បទវិចារណកថា សេរីភាព​សាសនា​ក្នុង​ភាព​ភ័យខ្លាច​ នៅ​កម្ពុជាក្រោម

ដោយ ទៀ ថេន និង Virginia Thach

សូម​ឆ្នាំ​ថ្មី ២០២១ នេះ​នាំមក​ជាមួយ​នូវ សេចក្តី​សុខ​សន្តិភាព ចម្រុងចម្រើន និង​សុភមង្គល ជូន បងប្អូន​ខ្មែរ​ក្រោម​គ្រប់​ៗគ្នា ដែល​កំពុង​រស់នៅ​គ្រប់ទិសទី​លើ​ភពផែន​ដី​នេះ ។ មែនពិត យើង​កំពុង ស្ថិតនៅ​ក្នុង សប្តាហ៍​ទី ២ នៃ​ដើម ឆ្នាំ ២០២១ នៅឡើយ គឺ​យើង​មិនទាន់​ទៅណា​ឆ្ងាយ​ពី​សភាពការណ៍​ក្តៅ​គគុក នៃ​ឆ្នាំ ២០២០ នៅឡើយ​ទេ ។ បងប្អូន​រួម​ឈាម​របស់​យើង​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​បិទ​សិទ្ធិ​ហាមមិនឲ្យ​បញ្ចេញ​សំឡេង​មក​ខាងក្រៅ កំពុង​បន្ត​ប្រឈមមុខ​នៅ​ឯមាតុភូមិ​ដែនដី​កម្ពុជាក្រោម ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គាត់ ហើយដែល​រឿង​នោះ មាន​ទាក់ទង​ជាពិសេស​ទៅលើ​ផ្នែក​ចិត្ត​សាស្រ្ត និង​ស្មារតី​ក្នុង​សិទ្ធិ​សេរី​ជំនឿ និង​ការគោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​និកាយ​ថេរវាទ នៅតែ​មិនទាន់​បាន​ត្រឹមត្រូវ​តាម​សេចក្តី​ប្រាថ្នា​នៅឡើយ ។ ទោះបី​ថា ត្រូវ​បានការ​ពារ​ដោយ​ច្បាប់អន្តរជាតិ​ផង និង​ថែមទាំង​មាន​ចែង​យ៉ាង​ច្បាស់ក្រឡែត​នៅក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​វៀតណាម​ផង​នោះ​ក៏ដោយ ក៏​រដ្ឋអំណាច​វៀតណាម​នៅតែ​បន្ត​ជ្រៀតជ្រែក​បំពានបំពារ​ចូល​មក​យ៉ាងងងើល​ឥត​អៀន​ខ្មាស់ និង​ឥត​ក្រែង រអែង​គោរពច្បាប់​អង្គការសហប្រជាជាតិ​ទាល់តែសោះ ។

គណ​ប្រតិបត្តិ​ការ សា​មា​គម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ​ខេត្ត​ព្រះត្រពាំង អាណត្តិ​កាល ២០១៨ – ២០២៣ ចំនួន ៦០ ព្រះអង្គ បង្ហាញ​ព្រះ​ភត្រ្ត និង​ឡើង​សម្តែង​សេចក្តី​ប្តេជ្ញា​ចិត្ត ក្នុង​ពិធី​បិទ​បញ្ចប់​មហាសន្និបាត​លើក​ទី ៧ ។ រូប​ថតៈ ហ្វេសប៊ុក​
គណ​ប្រតិបត្តិ​ការ សា​មា​គម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ​ខេត្ត​ព្រះត្រពាំង អាណត្តិ​កាល ២០១៨ – ២០២៣ ចំនួន ៦០ ព្រះអង្គ បង្ហាញ​ព្រះ​ភត្រ្ត និង​ឡើង​សម្តែង​សេចក្តី​ប្តេជ្ញា​ចិត្ត ក្នុង​ពិធី​បិទ​បញ្ចប់​មហាសន្និបាត​លើក​ទី ៧ ។ រូប​ថតៈ ហ្វេសប៊ុក​

ក្នុងនាម​ជា​ជនជាតិ​ដើម ដែល​រស់នៅ​លើ​ដែនដី​កម្ពុជាក្រោម ប្រជាជាតិ​ខ្មែរក្រោម​បាន​គោរព ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​និកាយ​ថេរវាទ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​បាន​សាងសង់​វត្តអារាម​ជា​ពុទ្ធ​បូជនីយដ្ឋាន ប្រមាណ​ជិត​ប្រាំ​រយ​វត្ត នៅ​លើទឹក​ដីដូនតា​របស់​ខ្លួន​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មក​ហើយ មាន​ជាអាទិ៍ វត្ត​ដែល​កសាង​ឡើង​មុនគេ​បង្អស់ នោះ​គឺ វត្ត​សម្បូរ​រង្សី បាន​ស្ថាបនា​ឡើង​តាំងពី​ឆ្នាំ ៣៧៣ មក​ម៉្លេះ នៅ​ខែត្រ​ព្រះត្រពាំង ។

