ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
មួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមបានបង្ក្រាបទៅលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការដែលព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនោះ គ្រាន់តែបានទាក់ទងមកខ្មែរក្រោមនៅក្រៅប្រ ទេស និងមានបំណងចង់បើកសាលារៀនអក្សរសាស្ត្រខ្មែរនៅក្នុងវត្ត ។

ទង្វើដែលឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលវៀតណាមនៅតែប្រកាន់ពូជសាសន៍លើពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោមនោះ ដូចជា ការចាប់ព្រះតេជព្រះគុណ លី ចិន្ដា នៃវត្តព្រៃជាប់ ផ្សឹក និងយកទៅចាក់ថ្នាំ ហើយធ្វើទារុណកម្ម កាលពីថ្ងៃទី ១៧ ខែឧសភា កន្លងទៅនេះ ដោយគ្រាន់តែព្រះសង្ឃអង្គនេះ ចង់បង្កើតសាលា រៀនអក្សរខ្មែរនៅក្នុងវត្ត, ការយកកម្លាំងអាជ្ញាធរមកឡោមព័ទ្ធវត្តសិរីតាសេក ដើម្បីចាប់ ព្រះតេជព្រះគុណ លីវ នី និងព្រះតេជព្រះគុណ ថាច់ ធឿន ផ្សឹក និងដាក់គុក កាលពីថ្ងៃទី ២០ ខែឧសភា ដោយគ្រាន់តែព្រះសង្ឃទាំងនេះ ទាក់ទងមកខ្មែរក្រោមនៅក្រៅប្រទេស ជាដើម ។
ទង្វើរើសអើងពូជសាសន៍ទៅលើពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកទាំងនេះ បានធ្វើឲ្យពលរដ្ឋខ្មែរក្រោមទាំងនៅក្នុង និង ក្រៅស្រុក ព្រមទាំងមជ្ឈដ្ឋានអន្តរជាតិ មានអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិធ្វើការទាក់ទិននឹងជន ជាតិដើម (UNPFII) និងរដ្ឋាភិបាលនៃប្រទេសមហាអំណាចនានា បានដឹងកាន់តែច្បាស់ តាមរយៈការធ្វើបាតុកម្ម និងធ្វើសេចក្ដីរាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ជាបន្តបន្ទាប់មកនេះ ។
នៅថ្ងៃទី ០៤ ខែមិថុនា កន្លងទៅនេះ ព្រះតេជព្រះគុណ យ័ញ តូន ព្រះសង្ឃខ្មែរក្រោមដែលធ្លាប់ត្រូវបានរដ្ឋាភិបាល វៀតណាម ចាប់ដាក់គុកកាលពី ឆ្នាំ ២០០៧ នោះ បានឡើងធ្វើជាសាក្សីឆ្លើយបំភ្លឺនៅក្នុងសវនាការសភាសហរដ្ឋ អាមេរិកថា វៀតណាមនៅតែបន្តរើសអើង និងប្រកាន់ពូជសាសន៍មកលើខ្មែរក្រោម ដោយព្រះតេជព្រះគុណ យ័ញ តូន បានបញ្ជាក់ថា ព្រះសង្ឃខ្មែរក្រោមគ្រាន់តែបញ្ចេញមតិបន្តិចបន្តួចរដ្ឋាភិបាលវៀតណាមបានចាប់ផ្សឹក និងដាក់ គុក តែព្រះសង្ឃជនជាតិយួនវិញ រដ្ឋាភិបាលវៀតណាមមិនដែលបានចាប់ផ្សឹក និងដាក់គុកឡើយ ពេលដែល ព្រះសង្ឃយួនទាំងនោះ ធ្វើការតវ៉ាចំពោះរដ្ឋាភិបាលវៀតណាម ។
កាលពីថ្ងៃទី ០៤ ខែមិថុនា កន្លងទៅនេះ ពីសហរដ្ឋអាមេរិក សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីថ្លែងការណ៍ មួយ ជូនដល់គ្រប់ស្ថាប័នអង្គការសិទ្ធិមនុស្សអន្តរជាតិ និងស្ថានទូតនៃប្រទេសនានានៅក្នុងប្រទេសវៀតណាម ដើម្បីជម្រាបពីបញ្ហាដែលវៀតណាមរំលោភបំពានលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នាពេលថ្មីៗនេះ ។
ជាអនុសាសន៍សម្រាប់រដ្ឋាភិបាលវៀតណាមនៅក្នុងសេចក្ដីថ្លែងការណ៍នេះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានរំឭកឡើង វិញ នូវមាត្រាដែលវៀតណាមបានពានលើសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សអន្តរជាតិ និងបានសំណូមពរ ដល់សហរដ្ឋអាមេរិក ឲ្យដាក់វៀតណាមចូលក្នុងបញ្ជី នៃប្រទេសដែលមានការរំលោភសិទ្ធិសេរីភាពសាសនាធ្ងន់ ជាងគេក្នុងពិភពលោក ឬ ប្រទេសដែលមានក្ដីកង្វល់ពិសេស (Country of Particular Concern) ដែលហៅកាត់ ថា CPC ៕