ដោយ ថាច់ ប្រីជា គឿន
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានប្រកាស ដាក់ប្រទេសវៀតណាម ចូលក្នុង «បញ្ជីឃ្លាំមើលពិសេស» (Special Watch List) ដោយសារប្រទេសនេះ បាន «រំលោភបំពានជាទម្ងន់» លើសេរីភាពសាសនា ។

នៅក្នុងសេចក្ដីប្រកាសនេះ លោក Antony Blinken បានថ្លែងថា៖ «ថ្ងៃនេះ ខ្ញុំដាក់ប្រទេស Algeria, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, Comoros និង វៀតណាម ចូលក្នុង «បញ្ជីឃ្លាំមើលពិសេស» ដោយសារប្រទេសទាំងនេះ បានចូលរួម ឬ ប្រព្រឹត្តបទល្មើសជាទម្ងន់ លើសេរីភាពសាសនា» ។
សម្រាប់ប្រទេស ដែលមានការរំលោភបំពានធ្ងន់ជាងនេះ ទៀតនោះ សហរដ្ឋអាមេរិក បានដាក់ចូលក្នុងបញ្ជី នៃ «ប្រទេសដែលមានការព្រួយបារម្ភជាពិសេស» (Countries of Particular Concern) រួមមាន ចិន, Cuba, Eritrea, Iran, Nicaragua, កូរេខាងជើង, Pakistan, រុស្ស៊ី, Saudi Arabia, Tajikistan និង Turkmenistan ។
មកទល់ពេលនេះ វៀតណាមនៅមិនទាន់មានការឆ្លើយតបជាផ្លូវការលើសេចក្ដីប្រកាសរបស់សហរដ្ឋ អាមេរិកនៅឡើយ ។ នាពេលកន្លងមក វៀតណាមតែងតែអះអាងថា សេរីភាពសាសនា «ជាការពិត មិន អាចមិនបំភ្លៃបានឡើយ» ។
នាពេលកន្លងមក របបអាណានិគមយួន តែងតែធ្វើទុក្ខបុកម្នេញ ព្រះសង្ឃខ្មែរក្រោម ជាបន្តបន្ទាប់ ក្នុងនោះ មានចាប់ព្រះសង្ឃផ្សឹក និងដាក់ពន្ធនាគារ កោះហៅទៅសួរចម្លើយ និងរារាំងព្រះសង្ឃកសាងសាលាឆទាន ជាដើម ។
ក្រៅពីនេះ របបយួនបានឲ្យ «សមាគមពុទ្ធសាសនាវៀតណាម» ជាសមាគមសាសនាមួយដឹកនាំដោយ ព្រះសង្ឃមហាយានជនជាតិយួន ដើរតាមកន្លងមាគ៌ាលទ្ធិកុម្មុយនីស្ត ម៉ាក ឡេនី និង ហូ ជី មិញ ដែលមាន បាវចនា ថា «សាសនា ជាតិ សង្គមនិយម» (‘Đạo pháp – Dân tộc – Chủ nghĩa xã hội’) នោះ មក បង្ខំឲ្យព្រះសង្ឃខ្មែរក្រោម ចូលជាសមាជិក ហើយបង្ខំឲ្យអនុវត្តតាមលក្ខន្តិកៈរបស់សមាគមនេះ ក្នុងគោលបំណងរំលាយពូជសាសនាខ្មែរក្រោម តាមរយៈការធ្វើវត្តខ្មែរ នៅកម្ពុជាក្រោម ឲ្យក្លាយទៅជាវត្តយួន ។ វិធីដែល «សមាគមពុទ្ធសាសនាវៀតណាម» រំលាយពូជសាសន៍ខ្មែរក្រោមនោះ រួមមាន វត្តអារាមនៅកម្ពុជាក្រោម ប្រើត្រាជាអក្សរយួន សរសេរលិខិតរដ្ឋបាលជាអក្សរយួន ធ្វើឆាយា ឬសង្ឃដីកា សម្រាប់ភិក្ខុ និង សាមណេរជាអក្សរយួន ប្រជុំតាមវត្តអារាមនិយាយភាសាយួន សរសេរបដានៅក្នុងអង្គប្រជុំជាអក្សរយួន និងតែងតាំងចៅអធិការវត្តដោយ ព្រះសង្ឃយួន ជាដើម ៕