ពិធីផ្ទេរតំណែង
រវាងទេវតាឆ្នាំថ្មី ព្រះនាង រាក្សសាទេវី និង ទេវតាឆ្នាំចាស់ គោរាគទេវី
ក្នុងឱកាសឆ្នាំថ្មី ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩
របាយការណ៍ឆ្នាំចាស់អំពីជីវភាពរបស់ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សង្ក្រានឆ្នាំថ្មី ឆ្នាំ មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ នឹងចូលមកនៅថ្ងៃអង្គារ ១១ រោច ខែចេត្រ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៥ វេលាម៉ោង ១៤ និង ០២ នាទី ។ ពេលនោះព្រះ អាទិត្យចេញពីមីនរាសី ទៅស្ថិតនៅមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេពធិតាមួយព្រះអង្គជា មគ្គនាយិកា ព្រះនាម រាក្សសាទេវី ជាបុត្រីទី ៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ ខ្មៅ លំអនៅព្រះកាណ៌ដោយ សៀតផ្កាឈូក អភរណៈទ្រង់ពាក់កែវ មនោរា ភក្សាហារ ទ្រង់សោយ លោហិត ព្រះហស្តស្តាំទ្រង់ ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់ ធ្នូ ទ្រង់គង់លើខ្នង អស្សតរ (សេះ) ជាពាហនៈ ។ ទើបនាំអស់ ទេវបុត្រ ទេវធីតាទាំង មួយសែនកោដិហោះទៅកាន់ គុហាកែវធម្មាលីនាភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកព្រះសិរសាកបិលមហាព្រហ្ម ដែលតម្កល់ទុកលើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០ នាទី (២៤ ម៉ោង) ទើបនាំយកទៅទុកនៅកន្លែងដើមវិញ ។ រួចហើយ ទើបប្រជុំទេវបុត្រ ទេវធីតាទាំង មួយសែនកោដិចូលទៅស្រង់ទឹក អនោត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់កែវដែលជាមាត់គោឧសភរាជ ទាំង ៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយទើបនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្ស រីករាយ គ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រលះ ហើយ ចំរើននូវសិរីសួស្តី ជ័យមង្គលជន្មាយុយឺនយូរដល់ទេវតា និងមនុស្ស សត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទួលាយសុខក្សេម ក្សាន្តតរៀងទៅ ។
តើព្រះនាង គោរាគទេវី បុត្រីទី ២ នៃកបិលមហាព្រហ្ម ទេវតាឆ្នាំចាស់ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ដែល ផុតអាណត្តិឆ្នាំនេះ មានរបាយការណ៍អ្វីខ្លះទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងជីវភាពទូទៅរបស់ពលរដ្ឋ ខ្មែរនៅ ដែនដីកម្ពុជាក្រោម ?
ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) ព្រះសង្ឃវត្តខេមររង្សី នៅទីក្រុង សាន់ ហូស្សេ រដ្ឋ កាលីហ្វរញ៉ា សហរដ្ឋ អាមេរិក និង ជានិពន្ធនាយក នៃ សារព័ត៌មាន ព្រៃនគរ បានសរសរ និង រៀបរៀងនូវកិច្ចសន្ទនា មួយក្នុងពិធីផ្ទេរ តំណែងរវាងទេវតាឆ្នាំចាស់ និងទេវតាឆ្នាំថ្មី ដែលមានខ្លឹមសារពិស្ដារដូចតទៅ៖
រាក្សសាទេវី ៖ ខ្ញុំម្ចាស់ សូមគោរពម្ចាស់បង !
គោរាគទេវី៖ ប្រពៃណាស់ ម្ចាស់ប្អូន ! នៅតាមអាកាសវិថីដែលម្ចាស់ប្អូនធ្វើដំណើរយាងមកនេះ បានសុខកាយ សប្បាយក្នុងព្រះរាជហឫទ័យ ដែរឬទេ ? ម្ចាស់ប្អូន !
