សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្កោល​ទោស​អាជ្ញាធរ​វៀតណាម ដែល​បាន​បង្ខំ​ពលរដ្ឋ​ខ្មែរ​ក្រោម​ មិន​ឲ្យ​ប្រើប្រាស់​ហ្វេសប៊ុក

ដោយ យន់ សាមៀន | RFA Khmer

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម មិន​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គមហ្វេសប៊ុក (Facebook) ចែក​ចាយ​ព័ត៌មាន​ ពីសកម្មភាព​សហព័ន្ធ​ និង​ព័ត៌មាន​ផ្សេងៗ ទៀត ដែល​អាច​ឲ្យ​ខ្មែរ​ក្រោម ឈាន​ទៅ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​វាសនាខ្លួន ដោយខ្លួនឯង ទៅ​ថ្ងៃ​អនាគត ។

យុវជន គឹម ហុងមីល និងលិខិតកោះហៅ​ទៅ​សួរចម្លើយរបស់អាជ្ញាធរយួន ។
យុវជន គឹម ហុងមីល និងលិខិតកោះហៅ​ទៅ​សួរចម្លើយរបស់អាជ្ញាធរយួន ។

មន្ត្រី​នាំ​ពាក្យ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ថ្កោល​ទោស​អាជ្ញាធរ​វៀតណាម ដែល​បាន​បន្ត​រំលោភ​សិទ្ធិ​សេរីភាព​ ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​ចែកចាយ​ព័ត៌មាន​របស់​សហព័ន្ធ ​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​កម្ពុជា​ក្រោម ។ ការ​ថ្កោលទោស​នេះ ដោយសារ​តែ​អាជ្ញាធរ​វៀតណាម បាន​ឲ្យ​យុវជន​ខ្មែរ​ក្រោម​ម្នាក់ ឈ្មោះ គឹម ហុងមីល ចុះ​ហត្ថលេខា​ឈប់​ប្រើប្រាស់​បណ្តាញ​សង្គម (Facebook) ទាំង​បង្ខំ កាល​ពី​ថ្ងៃ​ទី ២៣ មេសា ក្រោយ​អាជ្ញាធរ​បាន​សួរ​ចម្លើយ​យុវជន​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​រួច​មក ។ ព្រះ​អង្គ​បន្ត​ថា អាជ្ញាធរ​វៀតណាម ចង់​បំបិទ​ព័ត៌មាន​ទាំង​ស្រុង​មិន​ឲ្យ​ខ្មែរក្រោម ចេះ​ដឹង​ពី​សិទ្ធិ​មនុស្ស និង​ការ​ស្វែងរក​សិទ្ធិ​ស្រ័យ​សម្រេច​វាសនាខ្លួន ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត៖ «អាជ្ញាធរ​យួន​គេ​ថា ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ហ្វេសប៊ុក​របៀប​នេះ ជា​ទង្វើ​ខុស​ច្បាប់​ដោយសារ​តែ​គេ​ចោទ​ថា អ្នក​នៅ​ក្រៅ​ប្រទេស ឬ​សហព័ន្ធ​ប្រឆាំង​ នឹង​រដ្ឋាភិបាល​របស់​គេ ដូច្នោះ​ហើយ​គេ​ នឹង​មាន​វិធានការ ដើម្បី​គ្រប់គ្រង​តាម​បណ្ដាញ​សង្គម ។ គេ​តាម​ដាន​ទាំង​អស់​កុំ​ឲ្យ​ខ្មែរ​ក្រោម​យើង​ នឹង​ពី​ប្រភព​ខាង​ក្រៅ ដើម្បី​ទាមទារ​សិទ្ធិ​ជា​ម្ចាស់​ស្រុក» ។