 

រហូត​មកទល់​នឹង​ឆ្នាំ ១៩៧៥ គឺ​មុន​ការ​ចូលកាន់​កាប់​ដោយ​របប​យួន​កុម្មុយនីស្ត ខ្មែរក្រោម​ធ្លាប់​មាន​អង្គការ​សាសនា​ឯករាជ្យ​ដោយខ្លួនឯង​ចំនួន ២ នៅ​កម្ពុជាក្រោម ។ ពុទ្ធិកសមាគម​ខ្មែរក្រោម​ទាំងពីរ ជាទី​ពេញនិយម​នោះ​គឺ ពុទ្ធិកសមាគម​ទក្ខិណា​និកាយ និង​ពុទ្ធិកសមាគម​ខេមរ​និកាយ ដែល​ដឹកនាំ​ដោយ ព្រះតេជព្រះគុណ គឹម សាង និង ព្រះតេជព្រះគុណ ថាច់ ងោស

 

លុះ​មកដល់​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ កងទ័ព​កុម្មុយនីស្ត​វៀតណាម​ខាងជើង បាន​ទន្ទា្រន​លុកលុយ​ចូល​ទឹកដី​កម្ពុជាក្រោម និង​បាន​ធ្វើឲ្យ​ធ្លាក់ចុះ​នូវ​សក្តា​នុ​ពលភាព​នៃ​ព្រះពុទ្ធ​សាសនា​នៅ​ដែនដី កម្ពុជាក្រោម ។ ពុទ្ធិកសមាគម​ទាំងនោះ ត្រូវ​បាន​រដ្ឋអំណាច​យួន​លុបបំបាត់​ចោល ហើយ​ប្រើ​ឧបាយកល និង​អំណាច​ចាត់វិធានការ​ធ្វើឲ្យ​បែកខ្ញែក​អស់ ក្រោយមក​ក៏បាន​ចាប់បង្ខំ​ព្រះសង្ឃ​ខ្មែរក្រោម​នៃ​អង្គការ ពុទ្ធសាសនា​ទាំងពីរ​ឲ្យ​ចូលរួម​ជា សមាគម​ព្រះសង្ឃ​ស្នេហាជាតិ ហើយ​បាន​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការ គ្រប់គ្រង​របស់ សមាគម​ពុទ្ធសាសនា​វៀតណាម ( ហៅ​កាត់​ថា : V.B.S ដែល​មានន័យ​ពេញ ជា​ភាសាអង់គ្លេស​ថា Vietnam Buddhist Sangha ) ។ សមាគម​ពុទ្ធសាសនា​វៀតណាម មួយ​នេះ​គឺជា​ស្ថាប័ន​ដែល​ត្រូវ​បាន​ចងភ្ជាប់​យ៉ាង​រឹងមាំ​ទៅ​នឹង គណៈកម្មាធិការមជ្ឈិម នៃ រណសិរ្ស​មាតុភូមិ​វៀតណាម និង ជា គណៈកម្មការ​មួយ​របស់ គណបក្ស​កុម្មុយនីស្ត​វៀតណាម (V.C.P = Vietnamese Communist Party​) ។

 

