ដោយ ថាច់ ប្រីជា គឿន
“រាហូចាប់ចន្ទ” ជានិមិត្តសញ្ញាជាតិរបស់ខ្មែរក្រោមទូទាំងពិភពលោក ។ ជានិមិត្តសញ្ញាជាតិនោះ ដោយសារ វត្តអារាម អង្គការ សមាគម និង សហព័ន្ធខ្មែរកម្ពុជាក្រោម ជាដើម បានយកសញ្ញា “រាហូចាប់ចន្ទ” នេះ មកធ្វើជាសញ្ញាសម្គាល់ ឬធ្វើជាត្រា របស់ខ្លួន ។ តើសញ្ញា “រាហូចាប់ចន្ទ” មានប្រវត្តិ និងអត្ថន័យ យ៉ាងណានៅក្នុងជំនឿរបស់ខ្មែរ និងខ្មែរក្រោម? តើពលរដ្ឋខ្មែរក្រោមបានយកសញ្ញានេះ មកធ្វើជានិមិត្តសញ្ញារបស់ខ្លួនតាំងពីពេលណាមក?“ ។

“រាហូចាប់ចន្ទ” ជារូបគំនូរ ឬសញ្ញា (Logo) ដែលគេគូរ ឬរចនា មានរូប រាហូ ត្រឹមក្លៀកឡើងលើ ឲ្យឃើញច្បាស់តែដៃ ក្បាល មុខធំទូលាយមានឫទ្ធអំណាច និងបញ្ចេញធ្មេញស្ញាញ ប្រឹងលេបព្រះ ចន្ទបានពាក់កណ្ដាលចូលទៅក្នុងមាត់ ។ គំនិតនៃការបង្កើតជារូបគំនូរនេះ កើតចេញពីបាតុភូតធម្មជាតិមួយដែលខ្មែរហៅថា “ចន្ទគ្រាស” មានន័យថា ការចាប់ព្រះចន្ទនៃរាហូអសុរិន្ទ ។ ក្រោយមក អ្នកវិទ្យាសាស្ត្របានបញ្ជាក់អំពី “ចន្ទគ្រាស” ថា វាគ្រាន់តែជាបាតភូតមួយកើតឡើង ដោយសារផែនដីបានបាំងពន្លឺព្រះអាទិត្យដែលជះមកលើព្រះចន្ទ តែប៉ុណ្ណោះ ។ [1]
តាំងពីបុរាណកាលមក នៅដែនដីកម្ពុជាក្រោម គេតែងគូរ ឬឆ្លាក់រូប “រាហូចាប់ចន្ទ” នៅហោជាងព្រះវិហារ និងខ្លោងទ្វារចូលទៅវត្តនីមួយៗ ។ ចំណែកវត្តអារាម គេហដ្ឋាន ព្រះរាជវាំង និងប្រាសាទ នៅ ក្នុង ប្រទេសកម្ពុជា ក៏មានគូរ និងឆ្លាក់រូប “រាហូចាប់ចន្ទ” ដែរ ។ បើយោងតាម ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា បានបញ្ជាក់អំពីប្រយោជន៍នៃការដាក់រូប “រាហូចាប់ចន្ទ” ដើម្បីឲ្យគេដឹងថាជា “ជាអ្នកមានឫទ្ធិ, អ្នកខ្លាំងពូកែ, និងជាអ្នកធំ” ។
នៅឆ្នាំ ១៩៣៧ ឧកញ៉ា ឡាំ ឯម ជាអតីតអភិបាលខេត្តឃ្លាំង និងជាស្ថាបនិក “មិត្តសមាគមខ្មែរកម្ពុជាក្រោម” បានយកសញ្ញា “រាហូចាប់ចន្ទ” នេះ ទៅដាក់នៅខ្លោងទ្វារចូលទៅកាន់ទីស្នាក់ការ មិត្តសមាគមខ្មែរកម្ពុជាក្រោម ប្រចាំខេត្តឃ្លាំង ហើយក្រោយមកសញ្ញានេះ បានក្លាយជានិមិត្តសញ្ញា (Logo) និង ត្រាជាផ្លូវការនៃសមាគមមួយនេះ តែម្ដង ។
