ដោយ ស៊ឺន ចែង ចើន – សារព័ត៌មាន ព្រៃនគរ
វត្តសម្បូររង្សី (សម្បួរ) ជាវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរមួយ ឋិតនៅក្នុងខេត្តព្រះត្រពាំង បានកកើតឡើង ក្នុង ព. ស. ៩១៧ គ. ស. ៣៧៣ បើគិតមកទល់ឆ្នាំ ២០១៦ នេះ វត្តមានអាយុកាល ១៦៤៣ ឆ្នាំហើយ ។ បើយោងតាមឆ្នាំកសាងវត្តសម្បួររង្សីនេះ និងតាមឯកសារប្រវត្តិសាស្ត្រយួនថា ស្ដេចត្រកូល ង្វៀង របស់យួនបានចូលមកកាន់កាប់ទឹកដីព្រៃនគរ នៅចុងសតវត្សរ៍ទី ១៧ នាឆ្នាំ ១៦៨៩ ឃើញថា ជនជាតិយួនបានចូលមកវាតទីដែនដីកម្ពុជាក្រោម ក្រោយខ្មែរក្រោមកសាងវត្តសម្បួររង្សី ១៣១៦ ឆ្នាំ ។

ចម្ងាយពីទីរួមខេត្តព្រះត្រពាំង ប្រ មាណ ៤០ គីឡូម៉ែត្រ កំពង់ស្ពាន គឺជាស្រុកមួយដែលមានប្រជារាស្ត្រ ខ្មែរក្រោមរស់នៅយ៉ាងកុះករ មានវត្តខែ្មរទាំងអស់ ២២ វត្ត ក្នុងចំណោម ១៤១ វត្តនៃខេត្តព្រះត្រពាំង ។ វត្តទាំងនោះមានដូចជា វត្តមហាពោធិវ័ន ហៅ វត្តតាធៀវ កសាងឆ្នាំ គ. ស. ១៣៦៧ វត្តបទុមសាគរ ហៅ វត្តកំពង់ស្ពាន កសាងឆ្នាំ គ. ស.១៨១៨ វត្តរតនាទីបារាមកោះកែវ ហៅ អូរមិចកសាងឆ្នាំ គ. ស. ១៦៥៧ វត្តបទុមក្រពុំរ័ត្នកេសរបុបា្ផចម្បាមាស ហៅវត្ត សំណឹងធំ កសាងឆ្នាំ គ. ស. ១៣៦៤ ជាដើម ។
ដោយឡែក វត្តសម្បូររង្សី ហៅ វត្តសម្បួរ បានស្ថាបនាឡើងក្នុង គ. ស. ៣៧៣ ស្ថិតនៅភូមិតាខៅ (Trà Kháo) ឃុំក្រសាំង (Hòa Ân) ស្រុកកំពង់ស្ពាន (Câu Kè) ខេត្តព្រះត្រពាំង ស្ថាបនាឡើងក្នុង ព. ស. ៩១៧ គ. ស. ៣៧៣ បើគិតមកទល់នឹងឆ្នាំ ២០១៣ វត្តនេះ មានអាយុកាល ១៦៤០ ឆ្នាំហើយ បើយើងពិនិត្យទៅលើបញ្ជី និងស្ថិតិវត្តខ្មែរ នៅកម្ពុជាក្រោមឃើញថា វត្តសម្បួរង្សី គឺជាវត្តមួយ ដែលបានកសាងឡើងមុនគេបង្អស់ក្នុងចំណោមវត្តខ្មែរ ដែលបានកសាងនៅដែនដីកម្ពុជាក្រោម ។

វត្តសម្បូររង្សី មានផ្ទៃដីទំហំប្រ មាណជាង ១១.១៧០ ម៉ែត្រក្រឡា វត្តនេះត្រូវបានជួសជុលឡើងវិញអស់ ៤ លើកមកហើយ ។ ការរុះរើលើកទី ៤ ត្រូវបានកសាងព្រះវិហារជាថ្មី ដឹកនាំដោយព្រះចៅអធិការវត្តព្រះនាម ថាច់ យ៉ួង និងបានបញ្ចុះខ័ណ្ឌសីមានៅឆ្នាំ ១៩៩៨ កន្លងទៅនេះ ។ ក្នុងពេលជួសជុលនិងកសាងឡើងម្តងៗ ត្រូវបានព្រះចៅអធិការវត្តយកចិត្តទុកដាក់និងរចនា ទៅតាមក្បូរក្បាច់លំនាំវប្បធម៌ខ្មែរ ។ ក្រៅពីព្រះវិហារ ដែលបានកសាងចំ កណ្តាលទីធ្លាវត្តនោះ យើងប្រទះឃើញកុដិសាលាតូចធំជាច្រីន ដូចជា សមណកុដិ, កុដិរបស់ព្រះចៅអធិការ, កុដិសម្រាប់អាគន្តុកៈ, សាលាឆទាន និងសាលារៀន ជាដើម ។

