ដោយ ស៊ឺន ចែងចើន
យុវជនខ្មែរក្រោមមួយរូប ត្រូវបាននគរបាលយវៀតណាម នៅខេត្តឃ្លាំង ចេញលិខិតឲ្យទៅបំភ្លឺរឿងផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ។ លិខិតអញ្ជើញរបស់នគរបាលយួន ចេញនៅព្រឹកថ្ងៃសុក្រ ទី ២០ ខែមករា ឆ្នាំ ២០២៣ និងបានកំណត់កាលបរិច្ឆេទតម្រូវឲ្យយុវជនខ្មែរក្រោមរូបនោះ ចូលរបំភ្លឺនៅវេលាម៉ោង ១ រសៀលថ្ងៃខែឆ្នាំដដែល ។ ការកោះហៅយុវជនខ្មែរក្រោម ទៅបំភ្លឺពេលនេះ ធ្វើឡើងបន្ទាប់ពីយុជនរូបនោះ ចែកចាយឯកសារទាក់ទងនឹងខ្មែរក្រោម ផ្សព្វផ្សាយសៀវភៅ ស្តីពីសិទ្ធិជនជាតិដើម និងចូលរួមសកម្មភាពជាមួយសកម្មជនខ្មែរក្រោម នាពេលកន្លងទៅ ។

យោងតាមលិខិតកោះហៅមួយច្បាប់ ដែលចុះហត្ថលេខា ដោយនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជុងបិណ្ឌ (Trung Bình) លោកវរសេនីយ៍ត្រី ហូ ថាញ់ញ៉ីវ (Hồ Thanh Nhiều) និងត្រូវបាន យកមកចុះផ្សាយ នៅថ្ងៃដដែលនោះ ដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ហ៊ីវ ខ្មែរក្រោម បានឱ្យដឹងថា លោក ត្រេវ ស៊ីវ (Triệu Siêu) ត្រូវទៅចូលខ្លួនបំភ្លឺជាកំហិត នៅវេលាម៉ោង ១ រសៀល ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ ដើម្បីពិភាក្សានូវបញ្ហាមួយចំនួន ដែលទាក់ទងនឹងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ។
សំឡេងកម្ពុជាក្រោម (VOKK) និង សារព័ត៌មាន ព្រៃនគរ មិនអាចទាក់ទងសុំសេចក្ដីអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះ ពីសាមីខ្លួនផ្ទាល់ ដែលរងការកោះហៅសួរចម្លើយបានទេ នៅមុនម៉ោងចេញផ្សាយ ដោយផ្ញើសរចូលគណនីហ្វេសប៊ុក តែពុំទទួលបានការឆ្លើយតប ។
ទោះបីជាយ៉ាងណា បើតាមការពិនិត្យសារបង្ហោះ នៅលើគណនីហ្វេប៊ុកឈ្មោះ ហ៊ីវ ខ្មែរក្រោម ដែលមានឈ្មោះពិតថា ត្រេវ ស៊ីវ (Triệu Siêu) បានចែករំលែកយ៉ាងច្រើននូវអត្ថបទព័ត៌មានទាក់ទងនឹងរឿងខ្មែរក្រោម ការចែកចាយឯកសារសៀវភៅ ស្តីពីសិទ្ធិជនជាតិដើម ពាក់អាវយឺតខ្មែរក្រោម ដាក់រូបសញ្ញា Profile ដែលមានខ្លឹមសារថា «ខ្មែរក្រោម អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ» និងថតរូបជាមួយសកម្មជនខ្មែរក្រោម ដែលធ្វើការលើកស្ទួយវិស័យការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ មានដូចជា លោក យឿង ខាយ (កាលនៅជាគ្រហស្ថ) លោក យ័ញ ម៉ិញក្វាង លោក តាំង ឫទ្ធី លោក ថាច់ កឿង លោក តោ ហ្វាង ចឿង និងលោក ថាច់ ថា ជាដើម ។
ជុំវិញករណីនេះ សំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ នឹងធ្វើការតាមដាន ហើយនឹងជូនដំណឹង ពីការវិវឌ្ឍន៍ នៃ ស្ថានភាពចុងក្រោយរបស់យុវជនរូបនេះ ទៅលោក អ្នកនាងបានជ្រាប ជាបន្តបន្ទាប់ ។
សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ដែលកំពុងតាមដានឃ្លាំមើលសុវត្ថិភាពយុវជន ត្រេវ ស៊ីវ បានឲ្យ សំឡេងកម្ពុជាក្រោម (VOKK) និង សារព័ត៌មាន ព្រៃនគរ ដឹងថា ក្រុមគ្រួសារសាច់ញាតិ នៅមិនទាន់បានទទួលដំណឹង ថា យុវជនខ្មែរក្រោមរូបនោះ ត្រូវបានបញ្ជូនទៅសាកសួរបន្ត នៅទីកន្លែងណា នៅឡើយទេ ។ ក្រុមសកម្មជន អះអាងថា នៅរសៀលថ្ងៃទី ២១ ខែមករា នេះ ពួកគេ និងសាច់ញាតិ នឹងនាំគ្នាធ្វើដំណើរទៅតាមដាន និងសួរនាំអាជ្ញាធរយួន នៅប៉ុស្តិ៍នគរបាល ករណីឃុំខ្លួនសួរចម្លើយ យុវជន ត្រេវ ស៊ីវ ។
យុវជន ត្រេវ ស៊ីវ កាលពីថ្ងៃម្សិលមិញនេះ ត្រូវបានអាជ្ញាធរយួន នៅខេត្តឃ្លាំង ប្រមាណ ១០ នាក់ មកកោះហៅដល់ផ្ទះរបស់លោក ដើម្បីឲ្យចូលខ្លួនទៅបំភ្លឺជាកំហិត នៅវេលាម៉ោង ១ រសៀល ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ ក្រោយពេលដែលយុវជនខ្មែរក្រោមរូបនោះ ចែកចាយព័ត៌មានរឿងខ្មែរក្រោម នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ។
