ខ្មែរ កម្ពុជាក្រោម មកពីណា?

“​ខ្មែរលើ ខ្មែរ​កណ្តាល ខ្មែរក្រោម ជា​ខ្មែរ​តែមួយ​” ជា​ពាក្យស្លោក​មួយ​និយម​ប្រើ​សព្វថ្ងៃ​
​តើ​ឫសគល់​នៃ​ពាក្យ​នោះ មកពីណា​?

​រៀបរៀង​ដោយ តោ គិ​ម​ថុង​, ២០១៤, កាណាដា​

​ដកស្រង់​ពី​ឯកសារ​ផ្សេងៗ ជា​ចម្បង មាន​សៀវភៅ ៖

– “​ប្រវត្តិសាស្ត្រ ប្រជាជាតិ​ខ្មែរ​”, ២០១០ ថាច់ ត្វា​ន់​, ភ្នំពេញ​

– “​កម្ពុជា​ក្រោម / អំណាច​គ្មាន​ខ្មែរក្រោម​” ២០០៥ ត្រាំ​ង​ឆាត ប៊ុត​, ភ្នំពេញ​

– The Khmers. Ian Mabbett and David Chandler, Oxford UK, 1996

– Người Việt Gốc Miên. Lê Hương , Saigon, 1968

ផែនទីកម្ពុជាក្រោម ។
ផែនទីកម្ពុជាក្រោម ។

ពាក្យ “​ខ្មែរក្រោម​” ចេញ​មកពីណា​?

ចំពោះ​ខ្មែរ​ដែលមាន​កំណើត និង​ធំ​ឡើង​នៅ​ដែនដី​សណ្តរ​ទន្លេមេគង្គ និង​ទន្លេ ដូន​ណៃ (Đồng Nai) គេ​ស្គាល់​តែ​ពាក្យ “​ខ្មែរ​” មួយ​ម៉ាត់​ប៉ុណ្ណោះ ។ ពាក្យ “​ខ្មែរក្រោម​” ឬ “​ខ្មែរ​កម្ពុជា​ក្រោម​” ជា​ពាក្យ​ចាប់ផ្តើម​បានឮ នៅ​កម្ពុជា​តាំងពី ទសវត្សរ៍ ១៨០០ និង នៅ​ប្រទេសក្រៅ តាំងពី​ទសវត្សរ៍ ១៩៨០​។​

គឺ​អ្នករដ្ឋការ​ក្រុង​ឧត្ដុង្គ (​ពី​ឆ្នាំ ១៦១៨ ដល់​ឆ្នាំ ១៨៦៦) និង​ក្រុងភ្នំពេញ (​តាំងពី ឆ្នាំ ១៨៦៦ ដល់​សព្វថ្ងៃ​) ដែល​ឲ្យ​ឈ្មោះថា “​ខ្មែរក្រោម​” ដល់​ខ្មែរ​ដែល​នៅ​ខាងក្រោម តាម​បណ្តោយ​ទឹកទន្លេ “​មេគង្គ​” ។ ចំពោះ​ខ្មែរក្រោម គេ​និយម​ហៅ​ខ្មែរ​នៅ​កម្ពុជា ជា “​ខ្មែរលើ​” ពីព្រោះ ទឹកទន្លេ​មេគង្គ ហូរ​ពី​កម្ពុជា​ចុះទៅ​សមុទ្រ​នៅ​ខាងក្រោម​។​

​ខ្មែរក្រោម​ជា​កូនចៅ​ផ្ទាល់​របស់​ខ្មែរ​នគរ​ភ្នំ (​ហ្វូណន់​)​។ គឺ​នៅទីនេះ​ហើយ ដែល​ស្តេច កៅ​ណ្ឌិ​ន្យ​ជ័យវរ្ម័ន (Kaundinya Jayavaraman) កាល​សតវត្សរ៍​ទី ៥ បាន​ជីក ប្រឡាយទឹក​ជាង ២០០​គ​.​ម ដើម្បី​ក​សកម្ម ។ កន្លែង​នេះ​សព្វថ្ងៃ​យួន​គេ ហៅថា Đồng Tháp Mười ( ប្រាស​ទ​មណ្ឌប ) ពីព្រោះ​មាន​ប្រាសាទធំ ១០ ដែល កៅ​ណ្ឌិ​ន្យ​ជ័យវរ្ម័ន បាន​ស្ថាបនា ។​

​ក្រោយ មក ទើប​មាន​ពាក្យ “​ខ្មែរ​ក​ណ្ត​ល​” និង “​ខ្មែរ​ឦសាន​” ទៀត ជា​ពាក្យ ដែល​ប្រហែល​ទើបបាន​ប្រើ​ជំនាន់​សង្គមរាស្ត្រនិយម​។ គួរ​កត់សម្គាល់ថា ចំពោះ “​ខ្មែរសុរិន្ទ​” វិញ ពាក្យ​“​ខ្មែរក្រោម​”​គឺ សំដៅទៅ ខ្មែរ​ដែល​រស់នៅ​ក្នុងប្រទេស​កម្ពុជា មិន​ថា​ភូមិភាគ​ណា​ឡើយ ។​