រាក្សសាទេវី ៖ ខ្ញុំម្ចាស់សុខកាយ សប្បាយព្រះរាជហឫទ័យជាធម្មតាទេ ។ ម្ចាស់បង !
រាក្សសាទេវី៖ ក្នុងមួយឆ្នាំកន្លងទៅនេះ ម្ចាស់បងបានយាងចុះមកដើម្បីរក្សាមនុស្សលោក តើម្ចាស់បងបានសុខ កាយ សប្បាយ ក្នុងព្រះរាជហឫទ័យដែរឬទេ ?
គោរាគទេវី៖ ម្ចាស់បង ក៏សុខកាយសប្បាយព្រះទ័យដូចម្ចាស់ប្អូនដែរ ។
រាក្សសាទេវី៖ មួយឆ្នាំកន្លងទៅនេះ តើស្ថានភាពការរស់នៅរបស់ពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោម មានការប្រែប្រួល យ៉ាងណាខ្លះ ? ជាពិសេស ទាក់ទងនឹងការរំលោភបំពានផ្នែកសិទ្ធិមនុស្សពីរដ្ឋាភិបាលវៀតណាម ? សូមម្ចាស់បង មេត្តាជួយធ្វើសេចក្ដីរាយការណ៍ផ្ដល់ព័ត៌មានដល់ខ្ញុំម្ចាស់បានជ្រាបផង ។
គោរាគទេវី៖ មួយឆ្នាំកន្លងទៅនេះ ការរស់នៅរបស់ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម មានការរីកចម្រើនខ្លះដែរ ដូចជាគំនិត និងស្មារតីជាតិនិយមរបស់ពួកគាត់កាន់តែរីកដុះដាល តាមរយៈការកសាងវត្តអារាម និង ធ្វើពិធីអ្វីនីមួយៗនៅតាម វត្តអារាមតែងតែបង្ហាញឲ្យឃើញនូវលក្ខណៈជាខ្មែរ ប៉ុន្តែនៅមានចំណុចជាច្រើនទៀត ត្រូវតែកែលម្អឡើងវិញ ដើម្បី ឲ្យពេញជាលក្ខណៈខ្មែរពិតប្រាកដ ។ ចំពោះបញ្ហាសិទ្ធិមនុស្សវិញ រដ្ឋាភិបាលវៀតណាមនៅតែបន្តធ្វើអាណានិគម លើដែនដីកម្ពុជាក្រោម និងធ្វើទុក្ខបុកម្នេញរំលោភបំពានលើសិទ្ធិសេរីភាពរបស់ខ្មែរក្រោមម្ចាស់ស្រុកជាបន្តបន្ទាប់ គ្មានស្រាកស្រាន្តឡើយ ។ ចំណែក ខ្មែរក្រោមនៅក្រៅប្រទេសវិញ សហព័ន្ធខ្មែរកម្ពុជាក្រោមនៅតែបន្តសកម្មភាព តស៊ូមតិដោយសន្តិវិធី និងអហិង្សាលើឆាកអន្តរជាតិ ដើម្បីជម្រុញឲ្យអង្គការសហប្រជាជាតិដាក់សម្ពាធទៅរដ្ឋា ភិបាលវៀតណាម គោរពសិទ្ធិខ្មែរក្រោមអ្នកនៅក្នុងស្រុក ។ នេះជាទិដ្ឋភាពរួមដែលម្ចាស់ បងសូមជម្រាបទៅម្ចាស់ ប្អូនឲ្យបានជ្រាបត្រួសៗសិន ។
រាក្សសាទេវី ៖ សូមម្ចាស់បង មេត្តាជួយធ្វើរបាយការណ៍នេះឲ្យបានពិស្ដារបន្តិច ដើម្បីខ្ញុំម្ចាស់ និងពួកទេពនិករទាំង ឡាយបានជ្រាបផង ។
