ដោយ មេង គ្រុយពន្លក | VOD Khmer
ក្រុមអ្នករៀបចំកម្មវិធីបុណ្យ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរក្រោម ដែលមានចំនួនប្រមាណជាកន្លះលាននាក់ បានមកចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីមួយ នៅក្នុងខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម សម្រាប់រយៈពេលបីថ្ងៃ កាលពីចុងខែធ្នូកន្លងទៅ ។

ផ្លូវត្រូវបានបិទ ក្នុងចម្ងាយប្រមាណជា ៣០០ ម៉ែត្រ ពីខ្លោងទ្វារវត្ត ក្នុងតំបន់ទីប្រជុំជន ដែលមានប្រជាជនខ្មែរភាគច្រើនរស់នៅ ខណៈបរិវេណវត្តមានសភាពអ៊ូអរទាំងយប់ និងថ្ងៃ ដោយមានតូបប្រមាណជា ៣០០ ត្រូវបានរៀបចំឡើង សម្រាប់លក់សម្លៀកបំពាក់ប្រពៃណីខ្មែរ និងរបស់របរចម្រុះទាំងឡាយ ។
ជាមួយគ្នានេះ ក៏មានការសម្ដែងល្ខោនខ្មែរ ការច្រៀងចម្រៀងជាភាសាខ្មែរ និងការតាំងលម្អចង្កៀងបំភ្លឺផងដែរ ។
ស្ថិតនៅក្នុងតំបន់ជុំវិញ ស្លាកសញ្ញាព័ត៌មានទាំងអស់ត្រូវបានដាក់ជាភាសាវៀតណាម ប៉ុន្តែ ពលរដ្ឋខ្មែរក្រោម បានធ្វើការសន្ទនាគ្នាជាភាសាខ្មែរ ដោយក្នុងនោះ មានមួយចំនួនអាចនិយាយភាសាខ្មែរបានយ៉ាងរលូន និងខ្លះទៀតនិយាយដោយមានការលាយឡំជាមួយនឹងភាសាវៀតណាម តិចតួច ។
គួរបញ្ជាក់ថា វត្តថ្មី ដែលជំនួសទីតាំងចាស់ ក្នុងចម្ងាយ ២ គីឡូម៉ែត្រនេះ ត្រូវបានផ្តល់មូលនិធិសាងសង់ ដោយការបរិច្ចាគពីពុទ្ធបរិស័ទ និងពលរដ្ឋខ្មែរក្រោម ។ សម្រាប់ពលរដ្ឋខ្មែរក្រោម ការដាក់បញ្ចូលទឹកដីកម្ពុជាក្រោម ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម នៅតែជាប្រធានបទដ៏ចម្រូងចម្រាសមួយរហូតមកដល់ពេលបច្ចុប្បន្ន ។ ទោះជាយ៉ាងណា ពលរដ្ឋខ្មែរក្រោម នៅតែខិតខំថែរក្សាប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងភាសាខ្មែរ នៅលើទឹកដីដូនតារបស់ពួកគេរហូតដល់ពេលបច្ចុប្បន្ន ។
ពលរដ្ឋខ្មែរក្រោម រស់នៅក្បែរទីតាំងវត្តមួយរូប កញ្ញា ស៊ីន ធី ថាញ់លៀង អាយុ ២៤ ឆ្នាំ ដែលបានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី កាលពីចុងខែធ្នូ កន្លងទៅ ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ បានលើកឡើងថា ការសាងសង់ព្រះវិហារនេះ ត្រូវចំណាយពេលជិត ១២ ឆ្នាំ ប៉ុន្តែទីតាំងវត្តថ្មីនេះ នឹងក្លាយជាទីតាំងដ៏សំខាន់មួយសម្រាប់ខ្មែរក្រោម នៅក្នុងសហគមន៍ ។
កញ្ញាថា៖ «មានអារម្មណ៍ថា សប្បាយចិត្ត ពេលកសាងរួចរាល់អស់អ៊ីចឹង ។ ចាប់ពីពេលហ្នឹងទៅ យើងអាចជុំជុំគ្នាក្នុងវត្ត និងអាចធ្វើពីធីបុណ្យផ្សេងៗ ទៀតងាយស្រួល» ។
