គេហទំព័រ​ភាសា​យួន​នៃ​វិទ្យុ​សំឡេង កម្ពុជា​ក្រោម ចេញផ្សាយ​ជា​ផ្លូវការ​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦

នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បាន​បង្កើត​គេហទំព័រ​ជា​ភាសា​យួន សម្រាប់​វិទ្យុ​សំឡេង កម្ពុជា ក្រោម បានសម្រេច​ជា​ស្ថាពរ​នៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦ នេះ ដើម្បី​ផ្សព្វ​ផ្សាយដំណឹង​អំពី​ខ្មែរ ក្រោម​ដល់ យុវជន​ខ្មែរ ក្រោម នៅ​កម្ពុជា​ក្រោម​ដែល​មិនចេះ​ភាសា​ខ្មែរ និង​ជនជាតិ​យួន​នៅ​ទូទាំង​ពិភព​ឲ្យ​បាន ដឹងបាន​ស្គាល់​អំពី​ខ្មែរក្រោម និង​ដែនដី កម្ពុជា​ក្រោម ។​

VOKK​គណៈកម្មការ​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ប្រកាស​ចេញផ្សាយ​ជា​ផ្លូវការ​នូវ​គេហទំព័រ វិទ្យុ​សំឡេង កម្ពុជា​ក្រោម (VOKK) ជា​ភាសា​យួន ដែលមាន​អាសយដ្ឋាន http://www.vn.vokk.net សម្រាប់ សាធារណ ជន​ទូទៅ​បាន ចូល​មើល ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦ នេះ​តទៅ ។​

វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បាន​បង្កើតឡើង​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០០១ ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល មាន មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​បំរើ​ដល់​ជនរួមជាតិ​ខ្មែរក្រោម​ដែល​កំពុងតែ​រស់នៅ​លើ​មាតុភូមិ កម្ពុជា​ក្រោម ដ៏​សែន ស្រណោះ​របស់​យើង ។ មកដល់​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៦ ខាងមុខនេះ វិទ្យុ សំឡេង​កម្ពុជា​ក្រោម មាន​អាយុ ១៥ ឆ្នាំ ហើយ ។​

នៅលើ​គេហទំព័រ​ភាសា​យួន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នេះ យើងខ្ញុំ មាន​បង្កើត​មាតិកា​ព័ត៌មាន​ជាច្រើន ដូចជា រឿងរ៉ាវ កម្ពុជា ក្រោម ក្នុងនោះ​មាន នយោបាយ ភូមិសាស្ត្រ វប្បធម៌ ពុទ្ធសាសនា ប្រវត្តិ​អ្នកល្បីឈ្មោះ ទស្សនៈ និង មតិ​លោក អ្នក​ស្ដាប់ ជាដើម ។ ប្រសិនបើ លោក​អ្នកមាន​ទស្សនៈ ឬ អត្ថបទ​អ្វី​ជា​ភាសា​យួន ដែល​ទាក់ទង​នឹង កម្ពុជា​ក្រោម សូម​ផ្ញើ ទៅកាន់​ការិយាល័យ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ដើម្បី​យើងខ្ញុំ​ចុះផ្សាយ ដើម្បី​ឲ្យ​សាធារណជន បាន​ជ្រាប ។​

​ក្នុងឱកាស​បុណ្យ​បុណ្យចូលឆ្នាំថ្មី ២០១៦ នេះ គណៈកម្មការ​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ប្រគេន និង​ជូនពរ​ជន​រួម​ខ្មែរ និង​សមាជិក សមាជិកា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទូទាំង​ពិភពលោក ឲ្យ​បាន​ប្រកប តែ​សេចក្ដីសុខ សេចក្ដីចម្រើន គ្រប់ពេលវេលា ។ សម្រាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ ដែនដី​កម្ពុជា​ក្រោម​វិញ សូម​ឲ្យ​ឆាប់ បានទទួល​សេរីភាព​ក្នុងនាម​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ កុំបី​ខាន ឡើយ ៕

​សហរដ្ឋអាមេរិក ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦

​ភិក្ខុ សឺ​ង យ៉ឹ​ង រតនា​

​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរក្រោម​