វត្តពោធិសាលរាជកំពង់ នៅខេត្តព្រះត្រពាំង មានអាយុ ១.៣៧៦ ឆ្នាំ

ដោយ ថាច់ ប្រីជា គឿន

វត្តពោធិ​សាល​រាជ​កំពង់ ឋិត​នៅក្នុង​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង នៃ​ខេត្ត​ព្រះ​ត្រពាំង បានកកើតឡើង​នៅក្នុង ព​. ស​. ១១៨៦ គ​. ស​. ៦៤២ នៅក្នុង​រាជ្យ ព្រះបាទ ភ​វ​វរ្ម័ន ទី ២ (639–657) នៃ​អាណាចក្រ​ចេនឡា ។ មកដល់​ឆ្នាំ ២០១៧ វត្ត​ពោធិ​សាល​រាជ​កំពង់ មាន​អាយុកាល ១.៣៧៦ ឆ្នាំ ។ វត្ត​ពោធិ​សាល​រាជ​កំពង់ ជា​មជ្ឈមណ្ឌល​រដ្ឋ បាល​សមាគម​សង្ឃ​របស់​ព្រះសង្ឃ​ខ្មែរ​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង​ទាំង ១៤៣ វត្ត និង​ជា​អន្តេវាសិកដ្ឋាន​របស់​ព្រះ សង្ឃ និង​កូនចៅ​ខ្មែរក្រោម​នៅតាម​ស្រុក​នានា​ក្នុង​ខេត្ត​ស្នាក់អាស្រ័យ ដើម្បី​សិក្សា​ទាំង​ផ្នែក​ពុទ្ធចក្រ មាន​ថ្នាក់ ពុទ្ធិកសិក្សា​នៅក្នុង​វត្ត និង​ផ្នែក​អាណាចក្រ​ជា​ភាសា​យួន​នៅតាម​សាលា​រដ្ឋ​របស់​វៀតណាម ។​

ព្រះវិហារវត្តពោធិសាលរាជកំពង់ ។
ព្រះវិហារវត្តពោធិសាលរាជកំពង់ ។

​វត្តមាន​មានឈ្មោះ​ផ្លូវការ​ជា​ភាសាបាលី​ថា “​ពោធិ​សាល​រាជ​” អ្នកស្រុក​និយម​ហៅថា “​វត្ត​កំពង់​” ជនជាតិ​ចិន និង​យួន​ហៅថា ជួ​-​អុង​-​មាឃ (Chùa Ông Mẹt) ។​