ទំនាក់ទំនង​ស្អិត​រមួត​រវាង គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​សមាគម​ពុទ្ធសាសនា​វៀតណាម បច្ចុប្បន្ន បែបនេះ​ហើយ ទើប​នាំឲ្យមាន​ការ​បង្រ្កាប​មក​លើ​ខ្មែរក្រោម តាម​រូបភាព​សាសនា​តែមួយ ដែល​កាលពីមុន​គឺជា​គ្រឹះ​របស់​សហគមន៍ ។ តំបន់​ដែនដី​កម្ពុជាក្រោម​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​យ៉ាង​តឹង​រឹង​របស់ គណបក្ស​កុម្មុយនីស្ត​វៀតណាម ដែល​ប្រើអំណាច​របស់​ខ្លួន​តាមរយៈ​សាសនា នយោបាយ និង​ពេលខ្លះ​ដោយ​មធ្យោបាយ​យោធា ផង​ដែរ ។ ទោះបីជា ខ្មែរក្រោម មាន​អារាម ពុទ្ធ​បូជនីយដ្ឋាន ជិត​ប្រាំ​រយ​វត្ត ក្រាល​រាយ​ស្ទើរ​ពាសពេញ​ដែនដី​កម្ពុជាក្រោម​ក៏ដោយ ក៏​ខ្មែរក្រោម​នៅតែ​មិន​អាចប​ង្កើត​ជាស​មា​គម​ពុទ្ធសាសនា​ឯករាជ្យ​ដាច់ដោយឡែក​មួយ ដែល​មិន​មានការ​ជ្រៀតជ្រែក​ពីសំណាក់​រដ្ឋាភិបាល​វៀតណាម​បាន​ឡើយ ។ វិធី​គោរព​បូជា​តាម​បែប​ប្រពៃណី​ត្រូវ​បាន​ផ្លាស់​ប្តូរ ហើយ​ត្រូវ​រង​នូវ​ការ​ដកហូត​សិទ្ធិ​ក្នុង​ការប្រតិបត្តិ​ពិធី​សាសនា​ដោយ​ស្វ័យភាព និង​ថែមទាំង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ភាសាខ្មែរ​ទៀតផង ។ ការ​ប្រមូល​ផ្តុំ​ណាមួយ​ដើម្បី​ទទួល​បាន​សិទ្ធិ​សមស្រប​បែបនេះ ទោះបីជា​ត្រឹមត្រូវ​ទៅតាមច្បាប់​ដែល​មាន​ចែង​យ៉ាងនេះ​ហើយ​ក្តី ក៏​នៅតែ​ត្រូវ​បាន​ឃាត់ឃាំង ហើយ​ទទួលរង​នូវ​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​ថា «បាន​ធ្វើឲ្យខូច​សណ្តាប់​ធ្នាប់​នៅក្នុង​សង្គម​វៀតណាម» និង «បាន​ចូលរួម​ជាមួយនឹង​ចលនា​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម » ដែល​អាច​នឹង​ត្រូវ​ជាប់ទោស​ជា​ការ​ដាក់ទណ្ឌកម្ម ឬឲ្យ​ជាប់ពន្ធ​នា​គារ​តាម​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​វៀតណាម ។ ស្ថិតនៅ​ក្នុង​ស្ថានភាព​កំពុងតែ​បាត់បង់​សមត្ថភាព​ក្នុង​ការបង្កើត​សមាគម​សាសនា​ឯករាជ្យ​របស់​ខ្លួន​បែបនេះ ប្រជាជាតិ​ខ្មែរក្រោម ក្នុង​ពេល​បច្ចុប្បន្ន កំពុងតែ​គោរព​ប្រតិបត្តិ​ពុទ្ធសាសនា​របស់​ខ្លួន នៅក្នុង​សភាព​ភ័យខ្លាច​ជាប់​ជាប្រចាំ ។ រហូត​មកទល់​នឹង​សព្វថ្ងៃ​នេះ សមាគម​ពុទ្ធសាសនា​វៀតណាម ដែល​ដឹកនាំ​ដោយ​លោកសង្ឃ​មហាយាន​យួន បាន​គ្រប់គ្រង​សកម្មភាព​រដ្ឋបាល ភាគច្រើន​នៅក្នុង​វត្តអារាម​របស់​ខ្មែរក្រោម មាន​ឧទាហរណ៍​ដូចជា ៖

 