ពលរដ្ឋរស់នៅក្បែរទីតាំងវត្តមួយរូបទៀត គឺលោក យ័ញ សេត អាយុ ៣៣ ឆ្នាំ ដែលនៅតែបន្តហៅឈ្មោះខេត្តខ្មែរថា ខេត្តឃ្លាំង បើទោះជាវៀតណាម បានប្តូរឈ្មោះទៅជាខេត្ត សុកត្រាំង ក្តី ។ លោកបានឱ្យដឹងថា រូបលោកសប្បាយរីករាយ ដែលឃើញព្រះវិហារថ្មីនេះ មានរចនាប័ទ្ម ដូចទៅនឹងប្រាសាទអង្គរវត្ត នៅក្នុងប្រទេសកម្ពុជា ហើយខណៈដែលធំដឹងក្ដីឡើងក្រោមការគ្រប់គ្រងរបស់រដ្ឋវៀតណាម លោកយល់ថា ការការពារប្រពៃណីខ្មែរ គឺពិតជារឿងដ៏សំខាន់ ។
លោក យ័ញ សេត បានចូលរួមជាមួយនឹងក្រុមអ្នករៀបចំកម្មវិធីបុណ្យ ដោយលោកមានភារកិច្ចទទួលស្វាគមន៍ភ្ញៀវ ដែលមកកាន់ពិធីបុណ្យឆ្លងព្រះវិហារថ្មីនេះ ។ ទោះជាយ៉ាងណា ពលរដ្ឋខ្មែរក្រោមរូបនេះ មិនសប្បាយចិត្តឡើយ នៅពេលឃើញអាជ្ញាធរវៀតណាម បង្ខំវត្តឱ្យដាក់ទង់ជាតិរបស់ប្រទេសវៀតណាម នៅក្នុងវត្តខ្មែរ ។
លោក យ័ញ សេត កាលពីពេលកន្លងទៅ ក៏ធ្លាប់មានបញ្ហាជាមួយនឹងអាជ្ញាធរវៀតណាម ទាក់ទងនឹងការបង្ហោះវីដេអូតាមប្រព័ន្ធបណ្តាញសង្គម អំពីប្រវត្តិសាស្ត្រខ្មែរ ដែលក្នុងនោះ រួមមានការលើកឡើង ដែលថា ទឹកដីកម្ពុជាក្រោម ធ្លាប់ជាផ្នែកមួយរបស់ប្រទេសកម្ពុជា ។
ទាក់ទិននឹងករណីនេះ លោកក៏ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាម ចាប់ឃាត់ខ្លួនចំនួនពីរដងផងដែរ កាលពីឆ្នាំមុន ដោយលើកទីមួយមានរយៈពេលពីរថ្ងៃ និងលើកទីពីរមានរយៈពេលប្រាំម៉ោង ។
លោកបន្តថា៖ «ចេះតែតស៊ូទៅ រាល់ថ្ងៃ ខ្ញុំរស់ដើម្បីជាតិ ខ្ញុំមិនរស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ ។ ស្លាប់ខ្លួន រស់ជាតិ តែបើស្លាប់ជាតិ គឺសាបសូន្យ! ប៉ូលិសសួរខ្ញុំថា នរណាដឹកនាំខ្ញុំ ធ្វើអ៊ីចឹង ខ្ញុំថាចង់ធ្វើខ្លួនឯង» ។
លោកបន្ថែមថា បើទោះបីមានសម្ពាធយ៉ាងណាក៏ដោយ លោកនៅតែមានអារម្មណ៍ថា វាជាបេសកកម្មរបស់លោកក្នុងការជួយជនជាតិខ្មែរឱ្យរក្សាបាននូវភាសា និងប្រពៃណីរបស់ខ្លួន ។
វត្តមុនីរង្សីសិរីវង្សធម្មជោតិ៍ គឺជាវត្តថ្មីចុងក្រោយមួយក្នុងចំណោមវត្តខ្មែររាប់រយនៅកម្ពុជាក្រោម ដែលមួយចំនួនមានអាយុកាលរាប់សតវត្សរ៍មកហើយ និងខ្លះទៀតមានសិលាចារឹកនៅលើជញ្ជាំង ។
សម្រាប់ខេត្តព្រះត្រពាំង ដែលវៀតណាមបានប្តូរឈ្មោះទៅជាខេត្តត្រាវិញ (Tra Vinh) និងដែលស្ថិតនៅប៉ែកខាងកើត នៃ ខេត្តឃ្លាំង ខេត្តនេះ មានវត្តជាង ១៤០ វត្ត ដោយមានវត្តមួយត្រូវបានអះអាងដោយអង្គការសមាគមខ្មែរកម្ពុជាក្រោម ថាមានអាយុកាលតាំងពី គ.ស. ៣៧៣ គឺ វត្តសម្បួររង្សី ដែលស្ថិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។
ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ ភាពតានតឹងបានកើនឡើងខ្ពស់ ក្នុងនោះ អំពើហិង្សាលើជនជាតិភាគតិច ត្រូវបានសង្កេតឃើញថា កើតមានឡើងចាប់ពីទសវត្សរ៍ឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៧០ ហើយកាលពី ១៥ ឆ្នាំមុន ព្រះសង្ឃខ្មែរក្រោម ក៏បានដឹកនាំការតវ៉ាម្តងហើយ ដែលបង្កឱ្យមានការបង្ក្រាប និងការចាប់ខ្លួនផងដែរ ។
