សេចក្ដីប្រកាសព័ត៌មានស្ដីពីការបង្កើតទំព័រ FACEBOOK ថ្មី នៃ សំឡេងកម្ពុជាក្រោម (VOKK)

សួស្ដីប្រិយមិត្តជាទីមេត្រី!

នៅពេលថ្មីៗនេះ ទំព័រ Facebook Page របស់ កម្មវិធីផ្សាយ សំឡេងកម្ពុជាក្រោម ដែលមានឈ្មោះជាភាសាអង់គ្លេសថា Voice of Kampuchea Krom – VOKK បានត្រូវក្រុម Hacker ចូលគ្រប់គ្រង និងលុបចោលទាំងស្រុងហើយ ។ យើងខ្ញុំបានទាក់ទងក្រុមហ៊ុន Meta ដើម្បីជួយយកមកវិញដែរ តែមិនបានទទួលលទ្ធផលឡើយ ។ ទីបំផុត យើងខ្ញុំបានសម្រេចជាឯកច្ឆន្ទបង្កើតជាទំព័រ (Page) ថ្មីមួយទៀត ដែលមានឈ្មោះដូចដើមដដែលជាភាសាអង់គ្លេសថា  Voice of Kampuchea Krom – VOKK និងមានអាសយដ្ឋានថា www.facebook.com/voiceofkampucheakrom

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

អាស្រ័យហេតុនេះ សូមប្រិយមិត្តទាំងអស់ដែលនិយមគាំទ្រ និងយកចិត្តទុកដាក់តាមដានព័ត៌មានតាមរយៈទំព័រ Facebook នៃ សំឡេងកម្ពុជាក្រោម (VOKK) នាពេលកន្លងមក ស្ដីពីព្រឹត្តិការណ៍ផ្សេងៗ ដែលកើតឡើងនៅដែនដីកម្ពុជាក្រោម និងអំពីសកម្មភាពតស៊ូមតិដោយសន្តិវិធី និងអហិង្សានៅលើឆាកអន្តរជាតិ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) នោះ សូមមេត្តាជួយចុច Like, Follow និង Share នូវទំព័រថ្មីនេះ ដើម្បីបានទទួលព័ត៌មានថ្មីៗពីកម្មវិធីផ្សាយរបស់យើងខ្ញុំ ។

សំឡេងកម្ពុជាក្រោម (VOKK) ជាកម្មវិធីផ្សាយវិទ្យុ បង្កើតឡើងដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០០១ (២២ ឆ្នាំ) នៅសហរដ្ឋអាមេរិក ក្នុងគោលបំណងផ្សព្វផ្សាយនូវដំណឹងផ្សេងៗ ពីមាតុភូមិកម្ពុជាក្រោម និងអំពីសកម្មភាពតស៊ូមតិដោយសន្តិវិធី និងអហិង្សានៅលើឆាកអន្តរជាតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីនាំមកនូវ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ជូនប្រជាជាតិជនជាតិដើមខ្មែរក្រោមរាប់លាននាក់នៅដែនដីកម្ពុជាក្រោម  ដែលកំពុងតែរស់នៅក្រោមអាណានិគមវៀតណាម សព្វថ្ងៃ ។

ក្រៅពីផ្សាយតាមរយៈទំព័រ Facebook Page កម្មវិធីផ្សាយ សំឡេងកម្ពុជាក្រោម (VOKK) ក៏ធ្វើការផ្សព្វផ្សាយតាមរយៈមធ្យោបាយមួយចំនួន ដូចជា គេហទំព័រដែលមានអាសយដ្ឋាន www.vokk.net និងតាមរយៈយូធូប ដែលមានអាសយដ្ឋាន www.youtube.com/@VoiceofKampucheaKrom ។ កម្មវិធីផ្សាយទាំងនេះ រួមមានដូចជា អត្ថបទ រូបថត វីដេអូ និងសំឡេង ជាដើម ។

