សូមថ្វាយបង្គំព្រះសង្ឃគ្រប់អង្គ ជាទីសក្ការៈ!
សូមគោរពបងប្អូនខ្មែរ-ខ្មែរក្រោមទាំងអស់ ជាទីគោរព ស្រឡាញ់!
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៤ មិថុនា នេះ ខ្មែរក្រោមនៅគ្រប់ទិសទីជុំវិញភពផែនដី បានស្រុះគ្នា ប្រារព្ធពិធីកាន់ទុក្ខនៃទិវារំឭកខួបនេះ គឺជាថ្ងៃរំឭកនូវការឈឺចាប់មួយរបស់ខ្មែរយើង ។ ដើម្បីតប ស្នង នូវគុណូបការៈ នៃបុព្វការីជនខ្មែរយើងគ្រប់ជំនាន់ និងប្រាប់ដល់កូនចៅជំនាន់ក្រោយ ឲ្យបាន ដឹង បានយល់ គឺ ៦៦ ឆ្នាំហើយ ដែលបងប្អូនខ្មែរក្រោមដ៏សែនស្រណោះរបស់យើង ត្រូវរស់នៅ ក្រោមនឹមអាណានិគមថ្មី គឺយួនសេរីនិងយួនកុម្មុយនិស្ត ដែលបានធ្វើទុក្ខបុកម្នេញ មកលើបងប្អូន យើងគ្មានពេលល្ហែ ។

ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីបារាំង ឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) បានប្រកាសច្បាប់លេខ ៤៩-៧៣៣ មានសេចក្តីទាំងស្រុងដូចតទៅនេះ៖
យោងតាមមតិពីរដ្ឋសភា នៃសហភាពបារាំងសេះ, រដ្ឋសភា និងក្រុមប្រឹក្សា នៃសាធារណរដ្ឋ បារាំងបានសម្រេច ហើយអនុម័តដោយរដ្ឋសភានៃសាធារណរដ្ឋបារាំង ប្រធានាធិបតីនសាធារណរដ្ឋប្រកាសច្បាប់ដូចតទៅនេះ៖
មាត្រា១-ក្នុងក្របខណ្ឌមាត្រា ៦០ នៃសាធារណរដ្ឋបារាំងសេះ និងតាមមតិរបស់សភាកូស័ងស៊ីន នាសម័យប្រជុំថ្ងៃទី ២៣ មេសា ១៩៤៩ លក្ខន្តិកៈដែនដីកូស័ងស៊ីន ត្រូវបានកែប្រែ តាម មាត្រាដូចខាងក្រោម៖
មាត្រា២-ដែនដីកូស័ងស៊ីន ត្រូវបានតភ្ជាប់ទៅជារដ្ឋចំណុះរបស់យៀក ណាម យោងតាម សេចក្តីប្រកាសរួម ចុះថ្ងៃទី ៥ មិថុនា ១៩៤៨ និងសេចក្តី ប្រកាសរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋ បារាំង ចុះថ្ងៃទី ១៩ សីហា ១៩៤៨ ។ ដែនដីកូស័ងស៊ីន ឈប់ស្ថិតនៅក្នុងលក្ខន្តិកៈ ជាដែនដី ឯនាយ សមុទ្រ របស់បារាំងទៀតហើយ។
មាត្រា៣- ក្នុងករណីដែល ត្រូវកែប្រែលក្ខន្តិកៈ របស់រដ្ឋយៀកណាម ដែនដីកូស័ងស៊ីនត្រូវចាត់ទុកជា កម្មវត្ថុ នៃការសំរេចចិត្តរបស់សភាខាងលើ ដូចបានចែងនៅក្នុងមាត្រា ៧៥ នៃរដ្ឋធម្មនុញ្ញ (ចំពូក ៨ នៃសភាបារាំងសេះ )។
ច្បាប់នេះ ត្រូវបានអនុវត្តដូចជាច្បាប់រដ្ឋ ។
ធ្វើនៅទូលូ ថ្ងៃទី៤ មិថុនា ១៩៤៩
ហត្ថលេខា
វែនសង់ អូរិយ៉ូល (ប្រធានាធិបតី)
ហត្ថលេខា
ហង់រី កឿយ (នាយករដ្ឋមន្ត្រី)
ហត្ថលេខា
ប៉ូល កូស្តិ៍ ផ្លូរ៉េត៍ (រដ្ឋមន្ត្រីដែនដីបារាំង ឯនាយសមុទ្រ)
