ដោយ លី ឈូន
យ៉ាងហោចណាស់ ក៏មានព្រះសង្ឃចំនួនពីរព្រះអង្គ និងពុទ្ធបរិស័ទខ្មែរក្រោមពីររូបរងរបួសស្នាម ដោយសារតែការវាយតប់ ទាក់ ធាក់ ពីសមត្ថកិច្ចវៀតណាម នៅពីព្រឹកថ្ងៃទី ២៣ ខែមីនា ម្សិលមិញនេះ ។ នេះជាលើកទី ២ ហើយ ដែលព្រឹត្តិករណ៍នេះ កាលពីប៉ុន្មានខែមុន ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោម បានព្យាយាមរារាំង និងបញ្ឈប់ការប៉ន់ប៉ងអារំលំដើមគគីរបិតិកភណ្ឌជាតិ ដែលមានអាយុកាលជាង ៧០០ ឆ្នាំ ស្ថិតនៅក្នុងវត្តទ្រនំសេក នៃ ខេត្តលង់ហោរ ។ តែការប៉ន់ប៉ងទាំងពីរលើកនេះ សុទ្ធតែត្រូវរងបរាជ័យ ព្រោះតែការសុខចិត្តលះបង់អាយុជីវិតរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដើម្បីការពារបិតិកភណ្ឌជាតិរបស់ខ្លួន ។ យុវជនខ្មែរក្រោម លើកឡើងថា បើទោះបីជាដើមគគីនេះបានងាប់ទៅហើយក៏ពិតមែន តែវិធីសាស្ត្រ សម្រាប់ការពារសុវត្ថិភាព ពីការបាក់រលំនៃដើមគគីរនេះ មានច្រើនវិធីសាស្ត្រណាស់ ដូចជាវិធីសាស្ត្រ កសាងជន្ទល់ ទប់រលំជាដើម មិនមែនមានតែវិធីត្រូវអារំលំម្យ៉ាងនោះទេ ។ យុវជនខ្មែរក្រោម អះអាងថា វិធីសាស្ត្ររបស់អាជ្ញាធរវៀតណាម នាពេលនេះ ជាវិធីសាស្ត្របំបាត់ដានប្រវត្តិសាស្ត្រកម្ពុជាក្រោម ហើយដែលជាអំពើប្រព្រឹត្តិផ្ទុយទាំងច្បាប់ជាតិ និងអន្តរជាតិទាំងស្រុង ។

តាំងពីព្រលឹមស្រាង ៗ នៃថ្ងៃពុធទី ២៣ មីនាកន្លងទៅនេះ ពួកសមត្ថកិច្ចវៀតណាម មានទាំងមន្ត្រីខ្មែរផង ប្រកបដោយទាំងឯកសណ្ឋានជាស៊ីវិល និងឯកសណ្ឋានជានគរបាលផង មានគ្នាជិត ១០០ នាក់ប្រដាប់ដោយដំបងឈើ ដំបងឆក់ ព្រមទាំងនាំមកនូវរណារយន្ត ៣ គ្រឿងចូល ឆ្វេចឆ្វាច ពេញផ្ទៃវត្តមង្គលបុរីទ្រនំសេក ដែលស្ថិតនៅក្នុងស្រុកផ្សារថ្មីខេត្តលង់ហោរ ។
សកម្មភាពរបស់ពួកសមត្ថកិច្ចទាំងនេះ ក្នុងគោលបំណងប៉ុនប៉ងអាររំលំដើមគគីរជាបេតិកភណ្ឌជាតិខ្មែរដែលមានអាយុកាល ជាង ៧០០ ឆ្នាំ នាវត្តមង្គលបុរីទ្រនំសេកនេះឯង ។
