ដោយ ស៊ឺន ចែងចើន | VOKK
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅល្ងាចថ្ងៃអាទិត្យទី ២៥ ខែធ្នូ ឆ្នាំ ២០១៦ បានប្រារព្ធកម្មវិធីជួបជុំមួយ ក្រោមប្រធានបទ “ជំនួបនិស្សិត បញ្ញវន្តខ្មែរកម្ពុជាក្រោម និងសប្បុរសជន” នៅភោជនីយដ្ឋានសូរិយា ក្បែរផ្សារទំនើបសូរិយា រាជធានីភ្នំពេញ ក្រោមអធិបតីភាពព្រះតេជព្រះគុណ សឺន សុផារិន្ទ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ។
ពិធីជួបជុំនេះ មានការអញ្ជើញចូលរួមពីគណៈកម្មការ សមាជិក សមាជិកា នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងតំណាងប្រធានអង្គ-ការសមគមខ្មែរកម្ពុជាក្រោមនានា ដែលមានមូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា ព្រមទាំងនិស្សិត បញ្ញវន្តខ្មែកក្រោម និងសប្បុរសជនប្រមាណជាងមួយរយនាក់ ។
ក្នុងពិធីជួបជុំនោះដែរ ក៏មានវត្តមានយាងចូលរួមពីសំណាក់ព្រះរាជវង្សានុវង្ស ២ អង្គ គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ អតីតជំនួយការសម្តេចតា នរោត្តម សីហនុ និងទ្រង់ ស៊ីសុវតិ្ថ ប៉ាណារ៉ាសេរីវុឌ្ឍ អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
នេះជាលើកទី ៦ ហើយ ដែលសម្ព័ន្ធសមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម បានប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណងជួបជុំគ្នារវាងនិស្សិតបញ្ញាវន្តខ្មែរក្រោម និងសប្បុរសជន ដើម្បីបានជជែកគ្នា ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ការងារ ទៅវិញទៅមក ។ ក្នុងឱកាសនោះដែរ ក៏ដើម្បីស្វែងរកការឧបត្ថម្ភជាថវិកា ពីសប្បុរសជន ដែលបានចូលរួម ដើម្បីផ្គត់ផ្គង់ការសិក្សា ដល់សមជិកនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម កំពុងបន្តការសិក្សា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ។
យោងតាមរបាយការណ៍ នៅឆ្នាំ ២០១៦ នេះ សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានផ្តល់អាហារូបករណ៍ដល់សមណនិស្សិត-និស្សិតខ្មែរក្រោមក្រីក្រ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នៅតាមបណ្តាសាកលវិទ្យាល័យ ក្នុងប្រទេសកម្ពុជា ចំនួន ៣២ អង្គ និងនាក់ និងបានជូនសម្ភារៈសិក្សាមានសៀវភៅសរសេរ ប៊ិក និងថវិកាបន្តិចបន្តួចដល់ប្អូនៗ ជាសិស្សានុស្ស ដែលស្នាក់នៅជាមួយព្រះសង្ឃចំនួន ៥០ នាក់ ។
ចំណែកការបញ្ជូនព្រះសង្ឃទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅបរទេស មានប្រទេសថៃ និងឥណ្ឌា ចំនួន ១៣ អង្គ ។
របាយការណ៍ដដែល បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៧ រហូតមកដល់ឆ្នាំ ២០១៦ នេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជូនសមណនិស្សិត-និស្សិតខ្មែរក្រោម ទៅបន្តការសិក្សានៅប្រទេសថៃ សរុបចំនួន ១០៣ អង្គ និងបានផ្តល់អាហារូបករណ៍ដល់សមណនិស្សិត-និស្សិតខ្មែរក្រោមក្រីក្រ កំពុងសិក្សានៅប្រទេសកម្ពុជា អស់រយៈពេល ៧ ឆ្នាំ គិតចាប់ពីឆ្នាំ ២០១០ មក សរុបបានចំនួន ១២៦ អង្គ និងនាក់ ។
សូមបញ្ជាក់ថា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការមួយ ដែលទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែមថុនា ឆ្នាំ ២០០២ ដោយក្រសួងមហាផ្ទៃ ។ អង្គការមួយនេះ តែងតែធ្វើសកម្មភាពប្រមូលផ្តុំរវាង សមណនិស្សិត និងនិស្សិតមានដើមកំណើតមកពីដែនដីកម្ពុជាក្រោម ឲ្យមានការសាមគ្គីជាធ្លុងមួយ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការសិក្សារៀនសូត្រ ផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីរបស់ខ្លួនជាដើម ៕
ខាងក្រោមនេះ ជារូបថតខ្លះៗ ក្នុងពិធី «ជំនួបនិស្សិត បញ្ញវន្តខ្មែរកម្ពុជាកក្រោម និងសប្បុរសជន» រូបថតៈ ស៊ឺន ចែងចើន