​វត្ត​ពោធិ​សាល​រាជ​កំពង់ មាន​ផ្ទៃដី​ប្រមាណ ១២.៩០០ ម៉ែត្រការ៉េ ។ ដំបូង​ឡើយ វត្ត​បាន​កសាង​នៅ​ភូមិ កំពោង​អាវ ក្បែរ​ព្រលាន​កីឡាបាលទាត់​ខេត្ត​ព្រះ​ត្រពាំង (Sân Vận Động) ហើយ​បាន​រើម​កក​សាង​នៅ ទីតាំង​បច្ចុប្បន្ន នា​ឆ្នាំ គ្រឹ​ស្ត​សករាជ ៧១១ ។ មូលហេតុ​នៃ​ការប្ដូរ​ទីតាំង​វត្ត​ពី​កន្លែងចាស់​ទៅ​កន្លែង​ថ្មី​នោះ មានរឿង​ដំណាល​ថា ថ្ងៃមួយ មាន​ព្រះ​ពុទ្ធបដិមា​ធ្វើ​ពី​ឈើ​មួយអង្គ​ផុស​ឡើង​ពី​ត្រពាំង​មួយ​នៅ​ខាងកើត​វត្ត ក្រោម​ដើម​ពោធិ៍​មួយ​ដើម ព្រះសង្ឃ​និង​អ្នកស្រុក​ក៏បាន​នាំគ្នា​យក​ខ្សែពួរ​ចងក្រៀក​ស្រង់​ព្រះ​ពុទ្ធបដិមា​ឡើង ដើម្បី​គោរពបូជា តែ​ស្រង់​មិន​រួច ។ ក្រោយមក ព្រះតេជព្រះគុណ មាស ជា​ព្រះចៅអធិការ​វត្ត​បាន​យល់សប្ដិ៍ ឃើញ​គេ​ប្រាប់ថា ទាល់តែ​យក​ខ្សែ​អំបោះ ៧ ខ្សែ​ទៅ​ចងក្រៀក​ទាញ​ឡើង ទើបបាន ។ ពេល​ព្រះសង្ឃ​បាន រៀបចំ​ផ្កា​ភ្ញី​ទៀនធូប​បូជា និង​ស្វាធ្យាយ​ធម៌​ចម្រើន​ជយមង្គល និងចងខ្សែពួរតាមសុបិននិមិត  អ្នកស្រុក​ក៏​ស្រង់​ព្រះ​ពុទ្ធបដិមា​ឡើង​ពី​ទឹកបាន ដូច​បំណង ។ ពេល​អ្នកស្រុក​សែង​ព្រះ​ពុទ្ធបដិមា​ទៅ​ត​ម្ដ​ល់​នៅ​វត្ត​ចាស់​ឋិត​នៅក្នុង​ភូមិ​កំពោង​បាយ ស្រាប់តែ ដាច់​ខ្សែ​អំបោះ​នៅ​ពាក់កណ្ដាល​ផ្លូវ​ទៅ​លែងរួច​ចំ​ទីតាំង​វត្ត សព្វថ្ងៃ ។ ព្រះសង្ឃ និង អ្នកស្រុក ក៏​សម្រេច​រុះរើ ទីតាំង​ពី​វត្ត​ចាស់​មក​កសាង​នៅ​ចំ​កន្លែង​ថ្មី​វិញ​រហូតមកដល់​សព្វថ្ងៃ ។ ដោយសារ វត្ត​ពោធិ​សាល​រាជ នៅ​ចំ កណ្ដាល​ផ្សារ​កំពង់ ទើប​អ្នកស្រុក​ហៅថា “​វត្ត​កំពង់​” តរៀងមក ។ នៅ​ឆ្នាំ ១.៦០៤ ក្រោយពី​ម្ចាស់​ស្រុក​ខ្មែរ ក្រោម​កសាង វត្ត​ពោធិ​សាល​រាជ​កំពង់ បាន ៩៦២ ឆ្នាំ ជនជាតិ​ចិន និង យួន ក៏បាន​ចាប់ផ្ដើម​ភៀសខ្លួន ហូរ​ចូលមក​រស់នៅក្នុង​ទឹកដី​កម្ពុជា​ក្រោម​បន្តិច​ម្ដងៗ ហើយ​នាំគ្នា​ហៅ​ឈ្មោះ​វត្ត​តាម​ព្រះនាម​របស់ ព្រះ​តេជ ព្រះ​គុណ មាស ជា​ភាសា​យួន​ថា “​ជួ​-​អុង​-​មាស​” យូរៗ​ទៅ​ក្លាយទៅជា “​ជួ​-​អុង​-​មាឃ​” (Chùa Ông Mẹt) វិញ ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “​វត្ត​តា​មាស​” ។​