គោរាគទេវី៖ ដំបូង ម្ចាស់បងសូមលើកយកបញ្ហាមួយចំនួនដែលទាក់ទងនឹងការប្រើវប្បធម៌កាឡៃ និងការរំលាយ វប្បធម៌ខ្លួនដោយខ្លួនរបស់ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម មកជម្រាបជូនម្ចាស់ប្អូនបានជ្រាប ។ ក្នុងមួយឆ្នាំកន្លងទៅនេះ យើងសង្កេតឃើញថា ខ្មែរនៅកម្ពុជាក្រោមមានការរីកចម្រើនដែរ ដូចជា ការកសាងវត្តអារាម, ការនិយមស្លៀកពាក់ តាមបែបប្រពៃណីខ្មែរ, ការប្រើបដាជាអក្សរខ្មែរ និងការរៀនសូត្រអក្សរខ្មែរនៅតាមវត្តអារាមនានា ជាដើម ។ ចំណែក បញ្ហាមួយចំនួនដែលគួរឲ្យបារម្ភ និងត្រូវតែកែលម្អឡើងវិញនោះ មានដូចជា ព្រះសង្ឃនាំគ្នានិយាយភាសាយួន នៅក្នុងកិច្ចប្រជុំរបស់ខ្មែរដែលចាត់តាំងដោយរដ្ឋាភិបាលវៀតណាម, ក្រុមល្ខោនខ្លះចូលចិត្តច្រៀងបទចម្រៀងភាសា យួន និងប្រើហ្គីតាបញ្ចូលទៅក្នុងវង់ភ្លេងបាសាក់ ឬ ភ្លេងប្រពៃណីខ្មែរ, ចំណែកជនជាតិយួនបានយករបាំ គោះត្រឡោក របស់ខ្មែរទៅរាំហត់លោតច្រងេងច្រងាងតាមបទច្រៀងយួន, នៅតាមវត្តអារាមមានដាក់តាំងរូប ហ៊ូ ជី មិញ មេបក្សកុម្មុយនិស្តវៀតណាមស្មើនឹងអាសនៈព្រះពុទ្ធបដិមាទីកន្លែងសក្ការបូជារបស់ព្រះសង្ឃ, បដាឈ្មោះខ្លោង ទ្វារវត្តនីមួយៗ និងបដាអក្សរកម្មវិធីបុណ្យតែងតែប្រើពណ៌លឿង និងក្រហមដែលពណ៌របស់កុម្មុនិស្ត និងពណ៌ទង់ ជាតិរបស់បក្សកុម្មុនិស្តវៀតណាម, ចំណែក សំលៀកបំពាក់ប្រពៃណីខ្មែរវិញ ពួកគេបានទៅជួលពីហាងមកស្លៀក ពាក់ម្ដងម្កាលពេលមានបុណ្យទាននៅក្នុងវត្ត, រីឯក្បិនទៀតសោត ពួកគេបានយក “ក្បិនសិប្បនិម្មិត” ឬ “ក្បិន កាឡៃ” ដែលគេធ្វើហើយស្រាប់តាមបែបខោមកស្លៀកជំនួសឲ្យការយកសំពត់មកចងក្បិនវិញ ។ ការស្លៀកពាក់ ប្រពៃណីបែបកាឡៃៗយ៉ាងនេះ ដោយអ្នកខ្លះបានលើកហេតុផលថា ដោយសារតែនៅកម្ពុជាក្រោមនៅខ្វះសំលៀក បំពាក់ជាលក្ខណៈខ្មែរសុទ្ធសាធ ដែលបានផលិតចេញនៅប្រទេសកម្ពុជា និងម្យ៉ាងទៀត ដោយសារនៅកម្ពុជា ក្រោម ពលរដ្ឋខ្មែរខ្វះអ្នកដែលយល់ឲ្យបានស៊ីជម្រៅផ្នែកវប្បធម៌ខ្មែរ ជាដើម ។ បញ្ហានេះ ថាខ្មែរនៅកម្ពុជាក្រោមចុះ ពួកគាត់នៅខ្វះលទ្ធភាព សូម្បីតែវត្តអារាម និងក្រុមសិល្បៈរបាំខ្មែរខ្លះនៅក្រៅប្រទេសក៏បានយក “ក្បិនកាឡៃ” មកឲ្យពុទ្ធបរិស័ទ និងក្រុមរបាំប្រើពេញទឹកពេញដីដែរ ។ ដោយសារពេលវេលាខ្លី ម្ចាស់បងសូមរៀបរាប់បញ្ហានេះ ប៉ុណ្ណឹងចុះ ។
រាក្សសាទេវី ៖ ចុះរឿងរដ្ឋាភិបាលវៀតណាមរំលោភសិទ្ធិលើពលរដ្ឋខ្មែរនៅកម្ពុជាក្រោមនោះ យ៉ាងណាដែរ ? ម្ចាស់ បង!
