សូមនមស្សការចំពោះ ព្រះរតនត្រ័យ ។ សូមថ្វាយបង្គំដល់ព្រះសង្ឃគ្រប់អង្គ ។ សូមជំរាបដល់លោកតា លោកយាយ មាមីង បងប្អូន យុវ័ន- យុវតីនិង ប្រជាពុទ្ធបរិស័ទខ្មែរទាំងអស់ ជាទីគោរពនិងស្រឡាញ់ ។
ខ្ញុំព្រះករុណា ខ្ញុំបាទ តាំងនាមសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក សូមតំណាងគណៈកម្មការនាយក គណៈកម្មការសាខា សហព័ន្ធ គណៈកម្មការសមាគម និងគណៈកម្មការវត្ត វត្តខ្មែរក្រោម ទូទៅនៅជុំវិញភពផែនដី ។ ឆ្នាំនេះបុណ្យសែនដូនតា ឬបុណ្យភ្ជុំបិណ្ឌនឹងចូលមកនៅ ថ្ងៃចន្ទ ១៥ រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព. ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៥ ។

បុណ្យសែនដូនតា ជាបុណ្យប្រពៃណី ជាបុណ្យឧទ្ទិសមគ្គផល ដល់ញាតិកាទាំងប្រាំពិលសន្តាន ដែលបានចែកឋានទៅកាន់ បរលោកហើយនោះ ហើយក៏ជាបុណ្យរំឭកគុណ និងរំឭកវិញ្ញាណក្ខន្ធដល់បុព្វការីជន ដែលបានពលីកម្មជីវិត ដោយមូលហេតុ ជាតិសាសនាខ្មែរក្រោមតរៀងមក ។ ពិធីនេះ នៅបណ្តាប្រទេសធំៗដូចជាសហរដ្ឋអាមេរិក បារាំងសេះអាល្លីម៉ងន៍ អង់គ្លេស កាណាដា ។ល។ គេធ្វើបុណ្យរំឭកគុណ និងរំឭកវិញ្ញាណក្ខន្ធ ដល់បុព្វការីជនរបស់គេ ជាផ្លូវការ យ៉ាងមហោឡារិកអធិកអធម្ម ថ្លៃថ្នូរ នៅគ្រប់ក្រុង គ្រប់ខេត្តរបស់គេ ។ ជាពិសេស យុទ្ធជន យុទ្ធនារីរបស់គេដែលបានបូជា ជីវិតនៅក្នុងសមរភូមិក្នុង សង្គ្រាមលោកលើកទីមួយ (១៩១៤-១៩១៨) និង ទី ២ (១៩៣៩-១៩៤៥) ។ ព្រោះគេយល់ថាប្រ ទេសគេបានសុខចំរើន និងប្រជាពលរដ្ឋ គេបានសុខសន្តិភាពរហូតមកទល់នឹងសព្វថ្ងៃនេះ គឺដោយសារការបូជាជីវិតរបស់បុព្វបុរសរបស់គេ ។
ចុះបុព្វបុរសរបស់ខ្មែរក្រោមយើង ដែលយើងរំឭកគុណ និងគោរពវិញ្ញាណក្ខន្ធនៅពេលនេះ តើអស់លោកទាំងនោះបានបូជា នៅក្នុង សមរភូមិណាដែរ? – សូមប្រគេននិងជំរាបថា បុព្វការីជនខ្មែរក្រោមយើងបានបូជាជីវិតរាប់លាន សែននាក់ជាងពីររយឆ្នាំ រហូត មកសព្វ ថ្ងៃនេះ គឺនៅគ្រប់សម័យកាល នៅគ្រប់តំបន់ នៅក្នុងជ្រោយសុវណ្ណភូមិ ដែលយើងមិនអាចរៀបរាប់ឱយអស់បាន ។ យើង គ្មានសិទ្ធិ្វធ្វើក្រាំងមាស សរសេរជាឯកសារ ឬធ្វើបដិមាសំរាប់ដំកល់ទុក