អនុប្រធានប៉ុស្តិ៍នគរបាលឃុំជុងបិណ្ឌ លោក ហូ ថាញ់ញ៉ីវ (Hồ Thanh Nhiều) បានចេញលិខិតកោះហៅយុវជន ត្រេវ ស៊ីវ ទៅសាកសួរ ដោយសារតែយុវជនរូបនេះ បានចែករំលែកព័ត៌មាន និងផ្សាយរូបភាព ដែលមានខ្លឹមសារ ប្រឆាំងនឹងរដ្ឋអំណាចយួន ។
សកម្មជនសង្គមខ្មែរក្រោមមួយចំនួនយល់ថា ការកោះហៅយុវជន ត្រេវ ស៊ីវ នេះ ជាការគំរាមកំហែងប្រជាពលរដ្ឋខ្មែរក្រោម មិនឲ្យក្រោកឡើងធ្វើការតស៊ូមតិ ដើម្បីទាមទារ «សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង» ដែលពួកគេ កំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ។

UPDATE: យុវជនខ្មែរក្រោម ឈ្មោះ ត្រេវ ស៊ីវ ហៅ ហ៊ីវ ត្រូវបានអាជ្ញាធរយួនដោះលែងឱ្យមានសេរីភាពវិញហើយ នៅវេលាម៉ោងជិត ៨ យប់ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីជាប់ឃុំឃាំងសួរចម្លើយអស់រយៈពេលអស់មួយថ្ងៃកន្លះ ។
សាច់ញាតិយុវជន ដែលរងការចោទប្រកាន់ ថា បំភ្លៃព័ត៌មានមិនពិតនោះ បញ្ជាក់យ៉ាងខ្លីថា នគរបាលយួនចាប់ខ្លួន យុវជន ត្រេវ ស៊ីវ យកទៅឃុំខ្លួនសួរចម្លើយ ពីប៉ុស្តិ៍នគរបាលឃុំ រហូតដល់ថ្នាក់ខេត្តនោះ គ្រាន់តែដោះលែងជាបណ្ដោះអាសន្នប៉ុណ្ណោះ ។ សាច់ញាតិជនរងគ្រោះអះអាងថា យុវជន ត្រេវ ស៊ីវ នឹងត្រូវនាំខ្លួនទៅសាកសួរឡើងវិញ ក្រោយថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ។
UPDATE: អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង សម្រេចដោះលែងយុវជនខ្មែរក្រោម ត្រេវ ស៊ីវ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅវេលាម៉ោង ៦ និង ៣០ នាទីយប់ ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះ ក្រោយចូលខ្លួនមកបំភ្លឺ នៅស្នងការនគរបាលខេត្តឃ្លាំង ដោយចាយពេលអស់ស្ទើរតែពេញមួយថ្ងៃ ។ បើទោះបី យុវជនខ្មែរក្រោមរូបនេះ ត្រូវបានដោះលែងក៏ដោយ តែអាជ្ញាធរវៀតណាម បានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើល និងត្រូវចូលខ្លួនឆ្លើយបំភ្លឺសារជាថ្មី នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ។
សូមបញ្ជាក់ថា យុវជនខ្មែរក្រោម ឈ្មោះ ត្រេវ ស៊ីវ ហៅ ហ៊ីវ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ ត្រូវបានអាជ្ញាធរ នៃ របបអាណានិគមយួន កោះហៅទៅសួរនាំម្តងរួចហើយ ។ យុវជនរូបនេះ ត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីជាប់ឃុំឃាំងសួរចម្លើយអស់រយៈពេលជាង ៣០ ម៉ោង ។
យុវជន ត្រេវ ស៊ីវ ត្រូវអាជ្ញាធរយួនចោទពីបទ ចែករំលែកព័ត៌មានទាក់ទងនឹងរឿងខ្មែរក្រោម ផ្សព្វផ្សាយសៀវភៅ ស្តីពីសិទ្ធិជនជាតិដើម ពាក់អាវយឺតខ្មែរក្រោម ដាក់រូបសញ្ញា Profile នៅលើគណនីហ្វេសប៊ុក ដែលមានខ្លឹមសារថា «ខ្មែរក្រោម អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ» និងទាក់ទងសកម្មជនខ្មែរក្រោម ។
ចំណែក សហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលវៀតណាម ដោយចោទប្រកាន់ ថា វៀតណាមកោះហៅយុវជនខ្មែរក្រោម ទៅសួរចម្លើយ ប្រើអំពើហិង្សា និងបង្ខំឲ្យសារភាពទទួលកំហុស ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើទៅសហគមន៍អន្តរជាតិ ឲ្យជួយអន្តរាគមន៍ទៅប្រទេសវៀតណាម ដើម្បីឲ្យបញ្ឈប់ការកោះហៅសកម្មជនខ្មែរក្រោម ទៅសួរចម្លើយ និងធ្វើទារុណកម្មបន្តទៀត ។ ព័ត៌មាន ពិស្តារជុំវិញករណីនេះ យើងខ្ញុំ នឹងជម្រាបជូនតាមក្រោយ ។