គោរាគទេវី ៖ បើធ្វើសេចក្ដីរាយការណ៍អំពីរឿងរដ្ឋាភិបាលវៀតណាមរំលោភសិទ្ធិលើពលរដ្ឋខ្មែរក្រោមនោះ ម្ចាស់បង មិនអាចរៀបរាប់ពិស្ដារបានទេ ។ ម្ចាស់បងគ្រាន់តែសូមលើកយកចំណុចក្ដៅៗ និងសំខាន់ៗ មកជម្រាបជូនម្ចាស់ ប្អូនតែប៉ុណ្ណោះ ។ ក្រៅពីនេះ ម្ចាស់ប្អូនអាចចូលមើលព័ត៌មានលម្អិតនោះលើគេហទំព័រ សារព័ត៌មាន ព្រៃនគរ និង វិទ្យុ សំឡេងកម្ពុជាក្រោម (VOKK.NET) បាន ដោយគេហទំព័រទាំងពីរនេះ ជំនាញខាងនាំដំណឹងស្ដីពីខ្មែរក្រោម តែមួយគាត់នៅក្នុងពិភពលោក ។ ពេលនេះ ម្ចាស់បងសូមលើកយកចំណុចខ្លះមករាការណ៍ជូនម្ចាស់ប្អូន ។ ក្នុង មួយឆ្នាំនេះ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្រោមនៅតែជាបញ្ហាដដែលៗ ដោយរដ្ឋាភិបាលវៀតណាមនៅមិនទាន់ ដោះលែងព្រះសង្ឃពីរអង្គនៅវត្តសេរីតាសេក ខេត្តឃ្លាំង គឺ ភិក្ខុ ថាច់ ធឿន និង លីវ នី ឲ្យចេញពីពន្ធនាគារ នៅឡើយ, រដ្ឋាភិបាលបាលវៀតណាមព្យាយាមរឹបយកត្រាកេរដំណែល ដែលមានឆ្លាក់អក្សរខ្មែរថា “កម្ពុជាក្រោម” ពីព្រះចៅអធិការ ថាច់ ហាន់ នៃវត្តដីក្រហម ឋិតនៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង តែព្រះអង្គមិនព្រមឲ្យទៅរដ្ឋា ភិបាលវៀតណាមឡើយ, ខ្លោងទ្វារខេត្តព្រះត្រពាំង ដែលមានរចនាបទ្មខ្មែរ ក៏ត្រូវរដ្ឋាភិបាលវៀតណាមកំទេចចោល និងបានបញ្ជាឲ្យព្រះសង្ឃរុះរើមណ្ឌបភ្នំពាន់ នៅវត្តសាគរគិរីកោះកើយ (ផ្នោរាំង) ស្ថិតនៅភូមិផ្នោរាំង ឃុំទួលសំរោង ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង ដែលព្រះសង្ឃវត្តនេះខ្នះខ្នែងតុបតែងឡើងដើម្បីអបអរទទួលទេវតាឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយការចោទប្រកាន់ទៅលើព្រះសង្ឃថា មានចេតនាជ្រោងទង់ជាតិកម្ពុជាក្រោម នៅលើទឹកដីកម្ពុជាក្រោម ដែលកំពុងត្រូវគ្រប់គ្រងដោយរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ទៀតផងណាម្ចាស់ប្អូន ។ ចឹងហើយ ទើបប្រ ទេសវៀតណាម ត្រូវអង្គការសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិរិះគន់ថា ជាប្រទេសដែលមានការ រំលោភសិទ្ធិមនុស្សដ៏ធ្ងន់មួយនៅក្នុងពិភពលោក ។
រាក្សសាទេវី ៖ ខ្ញុំម្ចាស់សូមអរព្រះគុណចំពោះម្ចាស់បងដែលបានរាយការណ៍រឿងនេះ ។ ចុះរឿងសហព័ន្ធខ្មែរកម្ពុជា ក្រោមតស៊ូដើម្បីឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោមនោះ មានសកម្មភាពយ៉ាងណាដែរ ម្ចាស់បង ?