ជាទីសក្ការៈ នៅលើទឹកដីកំណើតរបស់ខ្លួន យើងគ្មានសិទ្ធិ រំឭកនូវថ្វីដៃ ឬរៀបរាប់់នូវវីរភាព របស់ដូនតាយើងទេ ។ ក៏ ប៉ុនែ្ត យើងក៏មានមោទនភាពជាតិមួយដែរ ទោះបីជាតិយើងត្រូវពួក អាណានិគមជិះជាន់សង្កត់សង្កិនគ្រប់រូបភាពហើយគ្មានពេលល្ហែក៍ដោយចុះ ក៏កូនចៅខ្មែរក្រោមយើង នៅតែមានវីរជនយកជីវិត ទៅប្តូរយកសិទ្ធិសេរីភាព ខំថែរក្សានូវទំនៀមទំលាប់ ប្រពៃណី វប្បធម៌ អក្សរសាស្ត្រ តាំងពីដើមរៀងរហូតមក ។ ថែមពីលើ នោះទៀត នៅចុងសតវត្សរ៍ទី ២០ និងដើមសតវត្សរ៍ទី ២១ នេះ បងប្អូនយើងមានភពវាសនា ត្រូវបានវត្ថុស័កសិទ្ធិ ជំរុញ ឱយមករស់នៅ ក្នុងប្រទេសសេរី ទើបយើងមានឱកាសរំឭកនូវវីរភាពនិងគុណូបការរបស់បុព្វការីជនរបស់យើង ។ ក៏ប៉ុន្តែ ដោយសារគ្មានឯកសារម្ល៉ោះហើយ យើងមិនអាចស្គាល់ ព្រះនាមឬឈ្មោះ របស់វីរបព្វជិត វីរបុរស វីរនារីរបស់យើង មុនសម័យកាលកំពប់តែអុង (១៨១៣-១៨២០) និងក្រោយសម័យឱកញ៉ា សឺង គុយ (១៩៤១) វីរបុរសជាតិនិងសេនាដ៏ខ្លាំងក្លា តាម៉ង ហ្មឺនឯក មនោរស់ និងទេស្សាសោម(១៨៤៧) នៅព្រះត្រពាំង ។ ចៅហ្វាយស្រុកសុខ និងសេនាសួសិ៍នៅខេត្តឃ្លាំង (១៨៥៦) សេនាមាន់និង សេនាទៀ ខេត្តពលលាវ(១៨៦០)។ល។ សម័យអាណានិគមបារាំងសេះ (១៨៦៧-១៩៥៤) មេទ័ព គង់នួន ខេត្តកោះ គង(Gò Công =១៨៦៧ ) សម្តេចសឺង ឌៀប នៅខេត្តឃ្លាំង(១៨៥៥-១៩៣៤) ឱកញ៉ាឡឹម ឯម នៅខេត្តពលលាវ(១៨៩៨-១៩៧៩? )។ព្រះមេគណខេត្តព្រះត្រពាំង សឺង លី(១៨៧៦-១៩៤៦ ) សម័យកាប់យួន(១៩៤៥-១៩៤៦) តាមពិត យួនកាប់ខ្មែរសោះ ជនរួមឈាមយើង នៅខេត្តព្រះត្រពាំង មានភូមិណងណើង – រាជមល្ល -ចេក ជ្រំ ធ្លកទទឹង -ធ្លកបណ្តោយ -ភៀវ -កាន់ស្នម -ត្រពាំងវែង -កំពង់ទូក -ចុងមិ-សជើង ត្បូង -ផ្នោលើ -ដំបូកបី -កោះស្វាយរកាចាស់-រកាថ្មី-ពាំងពើ-អញ្ចាញ់-ទឹកយប់ -ផ្នោរាំង។ល។រាប់ពាន់នាក់ត្រូវយួនយៀកមិញ ចាប់ចងគ្រៀក និងសណ្តោងថ្មបាយក្រៀម រួចច្រានទម្លាក់ព្រែក កំពង់ខ្ទឹងឱយរាវបង្កង ស្លាប់អស់គ្មានសស់។ ជនរួមជាតិយើង រាប់ម៉ឺននាក់ នៅដាំកិន ដាំយើយ យ៉ារាយ ហោផុង ផ្នោអណ្តែត កោះមួយហត្ថ ។ល ។ នៅខេត្តពលលាវនិងទឹកខ្មៅត្រូវយួនចាប់ ដាក់ជង្រុក ស្រូវ រួចដុតទាំងរស់ ។ នៅសម័យ ៤៥-៤៦ នេះដែរ តាទ្រីវ ឡាក់ វីរជន បានរំដោះមេម៉ាយ ៥០០ (ប្តីត្រូវយួនយៀកមិញ សំលាប់)ពីខេត្តទឹកខ្មៅមករស់នៅជ្រោយញ ខេត្តពលលាវ ។ យុវជនដែលបានបូជាជីវិតនៅសមរភូមិ ព្រែកគយ កូនក្អែក ដងក្តោង ផ្តៅពេន ព្រែកចាក ដើមពោធិ៍ អណ្តូងទឹក ខ្វិនតាំង ផ្នោតាសេក ចាកខ្ទឹង បឹងទៀក បឹងខ្យង។ល។ នៅខេត្តឃ្លាំងនាឆ្នាំ ៤៦ តា ថាច់ ហ៊ឹម (១៨៩៦-១៩៤៦) តា ឡឹម ណុប (១៨៩៦-១៩៤៦) យុវជន ស៊ាង -ថាច់ វង់ -ឡឹម គុន -ឡឹម កីម -សឺង គាំង-និង យុទ្ធជន-នារី រាប់រយនាក់ឬទៀត ដែលបានចូលរួម នៅ សម រភូមិខាងលើនេះដែរ ប៉ុន្តែគ្មានឈ្មោះ ។ នៅខេត្តក្រ មួនស ត្រូវយួនយៀកមិញសម្លាប់ នៅឆ្នាំ១៩៤០ មានអស់លោក យ៉ាញ់ មៀ (១៩១២-១៩៤៧) -យ៉ាញ់ អង (១៩១៦-១៩៤៦)-យ៉ាញ់ ថេរ (១៩០០-៤៥) – តាយ៉ាញ់ អ៊ក (១៩០១-១៩៤៧)- អ្នកស្រីយ៉ាង ធី សឺង (១៩៣០-១៩៤៨) ។
នៅទសវត្សរ៍ ៦០ ព្រះចៅអធិការវត្តឃ្លាំង ត្រឹង ឃាន ព្រះបាឡាតគណ ព្រះត្រពាំងសឺង វង់ (១៨៩៥-១៩៦៣) ព្រះមេគណព្រែក ឫស្សី ថាច់ វណ្ណី (១៩៦៩) លោកប្រធានចលនាខ្មែរសេរី ថាច់ តួង (១៩៦០) លោកឡឹម លី និងគ្រួសារជាប្រធានចលនាខ្មែរសេរី ខេត្តពលលាវ ។ នៅខេត្តមាត់ជ្រូក ព្រះវិន័យធរគណ ចៅ ភឿក (១៩៥០-៦៤ )។ លោកយ៉ាញ់ ថាវ យ៉ាញ់ ឌៀប (១៩០៤-១៩៦៤)-យ៉ាញ់ គី (១៩០៣-១៩៦៩) យ៉ាញ គាត់ (១៩០៤-១៩៦៤) អ្នកស្រី ធី ឃឿក(១៩១៩-១៩៦៩ ) លោក ឡឹម ហាយ ស្រាង (១៩៣៩-៦៩) យ៉ាញ់ មេន (១៩៣៧-១៩៦៩)។ល។
នៅទសវត្សរ៍ ១៩៧០ សម័យសាធារណរដ្ឋខ្មែរ យុទ្ធជន-នារីខ្មែរក្រោមជាងបីម៉ឺននាក់ បានហែលច្រាស់ទឹកទៅជួយខ្មែរនៅកម្ពុជា បាន ពលីកម្មជីវិតនៅសមរភូមិ នៃបិតុភូមិជាទីគោរព រាប់ទាំងប្រព័ន្ធកូនផង ខ្មែរក្រោមបានស្លាប់ មិនតិចប្រាំម៉ឺននាក់ រហូតមកទល់ សព្វថ្ងៃនេះ យើងក៍មិនបានប្រទះឃើញ បញ្ជីមាស ឬរូបចម្លាក់ ឬយ៉ាងហោចណាស់ មានស្តូបមួយសំរាប់រំឭកគុណវីរជន វីរនារីទាំង នោះផងទេ សូម្បីខ្មែរក្រោមដែលបានមករស់នៅប្រទេសសេរី ក៍មិនខុសគ្នា ប៉ុន្មានដែរ ។