ក្រោយពីអស់រយៈពេលជាងបីម៉ោង អង្វរករផង បន្លាចផងដល់ព្រះសង្ឃនិងពុទ្ធបរិស័ទដើម្បីបានអាររំលំដើមគគីរនោះ ។ ដោយពួកគេលើកឡើងថា ដើមគគីរបានស្លាប់ទៅហើយ ហើយក៏ពុកថែមទៀត ហេតុនេះ វាអាចហ្នឹងបាក់រលំបង្កភ័យអន្តរាយនៅថ្ងៃណាមួយមិនខាន ។ ដោយអស់លទ្ធភាព នឹងការលួងលោម បន្លាចខ្មែរក្រោមនោះ ហើយដោយមើលឃើញ ព្រះសង្ឃ និងពុទ្ធបរិស័ទចេះតែចូលមកច្រើនឡើង ៗ ទាំងពុទ្ធបរិស័ទនៅចំណុះជើងវត្តមង្គលបុរីទ្រនំសេកផង និងពុទ្ធបរិស័ទនៅវត្តសាលវ័នឧទ្យានព្រែកឈូកផងនោះ ពួកសមត្ថកិច្ចក៏បានប្រើកម្លាំងបាយដោយបានវាយដំច្រំធាក់ទៅលើព្រះសង្ឃនិងពលរដ្ឋខ្មែរដែលឱប ដែលឈរហ៊ុំព័ទ្ធការពារដើមគគីរជាតិយ៉ាងដំណំ ។
ហើយនេះជាសំឡេងផ្សាយផ្ទាល់របស់អ្នកនាងសុង ចិន្តាជាសកម្មជនកសាងសាលាឆទានភូមិកន្រែង ដែលត្រូវរងគំរាមកំហែងដេញឆក់ទូរស័ព្ទមិនឲ្យផ្សាយផ្ទាល់ ។ ក្នុងស្ថានភាពបែបនេះអ្នកនាងសុំ ចិន្តា និងពលរដ្ឋខ្មែររងគ្រោះដទៃទៀតគ្មានអ្វីក្រៅពីទ្រហោយំ បួងសួងសុំឲ្យពុទ្ធព្រះធម៌ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅជិតខាងឲ្យជ្រំជ្រែងសាមគ្គីជួយគ្នាតែប៉ុណ្ណោះ៖ «…» ។
បែរទៅមើលលោកស្រីថាច់ ធីសាបិត ដែលជាអ្នកបរិច្ចាគដីកសាងសាលាឆទានភូមិកន្រែងម្ដងវិញបើទោះបីជាសមត្ថកិច្ចត្រូវបានព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម ដេញឲ្យចេញឆ្ងាយពីគល់គគីរហើយក៏លោកស្រីនៅតែអង្គុយឱបដើមគគីរជាតិដោយមិនរបេះ ទោះជាពួកសមត្ថកិច្ចលួងលោមឲ្យលោកស្រីចេញពីគល់គគីរ បែបណាក៏មិនស្ដាប់ ដោយលោកស្រីតបថា៖ លោកស្រីធ្លាប់ធ្វើកុម្មុយនិស្ដុលោកស្រីដឹងល្បិចកលអស់ហើយ តែកាលណាលោកស្រីចេញឆ្ងាយពីគល់គគីរ ពួកសមត្ថកិច្ចហ្នឹងមានឱកាសអាររលំដើមគគីរជាមិនខាន ។ លោកស្រីថាច់ ធីសាបិត ចោទប្រកាន់ថាសមត្ថកិច្ច រំលោភសិទ្ធិពលរដ្ឋ ហើយលោកស្រីអះអាងទៀតថា សុខចិត្តស្លាប់នៅនឹងគល់គគីរជាតិនេះ ព្រោះអដ្ឋិធាតុជីដូនជីតារបស់លោកស្រី និងអដ្ឋិធាតុជីដូនជីតារបស់ពុទ្ធបរិស័ទខ្មែរក្រោមច្រើនណាស់នៅក្រោមដើមគល់គគីរនេះ៖ «សូមពុទ្ធបរិស័ទ ហ៊ឹះ ៗៗ ហ៊ិះៗៗ លោកអើយជួយ ហ៊ឹះ ៗៗ ហ៊ិះៗ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ អើយ ហ៊ឹះ ៗ ៗ (លាយឡំ នឹងសំឡេង ពួកនគរបាលយួន ស្រែកគំរាមហាមមិនឲ្យថតរូប ថត វីដេអូ ជាភាសាយួនកងរំពង) បងប្អូន មើលរដ្ឋ មើលរដ្ឋនោះ ហ្ន៎ ! គេនាំគ្នាវាយព្រះសង្ឃ បង ប្អូនខ្មែរយើង ហ៊ិះៗ ហ៊ិះៗៗ ខ្មែរយើង ហ៊ឺ ៗៗ » ។
ឥឡូវនេះសូមនាំគ្នាបែរទៅមើលលោកស្រី ថាច់ ធី សាបិត អ្នកអ្នកបរិច្ចាគដី កសាងសាលាឆទានភូមិកន្រែងម្ដងវិញ បើទោះបីជាព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ ដេញកម្លាំងសមត្ថកិច្ច ចេញឲ្យផុតពីគល់គគីរអស់ហើយក្ដី លោកស្រីក៏នៅតែអង្គុយឱបដើមគគីរដោយមិនរបេះ ។ ទោះជាពួកសមត្ថកិច្ចលួងលោមអង្វរករយ៉ាងណាក្ដី ក៏លោកស្រីមិនព្រមចាកចេញពីគល់គគីរដែរ មិនតែប៉ុណ្ណោះ លោកស្រីពោលដាក់សមត្ថកិច្ចជាភាសាវៀតណាមថា៖ «អាញ់ធ្វើកុម្មុយនិស្តុ អាញ់ដឹងល្បិចច្បាស់ណាស់ តែអាញ់ក្រោកពីគល់គគីរ ពួកឯងហ្នឹងបានឱកាស អារដើមគគីរហើយ» ។ លោកស្រី ថាច់ធីសាបិតដែលជាគ្រួសារមានគុណបំណាចនឹងបដិវដ្ដន៍ (បក្ស រដ្ឋ) វៀតណាម និងជាយុទ្ធជន ជាមាតាយុទ្ធជន ជាប្រពន្ធយុទ្ធជននេះ ចោទប្រកាន់ថា៖ «រដ្ឋអំណាចជិះជាន់រាស្ត្រ ខ្ញុំដឹង ខ្ញុំមិនល្ងង់ទេ ខ្ញុំសុខចិត្តងាប់នៅនឹងគល់គគីរនេះ ខ្ញុំមិនចាកចេញពីគល់គគីរពេលនេះឡើយ បើសមត្ថកិច្ចនៅតែប៉ុនប៉ងអាររំលំគគីរនេះ ព្រោះថាធាតុ ឪពុក ម្ដាយ ជីដូន ជីតាខ្ញុំ និងធាតុជីដូនជីតាពលរដ្ឋខ្មែរដទៃទៀតកប់នៅក្រោមគល់គគីរនេះច្រើនណាស់» ។
ក្នុងព្រឹត្តិការណ៍រារាំងមិនឲ្យសមត្ថកិច្ចអាររំលំដើមគគីរនេះ យ៉ាងតិចណាស់ក៏មានព្រះសង្ឃពីរព្រះអង្គនិងពុទ្ធបរិស័ទខ្មែរពីររូបផងដែរ ដែលត្រូវរងរបួសស្នាមព្រោះការវាយដំច្រំធាក់ពីសំណាក់សមត្ថកិច្ចវៀតណាម ។