គោរាគទេវី ៖ សហព័ន្ធខ្មែរកម្ពុជាក្រោម សព្វថ្ងៃ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក តែអង្គការមួយនេះ មានសាខា នៅទូទាំងពិភពលោក ហើយបានចងបាច់ក្រុមពលរដ្ឋខ្មែរក្រោមឲ្យទៅជាក្រុមគ្រួសារតែមួយ ដែលមាន លោក ថាច់ ង៉ុក ថាច់ ជាប្រធានប្រតិបត្តិ ។ ក្នុងមួយឆ្នាំកន្លងទៅនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលប្រជុំនៅក្នុងអង្គការ សហប្រជាជាតិនៅ បុរី New York សហរដ្ឋអារិក និង ហ្សឺណែវ ប្រទេសស្វិស ជាច្រើនលើក ដើម្បីរាយការណ៍ស្ដីពី បញ្ហាដែលវៀតណាមរំលោភសិទ្ធិមនុស្សលើខ្មែរក្រោម ។ ក្នុងមួយឆ្នាំកន្លងទៅនេះ តំណាងប្រទេសវៀតណាម អាម៉ាស់យ៉ាងខ្លាំង ក្នុងនាមជាប្រទេសមួយជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរនោះ ត្រូវសហព័ន្ធខ្មែរ កម្ពុជាក្រោម បកអាក្រាតរាល់ទង្វើពុតត្បុតឃោរឃៅរបស់ខ្លួនដែលបានរំលោភសិទ្ធិមនុស្សលើខ្មែរក្រោម ។ នៅក្នុង ឆ្នាំកន្លងទៅដែរ ប្រេសិទរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសេរីជំនឿសាសនា បានធ្វើដំណើរទៅទស្សន កិច្ចនៅវៀតណាម ហើយតាមរយៈសហព័ន្ធខ្មែរកម្ពុជាក្រោម មន្ត្រីអង្គការសហប្រជាជាតិរូបនេះ ក៏បានចុះទៅកម្ពុជា ក្រោម ដើម្បីជួបព្រះសង្ឃរងគ្រោះដោយសាររដ្ឋាភិបាលវៀតណាមធ្វើទុក្ខបុកម្នេញផងដែរ ។ បន្ទាប់ពីឆ្នាំថ្មីរួច នៅចុង ខែមេសា ឆ្នាំ ២០១៥ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបញ្ជូនយុវជនរបស់ខ្លួនទៅចូលរួមប្រជុំ និងថ្លែងការណ៍ នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅបូរី New York សហរដ្ឋ អាមេរិក ដើម្បីលើកយកបញ្ហាខ្មែរនៅកម្ពុជាក្រោមទៅតតាំងជាមួយរដ្ឋាភិបាលវៀតណាមនៅក្នុងអង្គការសហប្រជា ជាតិ ។
រាក្សសាទេវី ៖ ចុះសកម្មជនសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេសខំតស៊ូនេះ ពួកគាត់បានទទួលផលប្រ យោជន៍អ្វីខ្លះសម្រាប់ខ្លួនពួកគាត់ ?