ពេលយួនកុម្មុយនិស្តចូលកាន់កាប់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ពល រដ្ឋខ្មែរក្រោមជាច្រើន បានភៀសទៅក្រៅប្រទេស ហើយបានរួបរួមគ្នាបង្កើតជាចលនាតស៊ូទារទារសិទ្ធិសេរីភាពជូនខ្មែរក្រោមនៅក្នុងស្រុក ។ ចលនាតស៊ូទាំងនោះ មានដូចជា មិត្តសមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា សមាគមខ្មែរកម្ពុជាក្រោម, សភាខ្មែរកម្ពុជាក្រោម និង សហព័ន្ធខ្មែរកម្ពុជាក្រោម ជាដើម ដែលមានមូលដ្ឋាននៅក្រៅប្រទេស សុទ្ធតែយករូប “រាហូចាប់ចន្ទ” មកធ្វើជានិមិត្តសញ្ញា របស់ខ្លួន ។
អត្ថន័យជាផ្លូវការនៃនិមិត្តសញ្ញា “រាហូចាប់ចន្ទ” នៅក្នុងសង្គមខ្មែរក្រោម៖
សញ្ញា “រាហូចាប់ច័ន្ទ” មានអត្ថន័យយ៉ាងជ្រាលជ្រៅ តំណាងសាមគ្គីភាពដែលកើតចេញ ពីសេចក្ដីស្រឡាញ់ រាប់អានគ្នាដូចជាបងប្អូនបង្កើតរបស់ពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោក ។ ព្រោះថា រាហូ តំណាងខ្មែរក្រោមនៅក្រៅស្រុក និងច័ន្ទ តំណាងខ្មែរក្រោមនៅក្នុងស្រុក ដែលព្រាត់ពីគ្នា ហើយយូរៗបានជួបគ្នាម្ដង ក៏ចាប់គ្នាឱបគ្នា ស្រឡាញ់គ្នារហូតដល់ចង់លេបទុក ជាដើម ។

យោងតាម ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ១ ចេញផ្សាយ ឆ្នាំ ១៩៨៤ ដោយ សមាគមខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក បានចុះផ្សាយនូវអត្ថន័យនៃសញ្ញា “រាហូចាប់ច័ន្ទ” ដែលបានទទួលស្គាល់ ដោយ មហាសន្និបាតខ្មែរកម្ពុជាក្រោម ថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៨៤ ថា៖ “រូបសញ្ញានេះ យក តាមខ្លោងទ្វារចូលទៅកាន់ទីស្នាក់ការ មិត្តសមាគមខ្មែរកម្ពុជាក្រោម ប្រចាំខេត្តឃ្លាំង” ។
ខ្លឹមសារដើមនៃសេចក្ដីអនុម័តនេះ បានបញ្ជាក់ថា៖
