ដោយ ថាច់ ប្រីជា គឿន
នៅថ្ងៃទី ១២ ខែមីនា នេះ ជាថ្ងៃទីពីរ ដែលប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានចូលប្រជុំ នៅក្នុងកិច្ចប្រជុំលើកទី ១២៥ របស់គណៈកម្មការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ស្ដីពីកិច្ចព្រមព្រៀងអន្តរជាតិលើសិទ្ធិស៊ីវិល និងនយោបាយ នៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ នៃប្រទេសស្វិស ដើម្បីដាក់របាយការណ៍ និងថ្លែងការណ៍ អំពីបញ្ហាសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម ខណៈដែលប្រទេសវៀតណាម កំពុងតែឡើងឆ្លើយបំភ្លឺជាមួយ នឹងគណៈកម្មការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នូវការអនុវត្តកិច្ចព្រមព្រៀងរបស់ខ្លួន លើសិទ្ធិស៊ីវិល និងនយោបាយ នៅថ្ងៃទី ១១ និង ១២ ខែមីនា សប្ដាហ៍នេះ ។ កិច្ចប្រជុំថ្ងៃទីពីរ នេះ ប្រព្រឹត្តទៅចាប់ពីម៉ោង ១១ ថ្ងៃត្រង់ ម៉ោងនៅទីក្រុងហ្សឺណែវ ។

ក្នុងកិច្ចប្រជុំនៅថ្ងៃទី ១១ ម្សិលមិញនេះ លោក ស៊ឺន ហ៊ួរ ជាអគ្គលេខាធិការ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងអាននូវរបាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្រោម និងដាក់ជាសំណើ និងសំនួរទៅគណៈកម្មការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដើម្បីសួរទៅប្រតិភូនៃប្រទេសវៀតណាម ដើម្បីឆ្លើយបំភ្លឺនៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ។
យោងតាមញត្តិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានផ្ដល់អនុសាសន៍ទៅសមាជិក នៃ គណៈកម្មការសិទ្ធិ មនុស្ស ដើម្បីយកទៅឲ្យប្រទេសវៀតណាម ត្រូវអនុវត្តតាមកិច្ចព្រមព្រៀងអន្តរជាតិស្ដីពី សិទ្ធិស៊ីវិល និង នយោបាយ (CCPR) សម្រាប់ជនជាតិដើមខ្មែរក្រោម មានដូចជា៖
- វៀតណាម ត្រូវតែ គោរពនូវ “សិទ្ធិសម្រេច វាសនាខ្លួនដោយខ្លួនឯង” របស់ជនជាតិដើមខ្មែរក្រោម យោងតាមមាត្រាទី ១ ។
- វៀតណាមត្រូវតែធានានូវការអនុវត្ត សិទ្ធិនេះ ដោយគ្មានការប្រកាន់ពូជសាសន៍លើខ្មែរក្រោម យោងតាម មាត្រា ទី ២ ។
- វៀតណាមត្រូវតែគោរពនូវសិទ្ធិ សេរីភាពក្នុងការប្រតិបត្តិសាសនារបស់ជនជាតិដើមខ្មែរក្រោម យោងតាម មាត្រាទី ១៨ និង ២៧ ។ ចំណុចនេះ
សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ខ្មែរក្រោម ជាអ្នកគោរព ប្រតិបត្តិតាមពុទ្ធសាសនាថេរវាទ មានវត្តអារាមប្រមាណជាង ៤០០ វត្តនៅកម្ពុជាក្រោម តែគ្មាន អង្គការ ឬ ស្ថាប័នពុទ្ធសាសនាឯករាជ្យរបស់ខ្លួនឡើយ ។ ផ្ទុយទៅវិញ ព្រះសង្ឃខ្មែរក្រោម ត្រូវរស់នៅក្រោមការ បញ្ជា និង លូកដៃចូលកិច្ចការផ្ទៃក្នុងពីសំណាក់ សមាគមពុទ្ធសាសនាវៀតណាម ដែលដឹកនាំដោយព្រះ សង្ឃមហាយានជនជាតិយួន ទៅវិញ ។ - វៀតណាម ត្រូវតែគោរពនូវសិទ្ធិក្នុងការបញ្ចេញទស្សនៈ និង មតិ ព្រមទាំងសិទ្ធិក្នុងការបង្កើតសមាគម របស់ជនជាតិដើមខ្មែរក្រោម យោងតាមមាត្រា ទី ១៩, ២១ និង ២២ ។ ចំណុចនេះ សហព័ន្ធខ្មែរកម្ពុជា ក្រោម បានបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោមរាប់លាននាក់នៅកម្ពុជាក្រោម តែពួកគេគ្មានសេរីភាព នៃ ការ បញ្ចេញមតិឡើយ ។ គ្មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់ខ្លួនសូម្បីតែមួយ ដូចជា វិទ្យុ ទូរទស្សន៍ និង កាសែត ជាភាសាខ្មែរដើម្បីនិយាយអំពីការពិតរបស់ខ្មែរក្រោម តែកម្មវិធីផ្សាយទាំងនេះនាពេលបច្ចុប្បន្ន នៅកម្ពុជាក្រោម សុទ្ធតែជារបស់រដ្ឋធ្វើឡើងដើម្បី ឃោសនាអំពីគោលនយោបាយរបស់បក្សកុម្មុយនិស្ត យួនតែប៉ុណ្ណោះ ។ ព្រះតេជព្រគុណ ថាច់ ធឿន និង លីវ នី នៅខេត្តឃ្លាំង ត្រូវចាប់ផ្សឹក និងដាក់គុក ចាប់តាំងពី ឆ្នាំ ២០០៣ មក ដោយគ្រាន់តែផ្ដល់បទសម្ភាសន៍ដល់ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) នៅក្រៅប្រទេស អំពីស្ថានភាព នៃ ការសិក្សាអក្សរសាស្ត្រខ្មែរ នៅវត្តរបស់ព្រះអង្គ តែប៉ុណ្ណោះ ។
ក្រៅពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានផ្ដល់អនុសាសន៍ជាសំនួរទៅសមាជិក នៃគណៈកម្មការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិសួរទៅប្រទេសវៀតណាម មាន ៨ ចំណុច ដូចជា៖
- ហេតុអ្វីវៀត ណាមនៅតែមិនទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម ដែលមានវត្តមាននៅ ដែនដីកម្ពុជា ក្រោម និងនៅក្នុងប្រទេសវឪតណាម ។ យោងតាមកថាខណ្ឌទី ៣២ នៃ របាយការណ៍របស់ប្រទេស វៀតណាមបានបញ្ជាក់ថា “ គ្មានជនជាតិដើម ឬ គ្មានបញ្ហាជនជាតិដើមដែលបានរកឃើញនៅក្នុងប្រទេស វៀតណាមទេ” ?
- ហេតុអ្វីវៀតណាមមិនអនុញ្ញាតឲ្យខ្មែរក្រោមកំណត់អត្តសញ្ញាណរបស់ពួកគេថា ជាជនជាតិដើមជំនួសឲ្យ ជនជាតិភាគតិច ?
- ហេតុអ្វីវៀតណាមមិនអនុញ្ញាតឲ្យខ្មែរ ហៅឈ្មោះភូមិ ស្រុក និង ខេត្តនៅកម្ពុជាក្រោម ជាភាសាខ្មែរ ។
- គួររំឭកទៅវៀតណាមផងថា សេរីភាពសាសនា គឺជាសេរីភាព មិនមានជាឯកសិទ្ធិដែលផ្ដល់ដោយរដ្ឋាភិ បាលទេ ?