ដូចជាយើងទាំងអស់គ្នាបានជ្រាបស្រាប់ហើយថាដែនដីកូស័ងស៊ីន ឬ កម្ពុជាក្រោម មានទំហំ ៦៩ ពាន់ គីឡូម៉ែត្រក្រឡា នៅតំបន់ដីសណ្តទន្លេមេគង្គ ។ អាណានិគមយៀកណាមគ្រប់សម័យកាល គេខំរកគ្រប់មធ្យោបាយ ដើម្បីកេងបន្លំ និងកែច្នៃ បង្វែរដានប្រវត្តិសាស្ត្រ ហើយបិទបាំងនូវភ័ស្តុតាង ដើម្បីបដិសេធនូវភាពជាម្ចាស់ទឹកដីរបស់ខ្មែរក្រោមយើង ។
អាស្រ័យហេតុនេះការរំឭកថ្ងៃ ៤ មិថុនា ជាការសំខាន់ណាស់សំរាប់យើងទាំងអស់គ្នាជាខ្មែរ ។ ពិធីរំឭកខួបទី ៦៦ នៃទិវាបាត់បង់នូវអ្វីៗគ្រប់យ៉ាង ហើយក៏ជាថ្ងៃប្រកាសយ៉ាង មហោឡារិក ឱយមតិជាតិ និងអន្តរជាតិបានដឹងបានយល់ថា កូនចៅពូជជិនវង្សនេះ ប្តេជ្ញាបំរះននាល តស៊ូមិនរាថយ ហើយហ៊ានបូជាកាយ ថ្វាយជីវិត ដើម្បីការពារនូវកម្មសិទ្ធជាវិជ្ជមានរបស់ដូន តាយើង គឺសិទ្ធិជាម្ចាស់ទឹកម្ចាស់ដីកម្ពុជាក្រោម ជានិច្ច ។ ក្នុងការតស៊ូនេះ សូមមេត្តាកុំភ្លេច រាប់បងប្អូននារីឫុស្រីៗផង ព្រោះថា ដូនតាខ្មែរក្រោមយើង មានគំនិតដុះស្លែថា ស្រីៗ គ្រាន់ តែជាមេផ្ទះ នៅជុំវិញចង្ក្រានបាយ ថែទាំកូនចៅ ។ល។និងល។ នៅក្នុងគ្រួសារ នីមួយៗ បើស្វាមី ទៅតស៊ូ ឬ ក៏ចេញទៅបំរើជាតិ ក៏ត្រូវមានការគាំទ្រនិងកម្លាំងចិត្ត ពីភរិយាដែរ ទើបមាន ប្រសិទ្ធិភាព ។ អាស្រ័យហេតុនេះ ស្រីៗជាកត្តាមួយ ក្នុងការរំដោះជាតិយើងឱយរួចពីនឹម អាណានិគម ដោយហេតុថា សម័យនេះ ជាសម័យអិនធើណែត សម័យហ្វេស្សប៊ុក សម័យត្រចៀកទិព្វ ភ្នែកទិព្វ ។ល។ យុវជន យុវតីយើង នៅគ្រប់ទិសគ្រប់ទី ជុំវិញភពផែនដី ជាពិសេសនៅរាជាណាចក្រកម្ពុជា និងនៅកម្ពុជាក្រោមដ៏សែនស្រណោះរបស់យើង បានផុសឡើង ដូចផ្សឹតត្រូវទឹកភ្លៀង ក្នុងការបញ្ចេញនូវមោទនភាពជាតិ ការបង្ហាញនូវអត្តសញ្ញាណជាតិ ការរក្សា នូវ ទំនៀមទម្លាប់ប្រពៃណីជាតិ របស់ខ្មែរយើងគួរជាទីសង្ឃឹម ហាក់បីដូចជាពេលវេលា បានមក ដល់ហើយ ។ គឺថា ការរំដោះជាតិយើង មិនមែនជាសុបិនទៀតទេ តែគឺជា កាតព្វកិច្ច របស់ យើងទាំងអស់គ្នា ដែលជាកូនខ្មែរគ្រប់អង្គនិងរូប ។
៤ មិថុនា ជាថ្ងៃរំឭកនូវប្រវត្តិតស៊ូ អង់អាច ក្លាហាន របស់វីរសមណៈ វីរបុរស វីរនារីខ្មែរគ្រប់សម័យ កាល ដែលបានពលីកម្មជីវិត ដើម្បីការពារនូវកេរដំណែល ឱយបានគង់វង្សរហូតមកដល់សព្វថ្ងៃ ។
៤ មិថុនា ជាទិវាបង្កលក្ខណៈសាមគ្គីជាតិ ដើម្បីបង្ក្រាបនូវរាល់មហិច្ឆតាលេបទឹកដីខ្មែរ នាបច្ចុប្បន្ន និងអនាគត មានយួននិងសៀម (យៀកណាមនិង ថៃ) ជាដើម ។ល។
ឆ្នាំនេះ ជាខួបទី ៦៦ (១៩៤៩-២០១៥) នៃទិវាបាត់បង់កម្ពុជាក្រោម បងប្អូនយើងនៅគ្រប់ សាខាសហព័ន្ធគ្រប់សមាគម និងវត្តអារាមនានា សុទ្ធតែបានប្រារព្ធពិធីនេះ គួរជាទីមោទកៈ ។
ជាពិសេស បងប្អូនយើងនៅបណ្តាប្រទេសនៃសហគមន៍អឺរុប បានចូលរួមក្នុងពីនេះ គួរឱយចាប់ អារម្មណ៍ ។
ក្នុងស្មារតីជាតិដ៏បរិសុទ្ធ និងក្នុងឧត្តមគតិជាតិដ៏ខ្ពង់ខ្ពស់បំផុត ក្នុងមោទនភាពជាកូនខ្មែរធ្លាប់ ថ្កើងថ្កាន និងមានអតីតកាលល្អបវរ ហើយនិងក្នុងឆន្ទៈដ៏មោះមុតបំផុត សូមព្រះគុណគ្រប់អង្គ អស់ លោក លោកស្រី យុវ័ន យុវតីទាំងឡាយ មេត្តាជួយឧបត្ថម្ភគាំទ្រ ទាំងកាយ វាចា ចិត្ត និងធនធាន តាមលទ្ធភាព ដែលអាចជួយបាន ដោយមិនរើសអើងថា ខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្តាលគឺខ្មែរតែមួយ ដើម្បីជំរុញឱយអង្គការសហព័ន្ធឬនាវាកម្ពុជាក្រោម មានលទ្ធភាព ក្នុងការអនុវត្តនូវ សិទ្ធិសំរេចវាសនាខ្លួនដោយខ្លួនឯង មានប្រសិទ្ធិភាព ហើយទទួលជោគជ័យ ជូនបងប្អូនរួមជាតិខ្មែរក្រោម ដ៏សែនស្រណោះរបស់យើង នៅកម្ពុជាក្រោម មានសិទ្ធិសេរីភាពគ្រប់ បែបយ៉ាង ដូចជាមនុស្សជាតិក្នុងលោក នាសតវត្សរ៍ទីម្ភៃមួយ នេះផងចុះ ។
តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម សូម អំពាវនាវដល់សាខាសហព័ន្ធ-សមាគមនិងវត្ត អារាមខ្មែរក្រោមនានា ទូទាំងសកល ក្រោយពីប្រារព្វពិធីនេះចប់សព្វគ្រប់ សូមកុំភ្លេចធ្វើវិភាគទាន ដល់ សហព័ន្ធ (KKF) ខ្លះៗផង ជាពិសេស វិទ្យុសំឡេងកម្ពុជាក្រោម (vokk.net) និងយុវជនសហព័ន្ធ (KKF YOUTH) ដែលជាទំពាំងស្នងប្ញស្សីរបស់ខ្មែរយើងទៅអនាគត ។
តាំងនាមអធិបតីសហព័ន្ធនិងសមាជិកសមាជិកាគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងនូវអំណរព្រះគុណនិងអរគុណជាអតិបរមាចំពោះទំវើដ៏ថ្លៃថ្លាដែលព្រះគុណគ្រប់អង្គអស់លោក លោកស្រី ក្មួយៗយុវ័នយុវតី គ្រប់ទិសទី បានបំពេញតួនាទី ជាកូនចៅខ្មែរ មានមោទនភាព ជាតិគួរឱយ គោរព និងសូមឱយបានទទួលនូវពុទ្ធពរ៥ប្រការកុំបីខកខានឡើយ ។
សូមមេត្តាទទួលនូវការគោរពរាប់អានដ៏ស្មោះពីខ្ញុំព្រះករុណាខ្ញុំបាទ ។
ធ្វើនៅក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៥
អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម
ហត្ថលេខា
លោក ថាច់ វៀង