“រឿងព្រេងខ្មែរដំណាលថា រាហូ និងចន្ទ ជាបងប្អូន បង្កើត តែត្រូវរស់នៅឆ្ងាយពីគ្នា ។ តាមការព្រាងទុក រាហូ និងច័ន្ទ ត្រូវវិលជួបគ្នាក្នុងមួយឆ្នាំម្ដង ។ ពេល ជួបគ្នាម្ដងៗ រាហូតែងតែ ចាប់ចន្ទមកញាំញីឱបរឹត ដើម្បីឲ្យស្បើយនូវការអាឡោះអាល័យ ហើយពេលខ្លួះ រហូតដល់ចង់ ចាប់ច័ន្ទមកលេបទុកទៀតផង ដោយ ហេតុមិនចង់ឲ្យបែកគ្នាតទៅទៀត ។
អធិប្បាយ៖
ច័ន្ទ៖ ជានិមិត្តរូបនៃខ្មែរកម្ពុជាក្រោមទាំងមូលដែលមានរូបសម្ផស្សឆោមល្អភ្លឺត្រចះត្រចង់ ខ្ពស់ត្រ ដែតធ្វើឲ្យជាតិសាសន៍ដទៃគោរពរាប់អាន ។
រាហូ៖ ជានិមិត្តរូបនៃខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅបរទេសទាំងអស់ ហើយក៏ជានិមិត្តរូប នៃកម្លាំង សាមគ្គីមួយយ៉ាងមាំរបស់ខ្មែរកម្ពុជាក្រោមទូទៅ ហើយកំពុងចាប់ច័ន្ទ យកមកឱបថ្នាក់ ថ្នមរក្សាតរៀងទៅ ។
រាហូចាប់ចន្ទ៖ គឺជានិមិត្តរូបនៃការស្រឡាញ់រាប់អានគ្នា ជិតស្និទនឹងគ្នាស្គាល់ធុរៈគ្នា លើកស្ទួយ គ្នាគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាមានអាសន្នហាក់បីដូចជាបងប្អូនបង្កើត” ។ [2]
ប្រវត្តិរបស់រាហូ៖ [3]
រាហូអសុរិន្ទ ជាសេនាបតីមួយរបស់ព្រះបាទវេបចិត្តិ ដែលសោយរាជ្យសម្បត្តិនៅក្នុងនគរចិត្រាសូរ ក្រោមបាទភ្នំព្រះសុមេរុ ។ តំណាលថា រាហូនេះធំក្រៃលែងធំលើសពួកអសុរទាំងឡាយនៅក្នុងទីនោះ គ្រាន់តែកម្ពស់ ៤.៥០០ យោជន៍ ទទឹងខ្លួនពីស្មាម្ខាងទៅស្មាម្ខាង ១.៦០០ យោជន៍ ចន្លោះដើមដៃប្រវែង ១.២០០ យោជន៍ ថ្នាំងម្រាមដៃម្រាមជើងមួយៗ ៥០ យោជន៍ រង្វះមាត់ ២០០ យោជន៍ បាតដៃបាតជើងទំហំ ៣០០ យោជន៍ ជម្រៅមាត់ ៣០០ យោជន៍ រន្ធច្រមុះ ២០០ យោជន៍ កប្រវែង ៣០០ យោជន៍ ថ្ងាសប្រវែង ៣០០ យោជន៍ ភ្នែក ៥០ យោជន៍ ក្បាលទំហំ ៩០០ យោជន៍ ទំហំធ្មេញមួយៗ ៥០ យោជន៍ រោមអវយវៈទាំងមូល ៥០ ក្រចកដៃក្រចកជើងមួយៗ ប្រវែង ៥០ យោជន៍ ។
