ដោយ ស៊ឺន ចែងចើន
ព្រឹត្តិការណ៍ប្រកួតបវរកញ្ញាចក្កវាឡកម្ពុជា ឆ្នាំ ២០២១ បានចាប់ផ្តើមធ្វើការប្រកួតរបស់ខ្លួនហើយ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន នៅថ្ងៃទី ២១ ខែតុលា សប្តាហ៍នេះ ចាប់ពីវេលាម៉ោង ៨ ដល់ ១១ យប់ ។ នៅក្នុងវគ្គប្រកួតបឋមនៃកម្មវិធីប្រជែងសម្រស់ និងសមត្ថភាពនារីដ៏ធំប្រចាំប្រទេសកម្ពុជា Miss Universe Cambodia 2021 ដោយបង្ហាញមុខបេក្ខនារីលេចធ្លោចុងក្រោយទាំង ១៩ រូប ក្រោយពីសម្រិតសម្រាំងរបស់គណ:កម្មការ ។ សម្រាប់ការប្រកួត Miss Universe Cambodia 2021 ឆ្នាំនេះ មានភាពខុសប្លែកពីបណ្ដាឆ្នាំមុន ៗ ប្លែក! ដ្បិតមានបេក្ខនារីជាខ្មែរក្រោម មកពីដែនដីកម្ពុជាក្រោម ដំបូងគេ បានដាក់ពាក្យចូលរួមកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា ២០២១ ដើម្បីក្លាយជាតំណាងប្រទេសទៅប្រកួតលើឆាកអន្តរជាតិ ។
កម្មវិធីប្រឡងបវរកញ្ញាចក្រវាលកម្ពុជា ២០២១ បានចាប់ផ្តើមដំណើរការកម្មវីធីប្រកួតប្រជែងរបស់ខ្លួន ដោយមានបេក្ខនារី ១៩ រូបមកពីបណ្ដាខេត្តក្រុងទូទាំងប្រទេសកម្ពុជា ដាក់ពាក្យចូលរួមប្រកួត ដើម្បីដណ្តើមមកុដ និងអ្នកតំណាងឲ្យប្រទេសកម្ពុជា ទៅប្រជែងនៅលើឆាកអន្តរជាតិ ។ ក្នុងចំណោមបេក្ខភាពត្រៀមដណ្តើមជ័យលាភីបវរកញ្ញាឯក កម្មវិធីដ៏ធំមួយនេះ បេក្ខនារីម្នាក់មកពីដែនដីកម្ពុជាក្រោម គឺ កញ្ញា ឆន ស្រីណេត កំពុងធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងផ្ទុះការសរសើរពីសម្រស់ និងសមត្ថភាពរបស់នាង ។
មានឈ្មោះដើម សឺន ស៊ីណេត និងឈ្មោះ ឆន ស្រីណេត ដាក់នៅពេលនាងមកដល់ប្រទេសកម្ពុជា កញ្ញាវ័យ ២៤ ឆ្នាំ សម្រស់ដងខ្លួនស្រអែមរូបនេះ ត្រូវគេមើលឃើញថា ជាបេក្ខភាពលេចធ្លោម្នាក់ ក្នុងចំណោមបេក្ខភាពជាច្រើននាក់ទៀត ដែលចូលរួមក្នុងការប្រកួតឆ្នាំនេះ ។
ជាគ្រូបង្រៀនក្បាច់ហាត់ប្រាណតាមក្លិប និងជាតារាម៉ូដែលឯករាជ្យ (Freelance) កញ្ញា ឆន ស្រីណេត ដែលមានស្រុកកំណើត នៅភូមិមេរង ឃុំដើមជ្រៃ ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង (កម្ពុជាក្រោម) បានមករស់នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត ៣ ឆ្នាំ និងអាចនិយាយបាន ៤ ភាសា គឺភាសាខ្មែរ វៀតណាម ថៃ និងអង់គ្លេស ។