  • បាន​បង្ខំឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​ប្រើប្រាស់​ប័ណ្ណ​សម្គាល់​សមណភាព ដែល​បញ្ជាក់​ចេញ​មក​ពី សមាគម​ពុទ្ធសាសនា​វៀតណាម ហើយដែល​មាន​សុទ្ធតែ​ជា​អក្សរ​យួន ជំនួស​ឲ្យ​ប័ណ្ណ សម្គាល់ ឬលិខិត​បទ​ដ្ឋាន​ផ្សេង​ៗជា​អក្សរភាសា​ខ្មែរ ដែល​ខ្មែរក្រោម​ធ្លាប់​និយម​ប្រើប្រាស់​ជាវ​ប្ប​ធម៌​សម្រាប់​សម្គាល់​បញ្ជាក់​សមណភាព​ក្នុង​ពុទ្ធសាសនា គឺ «សង្ឃដីកា » សម្រាប់​សម្គាល់​សាមណេរ​ភាវៈ និង «ឆាយា» សម្រាប់​សម្គាល់​ភិក្ខុភាវៈ ជាដើម ។
  • សមាគម​ពុទ្ធសាសនា​វៀតណាម បាន​ធ្វើ​ត្រា​ថ្មី​ជា​អក្សរ​យួន ទៅ​ប្តូរ​ជំនួស​ត្រា​ចាស់​ដែល​មាន​ឆ្លាក់​ឈ្មោះ​វត្ត​ជា​អក្សរភាសា​ខ្មែរ​នោះ​ចោលចេញ រួចហើយ​ចាប់បង្ខំ​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​គ្រប់​វត្ត​ទាំងអស់​ប្រើប្រាស់​ត្រា​ថ្មី​ដែលគេ​ប្តូរ​ឲ្យ​នោះ​វិញ ។
  • សមាគម​ពុទ្ធសាសនា​វៀតណាម បាន​បើក​វគ្គ​សិក្ខាសាលា​ដែលគេ​ហៅថា «ការ ការពារ​ជាតិ និង​សន្តិសុខ​សង្គម » ក្នុង​គោលបំណង​លាង​ដុះ​ខាត់​ស្មារតី​ខ្មែរក្រោម​ចោលចេញ រួចហើយ​បញ្ចូល​ជំនួស​វិញ​នូវ​មនោគមវិជ្ជា​កុម្មុយនីស្ត​យួន មក​ក្នុង​សង្គម​សាសនា​របស់​ខ្មែរក្រោម ។ ព្រះសង្ឃ​ខ្មែរក្រោម​ភាគច្រើន​មិន​ចង់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នោះ​ទេ ពីព្រោះ​ថា ជា​ល័ក្ខ​គោល​ព្រះពុទ្ធ​សាសនា គឺ​ការប្រតិបត្តិ​អប់រំ​ដើម្បីឲ្យ​មាន​សន្តិភាព​ផ្លូវចិត្ត​តែប៉ុណ្ណោះ ។ ក៏ប៉ុន្តែ​ដោយ​គ្មាន​ជម្រើស​ណា​ផ្សេង ក្រៅតែ​ពី​បង្ខំចិត្ត​ទទួល​ធ្វើតាម​គេ បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​រង​នូវ ការចោទប្រកាន់ ឬត្រូវ​ពិន័យ​តាមតែ​គំនិត​យល់ឃើញ​របស់​គេ ។
  • ល្បិច​បបោសអង្អែល​ពិសពុល​ម្យ៉ាងទៀត ដើម្បី​បំភាន់​ភែ្ន​កអន្តរជាតិ​ឲ្យ​ជឿ​ថា រដ្ឋាភិបាល វៀតណាម កំពុង​យកចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​សិទ្ធិ​សេរី​ជំនឿ​របស់​ពលរដ្ឋខ្មែរ​ក្រោម​ដែរ​នោះ គឺ សមាគម​ពុទ្ធសាសនា​វៀតណាម បាន​ជួយ​ជា​មធ្យោបាយ​រៀបចំ​សន្និសីទ​មួយ​ជជែក​អំពី «ការប្រតិបត្តិ​ពុទ្ធសាសនា​និកាយ​ថេរវាទ នៃ​ប្រជាជាតិ​ខ្មែរក្រោម​នៅ​កម្ពុជាក្រោម» ក៏ប៉ុន្តែ​នៅក្នុង​ការ​ជជែក​នោះ ព្រះសង្ឃ​ខ្មែរក្រោម​ត្រូវ​រង​នូវ​ការ​បង្គាប់​ណែនាំ​ថា ត្រូវ​ថ្លែងការណ៍ ឬសំណេះសំណាល​ជា​ភាសា​យួន​ទាំងអស់ ។ ព្រះតេជព្រះគុណ ជា​ចៅអធិការវត្ត​ខ្មែរក្រោម​ដោយ​ច្រើន​មិនសូវ​បាន​ចេះដឹង​ជ្រៅជ្រះ​ក្នុង​ភាសា​វៀតណាម​ទេ កុំថាឡើយ ដល់ទៅ​តែង​ជា​សុន្ទរកថា​សម្រាប់​ថ្លែង​ក្នុង​អង្គប្រជុំ សូម្បី​ការ​ជជែក​យ៉ាង​សាមញ្ញ​ក៏​លំបាក​នឹង​រក​ពាក្យ​មក​និយាយ​ឲ្យ​ចំ​ន័យ​បាន​ត្រឹមត្រូវ​ល្អ​ផង ។ ព្រោះហេតុនោះ គណៈកម្មការ​សមាគម​ពុទ្ធសាសនា វៀតណាម បាន​តាក់តែង​សុន្ទរកថា​ជា​ភាសា​វៀតណាម​ទៅតាម​ន័យ​ដែល​ពួក​គេ​ចង់បាន ហើយ​យក​មក​ប្រគល់ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​អាន​តាម ដែល​នោះ​សុទ្ធតែ​ជា​វិធី​ពិសពុល​ដ៏​អាក្រក់ មាន​គោលដៅ​បន្សាប​បំប្លែង​ប្រពៃណី វប្បធម៌ អក្សរ​សាស្រ្ត​ខ្មែរ​ឲ្យ​រលាយ​ជា​សន្សឹម​ៗ ដោយ​មិនដឹង​ខ្លួន ។ ដោយ​បានឃើញ​យ៉ាង​ច្បាស់​នូវ​ហានិភ័យ​ផ្នែក​ខឿនវប្បធម៌​របស់​ខ្មែរក្រោម​បែបនេះ ទើប​មាន​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ប្រជា​សាសន៍ មក​ពី​ក្រុម​ប្រទេស​នៃ​សហ​គម​អឺរ៉ុប​បាន​ហៅ​សកម្មភាព​របស់​វៀតណាម​នេះ​ថា «វិធី​បំបាត់​ពូជសាសន៍​ខ្មែរក្រោម ដោយ​មិន​ឲ្យ​ឃើញ​ឈាម​ស្រក់» ។
