ស្រណោះស្រះស្រី

Srah Ku[twocol_one]អង្គុយស្រណោះគិតមិនចេញ
ក្នុងទ្រូងទោម្នេញជិតផុតរលត់
លើផ្ទៃស្រះស្រីទឹកដីកំសត់
រាត្រីជូរចត់ព្រាត់ដូងសុរិយា។

រុក្ខជាតិឈរស្ងៀមហាក់បៀមទុក្ខសោក
ស្រះស្រីវិយោគឃ្លាតចាកខេមរា
សារមន្ទីវីវក់ខ្លោចផ្សា
មិនដឹងថ្ងៃណាទើបខ្មែរបានស្បើយ។

ឪភូមិព្រះស្រែស្និទ្ធស្នេហ៍ភូមិកោះ
ស្រះស្រីស្រណោះហៅគ្មានអ្នកឆ្លើយ
តើខ្មែរនៅចាំឬមួយភ្លេចហើយ
បានជាព្រងើយអោយស្រះទួញយំ។[/twocol_one] [twocol_one_last]

ឈូកអើយឈូកឈរនៅលើដីល្បាប់
ត្រូវគេកាយលប់អស់កាលយួរឡង់
ស្រះគូរស្រះប្រុសជិតក្បែរវត្តអង្គ
គង្គាថ្លាឆ្វង់ជាប់ដូងចិត្តខ្មែរ។

រៃអើយរៃយំលើចុងព្រឹក្សា
យំដៀលខេមរាឬយំអាណិត
យំក្រងសាវតារចាររឿងពិត
ឬយំឃុបឃិតអោយអ្នកដ៏ទៃ។

លំអងផ្កាឈូករលាកដួងចិត
ផ្ការីកខ្ញុំស្វិតទ្រូងសែនខ្លោចផ្សា
ចង់បោកខ្លួនស្លាប់ក្បែរស្រះគង្គា
តែខ្មាស់ពួកមារវាសើចចំអក៕​[/twocol_one_last]

ដោយ ភិក្ខុ គឹម ឡាញ់ នៅជ្រៃតាសូរ