ករណី​ឃាតកម្ម បណ្ដាលឲ្យ​ស្លាប់​ពលរដ្ឋខ្មែរ​ក្រោម​មួយ​គ្រួសារ ២ នាក់​

ដោយ ស៊ឺន ចែងចើន

ករណី​ឃាតកម្ម មក​លើ​ខ្មែរក្រោម​មួយ​គ្រួសារ នៅ​យប់​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ នោះ ជនសង្ស័យ​ជា​ឃាតក​ជនជាតិ​យួន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ចាប់ខ្លួន​រួចហើយ នៅ​​វេ​លា​​ម៉ោង​ ៨ ព្រឹក​ថ្ងៃទី ៣០ ខែមិថុនា នេះ ។

ពលរដ្ឋខ្មែរក្រោម ឪពុក និងកូន ត្រូវគេធ្វើឃាត និងរូប​វាយ​ខ្នោះដៃ​ជា​ឃាតក​ជនជាតិ​យួន​
ពលរដ្ឋខ្មែរក្រោម ឪពុក និងកូន ត្រូវគេធ្វើឃាត និងរូប​វាយ​ខ្នោះដៃ​ជា​ឃាតក​ជនជាតិ​យួន​

ព័ត៌មាន​បឋម ដែល​វិទ្យុ​សំឡេង​កម្ពុជាក្រោម ទទួល​បាន​ឲ្យដឹង​ថា អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ មក​លើ​ខ្មែរក្រោម​មួយ​គ្រួសារ​នោះ ស្ថិតនៅ​ភូមិ​ជ្រៃ​ភេ ស្រុក​កញ្ចោង ខេត្ត​ព្រះត្រពាំង ត្រូវ​ជន​ដៃដល់​ជា​ឃាតក និង​ជា​ជនជាតិ​យួន​ផង បាន​​វាយ​សម្លាប់​ទៅលើ​សមាជិក​គ្រួសារ​មាន​មនុស្ស ២ នាក់ ដែល​ម្នាក់​ជា​កម្មការិនី​រោងចក្រ អាយុ ៣៦ ឆ្នាំ និង បុរស​ជា​ឪពុក​ម្នាក់​អាយុ ៦៧ ឆ្នាំ ។

ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បើ​តាម​អ្នកភូមិ នៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះ​ទាំងពីរ​នោះ បាន​​ដាក់​​ការ​​សង្ស័យ​ថា អាច​ជា​​រឿង​​​គំ​នុំ​​គំ​កួន (ប៉ុន្តែ មិនទាន់​ដឹង​ច្បាស់​ថា ជា​គំនុំ​រឿង​អ្វី​នោះ​ទេ​) ។ តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍ នៅកន្លែង​កើតហេតុ បាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​ជា​កម្មការិនី​ខ្មែរក្រោម ឈ្មោះ ថាច់ ធី​សា​ភា អាយុ ៣៦ នៅ​វេលា​ម៉ោង ១០ យប់ នាង​បាន​ចេញ​មក​ពី​ធ្វើការ​រោងចក្រ រួចហើយ​ក៏​ទៅងូតទឹក​នៅ​ក្រោយផ្ទះ​របស់​ខ្លួន ស្រាប់តែ​ឃាតក លប​មក​វាយសម្លាប់​ពីក្រោយខ្នង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ នៅ នឹង​កន្លែង​កើតហេតុ ។ អ្នក​ឃើញ​ហេតុការណ៍​ដដែល​នេះ បាន​បញ្ជាក់​ទៀត​ថា នៅមុន​ពេល​កើតហេតុ​ខាងលើ ឪពុក​របស់​ជនរងគ្រោះ ឈ្មោះ ថាច់ ឈួន អាយុ ៦៧ ឆ្នាំ ឮសូរ​សំឡេង​កូន​របស់​ខ្លួន​ស្រែកហៅ ក៏​រត់ចេញ​មក​ជួយ ហើយ​ពេល​កំពុង​ប្រតាយប្រតប់​គ្នាជា​មួយ​ជន​ដៃ​ដល់​​នោះ ដោយសារតែ​ឪពុក​របស់​ជនរងគ្រោះ​មាន​វ័យចាស់​ជរា និង​កម្លាំង​ខ្សោយ​ផង ក៏​ត្រូវ​បាន​ឃាតក​វាយសម្លាប់​តែម្តង ។

ជុំវិញ​រឿង​នេះ សមត្ថកិច្ច​នគរបាល​យួន កំពុងតែ​បើ​ការ​ស៊ើប​អង្កេ​លើ​ករណី​ឃាតកម្ម​នេះ ។