វៀតណាម​បរាជ័យ​ស្នើ​វេទិកា​អចិន្ត្រយ៍​ស្ដីពី​បញ្ហា​ជនជាតិ​ដើម​បណ្ដេញ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចេញ​ពី​វេទិកា

ដោយ យន់ សាមៀន | RFA Khmer

តំណាង​រដ្ឋាភិបាល​វៀតណាម​បាន​បរាជ័យ​ស្នើ​ឲ្យ​សមាជិក​វេទិកា​អចិន្ត្រយ៍ ស្ដីពី​បញ្ហា​ជនជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ​បណ្ដេញ​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ចេញ​ពី​កិច្ច​ប្រជុំ​នៅ​បុរី​ញូវយ៉ក(New York)។ វេទិកា​អចិន្ត្រយ៍​ស្ដីពី​បញ្ហា​ជនជាតិ​ដើម​ឆ្នាំ​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២៨ មេសា ដោយ​ផ្ដោត​លើ​ប្រធាន​បទ «ពលរដ្ឋ​ជន​ជាតិ​ដើម សុខភាព​មនុស្ស​ ផែនដី និង​បរិស្ថាន ដោយ​ផ្អែក​លើ​សិទ្ធិ​មនុស្ស​ជា​បំណង»។

កិច្ចប្រជុំនៅអង្គការ​សហប្រជាជាតិ នៅខែ​មេសា ២០២៣។ Photo courtesy of UN
កិច្ចប្រជុំនៅអង្គការ​សហប្រជាជាតិ នៅខែ​មេសា ២០២៣។ Photo courtesy of UN

តំណាង​រដ្ឋាភិបាល​វៀតណាម ​បាន​ចោទ​ប្រកាន់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា បាន​ធ្វើ​របាយការណ៍​ប្រឌិត​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​រដ្ឋាភិបាល​វៀតណាម និង​គ្មាន​សិទ្ធិ​ធ្វើ​ជា​តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​វៀតណាម​ចាត់​ទុក​ថា ជា​ជន​ជាតិ​ភាគ​តិច​ឡើយ។

តំណាង​រដ្ឋាភិបាល​វៀតណាម «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រើប្រាស់​វេទិកា​នេះ​ដើម្បី​បំរើ​នយោបាយ​របស់​ពួកគេ ហើយ​មាន​ចេតនា​ដើម្បី​បំបែក​បំបាក់​ជនជាតិ​ភាគតិច​នៅ​វៀតណាម ​បំផ្លាញ​ការ​ឯកភាពជាតិ និង​សន្តិភាព។ ទង្វើ​ទាំងនេះ ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ ​ហើយមិន​គួរ​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​ក្នុង​វេទិកា​នេះ»

តំណាង​រដ្ឋាភិបាល​វៀតណាម ​ដែល​មិន​បាន​បង្ហាញ​ឈ្មោះ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា វៀតណាម​ជំទាស់​នឹង​វត្តមាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ និង​ស្នើ​ឲ្យ​វេទិកា​បញ្ចប់​វត្តមាន​របស់​សហព័ន្ធ​ដើម្បី​កុំ​ឲ្យ​មាន​ការ​បំពាន​ដល់​អធិបតេយ្យភាព និង​បូរណភាព​វៀតណាម។

«វៀតណាម​ជា​ប្រទេស​ដែល​មាន ​ជន​ជាតិ​ភាគ​តិច​ដល់​ទៅ​៥៤ ​ដែល​ពួកគេ​រីករាយ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សេចក្ដី​សុខ និង​សន្តិភាព​ជា​យូរ​យារ​ណាស់​មក​ហើយ ​និង​មានការ​លើក​កម្ពស់​សិទ្ធិ​ជនភាគតិច ​រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។ ​នេះ​ជា​អាទិភាព​របស់​វៀតណាម»