- តើធ្វើយ៉ាងណាដើម្បីវៀតណាមធានាឲ្យបានថា ខ្មែរក្រោម មានសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិ ពុទ្ធសាសនា ដោយគ្មានការភ័យខ្លាច ព្រោះថា នាពេលបច្ចុប្បន្ន ព្រះចៅអធិការនៃវត្តនីមួយៗ នៅកម្ពុជា ក្រោម ត្រូវតែតាំងដោយ សមាគមពុទ្ធសាសនាវៀតណាម ?
- តើវៀតណាមមានគំរោងកែលម្អ “ច្បាប់សេរីភាពសាសនា” ដើម្បីឲ្យខ្មែរក្រោមមានសេរីភាពក្នុងការបង្កើត សមាគមពុទ្ធសាសនាឯករាជ្យរបស់ខ្លួន ដោយគ្មានការគ្រប់គ្រងពីព្រះសង្ឃមហាយានយួនដែរឬទេ ?
- ពេលណា ទើបវៀតណាម អនុញ្ញាតឲ្យខ្មែរក្រោម មានប្រព័ន្ធផ្សព្វផ្សាយឯកជនជាភាសា ខ្មែរ ដូចជា ទូរទស្សន៍ វិទ្យុ និង កាសែត ជាដើម នៅដែនដីកម្ពុជាក្រោម ?
- តើវៀតណាមអាចកែប្រែច្បាប់សន្តិសុខលើប្រព័ន្ធអិនធើណិត ដោយអនុវត្តតាមមាត្រាទី ១៩ នៃ កិច្ចព្រមព្រៀងអន្តរជាតិស្ដីពីសិទ្ធិស៊ីវិល និង នយោបាយបានដែរឬទេ ?
ចំណែកកិច្ចប្រជុំថ្ងៃទីពីរនេះ តំណាងក្រសួងនីមួយៗ នៃប្រទេសវៀតណាម ដឹកនាំដោយ លោក ង្វៀង ខាន់ង៉ុក ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឆ្លើយបំភ្លឺតប នឹងសំនួររបស់មន្ត្រីគណៈកម្មការសិទ្ធិមនុស្ស អំពីបញ្ហាដែលប្រទេសមួយនេះ បាន និងមិនបានអនុវត្តនូវកិច្ចព្រមព្រៀងអន្តរជាតិ ស្ដីពីសិទ្ធិស៊ីវិល និងនយោបាយ (ICCPR) ដែលខ្លួនជាប្រទេសហត្ថលេខី ។
គួរជម្រាបជូនថា មុនពេលតំណាងប្រទេសវៀតណាម ឡើងឆ្លើយបំភ្លឺ គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំដាច់ដោយឡែកមួយ កាលពីថ្ងៃម្សិលមិញ (ថ្ងៃទី ១១ ខែមីនា) ដើម្បីស្ដាប់នូវសំណើ និងរបាយការណ៍ ពីតំណាងអង្គការសង្គមស៊ីវិលនានារបស់ជនជាតិយួនសេរី អង្គការសិទ្ធិមនុស្សអន្តរជាតិ និងសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ដែលមានមូលដ្ឋាននៅក្រៅប្រទេស អំពីការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាម លើប្រជាជនយួន និងជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោម ។
សូមបញ្ជាក់ថា ប្រតិភូនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំនេះ រួមមាន លោក ម៉ៅ មុនី ជាអនុប្រធាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ស៊ឺន ហ៊ួរ ជាអគ្គលេខាធិការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បណ្ឌិត Joshua Cooper ជាទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ វាសនា ជាសមាជិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាសហការីនៃទូរទស្សន៍ ព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាអភិបាល សារព័ត៌មាន ព្រៃនគរ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជាអនុប្រធាន នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងជានិពន្ធនាយក នៃសារព័ត៌មាន ព្រៃនគរ ៕
ខាងក្រោមនេះ ជារូបភាពខ្លះៗ ពីសកម្មភាពរបស់ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បំពេញបេសកកម្ម នៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ នៃប្រទេសស្វីស៖