បច្ចុប្បន្ន  សំឡេងកម្ពុជាក្រោម (VOKK) ជាផ្នែកមួយ នៃកម្មវិធីផ្សាយឋិតនៅក្រោមការគ្រប់គ្រងរបស់ស្ថាប័ន នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងចំណោមកម្មវិធីផ្សាយជាច្រើនផ្នែកផ្សេងទៀត រួមមាន ទូរទស្សន៍អនឡាញ  តាមបណ្ដាញសង្គម Facebook និង Youtube, អត្ថបទគ្រប់ប្រភេទ, បោះពុម្ពជាសៀវភៅ, ព្រឹត្តិបត្រ កម្ពុជាក្រោម និង កាសែត ព្រៃនគរ និងបានផលិតជាបទចម្រៀងជាតិនិយមរាប់រយបទ ហើយផ្ទុកនៅលើគេហទំព័រ  ដើម្បីសាធារណជនគ្រប់មជ្ឈដ្ឋានបានសិក្សាស្រាវជ្រាវតាមតម្រូវការ ជាក់ស្ដែង ។

ទោះបីក្រុមការងាររបស់ នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម មានការខិតខំប្រឹងប្រែងធ្វើការយ៉ាងនេះក្ដី តែសមិទ្ធផលទាំងនេះ នៅតែមិនទាន់បំពេញឲ្យបានសព្វគ្រប់ជ្រុងជ្រោយ សម្រាប់បម្រើផ្នែកបញ្ញាស្មារតីដល់សាធារណជនទូទាំងពិភពលោកនៅឡើយ ។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងបន្ថែម និងបន្តដំណើរទៅមុខទៀត  ដើម្បីធ្វើឲ្យកម្មវិធីផ្សាយរបស់យើងក្លាយជា «មជ្ឈមណ្ឌលព័ត៌មានកម្ពុជាក្រោម» ដ៏មានប្រសិទ្ធភាពមួយ  ផ្សព្វផ្សាយនូវដំណឹងពិត និងទាន់ហេតុការណ៍ គួរជាទីទុកចិត្តពីប្រិយមិត្តគ្រប់ទិសទី និងធ្វើជាចន្លុះសម្រាប់ឆ្លុះបំភ្លឺដល់ពលរដ្ឋខ្មែរក្រោមរាប់លាននាក់នៅដែនដីកម្ពុជាក្រោម ដែលកំពុងតែរស់នៅក្នុងគុកងងឹតឥតជញ្ជាំងនៃរបបអាណានិគមវៀតណាម ឲ្យបានទទួលនូវពន្លឺបញ្ញាពុទ្ធិ ហើយចេះប្រើនូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួនក្នុងការ «សម្រេចវាសនាខ្លួនដោយខ្លួនឯង» នៅលើមាតុភូមិដូនតារបស់ខ្លួន ។

ដោយសារមើលឃើញការផ្សាយរបស់ សំឡេងកម្ពុជាក្រោម (VOKK) មានឥទ្ធិពលគ្របដណ្ដប់លើដែនដីកម្ពុជាក្រោម និងនាំមកនូវការផ្លាស់ប្ដូរផ្នត់គំនិតរបស់ពលរដ្ឋខ្មែរក្រោមនាពេលបច្ចុប្បន្ន និងអនាគត គេបានរកវិធីគ្រប់យ៉ាងដើម្បីរារាំងនូវការផ្សាយរបស់យើង ហើយទីបំផុត ក្រុម Hacker បានចូលលុបចោលទាំងស្រុង នូវទំព័រ Facebook សំឡេងកម្ពុជាក្រោម (VOKK) របស់យើង ។ ទោះយ៉ាងនេះក្ដី  ក្រុមការផ្សាយ របស់យើងបានបង្កើតជាទំព័រថ្មីមួយទៀត ដែលមានអាសយដ្ឋានខាងលើ ដើម្បីបន្តការផ្សព្វផ្សាយព័ត៌មាន     តទៅមុខទៀត  ដោយមិនមានអំណាចអ្វីមករារាំងបានឡើយ ៕

ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក

ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣

ភិក្ខុ សឺង យ៉ឹង រតនា (សុវណ្ណប្បញ្ញោ)

ប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម

ចុចនេះ ដើម្បីទាញយកសេចក្ដីប្រកាសព័ត៌មាននេះជាឯកសារ PDF