ដោយ ស៊ឺន ចែងចើន| VOKK
បុណ្យចូលវស្សា ឬចាំវស្សា ជាប្រពៃណីរបស់ព្រះសង្ឃពុទ្ធសាសនិកមានតាំងពីជំនាន់ពុទ្ធកាលរៀងមក ។
ថ្ងៃចូលព្រះវស្សា គឺជាថ្ងៃសំខាន់មួយ ក្នុងចំណោមថ្ងៃសំខាន់ៗ ដទៃទៀត ក្នុងព្រះពុទ្ធសាសនា ដែលព្រះសង្ឃថេរវាទ គ្រប់ប្រទេសទាំងអស់តាំងចិត្តអធិដ្ឋាន ចូលព្រះវស្សា នៅកន្លែងណាមួយ ក្នុងវស្សានរដូវចំនូន ៣ ខែ ។

ការចូលវស្សារបស់ព្រះសង្ឃមានរយៈពេល ៣ ខែ (មួយត្រៃមាស) ក្នុងវស្សាន្តរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សាឡើយ ។ ចំណែកឯពុទ្ធបរិស័ទ ជាទាយកទាយិកា ឧបាសកឧបាសិកាវិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ដោយចាត់ចែងសំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប គ្រឿងបរិក្ខា និងគ្រឿងសក្ការៈមួយចំនួនទៀតតាមលទ្ធភាព យកមកថ្វាយប្រគេនព្រះសង្ឃ ដែលគង់ចាំវស្សា ។
សម្រាប់ឆ្នាំនេះ នៅថ្ងៃអាទិត្យ ០១ រោច ខែអាសាឍ ឆ្នាំរការ នព្វស័ក ព. ស. ២៥៦១ ដែលត្រូវ នឹងថ្ងៃទី ៩ ខែកក្កដា គ. ស. ២០១៧ ជាថ្ងៃចូលវស្សារបស់ព្រះសង្ឃ នៅតាមវត្តអារាមនានា រយៈពេល ៣ ខែ ។ ថ្ងៃ ១៥ កើត ខែអាសាឍ គឺមុនថ្ងៃចូលវស្សាមួយថ្ងៃ ក្នុងអំឡុងពេលមួយសប្តាហ៍ព្រះសង្ឃខ្មែរក្រោម នៅតាមវត្តអារាមនានា បាននិមន្តចេញ ពីវត្តមួយទៅកាន់វត្តមួយ ដើម្បីធ្វើកិច្ចវត្ត ឬយកវត្តគ្រូឧបជ្ឈាយ៍របស់ខ្លួនរៀងៗ អង្គ ។
ពិធីធ្វើកិច្ចប្រណិបត្តិ ឬធ្វើកិច្ចយកវត្តព្រះឧបជ្ឈាយ៍ ដែលជាប្រពៃណីរបស់ព្រះសង្ឃ ខ្មែរក្រោម នៅកម្ពុជាក្រោមតែងតែធ្វើរៀងរាល់ឆ្នាំ មុនពេលព្រះសង្ឃចូលកាន់ព្រះវស្សា ៣ ខែ ។ តើមូលហេតុអ្វី បានជាមានកិច្ចនិមន្តត្រាច់ចររបស់ព្រះសង្ឃខ្មែរក្រោម ចេញពីវត្តមួយទៅកាន់វត្តមួយស្វែងរកព្រះឧបជ្ឈាយ៍របស់ខ្លួន ដើម្បីធ្វើកិច្ចយកវត្ត ?
ក្នុងឱកាសនេះ វិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកថ្ងៃចូលព្រះវស្សារបស់ព្រះសង្ឃខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលមានវត្តជាង ៥០០ វត្ត ហើយបានចូលកាន់ព្រះវស្សាតាមវិន័យពុទ្ធប្បញ្ញាត្តដែរនោះ ដើម្បីជាការស្វែងយល់ថា តើមានភាពខុសគ្នា ពីការចូលព្រះវស្សា នៅប្រទេសកម្ពុជា ដូចម្តេចខ្លះ ។

ព្រះតេជព្រះគុណ សឺន សុផារិន្ទ ជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា បានទទួលការនិមន្តផ្ដល់បទសម្ភាសន៍ ជាមួយលោក ស៊ឺន ចែងចើន សហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) អំពីប្រពៃណី និងទំនៀមទម្លាប់ចូលវស្សា និងការសិក្សាផ្នែកពុទ្ធិកសិក្សា និងអក្សរសាស្ត្រខ្មែរ នៅដែនដីកម្ពុជាក្រោម នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