ដោយ គឹម សាវតា
បើទោះជាមានវ័យជាង ៦០ ឆ្នាំទៅហើយក្តី ប៉ុន្តែ លោក ថាច់ រីន ពលរដ្ឋខ្មែរក្រោម រស់នៅក្នុងខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម មិនរុញរាក្នុងការលើកពីការរំលោភសិទ្ធិ និងសិទ្ធដែលពលរដ្ឋខ្មែរក្រោម ជាម្ចាស់ទឹកដី ត្រូវទទួលបាននោះទេ ខណៈដែលត្រូវអាជ្ញាធរចាប់ខ្លួនយកទៅសួរចម្លើយ និងតាមដានជាបន្តបន្ទាប់ ។ តើមូលហេតុអ្វី បានជាបុរសជាគ្រិស្ថនិកមួយរូបនេះ ព្យាយាមស្វែងរកសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម ដោយមិនខ្លាចការគំរាមកំហែងពីអាជ្ញាធរ និងសមត្ថកិច្ច វៀតណាម? តើបុរសវ័យ ៦១ ឆ្នាំនេះ មានប្រវត្តិយ៉ាងណា? ។

ប្រសិនបើលោកអ្នកជាអ្នកតាមដានព្រឺត្តិការណ៍សំខាន់ៗ ដែលកើតឡើង នៅដែនដីកម្ពុជាក្រោម នៅមួយរយៈចុងក្រោយនេះ លោកអ្នកនឹងបានដឹងពីព្រឹត្តិការណ៍ចុងខែមិថុនាកន្លងទៅ គឺអាជ្ញាធរវៀតណាម បានឃាត់ខ្លួនពលរដ្ឋខ្មែរក្រោម មួយរូប នាំយកទៅសួរចម្លើយផង ។ នោះគឺលោក ថាច់ រីន រស់នៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង ។
លោក ថាច់ រីន កើតក្នុងត្រកូលកសិករ ដែលមានដីស្រែតិចតួច មិនអាចប្រើប្រាស់ ដើម្បីឲ្យជីវភាពគ្រួសាររបស់គាត់អាចមានជីវភាពល្អប្រសើរនោះទេ ដូចនេះ លោកក៏សម្រេចិត្តឈប់សិក្សាត្រឹមថ្នាក់ទី ២ ហើយដើរឃ្វាលក្របីរហូតធំពេញវ័យ ។
លោក ថាច់ រីន «ខ្ញុំបានសិក្សាអក្សរសាស្ត្រខ្មែរ បានត្រឹមថ្នាក់ទី ២ ទេ ហើយចាប់ពីពេលនោះមក ខ្ញុំឃ្វាលក្របីរៀងរហូតដល់ធំពេញវ័យ ។ លុះដល់ខ្ញុំ ចាប់មានគ្រួសារហ្នឹង ខ្ញុំចេញស៊ីឈ្នួលកាប់អំពៅ នៅស្រុកហ្នឹងគេកាប់អំពៅ ។ ខ្ញុំយកកម្លាំងតទល់នឹងកាប់អំពៅនេះ ជារៀងរហូត» ។
និយាយពីការសម្រេចចិត្តចូលរួមកិច្ចការសង្គម ដើម្បីទាមទារសិទ្ធិជូនពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅ ដែនដីកំណើតរបស់ខ្លួននោះ បុរសមានមាឌក្រអាញសក់រួញរូបនេះ ឲ្យដឹងថា តាំងពីលោកធំដឹងក្តី រហូតដល់ពេលនេះ លោកមើលឃើញថា ពលរដ្ឋខ្មែរក្រោម ហាក់ត្រូវអាជ្ញាធរ និងសមត្ថកិច្ចវៀតណាម បំបិទសិទ្ធិសេរីជាច្រើន ហើយលោកក៏បានសិក្សា ពីច្បាប់ស្តីពីសិទ្ធិមនុស្សផ្សេងៗ ព្រមទាំងព្យាយាមផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរក្រោម ដទៃទៀត បានដឹងផងដែរ ។
លោក ថាច់ រីន« ការសិក្សារបស់ខ្ញុំ នៅក្នុងច្បាប់អង្គការសហប្រជាជាតិ ស្តីអំពីសិទ្ធិជនជាតិដើមនេះ ខ្ញុំបានមើលត្រួស ៗត្រាយៗ ទេ មិនទាន់បានអីទេ តែខ្ញុំដឹងថា សិទ្ធិនៅក្នុងអង្គការសហប្រជាជាតិ ក៏ប៉ុន្តែអាជ្ញាធរវៀតណាម គេមិនបើកសិទ្ធិឲ្យរៀន ពីច្បាប់ហ្នឹងជាដាច់ខាត គេហាមឃាត់កនពួកខ្ញុំនៅទីនេះ មិនឲ្យស្គាល់ច្បាប់អង្គការសហប្រជាជាតិជាដាច់ខាត» ។
បន្ទាប់ពីបានអានសៀវភៅ អំពីសេចក្ដីប្រកាស អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម និងបានផ្សាយផ្ទាល់តាមបណ្ដាញសង្គម ហ្វេសប៊ុក ព្រមទាំងបានពាក់អាវយឺត ដែលមានរូបភាពទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិផងនោះ អាជ្ញាធរស្រុកថ្កូវ ខេត្តព្រះត្រពាំង បានកោះហៅ និងសួរចម្លើយលោក ។
លោក ថាច់ រីន « ជាលើកទី១ ហើយ ដែលខ្ញុំបានប៉ះពាល់ ដែលនគរបាលស្រុកបានអញ្ជើញខ្ញុំទៅសាលាស្រុក ដើម្បីសួរចម្លើយនេះ តែខ្ញុំអត់តក់ស្លុកអីទេ» ។
លោកបន្តថា កិច្ចការផ្សព្វផ្សាយសិទ្ធិមនុស្ស ខណៈដែលដែនដីកំណើតរបស់ខ្លួនត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលកុម្មុយនីស គឺមានការពិបាក និងប្រឈម តែទោះជាយ៉ាងណាលោកមិនរុញរាឡើយ ព្រោះលោកចង់ឃើញកូនចៅជំនាន់ក្រោយមានសិទ្ធិសេរីភាពពេញលេញក្នុងនាមជាម្ចាស់ស្រុក ។
លោក ថាច់ រីន « សម័យខ្ញុំបាទឥឡូវនេះ កំពុងតែគាបសង្កត់ កំពុងតែពិបាកជាខ្លាំងណាស់ប៉ុន្តែបើសិនជាវៀតណាម គេស្ម័គ្រចិត្តឲ្យខ្មែរក្រោម មានសិទ្ធិសេរីភាព គេទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើមនោះ កូនចៅជំនាន់ក្រោយឃើញថា ធូរស្រាលបន្តិច ។ ហើយបើសិនគេនៅតែគាបសង្កត់ទៀត ផុតពីខ្ញុំទៅ កូនចៅពិតជាវេទនាជាងខ្ញុំទៅទៀត» ។
លោក ថាច់ រីន បានងាកមកជឿលើគ្រិស្ថសាសនា ក្នុងឆ្នាំ ២០១៤ ។ បើទោះជាលោកបានងាកពីសាសនាព្រះពុទ្ធ មកជឿលើសាសនាគ្រិស្ថក្តី ប៉ុន្តែ កិច្ចការសង្គមខ្មែរក្រោម លោកនៅតែចូលរួម ៕