ឆ្នាំ ១៩៧៣ នៅវត្តស្វាយសៀមថ្មី ខេត្តព្រះត្រពាំង ខ្មែរកំពុងធ្វើបុណ្យ យួនបានបោកគ្រាប់បែកបណ្តាល ឱយស្លាប់ ៣២ និង របួស ៧២ នាក់ ។ នៅខេត្តពលលាវ នាថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៩៧៣ មហា សឺង ថាន វត្តព្រៃជាប់ ១៩៣៣-១៩៧៣ និងយុវជន លី ឧត្តម ត្រូវយួនសេរីបាញ់ប្រហារ នៅស្នែត ។
នៅខេត្តក្រមួនសនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៧៤ មានព្រះពហូសូត្រយ៉ាញ់ តឹប (១៩៤១-១៩៧៤) -យ៉ាញ់ ហម (១៩៥០- ១៩៧៤) យ៉ាញ់ ហយ (១៩៥១-១៩៧៤) ព្រះអនុគណ ឡឹម ហុង (១៩៤៧-១៩៧៤) ត្រូវយួនសេរីបាញ់ប្រហារ ក្នុងពេលធ្វើ បាតុកម្ម ។ ព្រះមេគណ ជុំ មួង ខេត្តមាត់ជ្រូក (១៨៩៥-១៩៧៥)។ នៅខេត្តព្រះត្រពាំង វីរបព្វជិតយឿង សុខ (១៩៣-៧៥) – គឹម សុមន៍ (១៩៥២-៧៥) -គឹម សំណាង(១៩៦០-៧៥) ព្រះមេគណ ថាច់ រាជ(១៩២១-១៩៧៦) វីរបុរស ១៦ ខែវិច្ឆិកា ១៩៧៦ ថាច់ គឹន-ថាច់ ឌាក និង គឹម រី (តែបីរូបនេះ ត្រូវយួនបាញ់ប្រហារនៅឆ្នាំ ១៩៧៨) – ថាច់ ភី -ថាច់ មាំ -ថាច់ មាំង- ព្រះអនុគណកញ្ចោង គឹម ភិន- ព្រះចៅអធិការកំពង់លាវ ថាច់ ស -គឹម សុខ ។ល។ ព្រះមេគណ ខេត្តឃ្លាំង ថាច់ ពេច (១៩១៦-១៩៧៦ ) វីរសមណ ១៥ ខែឧសភា ៧៦ ខេត្តក្រមួនស ព្រះចៅអធិការ ចៅ មិត្ត-ចៅ ត្រាង គ្រូអាចារ្យ យ៉ាញ់ កែ (១៩១៣-៧៦) -យ៉ាញ់ វឿង-ថាច់ អ៊ិម ។ល។ បណ្ឌិត សឺង ង៉ុកថាញ់(១៩០៥-៧៧) លោកប្រធាន សឺង ថាយង្វៀង (១៩១១-១៩៧៧) ព្រះសង្ឃាធីបតី ថាច់ ងោស ហៅ កែវ ស្មែរ ១៩០៦-១៩៧៩ ។ នៅក្នុងភ្លើងសង្គ្រាម យួនយៀកណាម- អាមេរិកាំង (១៩៥៥-១៩៧៥) មានយុទ្ធជន-នារី ខ្មែរក្រោម បានពលីកម្មក្នុង សមរភូមិនេះ យ៉ាងហោចណាស់ មិនតិចជាង ៤ សែននាក់នោះទេ ព្រោះថា ខ្មែរស្លាប់ខ្លួន យួនស្លាប់ឈ្មោះ ។ ពេលយួនបាន ឯកភាពគ្នាវិញ គេមិនខ្ចីអរគុណខ្មែរ មួយម៉ាត់ផង ។ ចំណែកលោកគាំងវិញ គេថា ពួក ម៉ាយ ហ្វក់ គឺជាទាហានស៊ីឈ្នួល គ្មានគុណស្រ័យអីទេ ។ ព្រះសង្ឃាធិបតី ឡឹម ឯម(១៨៩៨-១៩៧៩) ។ សម័យមហាលោតផ្លោះ (១៧ ខែមេសា ឆ្នាំ ១៩៧៥ – ៧ ខែមករា ឆ្នាំ ១៩៧៩) ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ត្រូវយួនបន្លំជាខ្មែរពល់ ពត់សម្លាប់ផុតពូជ សូម្បីកូនខ្ចីម្នាក់ក៏មិនសេសសល់ដែរ ពិសេសនៅស្រុកបាកាន់ ខេត្តពោធិ៍សាត់ជាដើម ។