ងាកមកចាប់អាមរម្មណ៍ កម្មវិធីវគ្គជម្រុះបឋមនៃ Miss Universe Cambodia 2021 វិញ ។ ការបើកឆាកប្រកួតសម្រស់របស់កម្ពុជា ថ្ងៃដំបូង លើវិញ្ញាសា ឈុតតំណាងជាតិ ឈុតរាត្រីសមោសរ និងឈុតហែលទឹក ដើម្បីជ្រើសយកបេក្ខនារីរូបណា ដែលមានភាពលេចធ្លោ សម្រាប់ឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ។ ជាការកត់សម្គាល់ទៅលើវិញ្ញាសា «ឈុតតំណាងជាតិ» នោះ គេសង្កេតឃើញកញ្ញា ឆន ស្រីណេត បានគ្រងឈុតសម្លៀកបំពាក់ ដែលជានិមិត្តសញ្ញាជាតិរបស់ខ្មែរក្រោម នៅទូទាំងពិភពលោក នោះគឺ សញ្ញា «រាហូចាប់ចន្ទ» ដែលជាជំនឿ នៅក្នុងសង្គមខ្មែរក្រោម តាំងពីយូរយារណាស់មកហើយ ។
ជាមួយសម្លៀកបំពាក់តំណាងជាតិដ៏ពិសិដ្ឋ រួមនឹងរូបសម្រស់ដ៏ស្រស់ស្អាត ដើរបង្ហាញម៉ូដ ក្នុងព្រឹត្តការណ៍ប្រកួតសម្រស់នោះ គេក៏សង្កេតឃើញ បវកញ្ញាចក្រវាលតំណាងឲ្យកម្ពុជាក្រោម កញ្ញា ឆន ស្រីណេត ធ្វើបានល្អបំផុត ទាំងកាយវិការ និងទឹកមុខនៅលើឆាក ប្រកបដោយភាពជឿជាក់បំផុត ។
ថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ នារីខ្មែរក្រោម កើតក្នុងគ្រួសារកសិករ ដែលមានសមាជិក ៥ នាក់ បង្ហាញពីគោលបំណងដ៏ធំបំផុត ដែលបណ្តាលឲ្យវត្តមានរបស់នាងក្នុងកម្មវិធី Miss Universe Cambodia 2021 នេះ គឺចង់បង្ហាញថា ខ្លួនក្នុងនាមជាជនជាតិដើមម្ចាស់ស្រុក នៅដែនដីកម្ពុជាក្រោម ហើយតាមរយៈវេទិកាដ៏ធំមួយនេះ ក៏ជាឱកាស ដើម្បីនាងបង្ហាញឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ថា «ខ្មែរក្រោម ជានរណា» ផង ។
កញ្ញា ឆន ស្រីណេត ៖ គោលបំណង ដែលណេតដាក់ពាក្យចូលប្រកួតក្នុងកម្មវិធី Miss Universe Cambodia 2021 គឺណេតចង់ឲ្យខ្មែរក្រោមយើង មានឈ្មោះនៅលើវេទិកាដ៏ធំមួយនេះ ។ ហើយមួយទៀតនោះ គឺណេតចង់បង្ហាញឲ្យពីពភលោកដឹងថា ខ្មែរក្រោមយើងជានរណា ហើយនៅទីណា និងមួយទៀត ណេតចង់បង្ហាញ ពីសមត្ថភាពខ្លួនឯង ហើយប្រើសំឡេងបវរកញ្ញាមួយហ្នឹង ដើម្បីជួយដល់សង្គមជាតិ ។
នៅពេលសួរថា មូលហេតុអ្វី បានជានាងជ្រើសរើសយកនិមិត្តសញ្ញា «រាហូចាប់ចន្ទ» ជា «ឈុតតំណាងជាតិ»? ។ កញ្ញា ឆន ស្រីណេត ឆ្លើយតបយ៉ាងដូច្នេះ ។
កញ្ញា ឆន ស្រីណេត៖ មូលហេតុ ដែលណេតជ្រើសរើសយកឈុតតំណាងជាតិជារហូចាប់ចន្ទហ្នឹង គឺណេតចង់បង្ហាញពី ក្តីសង្ឃឹម ការស្រឡាញ់ និងក្តីនឹករឭករវាងបងប្អូនខ្មែរយើង ។ ក្តីសង្ឃឹមហ្នឹង ចង់និយាយថា បើទោះបីជាយើង កំពុងរស់នៅក្នុងទីភពងងឹតក៏ដោយ ក៏យើងនៅតែមានក្តីសង្ឃឹមថា នឹងនៅមានពន្លឺ ហើយក្តីស្រឡាញ់ ក្តីនឹករឭកហ្នឹង ចង់និយាយថា បងប្អូនខ្មែរយើង ទោះនៅទីណាក៏ដោយ ក៏នៅតែមានបេះដូងជាខ្មែរ ហើយនឹងឈាមខ្មែរ ចេះស្រឡាញ់គ្នា ចេះសាមគ្គីគ្នា ។ អ៊ីចឹង! ណេតចង់បង្ហាញឈុតនេះ នៅលើវេទិកាមួយនេះ ។
