សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ប្រកាស​ជ្រើសរើស​សមណ​សិស្ស​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ​

ដោយ ស៊ឺន ចែងចើន

​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ២៧ ខែមករា បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ការជ្រើសរើស​សមណ​និស្សិត​ខ្មែរ មាន​ដើមកំណើត​នៅ​កម្ពុជា​ក្រោម ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​ប្រទេស​ថៃ សម្រាប់​ឆ្នាំ ២០១៩ ចំនួន ១០ ព្រះអង្គ ។​

​យោងតាម​សេចក្ដីជូនដំណឹង ដោយ​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា សមណ​និស្សិត ដែលមាន​បំណង​ចង់​និមន្ត​បន្តទៅ​សិក្សា​នៅ​ប្រទេស​ថៃ សូម​និមន្ត​មក​ចុះឈ្មោះ នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​អាសយដ្ឋាន​នៅ​កុដិ​លេខ ១៧ នៃ​វត្ត​បទុម​វ​តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​បើតាម​លិខិត​ជូនដំណឹង​ដដែល​បានបញ្ជាក់ អំពី​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​ថា សមណ​និស្សិត​ខ្មែ​រ​ក្រោម ដែល​និមន្ត​មកពី​ដែនដី​កម្ពុជា​ក្រោម ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយា​ភូមិ​ខ្មែរ ឬ​ថ្នាក់​ទី ១២ វៀតណាម (​បាក់​ឌុប​) ព្រឹត្តិបត្រ​ព​ន្ទុ និង​ឆាយា ឬ​ស​ង្ស​ដីកា ។ ចំណែក​សមណ​និស្សិត​ខ្មែរ​ក្រោម នៅ​ប្រទេស​កម្ពុជា ត្រូវមាន​សញ្ញាបត្រ ឬ​សញ្ញាបត្រ​បណ្តោះអាសន្ន​មធ្យ​ម​សិក្សា​ទុតិយា​ភូមិ (​បាក់​ឌុប​) ព្រឹត្តិបត្រ​ព​ន្ទុ និង​ឆាយា ឬ​ស​ង្ស​ដីកា ។

​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ បាន​អំពាវនាវ​ដល់​សមណ​សិស្ស​ខ្មែរក្រោម ដែលមាន​បំណង​ចង់ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ថៃ ហើយ​មាន​លក្ខណសម្បត្តិ​ស្របតាម​លក្ខខណ្ឌ​របស់​អង្គការ សូម​និមន្ត​មក​ចុះឈ្មោះ​នៅ​ការិយាល័យ​កណ្ដាល​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​វត្ត​បទុម​វ​តី ឋិត​នៅក្នុង​ទីក្រុង​ភ្នំពេញ ។​

​ទាក់ទិន នឹង​ការបញ្ជូន​សមណ​និស្សិត​ខ្មែរក្រោម​ទៅ​សិក្សា នៅក្រៅ​ប្រទេស​នេះដែរ នៅ​ថ្ងៃទី ២៤ មីនា ខាងមុខនេះ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ពិធី​បុណ្យផ្កា​សាមគ្គី ដើម្បី​រៃអង្គាស​ថវិកា សម្រាប់​រៀបចំ​ឯកសារ និង​ដោះស្រាយ​មធ្យោបាយ​ផ្សេងៗ ក្នុងការ​បញ្ជូន​សមណ​និស្សិត​ចំនួន ១០ អង្គ​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ថៃ និង​ផ្ដល់​ជា​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​ក្រីក្រ ដែល​កំពុង​សិក្សា​មហាវិទ្យាល័យ​នានា នៅក្នុង​ប្រទេស​កម្ពុជា ។​

គួរ​ជម្រាបជូន​ថា សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​លើក​គម្រោង​ថវិកា សម្រាប់​ចំណាយ​ប្រចាំឆ្នាំ ២០១៩ នេះ សរុប​ជា​ទឹកប្រាក់ $២៥,១០០ (​ពីរម៉ឺន​ប្រាំ​ពាន់​មួយរយ​) ដុល្លារ​អាមេរិក ។ ដោយ​ក្នុងនោះ គម្រោង​ថា​វិកា សម្រាប់​ចំណាយ​ទៅលើ​ផ្នែក​អំប់រំ មាន​រហូតដល់ ១៧,៧៥០ ដុល្លារ ។ ចំណែក​ផ្នែក​ផ្សេងៗ ទៀត មានដូចជា ផ្នែក​ស្រាវជ្រាវ​វប្បធម៌ និង​ផ្សព្វផ្សាយ ផ្នែក​សង្គមកិច្ច ផ្នែក​រដ្ឋបាល និង​ផ្នែក​កិច្ចប្រជុំ​ប្រចាំខែ និង​ដំណាច់ឆ្នាំ ។​

​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ បញ្ជាក់ថា សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម មិនមាន​កញ្ចប់​ថវិកា សម្រាប់ធ្វើ​សកម្មភាព​បណ្តុះបណ្តាល​ធនធានមនុស្ស​ឡើយ ។ ព្រះអង្គ​ថា ប្រភព​ថវិកា គឺ​បានមកពី​ការចូលរួម​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស ។ ក្រៅពីនេះ ជា​រៀងរាល់ឆ្នាំ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម តែង​រៀបចំ​កម្មវិធី​ចំនួន ២ លើក គឺ​កម្មវិធី «​បុណ្យផ្កា​រស្មី​សាមគ្គី​» និង​កម្មវិធី «​ជំនួប​និស្សិត បញ្ញាវន្ត​ខ្មែរ​កម្ពុជា​ក្រោម និង​សប្បុរសជន​» ក្នុង​គោលបំណង​ស្វែងរក​ការឧបត្ថម្ភ​ជា​ថវិកា ដើម្បី​ផ្គត់ផ្គង់​ការសិក្សា ដល់​សម​ជិ​ក​របស់ខ្លួន ដែល​កំពុង​បន្ត​ការសិក្សា ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្រៅ​ប្រទេស ។​

​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​បាន​បង្កើតឡើង កាលពី​ឆ្នាំ ២០០២ ដោយ​ព្រះសង្ឃ​ខ្មែរក្រោម​ជាស​មណ​និស្សិត ដែល​កំពុងតែ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា ។ អង្គការរ​មួយ​នេះ ផ្ដោត​ការយកចិត្តទុកដាក់​លើ​វិស័យ​សិក្សាអប់រំ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជា​ចម្បង ៕