គុណបំណាច់បាយបាត្រ

ធ្វើទានដាក់បាត្របានបុណ្យក្រៃលែង
អ្នកស្រុកចាស់ក្មេងតែងធ្វើរាល់ថ្ងៃ
ដាក់បាត្រព្រះសង្ឃសូមសុខសួស្ដី
បានបុណ្យពេកក្រៃកាត់ថ្លៃមិនបាន ។

ព្រះសង្ឃទ្រង់បាត្រនៅមុខគេហា
អ្នកស្រុកជ្រះថ្លាដាក់បាយមួយចាន
និងម្ហូបចំណីក្លាយជាចង្ហាន់
បាយបាត្រសំខាន់ទ្រទ្រង់សាសនា ។

បំណាច់បាយបាត្របរិស័ទធ្វើទាន
ព្រះសង្ឃបួសរៀនទូន្មានចិន្ដា
រៀនអក្សរសាស្ត្រគម្ពីរដីកា
បង្កើតសាលារៀនដោយខ្លួនឯង ។

បណ្ដុះបណ្ដាលកុមារប្រុសស្រី
និងព្រះសង្ឃក្ដីគ្រប់ទីកន្លែង
ឲ្យចេះជ្រៅជ្រះអក្សរសាស្ត្រឯង
មិនឲ្យវង្វេងក្លែងជាសាសន៍គេ ។

សម្បត្តិវប្បធម៌និងពុទ្ធសាសនា
អក្សរភាសានៃជាតិសាសន៍ខ្មែរ
អាស្រ័យបាយបាត្រជួយរក្សាថែ
ឲ្យបានឋិតថេរគ្រប់សម័យកាល ៕

កំណាព្យនេះនិពន្ធនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ និងមានផលិតជាបទចម្រៀងផ្សាយនៅលើបណ្ដាញសង្គមផងដែរ ។

អត្ថបទនេះ បានចុះផ្សាយលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ៩៥ ខែកញ្ញា ឆ្នាំ ២០២៦ ទំព័រ ៤១