លោក ថាច់ បូរិន ហៅ ទឹកគ្រឿង អ្នកច្នៃម៉ូតជូនបេក្ខភាព កញ្ញា ឆន ស្រីណេត ឲ្យដឹងថា គោលបំណងសំខាន់ ដែលលោករចនាឈុតសម្លៀកបំពាក់ ដែលជាអត្តសញ្ញាណជាតិ គឺចង់ដាស់សតិអារម្មណ៍ទៅដល់មហាជន ឲ្យងាកមកយកចិត្តទុកដាក់ទៅលើពលរដ្ឋខ្មែរក្រោម មិនថាពួកគេរស់នៅទីណាឡើយ គឺនៅតែគោរព និងរក្សានូវវប្បធម៌ខ្មែរ ពិធីបុណ្យប្រពៃណីជាតិ រក្សាបាននូវវត្តព្រះពុទ្ធសាសនា អក្សរសាស្ត្រ សិល្បៈ សម្លៀកបំពាក់ ដូចពលរដ្ឋខ្មែរ នៅកម្ពុជា ដែរ ។
លោក ថាច់ បូរិន ៖ សម្លៀកបំពាក់ហ្នឹង ខ្ញុំចង់បង្ហាញឡើង ដើម្បីឲ្យគេស្គាល់យើងជាខ្មែរក្រោម ។ មួយទៀត! ចង់បង្ហាញថា ខ្មែរក្រោម ទោះយើងនៅទីណា ក៏យើងនៅតែជាខ្មែរ យើងទៅដល់ទីណា ក៏យើងនៅតែស្រឡាញ់នូវវប្បធម៌របស់ខ្លួនឯង ស្រឡាញ់បងប្អូនជាតិសាសន៍តែមួយ ។ និយាយអំពីពណ៌ នៅលើសម្លៀកបំពាក់វិញ យើងប្រើពណ៌ស និងពណ៌ខ្មៅ គឺបង្ហាញពីភាពងងឹត និងពន្លឺ ជាមួយក្តីសង្ឃឹម ។ ទោះយើងរស់នៅក្នុងស្ថានការណ៍បែបណា នៅក្នុងសង្គមបែបណា ក៏យើងនៅតែមានសេចក្តីសង្ឃឹមទៅមុខជានិច្ច ។

អ្នកមានភាពប៉ិនប្រសប់ ក្នុងការបង្កើត និងច្នៃម៉ូត សម្លៀកបំពាក់ប្រពៃណី និងបុរាណដ៏ប្រណិត អាយុ ៣០ ឆ្នាំ ដែលមានឪពុកម្តាយជាខ្មែរមកពីខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ប៉ុន្តែ លោកមានកំណើតកើតជា នៅក្នុងប្រទេសកម្ពុជា រូបនេះ ឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យលោកមានគំនិតច្នៃប្រឌិតរចនាឈុតតំណាងជាតិកម្ពុជាក្រោម ដោយរួមបញ្ជូលជាមួយ និងទ្រង់ទ្រាយក្បូរក្បាច់អនេកអន័គ្ឃយ៉ាងល្អពិចិត្រ នៃគ្រឿងលំអកាយ ប្រកបដោយភាពរស់រវើករបស់សិល្បៈខ្មែរ គឺប្រតិដ្ឋឡើងតាមលំនាំនៃរឿងនិទាន «រាហូចាប់ចន្ទ» ។ បើតាមលោក លោក ថាច់ បូរិន «រាហូចាប់ចន្ទ» ត្រូវបានប្រើជានិមិត្តសញ្ញានៃបងប្អូនខ្មែរក្រោម ក្នុងន័យសាមគ្គីភាព និងការស្រឡាញ់រាប់អាន ចំពោះជាតិសាសន៍ដទៃ បីដូចជាបងប្អូនបង្កើត នៅទូទាំងសកលលោក ។ លោក ថាច់ បូរិន បានដាក់ឈ្មោះឈុតសម្លៀកបំពាក់ប្រពៃណីតំណាងឲ្យជាតិកម្ពុជាក្រោម នោះថា «ពន្លឺសង្ឃឹមក្រោមនឹមអសុរិន្ទ» ។