នៅទសវត្សរ៍ ៨០ គឺព្រឹត្តិការណ៍កាសេហា ៥០ អាណានិគមយួនយៀកកុងបានបង្កើត រណសិរ្សក្លែងក្លាយមួយមានឈ្មោះថា រណសិរ្សសាមគ្គីរំដោះជាតិកម្ពុជាក្រោម ខ្មែរក្រោមត្រូវចាប់ដាក់គុក ៥៧៥ នាក់ និងព្រះសង្ឃ ១៥២ អង្គ ។ ព្រះមេគណគឹម តុកចើង (១៩៣៥-៨៧) ត្រូវពួកវាវាយឱយសុគត់ហើយបូជាក្តារម្ឈុសទទេ គួរឱយសង្វេគណាស់ ។ ព្រះនាយក គឹម សាង (១៩២២-៨៨) ត្រូវពួកយួន ចាក់ថ្នាំឱយវង្វេងស្មារតីរួចសុគត់ ។ ព្រះនាយករង ថាច់ ភោគ ខេត្តលង់ ហោរ ពេលត្រូវធ្វើទារុណ្ឌកម្ម រហូតដល់សុគត់ហើយ ពួកវាបានវះពោះទៀត ។ នៅមានបងប្អូនរួមជាតិយើងជាច្រើនទៀត ត្រូវយួនធ្វើទារុណ្ឌកម្មយ៉ាងព្រៃផ្សៃ ខ្លះក៏បានស្លាប់នៅក្នុងគុក ខ្លះក៏ត្រូវស្លាប់នៅឆ្នាំបន្តៗ ដូច ថាច់ សាង ហៅ ម៉ាន់ មានខ្លះក៏ពិការមកទល់សព្វថ្ងៃនេះ ដូចជាលោក គឹម ប៊ុកកែវ -ថាច់ ញ៉។ល។ នៅ ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ពេល យួនមកឈ្លានពានស្រុកខ្មែរ បងប្អូនយុទ្ធជន-នារីខ្មែរក្រោម ត្រូវ ពួកវាចាប់មករងគ្រាប់ នៅសមរភូមិកម្ពុជា ធ្វើឱយខ្មែរក្រោមត្រូវស្លាប់មួយសាទៀត ។ ពេលយួនត្រួតត្រាស្រុកខ្មែរ នៅកម្ពុជា ក្រោមឯណេះវិញ ក៍ត្រូវពួកវាធ្វើទុក្ខបុកម្នេញ ដេញបាញ់ តាមកាប់សម្លាប់ ប្លន់ទ្រព្យសម្បត្តិ ដីធ្លីខ្មែរក្រោម ទាំងភ្នែកស្រស់ៗ បណ្តាល ឱយខ្មែរក្រោមរត់ចោលភូមិស្រុក គុម្ពឫស្សី ដីស្រែចំការជាទីស្រឡាញ់ ព្រាត់ឳពុកម្តាយ ប្រពន្ធកូនជាទីគោរពស្រឡាញ់ ។
នេះជាដំណើរផ្សងព្រេង ដែលយកអាយុជីវិតមកប្រឡែងនឹងមច្ចុរាជ តាមរយៈស្រុកខ្មែរ ។ នៅចន្លោះផ្លូវពីបាត់ដំបងមកកាន់ជំរុំ ជន ភៀសខ្លួនបងប្អូនខ្មែរក្រោមត្រូវឆ្លងកាត់គ្រោះថ្នាក់មួយសារទៀត គឺគ្រាន់តែនិយាយខ្មែររដឺនប៉ុណ្ណោះ ។
ឯស្រីៗខ្មែរក្រោមវិញ ត្រូវពួកចោរព្រៃមានឯកសណ្ឋានជាប៉ារ៉ា ចាប់រំលោភភេទ រួចសម្រាត់ខោដោះអាវ សល់តែរាងកាយអាក្រាត់ ននល់គោក ហើយឱយដើរពាសពេញព្រៃ ដូចជាសត្វទោច មានស្ត្រីខ្លះទៀត ក៏ត្រូវចាប់រំលោភភេទនៅចំពោះមុខប្តី ដែលកំពុងជាប់ ចំណង ។ល។ នេះជាប្រវត្តិចុកឈាម ដែលអ្នកផ្សងព្រេងខ្មែរក្រោមត្រូវឆ្លងកាត់ក្នុងដំណើរស្វែងរកសិទ្ធិសេរីភាព។