អាជ្ញាធរ​វៀតណាម បាន​ចាប់​ផ្ដើម​គាប​សង្កត់​ខ្មែរ​ក្រោម​ មិន​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​ចែកចាយ​ព័ត៌មាន ក្រោយ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​ចាប់​ផ្ដើម​យុទ្ធនាការ ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ទៅ​អនាគត កាល​ពី​ឆ្នាំ ២០១៩ ក្នុង​ខួប ៧០ ឆ្នាំ នៃ​ថ្ងៃ​បាត់បង់​ទឹក​ដីកម្ពុជាក្រោម​ ​រួច​មក ។ កាល​ពី​ពេល​ថ្មីៗ ព្រះសង្ឃខ្មែរ​ក្រោម ព្រះ​តេជ​ព្រះគុណ​ សឺន​ ទី​​ ដែល​បាន​និមន្ត ទៅ​ចូលរួម​មង្គលការ បង​ប្អូន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ដក​ហូត លិខិត​ឆ្លង​ដែន ដោយសារតែវៀតណាម​ ចោទ​ព្រះអង្គ​ថា បាន​​​ចែក​រំលែក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី ដែល​បាន​សម្ភាស​មន្ត្រីសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ជជែក​អំពី​សិទ្ធិ​របស់​ជនជាតិ​ខ្មែរ​ដើ​ម និង​ការ​ចែក​រំលែក​ខ្លឹមសារ​ខួប​ទី ៧០ ឆ្នាំ នៃ​ការ​បាត់​បង់​ទឹក​ដីកម្ពុជា​ក្រោម និង​ខ្លឹម​សារ​របស់​​​សារព័ត៌មាន​ព្រៃ​នគរ ។ វៀតណាម​ បាន​ព្រម​ផ្ដល់​​លិខិត​​ឆ្លង​ដែន​​ទៅ​ឲ្យ​ព្រះអង្គ សឺន​ ទី ដោយសារ​តែ​អន្តរាគមន៍ ​ពី​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម ទៅ​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​ខ្មែរ​ នៅ​វៀតណាម ។ វៀតណាម​ ក៏​បាន​ធ្លាប់​បង្ខំ​ឲ្យ​យុវជន​ខ្មែរ​ក្រោមជា​ច្រើន​រូប ​ឲ្យ​លុប​រូបភាព ពាក់ព័ន្ធ ​នឹង​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម​ចេញ​ពី​បណ្ដាញ​សង្គម (Facebook) និង​មាន​ហាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​ពាក់​អា​​​វ មាន​រូប​សញ្ញា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ផង​ដែរ ។​ កន្លង​មក​ព្រះសង្ខជា​ច្រើន​អង្គ​ ក៏​ត្រូវ​វៀតណាម ​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​តែ​បង្រៀន​អក្សរ​ខ្មែរ និងប្រវត្តិសាស្ត្រ​កម្ពុជាក្រោម ។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​

ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ ដោយសារ​តែ​បច្ចេកវិទ្យា​កាន់​តែ​រីក​ចំរើន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ជាពិសេស យុវជន​ជ្រើសរើស​ប្រើប្រាស់​បណ្ដាញ​សង្គម ដូចជា (Facebook) ដើម្បី​សិក្សា និង​ស្វែង​យល់​ព័ត៌មាន​ទូទៅ​ នៅ​ខាង​ក្រៅប្រទេស​វៀតណាម ពីព្រោះ​ពួក​គេ​គ្មាន​ជំនឿ​លើ​ព័ត៌មាន​របស់​អាជ្ញាធរ​វៀតណាម៖ «នៅ​ក្នុង​ប្រទេស​វៀតណាម​ហ្នឹង​ជា​ព័ត៌មាន​បន្លំ​ភ្នែក ។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ របស់​វៀតណាម ជា​ខ្មែរ​មាន​ក្លែង​ក្លាយ និង​ជា​ការ​បំភិតបំភ័យ​ពលរដ្ឋ ដូច្នោះ​ហើយ ពលរដ្ឋ​ខ្មែរ​ក្រោម​ចូល​ចិត្ត​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដើម្បី​ទទួល​ព័ត៌មាន​ពី​ខាងក្រៅ» ។

យុទ្ធនាការ​របស់​វៀតណាម​ រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ខ្មែរ​ក្រោម​នេះ ធ្វើ​ឡើង​ស្រប​ពេល​រដ្ឋាភិបាល​វៀតណាម កំពុង​ជំរិត​បង្ខំ​ឲ្យ​ក្រុមហ៊ុន (Facebook) លុប​ចោល​ខ្លឹមសារ​តែ​រិះគន់​រដ្ឋាភិបាល​វៀតណាម ។