ឯប្រពន្ធរបស់គាត់ មានចំនួនមួយម៉ឺននាក់ សុទ្ធតែជាស្ត្រីប្រកបដោយរូបឆោមល្អឆើតឆាយ មានរូបរាងទំហំ និងកម្ពស់ប្រហែលនឹងគាត់ដែរ ។ ថ្ងៃមួយ រាហូអសុរិន្ទ ហៅពពួកស្រីស្នំ មកជួបជុំ ហើយតាំងក្អេងក្អាងអួតឫទ្ធានុភាពខ្លាំងពូកែរបស់ខ្លួនប្រាប់ពួកស្រីស្នំ សមគាត់ជាអ្នកអួតស៊ីជោរផង រួចសួរទៅពួកស្រីស្នំថា “ក្នុងលោកទាំងមូល មើលទៅ តើមានអ្នកណាធំស្មើអញ ដែរឬទេ ? មានមុខមាត់សម្បើមដូចអញទេ ?” ។ គាត់សួរពីស្រីទី ១ ទៅដល់ស្រីទីបំផុត ទាំងមួយម៉ឺននាក់” ។ ស្រីពៅគេបង្អស់ឆ្លើយតបថា “លោកម្ចាស់ ធំប៉ុណ្ណឹង មិនមែនអស្ចារ្យស្មើនឹងព្រះសមណគោតមទេ, ឯព្រះសមណគោតម ដែលខ្ញុំធ្លាប់ប្រទះ ធ្លាប់ឃើញច្រើនដងនោះ ធំអស្ចារ្យផុតគេក្នុងលោក, សមណគោតម ធំក្រៃលែងធំ ខ្ពស់ក្រៃលែងខ្ពស់ ល្អក្រៃលែងល្អ មានឫទ្ធានុភាពលើសគេ ក្នុងលោកនឹងរកប្រុសឯណាមកប្រៀបឲ្យស្មើគ្មានឡើយ” ។
រាហូ ឮស្រីស្នំអួតសរសើរអំពីគុណសម្បត្តិរបស់ព្រះសម្មាសម្ពុទ្ធដូច្នោះ គាត់ជាមនុស្សអំនួតស្រាប់ផង ក៏លាន់មាត់ថា “យីអើ ! សមណគោតមនោះ កុំថាឡើយដល់ទៅរូបធំ សូម្បីតែកុដិឬខ្លោងទ្វារវិហាររបស់គាត់នៅ ក៏អញចូលទៅមិនទាំងចុះខ្លួនផង ម៉េចក៏ឯងថាអញធំខ្ពស់មិនស្មើនឹងព្រះសមណគោតម ? បើដូច្នោះ អញទៅវាស់កម្ពស់គាត់មើល, តើធំប៉ុន្មានទៅ !” ។
ឯព្រះសម្មាសម្ពុទ្ធ ទ្រង់ឈ្វេងយល់ដោយញាណព្រះអង្គថា “ពេលនេះ រាហូអសុរិន្ទតាំងខ្លួនឯងជាធំលើសព្រះអង្គ មានបំណងចូលមកផ្ទឹមវាស់នឹងព្រះអង្គ ទ្រង់ក៏ពង្រីកខ្លោងទ្វារវិហារវត្តជេតពន ឲ្យធំហួសវិស័យរបស់រាហូ ប្រៀបដូចមនុស្សយើងចូលក្នុងវិហារធម្មតា ។ លុះរាហូចូលទៅ លបមើលព្រះអង្គកំពុងសិង គាត់ងើបមើលព្រះសម្ពុទ្ធបីដូចជាងើបមើលអាកាស ។ ប៉ុណ្ណឹងហើយ រាហូនៅតែប្រកាន់អស្មិមានះថា ព្រះអង្គនៅតែមិនធំជាងគាត់ទេ ។ ថ្ងៃមួយ ព្រះអង្គស្ដេចយាងទៅបិណ្ឌបាត គាត់ក៏លបចូលទៅឈរពីខាងក្រោយព្រះអង្គ ចម្ងាយ ៥០ យោជន៍ ផ្ទឹមមើល នៅតែមិនខ្ពស់ស្មើនឹងព្រះអង្គទៀត ឃើញទាបជាងឆ្ងាយពេក ក៏យកឫស្សីមួយដើមយ៉ាងវែង ប្រវែង ៥០ យោជន៍ ទៅវាស់ពីខាងក្រោយ នៅតែមិនស្មើទៀត, គាត់ព្យាយាមតឫស្សីតាំងពី ១ ដើម ដល់មួយពាន់ដើម អស់ពេលមួយព្រឹក ហត់បែកញើសហូរជាទឹក ក៏នៅតែមិនស្មើនឹងកម្ពស់ព្រះអង្គ ។
