ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
ចម្លើយ៖ ព្រោះរស់គ្មានសិទ្ធិសេរីភាព ចាញ់ស្លាប់ ។
ធម្មតានៃធម្មជាតិ គឺមនុសស្សគ្រប់គ្នាកើតឡើងក្នុងលោកនេះ សុទ្ធតែមានសិទ្ធិរបស់ខ្លួនស្មើគ្នាដោយស្វ័យប្រវត្តិ ដែលហៅថាសិទ្ធិមនុស្ស ប្រែថាសិទ្ធិរបស់មនុស្សជាតិ ។ ពោលគឺមនុស្សគ្រប់ ៗ គ្នា ត្រូវមានសិទ្ធិស្មើ ៗ គ្នាក្នុងការរស់នៅ ការស្វែងរកទ្រព្យសម្បត្តិ ការការពារគ្រប់គ្រងទ្រព្យសម្បត្តិជាកម្មសិទ្ធិរបស់ខ្លួន ជាដើម ប៉ុន្តែមនុស្សមិនត្រូវមានសិទ្ធិកាប់សម្លាប់ សិទ្ធិរឹតត្បឹត សិទ្ធិលួចប្លន់ សិទ្ធិរំលោភបំពានលើកម្មសិទ្ធិរបស់មនុស្ស ផងគ្នាឡើយ ។
ពោលដោយសង្ខេបឲ្យត្រង់សេចក្តីសំខាន់បំផុតបន្ទាប់សិទ្ធិក្នុងការរស់នៅ គឺសិទ្ធិក្នុងការគិត ក្នុងការនិយាយ ក្នុងការធ្វើ ដើម្បីសម្រេចជាផលប្រយោជន៍ក្រោមក្រមសីលធម៌ ពោលគឺបើបានជីវិតរស់នៅហើយ ត្រូវតែទាមទារឲ្យមានសិទ្ធិក្នុងការគិត ការធ្វើ ការនិយាយជាការចាំបាច់ដ៏ចម្បង ព្រោះមនុស្សមិនអាចរស់នៅបានដោយសុខសាន្តត្រាណក្នុងស្ថានភាពបង្ខំឲ្យពុតធ្វើជាថ្លង់ ធ្វើជាគ ធ្វើជាពិការទាំងមានខួរក្បាល មានមាត់ មានដៃជើងកាយសម្បទាល្អមាំមួនជារៀងរហូតបានបានឡើយ ។ ដើម្បីធានាឲ្យមនុស្សរស់នៅក្នុងសង្គមមួយជាមួយគ្នាប្រកបដោយសេចក្តីសុខសាន្ត សន្តិសុខ ត្រូវមានច្បាប់បើកឲ្យមនុស្សមានសិទ្ធិ ប៉ុន្តែសិទ្ធិនេះគេនៅតែមិនអាចអនុវត្តឲ្យមានប្រសិទ្ធភាពបានទេ ប្រសិនបើគ្មានសេរីភាពក្នុងការអនុវត្តន៍នោះ ។ ទើបពាក្យថាសិទ្ធិនេះត្រូវដើរជាគូទន្ទឹមគ្នានឹងពាក្យថា សេរីភាព គឺសិទ្ធិសេរីភាព, ព្រោះហេតុនោះបានជាមនុស្សគ្រប់គ្នាមានការស្រេកឃ្លាន ទាមទារ ត្រូវការចង់បានសេរីភាព លើសលែងជាងអាហារនិងអ្វី ៗ ទាំងអស់ ដើម្បីឈោងឈានទៅរកសម្រេចសិទ្ធិរបស់ខ្លួនក្នុងការនិយាយស្តី រិះគន់ បញ្ចេញមតិ ផ្តល់យោបល់ ក្នុងការគិតគូរ ត្រិះរិះ ពិចារណា ពិនិត្យពិច័យ ក្នុងការប្រកបការងារ បំពេញសកម្មភាព អនុវត្តផែនការណាដែលសមស្របហើយត្រូវបានធានាដោយការគោរពសិទ្ធិជាមូលដ្ឋាន ។