រឿងហេតុ ដែលអាជ្ញាធរវៀតណាមប៉ុនប៉ងអាររំលំដើមគគីរពេលនេះ គឺជាលើកទី ២ ហើយ ៗ ដែលលើកនេះ ប្រព្រឹត្តិការឡើងមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២២ និងថ្ងៃទី ២៣ មីនានេះឯង ។ ចំណែកឯលើកទី១ កើតឡើងតាំងពីថ្ងៃទី ៧ តុលា ឆ្នាំ ២០២១ ម្ល៉េះ ដែលពេលនោះព្រះសង្ឃ និងពុទ្ធបរិស័ទមួយចំនួនទៀត នាំគ្នាចូលគល់ព្រះចៅអធិការវត្ត វត្តមង្គលបុរីទ្រនំសេក និងជួបគណកម្មការវត្ត សួរនាំអំពីរឿងអាជ្ញាធរ និងគណកម្មការវត្តមួយចំនួនចង់អាររំលំដើមគគីរជាបេតិកភណ្ឌជាតិ ដែលមានអាយុកាលជាង ៧០០ ឆ្នាំនោះ អ្នកសួរនាំបានដាក់ចេញនូវគោលការណ៍សំខាន់ ៗ ចំនួន ៣ គឺ ករណី ។ ករណីទីមួយគឺសុំឲ្យមានការព្រមព្រៀងពីពុទ្ធបរិស័ទចំណុះជើងវត្តជាមុនសិន មុននឹងរំលំដើមគគីរ ។ ទីពីរអ្នកទទួលបន្ទុកអារដើមគគីរនេះ ត្រូវទទួលខុសទាំងស្រុង បើមានហានិភ័យអ្វីមួយកើតឡើង ក្នុងពេលកំពុងអារក្ដី និងក្រោយពេលអារ។ រីឯខទី ៣ ក្រោយពេលរំលំហើយ បើចង់យកទៅកសាងសមិទ្ធផលអ្វីមួយ ឬក៏ត្រូវយកទៅធ្វើអ្វី នៅទីណាសូមរាយការណ៍ ឲ្យបានច្បាស់លាស់ ទើបព្រះសង្ឃនិងពុទ្ធបរិស័ទព្រមព្រៀងឲ្យរំលំដើមគគីរនេះ ។
រីឯលើកនេះ ក៏ដូច្នេះដែរ ព្រះភិក្ខុ ថាច់ ច័ន្ទតារា ជាព្រះឧទ្ទេសាចារ្យ នៃវត្តមង្គលបុរីទ្រនំសេក ដំណាងឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទអ្នកការពារដើមគគីរជាតិដដែល អះអាងតាមការផ្សាយផ្ទាល់ក្នុងព្រឹត្តិការណ៍ថ្ងៃពុធទី ២៣ មិនា ថា ព្រះអង្គ និងពុទ្ធបរិស័ទដទៃទៀត មិនរារាំងការរលំដើមគគីរនេះទេ តែសូមឲ្យមានផែនការច្បាស់លាស់ជាមុនសិនមុននឹងរំលំ៖ «រឿងកាប់ហ្នឹងគ្មាននរណាប្រឆាំងទេកាប់ហ្នឹង តែយើងត្រូវជួបជុំគ្នាសិនតើការកាប់ហ្នឹងមាននរណាទទួលខុសត្រូវ ហើយបន្ទាប់ពីកាប់ហើយតើយកទៅធ្វើអ្វីខ្លះ ។ ចំណែក ពេលកាប់ហើយមានគ្រោះថ្នាក់ ដូចជាងាប់មនុស្សជាដើមតើនរណាទទួលខុសត្រូវ ព្រោះតាំងពីសម័យដើមមកធ្លាប់ល្បីហើយតើថា ដើមគគីរនេះ បានផ្ដល់គ្រោះថ្នាក់ដល់អ្នកអារ ហើយបើអ្នកអារត្រូវគ្រោះថ្នាក់នរណាអ្នកធានាវត្តអ្នកធានា ឬ ក៏រដ្ឋអ្នកធានា ។ គឺអាត្មាមានភ័យព្រួយកន្លែងនេះឯង ហើយម្យ៉ាងវិញទៀតពេលនាំគ្នាមកអារដោយគ្មានការព្រមព្រៀងដូច្នេះ នឹងមានពាក្យចោទប្រកាន់ថា រដ្ឋមកបំពានវត្តអារាម . ដូច្នេះអាត្មាសូមផ្ដាំផ្ញើទៅអាជ្ញាធរនិងគណៈកម្មការដែលចង់អារ នៅថ្ងៃណាមួយយើងជួបជុំគ្នាពិភាក្សាឲ្យឯកច្ឆ័ន្ទគ្នាទៅ» ។