លោក ថាច់ បូរិន ៖ បាទ! ទីមួយ រាហូចាប់ចន្ទ គឺជានិមិត្តសញ្ញា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អ៊ីចឹង វាជាតំណាងឲ្យខ្មែរក្រោម ទាំងអស់ ។ ហើយម្យ៉ាងទៀត! យើងត្រូវបង្ហាញជាមុនសិន ថា យើងជានរណា ទើបឲ្យគេស្គាល់ពីយើងថា យើងមានអ្វីខ្លះ ។ ជាពិសេសបង្ហាញឲ្យពិភពលោកស្គាល់ ថា ខ្មែរក្រោមជានរណា? ។ បាទ! ក្នុងកម្មវិធីហ្នឹង គឺឃើញមានបងប្អូនខ្មែរយើង មានអ្នកគាំទ្រច្រើន ពួកគាត់បង្ហាញពីក្តីស្រឡាញ់ និងអាណិតមកលើយើងច្រើន ។ ព្រោះថា ពេលបវរកញ្ញាយើងចេញទៅ គឺមានអ្នកទះដៃគាំទ្រច្រើនមែនទែន ។
គួរជម្រាបជូនថា ក្នុងព្រឹត្តិការណ៍វគ្គជម្រុះបឋម Miss Universe Cambodia 2021 កាលពីថ្ងៃទី ២១ ខែតុលា នេះ កញ្ញា ឆន ស្រីណេត ទទួលបានពានរង្វាន់ «Beauty of Face» ផងដែរ ។
ទាក់ទងនឹងនិមិត្តសញ្ញា «រាហូចាប់ចន្ទ» នេះដែរ! តើសញ្ញា «រាហូចាប់ចន្ទ» មានប្រវត្តិ និងអត្ថន័យយ៉ាងណា នៅក្នុងជំនឿរបស់ខ្មែរក្រោម? តើពលរដ្ឋខ្មែរក្រោម បានយកសញ្ញានេះ មកធ្វើជានិមិត្តសញ្ញារបស់ខ្លួន តាំងពីពេលណាមក? ។
បើយោងតាមព្រឹត្តិបត្រ «កម្ពុជាក្រោម» លេខ ១ ចេញផ្សាយ ឆ្នាំ ១៩៨៤ ដោយ សមាគមខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក បានចុះផ្សាយនូវអត្ថន័យនៃសញ្ញា «រាហូចាប់ចន្ទ» ដែលបានទទួលស្គាល់ ដោយមហាសន្និបាតខ្មែរកម្ពុជាក្រោម ថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៨៤ ថា ៖ «រូបសញ្ញានេះ យកតាមខ្លោងទ្វារចូលទៅកាន់ទីស្នាក់ការ មិត្តសមាគមខ្មែរកម្ពុជាក្រោម ប្រចាំខេត្តឃ្លាំង» ។
ខ្លឹមសារដើមនៃសេចក្ដីអនុម័តនេះ បានបញ្ជាក់ថា ៖ «រឿងព្រេងខ្មែរដំណាលថា រាហូ និង ចន្ទ ជាបងប្អូនបង្កើត តែត្រូវរស់នៅឆ្ងាយពីគ្នា ។ តាមការព្រាងទុក រាហូ និង ចន្ទ ត្រូវវិលជួបគ្នាក្នុងមួយឆ្នាំម្ដង ។ ពេលជួបគ្នាម្ដងៗ រាហូតែងតែ ចាប់ចន្ទមកញាំញីឱបរឹត ដើម្បីឲ្យស្បើយនូវការអាឡោះអាល័យ ហើយពេលខ្លួះ រហូតដល់ចង់ចាប់ចន្ទមកលេបទុកទៀតផង ដោយហេតុមិនចង់ឲ្យបែកគ្នាតទៅទៀត »។
អធិប្បាយ ៖
ចន្ទ ៖ ជានិមិត្តរូបនៃខ្មែរកម្ពុជាក្រោមទាំងមូល ដែលមានរូបសម្ផស្សឆោមល្អភ្លឺត្រចះត្រចង់ ខ្ពស់ត្រដែតធ្វើឲ្យជាតិសាសន៍ដទៃគោរពរាប់អាន ។
រាហូ ៖ ជានិមិត្តរូបនៃខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅបរទេសទាំងអស់ ហើយក៏ជានិមិត្តរូបនៃកម្លាំងសាមគ្គីមួយយ៉ាងមាំរបស់ខ្មែរកម្ពុជាក្រោមទូទៅ ហើយកំពុងចាប់ចន្ទ យកមកឱបថ្នាក់ថ្នមរក្សាតរៀងទៅ ។
រាហូចាប់ចន្ទ ៖ គឺជានិមិត្តរូបនៃការស្រឡាញ់រាប់អានគ្នា ជិតស្និទនឹងគ្នាស្គាល់ធុរៈគ្នា លើកស្ទួយគ្នាគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាមានអាសន្នហាក់ បីដូចជាបងប្អូនបង្កើត» ។