​ដោយ​យោងតាម​ប្រវត្តិ​ព្រះពុទ្ធ​បដិមា​ឈើ​ផុស​ពី​ត្រពាំង និង​ប្រវត្តិ​វត្ត​ពោធិ​សាល​រាជ​កំពង់ នេះហើយ ទើប​អ្នក ស្រុក​និយម​ហៅ​ភូមិសាស្ត្រ​តំបន់​មួយ​នេះ​ថា “​ស្រុក​ព្រះ​ត្រពាំង​” ក្រោយមក ក្លាយជា​ខេត្ត​ព្រះ​ត្រពាំង ។ ជន ជាតិ​យួន​បាន​ហៅ​ផ្ដួល​ទៅជា​ភាសា​យួន​ថា ខេត្ត​ត្រា​វ៉ាំ​ង (Trà Văn) ក្រោយ​មកជា ខេត្ត​ត្រា​វិញ (Trà Vinh) ។ ចំណែក​ជនជាតិ​ចិន​វិញ ហៅ​ខេត្ត​ព្រះ​ត្រពាំង​ថា ឆា​-​រ៉ុង​-​ស៊ា​ង (茶榮省) (Chá Róng Shëěng) មាន ន័យ​ថា “​ខេត្ត​សម្បូរ​ណ៍​តែ​” ។​

​សព្វថ្ងៃ ព្រះពុទ្ធ​បដិមា​ឈើ​ដែល​គេ​ស្រង់​ឡើង​ពី​ត្រពាំង​នោះ ត្រូវបាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ យកទៅ​ស្រោប ស៊ីម៉ងត៍ (Ciment) ពី​ក្រៅ​ធ្វើជា​ព្រះជីវ៍​ធំ កម្ពស់ ៣ ម៉ែត្រ តម្កល់​នៅក្នុង​ព្រះវិហារ​ទុក​សម្រាប់​គោរពបូជា រហូតមកដល់​សព្វថ្ងៃ ។ ព្រះវិហារ​បាន​កសាងឡើង​វិញ នៅ​ដើម​សតវត្សរ៍​ទី ២០ ។ នៅក្នុង​វត្តមាន​កុដិ​ឈើ​បុរាណ​មួយ​ខ្នង​បាន​កសាង​នៅក្នុង​ឆ្នាំ ១៩១៦ មកដល់​ឆ្នាំ ២០១៧ មាន​អាយុ ១០១ ឆ្នាំ ។ ក្រោម​ការដឹក នាំ​របស់ ព្រះ​កេស​រវិន​យោ មហា ត្រឹង យន់ ជា​អតីត​ព្រះ​មេគណ​ខេត្ត​ព្រះ​ត្រពាំង នៅ​ឆ្នាំ ២០០១ វត្ត​ពោធិ សាល​រាជ​កំពង់ បានអនុញ្ញាត​ឲ្យ​គណៈ​មន្ត្រី​សង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ទូទាំង​ខេត្ត កសាង សមណ​កុដិ​មហា សាមគ្គី មួយ​ខ្នង កម្ពស់ ៣ ជាន់ ទុក​ធ្វើជា​អន្តេវាសិកដ្ឋាន​សម្រាប់​ព្រះសង្ឃ និង​កូនចៅ​ខ្មែរក្រោម ក្នុង​ខេត្ត ព្រះ​ត្រពាំង និង​ក្រៅ​ខេត្ត​ស្នាក់អាស្រ័យ សិក្សា​រៀនសូត្រ​នៅ​ផ្នែក​ពុទ្ធិកសិក្សា និង​ផ្នែក​អាណាចក្រ នៅ​សាលា រដ្ឋ​យួន ។​

​ក្រៅពី​កុដិ​សាលា​ផ្សេងៗ វត្ត​ពោធិ​សាល​រាជ្យ​កំពង់ មាន​អគារ សាលា​គណ​ខេត្ត​ព្រះ​ត្រពាំង ដែល​បាន​ជួស ជុល និង​កសាង​ឡើងវិញ នៅ​ឆ្នាំ ២០០៩ ធ្វើ​ជាទី​រដ្ឋបាល ទីបញ្ជាការ និង​ទីប្រជុំ របស់​គណៈ​មន្ត្រី​សង្ឃ​ខេត្ត ដែល​បាន​និមន្ត​មកពី​វត្ត​នានា​ទាំង ១៤៣ វត្ត តាំងពីដើម​រហូតមក​ដល់​ប​ច្ច​ប្បន្ន ។​