ជារៀងរាល់ឆ្នាំ វត្តតែងបើកសាលារៀនអក្សរសាស្ត្រខ្មែរ និងភាសាបាលី សម្រាប់កូនចៅខ្មែរក្រោមនៅជុំវិញ វត្តនិងសមណសស្សិនានានៅក្នុង និងក្រៅខេត្តសិក្សារៀនសូត្រ មិនដែលអាក់ខាន ។
បច្ចុប្បន្ន វត្តសម្បួរង្សីមានរក្សានូវ ផ្ទាំងសិលាចារឹកមួយ ដែលមានប្រវែងបណ្តោយ ១.៧ ម៉ែត្រ ទទឹង ៤.៨ សាំងទីម៉ែត កម្រាស់ ០.៩ សាំងទីម៉ែត្រ និងមានទម្ងន់ប្រហែល ៥០០ គីឡូក្រាម ។ ផ្ទាំងសិលាចារឹកនេះ មានចារអក្សរខ្មែរ បុរាណ មួយបន្ទាប់ ដែលក្រៅពីអ្នកបុរាណវិទ្យាមិនអាចអានបានឡើយ ។ តែសេចក្តីនៃអក្សរនៅក្នុងផ្ទាំសិលាចារឹក នេះ ត្រូវបានអ្នកស្រាវជ្រាវបារាំងសែសស្គាល់យូរមកហើយ ដោយគេបានយកទៅចុះផ្សាយនៅក្នុងព្រឹត្តិបត្រសាលា បារាំងចុងបូព៌ា (Bulletin de l’ecole Francaise l’Extrieme Orient XIX) កាលពីឆ្នាំ ១៩១៩ ។ កាលជំនាន់នោះ វត្តនេះឈ្មោះថា សម្បូរ ប្រហែលជាហៅកាត់ពី សម្បូររង្សី ហើយបច្ចុប្បន្ន ពុទ្ធបរិស័ទខ្មែរនៅជុំវិញវត្តនេះ ក៏នៅតែហៅថា វត្តសម្បួរ ដដែល ។ តួអក្សរខ្មែរបរុរាណ និងសេចក្តីជាភាសាសំស្ក្រឹតនេះ ត្រូវបាន លោក ហ្សក ស៊ីដែស បកប្រែទៅជាភាសាបារាំង ហើយលោក សាស្ត្រាចារ្យ អាំង ជូ លាន បានសរសេរមកជាអក្សរខ្មែរសម័យថ្មី ថា “ភោគីន្ទ្រាស្យ សហស្រនិស្សត ចលជ្ជិហ្មាត ទិច្ចុម្វិត” ប្រែសម្រួលសេចក្ដីមកជាភាសាខ្មែរប្រែថា “ដោយ មានពន្លឺបត់បែនចេញពីមាត់ទាំងមួយពាន់ នៃស្តេចនាគ មកបបោសអង្អែល”។
លោកសាស្ត្រាចារ្យ អាំង ជូ លាន បានបញ្ជាក់ថា នេះជាសិលាចារឹកមួយដែលចារ ឡើងនៅសតវត្សរ៍ ទី ៧ ឬ ទី ៨ បើយោងទៅតាមការវិភាគតួអក្សរ គឺ មុនសម័យអង្គរទៅទៀត ប្រហាក់ប្រហែលខេត្តតាកែវសព្វថ្ងៃនេះ ។ សិលា ចារឹកនេះ មានចុះលេខបញ្ជីសារពើភ័ណ្ឌថា K.419 ។
យោងតាមខ្លឹមសារសិលាចារឹកនេះ ស្តេចនាគទាំងមួយពាន់ដែលខ្មែរយើងធ្លាប់គោរពបូជាតាំងពីបុរាណមកនោះ បញ្ចេញពន្លឺយ៉ាងចិញ្ចាចមកបបោសអង្អែលថែរក្សាពុទ្ធបរិស័ទទាំងអស់ដែលនៅក្នុងភូមិស្រុកមួយនេះ ទើបវត្តនេះ ឈ្មោះថា សម្បូររង្សី គឺ សម្បូរពន្លឺ ។ ដូច្នេះ សិលាចារឹកនេះ គឺជាដួងព្រលឹងរបស់វត្តសម្បូររង្សី និងភស្តុតាងមួយ បញ្ជាក់ឲ្យឃើញថា ខ្មែរក្រោមជាម្ចាស់ស្រុកអាណាចក្រនគរភ្នំ ឬ ដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។

យោងតាមឆ្នាំកសាងវត្តសម្បួររង្សីនេះ និងតាមឯកសារប្រវត្តិសាស្ត្រយួនថា ស្ដេចត្រកូល ង្វៀង របស់យួនបានចូលមកកាន់កាប់ទឹកដីព្រៃនគរ នៅចុងសតវត្សរ៍ទី ១៧ នាឆ្នាំ ១៦៨៩ ឃើញថា ជនជាតិយួន បានចូលមកវាតទីដែនដីកម្ពុជាក្រោម ក្រោយខ្មែរក្រោម កសាងវត្តសម្បួររង្សី ១៣១៦ ឆ្នាំ ៕