បើតាមទំនៀមទំលាប់ ប្រជាប្រិយ ដែលបញ្ជាក់ដោយបដិមាកម្មបុរេអង្គរខ្មែរទាំងពីរភេទ មានទម្លាប់និយមស្លៀកក្បិនតាំងពីបុរាណមកម្លេះ ។ បដិមាកម្មនានា បញ្ជាក់ជាប្រយោលថា សម្លៀកបំពាក់បែបនេះមានវ័យចំណាស់ប្រមាណជា ២០០០ ឆ្នាំមកហើយ ។

ចុចស្ដាប់ ខ្មែរក្រោមនៅខេត្តមាត់ជ្រូករក្សាប្រពៃណីស្លៀកក្បិនក្នុងជីវភាពប្រចាំថ្ងៃ
នៅសម័យនគរភ្នំ ឬហ្វូណន យើងបានឃើញទេវរូបមួយចំនួនស្លៀកសំពត់ចងក្បិន តាមលំនាំនៃពួកព្រាហ្មណ៍ នៅភូមិភាគ ខាងត្បូងនៃប្រទេសឥណ្ឌា ជាពិសេសពួកតាមិលនៅស្រីលង្ការ ។ កត្តានេះហើយដែលបញ្ជាក់ប្រភពឥណ្ឌានៃក្បិនខ្មែរ ដែលជនជាតិសៀម និងលាវ (ឡាវ) បានខ្ចីតពីខ្មែរកាលពីអំឡុងសតវត្សទី១៣ និងទី១៤ នៃគ.ស. ។

សូមជម្រាបថា រហូតមកដល់សព្វថ្ងៃនេះ មានខ្មែរតិចណាស់ដែលស្គាល់ច្បាស់ពីប្រភពឥណ្ឌានៃក្បិនខ្មែរ ដែលជាកម្ចីឥណ្ឌាតាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ គឺឥណ្ឌូរូបនីយកម្ម ពីព្រោះជាទូទៅកម្រិត នៃការចេះដឹងស្ថិតត្រឹមតែក្នុងជួរបញ្ញាវ័ន្តប៉ុណ្ណោះ ។ ចំពោះយើង ភាពស្រពិចស្រពិល ក្នុងការស្គាល់អំពីឫសកែវ នៃខឿន វប្បធម៌ខ្មែរដើមនេះហើយ ដែលបានធ្វើឲ្យពួកគេយល់ច្រឡំថា ប្រជាជនខ្មែរបានខ្ចី ប្រពៃណីនេះពីជនជាតិសៀម ឬលាវទៅវិញ ។ តាមពិតទៅគំនិតខុសបែបនេះ មកពីគេបានឃើញជនជាតិទាំងពីរនេះបានប្រើសំពត់ចងក្បិនដូចខ្មែរ ហើយមួយវិញទៀតសោតពាក្យចងក្បិន ដែលជាពាក្យខ្មែរក៏ដូចគ្នាទៅនឹងពាក្យសៀម និងលាវទាំងស្រុងដែរ ។
ការប្រើក្បិនក្នុងសង្គមខ្មែរ មានតាំងពីបុរាណកាលមក ។ រហូតដល់សព្វថ្ងៃ ទាំងស្ត្រី ទាំងបុរសបានប្រើក្បិន តែសព្វថ្ងៃស្ត្រីប្រើច្រើនជាងបុរស ដោយគិតតាំងពីការនិយមនៅក្នុងទីក្រុងរហូតដល់ជនបទ ។ ពីសម័យមហានគរមកដល់សម័យទំនើប ការនិយមសំពត់ចងក្បិន ក៏នៅតែមានជាប្រក្រតី ទោះបីនាដើមសតវត្សទី២១ នេះ ការនិយមមិនមានភាពញឹកញាប់ដូចសម័យដើមក៏ដោយ ។ មូលហេតុចម្បងបណ្ដាលមកពីការវិវត្តរបស់សង្គមវប្បធម៌ ។ ដូច្នេះហើយបានជាសព្វថ្ងៃ គេគ្រាន់តែប្រើប្រាស់សំពត់ចងក្បិនជាផ្លូវការ ឬក្នុងពិធីផ្សេងៗតែប៉ុណ្ណេះ ។ ផ្ទុយទៅវិញអ្វីដែលយើងមិននឹកស្មានដល់គឺ នៅអតីតខេត្តខ្មែរមួយចំនួននៅប្រទេសសៀម(សុរិន្ទ្រ), វៀតណាមខាងត្បូង (ខេត្តមាត់ជ្រូក) និងលាវ (អត្តាពើ) ស្ត្រីខ្មែរចាស់ៗនៅពេញនិយម ប្រើសំពត់ចងក្បិនក្នុងជីវភាពប្រចាំថ្ងៃ ។
ព្រះតេជព្រះគុណ ចៅ សុខ មានស្រុកកំណើតនៅខេត្តមាត់ជញរូក និងសព្វថ្ងៃ ជាសមណនិស្សិតថ្នាក់ អនុបណ្ឌិត ផ្នែកអភិវឌ្ឍសង្គម នៃ សកល វិទ្យាល័យ មហាចុឡាឡុងករណ៍រាជវិទ្យាល័យ នៅក្នុងប្រទេស ថៃ បានមានថេរដីកា ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា៖ “គាត់ក៏បានរៀបរាប់ដែរថា គាត់មិនមែនទើបតែ ស្លៀក ពាក់ [ក្បិន] នៅសម័យនេះទេ ។ គាត់ថា មានតាំងពីយូរលង់ណាស់មកហើយ……” ។
នេះសឲ្យឃើញថា ដូនតារបស់ជនជាតិខ្មែរ ដែលបានទទួលមរតកវប្បធម៌ពីសម័យនគរភ្នំ ក្នុងប្រព័ន្ធអប់រំរបស់ពួកគាត់ សំពត់ចងក្បិនរបស់ព្រាហ្មណ៍គឺឧត្តុងឧត្តម និងត្រូវបានលើកតម្កើង ព្រោះពួកគាត់ចាត់ទុកថា ក្បិនតំណាងឲ្យសេចក្ដីថ្លៃថ្នូរ ។
ដូចនេះ ការដែលមនុស្សខ្មែរគ្រប់សម័យកាលនិយមសំពត់ក្បិន ពិតជាមិនមែនជារឿងចៃដន្យទេ ក៏ប៉ុន្ដែមានប្រភពមូលហេតុ និងផលយ៉ាងជាក់ច្បាស់ ពោលគឺមានក្បួនខ្នាត ឬក្រិត្យក្រមយ៉ាងត្រឹមត្រូវ ។ សូមជម្រាបថា ក្បួនខ្នាតនៅទីនេះសំដៅទៅលើការចងក្រងជាក្បួនទុកឲ្យកូនចៅ ពីជំនាន់មួយទៅជំនាន់មួយទៀតមើល ព្រមទាំងត្រាប់តាម ពោលគឺរក្សានូវរាល់បទពិសោធន៍ ឬទំនៀមទំលាប់ដែលធ្លាប់មានក្នុងសង្គម កុំឲ្យបាត់បង់និងនៅស្ថិតស្ថេរជារៀងរហូត ។
ដូច្នេះហើយបានជាក្នុងសង្គមខ្មែរ មានក្បួនចងក្បិនដែលបានកើតឡើង ហើយមូលដ្ឋាននៃការនិយមប្រតិបត្តិពីសំណាក់ប្រជាជនខ្មែរ គ្រប់លំដាប់ថ្នាក់ ។
ដោយប្រការនេះហើយ ទើបបានជាយើងឃើញថា សំពត់ចងក្បិន ដែលស្ត្រី ឬបុរស ខ្មែរស្លៀកតាមលំនាំដូនតាក្នុងពិធីផ្សេងៗ សុទ្ធសឹងតែមានពណ៌ខុសប្លែកពីគ្នា ហើយពណ៌នីមួយៗ គេស្លៀកតាមថ្ងៃនីមួយៗ នៃសប្តាហ៍ ដែលមានចំនួនទាំងអស់ ៧ ថ្ងៃ ដូចអ្វីដែលចែងក្នុងក្បួនស្លៀកក្បិន ។
ក្នុងការបកស្រាយអំពីការនិយម សំពត់ចងក្បិន ក្នុងសប្តាហ៍ យើងបានឃើញមានកំណាព្យមួយកត់ត្រាដោយអ្នកគ្រូ កែវ ណារុំ ដែលមានខ្លឹមសារដូចខាងក្រោមនេះ :
[twocol_one]“ក្រហមឲ្យស្លៀកថ្ងៃអាទិត្យ
ពណ៌លឿងទុំពិតច័ន្ទ
ពណ៌ស្វាយទុកប្រើថ្ងៃអង្គារ
ពុធជាបៃតងពណ៌ស្លឹកលៀប ។[/twocol_one] [twocol_one_last]
ព្រហស្បតិ៍បៃតងត្រួយចេក ខ្ចី
សុក្រសិរីពណ៌ខៀវតាមរបៀប
សៅរ៍ព្រីងទុំប្រាជ្ញលោក បានប្រៀប
ត្រូវតាមរបៀបពី ព្រេងនាយ ។”[/twocol_one_last]
តាមខ្លឹមសារនៃកំណាព្យខាងលើ យើងឃើញថាប្រពៃណីស្លៀកសំពត់ចងក្បិន មានចំណាស់តាំង ពីព្រេងនាយដ៏យូរលង់ ដូចរូបសំណាកបុរាណជាភស្តុតាងស្រាប់ ។ ក៏ប៉ុន្តែអ្វីដែលសំខាន់គឺការប្រើពណ៌ទាំង ៧ តាមថ្ងៃនីមួយ ៗ ដែលមានក្នុងសប្តាហ៍នោះ មានការទាក់ទងទៅនឹងតារាសាស្ត្រយ៉ាងប្រាកដ ។
សូមរំលឹកថា មួយឆ្នាំមាន ៣៦៥ ថ្ងៃ ដែលត្រូវចែកចេញជា១២ខែ ។ ក្នុង១ ខែមាន៤ អាទិត្យ ហើយក្នុង ១អាទិត្យមាន ៧ថ្ងៃ ដែលជារួមមានថ្ងៃ ច័ន្ទ,អង្គារ,ពុធ,ព្រហស្យតិ៍,សុក្រ,សៅរ៍ និង អាទិត្យ ។ យើងក៏បានដឹងទៀតថាថ្ងៃទាំង ៧នៃសប្តាហ៍នេះ គឺតំណាងឲ្យភពទាំង ៧ គឺ ភព ច័ន្ទ,អង្គារ,ពុធជាដើម ដែលជាផ្កាយនព្វគ្រោះ ។
តាមការស្រាវជ្រាវកន្លងមក ខាងតារាសាស្ត្រ យើងឃើញថាថ្ងៃនីមួយៗក៏បុព្វការីជនខ្មែរបានចងក្រងុជាក្បួនខ្នាត និងបានខិតខំបកស្រាយនូវបញ្ហាដ៏សំខាន់នានា ហើយបញ្ចេញជាទស្សនៈ ដូចជា:
- -ថ្ងៃច័ន្ទតំណាងឲ្យភពផ្កាយព្រះច័ន្ទដែលមានពណ៌លឿង,
- -ថ្ងៃអង្គារតំណាងឲ្យព្រះអង្គារដែលមានពណ៌ស្វាយ,
- -ថ្ងៃពុធ ជាតំណាងឲ្យព្រះពុធ ដែលមានពណ៌បៃតង ត្រួយលៀប,
- -ថ្ងៃព្រហស្បត៍ តំណាងឲ្យផ្កាយព្រហស្បត៍ ពណ៌បៃតង,
- -ថ្ងៃសុក្រជាទីនាំងផ្កាយនព្វគ្រោះព្រះសុក្រ ដែលមានពណ៌ខៀវចាស់លាយពណ៌ខ្មៅបន្ដិច,
- -ថ្ងៃសៅរ៍តំណាងឲ្យនព្វគ្រោះព្រះសៅរ៍ មានពណ៌ព្រីងទុំ លាយពណ៌ក្រហម ខ្មៅច្រើនហើយនិងពណ៌ខៀវបន្ដិច,
- -ថ្ងៃអាទិត្យ គឺតំណាងឲ្យរូបភពផ្កាយព្រះអាទិត្យ ដែលមានពណ៌ក្រហម ។
ម្យ៉ាងទៀត មិនមែនដូចអ្នកខ្លះយល់នោះទេ ជនជាតិខ្មែរពាក់សំពត់ពណ៌ខុសៗគ្នា មិនមែនសម្រាប់ល្អលើសគេ និងក៏មិនមែនសម្រាប់បញ្ចេញភាពឆើតឆាយ និងសម្បូរបែបនោះដែរ ។ ទង្វើនេះមានប្រភពចេញពីជំនឿសាសនា លើទ្រឹស្ដីថ្ងៃល្អ និងថ្ងៃអាក្រក់នៃសប្តាហ៍ ដែលមានក្នុងក្បួនទស្សទាយខ្មែរ ឬតារាសាស្ត្រ ។
តាមទំនៀមទំលាប់ប្រជាប្រិយខ្មែរបុរាណ ថ្ងៃច័ន្ទដែលជាទីនាំងរបស់ផ្កាយនព្វគ្រោះច័ន្ទ បន្ទាប់ពីថ្ងៃអាទិត្យមានពណ៌លឿង ហើយពណ៌នេះមានពន្លឺស្រទន់ត្រជាក់ ស្លូតបូតរាបសារ គួរឲ្យស្រលាញ់ ហើយការដែលគេស្លៀកក្បិនពណ៌លឿងនេះ អាចផ្តល់នូវជោគជ័យសិរីមង្គលគ្រប់ប្រការពុំខានឡើយ ។
ថ្ងៃអាទិត្យដែលមានពណ៌ក្រហមឆ្អៅ គឺជានិមិត្តរូបនៃតេជៈមហិទ្ធរិទ្ធិ ឬអានុភាពយ៉ាងខ្លាំងក្លា គួរឲ្យរន្ធត់ញាប់ញ័រចិន្តា ។ ហើយអ្នកដែលស្លៀកសំពត់ចងក្បិនពណ៌ក្រហមនៅថ្ងៃអាទិត្យ ពិតជាទទួលបាននូវឥទ្ធិពល គួរឲ្យស្ងប់ស្ងែងពុំខាន ។
ដូច្នេះគុណសម្បត្តិរបស់ផ្កាយនីមួយៗខាងលើនេះ ដែលខ្មែរបុរាណចាត់ទុកថា ជាព្រះនោះអាចជះលើវាសនារបស់មនុស្ស ក្នុងសង្គមយ៉ាងប្រាកដ ៕