការិយាល័យកណ្ដាលរបស់យូអិនភីអូ ”។ [3]
សព្វថ្ងៃ ទង់ជាតិកម្ពុជាក្រោម ត្រូវបានពលរដ្ឋខ្មែរក្រោមលើកឡើងនៅតាមផ្ទះ និងបង្ហូតឡើងនៅការិយាល័យសហព័ន្ធខ្មែរកម្ពុជាក្រោម អង្គការ សមាគម និងវត្តអារាមនានានៅជុំវិញពិភពលោក ដើម្បីបង្ហាញដល់មជ្ឈដ្ឋាននានាបានដឹងថា ខ្លួនជាខ្មែរក្រោមមកពីដែនដីកម្ពុជាក្រោម ៕