កាល​ពី​ថ្ងៃ​ទី ២៣ មេសា អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​រិះគន់​ក្រុមហ៊ុន Facebook ដែល​សុខ​ចិត្ត រឹតត្បិត​សេរីភាព​របស់​អ្នក​ជំទាស់​ នឹង​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​ប្រើប្រាស់បណ្ដាញ​សង្គម​ Facebook ជា​ថ្នូរ​ ដើម្បី​កុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​ក្រុមហ៊ុន ។​ អង្គការ​សិទ្ធិមនុស្ស (Human Rights Watch) យល់​ថា ទង្វើ​របស់​ក្រុមហ៊ុន (Facebook) បាន​បង្កើត​ជា​ឧទាហរណ៍​មួយ​យ៉ាង​អាក្រក់​មួយ ដែល​ព្រម​ទៅ​តាម​ការ​ជំរិត​ចង់​បានរបស់​វៀតណាម ។ សេចក្ដី​ថ្លែង​ការណ៍​របស់ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៣ មេសា​បន្ត​ថា វៀតណាម តែង​តែ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បណ្ដាញ​សង្គម ដក​ចេញ ឬ​លុប​ចោល ការ​សរសេរ ឬ​គណនី​ ដែល​រិះគន់​រដ្ឋាភិបាល ឬ​មេ​ដឹក​នាំ​វៀតណាម ដោយ​សំអាង​ថា ជា​ការ​រំលោភ​លើ​ច្បាប់​ព្រហ្មទណ្ឌ ដែល​ច្បាប់​នេះ ក៏​រង​ការ​រិះគន់​ថា មាន​លក្ខណៈ​ទូលំទូលាយ និង​មិន​ច្បាស់លាស់ ។ កាលពីដើម ឆ្នាំ ២០១៩ ច្បាប់ គ្រប់គ្រង​ចោរកម្ម​តាម​អ៊ិនធឺណែត (cybersecurity law) របស់​វៀតណាម បាន​ចូល​ជា​ធរមាន ដែល​ច្បាប់​នេះ ​តម្រូវ​ឲ្យក្រុមហ៊ុន​អ៊ិនធឹណិត ត្រូវ​តែ​លុបចោល ខ្លឹមសារ​តែ​ដែល​អាជ្ញាធរ​វៀតណាម ​គិត​ថា មិន​ត្រឹមត្រូវ ក្នុងរយៈពេល ២៤ ម៉ោង ក្រោយ​ពេល​អាជ្ញាធរ​វៀតណាម​ ធ្វើ​សំណើ ។ ជុំរិញ​ការ​រឹតត្បិត​សិទ្ធិ​សេរី​បញ្ចេញ​មតិ​នេះ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ទៀត ប្រើប្រាស់​ឥទ្ធិពល​ការ​ទូត ដើម្បី​ប្រឆាំង នឹង​ការ​គាប​សង្កត់​របស់​វៀតណាម ។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បារម្ភ​ថា វៀតណាម នឹង​បន្ត​ទាមទារ​ការ​រឹតត្បិត​សេរីភាព​អ៊ិនធឹណិត​នេះ ទៅ​លើ​ក្រុមហ៊ុន​ផ្សេង​ទៀត មិន​ត្រឹម​តែ​ក្រុមហ៊ុន (Facebook) ប៉ុណ្ណោះ​ទេ ។ អង្គការ​នេះ​យល់​ថា ដើម្បី​ឲ្យ​វៀតណាម​ឈប់​បង្ខំ​ក្រុមហ៊ុន​ឲ្យ​រឹតត្បិត​សិទ្ធិ​សេរីភាព បញ្ចេញ​មតិ​ទៀត​នេះ វៀតណាម​គួរ​ត្រូវ​គេ​ពិន័យ​ចំពោះ​ទង្វើ​ទាំង​នេះ ។

ទាក់ទង ​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ខ្មែរ​ក្រោម​វិញ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ឲ្យ​ដឹង​ថា ក្រៅ​ពី​ប្រើប្រាស់​ធម៌​ក្ដៅ​ប្រឆាំង ​នឹង​ខ្មែរ​ក្រោម វៀតណាម​ ក៏​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ត្រជាក់ ​ដើម្បី​បំបាត់​ពូជ​សាសន៍​ខ្មែរ​ក្រោម៖ «គេ​លួង​លោម​ខ្មែរ​ក្រោម ឲ្យ​ជឿជាក់​បក្ស​រដ្ឋ គេ​ថា រដ្ឋ​របស់​គេ​ហ្នឹង​ល្អ ហើយ​ដោយសារ​តែ​ខ្មែរ​យើង ៩៥ ភាគ​រយ​ហើយ ជា​អ្នក​ស្រែ​ចម្ការ នៅ​ពេល​ខ្មែរ​ក្រោម​យើង​ធ្វើ​ស្រែ​ចម្ការ និង​ដាំ​ផ្លែ​ឈើ ហើយ​នៅ​ពេល​ទទួល​ផល រដ្ឋាភិបាល​គេ (វៀតណាម) ឲ្យ​តម្លៃ​ថោក» ។

ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ទាំង​អស់​ត្រូវ​ងើប​ឡើង កុំ​ឲ្យ​ចុះ​ចាញ់​ការ​គំរាម​កំហែង​របស់​វៀតណាម ពីព្រោះ​ខ្មែរ​ក្រោម​ ជា​ជន​ជាតិ​ដើម​កំណើត មាន​សិទ្ធិ​គ្រប់​យ៉ាង​រស់​​ នៅ​លើ​ទឹក​ដី​កំណើត​របស់​ពួក​គេ​ ៕