ដោយ ថាច់ ប្រីជា គឿន
នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២១០៩ ពីសហរដ្ឋអាមេរិក ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បានផ្ញើសារចូលរួមរំលែកមរណទុក្ខជាមួយនឹងក្រុមគ្រួសារ លោក ទ្រឿង មាលី ជាអតីតនាយកព្រះរាជខុទ្ទកាល័យ នៃ សម្ដេច នរោត្ដម សីហនុ និង ជាអតីតឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសជប៉ុន ដែល បានទទួលមរណភាព ក្នុងជន្មាយុ ៨0 ឆ្នាំ នៅព្រឹកថ្ងៃសៅរ៍ ទី ១៥ ខែធ្នូ ឆ្នាំ ២០១៨ នៅប្រទេសបារាំង ដោយជរាពាធ ។
លោក ទ្រឿង មាលី មានដើមកំណើត នៅខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ។ កាលពីឆ្នាំ ១៩៨៧ ដល់ ១៩៩១ គឺជាសមាជិកគណៈប្រតិភូកម្ពុជាមួយរូប ក្នុងចំណោមសមាជិកជាច្រើនរូប ដែលបានរួមចំណែកក្នុងការជួយការងារដល់ ព្រះបាទ នរោត្តម សីហនុ ដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ ២៣ តុលាឆ្នាំ ១៩៩១ ។
ទាក់ទងនឹងសាររំលែកទុក្ខនេះ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បានផ្ញើសារចួលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារ លោក ត្រឹង យ៉ាប់ ជាប្រធានរដ្ឋបាល នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបងប្រុសរបស់គាត់ឈ្មោះ លោក ត្រឹង ថ បានទទួលមរណភាព នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ ។
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ លោក ត្រឹង យ៉ាប់ ផងដែរ ។
យោងតាមសាររំលែកទុក្ខ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា បានបញ្ជាក់ថា ព្រះអង្គ “សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និង សោកស្តាយជាទីបំផុត ព្រមទាំងសូមបួងសួងឱ្យ លោក ត្រឹង ថ ត្រូវជាបងបង្កើត លោក មា ត្រឹង យ៉ាប បានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ”
ពីប្រទេសហូឡង់ លោក ត្រឹង ចន្ទ សារ័ត្រ ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសហូឡង់ នៅថ្ងៃទី ១ ខែមករា នេះ ក៏បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ លោក ត្រឹង យ៉ាប ផងដែរ ។
សារលិខិតនេះ បានបញ្ជាក់ថា គណៈកម្មកាសាខា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម និង សមាជិក សមាជិកា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារលោក ត្រឹង យ៉ាប ព្រមទាំងកូនក្មួយៗជាទីរាប់អាន និងសាច់ញាតិ និងសូមបួសសួងឲ្យលោក ត្រឹង ថ បានទៅសោយក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត់ឡើយ ។
សម្រាប់ សមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានបំណងចង់ចូលកុសលនៅក្នុងពិធី បុណ្យសព លោក ត្រឹង ថ សូមទាក់ទង ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាន នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈទូរស័ព្ទលេខ (408) 550-5060