ព្រះសង្ឃខ្មែរក្រោមមួយអង្គព្រះនាម ថាច់ ថយ ព្រះជន្ម ៣៩ វស្សា គឺជាគ្រូបង្រៀននៅវត្តផ្នោកំបុត ក្នុងស្រុកកំពង់ធំ ខេត្តព្រះត្រពាំង បានមានថេរដីកាថា វត្តអារាមនៅតែជាមជ្ឈមណ្ឌលដ៏សំខាន់នៃការអប់រំភាសាខ្មែរ នៅកម្ពុជាក្រោម ។
ព្រះតេជព្រះគុណបន្តថា បើទោះបីជាអាជ្ញាធរវៀតណាម អនុញ្ញាតឱ្យមានការអប់រំជាភាសាខ្មែរខ្លះក្តី ប៉ុន្តែ ការរឹតបន្តឹងជុំវិញការបង្រៀនប្រវត្តិសាស្ត្រខ្មែរ នៅតែមាន ។
សម្រាប់ការសិក្សា ព្រះអង្គបន្ថែមថា មានទាំងថ្នាក់ពេញមួយឆ្នាំ និងវគ្គពិសេសក្នុងអំឡុងពេលវិស្សមកាល ពីការសិក្សាភាសាវៀតណាមនៅសាលារដ្ឋ ។ ព្រះអង្គថា កូនសិស្សខ្មែរក្រោម ប្រុសស្រីភាគច្រើន គឺទទួលបានការសិក្សានៅតាមវត្តអារាម ។ ទោះជាយ៉ាងណា ព្រះអង្គថា គ្រូបង្រៀនភាសាខ្មែរ ពេលខ្លះក៏បានព្យាយាមឆ្លៀតបង្រៀនប្រវត្តិសាស្ត្រតាមទស្សនៈខ្មែរផងដែរ ។
សម្រាប់ព្រះភិក្ខុអង្គនេះ ការប្រឈមផ្សេងៗ ចំពោះទំនៀមទម្លាប់ខ្មែរក្នុងតំបន់ក៏កើតមានឡើងផងដែរ ដែលក្នុងនោះ ឪពុកម្តាយជាច្រើនមិនបានមើលឃើញពីផលប្រយោជន៍នៃការរៀនភាសា [ខ្មែរ] របស់កូនពួកគេនោះទេ ។
ទាក់ទិននឹងករណីនេះ ព្រះអង្គបន្តថា រូបព្រះអង្គ កំពុងតែព្យាយាមបង្រៀនមនុស្សជំនាន់ក្រោយឱ្យមានចំណាប់អារម្មណ៍កាន់តែខ្លាំងអំពីវប្បធម៌របស់ខ្លួន ដោយព្រះអង្គជឿជាក់ថា មនុស្សជំនាន់ថ្មីនឹងមានការចាប់អារម្មណ៍ជាងជំនាន់មុនៗ នេះ ។
ព្រះអង្គថា៖ «ចង់បន្តបង្រៀនដល់ចាស់ ដល់ស្លាប់ មិនដែលមានគំនិតថាឈប់នោះទេ ។ ប្រសិនបើអប់រំដល់ពួកគេបានច្រើន សង្ឃឹមថា កូនខ្មែរក្រោមនឹងរៀនបានច្រើនជាងជំនាន់នេះ ។ គំនិតតែមួយ នៃ ខ្មែរកម្ពុជាក្រោម ចង់សិក្សាអក្សសាស្រ្តខ្មែរ គឺដើម្បីឱ្យខ្លួនចេះ ទីពីរដើម្បីជួយបន្តភាសាអក្សរសាស្រ្តរបស់ខ្លួនទៅអនាគតទៀត ។ ហើយនៅកម្ពុជាក្រោម បើយើងមិនខំប្រឹងប្រែងរៀនទេ យើងអត់មានសាលាទៅរៀនអក្សរជាតិទេ អ៊ីចឹងមានតែបង្រៀននៅក្នុងវត្ត» ។
ពលរដ្ឋខ្មែរក្រោមម្នាក់រស់នៅក្បែរវត្តមួយ នៅក្នុងខេត្តព្រះត្រពាំង លោក ថោង យិន បានលើកឡើងថា រូបលោកសង្កេតឃើញថា កុមារបានចូលរៀននៅសាលាតាមវត្តអារាមច្រើនជាងមុន ។ ពលរដ្ឋខ្មែរក្រោមវ័យ ៥៣ ឆ្នាំ ដែលអះអាងថា មិនចេះអាន និងសរសេរភាសាខ្មែររូបនេះ និយាយថា កូនប្រុសរបស់គាត់ ក៏បានចូលបួសនៅក្នុងវត្តមួយបន្ទាប់ពីបានបញ្ចប់ការសិក្សា ហើយកូនស្រីរបស់គាត់បានសិក្សាភាសាខ្មែរ និងបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃផងដែរ ។
លោកថា៖ «ជាប្រពៃណីខ្មែរយើង ដែលឱ្យកូនបួសដើម្បីរៀន និងអភិរក្សអក្សរខ្មែរ ។ គេអាចបំបាត់អត្តសញ្ញាណយើងបាន តែយើងអត់ភ្លេចថាយើងជានរណាទេ» ៕