  • តាម​ទំនៀមទម្លាប់​ក្នុង​ការគោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​និកាយ​ថេរវាទ ពលរដ្ឋខ្មែរ​ក្រោម មាន​តាំង​តម្កល់​ព្រះពុទ្ធ​បដិមា និង​ទង់​ព្រះពុទ្ធ​សាសនា ដែល​មាន ៦ ពណ៌ គឺ ពណ៌ខៀវ លឿង ក្រហម ស ហង្សបាទ និង​ពណ៌​ភ្លឺផ្លេក ដែល​ជា​ពណ៌​ចម្រុះ​កើត​ចេញពី​ពណ៌​ទាំង ៥ ខាងដើម​លាយ​ចម្រុះគ្នា ។ បូជនីយវត្ថុ​ទាំងពីរ ខ្មែរក្រោម​តែង​ដាក់​នៅ​លើ​អាសនៈ​ជាទី​បូជា​តាម​គ្រប់​ទីវត្ត​អារាម សម្រាប់​ថ្វាយបង្គំ​រំឭក​គុណ​ជាប្រចាំ និង​តាមកាល​គួរ ។ វប្បធម៌​ដ៏​ថ្លៃថ្នូរ​របស់​ពុទ្ធសាសនិក​ខ្មែរក្រោម​នេះ មិនជា​ទី​ពេញចិត្ត​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ទេ ពួក​គេ​បាន​រិះរក​គ្រប់ កលឧបាយ ដើម្បី​បញ្ជ្រាប​មនោគមវិជ្ជា​កុម្មុយនីស្ត របស់​ពួក​គេ​ឲ្យ​ចូល​មក​ស្ថិតនៅ​ពីលើ អាសនៈ ជាទី​សក្ការៈ​បូជា ខ្ពង់ខ្ពស់​បំផុត​របស់​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ថែមទៀត ។ ទៅតាម​រយៈ​បាតដៃ​របស់ សមាគម​ពុទ្ធសាសនា​វៀតណាម រដ្ឋាភិបាល​យួន​កុម្មុយនីស្ត បាន​ចាប់បង្ខំ​ឲ្យ​វត្តអារាម​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជាក្រោម​ទាំងអស់ ចង​តម្លើង​ទង់ជាតិ​វៀតណាម ឲ្យ​ស្មើនឹង ទង់​ពុទ្ធសាសនា ហើយ​ត្រូវ​ដាក់​តាំង​រូបថត ហូ ជី មិញ ឲ្យ​នៅ​ស្មើគ្នា​ជាមួយនឹង​អាសនៈ​របស់​ព្រះពុទ្ធ​បដិមា​ដែរ ។ ពលរដ្ឋខ្មែរ​ក្រោម​លើកឡើង​ថា ពោះ​ការ​បង្ខំឲ្យ​ដាក់​តាំង​រូបថត​របស់ ហូ ជី មិញ ឲ្យ​ស្ថិតនៅ​ស្មើ នឹង​អាសនៈ​របស់​ព្រះសម្មាសម្ពុទ្ធ គឺជា​ប្រការ​ដែល​ព្រះសង្ឃ និង​ពុទ្ធសាសនិក​ខ្មែរក្រោម​មិន​អាច​ទទួលយក​បាន​ឡើយ ពីព្រោះ ដោយជាក់​ស្តែង ហូ ជី មិញ មិន​មានគុណ​តម្លៃ​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ខ្មែរក្រោម​គោរព​បូជា រាល់​យប់​ថ្ងៃ​នោះ​ឡើយ ។
  • នៅ​គ្រប់​វត្តអារាម ព្រះសង្ឃ​ខ្មែរក្រោម​បើ​មាន​ប្រារព្ធ​ពិធីបុណ្យ និង​ពិធី​កម្ម​នានា រួម​ទាំង​បុណ្យប្រពៃណី​ជាតិ​ដែល​ធ្លាប់ធ្វើ​ជាប្រចាំ ដូចជា ចូលឆ្នាំ​ថ្មី សែនដូនតា អកអំបុក សំពះព្រះខែ ជាដើម​សុទ្ធតែ​ត្រូវ​សុំច្បាប់​អនុញ្ញាត​ជាមុន​ពី​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថា្នក់​ចាប់ពី​ថ្នាក់​ឃុំ ដល់​ថ្នាក់​ស្រុក និង​ពេលខ្លះ​រហូតដល់​ថ្នាក់​ខែត្រ​ទៀតផង ហើយ​ត្រូវ​ជូនដំណឹង​ទៅ សមាគម​ពុទ្ធសាសនា​វៀតណាម ឲ្យបាន​ជ្រាប​ផង​ដែរ ទើប​អាច​ធ្វើ​បាន ។ ព្រះសង្ឃ​ខ្មែរក្រោម មិន​មាន​សិទ្ធិ​ក្នុង​ការរៀបចំ​អង្គ​សន្និសីទ​ពុទ្ធសាសនា​និកាយ​ថេរវាទ ដើម្បី​ការពារ និង​ពង្រីក​ផ្សព្វផ្សាយ​ជា​ភាសាខ្មែរ​របស់​ខ្លួន​ដាច់ដោយឡែក​បាន​ឡើយ ។ សរុប​មក សមាគម​ពុទ្ធសាសនា​វៀតណាម បាន​គ្រប់ គ្រង​យ៉ាង​ណែន​នៅក្នុង​ដៃ​របស់​គេ នូវ​គ្រប់​សកម្មភាព​ទាំងអស់​របស់​ព្រះសង្ឃ​ខ្មែរក្រោម ជាពិសេស​បំផុត​នោះ​គឺ ខាង​ផ្នែក​សិក្សាអប់រំ​លើ​វិស័យ​ពុទ្ធចក្រ និង​ការចូលរួម​ប្រជុំ​សន្និសីទ​អន្តរជាតិ​នានា​នៅ​ក្រៅប្រទេស មាន​ដូចជា​ការចូលរួម​កម្មវិធី វិសាខបូជា ដែល​រៀបចំឡើង​ដោយ អ.ស.ប​. ជាអាទិ៍​សុទ្ធតែ​ត្រូវ​បាន​រឹត​បន្តឹង និង​ហាមឃាត់ ។

