ដោយ ស៊ឺន ចែងចើន| VOKK
នៅពេលថ្មីៗ នេះ បន្ទាប់ពីក្រុមយុវជនខ្មែរ នៅដែនដីកម្ពុជាក្រោម បានយករូបសញ្ញា (Logo) ដែលរចនា និងផលិតដោយគណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ទៅបោះពុម្ព ហើយបានចែកចាយគ្នាពាក់ជាសាធារណៈដោយឥតគិតថ្លៃ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ កន្លងទៅនេះ ។ ប៉ុន្តែ នៅប៉ុន្មានថ្ងៃក្រោយមក អាជ្ញាធរយួន បានចេញលិខិតកោះហៅក្រុមយុវជនខ្មែរក្រោមមួយក្រុមមានគ្នា ៧ នាក់ ទៅសួរចម្លើយ ដោយចោទថា បានធ្វើសកម្មភាពគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក្នុងគោលបំណងប្រឆាំង នឹងរដ្ឋាភិបាលវៀតណាម ។
នៅថ្ងៃទី ទី ២៦ ឧសភា ២០១៧ ការិយាល័យនគរបាលឃុំមេរងថ្មី បានចេញលិខិតកោះហៅមួយច្បាប់បង្គាប់ឲ្យយុវជនទាំង ៧ នាក់ទៅជួបប្រធានការិយាល័យនគរបាលសន្តិសុខស្រុកផ្នោដាច់ ឈ្មោះ សឺង ថាញ់បុត្រ នៅវេលាម៉ោង ១៣ និង ៣០ នាទី នៅការិយាល័យនគរបាលឃុំមេរងថ្មី ដើម្បីសួរនាំនូវរឿងរ៉ាវមួយចំនួនដែលទាក់ទាង នឹងសាមីខ្លួន ។
តើលទ្ធផលនៃការសួរចម្លើយរបស់អាជ្ញាធរយួនទៅលើក្រុមយុវជនទាំងនោះយ៉ាងណាខ្លះ ? ភ្នាក់ងារនគរបាលយួន បានសួរចម្លើយ និងចោទពួកគេទៅលើករណីអ្វី ? ហើយគម្រាម និងសម្លុតថា នឹងដាក់ទោសអ្វីខ្លះ ? ។ លោក ស៊ឺន ចែងចើន សហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើកិច្ចសម្ភាសន៍ជាមួយ លោក តូ ហ្វាងចឿង ជាអ្នកបោះពុម្ពអាវយឺតសហព័ន្ធខ្មែរកម្ពុជាក្រោម និងចែកដោយឥតគិតថ្លៃ ជុំវិញរឿងនេះ ដូចតទៅ៖