ទំព័រប្រវត្តិសាស្ត្រសកលលោកបានប្រាប់យើងឲ្យដឹងថា តាំងពីបុរាណរៀងមកសិទ្ធិសេរីភាពរបស់មនុស្សតែងតែកើតមានឡើងដោយការតស៊ូព្យាយាម និងប្រាជ្ញារបស់មនុស្ស មិនមែនរបស់ទេពតា ឥន្ទ ព្រហ្ម ឬអាទិទេពទេ ។ បុព្វហេតុដែលនាំឲ្យមនុស្សហ៊ានលះបង់ទាំងជីវិត និងអ្វី ៗ គ្រប់យ៉ាង ដើម្បីសិទ្ធិសេរីភាព ក៏ព្រោះតែការមានជីវិតរស់នៅគ្មានសេរីភាព ទាបជាងការស្លាប់បង់ជីវិត ។
ទោះបីសង្គមណាក៏ដោយ កាលបើមនុស្សត្រូវគេគាបសង្កត់រឹតត្បិតសេរីភាព ដោយហាមមិនឲ្យមនុស្សក្នុងសង្គមប្រើសិទ្ធិក្នុងការបញ្ចេញមតិយោបល់ គិតគូរ អនុវត្តជាក់ស្តែង ឲ្យគ្រប់គ្រាន់ពេញលេញទេ សង្គមមនុស្សនោះឈ្មោះថាសង្គមគ្មានសិទ្ធិសេរីភាព ជាធុនសង្គមដែលមនុស្សគ្រប់គ្នាស្អប់ខ្ពើមបំផុត ដែលគេតែងតែរើបម្រះ បដិវត្តន៍ដើម្បីផ្លាស់ប្តូរ ឬដល់ថ្នាក់គេបន់ដាក់បណ្តាសាជនរឹតត្បិតសិទ្ធិសេរីភាព (ជនផ្តាច់ការ) នោះឲ្យវិនាសហិនហោច ឬក៏គេធ្វើបុណ្យបញ្ចៀសកុំឲ្យជួបគ្រប់ ៗ ជាតិ គឺគេខ្លាចសង្គមដែលគ្មានសិទ្ធិសេរីភាព ដូចជាខ្លាចធ្លាក់នរក ។ ប្រែថាសង្គមដែលមនុស្សរស់នៅគ្មានសិទ្ធិសេរីភាពប្រៀបដូចជាឋាននរក ជាសង្គមទឹកភ្នែក ហែកហួរ អាប់ឱន ជាសង្គមគ្មានការអភិវឌ្ឍន៍ គ្មានការជឿនលឿន គ្មានក្តីរីកចម្រើនលូតលាស់ទាន់សម័យនឹងគេ រីករាលដាលតែជំងឺលាបពណ៌គ្នីគ្នា ខ្សោយខាងយកឈ្នះសត្រូវ តែពូកែខាងយកឈ្នះគ្នីគ្នាឯងដោយអសីលធម៌ ជាសង្គមពុកផុយស្អុយរលួយដែលសម្បូរដោយជនពាលអាងកម្លាំងបាយ មិនអាងកម្លាំងប្រាជ្ញ អាងកម្លាំងបាប មិនអាងកម្លាំងបុណ្យ ជាធុនមនុស្សឡើងចាងស៊ីជោរ អួតអាង ក្អេងក្អាងដូចក្អាត់ក្នុងក្អម ឬដូចគីង្គក់ក្នុងថ្លុកជើងគោអួតគេថាអញគ្រាន់តែសង្កៀតធ្មេញភ្លាមមហាមេឃត្រូវតែញាប់ញ័រផ្គរលាន់គ្រហឹមក្ឌូង ៗ ផ្លេកបន្ទោរប្លៀក ៗ ច្រាលរន្ទាល រន្ទះក្ឌុងក្ឌាំងកក្រើករំពើករំជើបរញ្ជួយជ្រួលច្របល់កួចកើតជាខ្យល់ព្យុះភ្លៀងតាមចិត្ត ។ តែបើតាមការពិតគ្រាន់តែជាគីង្គក់ដែលគេតែងតែដើរចាប់ច្រកត្រកធ្វើជាអាហារក្រោយពីពេលរាំងភ្លៀងព្រោះតែអំណួតភ្លេចខ្លួននោះសោះ ។ ការណ៍នេះព្រោះអ្វី? ព្រោះតែមនុស្សក្នុងសង្គមបែបនេះមិនមានការអភិវឌ្ឍន៍ និងមិនចូលចិត្តការអភិវឌ្ឍន៍ ហើយតែងតែមានជំងឺទើសទាស់ស្អប់ច្រណែននឹងមនុស្សដែលមានការអភិវឌ្ឍន៍ ចាត់ទុកធុនមនុស្សដែលមានការអភិវឌ្ឍន៍ជាឆ្អឹងទទឹងក ជាបន្លាក្នុងភ្នែកដែលត្រូវតែខ្វេះនិងឆ្កឹះឆ្កៀលចេញឲ្យត្រាតែបាន ដោយប្រើល្បិចកលោបាយថោកទាបគ្រប់ធុន ដើម្បីកម្ចាត់ធនធានមនុស្សដែលទទួលបានការអភិវឌ្ឍន៍ហើយនោះ ចេញពីកែវភ្នែករបស់ខ្លួន ។