នៅ​មាន​ករណី​គាបសង្កត់​ផ្សេងទៀត​ជាច្រើន ដែល​យើង​មិន​អាច​លើកយក​មក​បង្ហាញ​ជូន​ឲ្យអស់​បាន​នៅពេល​នេះ​ឡើយ ដោយហេតុថា ការ​រៀបរាប់​អំពី​ករណី​ទាំងប៉ុន្មាន​ខាងលើ​នេះ​ដែល​សុទ្ធតែ​ជា​ការពិត​ជាក់ស្តែង និង​មាន​ភស្តុតាង​គ្រប់គ្រាន់​ផង​នោះ គឺ​ក្នុង​បំណង​បើក​បង្ហាញ​ជូន​មតិ​ជាតិ និង​អន្តរជាតិ ដែល​ស្នេហា​ភាព​យុត្តិធម៌ សិទ្ធិមនុស្ស នៅ​លើ​ភពផែន​ដី​នេះ​ទាំងមូល ដើម្បី​យក​ទៅ​ធ្វើវិភាគ​ប្រៀបធៀប​រវាង​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​វៀតណាម និង​ការប្រព្រឹត្ត​របស់​រដ្ឋាភិបាល​វៀតណាម មក​លើ ជនជាតិ​ដើម​ខ្មែរក្រោម ។