សម័យថ្ងៃមួយ គាត់ចង់ឃើញព្រះអង្គចំព្រះភក្ត្រឲ្យបានជិត ដើម្បីធៀបមើលកម្ពស់ឲ្យអស់ចិត្ត ក៏និម្មិតខ្លួនជាឈ្លើងព្រ័ត្រនៅក្នុងទឹកស្រះ ចាំលបមើលព្រះអង្គឲ្យច្បាស់ ស្រាប់តែព្រះអង្គទ្រង់ត្រាស់ហៅថា “នែរាហូ ! អ្នកមកនៅក្នុងទឹកស្រះធ្វើជាឈ្លើងចាំមើលតថាគតធ្វើអ្វី ? ឡើងមក ! តថាគតប្រាប់អ្នកឲ្យដឹង ! តថាគតធំអ្វីប៉ុណ្ណេះ ពួកព្រហ្មនៅឯឋានព្រហ្មធំជាងតថាគតទៅទៀត ។ រាហូនឹកក្នុងចិត្តថា “សមណគោតមនេះ ធំជាងអញទៅហើយ ឥឡូវ នៅមានព្រហ្មឯណាធំដែរ” ក៏នឹកអៀនខ្មាសស្រីស្នំរបស់ខ្លួន លែងវិលទៅទីកន្លែងវិញ ទើបសូមតាមព្រះអង្គទៅមើលព្រហ្មទៀត ។ ព្រះសម្ពុទ្ធ ក៏ឲ្យរាហូតោងជាយចីពរហោះទៅបិណ្ឌបាតឯឋានព្រហ្ម ។ ព្រហ្ម លុះឃើញរាហូតោងនៅនឹងជាយចីពរដូច្នោះ ក៏ទូលព្រះអង្គថា “ចៃនៅនឹងជាយចីពរព្រះអង្គ” ។ រាហូរឹងរឹតតែខ្មាសព្រហ្មទៅទៀត ដោយគំនិតថា “អញធំសម្បើមដែរ, ឥឡូវព្រហ្មថា ឯងតូចដូចចៃ !” ទ្រាំនៅពុំបាន ក៏លាព្រះអង្គ ចុះមកទីកន្លែងរបស់ខ្លួនវិញ ។ ព្រះអង្គបានផ្ដាំរាហូថា “អ្នកចុះទៅវិញ កុំឈប់នៅពាក់កណ្ដាលផ្លូវ, បើស្រេកទឹក កុំឈប់ផឹកទឹកឡើយ” ។ រាហូមកពាក់កណ្ដាលផ្លូវ ឃើញស្រះមានទឹកថ្លា មានផ្កាឈូកក្រអូបល្វេងល្វើយ ភ្លេចពាក្យបណ្ដាំរបស់ព្រះពុទ្ធអង្គ ក៏ចុះទៅត្រាំក្នុងទឹកនោះត្រឹមក្លៀក ស្រាប់តែដាច់មួយកំណាត់ខ្លួន ធ្លាក់បាត់ទៅ ។
ដើមកំណើត នៃរាហូ ព្រះអាទិត្យ និង ព្រះចន្ទ៖ [4]
ក្នុងសាសនារបស់ព្រះពុទ្ធវេស្សភូ មានគហបតីប្ដីប្រពន្ធ នៅក្នុងនគរហង្សាបតី ជាអ្នកមានសទ្ធាជ្រះថ្លា ថ្វាយទានដាក់បាតដល់ព្រះពុទ្ធអង្គនោះរៀងរាល់ថ្ងៃ ។ គាត់មានកូនប្រុស ៣ នាក់ កូនប្រុសបងឈ្មោះ វត្តិកុមារ, កូនកណ្ដាលឈ្មោះ ថុលកុមារ, កូនពៅឈ្មោះ ទីឃាវុត្តកុមារ ។ លុះមាតាបិតាធ្វើមរណកាលទៅ មានកាលមួយថ្ងៃ បងប្អូនទាំង ៣ នាក់មកប្រជុំគិតគ្នាថា “យើងនឹងគិតដណ្ដាំបាយដាក់បាតព្រះសម្មាសម្ពុទ្ធ រក្សាវង្សត្រកូលមាតាបិតាយើងទុក” ។ ប្អូនទាំងពីរនាក់ឆ្លើយតបថា “បងឯងត្រូវជាអ្នកកាន់វែកចាំដួសបាយចុះ, ប្អូនកណ្ដាល ត្រូវលាងឆ្នាំងច្រកអង្គរ លាងយកទៅដាក់ដណ្ដាំ, ឯប្អូនពៅ ត្រូវជាអ្នកដុតភ្លើង” ។ បងប្អូនទាំងបីនាក់នោះ ចែកមុខក្រសួងគ្នាតែរៀងៗ ខ្លួន ។ ប្អូនពៅ ខំដុតភ្លើងឲ្យឆេះឡើងខ្លាំងណាស់, ឆ្នាំងបាយនោះ ក៏ពុះឡើងសន្ធោសន្ធៅមហិមា, ឯកូនច្បងនោះ ស្ទុះទៅកាន់វែកមកកូរបាយ, លុះកូរបាយទៅ ត្រូវវេទនានឹងផ្សែងចូលភ្នែក ក៏យកវែកបាយវាសក្បាលប្អូនពៅ ហើយជេរថា “អាឯងដូចម្ដេចក៏ដុតភ្លើងមិនឲ្យឆេះឡើង !” ។ ប្អូនពៅ ខឹងនឹងបង ក៏តបថា “បងឯង មិនចេះរិះគិតឲ្យបានវែងឆ្ងាយសោះ ហ៊ានយកវែកវាយក្បាលអញ ដូចជាអញនោះខ្ញុំកំដរ នៅស៊ីឈ្នួលវា” ថាហើយ ក៏បួងដៃដាល់ទៅបងវិញ ប្រវាយប្រតប់ឈ្លោះគ្នា ។ ប្អូនពៅមានកម្លាំង ក៏ស្ទុះទៅយកអង្រែមកវាយសំពងបង, ប្អូនកណ្ដាលក៏ស្ទុះទៅជួយបង ការពារកុំឲ្យវាយបាន ។
លុះបានដណ្ដាំបាយឆ្អិនកាលណា ក៏ដោះដួសបាយចែកគ្នា ។ ចៅវត្តិកុមារជាបង បានភោជនមាសដាក់បាយ, ថុលកុមារ បានភោជនប្រាក់ដាក់បាយ, ឯទីឃាវុត្តកុមារ ខឹងនឹងបង យំសស្រាក់ ទៅកន្ត្រាក់បានឯលៀនខ្មៅធំមកដាក់បាយ ។ ចែកចំណែកគ្នាស្រេចហើយ ពុំយូរឡើយ ព្រះសម្មាសម្ពុទ្ធវេស្សភូ ទ្រង់និមន្តមកបិណ្ឌបាតប្រោសសត្វទាំងឡាយ ។ កុមារទាំង ៣ នាក់ ស្ទុះទៅយកបាយដាក់បាត្រតែរៀងខ្លួន ។
បងទីមួយ ធ្វើសេចក្ដីប្រាថ្នាថា សូមអានិសង្សដែលខ្ញុំដាក់បាត្រនេះ ឲ្យបានទៅកើតជាព្រះអាទិត្យ ឲ្យមានឫទ្ធានុភាព មានរស្មីច្រាលរន្ទាលដូចមាស សម្រាប់បំភ្លឺសព្វសត្វទាំងពួង ក្នុងទ្វីបទាំង ៤ ហើយសូមឲ្យមានអាយុ ៩ លានឆ្នាំ ។
ប្អូនទីពីរ ដាក់បាត្ររួចហើយ ធ្វើសេចក្ដីប្រាថ្នាថា សូមអានិសង្សដែលខ្ញុំដាក់បាត្រនេះ ឲ្យបានទៅកើតជាព្រះចន្ទទេវបុត្ត ឲ្យមានពន្លឺភ្លឺច្រាលរន្ទាលដូចជាប្រាក់ ត្រជាក់ដូចកែវមរកត សម្រាប់សត្វលោកក្នុងទ្វីបទាំង ៤ ហើយសូមឲ្យមានអាយុ ៩ លានឆ្នាំ ។ប្អូនពៅ ដាក់បាត្ររួចហើយ តាំងសេចក្ដីប្រាថ្នាថា សូមឲ្យមានរូបធំ មានកម្លាំងខ្លាំង មានឫទ្ធានុភាពនោះច្រើនលើសគេក្នុងទ្វីបទាំង ៤ ។
