អាជ្ញាធរ​វៀតណាម​នាំខ្លួន​យុវជន​ខ្មែរក្រោម​មួយរូប​ទៀត​ទៅ​សាកសួរ​

ដោយ គឹម សាវតា
​អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​ឃ្លាំង នៅ​ថ្ងៃទី​ ១៣ ខែកញ្ញា បាន​នាំខ្លួន​យុវជន​ខ្មែរក្រោម​មួយរូប​ទៅ​សួរនាំ អំពី​គម្រោង​រៀបចំ​អបអរសាទរ ខួប ១៦ ឆ្នាំ ថ្ងៃ​អង្គការសហប្រជាជាតិ អនុម័ត​សេចក្ដីប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) (១៣ កញ្ញា ២០០៧ – ១៣ កញ្ញា ២០២៣) ។​
សកម្មជនខ្មែរក្រោម យុវជន យ័ញ សេត ។ រូបៈ ផ្តល់ឲ្យ
សកម្មជនខ្មែរក្រោម យុវជន យ័ញ សេត ។ រូបៈ ផ្តល់ឲ្យ
​លោក យ័​ញ សេត ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម នាំខ្លួន​ទៅ​សួរនាំ ប្រាប់​សារព័ត៌មាន​ព្រៃនគរ និង​សំឡេង​កម្ពុជា​ក្រោម (VOKK) បន្ទាប់ពី​អាជ្ញាធរចូលខ្លួន​ទៅបំភ្លឺអស់​ជាច្រើន​ម៉ោង ថា នៅវេលា​ម៉ោង​ប្រមាណ ១០ ព្រឹក ថ្ងៃទី ១៣ កញ្ញា អាជ្ញាធរ​វៀតណាម​ថ្នាក់មូលដ្ឋាន និង​ថ្នាក់​ខេត្ត​ឃ្លាំង​ជិត ១០ នាក់ បាន​សម្រុកចូលក្នុងផ្ទះរបស់ រួច​នាំខ្លួន​លោក ទៅ​ការិយាល័យនគរបាល​ស្រុក​ជ្រោ​យញ ដើម្បី​សួរនាំ​ទាក់ទង​នឹង​គម្រោង​រៀបចំ​អបអរ​ទិវា​សិទ្ធិ​ជនជាតិដើម ដែល​ត្រូវបាន​ប្រកាស​ដោយ​អង្គការសហប្រជាជាតិ ។ ការសួរនាំ​នេះ មាន​រយៈពេល​ជាង ៥ ម៉ោង ទើប​អាជ្ញាធរ​ឱ្យ​លោក យ័​ញ សេត ត្រឡប់មកផ្ទះ​វិញ​។
​ក្រៅពី​លោក យ័​ញ សេត ពលរដ្ឋ​ខ្មែរក្រោម​មួយរូប​ទៀត គឺ​លោក ចៅ អ៊ិន​តាំ រស់នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ឱ្យដឹងថា នៅ​ថ្ងៃទី ១៤ ខែកញ្ញា​ស្អែកនេះ អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​មួយ​នេះ ក៏បានចេញលិខិតកោះហៅ​លោក​ទៅ​សួរនាំ ពាក់ព័ន្ធ​នឹង​បញ្ហា​មួយចំនួន ដែល​លោក​អះអាងថា អាជ្ញាធរ​វៀតណាម​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​។​
​អាជ្ញាធរ​វៀតណាម តែង​កោះហៅ​ពលរដ្ឋ​ខ្មែរក្រោម ទៅ​សួរចម្លើយ និង​គំរាមកំហែង ខណៈដែល​ពួកគាត់​នាំគ្នា​ធ្វើ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិ​ជនជាតិដើម​។
សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម មាន​ប្រទេស​ចំនួន ១៤៤ បានអនុម័ត​យល់ព្រម ក្នុងនោះ​មាន​ប្រទេស ៤ ជំទាស់ និង ១១ ប្រទេស​ផ្សេងទៀត​ជា​អនុបវាទ ហើយ​វៀតណាម ក៏​ជា​ប្រទេស​ដែល​ចុះហត្ថលេខា​ទទួលយក​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​នេះ​ផង​។ តែ​ទោះជា​យ៉ាងណា​រហូតមក​ដល់ពេលនេះ មាន​ប្រទេស​ចំនួន ១៤៨ ហើយ ដែល​បានអនុម័ត​យល់ព្រម​៕