ក្នុងលោកនេះគ្មានមនុស្សណាម្នាក់រស់នៅក្រៅសង្គមទេ ។ ទីណាមានមនុស្សរស់នៅតាំងពីពីរនាក់ឡើងទៅ ទីនោះហៅថា សង្គម ។ រាល់សង្គមតែងមានច្បាប់បញ្ញត្តិនិងអនុញ្ញាតដើម្បីពង្រឹងពង្រីក ការពារ អភិវឌ្ឍន៍ឲ្យមានស្ថិរភាព និងវឌ្ឍនភាព ។ ទន្ទឹមនឹងនោះក៏គ្មានច្បាប់សុចរិតណាមួយបញ្ញត្តិឡើងដើម្បីបិទសិទ្ធិសេរីភាពឡើយ មានតែបញ្ញត្តិឡើងដើម្បីបើកពង្រីកសិទ្ធិសេរីភាពឲ្យទូលំទូលាយនិងការពារនូវសិទ្ធិសេរីភាពរបស់មនុស្សក្នុងសង្គមឲ្យបានឋិតថេរ ។ តែផ្ទុយទៅវិញក៏គ្មានច្បាប់ទុច្ចរិតណាមួយបញ្ញត្តិឡើងដើម្បីបើកទូលាយនិងការពារសិទ្ធិសេរីភាពដែរ មានតែបញ្ញត្តិឡើងដើម្បីបិទសិទ្ធិសេរីភាពរបស់មនុស្សក្នុងសង្គមតែប៉ុណ្ណោះ ។ ច្បាប់បែបនេះកើតចេញពីខួរក្បាលមនុស្សទុច្ចរិត បង្កើតឡើងដើម្បីស្វែងរកតែផលប្រយោជន៍សម្រាប់ខ្លួន និងបក្សពួក មិនមែនបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍មនុស្សក្នុងសង្គម ។
សង្គមដែលអាចរីកចម្រើនទៅបាន លុះត្រាតែមនុស្សគ្រប់គ្នាក្នុងសង្គមមានសេរីភាពប្រើសិទ្ធិរបស់ខ្លួនក្នុងការគិត ក្នុងការនិយាយ ក្នុងការធ្វើដើម្បីចូលរួមកសាងស្ថាបនាសង្គម ការពារសង្គម លើកស្ទួយសង្គមឲ្យប្រសើរ កុំឲ្យសង្គមថោកថយ ទន់ទាប ហើយប្រសិនបើគ្មានសេរីភាពដើម្បីប្រើសិទ្ធិរបស់ខ្លួនទេ ត្រូវឲ្យចេះតស៊ូទាមទារស្វែងរកឲ្យត្រាតែបាន ព្រោះថាមនុស្សត្រូវតែមានសិទ្ធិសេរីភាពជាដាច់ខាត ។
ខ្មែរក្រោមក៏ដូចជាសកលមនុស្សក្នុងសកលលោកនេះដែរ សុទ្ធតែត្រូវការសេរីភាព ប្រើសិទ្ធិរបស់ខ្លួនក្នុងការគិត ការនិយាយ ការធ្វើ ដើម្បីសម្រេចវាសនាខ្លួនដោយខ្លួនឯង ។ ហេតុដូច្នោះខ្មែរក្រោមត្រូវតែរួបរួមសាមគ្គីគ្នាតស៊ូមតិដោយអហិង្សាលើឆាកអន្តរជាតិទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង លើទឹកដីរបស់ខ្លួនឯង ឲ្យត្រាបាន ៕
……………………………………………………………………………………………………………………..
ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
អតីតសាស្ត្រាចារ្យ នៃវិទ្យាស្ថានពុទ្ធសាសនាខ្មែរនៅទីក្រុងព្រែកឫស្សី និង
ជាអ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោម
ចូលរួមផ្តល់យោបល់តាមរយៈ tranthachdung9