ទាក់ទិនដល់ករណីដែលសមត្ថកិច្ចថាត្រូវអាររំលំ ដើមគគីរ ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទៅ និងអាររំលំដើម្បីយកឆ្លាក់ជារូបបដិមាព្រះពុទ្ធទ្រង់បរិនិព្វាន នោះពលរដ្ឋខ្មែរក្រោមបានលើកឡើងពេញទាំងក្នុងនិងក្រៅបណ្ដាញព័ត៌មានសង្គម លើកឡើងថា ការរក្សាដើមគគីរនេះមានវិធីសាស្ត្រថែរក្សាច្រើនណាស់ មិនមែនទាល់ចាំបាច់រំលំទើបអាចការពារសុវត្ថិភាពនិងថែរក្សានោះបានទេ ឧទាហរណ៍ដូចជាកសាងបង់បាញ់ ឬ ជន្ទល់ជាគ្រឿងស៊ីម៉ងត៍ ឬ ជាគ្រឿងដែកជាដើម ដើម្បីទល់នូវជំហរនៃដើមគគីរនេះ ឲ្យនៅឈរដដែល ។
ដើមគគីរដ៏មានចំណាស់ ដែលមានទំហំប្រមាណជា ៤ ឱបកម្ពស់ជាង ២៥ ម៉ែត្រ និងមានអាយុកាលជាង ៧០០ នេះ ក្នុងចំណោមដើមគគីររាប់រយដើមផ្សេងទៀតក្នុងវត្តមង្គលបុរីទ្រនំសេក តាមការឲ្យដឹងពីលោក គីម ឃីម ដែលធ្លាប់បួសរៀនអស់ច្រើនឆ្នាំ ក្នុងវត្តមង្គលបុរីទ្រនំសេក និងជាអ្នកតាមដានប្រវត្តិ នៃដើមគគីរនេះ ធ្លាប់ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរថា ដើមគគីរអាយុរយឆ្នាំនេះ មានវត្តមាននៅទីធ្លាវត្តទ្រនំសេក មុនការកសាងវត្តនេះទៅទៀត ។ ហើយត្រូវបានអាជ្ញាធរវៀតណាមទទួលស្គាល់ជាបេតិកភណ្ឌជាតិកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៦ និងបានស្លាប់កាលពីកំឡុងខែឧសភា ឆ្នាំ ២០២១ នេះឯង ៖ «ខ្ញុំមិនដឹងថាមានអាយុកាលប៉ុន្មាននោះទេ តែឮ តា ៗ គាត់កើតមកឃើញដើមគគីរហ្នឹងមានទំហំប៉ុណ្ណឹងទៅហើយ ។ ហើយខាងក្រោយនេះ ប្រហែលជា ពីរ បី ឆ្នាំចុងក្រោយនេះ រដ្ឋអំណាចយួនទទួលស្គាល់ថាដើមគគីរហ្នឹងមានអាយុកាលជាង ៧០០ ឆ្នាំ និងបានចាត់ចំណាត់ថ្នាក់បេតិកភណ្ឌជាតិ ។ ចំណែកប្រវត្តិនៃដើមគគីរនេះ តា ៗ ក៏គាត់មិនបានដឹងពិតប្រាកដែរ សូម្បីតែប្រវត្តិវត្តទ្រនំសេក គ៏គ្មានចងក្រងជាស្លឹករឹត ឬ ក៏ជាសៀវភៅនោះដែរ» ។