​សព្វថ្ងៃ ដោយ​ផ្អែកលើ​ភូមិសាស្ត្រ គេ​និយម​ឲ្យ​ន័យ​ថា “​ខ្មែរលើ​” ជា​ខ្មែរ​នៅ​ស្រុកថៃ “​ខ្មែរ​ក​ណ្ត​ល​” ជា​ខ្មែរ​នៅ​ប្រទេស​កម្ពុជា និង “​ខ្មែរក្រោម​” ជា​ខ្មែរ​នៅ​ស្រុក​យួន ដែលជា ដី​កម្ពុជា​ក្រោម ។​

ពាក្យ “​កម្ពុជា​ក្រោម​” និង​ពាក្យ “​ខ្មែរក្រោម​” ខុសគ្នា​យ៉ាងណា​?

“​កម្ពុជារ​ក្រោម​” ជ​ជា​ឈ្មោះ​ដែនដី ។ “​ខ្មែរក្រោម​” ជា​ឈ្មោះ​ជនជាតិ ។ តាម​ប្រវត្តិសាស្ត្រ ជា​លំដាប់លំដោយ​មក ឈ្មោះ​របស់​ដែនដី​កម្ពុជា​ក្រោម និង ប្រជា ពលរដ្ឋ ដែលជា​ម្ចាស់ ស្រុក បាន​ត្រូវ​រដ្ឋាភិបាល​អាណានិគម ប្តូរ​បំភ្លៃ​ខុសៗ គ្នា ៖

​ក្នុង​របប​អាណានិគមនិយម​បារាំង កម្ពុជា​ក្រោម ត្រូវគេ​ហៅថា​កូសាំងស៊ីន រីឯ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​វិញ បារាំង​ហៅថា Cambodgien​។ ក្នុង​របប​អាណានិគម និយម​យៀកណាម កម្ពុជា​ក្រោម ត្រូវ​យួន​ហៅថា ណា​ម​គី (Nam Kỳ) ចំណែក ប្រជាពលរដ្ឋ​ខ្មែរក្រោម​វិញ បាន​ត្រូវគេ​ហៅថា មៀង (Miên) ឬ យៀកណាម​កំណើត ខ្មែរ (Việt gốc Miên) ឬ ខ្មែ​រណាម​បូ (Khờ-me Nam Bộ) ឬ​គ្រាន់តែ​ហៅថា “​ជនជាតិ​” (Dân tộc) ប៉ុណ្ណោះ ។​

​យោងតាម​កាល​ប្រ​វត្ត កម្ពុជា​ក្រោម ត្រូវបាន​ពួក​អ្នកត្រួតត្រា ប្តូរ​ឈ្មោះ​ហូរហែ ដូចតទៅ​៖

​ឆ្នាំ ៦៨-៥៥០ នគរ​ភ្នំ (​ហ្វ៊ូ​ណន់​)

​ឆ្នាំ ៥៥០-៦៨២ ចេនឡា​

​ឆ្នាំ ៦៨២-៨០២ ចេនឡា​”​ក្រោម​” (Thủy Chân Lạp)

​ឆ្នាំ ៨០២-១៤៣១ រាជាណាចក្រ​ខ្មែរ​”

​ឆ្នាំ ១៤៣១-១៨៦២  កម្ពុជា​

​ឆ្នាំ ១៨៦២-១៩៤៩ កូសាំងស៊ីន (​ថ្ងៃទី ៤ មិថុនា ១៩៤៩ បារាំង​ផ្ទេរ​ឲ្យ​យួន​)

​ឆ្នាំ ១៩៤៩-១៩៥៥ វៀតណាម​

​ឆ្នាំ ១៩៥៥-១៩៧៥ សាធារណរដ្ឋ​វៀតណាម​

​ឆ្នាំ ១៩៧៥-​បច្ចុប្បន្ន សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

ពាក្យ “​កូស័ងស៊ីន​” ចេញ​មកពីណា​?

ពី​ឆ្នាំ​១៨៥៩ ដល់​ឆ្នាំ ១៩៤៩ កម្ពុជា​ក្រោម​បាន​បារាំង​កាន់កាប់ ស្មើនឹង​ខេត្ត របស់​បារាំង​មួយ ហើយ​គេ​ឲ្យ​ឈ្មោះថា កូស័ងស៊ីន បារាំង (Cochinchine français) ។ ខ្មែរ​អ្នកខ្លះ (​គឺ​គ្មាន​ជនបរទេស​ទេ​) ហៅ​ដែនដី​នេះ​ថា “​កូ​ចិន​សិន​” ដែល​ពាក្យ​យួន មានន័យថា ដី​ដែល​កូន​ស្តេច​យួន “​នាង​ទី​៩”  សុំ ។ នេះ​មិន​ពិត និង​មិន​ត្រឹមត្រូវ​ទេ ។ នេះ គ្រាន់តែ​ជា​ពាក្យ​ចំអក ដែល​គេ​រំឭក ដល់​ការដែល​ស្តេច ជ័យជេដ្ឋា​ទី ២ ផ្តល់​ដី​សម្បទាន នៅ​ព្រះ​សួគ៌ា និង ព្រៃនគរ ទៅ​អគ្គមហេសី ង៉ុ​ក វ៉ាង (Công Nữ Ngoc Van ។​

