ដោយ ស៊ឺនចែងចើន
គណបក្សសង្រ្គោះជាតិ ចាត់ទុកទឹកដីកម្ពុជាក្រោម គឺជាទឹកដីរបស់ខ្មែរ ទោះបីជាអស់រយៈពេល ៧០ ឆ្នាំកន្លងទៅហើយ ដែលអាណានិគមបារាំងបានកាត់ដីកម្ពុជាក្រោម នេះ ទៅឲ្យអាណានិគមវៀតណាមត្រួត្រារហូតដល់សព្វថ្ងៃនេះ ក៏ដោយ ។

នៅក្នុងសេចក្តីង្លែងការណ៍ របស់គណបក្សសង្រ្គោះជាតិ ដែលចេញផ្សាយ នៅថ្ងៃទី ៤ ខែមិថុនាម្សិលមិញនេះ បញ្ចាក់ថា រយៈពេល ៧០ ឆ្នាំ កន្លងទៅនេះ ប្រជារាស្រ្តខ្មែរ មិនអាចបំភ្លេចទឹកដីកម្ពុជាក្រោម ឡើយ ហើយគណបក្សប្រឆាំងមួយនេះ នឹងនៅជាមួយបងប្អូនជនរួមឈាមចានិច្ច ទោះបីជា ខ្មែរក្រោម ខ្មែរកណ្តាល ខ្មែរលើ គឺជាខ្មែរតែមួយ ។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី បើគណបក្សសង្រ្គោះជាតិឈ្នះឆ្នោតកាន់កាប់រដ្ឋាភិបាល នៅតែទាមទារឲ្យមានសិទ្ធិស្វ័យសម្រេចឲ្យពលរដ្ឋខ្មែរក្រោម និងទាមទារឲ្យប្រទេសកុម្មុយនិស្តវៀតណាម ប្រគល់ទឹកដីកម្ពុជាក្រោម មកឲ្យកម្ពុជា ដើម្បីត្រួតត្រាវិញ ។
ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី ៤ មិថុនា ដដែលនោះ ក៏បានចេញសេចក្តីប្រកាសគាំទ្រការប្រារព្ធកាន់ទុក្ខនៃខួប ៧០ ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលបារាំង បានប្រគល់ ទៅឲ្យវៀតណាមគ្រប់គ្រង នៅថ្ងៃទី ៤ មិថុនា ១៩៤៩ នោះដែរ ។
គណបក្សនេះ បានសម្តែងការឈឺឆាប់ ដែលពលរដ្ឋខ្មែរក្រោម ក្លាយជាជនជាតិភាគតិច នៅលើទឹកដីកំណើតរបស់ខ្លួន យ៉ាងដូច្នេះ និងបានទាញភ្ជាប់នូវគោលនយោបាយ ដែលមានចែងក្នុងសៀវភៅបៃតងរបស់ខ្លួន ដោយលើកឡើងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែរក្សាជំហរយ៉ាងមុតមាំ ក្នុងការធ្វើការសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីធានាថាជនជាតិដើមខ្មែរក្រោម មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ជាពិសេសសិទ្ធិខាងវប្បធម៌ សាសនា ជំនឿ និងសិទ្ធិពលរដ្ឋផ្សេងៗ ទៀត ព្រមទាំងរៀបចំឲ្យមានបេសកកម្មកុងស៊ុល បេសកកម្មពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យបានត្រឹមត្រូវ ក្នុងតំបន់ដែលមានពលរដ្ឋខ្មែររស់នៅផងដែរ ។
ការប្រកាសគាំទ្រ និងទាមទារទឹកដីកម្ពុជាក្រោមត្រឡប់មកវិញរបស់គណបក្សសង្រ្គោះជាតិ និងងគណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ គឺធ្វើឡើង ស្របពេល ដែលអង្គារ សមាគមខ្មែរកម្ពុជាក្រោម ទាំងក្នុង និងក្រៅប្រទេស កំពុងប្រារព្វខួបលើកទី ៧០ ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម និងទាមទារឲ្យប្រទេសវៀតណាម សងទឹកដីមកឲ្យកម្ពុជាវិញ ក្រោយពីសភាបារាំង និងប្រធានាធិបតីបារាំង បានអនុម័តប្រគល់កម្ពុជាក្រោម ដែលមាន ២១ ខេត្ត ទៅឲ្យវៀតណាមគ្រប់គ្រង ដោយមានការបានសម្រេចដាក់ទឹកដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។