គោរាគទេវី ៖ ពួកគាត់នៅក្រៅប្រទេសមិនចង់បានអ្វីក្រៅតែពីចង់ឃើញខ្មែរក្រោមនៅក្នុងស្រុកបានទទួលសេរីភាព ពេញលេញ មិនមានការគាបសង្កត់ពីរដ្ឋាភិបាលវៀតណាម និងថ្ងៃណាមួយសង្ឃឹមថា ពលរដ្ឋខ្មែរក្រោមនៅក្នុង ស្រុកមានលទ្ធភាពគ្រប់គ្រាន់ធ្វើម្ចាស់ការលើខ្លួនឯងគ្រប់ផ្នែក ដោយមិនមានការលូកដៃជ្រៀតជ្រែកត្រួតត្រាពីរដ្ឋា ភិបាលអាណានិគមវៀតណាម ទៀតឡើយ ។
រាក្សសាទេវី ៖ និយាយបែបនេះ តើខ្មែរក្រោមថ្ងៃក្រោយអាចមានសមត្ថភាពរើខ្លួនចេញពីការត្រួតត្រារបស់អាណានិគម វៀតណាមបានដែរឬទេ ម្ចាស់បង ?
គោរាគទេវី ៖ បានឬមិនបានវាស្រ័យលើឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរក្រោមខ្លួនឯងថា តើពួកគាត់ចង់បានអ្វី ។ ក៏គួរ រំឭកដែរថា រដ្ឋាភិបាលវៀតណាមតែងតែអួតគេថា យួនអាចរើខ្លួនចេញពីការត្រួតត្រារបស់ចិនដែលបានគ្រប់គ្រង ខ្លួនជាង ២០០០ ឆ្នាំ ។ ចំណែកខ្មែរក្រោមវិញ ទើបតែនៅក្រោមអាណានិគមយួន ប្រមាណ ៦៥ ឆ្នាំ ប៉ុណ្ណោះ ការរើខ្លួនបាន ឬមិនបានវាអាស្រ័យទៅលើការសម្រេចចិត្តរបស់ពលរដ្ឋខ្មែរក្រោមគ្រប់រូប ។
រាក្សសាទេវី ៖ ខ្ញុំម្ចាស់បានជ្រាបហើយម្ចាស់បង ។ តើម្ចាស់បងមានព្រះបន្ទូលអ្វីទេ ដើម្បជាសារផ្ដាំដល់មនុស្ស លោក ក្នុងឆ្នាំនេះ ថាតើគួរធ្វើខ្លួនយ៉ាងណាខ្លះដើម្បីបានសេចក្ដីសុខ សេចក្ដីចម្រើនដល់ខ្លួន, គ្រួសារ និង សង្គមជាតិ ។
គោរាគទេវី ៖ នៅក្នុងព្រះពុទ្ធសាសនា សីល ៥ ជាគ្រឿងអលង្ការសម្រាប់លម្អដល់មនុស្សគ្រប់រូប ។ ដូច្នេះ អ្នកដែលចង់បានសេចក្ដីសុខចម្រើន ត្រូវតែខិតខំរក្សាសីលឲ្យបានខ្ជាប់ខ្ជួន ដូចជា មិនសម្លាប់សត្វ, មិន លួចប្លន់, មិនបំពានលើប្រពន្ធកូនអ្នកដទៃ, មិនភូតភរកុហក់ឆបោកអ្នកដទៃដោយប្រការផ្សេងៗ និងមិន សេពគ្រឿងស្រវឹង ឬ គ្រឿងញៀនជាដើម ។ ម្យ៉ាងទៀត សង្គមខ្មែរ យើងនៅគ្រប់ទីកន្លែង តែងតែមានការ យល់ឃើញខុសគ្នា ហើយបង្កើតជាគំនិតខ្វែងដែលនាំទៅដល់ការឈ្លោះទោះទែងគ្នាក្នុងសង្គមក៏មាន ។ ដើម្បីចៀសវាងការបែកបាក់ សាមគ្គី ខ្មែរគ្រប់រូបត្រូវមានអធ្យាស្រ័យ និងគោរពគ្នាទៅវិញទៅមក ហើយត្រូវ រៀនសម្លឹងមើលអំពីចំណុចល្អ ឬ ចំណុចវិជ្ជមានរបស់មនុស្សម្នាក់ៗដែលគេបានធ្វើឲ្យបានច្រើន និងឲ្យ តម្លៃគ្នាទៅវិញទៅមកជាជាងការចាប់ កំហុស គ្នានោះ សង្គមនឹងមានការស្រុះស្រួលសាមគ្គីគ្នា រស់នៅ ដោយសុខសាន្តតរៀងទៅជាក់ជាមិនខាន ។ ជាពិសេស អ្នករាប់អានព្រះពុទ្ធសាសនា ត្រូវប្រតិបត្តិតាម ឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ដោយតាំងចិត្តឲ្យឋិតនៅក្នុង ព្រហ្មវិហារ ធម៌ ធម៌ជាទីនៅនៃព្រហ្ម ឬ ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរទាំង ៤ ប្រការ គឺ មេត្តា ផ្សាយសេចក្ដីរាប់អានទៅរកគ្នា, ករុណា ផ្សាយសេចក្ដីអាណិតទៅរកគ្នា, មុទិតា ផ្សាយអំណរទៅរកគ្នា ឬអនុមោទនាត្រេកអរពេលដែលអ្នកជិតខាងបានទទួលសេចក្ដីសុខចម្រើន និង ឧបេក្ខា ផ្សាយសេចក្ដីស្មោះស្មើទៅរកគ្នាទៅវិញទៅមក ។ សាររបស់បងមាន តែប៉ុណ្ណេះ ក្នុងឆ្នាំថ្មីនេះ សូមម្ចាស់ប្អូនយកទៅឲ្យមនុស្សលោកអនុវត្តចុះ សង្គមនឹងបានសេចក្ដីសុខ សេចក្ដីចម្រើន ជាក់ជាមិនខាន ។ ដូច្នេះ សូមម្ចាស់ប្អូនទទួលយកនូវត្រាតំណែងឆ្នាំថ្មីពីម្ចាស់បង ដើម្បីគ្រប់គ្រងចក្រវាឡ ពីថ្ងៃ នេះតរៀងទៅ ។
រាក្សសាទេវី ៖ ខ្ញុំម្ចាស់ សូមអរព្រះគុណចំពោះម្ចាស់បងដែលបានរាយការណ៍ព័ត៌មាន ដែលបានកើតឡើង ក្នុងមួយ ឆ្នាំ កន្លងទៅនេះ ដល់ខ្ញុំម្ចាស់បានជ្រាបជាដំណឹង ។ ឆ្នាំនេះ ជាតួនាទីរបស់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹង ខិតខំប្រឹងប្រែងអស់ ពីព្រះ កាយពល ដើម្បីនាំមកនូវសចក្ដីសេចក្ដីចម្រើនដល់មនុស្សតរៀងទៅហោង ។
គោរាគទេវី ៖ ម្ចាស់បង សូមលាម្ចាស់ប្អូនសិនហើយ ឆ្នាំថ្មីនេះ សូមឲ្យម្ចាស់ប្អូនបានសេចក្ដីសុខកាយ សប្បាយព្រះ រាជហឫទ័យ ពេញមួយឆ្នាំ ដើម្បីថែរក្សាមនុស្សលោកឲ្យបានសេចក្ដីសុខចម្រើនជានិច្ចនិរន្តរ៍ ផង ។
រាក្សសាទេវី៖ ខ្ញុំម្ចាស់អរព្រះគុណម្ចាស់បង ។ សូមម្ចាស់បងយាងវិលត្រឡប់ទៅកាន់ឋានរបស់ខ្លួនវិញឲ្យ មាន សុវត្ថិភា តាមអាកាសវិថីកុំបីមានឧបសគ្គអ្វីឡើយ ។ សន្យាជួបម្ចាស់បងឆ្នាំក្រោយ ។ សួស្ដីឆ្នាំថ្មី ម្ចាស់បង ។
………………………….