ឈ្មោះគីម ឃីម ដែលជាសកម្មជនកសាងសាលាឆទានភូមិកន្រែង ឲ្យដឹងទៀតថា ដើមគគីរដ៏មានចំណាស់នេះ ក្រៅពីមានបារមីពូកែស័ក្ដិសិទ្ធិហើយ ក៏នៅអាចបង្កគ្រោះមហន្តរាយដល់អ្នកដែលប៉ុនប៉ងយាយី ដល់ដើមគគីរនេះផងដែរ៖ «ដើមគគីរហ្នឹងកាលសម័យសង្គ្រាម ក្រៅពីរងគ្រាប់ផ្លោង សូម្បីតែយន្តហោះអាមេរិកព្រាចថ្នាំសម្លាប់ ងាប់ហើយរស់ឡើងវិញ ណា បន្ទាប់មកមានករណីរន្ទះបាញ់រហែកដើមមួយចំហៀង ប៉ុនទូកត្នោត ទាំងពីចុងដល់គល់ នៅមិនងាប់ទៀតផង ។ ម្យ៉ាងទៀតសព្វថ្ងៃនៅមានស្លាកស្នាមមុខរណាអារនៅពីចំហៀងខាងជើងនៃដើមគគីរនេះ នៅឡើយ ហើយបើតាមការដំណាលពីចាស់ ៗ ថា ស្លាកស្នាមហ្នឹង កាលពីព្រះចៅអធិការ និងគណកម្មការជំនន់មុន ហៅយួនមកអារលក់ដើម្បីកសាងវត្តដែរ លុះពេលកំពុងអារនោះ ក៏ស្រាប់តែដើមគគីរហ្នឹងបាញ់ឈាមចេញមក ធ្វើឲ្យពួកយួនអ្នកអារនោះ ឈឺលោះព្រលឹងទាល់តែស្លាប់អស់» ។
បុរសសកម្មជនកសាងសាលាឆទានភូមិកន្រែងវ័យជាង៥០ឆ្នាំម្នាក់នេះ ឲ្យដឹងបន្តទៀតថា ដើមគគីរហ្នឹង ក្រៅពីពូកែស័ក្ដិសិទ្ធចំពោះការបួងសួង បន់ស្រន់ ឬ ស្បថស្បែ ឲ្យឃើញទន់ហន់ភ្លាម ៗ នោះ សំបក មែកស្លឹក ឫស នៃដើមគគីរនេះ ក៏នៅជាឱសថបូរាណដ៏ពូកែទៀតផង៖ «តាមនិយាយទៅខ្ញុំធ្លាប់ឃើញយាយ ៗ តា ៗ រៀងរាល់ថ្ងៃសីល តែងអុជធូបបួងសួង សុំសកសំបកយកទៅដាំទឹកកែរោគផ្សេង ៗ ដូចជាចុកដៃជើង កម រមាស់ និងថ្នាំកូនខ្ចីជាដើមហ្នឹងណា ។ ជាពិសេសអ្នកមិនស្មោះត្រង់ ឬ លួចទ្រព្យសម្បត្តិគេ លុះពេលទៅស្បថ គេយកមាន់ធ្វើជានិម្មិតរូបមួលកមាន់ បណ្ដាលឲ្យអ្នមានគំនិតអាក្រក់ ងាប់ តែពាស តែពេញ តាមសម្បថហ្នឹង ហើយខ្ញុំក៏នៅឃើញទាន់អ្នកស្លាប់ដោយការស្បថនេះ ពីរ បីនាក់ដែរ» ។