​អ្នកស្រាវជ្រាវ​ខ្មែរ ដោយ​ផ្តោតទៅលើ​ឯក្សា​បរទេស​ផង មាន​យោបល់​ផ្សេងគ្នា អំពី​ឫសគល់​នៃ​ពាក្យ “​កូស័ងស៊ីន​”​។​

-​លោក​សាស្ត្រាចារ្យ ត្រាំ​ង​ឆាត ប៊ុត សរសេរថា​៖ “​កូសាំងស៊ីន​” ច្បាស់​មកពី ការ​ផ្សំ​ពាក្យ​ពីរ​គឺ “​កូ​ស័ង​” និង “​ស៊ីន​” ។ “​កូ​សាំង​” ជា​ឈ្មោះ​លោកសង្ឃ​កាតូលិក បារាំង​មួយអង្គ (១៧២៦-១៧៨៣) ជា​អ្នក​បាន​ស្ថាបនា​មន្ទី​ពេទ្យ​មួយ (Hopital Cochin) នៅ ប៉ារីស ។ “​ស៊ីន​” មកពី​ពាក្យ “​ចិន​” (Chine) ជាទី​កន្លែង​ដែល​កងទ័ព​បារាំង​ចេញ ដំណើរ​មក​វាយ​ព្រៃនគរ ។​

-​តាម​លោក​ឧ​ត្ត​ម​សេនីយ ថាច់ រ៉េ​ង វី​ញ គាត់​ថា “​កូ​សាំង​” ជា​ឈ្មោះ​កំពង់ផែ មួយ នៅ​ប្រទេស​ឥណ្ឌា ដែល​បារាំង​បាន​ស្គា​ល់ពី​យួរ​មក​។​

-​ចំពោះ​លោក វេជ​បណ្ឌិត ថាច់ ត្វា​ន់​, និង លោក Léonard Aurousseau, គាត់ អះអាង ថា “​កូ​សាំង​” មាន​ដើមកំណើត​ពី​ភាសា​ចិន “​ក្យា​វ​ចិ​” Jiāozhǐ ឬ Giao Chỉ (交趾 ឬ 交阯)​។ “​ក្យា​វ​ចិ​” ជា​ឈ្មោះ​នរគ​យួន គឺ​អតីត​ប្រទេស វ៉ាន់​ឡាង (Văn Lang) ក្នុងសម័យ ហុង​វឿ​ង (Hùng Vương )​។ នរគរ​យួន​ពី​ដើម​នៅ​ស្រុក​ចិន​សព្វថ្ងៃ ពី​ទន្លេ “​យ៉ាង​ត្សេ​ក្យា​ង​” (Yangtze ) ចុះមក​ដល់​ប៉ែក​ខាងជើង​របស់​យៀកណាម​បច្ចុប្បន្ន ។ កាលនោះ ពួក​អ្នកជំនួញ​អារ៉ាប ដែល​ឡើងទៅ​ស្រុក​ចិន តាម​ដៃសមុទ្រ ម៉ា​ឡាក់​កា សរសេរ​សម្គាល់​ស្រុក “​ក្យា​វ​ចិ​” ហើយ​ដើម្បី​ឲ្យ​ច្បាស់​ទៀត គេ​សរសេរថា “​ក្យា​វ​ចិ អ៊ី​ន ស៊ីណា​” (Kawci-in-cina) ប្រែ​ថា “​កៅ​ចិ នៅ ស្រុក​ចិន​” ។ ពួក ពរ​តុ​យ​គ្គេ (Portuguese) ក៏​យកពាក្យ​នេះ សរសេរ​តាម​ភាសា​របស់ខ្លួន ជា “Quauchychina”​។ ដល់ទី​បំផុត បារាំង​ចម្លង​ពី​ពរ​តុ​យ​គ្គេ តែ​អាន “​កៅ​” ទៅជា “​កូ​” ហើយ​បានជា ពាក្យ “​កុ​សាំង​ស៊ីន​” (Coch-in-chine) ទៅ ។​

​និយាយ​រួម​មក លោក​ថាច់ ត្វា​ន់ យល់ស្រប​និង​លោក Léonard Aurousseau ថា​“​កូ​ស័ង​” ឬ (Cochin) ចេញពី​ភាសា​ចិន “​ក្យា​វ​ចិ​” Jiāozhǐ ។ រីឯ​ពាក្យ “​ស៊ីន​” (chine) អ្នក​ទាំងអស់គ្នា​គ្មាន​ឆ្ងល់​អ្វី​ទេ​ថា វា​មកពី “​ចិន​” ៕