​ខ្លោងទ្វារ​វត្តមាន​តែមួយ​គត់​នៅ​ខាងកើត មាន​ឆ្លាក់​ជា​អក្សរ​ខ្មែរ​ធំៗ​ថា “​វត្ត​ពោធិ​សាល​រាជ​” កសាង​ឆ្នាំ ព​. ស​. ១១៨៦ គ​. ស​. ៦៤២ ។ ពេលធ្វើ​ដំណើរ​ចូល​វត្ត​ភ្លាម ឃើញ​ធា​ចេតិយ ឧកញ៉ា សឺ​ង គុយ ដែល​បាន​កសាង មិនទាន់​បានសម្រេច ឋិត​នៅ​ខាងស្ដាំ​ដៃ ឬ នៅ​ទិសឦសាន​វត្ត មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​ប្រវែង ១៥ ម៉ែត្រ កម្ពស់​ជាង ២ ម៉ែត្រ​កន្លះ ជញ្ជាំង ធ្វើ​ពី​ថ្មភ្នំ ហើយ​ផ្ទៃក្នុង​ចាក់​ខ្សាច់​ពេញព្រៀប ។ រៀងរាល់ថ្ងៃ​វារៈ​ឡើង ស័ក​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រៀងរាល់ឆ្នាំ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​តែងតែ​យក​ធាតុ​ម្ដាយ​ឪពុក និង​ញាតិ​កា របស់ខ្លួន​មក​តម្កល់​នៅលើ​ធា​នេះ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​កា​របស់ខ្លួន ក្នុងនោះ មាន ឧកញ៉ា សឺ​ង គុយ និង វីរជន​ខ្មែរក្រោម​ផ្សេងទៀត ផងដែរ ដែល​បាន​លះបង់​ជីវិត​ដើម្បី​រក្សា​ការ ពារ​ជាតិ និង​ពុទ្ធសាសនា​ខ្មែរ​ឲ្យ​បាន​គង់វង្ស ។​

​ឧកញ៉ា សឺ​ង គុយ ជា​ចៅហ្វាយស្រុក​ព្រះ​ត្រពាំង ត្រូវ​យួន​កាត់​ក្បាល នៅ​ឆ្នាំ ១៨៤១ ជា​ថ្នូរ​ឲ្យ​ស្ដេច​យួន​លុប បញ្ជា រំលាយ​ជាតិ និង​ពុទ្ធសាសនា​ថេរវាទ​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ហើយ​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​មាន​សិទ្ធិ រក្សា​ប្រពៃណី វប្បធម៌ និង​ពុទ្ធសាសនា​ថេរវាទ​ខ្មែរ​រហូតមក សព្វថ្ងៃ ។​

​នៅ​ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០០៩ ក្រសួង​វប្បធម៌ ទេសចរណ៍ និង​កីឡា​យួន បានចេញ​សេចក្ដីសម្រេច​លេខ 835/QD-BVHTTDL ទទួលស្គាល់​វត្ត​ពោធិ​សាល​រាជ​កំពង់ ជា បេតិកភណ្ឌ​ស្ថាបត្យកម្ម​ជាតិ (Du Tích Kiến Trúc Nghệ Thuật Quốc Gia) របស់​រដ្ឋាភិបាល​វៀត​ណា​ម ។​

​សព្វថ្ងៃ វត្តពោធិ​សាល​រាជ កំពង់ ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់ ព្រះតេជព្រះគុណ ថាច់ ហ្វា​យ ៕​

……………………………………

ឯកសារយោង៖

Wikipidia.org

ថាច់ សេ: ទុក្ខខ្មែរក្រោម (សហរដ្ឋអាមេរិក, ១៩៩៧ )

ខាងក្រោមជារូបថតទិដ្ឋភាពទូទៅនៅក្នុងវត្តពោធិសាលរាជកំពង់ ។