ឆ្លើយតប​នឹង​សំណើ​របស់​វៀតណាម ​សមាជិក​វេទិកា​អចិន្ត្រយ៍ ស្តី​ពី​បញ្ហា​ជនជាតិ​ដើម ​បាន​ថ្លែង​ការពារ​វត្តមាន​របស់​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដែល​បាន​ចូល​រួម​វេទិកា​ជន​ជាតិ​ដើម​ ដើម្បី​បញ្ចេញ​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស ​សិទ្ធិ​ជនជាតិ​ដើម និង​សាសនា​ខ្មែរ​កម្ពុជា​ក្រោម។ អ្នកស្រី​ ថូវី សូដាស ហ្គេន (Tove Søvndahl Gant) សមាជិក​វេទិកា​អចិន្ត្រយ៍ ​ស្ដីពី​បញ្ហា​ជនជាតិ​ដើម​ថ្លែង​ថា ​ការ​ចោទ​​ប្រកាន់​របស់​វៀតណាម ទៅ​លើ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​ការពារ​សិទ្ធិ​មនុស្ស​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម ​ជា​ការ​ចោទ​ប្រកាន់​ដ៏​ធ្ងន់ធ្ងរ។

អ្នកស្រី​ ថូវី សូដាស ហ្គេន៖ «ខ្ញុំ​សូម​រំលឹក​ដល់​ប្រតិភូ​វៀតណាម​ថា វេទិកា​នេះ បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​ពី​សមាជិក​ឯករាជ្យ​ដើម្បី​ផ្ដល់​យោបល់​ដល់​អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​សមាជិក​ជុំវិញ​បញ្ហា​ជន​ជាតិ​ដើម​។ រាល់​បំណង​ណា​ដែល​ចង់​រឹតត្បិត​ការ​ចូល​រួម​តំណាង​ជន​ជាតិ​ដើម ​និង​សិទ្ធិ​ដើម្បី​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដោយ​សេរី​រួម​ទាំង ការ​បង្ហាញ​យោបល់​ នយោបាយ ទស្សនៈ ​វា​ការ​ធ្វើ​ផ្ទុយ​នឹង​អាណត្តិ​​របស់​វេទិកា​នេះ និង​ផ្ទុយ​ពី​គោលការណ៍​សិទ្ធិ​មនុស្ស​និង​ការ​បញ្ចេញ​មតិ»

អ្នកស្រីបន្ត​ថា វេទិកា​រីករាយ​នឹង​ធ្វើ​ការងារ​នឹង​រដ្ឋាភិបាល​វៀតណាម ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជន​ជាតិ​ដើម​ ដែល​វៀតណាម​ចាត់​ទុក​ថា ​ជា​ជន​ជាតិ​ភាគតិច។

វេទិកា​អចិន្ត្រយ៍ ស្តី​ពី​បញ្ហា​ជន​ជាតិ​ដើម​ជា​ស្ថាប័ន​ផ្ដល់​ប្រឹក្សា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គម​ របស់​អង្គការ​សហប្រជាជាតិ ​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០០០​ ដែល​មាន​អាណត្តិ​ពិនិត្យ​បញ្ហា​ប្រឈម​របស់​ជន​ជាតិ​ដើម ទាក់ទង​នឹង​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍ​សង្គម​ វប្បធម៌ ​អប់រំ ​សុខភាព ​និង​សិទ្ធិ​មនុស្ស​។ ​វេទិកា​នេះ ជា​កន្លែង​សំខាន់ ​ដើម្បី​ជម្រាប​លើក​ឡើង​ឲ្យ​មាន​ការ​ដឹង​លឺ និង​ការ​តស៊ូ​មតិ​នឹង​អាជ្ញាធរ​រដ្ឋាភិបាល ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​ដើរ​ថយ​ក្រោយ និង​ការ​អនុវត្ត​ជា​វិជ្ជមាន​ជុំ​វិញ​សិទ្ធិ​ជន​ជាតិ​ដើម​ស្ត្រី​កុមារ និង​យុវជន។

