សេចក្តីថ្លែងការណ៍អំពី
អាជ្ញាធរព្រំដែនវៀតណាមបង្ខាំងខ្លួន លោក លី ឈូន
អាជ្ញាធរព្រំដែនវៀតណាមបង្ខាំងខ្លួន លោក លី ឈូន ចាងហ្វាង សារព័ត៌មាន ព្រៃនគរ និងក្រុមគ្រួសារចូលស្រុកសួរសុខទុក្ខម្ដាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
សហរដ្ឋអាមេរិក ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៣៖ កាលពីម្សិលមិញ ទី ១២ ខែមេសា ឆ្នាំ ២០១៣ ថា លោក លី ឈូន ចាងហ្វាងសារព័ត៌មាន ព្រៃនគរ ដែលមាន មូលដ្ឋាននៅប្រទេសកម្ពុជា រួមជាមួយ ភរិយា ឈ្មោះ ដាញ់ ធី ដៀប និងកូនស្រីឈ្មោះ លី ស្រីនាថ បានធ្វើដំណើរ ទៅស្រុក កំណើតនៅឯដែនដីកម្ពុជាក្រោម (វៀតណាម ខាងត្បូង) ដើម្បីសួរសុខម្តាយជរាពាធនៅទីនោះ ។ នៅ ម៉ោងប្រមាណ ៩ និង ៣០ នាទីព្រឹក នាថ្ងៃដដែលនោះ លោក លី ឈូន ព្រមទាំងភរិយា និងកូន បានទៅដល់ឆ្លង កាត់ច្រកព្រំដែនតិញបៀង (Tinh Bien) ដោយមានលិខិត ឆ្លងដែនត្រឹមត្រូវ នៅទីនោះ ក៏ត្រូវបានកងកម្លាំងនគរបាលវៀតណាមឃាត់ខ្លួនតែម្តង ជាមួយនឹង ការឃាត់ខ្លួននោះ ក្រុមនគរបាលវៀតណាមបានរឹបយកកុំព្យូទ័រឡាបថបមួយគ្រឿង និងអិសធឺណល់ ហាដ្រៃមួយដុំ (Laptop and External Hardisk) រួចបានធ្វើសកម្មភាពត្រួត ពិនិត្យរុករកព័ត៌មាន ទៅលើឧបករណ៍ទាំងពីរនោះ ។

តាមរយៈការស៊ើបអង្កេតរបស់ក្រុមការងារនៃអង្គការសមាគមខ្មែរក្រោម ការឃាត់ខ្លួនលោក លី ឈូន ព្រមទាំងភរិយា និងកូនដោយកងកម្លាំងនគរបាលវៀតណាម បានធ្វើឡើងចាប់តាំងពីម៉ោង ៩ និង ៣០ នាទីព្រឹក រហូតដល់ម៉ោងប្រមាណ ៥ រសៀល ក្រុមការងារបានទទួលព័ត៌មានថា លោក លី ឈូន ភរិយា និងកូនត្រូវបានបញ្ជូនទៅឃាត់ខ្លួនបន្តនៅការិយាល័យនគរបាលព្រំដែនខេត្តមាត់ជ្រូក (An Giang) ។
តាមប្រភពព័ត៌មាន ពីអង្គការសមាគមខ្មែរក្រោមនៅកម្ពុជាថា លោក លី ឈូន អាចនឹងត្រូវបានអាជ្ញា ធរ វៀតណាមដោះលែង ហើយបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៣ នេះ ដោយមិនបានអនុញ្ញាតឲ្យក្រុមគ្រួសារលោកបានចូលទៅកម្ពុជាក្រោម ដើម្បីមើលម្ដាយ ដែលចាស់ជរា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឡើយ ។
សារព័ត៌មាន ព្រៃនគរ ចាត់ទុកថា សកម្មភាពដែលបានប្រព្រឹត្តឡើងដោយក្រុមនគរបាលវៀតណាម គឺជាទង្វើដែល រំលោភទៅលើសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ត្រង់មាត្រា ១៣ នៃសេចក្តី ថ្លែងការណ៍ នេះចែងថា “មនុស្សគ្រប់ៗរូបមានសិទ្ធិធ្វើដំណើរដោយសេរី មានសិទ្ធិចាកចេញ ពីគ្រប់ ប្រទេស រួមទាំងប្រទេសរបស់ខ្លួន និងមានសិទ្ធិត្រឡប់ទៅមាតុប្រទេសរបស់ខ្លួនវិញ” និងមាត្រា ៧ នៃ សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចចែងថា“ជនជាតិដើមភាគតិច មានសិទ្ធិរស់រានមានជីវិតបូរណភាពរូមកាយ និងបញ្ញាស្មារតីមានសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន” ។
ក្រៅពីនេះ ទង្វើបង្ខាំងខ្លួន លោក លី ឈូន និងក្រុមគ្រួសារសួរចម្លើយនៅព្រំដែន និងការរារាំងដំណើរ មិនឲ្យលោកចូលស្រុកសួរសុខទុក្ខម្ដាយឪពុកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនោះ វាជាការការរើសអើង ពូជសាសន៍យ៉ាងធ្ងន់ធ្ងរលើពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ។
យើងសង្ឃឹមថា វៀតណាមនឹងធ្វើការកែប្រែឥរិយាបថរើសអើងពូជសាសន៍ និងរំលោភសិទ្ធិមនុស្ស របស់ខ្លួនទៅលើពលរដ្ឋខ្មែរក្រោម ព្រោះទង្វើទាំងនេះ មិនមែនជាវិធីសាស្ត្រល្អសម្រាប់ទប់ទល់ជាមួយ នឹងកម្លាំងងើបតវ៉ារបស់ពលរដ្ឋខ្មែរក្រោមបានឡើយ និងទង្វើទាំងនេះ វាធ្វើឲ្យខ្មែរក្រោមកាន់តែយល់ ច្បាស់នូវចំណុចអាក្រក់របស់រដ្ឋាភិបាលវៀតណាម ហើយមានស្មារតីក្លាហានធ្វើការតស៊ូ ដើម្បីសិទ្ធិម្ចាស់ស្រុករបស់ពួកគេកាន់តែខ្លាំងឡើងៗ ៕
សារព័ត៌មាន ព្រៃនគរ
អភិបាល៖ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា
Email:khmerkampuheakrom@gmail.com
ចាងហ្វាង៖ លី ឈូន
Email:lychhoun2003@yahoo.com
និពន្ធនាយក៖ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន
Email:thachpreicheakoeun@gmail.com
ការិយាល័យនិពន្ធ៖
សហរដ្ឋអាមេរិកៈ P.O Box 51201 San Jose CA 95151 USA
ទូរស័ព្ទ: (408) 550 5060
កម្ពុជាៈ ផ្ទះលេខ 791 ក្រុមទី 4 ភូមិទ្រា 3
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទ: (855) 17369-683
អ៊ីម៉ែល: preynokornews@gmail.com
គេហទំព័រ៖
http://www.preynokornews.blogspot.com
http://preynokornews.info
លិខិតអនុញ្ញាតច្បាប់ចេញពីក្រសួងព័ត៌មានកម្ពុជា៖
លេខ ៣៣៦ ម.ព.ប្រ.ក ចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១២