ជាបន្តបន្ទាប់​ខាងក្រោម​នេះ យើង​សូម​ជំរាប​ជូន​អំពី​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ការរំលោភ​បំពាន​មក​លើច្បាប់​រដ្ឋធម្មនុញ្ញ​របស់​វៀតណាម​ខ្លួនឯង​ផ្ទាល់​ផង និង​ការរំលោភ​បំពាន​ទៅលើ​សន្ធិសញ្ញា និង​កតិកាសញ្ញា​អន្តរជាតិ​នានា​មាន​ដូចជា ៖

ក្នុង​មាត្រា​ទី ២៤ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រទេស​វៀតណាម​ចែងថា ៖

១). មនុស្ស​គ្រប់រូប​មាន​សេរីភាព​ពេញលេញ នៅ​លើ​ជំនឿ និង សាសនា ។ ពលរដ្ឋ​អាច​គោរព​សាសនា​ណាមួយ ឬមិន​កាន់​យក​សាសនា ក៏​តាម​សេចក្តី​ប្រាថ្នា​របស់​ខ្លួន ។ គ្រប់​ស្ថាប័ន​សាសនា​ទាំងអស់​ត្រូវ​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់

២). រដ្ឋ​មាន​តួនាទី​គោរព និង​ការពារ ចំពោះ​សេរីភាព នៅ​លើ​ជំនឿ និង សាសនា ។ ៣). គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​រំលោភ​លើ​សេរីភាព នៃ​ជំនឿ និងសាសនា ឬក៏​ទាញ​យក​ផលប្រយោជន៍ ពី​ជំនឿ និងសាសនា ដើម្បី​រំលោភច្បាប់​ឡើយ ” ។ ក្នុងនាម​ជា​ជនជាតិ​ដើម​នៅ​ដែនដី​កម្ពុជាក្រោម ពលរដ្ឋខ្មែរ​ក្រោម​ស័ក្តិសម​បំផុត​ដើម្បី​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ​នៅ​លើ​ជំនឿ​សាសនា​របស់​ខ្លួន ដូច​ប្រការ​ដែល​មាន​ចែង​នៅក្នុង​សេចក្តី​ប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តី​ពី​សិទ្ធិ​របស់​ជនជាតិ​ដើម ( The UN DRIP ឬ United Nation Declaration of the Rights of Indigenous People​) និង សន្ធិសញ្ញា​ទាំងឡាយ ដែល​រដ្ឋ​វៀតណាម​បាន​ចុះហត្ថលេខា​ជាមួយ​អង្គការសហប្រជាជាតិ ។ នៅក្នុង​មាត្រា​ទី ១២.១ នៃ​សេចក្តី​ប្រកាស​នោះ​បាន ចែងថា៖

“ជនជាតិ​ដើម​ទាំងឡាយ មាន​សិទ្ធិ​បង្ហាញ អនុវត្ត អភិវឌ្ឍ និង​បង្ហាត់បង្រៀន​នូវ​ប្រពៃណី​ទំនៀមទម្លាប់ និង​ពិធីបុណ្យ​ទៅតាម​ជំនឿ​សាសនា និង​តាមវិធី​អប់រំ​ផ្លូវចិត្ត​របស់​ខ្លួន ហើយ​ជនជាតិ​ដើម​ម្នា​ក់ៗ មាន​សិទ្ធិ​រក្សា ការពារ ហើយ​មាន​សិទ្ធិ​ចូល​ទៅដល់​កន្លែង​សក្ការបូជា​សាសនា និង​វប្បធម៌​របស់​ខ្លួន​ដោយ​មិន​មានការ​ឃ្លាំមើល ហើយ​មាន​សិទ្ធិ​ប្រើប្រាស់ និង​ត្រួតពិនិត្យ​នូវ​វត្ថុ​សម្រាប់​ពិធី​សាសនា​របស់​ពួក​គេ និង​សិទ្ធិ​ក្នុង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍ នៃ​សាកសព​នៃ​មនុស្ស​របស់​ពួក​គេ​”

នៅក្នុង​មាត្រា​ទី ១៨.១ នៃ​កតិកាសញ្ញា​អន្តរជាតិ ស្តីអំពី​សិទ្ធិ​របស់​ពលរដ្ឋ និង​អ្នកនយោបាយ (ICCPR ឬ International Covenant on Civil and Political Rights​) ដែល​រដ្ឋ វៀតណាម​បាន​ចុះហត្ថលេខា​ជាមួយ អ.ស.ប​. នៅក្នុង​ឆ្នាំ ១៩៨២ បាន​ចែងថា ៖

“មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព ក្នុង​ការ​គិត ក្នុង​ការ​បញ្ចេញ​មនសិការ និង​ជំនឿ​សាសនា ។ សិទ្ធិ​នេះ​រាប់បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការ​មាន ឬទទួលយក​ជំនឿ ឬក៏​ជា​ជំនឿ ដែល​ជា​ជម្រើស​របស់​ខ្លួន ហើយនិង​សេរីភាព ជា​លក្ខណៈ​បុគ្គល ឬក៏​ក្នុង​សហគមន៍​រួម​ជាមួយ​អ្នកដទៃ​ឯទៀត និង​ជា​សាធារណៈ ឬជាឯក​ជន​ក្នុង​ការ​បង្ហាញ​អំពី​សាសនា ឬជំនឿ​របស់​គាត់​នៅក្នុង​ការគោរព​បូជា ការអនុវត្ត និង​ការ​បង្រៀន ”

វៀតណាម​គឺជា​រដ្ឋ​សមាជិក​មួយ​របស់​អង្គការសហប្រជាជាតិ ដែល​បាន​ចុះហត្ថលេខា​ព្រមព្រៀង​យក​ទៅ​អនុវត្ត​លើ កតិកាសញ្ញា អន្តរជាតិ ស្តីអំពី សិទ្ធិ​របស់​ពលរដ្ឋ និង​អ្នកនយោបាយ ដែល​ហៅ​កាត់​ជា​ភាសាអង់គ្លេស​ថា ICCPR នេះ​ផង ហើយ​សិទ្ធិ​សេរីភាព​លើ​ជំនឿ​សាសនា ក៏​មាន​ចែង​យ៉ាង​ក្រឡែត​នៅក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ផង​ទៀត​នោះ ប៉ុន្តែ​ផ្ទុយទៅវិញ រដ្ឋា​ភិ​បា​លកុម្មយ​នី​ស្ត​វៀតណាម បែរជា​មាន​យុទ្ធសាស្ត្រ​បង្កើត​ជា សមាគម​ពុទ្ធសាសនា​វៀតណាម ឲ្យ​ធ្វើជា​អង្គការ​សាសនា​មួយ​ដើម្បី​តាម​គាបសង្កត់ និង​គ្រប់គ្រង​ពីលើ​របៀប​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​និកាយ​ថេរវាទ​របស់​ខ្មែរក្រោម​ទៅវិញ នេះ​គឺជា​អំពើខុស​ឆ្គង​ដ៏​គួរឲ្យ​ស្អប់ខ្ពើម និង​សែន​សោក​ស្តាយ​ជាទីបំផុត ពីព្រោះ សមាគម​ពុទ្ធសាសនា​វៀតណាម ជា​សាខា​ពុទ្ធសាសនា​ផ្សេងគ្នា ហើយ​មានការ​ប្រតិបត្តិ​មិន​ដូចគ្នា​ទៀតផង ។

ការរស់នៅ​ក្នុង​របប​កុម្មុយនីស្ត​មួយ​នេះ បងប្អូន​ខ្មែរក្រោម​ដែល​មិន​អាច​បញ្ចេញ​សំឡេង​បាន កំពុងតែ​បន្ត​រស់នៅ និង​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​របស់​ខ្លួន​ទាំង​ភាព​ភ័យខ្លាច​ជាប់​ជាប្រចាំ ។ ទន្ទឹមគ្នា​នឹង​ការ​ចាប់ផ្តើម​ចេញដំណើរ នៃ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២១ នេះ យើងខ្ញុំ​សូម​រំឭក​ដោយ​សេចក្តី​ស្រឡាញ់​រាប់អាន​ដ៏​ស្មោះស្ម័គ្រ​បំផុត ជូន​ជា​កម្លាំង​ទឹក ចិត្ត​ចំពោះ បងប្អូន​ខ្មែរក្រោម​ដែល​មិន​អាច​បញ្ចេញ​សំឡេង​បាន​នូវ​សម្តី​មាស​ដ៏​មាន​ប្រជាប្រិយ​ភាព របស់​បណ្ឌិត ម៉ា​ទីន លូ​ថឺរ ឃីង (ជូន្ញៀ​) ( Dr​. Martin Luther King​, Jr​.) មួយ​ឃ្លា​ថា ៖

“ប្រសិនបើ​ថ្ងៃនេះ ខ្ញុំ​រស់នៅ​ក្នុង​ប្រទេស​កុម្មុយនីស្ត​មួយ ដែល​ជា​កន្លែង​មាន​គោលជំហរ​ភក្តី​ភាព​ដ៏​ជាក់លាក់​ចំពោះ​ជំនឿ​របស់​គ្រិស្ត​បរិស័ទ​ត្រូវ​រង​នូវ​ការ​បង្រ្កាប ខ្ញុំ​នឹង​តស៊ូ​មតិ​យ៉ាង​បើកចំហ​ចំពោះ​ការ​មិន​គោរពច្បាប់​ប្រឆាំង​នឹង​សាសនា​របស់​ប្រទេស​នោះ”