បន្ទាប់ពីធ្វើសន្និបាត ប្រចាំឆ្នាំ ២០១៦ រយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ១៣, ១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីសម្រេចរួមមួយ ផ្ដោតលើផែនការសំខាន់ៗ សម្រាប់យកទៅអនុវត្ត នៅក្នុងឆ្នាំ ២០១៧ នេះ ។ ក្រៅពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រកាស ព័ត៌មានបន្ទាន់មួយ ដក លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ ដោយសារ លោក ថាច់ ង៉ុក ថាច់ បានបំពានលើក្រមប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ នេះ ក្នុងចំណោម ១៤ អង្គ និងរូប នៃគណៈកម្មការនាយក របស់សហព័ន្ធខ្មែរកម្ពុជាក្រោម មាន ១៣ អង្គ និងរូប បានអនុវត្តតាមលក្ខន្តិកៈរបស់ខ្លួនបោះឆ្នោត ជាឯកច្ឆន្ទ ១៣ លើ ១ សំឡេង ក្នុងការដកសេចក្ដីទុកចិត្តលើ លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម និងដកលោក ថាច់ ង៉ុក ថាច់ ចេញពីប្រធានគណៈកម្មការប្រតិបត្តិ ចាប់ពីពេលនេះតទៅ តែលោក ថាច់ ង៉ុក ថាច់ នៅតែជាសមាជិកគណៈកម្មការនាយកដដែល ។
សេចក្ដីប្រកាសព័ត៌មាននេះ ក៏បានបញ្ជាក់ដែរថា លោក ថាច់ វៀន បច្ចុប្បន្នជាអធិបតីនៃសហព័ន្ធខ្មែរ កម្ពុជាក្រោម នឹងទទួលភារកិច្ចជាប្រធានប្រតិបត្តិបន្តជំនួស លោក ថាច់ ង៉ុក ថាច់ វិញ ។
លោក សឺង ហួរ អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងប្រកាសនូវសេចក្ដីសម្រេចរបស់ សន្និបាតប្រចាំ ២០១៦ និងសេចក្ដីប្រកាសព័ត៌មានបន្ទាន់ ស្ដីពីការដក លោក ថាច់ ង៉ុក ថាច់ ចេញពី ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ដូចតទៅ៖
យោងតាម តាមលក្ខន្តិកៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម រៀងរាល់ ៤ ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោមតែងតែ ធ្វើមហាសន្និបាតម្ដង ដើម្បីបោះឆ្នោតជ្រើសរើស គណៈកម្មការនាយក សម្រាប់ដឹកនាំអង្គការរបស់ខ្លួន ។ ការបោះឆ្នោតនេះ បេក្ខជនដែលមានសំឡេងឆ្នោតច្រើនជាងគេ នឹងបានជាប់ជាបេក្ខជនគណៈកម្មការ នាយក ។ បន្ទាប់មក បេក្ខជនជាប់ឆ្នោត ជាគណៈកម្មការនាយក ទាំង ១៤ រូបនេះ នឹងបោះឆ្នោតជ្រើស តាំងតួនាទីអធិបតី និងប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
យោងតាមលក្ខន្តិកៈ របស់សហព័ន្ធខ្មែរកម្ពុជាក្រោមដដែល ស្ដីពីការដកហូតតួនាទីរបស់សមាជិក គណៈ កម្មការនាយក បានចែងថា ប្រសិនបើគណៈកម្មការនាយករូបណាម្នាក់ បានរំលោភបំពានលើលក្ខន្តិកៈ ឬ ក្រមប្រតិបត្តិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម សមាជិកគណៈកម្មការនាយកទាំងអស់ នឹងបោះឆ្នោត សំឡេង ២ ភាគ ៣ អាចដកហូតតួនាទី របស់សមាជិកគណៈកម្មការ រូបនោះបាន ។
កាលពីខែឧសភា ឆ្នាំ ២០១៦ នៅក្នុងមហាសន្និបាត លើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង សាន់ហូសេ (San Jose) រដ្ឋ California សហរដ្ឋអាមេរិក លោក ថាច់ ង៉ុក ថាច់ ត្រូវបានសមាជិកគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បោះឆ្នោតជ្រើសតាំងលោកឲ្យធ្វើជា ប្រធានប្រតិបត្តិមួយអាណត្តិបន្តទៀត ដើម្បីដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ។
សូមបញ្ជក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់ខ្មែរក្រោម ដែលមានមូលដ្ឋានសហរដ្ឋអាមេរិក ធ្វើការតស៊ូដោយសន្តិវិធី ដើម្បីស្វែងរកសិទ្ធិ សម្រេចវាសនា ខ្លួនដោយខ្លួន ជូនពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។