បើបងទាំងពីរនាក់នេះឃើញខ្ញុំវេលាណា ឲ្យរន្ធត់ញាប់ញ័រខ្លាចខ្ញុំ ។កុមារទាំង ៣ នាក់ តាំងប្រាថ្នាតែរៀងៗ ខ្លួនស្រេចកាលណា ព្រះសម្មាសម្ពុទ្ធវេស្សភូ ធ្វើភត្តានុមោទនាស្រេច យាងទៅកាន់វត្តវិញ ។
ចំណេរកាលក្រោយមក កុមារទាំង ៣ នាក់ ស្លាប់អំពីលោកនេះ ទៅកើតតែរៀងខ្លួន គឺបងទី ១ ទៅកើតជាព្រះអាទិត្យ, ទី ២ ទៅកើតជាព្រះចន្ទ, ប្អូនពៅទៅកើតជារាហូអសុរិន្ទ ។
ទំនៀមខ្មែរ ដែលនៅរាប់អានគំនូររូបរាហូមកដល់សព្វថ្ងៃនេះ ព្រោះយល់ឃើញថា “រាហូ ជាអ្នកខ្លាំងពូកែ មានអានុភាពច្រើន” បានជាគេគូរនៅហោជាងវិហារ ឬ ជញ្ជាំងប្រាសាទ ឬក៏ សាក់នៅជាប់នឹងខ្លួនផង គឺគេចង់ឲ្យខ្លួនគេបានពូកែ ដើម្បីការពារនូវភយន្តរាយទាំងឡាយ មានខ្មោចបិសាច ជាដើម ។
ចំណែកគំនិតខ្មែរក្រោម ដែលបានអនុម័តជាផ្លូវការយករូប “រាហូចាប់ចន្ទ” មកធ្វើជានិមិត្តសញ្ញា ជាតិនោះ ព្រោះយល់ឃើញថា រាហូ និង ចន្ទ ជាបងប្អូនបង្កើត មានសេចក្ដីស្រឡាញ់រាប់អានគ្នាដោយ ស្មោះស្មគ្រភក្ដីភាពមិនប្រែប្រួល ប្រៀបបាន នឹងប្រជាជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម និងនៅជុំវិញ ពិភពលោក តែងតែស្រឡាញ់រាប់អានគ្នាដោយស្មោះស្មគ្រ ចេះជួយដោះទុក្ខធុរៈគ្នា និងលើកស្ទួយគ្នាគ្រប់ កាលៈទេសៈ ជានិច្ចនិរន្ត ៕
————————————————-
ឯកសារយោង៖
[1] “Lunar eclipse”, (៩ សីហា ២០២០), Wikipedia, https://en.wikipedia.org/ wiki/Lunar_eclipse
[2] សមាគមខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក, (១៩៨៤), ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ១, ទំព័រ ៨
[3],[4] ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ, (១៩៧៤), ប្រជុំរឿងព្រេងខ្មែរ ភាគ ៩, (ភ្នំពេញ៖ ពុទ្ធសាសនបណ្ឌិត្យ), ទំព័រ ៧៦