នៅក្នុងភ្លើងសង្គ្រាម ៦៦ ឆ្នាំ និងការតស៊ូទាមទារសិទ្ធិសេរីភាព ខ្មែរក្រោមត្រូវស្លាប់យ៉ាងហោចណាស់ក៏មិន តិចជាងកន្លះ លាននាក់ គឺឆ្អឹងគរជាភ្នំឈាមហូរជាស្ទឹង ជាបឹង ជាទន្លេ ។ ទោះបីខ្មែរក្រោមបាត់បង់ជីវិត នៅក្នុងករណីណាក៏ដោយចុះ ឬស្លាប់ដោយរោគា និង ជរាពាធ ដូចជាលោកប្រធានប្រតិបត្តិសហព័ន្ធ សឺង ទួន (១៩៥៦-២០០៧) ព្រះអតីតចៅអធិការវត្តសាមគ្គីរង្សី យឿង សិន (១៩៣៥-២០១០) ព្រះភិក្ខុ អ៊ាងសុខ ធឿន (២០០៧) ក៏រាប់ជាមរណភាពនៃបុព្វការីជន ដើម្បីជាតិ-សាសនាដែរ ។
សហព័ន្ធខ្មែរកម្ពុជាក្រោមសូមស្នងជូនបុព្វបុរសខ្មែរក្រោមទាំងអស់ ដោយសូមបន្តវេនរំដោះជាតិពីនឹមអាណានិគមលុះត្រាតែបាន សំរេចជាស្ថាពរ ។ សូមព្រលឹងស្នេហាជាតិនៃបុព្វបុរសទាំងអស់ ចូលមកសន្ធឹតនៅក្នុងបេះដូងខ្មែរគ្រប់រូប កុំបីឃ្លាងឃ្លាត ។ សូម ឈាមដូនតាខ្មែរក្រោមគ្រប់ដំណក់ ដែលបានហូរស្រោចលើប្រឋពីកម្ពុជាក្រោមក្លាយជាសំរែងគងជ័យ ដាស់ប្រមូល ខ្សែលោហិត ខ្មែរក្រោមគ្រប់ទិសទី ឱយក្រោកឈរទាមទារ សិទ្ធិស្វ័យសំរេចវាសនា សំរាប់ខ្មែរក្រោមយើង ។ សូមខ្មែរដែលរស់នៅគ្រប់ទិសទី គ្រប់តំបន់ក្នុងលោក ចូលរួមជាកម្លាំងដល់នាវាសហព័ន្ធកម្ពុជាក្រោមពិភពលោក ទើបយើងឆាប់បានដល់ត្រើយ នៃម្ចាស់ការ ។ មាន តែខ្មែរក្រោមយើងជំនាន់នេះហើយ ដែលធ្វើឱយព្រលឹងនៃបុព្វបុរសគ្រប់ជំនាន់ពីមុនមក បានស្ងប់ក្នុងសុគតិភព ។ ចាប់តាំងពីពេល នេះតទៅខ្មែរយើងត្រូវក្រោកឈរព្រមគ្នា ពង្រឹងនូវសាមគ្គីជាតិយ៉ាងរឹងមាំ ជុំវិញនាវាសហព័ន្ធខ្មែរកម្ពុជាក្រោមជានិច្ច នោះទើបទង់ ជាតិ ខៀវ លឿង ក្រហម ខ្មែរក្រោមយើង បង្ហូតលើអាកាស នាដែនដីកម្ពុជាក្រោមបាន ។
យំ យំ ឥច្ឆិតំ តំ តំសមិច្ឆតុ ចិត្តប្រាថ្នារបស់ខ្មែរក្រោមយ៉ាងណា ក៏សូមឱយបានសំរេចដូចក្តីប្រាថ្នា នោះគឺសិទ្ធិសម្រេចវាសនា ខ្លួនដោយខ្លួនឯង សូមអនុមាទនា! ។
ដោយគោរពដ៏ស្មោះពី ខ្ញុំព្រះករុណា ខ្ញុំបាទ
ធ្វើនៅទីក្រុង ប៉ារិស ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៥
ហត្ថលេខា លោក ថាច់ វៀង
អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម