ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
កម្ពុជា ជាប្រទេសមួយដែលប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរដ្ឋាភិបាលដែលដឹកនាំប្រទេស ត្រូវបានកើតឡើងដោយការបោះឆ្នោតគាំទ្រភាគច្រើនពីប្រជាពលរដ្ឋ ។ រដ្ឋាភិបាលខ្មែរដឹកនាំ ដោយគណបក្សប្រជា ជនកម្ពុជា ដែលមាន លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជិត ៣០ ឆ្នាំ ហើយ ។ ក្រោមការដឹកនាំរបស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត ៣០ មកនេះ ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា កាន់តែមានសភាពផ្ដាច់ ការទៅៗ ។ ច្បាប់ និង អំណាចទាំងស្រុងត្រូវបានឋិតនៅលើបុគ្គល ហ៊ុន សែន ម្នាក់ឯងគត់ ។

អំពើពុករលួយជាប្រព័ន្ធនៅក្នុងចំណោមមន្ត្រីគណបក្សកាន់អំណាចរីកដាលពេញផ្ទៃប្រទេស, ព្រៃឈើត្រូវបានគេ កាប់បំផ្លាញគ្មានសល់, បញ្ហាជនអន្តោប្រវេសន៍យួនមិនមានដំណោះស្រាយ ដោយគណបក្សកាន់អំណាច បណ្ដាយឲ្យជនជាតិយួនហូរចូលស្រុកខ្មែររៀងរាល់ថ្ងៃ និងបញ្ហាព្រំដែនត្រូវបានយួនបង្ខិតចូលលើទឹកដីខ្មែរតាម ទំនើងចិត្ត ។ បញ្ហាទាំងនេះ មិនត្រូវបានគណបក្សប្រជាជនកម្ពុជារបស់ លោក ហ៊ុន សែន ប្រកាសឲ្យពល រដ្ឋដឹងជាទូទៅឡើយ ហើយអ្នកណាមួយដែលហ៊ានលើកយកបញ្ហាទាំងនេះមកនិយាយ នឹងត្រូវគេបាញ់សម្លាប់ ជាបន្តបន្ទាប់ ។
ភាពផ្ដាច់ការ និងភាពអយុត្តិធម៌ទាំងអស់នេះ ត្រូវបានគេលាតត្រដាងនៅក្នុងអង្គសវនាការសួរដេញដោលមួយអំពីវិបត្តិសង្គម និងវិបត្តិនយោបាយដែលកំពុងលេចឡើងក្នុងប្រទេសកម្ពុជា នៅក្នុងសភាសហរដ្ឋអាមេរិកដែលបាន ប្រព្រឹត្តទៅ កាលពី ថ្ងៃទី ០៩ ខែកក្កដា កន្លងទៅនេះ ។ ក្នុងសវនាការនេះ សមាជិកសភាអាមេរិក បានជម្រុញឲ្យរដ្ឋាភិបាល ស.រ.អា. ត្រូវតែចាត់វិធានការឲ្យបានខ្លាំងក្លាបន្ថែមទៀត ចំពោះប្រទេសកម្ពុជាដែលមានអំពើរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដ៏ធ្ងន់ធ្ងរ ហើយនឹងមិនបានរៀបចំការបោះឆ្នោតមួយ មានលក្ខណៈសេរី និងយុត្តិធម៌ត្រឹមត្រូវ ។
នៅសវនាការនេះ លោក Steve Chabot នៃគណបក្សសាធារណរដ្ឋ មកពីរដ្ឋអូហាយូ និងជាប្រធានអនុគណៈកម្មាធិការអាស៊ី និងបាស៊ីហ្វ៊ិកនៃគណៈកម្មាធិការការបរទេសសហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សាដោយហៅការដឹកនាំរបស់លោក ហ៊ុន សែន ថា ជារបៀបផ្តាច់ការ ពុករលួយធ្វើឲ្យប្រជាពលរដ្ឋគ្មានសេរីភាពពេញលេញ ។
ចំណែក លោក Dana Rohrabacher ខាងគណបក្សសាធារណរដ្ឋ មកពីរដ្ឋកាលីហ្វ័ញ៉ា បានរិះគន់ការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេល ៣០ ឆ្នាំ មកនេះ ថា បានប្រព្រឹត្តអំពើឃោរឃៅច្រើន ហើយកាន់អំណាចវែងជ្រុល ដែលលោកបានបញ្ជាក់ថា «វាជាពេលវេលាដែលលោក ហ៊ុន សែន ត្រូវចុះចេញពីអំណាចហើយ” ។
រហូតមកទល់ពេលនេះ លទ្ធផលឆ្នោតនៅមិនទាន់បានប្រកាសជាផ្លូវការពី គ.ជ.ប នៅឡើយទេ ប៉ុន្តែគណបក្ស ប្រជាជនកម្ពុជា បានប្រកាសថា ខ្លួនឈ្នះបាន ៦៨ អាសនៈ ដែលគណបក្សសង្គ្រោះជាតិបានត្រឹមតែ ៥៥ អាសនៈ អាសនៈប៉ុណ្ណោះ ។ ប្រសិនបើលទ្ធផលឆ្នោត ដូចដែលគណបក្សប្រជាជនប្រកាសមែន មានន័យថា គណបក្សនេះ បាត់អាសនៈ និងបាត់សំឡេងគាំទ្រពី ៩០ មកនៅត្រឹម តែ ៦៨ ប៉ុណ្ណោះ ។ ផ្ទុយពីនេះ នៅថ្ងៃទី ៣ ខែសីហា នេះ គណបក្សសង្គ្រោះជាតិបានប្រកាសថា ខ្លួនឈ្នះបាន ៦៤ អាសនៈ ចំណែកគណបក្សប្រជាជនកម្ពុជាបានត្រឹមតែ ៥៩ អាសនៈប៉ុណ្ណោះ ទោះបីមានការលួចបន្លំឈ្មោះ និងភាពមិនប្រក្រតីជាច្រើនដែលបានកើតឡើងនៅក្នុងការ បោះឆ្នោតយ៉ាងណាក៏ដោយ ។
ទិដ្ឋភាពនៃការបោះឆ្នោតនីតិកាលទី ០៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៥ ខែកក្កដា កន្លងទៅនេះ បានបង្ហាញ ពីការទទួលខុសត្រូវខ្ពស់របស់ប្រជាពលរដ្ឋខ្មែរក្នុងនាមជាម្ចាស់ឆ្នោត និងក្នុងនាមជាម្ចាស់វាសនាប្រទេស ដោយ ពួកគេចាប់ផ្ដើមហ៊ានងើបឡើងតវ៉ា ចំពោះភាពអយុត្តិធម៌នានាទៅគ្រប់ទីកន្លែង និងហ៊ានចេញមុខចាប់ជនជាតិ យួនដែលបានចូលមកបោះឆ្នោតទៀតផង ។ បញ្ហានយោបាយ ការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន និងភាពអយុត្តិធម៌ក្នុងសង្គមផ្សេងៗដែលទូរទស្សន៍ និង វិទ្យុដែលជារបស់រដ្ឋ និងឯកជន ទាំងអស់ មិនត្រូវបានគេផ្សព្វផ្សាយនោះ វាត្រូវបានពលរដ្ឋខ្មែរផ្សព្វផ្សាយ និងចែករំលែកនៅលើបណ្ដាញសង្គម Facebook និង Youtube ជំនួសវិញ ដែលបណ្ដាញផ្សព្វផ្សាយទាំងនេះ វាមានឥទ្ធិពលយ៉ាងខ្លាំងដល់ការផ្លាស់ ប្ដូរស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា យ៉ាងពិតប្រាកដ ។ ម្យ៉ាងវិញទៀត ការចូលរួមគាំទ្ររបស់មនុស្សយ៉ាងច្រើនកុះករពីសំណាក់ពលរដ្ឋខ្មែរ ជាពិសេស ក្រុមយុវជន ដែលបានស្រែកជយឃោសន៍ថា “ដូរ ! ដូរ” នៅតាម ដងផ្លូវ នាពេលនេះ គឺឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋខ្មែរក្នុងការផ្លាស់ប្ដូរប្រទេសកម្ពុជាឲ្យ ឈានទៅរកអ្វីមួយដែល ល្អប្រសើរជាងពេលនេះ ។
ទិដ្ឋភាពទាំងនេះ ក៏ល្មមបញ្ជាក់ឲ្យឃើញថា នៅពេលនេះ ប្រជាពលខ្មែរចេះសម្រេចជោគវាសនារបស់ប្រទេសជាតិ ហើយ និងក៏ល្មមដល់ពេលដែល លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ត្រូវចុះចេញពីអំណាចផង ដែរ ព្រោះប្រជាពលរដ្ឋខ្មែរនាពេលនេះ បានដឹងពីអ្វីដែលលោក ហ៊ុន សែន នឹងបក្សពួកបានសាងនៅក្នុងស្រុកខ្មែរ ជាង ៣០ ឆ្នាំមកនេះ អស់ហើយ ។ ពាក្យថា “ពលរដ្ឋ” ក្នុងភាសាខ្មែរមានន័យថា “កម្លាំងរបស់រដ្ឋ” ឬ “ទ័ពរបស់ ប្រទេស” ដូច្នេះ បើអ្នកដឹកនាំរូបណាដែលធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿ និងបាត់ទំនុកចិត្តហើយ វានឹងឈាន ដល់ការដួល រលំដោយការគាស់រំលើងពីកម្លាំងទ័ពនៃប្រជាពលរដ្ឋយ៉ាងពិតប្រាកដ បើទោះបីអ្នកដឹកនាំរូបនោះ មានកម្លាំង ទាហាន និងកាំភ្លើងច្រើនយ៉ាងណាក៏ដោយ ៕