ទំនៀមខ្មែរ ដែលនៅរាប់អានគំនូររូបរាហូមកដល់សព្វថ្ងៃនេះ ព្រោះយល់ឃើញថា «រាហូ ជាអ្នកខ្លាំងពូកែ មានអានុភាពច្រើន» បានជាគេគូរនៅហោជាងវិហារ ឬ ជញ្ជាំងប្រាសាទ ឬក៏សាក់នៅជាប់នឹងខ្លួនផង គឺគេចង់ឲ្យខ្លួនគេបានពូកែ ដើម្បីការពារនូវភយន្តរាយទាំងឡាយ មានខ្មោចបិសាច ជាដើម ។
ចំណែកគំនិតខ្មែរក្រោម ដែលបានអនុម័តជាផ្លូវការយករូប «រាហូចាប់ចន្ទ» មកធ្វើជានិមិត្តសញ្ញាជាតិនោះ ព្រោះយល់ឃើញថា រាហូ និង ចន្ទ ជាបងប្អូនបង្កើត មានសេចក្ដីស្រឡាញ់រាប់អានគ្នាដោយស្មោះស្មគ្រភក្ដីភាពមិនប្រែប្រួល ប្រៀបបាន នឹងប្រជាជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម និងនៅជុំវិញ ពិភពលោក តែងតែស្រឡាញ់រាប់អានគ្នាដោយស្មោះស្មគ្រ ចេះជួយដោះទុក្ខធុរៈគ្នា និងលើកស្ទួយគ្នាគ្រប់ កាលៈទេសៈ ជានិច្ចនិរន្ត ។
ត្រឡប់ទៅក្នុងកម្មវិធីត្រៀមប្រឡងវគ្គផ្តាច់ព្រ័ត្រ Miss Universe Cambodia 2021 ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២១ នេះ ចាប់ពីម៉ោង ៨ យប់ ដោយមានការផ្សាយផ្ទាល់នៅលើស្ថានីយទូរទស្សន៍បាយ័នផងនោះ ។ កញ្ញា ឆន ស្រីណេត បញ្ជាក់ថា នាងនឹងខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាព និងប្ដេជ្ញាចិត្តធ្វើឲ្យបានល្អ ដើម្បីដណ្ដើមជ័យលាភី ក្នុងការប្រកួតនេះ ។ កញ្ញា បានថ្លែងនូវអំណរគុណ ចំពោះការគាំទ្រខ្លួន នាពេលកន្លងមក ហើយសង្ឃឹមថា ពួកគេនឹងនៅតែបន្តចូលរួមបោះឆ្នោតគាំទ្រនាង សម្រាប់ពានរង្វាន់ប្រកួតកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំនេះ ។
កញ្ញា ឆន ស្រីណេត ៖ ជាចុងក្រោយ គឺណេត មានពាក្យផ្តាំផ្ញើទៅកាន់ពុកម៉ែ បងប្អូន ទាំងអស់គ្នា មិនថា ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាល អីទេ គឺសូមឲ្យពួកគាត់ថែរក្សាសុខភាព និងចៀសផុតពីជម្ងឺកូវីដ-១៩ ។ ហើយថ្ងៃទី ២៨ ខែតុលា ហ្នឹង គឺជាថ្ងៃផ្តាច់ព្រ័ត្ររបស់កម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២១ សូមពុកម៉ែ បងប្អូនទាំងអស់ ដែលបានតាមដានកម្មវិធីហ្នឹង សូមឲ្យពួកគាត់ជួយគាំទ្រ ជួយបោះឆ្នោតឲ្យណេតផង ដើម្បីទទួលបានជ័យលាភីក្នុងការប្រកួតមួយនេះ ។ [ជាថ្មី] ម្តងទៀត! សូមអរគុណទៅដល់បងប្អូនទាំងអស់គ្នា ដែលបានគាំទ្រ ណេត កន្លងមក សូមឲ្យពួកគាត់សុខសប្បាយ ហើយនឹងសុខភាពល្អ ។