ដោយ ស៊ឺន ចែងចើន| VOKK
ករណីបាត់ព្រះកាយព្រះសង្ឃខ្មែរក្រោម ១ អង្គព្រះនាម មាស វិចិត្រ និងលោកតាអាចារ្យម្នាក់ឈ្មោះ នី កាលពីថ្ងៃទី ១៨ មិថុនា ២០១៧ រហូតមកដល់ពេលនេះ (០៣ កក្កដា ២០១៧) នៅក្នុងទឹកដីខេត្តសៀមរាបនោះ នៅមិនទាន់ស្វែងរកឃើញព្រះកាយនៅឡើយ ។

ព្រះសង្ឃខ្មែរក្រោម ព្រះនាម មាស វិចិត្រ ព្រះជន្ម ៣១ ព្រះវស្សា មានដើមកំណើតមកពីដែនដីកម្ពុជាក្រោម ស្ថិតនៅភូមិជ្រៃតាសូរ ឃុំកីយ៉ា ស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំង បាននិមន្តមកគង់ និងសិក្សានៅប្រទេសកម្ពុជា អស់រយៈពេលជាង ១០ ឆ្នាំហើយ ។
កាលពីថ្ងៃទី ១៨ ខែមិថុនា ព្រះតេជព្រះគុណ មាស វិចិត្រ និងតាអាចារ្យម្នាក់ឈ្មោះ នី បានទៅលេងសាច់ញាតិនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ហើយនិមន្តត្រឡប់វិញទាំងយប់ក៏បាត់ខ្លួនតាំងពីពេលនោះមក ។
បើតាមប្រភពពីសាច់ញាតិរបស់ព្រះសង្ឃខ្មែរក្រោមអង្គនោះ អះអាងថា គេបានឮព័ត៌មានថា ក្រុមប្រជាការពារនៅភូមិស្រង៉ែ បានចាប់ព្រះសង្ឃ និងតាអាចារ្យម្នាក់នោះ ដោយសង្ស័យថាជាជនខិលខូចដើររកលួចឆក់ ហើយក្រោយមកក៏បានបញ្ជូនទៅឲ្យនគរបាលប៉ុស្តិ៍ស្រង៉ែ ។ គេមិនដឹងថា តើអ្នកណាជាអ្នកបកស្បង់ចីវរព្រះសង្ឃខ្មែរក្រោម និងដោះសម្លៀកបំពាក់តាអាចារ្យ ហើយឲ្យស្លៀកការុងក្នុងពេលចាប់ខ្លួននោះទេ ។
យ៉ាងណាក៏ដោយ ប៉ូលិសប៉ុស្តិ៍ស្រងែ បានឲ្យដឹងថា ពេលដែលប៉ូលិសរកមិនឃើញកំហុសរបស់ព្រះសង្ឃ និងតាអាចារ្យនោះ គេក៏បញ្ជាឱ្យប្រជាការពារបើកម៉ូតូ ៣ គ្រឿង ដឹកអ្នកទាំងពីរទៅរកចំណត់ឡានក្នុងក្រុងសៀមរាប ដើម្បីឱ្យជិះត្រឡប់ទៅលំនៅវិញ ប៉ុន្តែនៅពេលធ្វើដំណើរដល់ជិតវត្តមេត្តាករុណា អ្នកទាំងពីរក៏ចុះពីលើម៉ូតូ ហើយរត់គេចខ្លួនបាត់ រហូតមកដល់ពេលនេះ ។
ទាក់ទិន នឹងករណីនេះដែរ ក្រុមអង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមមួយក្រុម កាលពីថ្ងៃទី ២៩ មិថុនា បានធ្វើដំណើរចុះទៅផ្ទាល់នៅខេត្តសៀមរាប ដើម្បីស៊ើបអង្កេតរកតម្រុយនៃការបាត់ខ្លួនព្រះសង្ឃខ្មែរក្រោម ១ អង្គ និងតាអាចារ្យម្នាក់នោះ ពីព្រោះតែគេចាប់អារម្មណ៍ថា អ្នកទាំងពីរបានបាត់ខ្លួន បន្ទាប់ពីក្រុមប្រជាការពារភូមិស្រង៉ែ ចាប់ខ្លួន ហើយបញ្ជូនឲ្យប៉ូលិសប៉ុស្តិ៍រួច ។

តើការស៊ើបអង្កេតរបស់អង្គការ-សមាគមខ្មែរកម្ពុជាក្រោម លើករណីបាត់ព្រះកាយព្រះសង្ឃខ្មែរក្រោម និងលោកតាអាចារ្យ ទទួលបានលទ្ធផលយ៉ាងណាខ្លះ ? ដើម្បីជ្រាបច្បាស់បញ្ហានេះ លោក ស៊ឺន ចែងចើន នៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើសម្ភាសន៍ជាមួយលោក សឺង ជុំជួន ប្រធានលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ជុំវិញរឿងនេះ ដូចតទៅ៖