ពាក់ព័ន្ធ​នឹង​សំណើ​របស់​វៀតណាម​ឲ្យ​មាន​សមាជិក​វេទិកា​បណ្ដេញ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចេញ​ពី​អង្គ​ប្រជុំ​នេះ​ អនុ​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​លោក ម៉ៅ មុន្នី ដែល​ដឹកនាំ​ប្រតិភូ​ខ្មែរ​ក្រោម​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​មាន​ប្រសាសន៍​ថា សហព័ន្ធ​ទទួល​បាន​ជោគជ័យ ​ដែល​សមាជិក​វេទិកា​ស្តី​ពី​ជន​ជាតិ​ដើម​ មិន​បណ្ដេញ​សហព័ន្ធ​ចេញ ហើយ​ថែម​ទាំង​អនុញ្ញាត​ឲ្យ​តំណាង​ខ្មែរ​កម្ពុជា​ក្រោម ​ថ្លែងការណ៍ និង​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ជន​ជាតិ​របស់​វៀតណាម​សព្វ​ថ្ងៃ។

លោក ម៉ៅ មុន្នី៖ «គោលដៅ​របស់​សហព័ន្ធ​យើង​ចង់​ថា ​កន្លែង​នេះ​ជា​កន្លែង​ប្រជុំ​របស់​ជនជាតិ​ដើម គេ​បញ្ជាក់​ថា​ យើង​ជា​ជនជាតិ​ដើម​ទើប​គេ​ឲ្យ​យើង​ចូល។ វៀតណាម​ខំ​ចោទ​យើង​យ៉ាង​ម្ដេច​ក៏​មិន​បាន​ដេញ​យើង​បាន​ដែរ»។

ក្នុង​កិច្ច​ប្រជុំ​នៃ​វេទិកា​អចិន្ត្រយ៍ ​ស្ដីពី​បញ្ហា​ជនជាតិ​ដើម តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​កញ្ញា ម៉ៅ ​សុគន្ធា ​និង ​ហង្ស អ៊ីមេលី បាន​ស្នើ​ឲ្យ​វេទិកា​ចាប់​អារម្មណ៍​លើ​ទង្វើ​របស់​វៀតណាម ​ដែល​បាន​ចាប់​បង្ខំ​ឲ្យ​ខ្មែរ​ក្រោម​ឲ្យ​សារភាព​ទោស​ដែល​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ និង​ចាប់​ឃុំឃាំង ពួកគេ ដោយសារ​តែ​ពួកគេ​បាន​ចែក​ចាយ​ឯកសារ​សេចក្ដី​ប្រកាស​សកល​ស្ដីពី​ជន​ជាតិ​ដើម ​របស់​អង្គការ​សហប្រជាជាតិ និង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​។ យ៉ាង​ហោច ​ក៏​មាន​យុវជន​ខ្មែរ​ក្រោម​ដប់​រូប​ត្រូវ​បាន​វៀតណាម ​ហៅ​ទៅ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ច្រើន​ម៉ោង​ អ្នក​ខ្លះ​ដល់​២៤​ម៉ោង។​ កញ្ញា  ហង្ស អ៊ីមេលី ​បញ្ជាក់​ថា ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស ខ្មែរ​ក្រោម​កាន់​ឲ្យ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ដោយសារ​តែ ​វៀតណាម​បាន​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ។ កញ្ញា​ស្នើ​សុំ​ឲ្យ​កិច្ច​អន្តរាគមន៍​ឲ្យ​វៀតណាម ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ និង​បញ្ឈប់​កោះហៅ​យុវជន​ខ្មែរ​ក្រោម​ទៅ​សួរ​ចម្លើយ​រឿង​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ជា​ដើម​។ អនុប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ​ម៉ៅ មុន្នី រំពឹង​ថា  សមាជិក​វេទិកា​អចិន្ត្រយ៍ ស្តី​ពី​បញ្ហា​ជន​ជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ​នឹង​យក​សំណូមពរ និង​ក្ដី​បារម្ភ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ​ទៅ​ជម្រាប​ជូន​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ចុង​ឆ្នាំ​២០២៣​នេះ៕