បុរសខ្មែរក្រោមដែលធ្លាប់បួសជាច្រើនឆ្នាំនៅវត្តមង្គលទ្រនំសេក និងជាអ្នកធ្លាប់តាមដានប្រវត្តិដើមគគីរនេះ សំដែងការសោកស្ដាយ ដោយដើមជាតិនេះ ស្លាប់ដោយអាថ៌កំបាំងក្រោយពីអាជ្ញាធរទទួលស្គាល់ជាបេតិកភណ្ឌជាតិ ៖ «ហើយដល់យួនទទួលស្គាល់ទៅ គេឲ្យ ១០ លានដុង ហ្នឹងណា ដើម្បីបូមខ្សាច់ឡើងលប់គល់អស់ រឿងអីមិនងាប់ តាមពិតដើមឈើហ្នឹងមិនងាប់ទេ ប្រសិនបើគ្មានបូមខ្សាច់លប់គល់វាហ្នឹង បូមខ្សាច់លប់ហើយចាក់បេតុងជិតអស់ទៀតរឿងអីមិនងាប់» ។
ពលរដ្ឋនិងយុវជនខ្មែរក្រោមលើកឡើងថាដើមគគីរដែលជាបេតិកភណ្ឌជាតិនេះ មិនមែនជារបស់វត្តមង្គលបុរីទ្រនំសេកតែឯងនោះទេ ដើមគគីរនេះជាសម្បត្តិរួមរបស់ខ្មែរ។ហេតុនេះពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចការពារនូវដើមគគីរនេះ គ្រប់ ៗ គ្នា ស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសវៀតណាមត្រង់មាត្រា ៤១ ចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលយកនូវវប្បធម៌ អនុវត្តនូវវប្បធម៌របស់ខ្លួន និងលើកតម្កើង ធ្វើឲ្យរីកចម្រើននូវវប្បធម៌របស់ខ្លួន ។
រីឯសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់ជនជាដើមត្រង់មាត្រាទី ១១ កថាខណ្ឌទី ១ ចែងថា ជនជាតិដើម មានសិទ្ធិប្រតិបត្តិ និងធ្វើឲ្យរស់ឡើងវិញ នូវប្រពៃណី ទំនៀមទម្លាប់ជាវប្បធម៌របស់ខ្លួន។ សិទ្ធិនេះ រួមមានទាំងសិទ្ធិក្នុងការថែរក្សា ការពារ និងអភិវឌ្ឍន៍អ្វីដែលបង្ហាញអំពីអត្តសញ្ញាណ វប្បធម៌របស់ខ្លួន ដែលមាន ពីអតីតកាល បច្ចុប្បន្ន និងអនាគត ដូចជាតំបន់បុរាណវិទ្យា និងស្ថានីយប្រវត្តិសាស្ត្រ បុរាណវត្ថុ រចនាបថ ពិធីបុណ្យ បច្ចេកវិទ្យា និងសិល្បៈ ទស្សនីយភាព និងការសំដែងសិល្បៈ និងអក្សរសាស្ត្រ ។
រីឯកថាខណ្ឌទី ២ ចែងថា រដ្ឋទាំងឡាយត្រូវផ្ដល់ឲ្យមានដំណោះស្រាយតាមរយៈយន្តការ មានប្រ- សិទ្ធិភាព ដែលរួមទាំងបដិទាន ដោយបានរៀបចំបង្កើតឡើងជាមួយជនជាតិដើម ចំពោះកម្មសិទ្ធិវប្បធម៌ កម្មសិទ្ធិបញ្ញា កម្មសិទ្ធិសាសនា កម្មសិទ្ធិជំនឿរបស់ពួកគេ ដែលត្រូវដកហូតដោយគ្មានការយល់ព្រមដោយសេរី និងដោយមិនបានប្រាប់ ឲ្យដឹងជាមុន ឬដែលរំលោភលើច្បាប់ ប្រពៃណី និងទំនៀមទម្លាប់របស់ពួកគេ៕